ហេព្រើរ ២–៤
ព្រះអង្គសង្គ្រោះអាចជួយយើងនៅគ្រាចាំបាច់របស់យើង
តើអ្នកធ្លាប់ឆ្ងល់ទេថា អ្នកណាខ្លះយល់ច្បាស់ពីអ្វីដែលអ្នកកំពុងឆ្លងកាត់ក្នុងជីវិត ? គម្ពីរហេព្រើរបង្រៀនថា ព្រះយេស៊ូវគ្រីស្ទបានយាងចុះពីបល្ល័ង្កសួគ៌ារបស់ទ្រង់ ដើម្បីរស់នៅជាមនុស្សរមែងស្លាប់នៅលើផែនដី ហើយធ្វើដង្វាយធួនដ៏និរន្ដរ៍សម្រាប់យើង ។ ដោយសារតែហេតុនេះ ទ្រង់ស្គាល់យើងយ៉ាងល្អឥតខ្ចោះ ហើយដឹងយ៉ាងច្បាស់ពីរបៀបជួយយើង ។ មេរៀននេះអាចបង្កើនទំនុកចិត្តរបស់អ្នកថា ព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកក្នុងគ្រាចាំបាច់ ។
ព្រះអង្គសង្គ្រោះត្រាស់យល់
សូមងអាន ច្រៀង ឬស្ដាប់ទំនុកតម្កើងបទ « ខ្ញុំរកក្តីសុខឯណា ? » ( ទំនុកតម្កើង ល.រ.៦៩ ) ។
អ្នកក៏អាចមើលវីដេអូ « Where Can I Turn for Peace? » ( ៤:០៣ ) នៅគេហទំព័រ ChurchofJesusChrist.org ផងដែរ ។
-
តើអ្នកនឹងពន្យល់សារនៃទំនុកតម្កើងនេះជាពាក្យសម្តីផ្ទាល់របស់អ្នកយ៉ាងដូចម្តេច ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរអំពីអ្វីដែលអ្នកពិតជាត្រូវការជំនួយនៅក្នុងជីវិតរបស់អ្នក ។
នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកសាសន៍ហេព្រើរ ប៉ុលបានបង្រៀនពួកបរិសុទ្ធអំពីព្រះយេស៊ូវគ្រីស្ទ និងពីរបៀបដែលទ្រង់អាចផ្តល់កម្លាំងដល់ពួកគេនៅក្នុងកាលៈទេសៈដែលពួកគេបានជួបប្រទះ ( សូមមើល ហេព្រើរ ៤:១៦ ) ។ នៅពេលអ្នកសិក្សា សូមរកមើលពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកបាន ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមបង្កើតតារាងស្រដៀងគ្នានឹងតារាងខាងក្រោម ៖
ហេតុអ្វីព្រះយេស៊ូវគ្រីស្ទអាចត្រាស់យល់ពីខ្ញុំបាន ? |
តើពរជ័យអ្វីខ្លះដែលព្រះយេស៊ូវគ្រីស្ទអាចប្រទានដល់ខ្ញុំ ដោយសារទ្រង់ត្រាស់យល់ពីខ្ញុំ ? |
---|---|
ហេតុអ្វីព្រះយេស៊ូវគ្រីស្ទអាចត្រាស់យល់ពីខ្ញុំបាន ? | តើពរជ័យអ្វីខ្លះដែលព្រះយេស៊ូវគ្រីស្ទអាចប្រទានដល់ខ្ញុំ ដោយសារទ្រង់ត្រាស់យល់ពីខ្ញុំ ? |
សូមអាន ហេព្រើរ ២:៩–១០, ១៣–១៨ និង ៤:១២–១៦ ដោយរកមើលចម្លើយចំពោះសំណួរនៅក្នុងតារាង ។ សូមសរសេរចម្លើយនៅខាងក្រោមចំណងជើងដែលសមស្រប ។ សូមកត់ចំណាំថា ហេព្រើរ ២:៩ និង ១៦ គឺថ្លែងពីព្រះយេស៊ូវគ្រីស្ទដែលបានចាកចេញពីបល្ល័ង្កសួគ៌ារបស់ទ្រង់ដើម្បីរស់នៅជាមនុស្សរមែងស្លាប់នៅលើផែនដី ។
សេចក្ដីពិតមួយដែលអ្នកអាចស្វែងរកឃើញគឺថា ដោយសារព្រះយេស៊ូវគ្រីស្ទបានរងទុក្ខ ហើយត្រូវបានល្បួងនៅគ្រប់រឿងទាំងអស់ នោះទ្រង់យល់ពីយើងយ៉ាងច្បាស់ ហើយអាចជួយយើងនៅគ្រាចាំបាច់បាន ។ ព្យាការី អាលម៉ា នៅក្នុងព្រះគម្ពីរមរមនក៏បានបង្រៀនសេចក្ដីពិតនេះដែរ ។ សូមពិចារណាធ្វើសេចក្តីយោងឆ្លងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាលម៉ា ៧:១១–១៣ ជាមួយនឹង ហេព្រើរ ២:១៨ ។
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីរបៀបដើម្បីទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការត្រាស់យល់ និងជួយអ្នក ។ អ្នកអាចចង់មើលវីដេអូ « Bear Up Their Burdens with Ease » ( ១៦:២៣ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.orgចាប់ពីនាទីទី ១២:១៥ ដល់ ១៣:២១ ឬអានសេចក្តីថ្លែងការណ៍ដូចតទៅនេះ ។
គ្មានការឈឺចាប់ខាងសាច់ឈាម ការរងរបួសខាងវិញ្ញាណ និងការឈឺចិត្តក្នុងព្រលឹង ការចុកចាប់ ជំងឺ ឬភាពទន់ខ្សោយណាដែលអ្នក ឬខ្ញុំជួបក្នុងជីវិតនេះ ដែលព្រះអង្គសង្គ្រោះមិនធ្លាប់បានមានបទពិសោធន៍ជាមុននោះទេ ។ នៅក្នុងគ្រានៃភាពទន់ខ្សោយមួយ យើងអាចនឹងស្រែកឡើងថា « គ្មាននរណាម្នាក់ស្គាល់ពីអារម្មណ៍នេះទេ ។ គ្មាននរណាម្នាក់យល់ទេ » ។ ប៉ុន្តែព្រះរាជបុត្រានៃព្រះត្រាស់ដឹងនិងយល់ដ៏ឥតខ្ចោះ ដ្បិតទ្រង់បានដឹង និងរែកបន្ទុករបស់យើងម្នាក់ៗ ។ ហើយព្រោះតែពលិកម្មដ៏និរន្តរ៍ និងដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ ( សូមមើល អាលម៉ា ៣៤:១៤ ) នោះទើបទ្រង់មានការយល់ដឹងដ៏ឥតខ្ចោះ ហើយអាចលាតព្រះហស្ដនៃសេចក្តីមេត្តាកុរណារបស់ទ្រង់មករកយើង ។ ទ្រង់អាចឈោងព្រះហស្ដ ប៉ះពាល់ ជួយសង្គ្រោះ ប្រោស និងពង្រឹងយើង ហួសពីអ្វីៗដែលយើងអាចធ្វើបាន ហើយជួយយើងឲ្យធ្វើអ្វីដែលយើងមិនអាចធ្វើបាន ដោយការពឹងតែទៅលើអំណាចយើងផ្ទាល់នោះ ។
( ដេវីឌ អេ បែដណា « Bear Up Their Burdens with Ease » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩០ )
-
តើ អាលម៉ា ៧:១១–១៣ ឬសេចក្ដីថ្លែងការណ៍ដោយអែលឌើរ បែដណា ជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការជួយដល់អ្នកយ៉ាងដូចម្ដេច ?
សូមគិតអំពីគំរូ—ពីជីវិតរបស់អ្នក ជីវិតរបស់អ្នកដទៃ ឬបទគម្ពីរ—ដែលបង្ហាញពីការយល់ដឹងដ៏ឥតខ្ចោះរបស់ព្រះអង្គសង្គ្រោះអំពីបទពិសោធន៍ និងតម្រូវការរបស់យើង ។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការគិតអំពីឧទាហរណ៍មួយ សូមពិចារណាសិក្សា យ៉ូហាន ១១:២១–២៧, ៣២–៣៦; ម៉ូសាយ ២៤:១១–១៥ ឬ គោលលទ្ធិ និងសេចក្តីសញ្ញា ១២២:៥–៩ ។
-
តើឧទាហរណ៍នេះអាចជួយអ្នកឲ្យពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
ការចូលមកដល់បល្ល័ង្កនៃព្រះគុណដោយក្លាហាន
សូមអាន ហេព្រើរ ៤:១៦ ដោយរកមើលអ្វីដែលប៉ុលអញ្ជើញយើងឲ្យធ្វើ ដើម្បីទទួលបានជំនួយដែលយើងត្រូវការ ។ សូមពិចារណាគូសសម្គាល់អ្វីដែលអ្នករកឃើញ ។
សម្រាប់ឧទាហរណ៍មួយចំនួនអំពីរបៀបដែលយើងអាចចូលទៅកាន់បល្ល័ង្កនៃព្រះគុណ សូមមើលវីដេអូ « Reach Up to Him in Faith » ( ៣:៥៤ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។
ជម្រើស ៖ ចង់រៀនបន្ថែមទៀតទេ ?
តើការបន្ទាបព្រះកាយរបស់ព្រះយេស៊ូវគ្រីស្ទគឺជាអ្វី ?
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
គំរូនៃភាពរាបសា និងពលិកម្មរបស់ព្រះអង្គសង្គ្រោះសម្រាប់មនុស្សលោកទាំងអស់ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ ។ សូម្បីតែព្រះអង្គសង្គ្រោះដែលជាសមាជិកមួយអង្គនៃក្រុមព្រះក៏បានស្ម័គ្រព្រះទ័យយាងមកកាន់ផែនដីជាទារកដ៏ទន់ទាប ហើយចាប់ផ្ដើមជីវិតដែលរួមមាននូវការបង្រៀន ការព្យាបាលដល់បងប្អូនប្រុសស្រីរបស់ទ្រង់ ហើយទីបំផុតរងការឈឺចាប់ដែលពុំអាចពិពណ៌នាបាននៅឯសួនច្បារគែតសេម៉ានី និងលើឈើឆ្កាងដើម្បីធ្វើឲ្យដង្វាយធួនរបស់ទ្រង់បានល្អឥតខ្ចោះ ។ ទង្វើនៃក្ដីស្រឡាញ់ និងចិត្តរាបសារបស់ព្រះគ្រីស្ទត្រូវបានគេស្គាល់ថា ជាការយាងចុះមករបស់ទ្រង់ ។ ទ្រង់ធ្វើបែបនេះសម្រាប់មនុស្សគ្រប់គ្នាដែលព្រះបានបង្កើត ឬនឹងបង្កើតឡើង ។
( ឃ្វីនថិន អិល ឃុក « The Eternal Everyday » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៥២ )
ហេព្រើរ ៤:១៥ ។ តើព្រះយេស៊ូវពិតជា « ត្រូវល្បួងដូចយើងដែរឬទេ ? »
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ឆ្នាំ ១៩០៧–ឆ្នាំ ១៩៩៥ ) បានបង្រៀនដូចខាងក្រោមនេះ ៖
វាជាការណ៍ដ៏សំខាន់មួយដើម្បីចងចាំថា ព្រះយេស៊ូវអាចនឹងប្រព្រឹត្តអំពើបាបបាន ថាទ្រង់អាចស្ម័គ្រព្រះទ័យចុះចាញ់ នោះផែនការនៃជីវិត និងសេចក្ដីសង្គ្រោះនឹងត្រូវបានធ្វើឲ្យខកខាន ប៉ុន្ដែទ្រង់នៅតែបន្ដស្មោះត្រង់ ។ ប្រសិនបើអារក្សសាតាំងគ្មានលទ្ធភាពល្បួងទាក់ទាញទ្រង់ទេ នោះវានឹងគ្មានការសាកល្បងដ៏ពិតប្រាកដនោះទេ វាក៏នឹងគ្មានលទ្ធផលដ៏ជោគជ័យអាចកើតឡើងឡើយ ។ ប្រសិនបើទ្រង់ត្រូវបានគេដកចេញពីអំណាចដើម្បីធ្វើអំពើបាប នោះទ្រង់នឹងត្រូវបានដកចេញពីសិទ្ធិជ្រើសរើសរបស់ទ្រង់ដែរ ។ គឺជាទ្រង់ហើយដែលបានមកការពារ និងធានាដល់សិទ្ធិជ្រើសរើសរបស់មនុស្ស ។ ទ្រង់ត្រូវតែរក្សាលទ្ធភាព និងសមត្ថភាពធ្វើអំពើបាប ប្រសិនបើទ្រង់ចង់ធ្វើដូច្នេះ ។ ដូចប៉ុលបានសរសេរថា « ហើយទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្តាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ » ( ហេព្រើរ ៥:៨ ) ហើយទ្រង់ « បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ » ( ហេព្រើរ ៤:១៥ ) ។ ទ្រង់ឥតខ្ចោះ និងគ្មានអំពើបាបសោះឡើយ មិនមែនដោយសារតែទ្រង់ត្រូវតែដូច្នោះនោះទេ ប៉ុន្ដែវាគឺដោយសារតែទ្រង់បានចង់ក្លាយជាដូច្នោះយ៉ាងពិត និងដោយការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ ។
( ហាវើដ ដបុលយូ ហឹនធើរ « The Temptations of Christ » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ទំព័រ ១៩ )
ហេព្រើរ ៤:១៦ ។ តើ « បល្ល័ង្កនៃព្រះគុណ » មានសារៈសំខាន់យ៉ាងណា ?
« នៅក្នុងវប្បធម៌បុរាណជាច្រើន ការចូលទៅជិតរាជបល្ល័ង្កដោយគ្មានការអញ្ជើញគឺជាការប្រថុយជីវិត ប៉ុន្តែបើទៅតាមការអញ្ជើញរបស់ស្តេចវិញ នោះបុគ្គលម្នាក់អាចចូលទៅជិត ហើយនិយាយដោយមានទំនុកចិត្ត ។ ការចូលទៅជិតព្រះ ‹ ដោយក្លាហាន › មានន័យថា គឺការមានទំនុកចិត្តថា ព្រះសព្វព្រះទ័យឲ្យយើងចូលទៅជិតបល្ល័ង្ករបស់ទ្រង់ ហើយថាយើងនឹងទទួលបានជំនួយពីទ្រង់ » ( សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់សិស្ស [ ឆ្នាំ ២០១៨ ] ទំព័រ ៤៧៧ ) ។
នៅក្នុងសេចក្តីយោងទៅនឹងសេចក្តីមេត្តាករុណាដែលព្រះប្រទានឲ្យយើង អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
ប្រាកដណាស់ រឿងដែលព្រះសព្វព្រះទ័យខ្លាំងបំផុតអំពីការធ្វើជាព្រះនោះគឺ ការរំភើបព្រះទ័យក្នុងការមានក្តីមេត្តាករុណា ជាពិសេសដល់អស់អ្នកទាំងឡាយណា ដែលពុំរំពឹងថានឹងទទួលបានវា ហើយដែលជារឿយៗពួកគេមានអារម្មណ៍ថាពួកគេពុំសមនឹងទទួលវា ។
( ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣៣ )