ម៉ាថាយ ១១:២៨–៣០
« ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក »
អំឡុងការងារបម្រើរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានបង្រៀនក្រឹត្យវិន័យជាន់ខ្ពស់នៃដំណឹងល្អ និងបានប្រោសអ្នកឈឺឲ្យជាសះស្បើយ ។ ខណៈពេលដែលមានសម្ពាធកើនឡើងប្រឆាំងនឹងព្រះអង្គសង្រ្គោះ និងការបង្រៀនរបស់ទ្រង់ នោះទ្រង់បានបរិហារភាពទុច្ចរិត ហើយសន្យាថានឹងឲ្យអស់អ្នកដែលមករកទ្រង់បានសម្រាក ។ មេរៀននេះអាចបង្កើនទំនុកចិត្តរបស់អ្នកថា ព្រះអម្ចាស់នឹងជួយអ្នកជាមួយនឹងឧបសគ្គ និងបន្ទុករបស់អ្នក ។
បន្ទុក និងឧបសគ្គរបស់អ្នក
សូមគូររូបមួយដែលតំណាងឲ្យក្មេងជំទង់ម្នាក់ ។ សូមគូរកាបូបស្ពាយនៅលើខ្នងរូបនោះ ដើម្បីតំណាងឲ្យបន្ទុក និងភាពតានតឹងរបស់យុវវ័យនាពេលបច្ចុប្បន្ន ។ សូមសរសេរបន្ទុក ឬភាពតានតឹងទាំងនោះយ៉ាងហោចណាស់ប្រាំ នៅក្នុង នៅលើ ឬនៅជុំវិញរូបកាបូបស្ពាយនោះ ។
-
នៅលើមាត្រដ្ឋានពីមួយដល់ប្រាំ ដែលប្រាំតំណាងឲ្យល្អខ្លាំង ហើយមួយតំណាងឲ្យមិនល្អទាល់តែសោះ តើអ្នកមានអារម្មណ៍ថាធ្វើបានល្អប៉ុណ្ណាដែរក្នុងការដោះស្រាយបន្ទុក និងហេតុការណ៍តានតឹងរបស់អ្នក ?
ប្រសិនបើអ្នកមិនទាន់ធ្វើនៅឡើយទេ សូមពិចារណាចំណាយពេលបន្តិចដើម្បីយាងព្រះវរបិតាសួគ៌របស់អ្នកឲ្យមកជួយអ្នកក្នុងការស្វែងរកគោលការណ៍នានា ដែលអាចជួយអ្នកឲ្យដោះបន្ទុកជាក់លាក់ណាមួយ ដែលអ្នកកំពុងតែរែកពន់នាពេលបច្ចុប្បន្ន ។ សូមអាន ម៉ាថាយ ១១:២៨–៣០ ដោយស្វែងរកសេចក្ដីពិតដែលព្រះអង្គសង្គ្រោះបានបង្រៀន ដែលអាចជួយដល់នរណាម្នាក់ដែលមានបន្ទុកធ្ងន់ ។
-
តើអ្នកបានរកឃើញសេចក្ដីពិតអ្វីខ្លះ ?
-
តើសេចក្ដីពិតទាំងនេះអាចជួយដល់នរណាម្នាក់ ដែលកំពុងជួបការលំបាកបានយ៉ាងដូចម្តេច ?
« ចូរទទួលនឹមខ្ញុំ »
ពេលខ្លះ ពាក្យ ឬឃ្លានៅក្នុងព្រះគម្ពីរអាចពិបាកយល់ ។ ការរៀនពីអត្ថន័យនៃពាក្យ និងឃ្លានោះអាចជួយយើងឲ្យរៀនពីអ្វីដែលព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យយើងដឹង ។ សូមអនុវត្តវាជាមួយឃ្លាថា « ចូរទទួលនឹមខ្ញុំ » ( ម៉ាថាយ ១១:២៩ ) ។
នឹមគឺជា « ជាប្រដាប់មួយ សម្រាប់ដាក់ជុំវិញកសត្វ ឬមនុស្សទាំងឡាយ ដើម្បីទឹមជាប់គ្នា » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « នឹម »នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សត្វនៅក្នុងរូបភាពនេះកំពុងជាប់នឹម ។
អែលឌើរ អេដវឺដ ឌូប នៃពួកចិតសិបនាក់ បានតំណាលពីបទពិសោធន៍ដូចខាងក្រោម ៖
នៅខែ ធ្នូ ឆ្នាំ ២០១៥ នៅម៉ាដស៊ីវ៉ា ប្រទេសស៊ីមបាវ៉េ ណៅមី [ ភរិយារបស់ខ្ញុំ ] និងខ្ញុំបានឃើញបុរសម្នាក់កំពុងភ្ជួរដីស្រែរបស់គាត់ជាមួយគោពីរក្បាល ។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលឃើញសត្វមួយជាគោដ៏ធំ ហើយគោមួយទៀតជាគោតូច ។ ខ្ញុំបានងឿងឆ្ងល់ ។ ខ្ញុំឆ្ងល់ ហើយក៏សួរថា « ហេតុអ្វីបានជាកសិករភ្ជួររាស់ដីជាមួយសត្វពីរក្បាល ដែលមិនស្មើគ្នានៅក្នុងនឹមអញ្ចឹង ? »
ម្តាយរបស់ណៅមី ដែលកំពុងឈរក្បែរនោះ បានចង្អុលទៅនឹម ។ ខ្ញុំមើលកាន់តែជិត ហើយឃើញដាន [ ខ្សែ ឬច្រវាក់ ] ដែលភ្ជាប់នឹមទៅនឹងគោតូច ។ គោធំនោះកំពុងទាញទម្ងន់ទាំងអស់ ហើយគោតូចនោះកំពុងត្រូវបានដាក់ឲ្យរៀនពីរបៀបភ្ជួររាស់ ។
( អេដវឺដ ឌូប « Learn of Me » Liahona ខែ តុលា ឆ្នាំ ២០២០ Africa Southeast Local Pages នៅលើគេហទំព័រ ChurchofJesusChrist.org )
-
តើទំនាក់ទំនងរបស់យើងជាមួយព្រះអង្គសង្គ្រោះអាចមានលក្ខណៈដូចគោធំ និងគោតូចនេះយ៉ាងដូចម្តេច ?
-
តើការដឹងពីអត្ថន័យនៃ នឹម ធ្វើឲ្យអ្នកយល់កាន់តែច្បាស់អំពីព្រះទ័យរបស់ព្រះគ្រីស្ទចំពោះអ្នកយ៉ាងដូចម្តេច ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖
ការចុះ និងការរក្សាសេចក្តីសញ្ញាពិសិដ្ឋ គឺជាការទឹមយើងជាមួយនឹងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
( ដេវីឌ អេ បែដណា « Bear Up Their Burdens with Ease » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៨៨ ។
-
តើអ្នកគិតថាការចុះ និងការរក្សាសេចក្តីសញ្ញា កំពុងផ្ទឹមយើងជាមួយនឹងព្រះអង្គសង្គ្រោះយ៉ាងដូចម្តេច ?
អែលឌើរ ឌូប បានពន្យល់ ៖
នៅពេលយើងត្រូវបានផ្ទឹមជាមួយព្រះយេស៊ូវគ្រីស្ទ នោះទ្រង់ទ្រាំទ្រទម្ងន់ទាំងអស់ ហើយយើងចែករំលែកសេចក្ដីអំណរនៃការងារនោះ ។ ការអញ្ជើញរបស់ព្រះអម្ចាស់ចំពោះយើងម្នាក់ៗឲ្យរៀនអំពីទ្រង់ គឺជាប្រភពតែមួយគត់ ដែលនាំមកនូវសេចក្តីសុខសាន្ត សេចក្តីអំណរ និងផ្តល់ចម្លើយដល់ចិត្តដែលមានបញ្ហា ។
( អេដវឺដ ឌូប « Learn of Me » Liahona ខែ តុលា ឆ្នាំ ២០២០ Africa Southeast Local Pages នៅលើគេហទំព័រ ChurchofJesusChrist.org )
-
តើការរៀនសូត្រអំពីព្រះយេស៊ូវគ្រីស្ទនៅឆ្នាំនេះ បានជួយអ្នកឲ្យទ្រាំទ្របន្ទុករបស់អ្នក ហើយនាំអ្នកឲ្យមានសេចក្តីសុខសាន្ត និងសេចក្តីអំណរយ៉ាងដូចម្តេច ?
ការមករកព្រះគ្រីស្ទ និងការទទួលបានការសម្រាករបស់ទ្រង់
សកម្មភាព ក ៖ « ចូរមកឯខ្ញុំ » ( ម៉ាថាយ ១១:២៨ ) ។ តើខ្ញុំអាចមករកព្រះគ្រីស្ទដោយរបៀបណា ?
ដើម្បីទទួលបានជំនួយពីព្រះអង្គសង្គ្រោះ និងការសម្រាកដែលទ្រង់ប្រទានឲ្យ នោះយើងត្រូវតែមករកទ្រង់ ។
-
ប្រសិនបើមាននរណាម្នាក់សួរអ្នកថា តើការមករកព្រះគ្រីស្ទមានន័យយ៉ាងណា តើអ្នកនឹងឆ្លើយដូចម្ដេច ?
អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានកំណត់ពីវិធីជាច្រើនដែលយើងអាចមករកព្រះគ្រីស្ទបាន ។
ពេលយើងអធិស្ឋានជាទៀងទាត់ ទាំងយប់ទាំងថ្ងៃ សិក្សាព្រះគម្ពីរយើងជាប្រចាំថ្ងៃ ធ្វើរាត្រីជួបជុំក្រុមគ្រួសារ ហើយចូលរួមក្នុងព្រះវិហារបរិសុទ្ធជាទៀងទាត់ នោះយើងកំពុងតែឆ្លើយតបយ៉ាងសកម្មចំពោះការអញ្ជើញរបស់ទ្រង់ឲ្យ « មករកទ្រង់ » ហើយ ។
( រីឆាដ ជី ស្កត « Make the Exercise of Faith Your First Priority » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩៤ )
សូមពិចារណាមើលវីដេអូ « Come unto Christ: 2014 Theme Song » ( ៤:៤៨ ) ដើម្បីមើលឧទាហរណ៍អំពីរបៀប ដែលនរណាម្នាក់អាចមករកព្រះអង្គសង្គ្រោះបាន ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សកម្មភាព ខ ៖ « ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » ( ម៉ាថាយ ១១:២៨ ) ។ តើព្រះគ្រីស្ទអាចសម្រាលបន្ទុកខ្ញុំដោយរបៀបណា ?
ឧទាហរណ៍ដ៏មានឥទ្ធិពលមួយនៃការជួយសម្រាលបន្ទុកដោយព្រះអង្គសង្គ្រោះ ត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរមរមន ។ អាលម៉ា និងប្រជាជនរបស់លោកត្រូវបានចាប់ជាឈ្លើយសឹក ត្រូវបានគេបង្ខំឲ្យធ្វើការ និងរងទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរ ។
សូមអាន ម៉ូសាយ ២៤:១២–១៦ ។ អ្នកក៏ប្រហែលជាចង់មើលវីដេអូ « Chapter 17: Alma and His People Escape » ពីលេខកូដម៉ោង ០:០១ ដល់ ១:២៩ ផងដែរ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក ឬបទពិសោធន៍របស់មនុស្សដែលអ្នកស្គាល់ ហើយកត់ត្រាគ្រាដែលព្រះអង្គសង្គ្រោះបានសម្រាលបន្ទុកមួយ ។ សូមប្រាកដថាបានរួមបញ្ចូលនូវអ្វីដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានធ្វើ ដើម្បីឈោងទៅរកជំនួយពីព្រះអង្គសង្គ្រោះ និងរបៀបដែលទ្រង់បានជួយ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ?
តើព្រះយេស៊ូវគ្រីស្ទជួយយើងយ៉ាងដូចម្តេច នៅពេលយើងមករកទ្រង់ ?
អែលឌើរ ចន អេ ម៉ាកខូន នៃពួកចិតសិបនាក់ បានពន្យល់ពីពរជ័យមួយចំនួន ដែលអាចកើតមាននៅពេលយើងមករកព្រះយេស៊ូវគ្រីស្ទ ។
នៅពេលយើងទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « ចូរមកឯខ្ញុំ » ( ម៉ាថាយ ១១:២៨ ) នោះទ្រង់នឹងប្រទានការគាំទ្រ ការលួងលោម និងសេចក្ដីសុខសាន្តដែលចាំបាច់ ។ … ទោះបីជានៅក្នុងឧបសគ្គដ៏លំបាកខ្លាំងរបស់យើងក៏យើងអាចមានអារម្មណ៍កក់ក្តៅនៃសេចក្តីស្រឡាញ់របស់ទ្រង់បានដែរ ពេលយើងទុកចិត្តលើទ្រង់ ហើយទទួលយកព្រះទ័យរបស់ទ្រង់ ។
( ចន អេ ម៉ាក់ឃូន « Come unto Christ—Living as Latter-day Saints » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៣៦ )
វីដេអូ « Living with Depression » ( ៣:១៣ ) ផ្តល់នូវឧទាហរណ៍មួយអំពីរបៀប ដែលព្រះយេស៊ូវគ្រីស្ទអាចជួយយើងបាន ទោះបីវាមានន័យថា យើងមិនត្រូវបានរំដោះចេញពីការសាកល្បងដ៏លំបាកក៏ដោយ ។