កូរិនថូស ទី១ ១២
អំណោយទានខាងវិញ្ញាណ
ប៉ុលបានសរសេរទៅពួកបរិសុទ្ធនៅក្រុងកូរិនថូស ដើម្បីជួយពួកគេឲ្យទទួលស្គាល់តម្រូវការរបស់ពួកគេដើម្បីរួបរួមនៅក្នុងព្រះគ្រីស្ទ ។ គាត់បានបង្រៀនថា ប្រសិនបើសមាជិកទាំងអស់នឹងទទួលស្គាល់ ហើយប្រើប្រាស់អំណោយទានខាងវិញ្ញាណដែលពួកគេបានទទួលពីព្រះអម្ចាស់ នោះពួកគេអាចដូចជាផ្នែកជាច្រើននៃរូបកាយដែលធ្វើការរួមគ្នាដោយសាមគ្គីភាព ។ គោលបំណងនៃមេរៀននេះគឺជួយអ្នកឲ្យស្គាល់អំណោយទានខាងវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យអ្នកដើម្បីអ្នកផ្ដល់ពរដល់អ្នកដទៃ និងពង្រឹងសាសនាចក្ររបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការទទួលអំណោយ
-
តើអំណោយដ៏មានអត្ថន័យមួយដែលអ្នកបានទទួលគឺជាអ្វី ?
-
តើអំណោយនេះជះឥទ្ធិពលអ្វីខ្លះដល់ជីវិតរបស់អ្នក ? តើវាអនុញ្ញាតឲ្យអ្នកធ្វើអ្វីបានខ្លះ ?
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះអ្នកដែលបានផ្តល់អំណោយដល់អ្នក ?
នៅពេលអ្នកសិក្សា កូរិនថូស ទី១ ១២ អ្នកនឹងរៀនអំពីអំណោយទានខាងវិញ្ញាណដែលព្រះវរបិតាសួគ៌ប្រទានដល់បុត្រាបុត្រីរបស់ទ្រង់ ។ សូមរកមើលមូលហេតុដែលទ្រង់ប្រទានអំណោយទានទាំងនេះ ហើយស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នករកឃើញអំណោយទានដែលបានប្រទានឲ្យអ្នក ។
ព្រះអម្ចាស់ប្រទានអំណោយទានខាងវិញ្ញាណដល់យើង
« អំណោយទានខាងវិញ្ញាណគឺជាពរជ័យ ឬលទ្ធភាពដែលត្រូវបានប្រទានឲ្យដោយព្រះដល់បុត្រាបុត្រីរបស់ទ្រង់ តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ » ( ប្រធានបទដំណឹងល្អ « Spiritual Gifts » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
សូមរៀនអំពីអំណោយទានខាងវិញ្ញាណដោយអាន កូរិនថូស ទី១ ១២:៣–១១ ។ ( សូមកត់សម្គាល់ថាពាក្យ « ដោយមុខៗ » ខទី ១១ មានន័យថា « រៀងៗខ្លួន » ឬ « មួយម្តងៗ » ) ។
-
តើមានអំណោយទានខាងវិញ្ញាណណាខ្លះ ដែលបានរៀបរាប់នៅក្នុងខគម្ពីរទាំងនេះ ?
មានអំណោយទានខាងវិញ្ញាណផ្សេងៗគ្នាជាច្រើន ។ ដើម្បីរៀនអំពីអំណោយទានខាងវិញ្ញាណផ្សេងទៀត សូមអាន មរ៉ូណៃ ១០:៨–១៨ ; គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:១១–២៦ និងសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយអែលឌើរ ម៉ាវីន ជេ អាស្តុន ( ឆ្នាំ ១៩១៥–១៩៩៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
ខ្ញុំសូមលើកឡើងអំពីអំណោយទានមួយចំនួនដែលមិនតែងតែបង្ហាញឲ្យឃើញ ឬគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែវាសំខាន់ខ្លាំងណាស់ … ៖ អំណោយទាននៃការសួរ អំណោយទាននៃការស្តាប់ អំណោយទាននៃការឮ និងការប្រើសំឡេងតូច រហៀង អំណោយទាននៃការយំ អំណោយទាននៃការចៀសវាងជម្លោះ … អំណោយទាននៃការស្វែងរកអ្វីដែលសុចរិត អំណោយទាននៃការមិនកាត់សេចក្តីគេ អំណោយទាននៃការស្វែងរកព្រះសម្រាប់ការណែនាំ … អំណោយទាននៃការខ្វល់ខ្វាយចំពោះអ្នកដទៃ អំណោយទាននៃការអាចសញ្ជឹងគិត អំណោយទាននៃការអធិស្ឋាន អំណោយទាននៃការថ្លែងទីបន្ទាល់ដ៏អស្ចារ្យមួយ ។
( សូមមើល ម៉ាវិន ជេ អាស្តុន « There Are Many Gifts » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ២០ )
-
តើព្រះអម្ចាស់ប្រទានពរដល់នរណាជាមួយនឹងអំណោយទានខាងវិញ្ញាណទាំងនេះ ?
-
តើការណ៍នេះជួយអ្នកឲ្យយល់អ្វីខ្លះអំពីព្រះអម្ចាស់ ?
សេចក្តីពិតមួយដែលអ្នកអាចទទួលស្គាល់នោះគឺថា ព្រះអម្ចាស់ប្រទានដល់សមាជិកម្នាក់ៗនៃសាសនាចក្ររបស់ទ្រង់យ៉ាងហោចណាស់នូវអំណោយទានខាងវិញ្ញាណមួយ ដើម្បីប្រទានពរដល់អ្នកដទៃ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ពេលដឹងថាទ្រង់ទាំងទ្វេបានប្រទានពរដល់អ្នកនូវអំណោយទានមួយខាងវិញ្ញាណ ?
-
តើការដឹងថា អ្នកត្រូវបានប្រទានឲ្យនូវអំណោយទានខាងវិញ្ញាណ ជះឥទ្ធិពលយ៉ាងណាទៅលើរបៀបដែលអ្នកយល់ឃើញពីអត្តសញ្ញាណដ៏ទេវភាពរបស់អ្នក ?
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះប្រទានអំណោយទានខាងវិញ្ញាណដល់សមាជិកសាសនាចក្រគ្រប់រូប ហើយមិនមែនដល់សមាជិកតែពីរបីនាក់នោះទេ ?
ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងផ្ដល់ពរដល់គ្នាទៅវិញទៅមក
សូមអាន កូរិនថូស ទី១ ១២:១៤–២០ ដើម្បីស្វែងរកការប្រៀបធៀបដែលប៉ុលបានប្រើដើម្បីជួយយើងឲ្យស្គាល់ពីសារៈសំខាន់នៃការរួមចំណែករបស់យើងម្នាក់ៗ ។
-
តើប៉ុលប្រៀបធៀបសាសនាចក្រនៅក្នុងវគ្គបទគម្ពីរនេះទៅនឹងអ្វី ? តើការប្រៀបធៀបនេះបង្រៀនអ្នកអ្វីខ្លះអំពីអំណោយទានខាងវិញ្ញាណ ?
-
តើអ្នកធ្លាប់បានទទួលពរជ័យតាមរយៈអំណោយទានខាងវិញ្ញាណរបស់អ្នកដទៃដែរឬទេ ?
ដើម្បីយល់ពីឧទាហរណ៍នៃបុគ្គលម្នាក់ដែលបានចែកចាយអំណោយទានខាងវិញ្ញាណរបស់ពួកគេជាមួយអ្នកដទៃ អ្នកអាចមើលវីដេអូ « With All Your Heart » ( ៣:២៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដែលប្រាប់អំពីយុវជនម្នាក់ដែលត្រូវបានហៅឲ្យប្រើអំណោយទានពីព្រះអម្ចាស់ដែលគាត់ទើបតែបានស្គាល់អំណោយទាននោះ ។ នៅពេលអ្នកមើល សូមយកចិត្តទុកដាក់លើការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធអំពីរបៀបដែលអ្នកអាចប្រើអំណោយទានរបស់អ្នកដើម្បីផ្តល់ពរដល់អ្នកដទៃ ។
សូមសញ្ជឹងគិតពីរបៀបដែលអំណោយទានខាងវិញ្ញាណដែលអ្នកត្រូវបានប្រទានឲ្យបានផ្តល់ពរដល់អ្នក និងរបៀបដែលអ្នកអាចប្រើវាដើម្បីផ្តល់ពរដល់គ្រួសារ វួដ ឬសាខារបស់អ្នក និងអ្នកដទៃទៀត ។ អ្នកអាចចង់កត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធអំពីអំណោយទានរបស់អ្នក ។
-
តើអ្នកគិតថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកយល់ដឹងអ្វីខ្លះអំពីខ្លួនអ្នកផ្ទាល់ និងអំណោយទានខាងវិញ្ញាណរបស់អ្នក ?
-
តើអ្នកនឹងផ្តល់ការលើកទឹកចិត្តអ្វីដល់អ្នកដែលមានអារម្មណ៍ថា ពួកគេគ្មានអំណោយទានខាងវិញ្ញាណ ?
-
តើអំណោយទានខាងវិញ្ញាណអ្វីដែលអ្នកប្រាថ្នាចង់បាន ? តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីស្វែងរកអំណោយទាននោះ ? ( ព្រះអម្ចាស់បានអញ្ជើញយើងឲ្យស្វែងរកអំណោយទានខាងវិញ្ញាណ សូមមើល កូរិនថូស ទី១ ១២:៣១ ; ១៤:១ ; គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:៧–៩ ) ។
-
តើមានវិធីអ្វីខ្លះដែលអ្នកអាចប្រើអំណោយទានខាងវិញ្ញាណរបស់អ្នកដើម្បីផ្តល់ពរដល់អ្នកដទៃ ? តើវានឹងជួយអ្នកឲ្យប្រែក្លាយកាន់តែដូចព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
វិចារណកថា និងព័ត៌មានសាច់រឿង
តើខ្ញុំអាចប្រើអំណោយទានខាងវិញ្ញាណរបស់ខ្ញុំដើម្បីបម្រើអ្នកដទៃដោយរបៀបណា ?
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះជាគណៈប្រធានទីមួយ បានចែកចាយពីរបៀបដែលយើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ៖
នៅពេលខ្ញុំគិតពីព្រះអង្គសង្គ្រោះ ជារឿយៗខ្ញុំបានស្រមៃពីទ្រង់ដោយមានព្រះហស្ដលូកមក ដើម្បីលួងលោម ព្យាបាល ប្រទានពរ និងស្រឡាញ់ ។ ហើយទ្រង់តែងតែមានបន្ទូល ជាមួយគេ មិនដែល មើលងាយមនុស្សឡើយ ។ ទ្រង់ស្រឡាញ់អ្នករាបសា និងទន់ទាប ហើយយាងទៅជាមួយនឹងពួកគេ ដោយធ្វើការងារបម្រើដល់ពួកគេ ហើយផ្ដល់សេចក្ដីសង្ឃឹម និងសេចក្តីសង្គ្រោះ ។
នោះគឺជាអ្វីដែលទ្រង់បានធ្វើ អំឡុងពេលព្រះជន្មរមែងស្លាប់របស់ទ្រង់ វាគឺជាអ្វីដែលទ្រង់នឹងធ្វើ ប្រសិនបើទ្រង់នឹងគង់នៅក្នុងចំណោមយើងនាថ្ងៃនេះ ហើយវាគឺជាអ្វីដែលយើងគួរធ្វើក្នុងនាមជាសិស្សរបស់ទ្រង់ និងជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។…
នៅពេលយើងធ្វើតាមគំរូដ៏ល្អឥតខ្ចោះរបស់ទ្រង់ នោះដៃរបស់យើងអាចប្រែក្លាយទៅជាព្រះហស្ដរបស់ទ្រង់ ភ្នែករបស់យើងក្លាយជាព្រះនេត្ររបស់ទ្រង់ ហើយដួងចិត្តរបស់យើងក្លាយជាព្រះទ័យរបស់ទ្រង់ ។
( ឌៀថើរ អេហ្វ អុជដូហ្វ « You Are My Hands » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៦៨ )
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
យើងទទួលអំណោយទានខាងវិញ្ញាណដើម្បីផ្តល់ពរដល់មនុស្សផ្សេងទៀត ។ ប្រសិនបើយើងចង់បានអំណោយទានដោយសារយើងចង់បាន នោះយើងប្រហែលជានឹងមិនទទួលបានវាទេ ។ នៅពេលយើងព្យាយាមដើម្បីបម្រើអ្នកដទៃស្របតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងត្រូវបានប្រទានពរឲ្យមានអំណោយទានខាងវិញ្ញាណ និងការបង្កើនសមត្ថភាពដែលធ្វើឲ្យការបម្រើអាចធ្វើទៅបាន ។
( ដេវីឌ អេ បែដណា នៅក្នុង « Understanding Heavenly Father’s Plan » ChurchofJesusChrist.org/prophets-and-apostles/unto-all-the-world/understanding-heavenly-fathers-plan )
តើខ្ញុំអាចធ្វើដូចម្តេច ប្រសិនបើខ្ញុំគ្មានអារម្មណ៍ថា ខ្ញុំមានអំណោយទានខាងវិញ្ញាណដ៏សំខាន់ ?
ការទូន្មានពីអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់អាចរកឃើញនៅក្នុងវីដេអូ « Songs Sung and Unsung » ( ចាប់ពីលេខកូដម៉ោង ០:៥៧ ដល់ ២:៥៧ ) ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ ក្នុងពួកចិតសិបនាក់បានចែកចាយឧទាហរណ៍មួយអំពីបងស្រីម្នាក់ដែលរៀនថា គាត់មានអំណោយទានខាងវិញ្ញាណដែលគាត់បានមើលរំលង ៖
ថ្ងៃមួយមានបងស្រីដែលបាក់ទឹកចិត្តម្នាក់បានទូលអង្វរថា « ឱព្រះអម្ចាស់អើយ តើការបម្រើផ្ទាល់ខ្លួនរបស់ខ្ញុំម្ចាស់គឺជាអ្វីទៅ ? » ទ្រង់បានតបថា « សូមយកចិត្តទុកដាក់លើមនុស្សដទៃ » ។ វាគឺជាអំណោយទានខាងវិញ្ញាណ ! ចាប់តាំងពីពេលនោះមក គាត់បានរកឃើញអំណរក្នុងការយកចិត្តទុកដាក់លើអស់អ្នកដែលត្រូវបានគេបំភ្លេចចោលជាប្រចាំ ហើយព្រះបានធ្វើការតាមរយៈគាត់ដើម្បីប្រទានពរដល់មនុស្សជាច្រើន ។ ទោះបីអំណាយទានខាងវិញ្ញាណមួយចំនួនពុំធ្វើឲ្យយើងមានមុខមានមាត់នៅក្នុងបទដ្ឋាននៃពិភពលោកនេះក្តី ប៉ុន្តែវាមានភាពចាំបាច់ចំពោះព្រះ និងកិច្ចការរបស់ទ្រង់ ។
( ចន ស៊ី ភីងគ្រី ជុញ្ញ័រ « I Have a Work for Thee » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣៣–៣៤ )
តើខ្ញុំគួរធ្វើដូចម្តេច នៅពេលខ្ញុំមានអារម្មណ៍ថាគ្មានសមត្ថភាពគ្រប់គ្រាន់បំពេញកិច្ចការរបស់ខ្ញុំក្នុងសាសនាចក្រ ?
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
អ្នកអាចនឹងមានអារម្មណ៍ថា មានមនុស្សផ្សេងទៀតដែលមានសមត្ថភាព ឬមានបទពិសោធន៍ច្រើនជាង ដែលអាចបំពេញការហៅ និងការចាត់តាំងរបស់អ្នកបានប្រសើរជាងអ្នកទៅទៀត ប៉ុន្តែព្រះអម្ចាស់បានប្រទានការទទួលខុសត្រូវនេះដល់អ្នកដោយសារហេតុផលមួយ ។ ប្រហែលជាមានមនុស្ស និងដួងចិត្តនានាដែលមានតែអ្នកប៉ុណ្ណោះដែលអាចឈោងទៅជួយបាន ។ ប្រហែលជាគ្មាននរណាម្នាក់ផ្សេងទៀតអាចធ្វើវាតាមរបៀបដូចគ្នានោះបានឡើយ ។
( ឌៀថើរ អេហ្វ អុជដូហ្វ « Lift Where You Stand » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៥៦ )