ពេត្រុសទី១ ២-៣
« អ្នករាល់គ្នាជាពូជជ្រើសរើស »
តើអ្នកធ្លាប់ត្រូវបានគេសួរថា ហេតុអ្វីបានជាអ្នកជឿលើសេចក្ដីពិតនៃដំណឹងល្អជាក់លាក់មួយចំនួនដែរឬទេ ? សាវកពេត្រុសបានលើកទឹកចិត្តពួកបរិសុទ្ធឲ្យប្រុងប្រៀបជានិច្ច ដើម្បីថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ហើយរំឭកពួកគេអំពីមរតកដ៏ទេវភាពរបស់ពួកគេ ( សូមមើល ពេត្រុស ទី១ ២:៩ ; ៣:១៥ ) ។ មេរៀននេះអាចជួយអ្នកឲ្យយល់អំពីសារៈសំខាន់នៃការធ្វើជាគំរូដ៏ស្មោះត្រង់អំពីព្រះយេស៊ូវគ្រីស្ទ ហើយផ្តល់ឱកាសដើម្បីអនុវត្តការឆ្លើយតបទៅអ្នកដទៃអំពីសេចក្តីជំនឿរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពាក្យសម្តីដែលពិពណ៌នាអំពីអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ
-
តើមាននរណាម្នាក់ធ្លាប់កត់សម្គាល់ថា អ្នកធ្វើរឿងខុសពីមុន ដោយសារអ្នកជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែរឬទេ ?
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះជាមួយរឿងនេះ ?
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះភាពខុសប្លែកពីមនុស្សជាច្រើនក្នុងពិភពលោកនេះ ?
ពេលអ្នកសិក្សានៅថ្ងៃនេះ សូមសញ្ជឹងគិតពីមូលហេតុ និងរបៀបដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកដើរតាមទ្រង់លេចធ្លោ និងប្លែកពីគេ ។
រាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ
សូមអាន ពេត្រុស ទី១ ២:៩ ដោយរកមើលរបៀបដែលពេត្រុសបានពិពណ៌នាអំពីពួកបរិសុទ្ធនាសម័យរបស់លោក ។
-
តើអ្នកចាប់អារម្មណ៍លើអ្វីខ្លះ ?
-
តើព្រះបន្ទូលទាំងនេះណែនាំអ្វីខ្លះ អំពីព្រះទ័យរបស់ព្រះវរបិតាសួគ៌ចំពោះយើង ?
សព្វថ្ងៃនេះ ពាក្យ កេរ្តិ៍អាករ ច្រើនតែមានន័យថា « ខុសគ្នា » ឬ « ដាច់ដោយឡែក » ។ ទោះជាព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកដើរតាមទ្រង់មានភាពខុសប្លែកពីពិភពលោកនេះក៏ដោយ ក៏នៅសម័យរបស់ពេត្រុស កេរ្តិ៍អាករ អាចមានអត្ថន័យខុសពីនោះ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពាក្យថា កេរ្តិ៍អាករ ត្រូវបានបកប្រែពីភាសាហេព្រើរ ពីពាក្យ segullah ដែលមានន័យថា « ទ្រព្យសម្បត្តិមានតម្លៃ » ឬ « រតនៈសម្បត្តិ » ។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ពាក្យថា កេរ្តិ៍អាករ ត្រូវបានបកប្រែពីភាសាក្រិក មកពីពាក្យ peripoiesis ដែលមានន័យថា « ទ្រព្យសម្បត្តិ » ឬ « ការទទួលបាន » ។
ដូច្នេះ យើងឃើញថា ពាក្យ កេរ្តិ៍អាករ ពីបទគម្ពីរមានន័យថា « ទ្រព្យសម្បត្តិដ៏មានតម្លៃ » « បានបង្កើតឡើង » ឬ « បានជ្រើសរើសដោយព្រះ » ។ សម្រាប់យើងដែលត្រូវបានសម្គាល់ដោយអ្នកបម្រើរបស់ព្រះអម្ចាស់ថា ជារាស្ត្រដ៏ជា កេរ្តិ៍អាករ របស់ទ្រង់ គឺជាការសរសើរនៃលំដាប់ខ្ពស់បំផុត ។
( រ័សុល អិម ណិលសុន « Children of the Covenant » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៣៤ )
-
តើអ្នកមានអារម្មណ៍យ៉ាងណាពេលដឹងថា ព្រះទតឃើញអ្នកជាទ្រព្យសម្បត្តិដ៏ប្លែកពីគេ និងមានតម្លៃ ?
សូមអាន ពេត្រុសទី ១ ២:៩–១២ ដោយស្វែងរកការយល់ដឹងអំពីរបៀបដែលអ្នកអាចខុសពីពិភពលោកនេះ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
យោងតាម ខទី ១២ តើយើងអាចជះឥទ្ធិពលលើអ្នកដទៃយ៉ាងដូចម្ដេច ?
សេចក្តីពិតមួយដែលយើងអាចរកឃើញពីខគម្ពីរទាំងនេះគឺថា ព្រះហៅពួកបរិសុទ្ធរបស់ទ្រង់ឲ្យខុសប្លែកពីពិភពលោក ដូច្នេះអ្នកផ្សេងទៀតអាចមើលឃើញគំរូរបស់ពួកគេ និងសរសើរតម្កើងដល់ព្រះ ។
សូមសញ្ជឹងគិតដោយស្ងៀមស្ងាត់នូវសេចក្តីថ្លែងការណ៍ខាងក្រោម ហើយវាយតម្លៃខ្លួនអ្នកពីលេខ ១ ដល់ ៥ ដែលលេខ ៥ មានន័យថា អ្នកយល់ស្របទាំងស្រុង ។
១. មនុស្សដទៃងាយស្រួលទទួលស្គាល់ថា ខ្ញុំជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ។
២. ក្នុងនាមជាអ្នកដើរតាមព្រះអង្គសង្គ្រោះ ខ្ញុំមិនប្រកាន់ទេដែលខ្ញុំខុសប្លែកពីពិភពលោកទាំងមូល ។
-
ហេតុអ្វីពេលខ្លះមានការលំបាកពេលយើងខុសពីមនុស្សជុំវិញខ្លួន ?
-
តើមានរឿងអ្វីខ្លះដែលយើងអាចធ្វើបាន ដើម្បីជួយយើងឲ្យមានអារម្មណ៍ឥតភ័យបារម្ភ ដោយសារតែភាពដោយឡែក និងខុសប្លែកពីពិភពលោក ?
-
តើមានគំរូអ្វីខ្លះពីជីវិតរបស់អ្នក ឬបទគម្ពីរដែលបង្ហាញពីរបៀបដែលភាពខុសប្លែកពីពិភពលោកបានជួយមនុស្សដទៃឲ្យចូលមកកាន់តែជិតព្រះ ?
ប្រសិនបើមាន សូមទស្សនាវីដេអូ « Unto All the World: Despoina’s Story » ( ៣:១២ ) ឬ « Something Different About Us: Example » ( ២:៥១ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ដើម្បីមើលពីរបៀបដែលយុវជនម្នាក់បានជួយអ្នកដទៃឲ្យខិតមកកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ដោយសារតែភាពខុសប្លែកពីពិភពលោកនេះ ។
ឲ្យប្រុងប្រៀបជានិច្ច
ពេត្រុសបានសរសេរសំបុត្ររបស់លោកអំឡុងពេលនៃការបៀតបៀន និងការក្បត់សាសនាយ៉ាងធ្ងន់ធ្ងរ ។ វាពិបាកណាស់ក្នុងការក្លាយជាគ្រីស្ទានម្នាក់នៅសម័យនោះ ដែលវាពិបាកដូចទៅនឹងអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទនាពេលបច្ចុប្បន្ននេះដូច្នោះដែរ ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចជួយអ្នកដទៃឲ្យមានអារម្មណ៍រីករាយក្នុងការរស់នៅតាមដំណឹងល្អ នៅពេលយើងមានឆន្ទៈចែកចាយអ្វីដែលយើងដឹង និងទទួលអារម្មណ៍ ។ ដោយប្រើសេចក្តីថ្លែងការណ៍ពីរខាងក្រោម សូមវាយតម្លៃការរៀបចំរបស់អ្នកដើម្បីចែកចាយសេចក្តីជំនឿរបស់អ្នកជាមួយអ្នកដទៃ ។ សូមប្រើរង្វាស់ពីលេខ ១ ដល់ ៥ ដដែល ។
១. ខ្ញុំចង់ចែកចាយសេចក្តីជំនឿ និងទីបន្ទាល់របស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។
២. ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំក្នុងការពន្យល់ពីសេចក្តីជំនឿរបស់ខ្ញុំ និងឆ្លើយសំណួរអំពីដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ។
សូមអាន ពេត្រុស ទី១ ៣:១៤–១៥ ដោយរកមើលការទូន្មានរបស់ពេត្រុសស្តីពី ការចែកចាយសេចក្តីជំនឿរបស់យើងជាមួយអ្នកដទៃ ។
-
តើអ្នកនឹងសង្ខេបការបង្រៀនរបស់ពេត្រុសជាពាក្យសម្ដីរបស់អ្នកផ្ទាល់យ៉ាងដូចម្ដេច ?
-
តើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ផ្ដល់ក្ដីសង្ឃឹមដល់យើងយ៉ាងដូចម្ដេច ?
-
តើការប្រុងប្រៀប និងមានឆន្ទៈដើម្បីនិយាយអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ប្រទានពរដល់អ្នកដទៃដោយរបៀបណា ?
វិធីដ៏មានប្រសិទ្ធភាពមួយដើម្បី « ប្រុងប្រៀបជានិច្ច » ( ពេត្រុស ទី១ ៣:១៥ ) គឺគ្រាន់តែអនុវត្តពីរបៀបដែលអ្នកអាចឆ្លើយតបនឹងសំណួរ និងការសង្កេតមើលអាកប្បកិរិយា ជំនឿ ឬសាសនាចក្រផ្ទាល់ ។
ជំហានទី ១ ៖ សូមជ្រើសរើសយ៉ាងហោចណាស់សំណួរពីរខាងក្រោម ដែលអ្នកចាប់អារម្មណ៍ ឬសរសេរសំណួរដែលអ្នកត្រូវបានសួរអំពីសេចក្ដីជំនឿរបស់អ្នកនាពេលថ្មីៗនេះ ។
-
ខ្ញុំបានស្តាប់ឮមនុស្សនិយាយថា « ព្រះយេស៊ូវប្រទានការសង្គ្រោះ » ។ តើឃ្លានោះមានន័យដូចម្តេច ?
-
ហេតុអ្វីសាសនាចក្ររបស់អ្នកប្រឆាំងនឹងការផឹកកាហ្វេ និងតែ ?
-
ហេតុអ្វីអ្នកក្រោកពីព្រលឹម ដើម្បីទៅរៀនថ្នាក់សិក្ខាសាលា ?
-
ហេតុអ្វីព្រះយេស៊ូវគ្រីស្ទខ្វល់ព្រះទ័យចំពោះពាក្យសម្តីដែលយើងនិយាយ ? តើវាធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះ ?
-
ហេតុអ្វីយើងត្រូវរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ? តើថ្ងៃអាទិត្យមិនមែនគ្រាន់តែជាថ្ងៃមួយផ្សេងទៀតទេឬ ?
ជំហានទី ២ ៖ សូមពិចារណាពីរបៀបដែលអ្នកអាចឆ្លើយតបទៅនឹងសំណួរដែលអ្នកបានជ្រើសរើស បន្ទាប់មកបង្កើតការឆ្លើយតបសម្រាប់សំណួរនីមួយៗ ។ សូមរួមបញ្ចូលគំនិតអំពីរបៀបដែលសេចក្តីជំនឿ និងសេចក្តីសង្ឃឹមរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទជះឥទ្ធិពលលើការឆ្លើយតបរបស់អ្នក ។
ជំហានទី ៣ ៖ សូមសរសេរពីមូលហេតុដែលអ្នកមានអារម្មណ៍ថា វាសំខាន់ក្នុងការហ៊ានឡើងការពារ ហើយនិយាយទៅកាន់អ្នកដទៃអំពីសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើអ្នកមានអារម្មណ៍មិនប្រាកដប្រជា សូមពិចារណាដោយអធិស្ឋានអំពីរបៀបដែលអ្នកអាចរៀបចំខ្លួនអ្នកដើម្បីធ្វើដូច្នេះ ។
វិចារណកថា និងព័ត៌មានសាច់រឿង
ពេត្រុស ទី១ ២:៩ ។ តើការបង្រៀនរបស់ពេត្រុសទាក់ទងយ៉ាងណាខ្លះ ទៅនឹងសមាជិកសាសនាចក្រក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើង ?
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បានចែកចាយពីរបៀបដែលការបង្រៀនរបស់ពេត្រុសទាក់ទងនឹងសមាជិកសាសនាចក្រក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើង ។ សូមមើល « A Chosen Generation » មាននៅគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ១៣:៤៧–១៧:៣៧ ។
ស៊ីស្ទើរ បែកឃី ក្រាវីន ក្នុងគណៈប្រធានយុវនារីទូទៅបានបង្រៀន ៖
យើងមិនបន្ទាបបទដ្ឋានរបស់យើងឲ្យត្រូវតាម ឬធ្វើឲ្យអ្នកដទៃមានអារម្មណ៍កក់ក្តៅនោះទេ ។ យើងគឺជាសិស្សនៃព្រះយេស៊ូវគ្រីស្ទ ដូច្នេះហើយយើងគិតតែពីការលើកកម្ពស់អ្នកដទៃ លើកពួកគេឡើងទៅទីខ្ពស់ជាង ជាកន្លែងកាន់តែបរិសុទ្ធដែលពួកគេអាចទទួលបាននូវពរជ័យធំធេងផងដែរ ។ …
តើអ្នកដទៃអាចងាយមើលឃើញរូបភាពរបស់ទ្រង់នៅលើទឹកមុខរបស់យើង ហើយដឹងថា យើងតំណាងឲ្យនរណា តាមរបៀបដែលយើងដឹកនាំជីវិតរបស់យើងដោយប្រុងប្រយ័ត្នដែរឬទេ ?
ក្នុងនាមជារាស្ត្រនៃសេចក្ដីសញ្ញា យើងមិនត្រូវលាយឡំនឹងមនុស្សដទៃឡើយ ។ យើងត្រូវបានហៅថា « រាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ » ( ពេត្រុស ទី១ ២:៩ )—នេះគឺជាការសរសើរដ៏ធំមួយ ! កាលដែលឥទ្ធិពលនៃពិភពលោកកាន់តែឱបក្រសោបអំពើអាក្រក់ នោះយើងត្រូវតែខិតខំដោយឧស្សាហ៍ ដើម្បីរឹងមាំនៅលើផ្លូវដែលនាំយើងទៅកាន់ព្រះអង្គសង្គ្រោះរបស់យើងដោយសុវត្ថិភាព ដោយពង្រីកគម្លាតរវាងការរស់នៅជាមួយសេចក្ដីសញ្ញា និងឥទ្ធិពលនៃលោកិយ ។
( បែកឃី ក្រាវីន « Careful versus Casual » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០ )
តើខ្ញុំអាចប្រុងប្រៀបខ្លួន និងឆ្លើយតបដោយរបៀបណាឲ្យមានប្រសិទ្ធភាពពេលមានគេសួរអំពីជំនឿរបស់ខ្ញុំ ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ អ្នករាល់គ្នាអាចរស់នៅស្របតាមការបង្រៀនរបស់ទ្រង់ ។ អ្នកអាចមាន « ចិត្តបរិសុទ្ធ និងដៃស្អាតស្អំ » អ្នកអាចមាន « រូបព្រះដែលឆ្លាក់នៅលើ [ ទឹកមុខ ] របស់អ្នក » ។ អំពើល្អរបស់អ្នកនឹងបង្ហាញឲ្យឃើញដល់អ្នកដទៃ ។ ពន្លឺនៃព្រះអម្ចាស់អាចភ្លឺចេញពីភ្នែករបស់អ្នក ។ ជាមួយនឹងរស្មីនោះ អ្នកបានរៀបចំខ្លួនបានប្រសើរជាងមុនសម្រាប់សំណួរទាំងនោះ ។ សាវកពេត្រុសបានទូន្មានថា ៖ « ចូរប្រុងប្រៀបជានិច្ច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា » ( ពេត្រុស ទី១ ៣:១៥ ) ។
សូមឲ្យការឆ្លើយតបរបស់អ្នកមានភាពកក់ក្តៅ និងរីករាយ ។ ហើយអនុញ្ញាតឲ្យការឆ្លើយតបរបស់អ្នកទាក់ទងនឹងបុគ្គលនោះ ។ សូមចាំថា គាត់គឺជាបុត្ររបស់ព្រះផងដែរ ដែលព្រះពិតជាសព្វព្រះទ័យឲ្យបុគ្គលនោះមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ហើយត្រឡប់ទៅរកទ្រង់វិញនៅថ្ងៃណាមួយ ។ អ្នកអាចជាមនុស្សម្នាក់ដែលបើកទ្វារទៅកាន់សេចក្ដីសង្គ្រោះ និងការយល់ដឹងអំពីគោលលទ្ធិនៃព្រះគ្រីស្ទរបស់គាត់ ។
( រ័សុល អិម ណិលសុន « Be Thou an Example of the Believers » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៤៨ )
ចុះមានអ្វីកើតឡើង ប្រសិនបើខ្ញុំអៀនខ្មាសក្នុងការការពារសេចក្ដីជំនឿរបស់ខ្ញុំ ?
នៅក្នុងវីដេអូ « Dare to Stand Alone » ( ៤:២០ ) មាននៅគេហទំព័រ ChurchofJesusChrist.org នោះប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) ចែកចាយដំណើររឿងមួយពីការហ្វឹកហ្វឺនយោធារបស់លោក អំពីការមានភាពក្លាហានដើម្បីក្រោកឈរការពារជំនឿរបស់លោក សូម្បីតែ នៅពេលលោកមានអារម្មណ៍ថា មានតែម្នាក់ឯងក៏ដោយ ។