ថែស្សាឡូនីចទី១ ១–៣
ការដើរតាមព្រះយេស៊ូវគ្រីស្ទ ដោយធ្វើការងារបម្រើក្នុងសេចក្ដីស្រឡាញ់
តើនៅពេលណាដែលការបម្រើរបស់នរណាម្នាក់បានរំឭកអ្នកអំពីព្រះយេស៊ូវគ្រីស្ទ ? ប៉ុល និងដៃគូរបស់លោក បានធ្វើការងារបម្រើតាមរបៀបដូចព្រះគ្រីស្ទចំពោះពួកបរិសុទ្ធនៅក្រុងថែស្សាឡូនីច ដោយបំផុសគំនិតពួកគេឲ្យបន្តរស់នៅតាមដំណឹងល្អដោយស្មោះត្រង់ ទោះបីជាប្រឈមមុខនឹងការបៀតបៀនក៏ដោយ ។ មេរៀននេះអាចជួយអ្នកឲ្យផ្ដល់ពរជ័យ និងធ្វើឲ្យមានឥទ្ធិពលដល់អ្នកដទៃ នៅពេលអ្នកខិតខំធ្វើការងារបម្រើដូចព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់យើងបានធ្វើ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គំរូរបស់ព្រះយេស៊ូវគ្រីស្ទ
សូមក្រឡេកមើលរូបភាពនៃព្រះយេស៊ូវគ្រីស្ទ ទាំងនេះឬគិតអំពីដំណើររឿងព្រះគម្ពីរផ្សេងទៀតនៃការប្រាស្រ័យទាក់ទងរបស់ទ្រង់ជាមួយអ្នកដទៃ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរពាក្យ និងឃ្លាដែលពិពណ៌នាអំពីអ្វីដែលព្រះអង្គសង្គ្រោះកំពុងធ្វើសម្រាប់បុគ្គលដែលទ្រង់ប្រាស្រ័យទាក់ទងជាមួយ ។
-
ប្រសិនបើអ្នកជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលដែលនៅជាមួយព្រះអង្គសង្គ្រោះ តើអ្នកគិតថាអ្នកនឹងមានអារម្មណ៍បែបណាដោយសារទង្វើរបស់ព្រះអង្គសង្គ្រោះ ? ហេតុអ្វី ?
-
សូមសម្លឹងមើលបញ្ជីដែលអ្នកបានបង្កើត តើពាក្យ ឬឃ្លាមួយណាដែលអ្នកចង់អនុវត្តនៅពេលបម្រើអ្នកដទៃ ? ( អ្នកអាចនឹងចង់គូសសម្គាល់ ឬរំលេចពាក្យដែលមានអត្ថន័យបំផុតចំពោះអ្នក ។ )
នៅក្នុងសាសនាចក្រ យើងច្រើនតែសំដៅទៅលើសកម្មភាពដូចជា ការងារបម្រើ ។
បងប្រុស ដេវីឌ អិល បែក អតីតប្រធានក្រុមយុវជនទូទៅបានបង្រៀន ៖
ដើម្បីបម្រើមានន័យថា ស្រឡាញ់ និង ថែទាំអ្នកដទៃ ។ វាមានន័យថា យកចិត្តទុកដាក់លើសេចក្តីត្រូវការខាងវិញ្ញាណ និង ខាងសាច់ឈាមរបស់ពួកគេ ។ ដោយឲ្យសាមញ្ញវាមានន័យថាធ្វើនូវអ្វីដែលព្រះអង្គសង្គ្រោះនឹងធ្វើ បើទ្រង់គង់នៅទីនេះ ។
( ដេវីឌ អិល បែក « Your Sacred Duty to Minister » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៥៦ )
-
នៅក្នុងសេចក្ដីថ្លែងការណ៍របស់បងប្រុស បែក តើមានអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ ?
-
សូមពិចារណាសេចក្តីថ្លែងការណ៍របស់បងប្រុស បែក និងពាក្យដែលអ្នកបានគូសចំណាំនៅលើបញ្ជីរបស់អ្នក តើអ្នកគិតថាអ្នកកំពុងបម្រើអ្នកដទៃបានល្អប៉ុណ្ណា ?
អ្នកអាចមានចម្ងល់ ឬកង្វល់អំពីការបម្រើដល់អ្នកដទៃ ។ សូមពិចារណាកត់ត្រាវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយស្វែងរកចម្លើយ នៅពេលអ្នកសិក្សា ថែស្សាឡូនីច ទី១ ១–៣ ថ្ងៃនេះ ។ អ្នកក៏ប្រហែលជាចង់អញ្ជើញព្រះវិញ្ញាណឲ្យជួយអ្នកស្វែងរកវិធីដែលអ្នកអាចផ្ដល់ពរ និងជះឥទ្ធិពលដល់អ្នកដទៃ នៅពេលអ្នកខិតខំធ្វើការងារបម្រើដូចព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់យើងបានធ្វើដែរ ។ សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៏របស់អ្នក ដូច្នេះអ្នកអាចធ្វើសកម្មភាពដោយការអធិស្ឋាន ។
ប៉ុលបម្រើដល់សាសន៍ថែស្សាឡូនីច
ក្នុងអំឡុងដំណើរផ្សព្វផ្សាយសាសនាលើកទីពីររបស់លោក សាវកប៉ុល និងដៃគូរបស់លោកបានរកឃើញជោគជ័យក្នុងការផ្សព្វផ្សាយដល់ប្រជាជននៅក្រុងថែស្សាឡូនីច ប៉ុន្តែថ្នាក់ដឹកនាំសាសន៍យូដាបានបង្ខំពួកគេឲ្យចេញពីទីក្រុង ( សូមមើល កិច្ចការ ១៧:១–៩ ) ។ ក្រោយមក ប៉ុលបានរៀនថា ពួកបរិសុទ្ធនៅក្រុងថែស្សាឡូនីចនៅតែស្មោះត្រង់ ហើយកំពុងចែកចាយសារលិខិតនៃដំណឹងល្អ ទោះបីជាពួកគេជួបប្រទះនឹងការបៀតបៀនដោយសារការធ្វើដូច្នេះក៏ដោយ ( សូមមើល ថែស្សាឡូនីច ទី១ ១:៦–៨ ) ។ ដោយមានការដឹងគុណចំពោះសេចក្តីជំនឿ និងក្តីសង្ឃឹមរបស់ពួកគេនៅក្នុងព្រះយេស៊ូវគ្រីស្ទ ប៉ុលបានសរសេរសំបុត្រដំបូងរបស់លោកទៅកាន់ពួកថែស្សាឡូនីច ( សូមមើល ថែស្សាឡូនីច ទី១ ១:២–៣ ) ។
សូមអាន ថែស្សាឡូនីច ទី១ ២:៧–១៤ ៣:៩–១៣ ដោយប្រុងប្រយ័ត្ន ។ អ្នកអាចនឹងចង់គូសចំណាំពាក្យ និងឃ្លាដែលអ្នករកឃើញដែលរំឭកអ្នកអំពីសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ដែលព្រះអង្គសង្គ្រោះបានប្រទានឲ្យ ។ សូមពិចារណាបន្ថែមការយល់ឃើញរបស់អ្នកទៅក្នុងបញ្ជីរបស់អ្នក ។
-
តើប៉ុល និងអ្នកដទៃទៀតបានបម្រើដូចព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
-
តើជីវិតរបស់អ្នកនឹងទទួលបានពរជ័យយ៉ាងដូចម្ដេចដោយការបម្រើដល់អ្នកដទៃដូចជាព្រះយេស៊ូវគ្រីស្ទបានធ្វើ ? តើវានឹងប្រទានពរដល់ជីវិតរបស់មនុស្សដែលអ្នកបានបម្រើយ៉ាងដូចម្ដេច ?
ពរជ័យនៃការងារបម្រើ
សេចក្តីពិតមួយដែលយើងអាចរៀនអំពីការបម្រើ ពីខគម្ពីរទាំងនេះគឺថា នៅពេលយើងបម្រើដល់អ្នកដទៃដោយសេចក្ដីស្រឡាញ់ នោះយើងអាចជួយពួកគេឲ្យក្លាយជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរ ( សូមមើល ថែស្សាឡូនីច ទី១ ២:១០–១៤ ) ។
សូមគិតអំពីគ្រាមួយ នៅពេលនរណាម្នាក់បានធ្វើការងារបម្រើប្រកបដោយសេចក្ដីស្រលាញ់ចំពោះអ្នក ។
-
តើបុគ្គលនេះធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទដូចម្តេចនៅពេលពួកគេបម្រើអ្នក ?
-
តើកិច្ចខិតខំរបស់បុគ្គលនេះបានជួយអ្នកឲ្យក្លាយជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទដ៏ប្រសើរដោយរបៀបណា ?
ការងារបម្រើក្នុងសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់
ជួនកាល ការចាត់តាំងរបស់សាសនាចក្រនឹងផ្តល់ឲ្យអ្នកនូវឱកាសជាផ្លូវការដើម្បីធ្វើការងារបម្រើ ។ អ្នកនឹងមានឱកាសផ្តល់ការបម្រើក្នុងអំឡុងពេលទំនាក់ទំនងប្រចាំថ្ងៃជាមួយសមាជិកគ្រួសារ មិត្តភក្តិ និងអ្នកដទៃកាន់តែញឹកញាប់ ។
ប្រធាន ជីន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅ បានចែកចាយគំនិតមួយចំនួនអំពីរបៀបធ្វើការងារបម្រើដូចជាព្រះយេស៊ូវគ្រីស្ទបានធ្វើ ។ សូមមើលវីដេអូ « Ministering as the Savior Does » ចាប់ពីលេខកូដម៉ោង ០:៤៥ ដល់ ១:៥៤ ឬអានប្រសាសន៍របស់ប្រធាន ប៊ីងហាំ ។ អ្នកប្រហែលជាចង់បន្ថែមការផ្ដល់យោបល់ខ្លះរបស់គាត់ទៅក្នុងបញ្ជីការងារបម្រើរបស់អ្នក ។
ពេលខ្លះ យើងគិតថាយើងត្រូវធ្វើអ្វីមួយធំដុំ និងជាវីរជន « ដើម្បីរាប់ថា » ជាការបម្រើដល់អ្នកជិតខាងរបស់យើង ។ ប៉ុន្ដែទង្វើសាមញ្ញៗនៃការបម្រើអាចមានឥទ្ធិពលដ៏ខ្លាំងទៅលើអ្នកដទៃ—ក៏ដូចជាខ្លួនយើងផងដែរ ។ តើព្រះអង្គសង្គ្រោះបានធ្វើអ្វីខ្លះ ? តាមរយៈអំណោយទាននៃដង្វាយធួន និងការរស់ឡើងវិញដ៏អស្ចារ្យរបស់ទ្រង់… « សូម្បីតែមួយក៏គ្មានសោះដែលឥទ្ធិពលដ៏ជ្រាលជ្រៅទៅ [ លើ ] អស់ទាំងមនុស្សដែលបានរស់នៅ ហើយដែលនឹងរស់នៅលើផែនដីនៅអនាគតកាល » [ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » មាននៅលើគេហទំព័រ ChurchofJesusChrist.org ] ។ ប៉ុន្តែទ្រង់បានញញឹម មានបន្ទូល យាងជាមួយ ស្ដាប់ ចំណាយពេល លើកទឹកចិត្ត បង្រៀន ប្រទានអាហារ និងអភ័យទោស ។ ទ្រង់បានបម្រើដល់គ្រួសារ និងមិត្តភក្ដិ អ្នកជិតខាង និងមនុស្សប្លែកមុខ ហើយទ្រង់បានអញ្ជើញអ្នកដែលស្គាល់ និងមនុស្សជាទីស្រឡាញ់ឲ្យរីករាយនឹងពរជ័យដ៏បរិបូរនៃដំណឹងល្អរបស់ទ្រង់ ។ ទង្វើរនៃការបម្រើ « សាមញ្ញៗ » ទាំងនោះ និងសេចក្ដីស្រឡាញ់ផ្ដល់ជាគំរូសម្រាប់ការបម្រើរបស់យើងសព្វថ្ងៃនេះ ។
( ជីន ប៊ី ប៊ីងហាំ « Ministering as the Savior Does » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៤ )
-
តើប្រសាសន៍របស់ស៊ីស្ទើរ ប៊ីងហាំ បង្រៀនអ្នកអ្វីខ្លះអំពីការងារបម្រើដូចព្រះយេស៊ូវគ្រីស្ទបានធ្វើ ?
-
ហេតុអ្វីបានជាវាសំខាន់ក្នុងការចងចាំថា ការងារបម្រើអាចត្រូវបានសម្រេចតាមរយៈការបម្រើដ៏សាមញ្ញ ?
សូមរំឭកបញ្ជីរបស់អ្នកអំពីអត្ថន័យនៃការងារបម្រើ ហើយបញ្ចូលគំនិតបន្ថែមណាមួយពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ។ សូមកំណត់ពាក្យពីរ ឬបីដែលអាចជួយអ្នកឲ្យកាន់តែដូចព្រះយេស៊ូវគ្រីស្ទនៅពេលអ្នកធ្វើការងារបម្រើ ។
សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ដោយការអធិស្ឋាន ដើម្បីដឹងថាទ្រង់នឹងឲ្យអ្នកបម្រើនរណានៅថ្ងៃនេះ និងរបៀបដែលអ្នកអាចធ្វើដូច្នេះបាន ។ អ្នកប្រហែលជាបានទទួលការបំផុសគំនិតពីព្រះវិញ្ញាណរួចហើយ ដែលអ្នកអាចធ្វើសកម្មភាពបាននៅពេលនេះ ។
ប្រសិនបើឈ្មោះរបស់មនុស្សជាក់លាក់ណាមួយនឹកមិនឃើញក្នុងចិត្តទេ សូមពិចារណាពីការអធិស្ឋានសុំជំនួយពីព្រះវរបិតាសួគ៌ ដើម្បីស្គាល់ឱកាសនៃការងារបម្រើ ហើយធ្វើសកម្មភាពនៅពេលវាកើតឡើង ។ សូមទុកចិត្តថាទ្រង់នឹងដឹកនាំអ្នក ពេលអ្នកខិតខំបម្រើដូចព្រះអង្គសង្គ្រោះបានធ្វើ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
ចុះបើខ្ញុំមិនប្រាកដអំពីរបៀបបម្រើអ្នកដទៃវិញនោះ ?
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចង្អុលបង្ហាញ ៖
មនុស្សម្នាក់ដែលមានចិត្តល្អអាចជួយមនុស្សម្នាក់ប៉ះកង់ឡាន នាំមិត្តរួមបន្ទប់ទៅជួបវេជ្ជបណ្ឌិត ទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងមនុស្សម្នាក់ដែលសោកសៅ ឬញញឹម ហើយនិយាយពាក្យសួស្ដីដែលធ្វើឲ្យគាត់មានភាពរីករាយ ។
ប៉ុន្តែអ្នកដែលធ្វើតាមបទបញ្ញត្តិទីមួយ[ ដែល ត្រូវឲ្យស្រឡាញ់ព្រះឲ្យអស់ពីចិត្តនៃឯង ] នឹងបន្ថែមដោយឯកឯងទៅលើទង្វើនៃការបម្រើដ៏សំខាន់ទាំងនេះ [ ដោយ ]លើកទឹកចិត្តអ្នកដែលកំពុងរក្សាបទបញ្ញត្តិបានល្អ ហើយចែកចាយការទូន្មានឆ្លាតវៃ ដើម្បីពង្រឹងសេចក្តីជំនឿរបស់នរណាម្នាក់ ដែលកំពុងធ្លាក់ ឬអ្នកដែលត្រូវការជំនួយដើម្បីត្រឡប់មកដើរលើផ្លូវដែលធ្លាប់បានដើររួចមកហើយ ។
( នែល អិល អាន់ឌើរសិន « A Holier Approach to Ministering » [ ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨ ] ទំព័រ ៣, គេហទំព័រ speeches.byu.edu )
ប៊ីស្សព ដ័បុលយូ គ្រីស្តូហ្វឺរ វ័ដិល នៃគណៈប៊ីស្សពជាអធិបតីបានថ្លែងថា ៖
យើងអាចឆ្ងល់ថាតើការបម្រើបែបណាឲ្យបានល្អបំផុត តែព្រះអម្ចាស់ទ្រង់ត្រាស់ដឹង ហើយតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ យើងនឹងត្រូវបានដឹកនាំនៅក្នុងកិច្ចខិតខំរបស់យើង … កាលយើងពុះពារប្រែក្លាយជាឧបករណ៍នៅក្នុងព្រះហស្តព្រះអម្ចាស់ដើម្បីផ្ដល់ពរដល់បុត្រទ្រង់ ។ នៅពេលដែលយើងស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ហើយទុកចិត្តលើព្រះអម្ចាស់ នោះយើងនឹងត្រូវបានដាក់នៅក្នុងកាលៈទេសៈ និងស្ថានភាពផ្សេងៗដែលយើងអាចធ្វើសកម្មភាព និងផ្ដល់ពរ—និយាយម្យ៉ាងទៀតគឺ ការងារបម្រើ ។
( ដ័បុលយូ គ្រីស្តូហ្វឺរ វ័ដិល « Just as He Did » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ២១ )
បងប្រុស ដេវីឌ អិល បែក អតីតប្រធានយុវជនទូទៅ បានរំឭកយើងថា ៖
ការបម្រើ គឺមិនត្រឹមតែជាអ្វីដែលធ្វើប៉ុណ្ណោះទេ—វាក៏បង្ហាញថាយើងគឺជានរណាផងដែរ ។
ចូរបម្រើរៀងរាល់ថ្ងៃ ។ ឱកាសជាច្រើនគឺមាននៅជុំវិញអ្នក ។ ចូរស្វែងរកឱកាសទាំងនេះ ។ ចូរទូលសុំព្រះអម្ចាស់ ដើម្បីជួយអ្នកឲ្យរកឃើញឱកាសទាំងនេះ ។ អ្នកនឹងឃើញថា ភាគច្រើន ទង្វើដ៏តូចតាច ហើយស្មោះត្រង់អាចជួយអ្នកដទៃឲ្យក្លាយទៅជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ។
( ដេវីឌ អិល បែក « Your Sacred Duty to Minister » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៥៧ )
សម្រាប់គំនិត ឬឧទាហរណ៍បន្ថែមអំពីការបម្រើ សូមមើលអត្ថបទទាំងពីរនេះពីទស្សនាវដ្ដីសាសនាចក្រ ៖
-
«The Purpose That Will Change Our Ministry » Ensign ខែ មករា ឆ្នាំ ២០១៩ ទំព័រ ៨–១១
-
អេរីក ប៊ី មើដុក « Ministering As the Savior Did » New Era ខែធ្នូ ឆ្នាំ ២០១៨ ទំព័រ ៣២–៣៥
អ្នកក៏ប្រហែលជាចង់មើលទំព័រ « This Is Ministering » មាននៅលើគេហទំព័រChurchofJesusChrist.org ។