ពេត្រុស ទី១ ៣:១៨–២២; ៤:១–៦
កិច្ចការនៃសេចក្ដីសង្គ្រោះសម្រាប់មរណជន
តើនឹងមានអ្វីកើតឡើងចំពោះកូនចៅរបស់ព្រះវរបិតាសួគ៌រាប់ពាន់លាននាក់ដែលបានរស់នៅ និងចែកឋានដោយគ្មានឱកាសបានឮអំពីព្រះយេស៊ូវគ្រីស្ទ ឬទទួលយកពិធីបរិសុទ្ធដែលមានសិទ្ធិអំណាចក្នុងព្រះនាមទ្រង់ ? សាវកពេត្រុសបានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទបានផ្សាយដំណឹងល្អនៅក្នុងពិភពវិញ្ញាណបន្ទាប់ពីការសុគតរបស់ទ្រង់ ដោយធ្វើឲ្យពរជ័យនៃដំណឹងល្អមានដល់កូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌ ។ មេរៀននេះនឹងជួយអ្នកឲ្យស្វែងរកវិធីដើម្បីជួយព្រះអង្គសង្គ្រោះក្នុងកិច្ចការរបស់ទ្រង់ក្នុងការប្រោសលោះមរណជន ។
សកម្មភាពរៀនសូត្រដែលអាចមាន
សំណួរដែលងឿងឆ្ងល់
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖
ពួកសាសនវិទូ [ អ្នកប្រាជ្ញ ] ជាគ្រីស្ទសាសនា មានចម្ងល់ជាយូរមកហើយចំពោះសំណួរថា តើជោគវាសនានៃមនុស្សរាប់ពាន់លាននាក់ដែលបានរស់នៅ ហើយបានស្លាប់ដោយគ្មានចំណេះដឹងអំពីព្រះយេស៊ូវនឹងទៅជាយ៉ាងណា ?
(ឌី ថត គ្រីស្តូហ្វឺសិន « The Redemption of the Dead and the Testimony of Jesus » Ensign ខែ វិច្ឆិកា ឆ្នាំ២០០០ ទំព័រ ៩ )
-
តើអ្នកអាចឆ្លើយតបទៅនរណាម្នាក់ដែលសួរអ្នកនូវសំណួរនេះដោយរបៀបណា ?
អែលឌើរ គ្រីស្តូហ្វឺសិន បានបន្ដ ៖
ជាមួយនឹងការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបានមាននូវការយល់ដឹងអំពីរបៀបដែលមរណជនពុំបានជ្រមុជទឹក ត្រូវបានប្រោសលោះ និងរបៀបដែលព្រះអាចជាព្រះ « ដ៏ល្អឥតខ្ចោះ ហើយត្រឹមត្រូវ និងជាព្រះដែលប្រកបដោយសេចក្ដីមេត្តាករុណាផង » [ អាលម៉ា ៤២:១៥ ] ។
( ឌី ថត គ្រីស្តូហ្វឺសិន « The Redemption of the Dead and the Testimony of Jesus » ទំព័រ ៩ )
ព្រះអង្គសង្គ្រោះនៅក្នុងពិភពវិញ្ញាណ
ខណៈដែលចំណេះដឹងអំពីសេចក្ដីសង្គ្រោះសម្រាប់មរណជនត្រូវបានស្ដារឡើងវិញតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ព្រះគម្ពីរប៊ីបមានវគ្គបទគម្ពីរដែលបង្ហាញយើងថាសេចក្ដីពិតទាំងនោះត្រូវបានយល់ និងបង្រៀនដោយសាវកជំនាន់ដើម ។ ឧទាហរណ៍ សាវកពេត្រុសបានបង្រៀនអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់មនុស្សដែលបានស្លាប់ដោយគ្មានចំណេះដឹងអំពីដំណឹងល្អ ។
សូមអាន ពេត្រុស ទី១ ៣:១៨–២០ ; ៤:៦ ដើម្បីមើលពីអ្វីដែលពេត្រុសបានបង្រៀនអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានបន្តកិច្ចការរបស់ទ្រង់ដើម្បីសង្គ្រោះកូនចៅរបស់ព្រះវរបិតាសួគ៌យើង សូម្បីតែក្រោយការសុគតរបស់ទ្រង់ក៏ដោយ ។ សូមសម្គាល់ពីរបៀបដែលខគម្ពីរទាំងនេះខុសគ្នានៅក្នុងការបកប្រែដោយយ៉ូសែប ស្ម៊ីធ ( សូមមើល 1 Peter 3:20 , footnote a និង 1 Peter 4:6 , footnote a ) ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីការបម្រើរបស់ព្រះអង្គសង្គ្រោះនៅក្នុងពិភពវិញ្ញាណ ?
-
យោងតាម ពេត្រុស ទី១ ៤:៦ ហេតុអ្វីដំណឹងល្អត្រូវផ្សព្វផ្សាយដល់មរណជនដូច្នេះ ?
-
តើគោលលទ្ធិនៃសេចក្ដីសង្គ្រោះសម្រាប់មរណជនបង្ហាញសេចក្ដីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះចំពោះកូនចៅទ្រង់ដោយរបៀបណា ?
វិវរណៈសម័យទំនើបអំពីពិភពវិញ្ញាណ
វិវរណៈសម័យទំនើបអាចជួយយើងរៀនបន្ថែមទៀតអំពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើ កាលទ្រង់គង់នៅក្នុងពិភពវិញ្ញាណ ។
នៅពេលប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ( ឆ្នាំ ១៨៣៨–១៩១៨ ) អាន និងសញ្ជឹងគិតពីខគម្ពីរដូចគ្នានេះនៅក្នុង ពេត្រុសទី១ លោកបានទទួលការនិមិត្តមួយអំពីការបម្រើរបស់ព្រះអង្គសង្គ្រោះក្នុងចំណោមមរណជន ។ វិវរណៈនេះត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨ ហើយរួមបញ្ចូលទាំងសេចក្ដីលម្អិតដែលសមាជិកសាសនាចក្រមិនធ្លាប់ស្គាល់ពីមុនមក ។ សូមពិចារណាពីការសរសេរសេចក្តីយោងឆ្លង ឬភ្ជាប់ ពេត្រុស ទី១ ៤:៦ ទៅនឹង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨ នៅក្នុងព្រះគម្ពីររបស់អ្នក ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:២៩–៣៤, ៥៧–៥៨ ដោយស្វែងរកការយល់ដឹងបន្ថែមអំពីការងារបម្រើរបស់ព្រះអង្គសង្គ្រោះនៅក្នុងពិភពវិញ្ញាណ ។
-
តើអ្នកបានរៀនអ្វីខ្លះពីការសិក្សារបស់អ្នកអំពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨ ដែលអ្នកមានអារម្មណ៍ថាសំខាន់ជាពិសេស ? ហេតុអ្វី ?
-
តើការយល់ដឹងអំពីអ្វីដែលកើតឡើងនៅក្នុងពិភពវិញ្ញាណអាចមានឥទ្ធិពលលើបទពិសោធន៍របស់អ្នកក្នុងការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិយ៉ាងដូចម្តេច ?
-
តើមានភស្ដុតាងនៃសេចក្ដីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះអ្វី ដែលអ្នកបានឃើញនៅក្នុងខគម្ពីរទាំងនេះ ?
ការទទួលខុសត្រូវរបស់យើង
អែលឌើរ ឌេល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពីទំនួលខុសត្រូវដែលយើងត្រូវជួយព្រះអង្គសង្គ្រោះនៅក្នុងកិច្ចការរបស់ទ្រង់ក្នុងការប្រោសលោះមរណជន ។ អ្នកអាចចង់មើលវីដេអូ « Family History and Temple Work: Sealing and Healing » ដែលមានទីតាំងនៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៣:០១ ដល់ ៣:៤៧ ឬអានសេចក្តីថ្លែងការណ៍ដូចខាងក្រោម ៖
ក្នុងនាមជាសមាជិកសាសនាចក្រ យើងមានការទទួលខុសត្រូវដែលព្រះចាត់តាំងឲ្យស្វែងរកជីដូនជីតា ហើយចងក្រងពង្សប្រវត្តិរបស់យើង ។ កិច្ចការនេះគឺលើសពីការកម្សាន្តដែលត្រូវបានលើកទឹកចិត្តឲ្យធ្វើទៅទៀត ដោយសារពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះគឺចាំបាច់សម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះ ។ យើងត្រូវតែស្វែងរកជីដូនជីតាផ្ទាល់ខ្លួនយើង ដែលបានចែកឋានទៅដោយពុំបានទទួលពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះ ។ យើងអាចធ្វើពិធីបរិសុទ្ធជំនួសនៅក្នុងព្រះវិហារបរិសុទ្ធ ហើយជីដូនជីតាយើងអាចជ្រើសរើសដើម្បីទទួលយកពិធីបរិសុទ្ធទាំងនោះ ។ យើងក៏ត្រូវបានលើកទឹកចិត្តឲ្យជួយសមាជិកវួដ និងស្តេកជាមួយឈ្មោះគ្រួសារពួកគេផងដែរ ។ វាគឺជាកិច្ចការដ៏អស្ចារ្យណាស់ព្រោះ តាមរយៈពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធ នោះយើងអាចជួយប្រោសលោះដល់មរណជន ។
( ឌេល ជី រេនឡាន់ « Family History and Temple Work: Sealing and Healing » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៤៦–៤៧ )
-
តើការចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ជះឥទ្ធិពលដល់ជីវិតអ្នក ឬជីវិតអ្នកដទៃយ៉ាងដូចម្ដេច ? ប្រសិនបើអ្នកមិនទាន់បានចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធទេ តើអ្នកគិតថាវាអាចប៉ះពាល់ដល់ជីវិតរបស់អ្នកយ៉ាងដូចម្តេច ?
-
សូមចូលទៅកាន់គេហទំព័រ FamilySearch.org ឬប្រើ មែកធាងគ្រួសារកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។ សូមរកមើលថាតើអ្នកអាចស្វែងរកឈ្មោះបុព្វការីជនដែលនៅតែត្រូវការទទួលពិធីបរិសុទ្ធនៃបព្វជិតភាពដែរឬទេ ។ អ្នកអាចរក្សាឈ្មោះទាំងនេះ ហើយយកវាទៅព្រះវិហារបរិសុទ្ធដោយខ្លួនឯង ឬដាក់ឈ្មោះពួកលោកទៅក្នុងព្រះវិហារបរិសុទ្ធ ដើម្បីឲ្យអ្នកផ្សេងអាចធ្វើពិធីបរិសុទ្ធសម្រាប់ពួកគាត់ ។ មុខងាររៀបចំពិធីបរិសុទ្ធអាចត្រូវបានប្រើដើម្បីជួយអ្នកស្វែងរកជីដូនជីតាដែលត្រូវការពិធីបរិសុទ្ធបព្វជិតភាពបានយ៉ាងឆាប់រហ័ស ។ ( សម្រាប់ការណែនាំអំពីរបៀបប្រើមុខងារនេះ សូមមើល « Family Tree App: Ordinances Ready » New Era មករាឆ្នាំ ២០១៩ ទំព័រ ៤៥ ) ។
-
សូមចូលទៅកាន់ផ្នែក « Family History » នៅក្នុងGospel Topics ( នៅលើគេហទំព័រtopics.ChurchofJesusChrist.org ) ដើម្បីស្វែងរកការពន្យល់ ព្រះគម្ពីរ សារសន្និសីទទូទៅ និងវីដេអូអំពីពង្សប្រវត្តិ ។
-
សូមចូលទៅកាន់កម្រងវីដេអូ « Family History » នៅក្នុងបណ្ណាល័យប្រព័ន្ធផ្សព្វផ្សាយ ( ដែលមាននៅលើគេហទំព័រ videos.ChurchofJesusChrist.org ) ដើម្បីស្វែងរកវីដេអូបំផុសគំនិតអំពីការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ។
-
សូមធ្វើបញ្ជីសំណួរអំពីជីដូនជីតារបស់អ្នក ដែលអ្នកអាចសួរឪពុកម្តាយ ឬសាច់ញាតិផ្សេងទៀត ។ នៅពេលវេលាសមស្រប សូមសួរសំណួររបស់អ្នក ហើយពិភាក្សាអំពីរបៀបដែលគ្រួសាររបស់អ្នកអាចចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិជាមួយគ្នា ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើអ្វីទៅជាទំនួលខុសត្រូវរបស់ខ្ញុំចំពោះបុព្វការីជនដែលបានចែកឋាន ?
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
គោលលទ្ធិនៃគ្រួសារដែលទាក់ទងនឹងពង្សប្រវត្តិ និង កិច្ចការព្រះវិហារបរិសុទ្ធ មានភាពច្បាស់លាស់ ។ នៅក្នុងការណែនាំដំបូង ដែលព្រះអម្ចាស់បានលើកឡើងពី « បុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់របស់អ្នក » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:៥ បានគូសបញ្ជាក់បន្ថែម ] ។ ជាកាតព្វកិច្ចខាងគោលលទ្ធិរបស់យើងគឺ មានចំពោះជីដូនជីតារបស់យើងផ្ទាល់ ។ ការណ៍នេះដោយសារតែអង្គការសេឡេស្ទាលនៃស្ថានសួគ៌ គឺផ្អែកលើក្រុមគ្រួសារ ។ គណៈប្រធានទីមួយបានលើកទឹកចិត្តសមាជិក ជាពិសេសយុវវ័យ និងយុវមជ្ឈិមវ័យនៅលីវឲ្យផ្ដោតសំខាន់លើកិច្ចការពង្សប្រវត្តិ និងពិធីបរិសុទ្ធសម្រាប់ឈ្មោះគ្រួសារពួកគេ ឬឈ្មោះជីដូនជីតានៃសមាជិកក្នុងវួដ ឬស្តេកពួកគេ ។ យើងត្រូវតភ្ជាប់ទាំងឫសគល់ និងមែករបស់យើង ។
( ឃ្វីនថិន អិល ឃុក « Roots and Branches » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៥ )
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ១៩២៧–២០១៨ ) បានបង្រៀន ៖
បើតាមខ្ញុំដឹង គឺថាព្រះអម្ចាស់ពុំធ្លាប់បង្ហាញថា កិច្ចការរបស់ទ្រង់ត្រូវបានបង្ខាំងដោយជីវិតរមែងស្លាប់ឡើយ ។ ផ្ទុយទៅវិញ កិច្ចការរបស់ទ្រង់មានដល់ភាពដ៏នៅអស់កល្បជានិច្ច ។ ខ្ញុំជឿថា ទ្រង់កំពុងពន្លឿនកិច្ចការរបស់ទ្រង់នៅក្នុងពិភពវិញ្ញាណ ។ ខ្ញុំក៏ជឿផងដែរថា ព្រះអម្ចាស់កំពុងរៀបចំវិញ្ញាណជាច្រើនឲ្យទទួលយកដំណឹងល្អតាមរយៈពួកអ្នកបម្រើរបស់ទ្រង់នៅទីនោះ ។ កិច្ចការរបស់យើងគឺត្រូវស្វែងរកដូនតារបស់យើងដែលបានចែកឋានទៅ រួចហើយទៅព្រះវិហារបរិសុទ្ធ ហើយធ្វើពិធីការពិសិដ្ឋដែលនាំឲ្យអ្នកដែលនៅផ្នែកម្ខាងទៀតនៃវាំននមានឱកាសដូចជាយើងដែរ ។…
បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់នឹងប្រទានពរដល់យើង ពេលយើងទទួលយក ហើយឆ្លើយតបចំពោះបញ្ហាប្រឈមនេះ ។
( ថូម៉ាស អេស ម៉នសុន « Hastening the Work » Ensign ខែ មិថុនា ឆ្នាំ ២០១៤ ទំព័រ ៤–៥ )
តើខ្ញុំអាចចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិដោយរបៀបណា ?
ដើម្បីមើលអ្វីដែលអែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បង្រៀនអំពីកិច្ចការដ៏សំខាន់នេះ សូមមើល « The Time Is Now » ( ៣:១៩ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។
ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា ៖
រាល់ពេល ដែលប្អូនៗធ្វើ អ្វីមួយ ដើម្បីជួយនរណាម្នាក់ ដែលនៅទាំងសង្ខាងនៃវាំងនន—បោះជំហានទៅធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ ហើយទទួលពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក និងព្រះវិហារបរិសុទ្ធដ៏សំខាន់របស់ពួកគេ នោះប្អូនៗកំពុងជួយប្រមូលអ៊ីស្រាអែលហើយ ។ គឺវាសាមញ្ញអញ្ចឹង ។
( ប្រធាន រ័សុល អិម ណិលសុន និងវិនឌី ដបុលយូ ណិលសុន « សង្ឃឹមនៃអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានសម្រាប់យុវវ័យទូទាំងពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែមទៅនឹង New Era និង Ensign ទំព័រ ១៥ នៅលើគេហទំព័រ ChurchofJesusChrist.org )
តើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិអាចផ្តល់ពរដល់ខ្ញុំដោយរបៀបណា ?
នៅក្នុងសារលិខិតសន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០១៨ របស់គាត់ អែលឌើរ ឌេល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានរាយបញ្ជីពរជ័យជាច្រើនដែលយើងអាចទទួលបានពីការចូលរួមក្នុងព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ។ សូមមើលការដកស្រង់នេះ ឬអានសារទាំងមូល ( ឌេល ជី រេនឡាន់ « Family History and Temple Work: Sealing and Healing » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៤៦–៤៩ ) ។
សូមមើល « Redeeming the Dead Redeemed Me » ( ៤:៥៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីមើលពីរបៀបដែលបុរសម្នាក់ត្រូវបានប្រទានពរដោយការចូលរួមក្នុងកិច្ចការនេះ ។