កិច្ចការ ៦–៧
ស្ទេផានបានបម្រើដូចព្រះគ្រីស្ទ
ការខ្វល់ខ្វាយចំពោះអ្នកទាល់ក្រ និងអ្នកដទៃទៀតដែលត្រូវការជំនួយតែងតែជាផ្នែកដ៏សំខាន់នៃការក្លាយជាគ្រីស្ទាន ។ នៅពេលស្ត្រីមេម៉ាយត្រូវបានគេព្រងើយកន្តើយ នោះសាវកបានជ្រើសរើសស្ទេផាន និងមនុស្សប្រាំមួយនាក់ទៀតឲ្យធ្វើការងារបម្រើបំពេញសេចក្តីត្រូវការរបស់ពួកគេ ។ គួរឲ្យសោកស្តាយ ទោះបីជាស្ទេផានបានធ្វើអព្ភូតហេតុដ៏អស្ចារ្យដោយប្រើព្រះចេស្ដារបស់ព្រះក៏ដោយ ក៏សាសន៍យូដាបានគប់ដុំថ្មទៅលោកដោយសារទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវគ្រីស្ទដែរ ។ នៅពេលអ្នកសិក្សា សូមសញ្ជឹងគិតពីវិធីដែលអ្នកអាចផ្តល់ពរដល់អ្នកដទៃដោយការខិតខំធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ប្រែក្លាយដូចជាទ្រង់ទាំងទ្វេ ហើយថ្លែងទីបន្ទាល់អំពីទ្រង់ទាំងទ្វេ ។
ក្រុមប្រឹក្សាវួដគឺជាសមាជិកមួយក្រុមដែលមានការហៅបម្រើជាក់លាក់រួមមាន ( ប៊ីស្សព ប្រធានកូរ៉ុមអែលឌើរ ប្រធានសមាគមសង្គ្រោះ ប្រធានយុវនារី ប្រធានអង្គការបឋមសិក្សា និងមុខងារផ្សេងៗទៀត ) ដែលជួបប្រជុំគ្នាជាទៀងទាត់ ដើម្បីដោះស្រាយស្ថានភាព និងបញ្ហាប្រឈមផ្សេងៗនៅក្នុងវួដរបស់ពួកគាត់ ។ សូមស្រមៃថាអ្នកមានស្ថានភាពដូចខាងក្រោមនៅក្នុងវួដ ឬសាខារបស់អ្នក ៖ ម្តាយទោលម្នាក់ឈ្មោះ លីឌា មានកូនប្រុសអាយុ ១៦ ឆ្នាំ កូនស្រីអាយុ ៧ ឆ្នាំ និងទារកអាយុ ៦ ខែ ។ លីឌា ត្រូវវះកាត់នៅសប្ដាហ៍នេះ ហើយត្រូវសម្រាកនៅមន្ទីរពេទ្យរយៈពេលប្រាំថ្ងៃ ។ តើសមាជិកផ្សេងគ្នានៃក្រុមប្រឹក្សាវួដអាចជួយគ្រួសារនេះដោយរបៀបណា ?
-
ហេតុអ្វីបានជាអ្នកគិតថា ក្រុមប្រឹក្សាវួដ ឬអង្គការស្រដៀងគ្នាផ្សេងទៀតមានសារៈសំខាន់ ?
-
តើវាអាចមានអារម្មណ៍យ៉ាងណាចំពោះអ្នកដែលកំពុងទទួលជំនួយពីក្រុមប្រឹក្សាវួដ ឬក្រុមស្រដៀងគ្នានេះ ?
សូមអាន កិច្ចការ ៦:១ ដោយរកមើលបញ្ហាមួយដែលសាសនាចក្រសម័យបុរាណបានជួបប្រទះ ។
ដោយសារចំនួនស្ត្រីមេម៉ាយដែលក្រីក្រ ឬត្រូវការជំនួយក្នុងសាសនាចក្រ នោះពួកដប់ពីរនាក់បានចំណាយពេលវេលាជាច្រើនដើម្បីព្យាយាមជួយពួកគាត់ រហូតដល់ពួកគាត់មិនអាចលះបង់ពេលវេលាដើម្បីផ្សព្វផ្សាយដំណឹងល្អតាមរបៀបដែលព្រះអង្គសង្គ្រោះបានបង្គាប់ឲ្យពួកគាត់ទៅឡើយ ។
សូមអាន កិច្ចការ ៦:២–៨ ហើយរកមើលដំណោះស្រាយដែលពួកដប់ពីរនាក់បានលើកឡើង ។
សេចក្តីពិតមួយដែលយើងអាចសម្គាល់បានពីខគម្ពីរទាំងនេះគឺ ៖នៅពេលយើងអភិវឌ្ឍបុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទ នោះយើងអាចបម្រើ និងផ្ដល់ពរដល់អ្នកដែលខ្វះខាតបានកាន់តែប្រសើរជាងមុន ។
-
តើមានបុគ្គលិកលក្ខណៈបន្ថែមមួយចំនួនណាខ្លះ ដែលព្រះយេស៊ូវគ្រីស្ទមានដែលជួយទ្រង់ឲ្យធ្វើការងារបម្រើដល់អ្នកដែលខ្វះខាត ?
សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតថាតើអ្នកបានអភិវឌ្ឍគុណសម្បត្តិដូចជាព្រះគ្រីស្ទទាំងនេះបានល្អប៉ុនណាហើយ ។ តើបុគ្គលិកលក្ខណៈទាំងនេះទាក់ទងនឹងគោលដៅផ្ទាល់ខ្លួនរបស់អ្នកសម្រាប់កម្មវិធីកុមារ និងយុវវ័យដែរឬទេ ? បើដូច្នេះ សូមចំណាយពេលបន្តិចដើម្បីសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីរបៀបដែលអ្នកកំពុងធ្វើក្នុងការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈនោះ ។ បើមិនដូច្នោះទេ សូមពិចារណាដាក់ផែនការមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក អំពីរបៀបដែលអ្នកនឹងខំប្រឹងប្រែងអភិវឌ្ឍលក្ខណៈដូចជាព្រះគ្រីស្ទ ដើម្បីឲ្យអ្នកអាចបម្រើ និងផ្តល់ពរដល់អ្នកដែលខ្វះខាតបានកាន់តែប្រសើរឡើង ។
ទីបន្ទាល់របស់ស្ទេផាន និងការធ្វើទុក្ករកម្ម
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–ឆ្នាំ ១៩៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសរសេរ ៖
របស់ដ៏អស្ចារ្យមិនមកដោយងាយៗនោះទេ ព្រឹត្តិការណ៍ដែលអង្រួនផែនដីនឹងប្រឈមនឹងឧបសគ្គដ៏មហិមា ។
( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី « Once or Twice in a Thousand Years » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៥ ទំព័រ ១៨ )
សេចក្តីថ្លែងការណ៍របស់អែលឌើរ ម៉ាកខន់ឃី ត្រូវនឹងស្ថានភាពរបស់ស្ទេផាន ។ ទោះជាគាត់ « បានធ្វើការអស្ចារ្យ និងទីសម្គាល់យ៉ាងធំ នៅក្នុងពួកជន … គេលើកគ្នាមក … ជជែកនឹង [ លោក ] » ( កិច្ចការ ៦:៨–៩ ) ។ ស្ទេផានត្រូវបាននាំទៅមុខក្រុមប្រឹក្សាសាសន៍យូដា ហើយសាក្សីក្លែងក្លាយត្រូវបាននាំមកធ្វើបន្ទាល់ប្រឆាំងនឹង លោក ។
កាលស្ទេផានបានឈរនៅចំពោះមុខពួកអ្នកដឹកនាំសាសន៍យូដា លោកបានរំឭកពីរបៀបជាច្រើនជំនាន់ដែលសាសន៍យូដាបានប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធ ហើយបានបដិសេធ ហើយសម្លាប់ព្យាការីដែលព្រះបានចាត់ឲ្យមកក្នុងចំណោមពួកគេ ។ បន្ទាប់មក ស្ទេផានបានថ្លែងទីបន្ទាល់ថា អាកប្បកិរិយាបះបោរទាំងនេះបានបន្តរហូតដល់ថ្ងៃនោះ ខណៈដែលប្រជាជនបានសម្លាប់ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ( សូមមើល កិច្ចការ ៧:៥១–៥២ ) ។
សូមអាន កិច្ចការ ៧:៥៤–៦០ ដោយរកមើលរបៀបដែលស្ទេផានបានប្រព្រឹត្តទោះជាមានការខឹងសម្បារ និងការប្រឆាំងបែបនេះក៏ដោយ ។
-
តើមានអ្វីសំខាន់សម្រាប់អ្នកនៅក្នុងដំណើររឿងនៃការធ្វើទុក្ករកម្មរបស់ស្ទេផាន ?
ដូចដែលដំណើររឿងនៃការធ្វើទុក្ករកម្មរបស់ស្ទេផានបង្ហាញឲ្យឃើញ មនុស្សល្អ និងបុព្វហេតុល្អតែងតែជួបជាមួយនឹង « ឧបសគ្គដ៏មហិមា » ។
-
តើអ្នកបានឃើញរឿងនេះក្នុងជីវិតរបស់អ្នកដោយរបៀបណា ?
ដូចស្ទេផានដែរ នៅពេលអ្នកជ្រើសរើសដើម្បីចែកចាយសេចក្ដីជំនឿ និងទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ នោះអ្នកអាចជួបប្រទះនឹងឧបសគ្គ ឬសូម្បីតែការបៀតបៀន ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ខ្ញុំសូមនិយាយទៅកាន់មនុស្សទាំងអស់ ជាពិសេសដល់យុវវ័យនៃសាសនាចក្រថា បើសិនជាអ្នកពុំទាន់បានត្រៀមខ្លួននៅឡើយទេនៅថ្ងៃមួយ អ្នកនឹងឃើញថា ខ្លួនអ្នកត្រូវបានហៅឲ្យការពារសេចក្ដីជំនឿអ្នក ឬប្រហែលជាស៊ូទ្រាំនឹងការបំពានផ្ទាល់ខ្លួនសាមញ្ញៗខ្លះៗពីព្រោះតែអ្នកគឺជាសមាជិកមួយរូបនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គ្រាដូច្នោះនឹងតម្រូវឲ្យមានទាំងភាពក្លាហាន និងការគួរសមពីផ្នែករបស់អ្នក ។
( ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings —of Discipleship » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦ )
សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតពីរបៀបដែលអ្នកអាចជ្រើសរើសធ្វើទីបន្ទាល់ និងការពារព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់ពេញមួយសប្តាហ៍ខាងមុខនេះ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
កិច្ចការ ៦:១–៦ ។ តើអ្នកណាត្រូវបានហៅឲ្យជួយពួកសាវកក្នុងបញ្ហាខាងសាច់ឈាមសព្វថ្ងៃនេះ ?
ក៏ដូចជាព្រះអម្ចាស់បានហៅបុរសដែលមានភាពស័ក្ដិសមទាំងប្រាំពីរនាក់ ឲ្យជួយដល់ពួកដប់ពីរនាក់នៅក្នុងការផ្គត់ផ្គង់ដល់តម្រូវការខាងសាច់ឈាមរបស់សាសនាចក្រដូចបានកត់ត្រានៅក្នុងគម្ពីរកិច្ចការដែរ នោះព្រះអម្ចាស់បានហៅគណៈប៊ីស្សពជាអធិបតី ឲ្យជួយដល់ពួកដប់ពីរនាក់ក្នុងការផ្គត់ផ្គង់ដល់តម្រូវការខាងសាច់ឈាមរបស់សាសនាចក្រនាសព្វថ្ងៃនេះ ។ គណៈប៊ីស្សពជាអធិបតី និងទីប្រឹក្សាពីររូបរបស់លោកបម្រើនៅក្រោមការដឹកនាំរបស់គណៈប្រធានទីមួយ ដើម្បីគ្រប់គ្រងកិច្ចការខាងសាច់ឈាមរបស់សាសនាចក្រ ។ ដង្វាយតមអាហារគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងកម្មវិធីនេះ ហើយផ្ដល់ជំនួយបណ្ដោះអាសន្ន និងផ្ដល់ជំនួយទ្រទ្រង់ជីវិតដល់ជនក្រីក្រនៅទូទាំងពិភពលោក ។ ( សម្រាប់ព័ត៌មានបន្ថែម សូមមើលប្រធានបទ « Presiding Bishopric » នៅលើគេហទំព័រ newsroom.ChurchofJesusChrist.org ) ។
តើខ្ញុំនឹងប្រឈមមុខនឹងការបៀតបៀន ឬត្រូវការពារសេចក្ដីជំនឿរបស់ខ្ញុំឬទេ ?
សូមមើលវីដេអូ « The Cost—and Blessings—of Discipleship » ( មាននៅលើគេហទំព័រ ChurchofJesusChrist.org ) ចាប់ពីនាទីទី ១:០១ ដល់នាទីទី ២:៣១ ឬអានសេចក្ដីថ្លែងការណ៍ខាងក្រោម ។
អែលឌើរ ជែហ្វ្រីអ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់ឧទាហរណ៍មួយអំពីនរណាម្នាក់ដែលត្រូវបានបៀតបៀន ពេលកំពុងព្យាយាមថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ៖
អ្នកផ្សព្វផ្សាយសាសនាជាស៊ីស្ទើរម្នាក់បានសរសេរមកខ្ញុំនាពេលថ្មីៗនេះថា « ដៃគូខ្ញុំ និងខ្ញុំបានឃើញបុរសម្នាក់អង្គុយលើកៅអីវែងនៅថោន ស៍ឃ្វែរ កំពុងទទួលទានអាហារថ្ងៃត្រង់របស់គាត់ ។ នៅពេលពួកខ្ញុំទៅជិតគាត់នោះគាត់បានមើលមកពួកខ្ញុំ ហើយបានឃើញស្លាកឈ្មោះអ្នកផ្សព្វផ្សាយសាសនារបស់ពួកខ្ញុំ ។ ដោយកែវភ្នែកមិនល្អរបស់គាត់ គាត់បានងើបឡើង ហើយលើកដៃចង់វាយខ្ញុំ ។ ខ្ញុំឱនចុះទាន់ គ្រាន់តែឲ្យគាត់ព្រួសបាយពីមាត់របស់គាត់មកលើខ្ញុំ ហើយចាប់ផ្ដើមជេរពាក្យអាក្រក់ៗដាក់យើង ។ យើងបានដើរចេញដោយមិននិយាយអ្វីសោះ ។ ខ្ញុំបានព្យាយាមជូតអាហារនោះចេញពីមុខខ្ញុំ ខ្ញុំបានដឹងថា មានដុំដំឡូងកិន បានគប់មកលើខ្ញុំពីខាងក្រោយចំក្បាល ។ ពេលខ្លះ វាពិបាកដើម្បីធ្វើជាអ្នកផ្សព្វផ្សាយសាសនា ដោយសារពេលនោះ ខ្ញុំចង់ត្រឡប់ទៅក្របួចកបុរសមាឌល្អិតរូបនោះ សួរថា ‹ ចង់យ៉ាងម៉េចឥឡូវហ្នឹង ! › តែខ្ញុំមិនបានធ្វើទេ » ។
ខ្ញុំសូមនិយាយទៅកាន់អ្នកផ្សព្វផ្សាយសាសនាដែលបានលះបង់រូបនេះថា កូនជាទីស្រឡាញ់ កូនបានដាក់ខ្លួនដ៏រាបសា ឈានជើងចូលទៅក្នុងចំណោមបុរសស្ត្រីដ៏មានកិត្តិយសក្រៃ ដូចដែលព្យាការីយ៉ាកុបក្នុងព្រះគម្ពីរមរមនបានមានប្រសាសន៍ថា « បានយល់ដល់សារៈប្រយោជន៍នៃការសុគតរបស់ [ ព្រះគ្រីស្ទ ] ហើយ [ បាន ] លីឈើឆ្កាងទ្រង់ ព្រមទាំង [ បាន ] ស៊ូរងនូវការអាម៉ាស់នៃមនុស្សលោក [ យ៉ាកុម ១:៨ ] ។
( ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings—of Discipleship » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦ )