អេភេសូរ ២–៥
ការស្វែងរកសេចក្តីពិតដ៏នៅអស់កល្បជានិច្ច
តើអ្នកមានទំនុកចិត្តលើសមត្ថភាពរបស់អ្នកក្នុងការស្វែងរកសេចក្ដីពិតនៅក្នុងព្រះគម្ពីរកម្រិតណា ? ពួកព្យាការីបង្រៀនសេចក្ដីពិតដែលមកពីព្រះវរបិតាសួគ៌ ដើម្បីជាប្រយោជន៍ដល់យើង ។ ឧទាហរណ៍ ប៉ុលបានបង្រៀនពួកបរិសុទ្ធនៅក្រុងអេភេសូរអំពីការយកឈ្នះលើលោកិយ៍ ហើយប្រែកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យរៀនពីរបៀបស្វែងរកសេចក្តីពិតពីព្រះគម្ពីរដែលនឹងជួយអ្នកក្នុងជីវិតរបស់អ្នក ហើយនាំអ្នកឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។
ការស្វែងរកតម្លៃ
វីដេអូ « Flecks of Gold » ( ៣:១៥ ) គឺនិយាយអំពីបុរសពីរនាក់ដែលស្វែងរកមាស ។ សូមអានដំណើររឿង ឬមើលវីដេអូដែលអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.orgចាប់ពីនាទីទី ០:០០ ដល់នាទីទី ២:២៦ ។ សូមគិតអំពីមេរៀនខាងវិញ្ញាណណាមួយដែលអ្នករៀនពីវា ។
ជារឿយៗ យើងដូចជាឈ្មួញវ័យក្មេងមកពីបូស្តុន ដែលនៅឆ្នាំ ១៨៤៩ ដូចដែលបានរៀបរាប់រួចមកហើយនោះ បានចូលរួមយ៉ាងឈ្មុសឈ្មុលក្នុងការជីកមាសនៅរដ្ឋកាលីហ្វ័រញ៉ា ។ គាត់បានលក់ទ្រព្យសម្បត្តិទាំងអស់របស់គាត់ដើម្បីស្វែងរកសំណាងរបស់គាត់នៅក្នុងទន្លេនៃរដ្ឋកាលីហ្វ័រញ៉ា ដែលគេបានប្រាប់គាត់ថាសម្បូរដុំមាសដ៏ធំៗជាច្រើនដែលមនុស្សម្នាក់លើកស្ទើរមិនរួច ។
កាន់តែយូរៗទៅ យុវជនរូបនោះបានជ្រមុជឆ្នាំងរបស់គាត់ទៅក្នុងទន្លេ ហើយលើកមកវិញគ្មានបានអ្វីសោះ ។ រង្វាន់តែមួយគត់របស់គាត់គឺដុំថ្មមួយពំនូកប៉ុណ្ណោះ ។ ដោយបាក់ទឹកចិត្ត និងគ្មានអ្វីសល់សោះ គាត់ត្រៀមខ្លួនចុះចាញ់ រហូតដល់ថ្ងៃមួយ មានអ្នករកមាសវ័យចំណាស់ដែលមានបទពិសោធន៍ម្នាក់បាននិយាយទៅគាត់ថា « ឯងរកបានថ្មមួយពំនូក អ្នកកម្លោះអើយ » ។
យុវជនរូបនោះឆ្លើយតបថា ៖ « គ្មានមាសនៅទីនេះទេ ។ ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញហើយ » ។
ដោយដើរទៅកាន់គំនរថ្មនោះ អ្នករែងមាសវ័យចំណាស់នោះនិយាយថា « អូ៎ មាសមានពិតប្រាកមែន ។ ឯងគ្រាន់តែត្រូវដឹងកន្លែងដែលត្រូវរកវាប៉ុណ្ណោះ » ។ គាត់បានរើសដុំថ្មពីរដុំឡើង ហើយគោះវាជាមួយគ្នា ។ ដុំថ្មមួយបានបែក ហើយចេញជាបំណែកដុំមាសតូចៗ ជះពន្លឺចែងចាំងនៅក្រោមពន្លឺព្រះអាទិត្យ ។
ដោយបានឃើញថង់ស្បែកដែលក្រវ៉ាត់ជាប់នឹងចង្កេះអ្នករកមាសនោះ យុវជននោះបាននិយាយថា « ខ្ញុំកំពុងរកមើលដុំមាសដូចនៅក្នុងថង់របស់ពូហ្នឹងមិនមែនជាបំណែកមាសតូចៗនេះទេ » ។
អ្នករែងមាសវ័យចំណាស់បានបើកថង់របស់គាត់ឲ្យយុវជននោះមើល យុវជននោះបានមើលខាងក្នុងដោយរំពឹងថានឹងឃើញដុំមាសធំៗជាច្រើន ។ គាត់បានស្រឡាំងកាំងពេលឃើញកាបូបនោះមានសុទ្ធតែបំណែកមាសតូចៗរាប់ពាន់បំណែក ។
អ្នករែងមាសវ័យចំណាស់បាននិយាយថា « អ្នកកម្លោះអើយ ឯងមើលទៅហាក់ដូចជាកំពុងរវល់រកមើលដុំមាសធំៗ ដែលធ្វើឲ្យឯងខកខានមិនបានបំពេញបំណែកមាសតូចៗដែលមានតម្លៃទាំងនេះទៅក្នុងថង់របស់ឯង ។ ការប្រមូលបំណែកមាសតូចៗទាំងនេះដោយការអត់ធ្មត់ បាននាំឲ្យខ្ញុំមានទ្រព្យសម្បត្តិជាច្រើន » ។
( អិម រ័សុល បាឡឺដ « Finding Joy through Loving Service » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៤៦ )
-
តើដំណើររឿងនេះអាចទាក់ទងនឹងការស្វែងរកសេចក្ដីពិតនៅក្នុងព្រះគម្ពីរដោយរបៀបណា ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម ហើយដាក់ចំណាត់ថ្នាក់ពីមួយទៅប្រាំថាតើវាពិតកម្រិតណាសម្រាប់អ្នក ( មួយ = មិនពិតសម្រាប់ខ្ញុំ ប្រាំ = ពិតសម្រាប់ខ្ញុំជានិច្ច )
-
ខ្ញុំមានទំនុកចិត្តលើសមត្ថភាពរបស់ខ្ញុំក្នុងការស្វែងរកសេចក្ដីពិតដ៏នៅអស់កល្បជានិច្ចនៅក្នុងព្រះគម្ពីរដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ។
-
ការស្វែងរកសេចក្ដីពិតនៅក្នុងព្រះគម្ពីរគឺជាពរជ័យមួយនៅក្នុងជីវិតរបស់ខ្ញុំ ហើយជួយខ្ញុំឲ្យមានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ការស្វែងរកសេចក្ដីពិតនៅក្នុងព្រះគម្ពីរ
សេចក្ដីពិតខ្លះក្នុងបទគម្ពីរពិបាករកជាងសេចក្ដីពិតខ្លះទៀត ។ សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យកំណត់សេចក្ដីពិតនៅក្នុងសារលិខិតរបស់ប៉ុលទៅកាន់ពួកបរិសុទ្ធនៅអេភេសូរ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងជួយអ្នកដោយថ្លែងទីបន្ទាល់ដល់អ្នកអំពីសេចក្ដីពិតទាំងនេះ ( សូមមើល មរ៉ូណៃ ១០:៥; យ៉ូហាន ១៦:១៣ ) ។
កាលដែលប៉ុលជាប់ទោសនៅក្រោមការឃុំខ្លួនក្នុងផ្ទះនៅទីក្រុងរ៉ូម លោកបានសរសេរទៅពួកអេភេសូរដើម្បីលើកទឹកចិត្តពួកគេ និងប្រឹក្សាពួកគេអំពីរបៀបបន្តចូលទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ និងរបៀបយកឈ្នះលើការវាយប្រហារខាងវិញ្ញាណរបស់អារក្ស ។ សូមអនុវត្តស្វែងរកសេចក្តីពិតនានាពីអ្វីដែលប៉ុលបានចែកចាយជាមួយពួកបរិសុទ្ធទាំងនេះ ។
ខាងក្រោមនេះគឺជារបៀបមួយដែលអ្នកអាចស្វែងរកសេចក្ដីពិតដ៏នៅអស់កល្បជានិច្ច នៅពេលអ្នកសិក្សាព្រះគម្ពីរ ។ សូមអាន អេភេសូរ ២:៤–១០ ហើយធ្វើតាមជំហានខាងក្រោមនេះ ៖
-
សូមរកមើលពាក្យ ឃ្លា ឬខគម្ពីរដែលហាក់ដូចជាមានសារៈសំខាន់ជាពិសេស ។ សូមពិចារណាគូសចំណាំវានៅក្នុងព្រះគម្ពីររបស់អ្នក ។
-
សូមសង្ខេបគំនិតសំខាន់ៗនៃពាក្យ ឃ្លា ឬខគម្ពីរទាំងនេះ ។ ( ឧទាហរណ៍ តើអ្នកអាចសង្ខេបនូវអ្វីដែលប៉ុលបានមានប្រសាសន៍អំពីព្រះគុណនៅក្នុង ខទី ៨ ដែរឬទេ ? )
-
សូមបង្កើតអ្វីដែលអ្នកបានរៀនទៅជាសេចក្តីថ្លែងការណ៍នៃសេចក្តីពិត ដែលអ្នកអាចអនុវត្តក្នុងជីវិតរបស់អ្នក ។
អនុវត្តការស្វែងរកសេចក្តីពិតនានា
សូមប្រើជំហានដែលបានសរសេរពីមុនៗ ។ សូមជ្រើសរើសសំណុំនៃខគម្ពីរមួយ ឬពីរខាងក្រោមនេះ ហើយស្វែងរកសេចក្ដីពិតដ៏នៅអស់កល្បជានិច្ចនៅក្នុងខគម្ពីរទាំងនោះ ។
-
អេភេសូរ ៤:២០–៣២ ( វាអាចជាប្រយោជន៍ក្នុងការដឹងថា « មនុស្សចាស់ » នៅក្នុងខគម្ពីរទាំងនេះជានិមិត្តរូបនៃផ្លូវខុសពីមុន ហើយថា « មនុស្សថ្មី » ជានិមិត្តរូបនៃការរស់នៅក្នុងជីវិតសុចរិតតាមរយៈព្រះយេស៊ូវគ្រីស្ទ ) ។
សូមជ្រើសយកសេចក្តីពិតមួយដែលអ្នកបានរកឃើញ ហើយសញ្ជឹងគិតពីរបៀបដែលវាអាចជួយអ្នកឲ្យទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចំពោះអ្នក ឬជួយអ្នកឲ្យកាន់តែដូចទ្រង់ទាំងទ្វេ ។
ការគិតពិចារណាពីការស្វែងរកសេចក្ដីពិត
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
អេភេសូរ ២:៤–៩ ។ តើអ្វីទៅជាព្រះគុណ ហើយតើវាធ្វើអ្វីសម្រាប់ខ្ញុំ ?
អំឡុងការបម្រើជាសមាជិកក្នុងគណៈប្រធានទីមួយ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បានឲ្យនិយមន័យព្រះគុណរបស់ព្រះថាជា « ជំនួយដ៏ទេវភាព និងអំណោយទានពិសិដ្ឋនៃកម្លាំង ដោយតាមកម្លាំងដដែលនេះ យើងអាចរីកចម្រើនពីបុគ្គលដែលមានកំហុស និងមានកម្រិតក្នុងពេលនេះ ទៅជាបុគ្គលដែលត្រូវបានសង្គ្រោះក្នុង ‹ សេចក្តីពិត និងពន្លឺរហូតដល់ [ យើងបាន ] តម្កើងឡើងនៅក្នុងសេចក្ដីពិត ហើយ [ ស្គាល់ ] ការណ៍គ្រប់យ៉ាង › [ គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៣:២៨ ] » ( « The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៧ ) ។ សម្រាប់ព័ត៌មានបន្ថែមអំពីព្រះគុណ សូមពិចារណាអានសុន្ទរកថាទាំងស្រុង ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។
សម្រាប់ការយល់ដឹងបន្ថែមអំពីព្រះគុណរបស់ព្រះអង្គសង្គ្រោះ សូមអាន ម៉ូសាយ ២:២០–២៤ និង ភីលីព ២:១២–១៣ ។
អេភេសូរ ៤:២២ ។ តើការ « បាន…ដោះមនុស្សចាស់ » មានន័យដូចម្ដេច ?
ប៉ុលបានបង្រៀនថា នៅពេលយើងជ្រើសរើសទទួលយកពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក នោះយើងធ្វើសេចក្ដីសញ្ញាដើម្បីបញ្ចប់មាគ៌ាចាស់របស់យើង ( ឬ « បាន…ដោះមនុស្សចាស់ » [ អេភេសូរ ៤:២២ ] ) ហើយចាប់ផ្តើមជីវិតថ្មីក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ( សូមមើល រ៉ូម ៦:១–៦; គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧ ) ។ ការណ៍នេះរួមទាំងការបោះបង់ចោលអំពើបាបរបស់យើង និងអ្វីដែលអាចរារាំងយើងពីការចូលទៅកាន់តែជិតព្រះវរតាសួគ៌ ។ យើងមិនអាចធ្វើឲ្យដំណើរការនេះកើតឡើងដោយខ្លួនឯងបានទេ ។ វាកើតឡើងបានដោយសារតែព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ និងឥទ្ធិពលនៃការញែកជាបរិសុទ្ធនៃព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ។