អេភេសូរ ៦:១០–២៤
« ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ »
យើងស្ថិតនៅក្នុងសង្រ្គាមដើម្បីព្រលឹងមនុស្សជាតិ ។ ព្រះវរបិតាសួគ៌បានបំផុសគំនិតប៉ុលឲ្យបង្រៀនអំពីរបៀបដែលយើងអាចរួចផុតពីការវាយប្រហាររបស់សាតាំង ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យយល់ពីអ្វីដែលព្រះបានប្រទានឲ្យ ដើម្បីការពារអ្នកពីអំពើអាក្រក់នៃពិភពលោកនេះ វាយតម្លៃការរៀបចំខាងវិញ្ញាណបច្ចុប្បន្នរបស់អ្នក និងរៀបចំផែនការដើម្បីកែលម្អការការពារខាងវិញ្ញាណរបស់អ្នក ។
សាតាំងមានយុទ្ធសាស្រ្តបង្ខិតបង្ខំ
-
តើអ្នកគិតថាអ្វីជាភាពខុសគ្នាខ្លាំងបំផុតរវាងអ្វីដែលអ្នកកំពុងជួបប្រទះក្នុងវ័យជំទង់ និងអ្វីដែលឪពុកម្តាយរបស់អ្នកបានជួបកាលពួកគាត់មានអាយុស្របាលនឹងអ្នក ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយស្វែងរកភាពខុសគ្នាមួយដែលលោកបានលើកឡើង ៖
ឪពុក និងជីតារបស់អ្នកមិនដែលជួបការល្បួងដូចអ្នកជួបនាសព្វថ្ងៃនេះទេ ។ អ្នកកំពុងរស់នៅក្នុងសម័យចុងក្រោយ ។ ប្រសិនបើឪពុកអ្នកចង់មានបញ្ហា គាត់ត្រូវទៅរកវា ។ សព្វថ្ងៃនេះមិនដូច្នេះទេ ! សព្វថ្ងៃនេះការល្បួងស្វែងរកអ្នកវិញ ! សូមចាំថា ! សាតាំងចង់បានអ្នក ហើយ « អំពើបាបដេកនៅមាត់ទ្វារ » [ ម៉ូសេ ៥:២៣ ] ។ តើអ្នកអាចតទល់នឹងយុទ្ធសាស្រ្តឈ្លានពាននេះបានដោយរបៀបណា ?
( រ៉ូបឺត ឌី ហែល « Stand Strong in Holy Places » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤៨–៤៩ )
-
តើមានវិធីណាខ្លះដែលការល្បួងស្វែងរកយើងសព្វថ្ងៃនេះ ជាជាងដែលយើងត្រូវទៅស្វែងរកវា ?
សូមសញ្ជឹងគិតពីសំណួរខាងក្រោមនេះ ឬសរសេរចម្លើយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើមានវិធីណាខ្លះដែលសាតាំងកំពុងព្យាយាមល្បួងអ្នកផ្ទាល់ ?
-
តើអ្នកកំពុងធ្វើអ្វីខ្លះដើម្បីស្វែងរកជំនួយពីព្រះអម្ចាស់ ដើម្បីទប់ទល់នឹងការល្បួងរបស់សាតាំង ? តើអ្វីខ្លះដែលអ្នកធ្វើបានល្អ ? តើអ្នកគួរធ្វើអ្វីដើម្បីកែលម្អ ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹងពីរបៀបដែលអ្នកអាចស្វែងរក ហើយកាន់តែទទួលបានការការពាររបស់ព្រះអង្គសង្គ្រោះយ៉ាងពេញលេញក្នុងជីវិតអ្នកពីការវាយប្រហាររបស់សាតាំង ។
ការការពាររបស់ព្រះអម្ចាស់
សូមអាន អេភេសូរ ៦:១០–១៣ ដោយរកមើលនូវអ្វីដែលប៉ុលបាននិយាយថា ពួកបរិសុទ្ធនៅក្នុងជំនាន់របស់លោកកំពុងច្បាំងទាស់នឹង ។
-
តើអ្នកឃើញភាពស្រដៀងគ្នាអ្វីខ្លះរវាងអ្វីដែលពួកបរិសុទ្ធនៅក្រុងអេភេសូរកំពុងតទល់ក្នុងសម័យកាលរបស់ពួកគេ និងអ្វីដែលយើងតទល់ក្នុងពេលបច្ចុប្បន្ននេះ ?
-
ហេតុអ្វីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យយើងត្រូវបានការពារពីអំពើអាក្រក់ ? តើបំណងប្រាថ្នានេះបង្រៀនយើងអ្វីខ្លះអំពីទ្រង់ទាំងទ្វេ ?
-
តើប៉ុលបានអញ្ជើញពួកអេភេសូរឲ្យធ្វើអ្វីដើម្បីអាចទប់ទល់នឹងអំពើអាក្រក់ទាំងនេះ ?
ចេញពី អេភេសូរ ៦:១០–១៣ យើងរៀនថា ប្រសិនបើយើងពាក់គ្រប់គ្រឿងសឹករបស់ព្រះ នោះយើងនឹងអាចទប់ទល់នឹងអំពើអាក្រក់បាន ។
គ្រឿងសឹករបស់ព្រះ គឺជាពាក្យប្រៀបធៀប ឬនិមិត្តសញ្ញានៃការការពារដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទប្រទានដល់យើង ។ នៅក្នុងសមរភូមិដែលយើងប្រឈមមុខ គ្រឿងសឹករបស់ព្រះត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នក និងសម្រាប់គ្រោះថ្នាក់នៅក្នុងជីវិតរបស់អ្នក ។ ដើម្បីជួយអ្នកឲ្យយល់ពីការការពារដ៏ទេវភាពនេះ អ្នកប្រហែលជាចង់ចម្លងរូបភាពខាងក្រោមដាក់នៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នក ឬបោះពុម្ពវាចេញមក ។ សូមកត់ត្រានៅលើដ្យាក្រាមនេះនូវការឆ្លើយតបរបស់អ្នកចំពោះសកម្មភាពខាងក្រោម ៖
សូមអាន ChurchofJesusChrist.orgអេភេសូរ ៦:១៤–១៨ ដើម្បីស្វែងយល់ពីផ្នែកនីមួយៗនៃគ្រឿងសឹករបស់ព្រះ ឬមើល « The Armor of God » ( ២:០១ ) ដែលមាននៅលើគេហទំព័រ ។ សូមសរសេរពីអ្វីដែលគ្រឿងសឹកនីមួយៗតំណាងឲ្យនៅលើដ្យាក្រាមរបស់អ្នក ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា « ស្បែកជើង » ( អេភេសូរ ៦:១៥ ) សំដៅលើការពាក់ប្រដាប់ការពារជើង ។
ពង្រីកការយល់ដឹងរបស់អ្នកអំពីផ្នែកនៃគ្រឿងសឹករបស់ព្រះដោយធ្វើសកម្មភាពដូចខាងក្រោម ។
ការពាក់គ្រប់គ្រឿងសឹករបស់ព្រះអង្គសង្គ្រោះ
ប៉ុល និងព្រះអង្គសង្គ្រោះបានសង្កត់ធ្ងន់លើការពាក់គ្រប់គ្រឿងសឹករបស់ព្រះ ( សូមមើល អេភេសូរ ៦:១១, ១៣; គោលលទ្ធិ និងសេចក្តីសញ្ញា ២៧:១៥ ) ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
តើផ្នែកសំខាន់នៃសេរីរាងកាយដែលត្រូវបានការពារដោយគ្រឿងសឹករបស់ព្រះអង្គសង្គ្រោះមានអ្វីខ្លះ ?
ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–ឆ្នាំ ១៩៧៣ ) បានមានប្រសាសន៍ ៖
យើងមានបួនផ្នែកនៃរាងកាយដែលសាវក ប៉ុល បានមានប្រសាសន៍ថា [ គឺជា ] ផ្នែកដ៏ទន់ខ្សោយបំផុតចំពោះអំណាចនៃសេចក្ដីងងឹត ។ ចង្កេះជាតួយ៉ាងនៃគុណធម៌ ព្រហ្មចារីភាព ។ បេះដូងជាតួយ៉ាងនៃទង្វើរបស់យើង ។ ជើងរបស់យើងជាតួយ៉ាងនៃគោលដៅ ឬគោលបំណងរបស់យើងក្នុងជីវិត ហើយជាចុងក្រោយក្បាលរបស់យើងគឺជាគំនិតរបស់យើង ។
( ហារ៉ូល ប៊ី លី « Feet Shod with the Preparation of the Gospel of Peace » សុន្ទរកថាសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ប្រចាំឆ្នាំ [ ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៥ ] ទំព័រ ២ )
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីពាក់គ្រប់គ្រឿងសឹករបស់ព្រះ ?
អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦-២០០៤) ក្នុងកូរ៉មនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
ការសម្រាតចោល ភាពជាមនុស្សខាងសាច់ឈាមអាចធ្វើឲ្យយើងអាច ពាក់ គ្រប់គ្រឿងសឹករបស់ព្រះ ដែលកាលពីមុនវាពាក់ពុំត្រូវ ! ( សូមមើល អេភេសូរ ៦:១១, ១៣ ) ។
( នែល អេ ម៉ាក់ស្វែ « Plow in Hope » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៦០ )
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ខ្ញុំចូលចិត្តគិតអំពីគ្រឿងសឹកខាងវិញ្ញាណនេះ ដែលវាពុំដូចជាផ្នែកនៃការសូន្យលោហៈធាតុមួយដុំឡើង ដើម្បីពាក់ឲ្យត្រូវរូបកាយទេ ប៉ុន្តែវាដូចជាច្រវ៉ាក់ប្រទាក់គ្នាវិញ ។ ច្រវ៉ាក់ប្រទាក់គ្នាមានជាផ្នែកតូចៗជាច្រើនផែនតភ្ជាប់នឹងគ្នា ដើម្បីអនុញ្ញាតឲ្យអ្នកប្រើអាចបត់បែនបានកាន់តែងាយស្រួលដោយមិនបាត់បង់នូវការការពារ ។ ខ្ញុំនិយាយដូច្នោះ ដោយសារវាជាបទពិសោធន៍របស់ខ្ញុំ ថាគ្មានអ្វីតែមួយដ៏ធំ ហើយអស្ចារ្យដែលយើងអាចធ្វើ ដើម្បីការពារខ្លួនយើងខាងវិញ្ញាណបាននោះឡើយ ។ អានុភាពពិតខាងវិញ្ញាណ ស្ថិតនៅក្នុងទង្វើតូចៗជាច្រើន ត្បាញចូលគ្នានៅក្នុងក្រណាត់នៃរបាំងខាងវិញ្ញាណដែលការពារ និងគ្របបាំងពីអំពើអាក្រក់ទាំងពួង ។
( អិម រ័សុល បាឡឺដ « Be Strong in the Lord » Ensign ខែ កក្កដា ឆ្នាំ ២០០៤ ទំព័រ ៨ )
តើសម្លៀកបំពាក់បរិសុទ្ធនៃព្រះវិហារបរិសុទ្ធទាក់ទងនឹងគ្រឿងសឹករបស់ព្រះយ៉ាងណា ?
អែលឌើរ ខាឡុស អ៊ី អាសេ ( ឆ្នាំ ១៩២៦–១៩៩៩ ) ក្នុងពួកចិតសិបនាក់ បានពន្យល់ ៖
ទោះយ៉ាងណាក៏ដោយ មានគ្រឿងសឹកមួយទៀត ដែលស័ក្តិសមឲ្យយើងពិចារណា ។ វាជាសម្លៀកបំពាក់ទ្រនាប់ពិសេសដែលគេស្គាល់ថាជាសម្លៀកបំពាក់បរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ឬសម្លៀកបំពាក់នៃបព្វជិតភាពបរិសុទ្ធ ដែលពាក់ដោយសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានទទួលអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធរបស់ពួកគេ ។ សម្លៀកបំពាក់នេះពាក់ទាំងយប់ទាំងថ្ងៃ ដែលបម្រើឲ្យគោលបំណងសំខាន់ៗបី ៖ វាគឺជាការរំឭកអំពីសេចក្ដីសញ្ញាដ៏ពិសិដ្ឋដែលបានធ្វើជាមួយនឹងព្រះអម្ចាស់ក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ បិទបាំងការពាររាងកាយ និងជានិមិត្តរូបនៃភាពថ្លៃថ្នូរនៃការស្លៀកពាក់ និងការរស់នៅដែលគួរមានលក្ខណៈជាជីវិតរបស់អ្នកដើរតាមព្រះគ្រីស្ទដ៏រាបទាបទាំងអស់ ។
( ខាឡុស អ៊ី អាសេ « The Temple Garment: ‘An Outward Expression of an Inward Commitment » Ensign ខែ សីហា ឆ្នាំ ១៩៩៧ ទំព័រ ២០ )