កូរិនថូស ទី២ ២
« បានជាស៊ូឲ្យអត់ទោស »
ការអត់ទោសឲ្យអ្នកដទៃអាចជាការពិបាកណាស់ ។ ប៉ុលបានសរសេរទៅពួកបរិសុទ្ធនៅក្រុងកូរិនថូសអំពីការអភ័យទោសដល់អ្នកប្រព្រឹត្តអំពើរំលងក្នុងសហគមន៍របស់ពួកគេ ។ ប៉ុលបានអញ្ជើញពួកគេឲ្យអភ័យទោស ទាំងសម្រាប់ជាសេចក្តីល្អដល់អ្នកដែលត្រូវបានអភ័យទោស ក៏ដូចជាផ្តល់ប្រយោជន៍ដល់អ្នកដែលអភ័យទោសឲ្យគេផ្ទាល់ផងដែរ ។ នៅពេលអ្នកសិក្សា សូមព្យាយាមបង្កើនការយល់ដឹងរបស់អ្នកអំពីសារៈសំខាន់នៃការអភ័យទោស និងបំណងប្រាថ្នារបស់អ្នកក្នុងការអត់ទោសឲ្យអ្នកដទៃ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកនឹងមានប្រតិកម្មយ៉ាងដូចម្ដេច ?
សូមស្រមៃមើលពីរបៀបដែលអ្នក និងអ្នកដទៃនៅជុំវិញអ្នកអាចមានប្រតិកម្មក្នុងស្ថានភាពខាងក្រោម ៖
-
មានសមាជិកម្នាក់នៅក្នុងវួដ ឬសាខារបស់អ្នកត្រូវបានគេដឹងយ៉ាងច្បាស់ថាបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ដូចជាការបំពានច្បាប់ព្រហ្មចារីភាពជាដើម ។
-
មាននរណាម្នាក់នៅក្នុងវួដ ឬសាខារបស់អ្នកបានប្រឆាំងដោយបើកចំហចំពោះថ្នាក់ដឹកនាំសាសនាចក្រ ។
សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
ទោះបីជាមនុស្សនៅក្នុងសាច់រឿងទាំងនេះកំពុងជួបជាមួយថ្នាក់ដឹកនាំសាសនាចក្រ ហើយព្យាយាមប្រែចិត្តជឿក៏ដោយ តើអ្នកដទៃអាចនិយាយអំពីពួកគេ ហើយប្រព្រឹត្តចំពោះពួកគេដោយរបៀបណា ?
-
ហេតុអ្វីបានជាវាពិបាកសម្រាប់មនុស្សមួយចំនួនក្នុងការប្រព្រឹត្តចំពោះពួកគេដោយក្ដីស្រឡាញ់ និងការអភ័យទោស ?
នៅក្នុង កូរិនថូស ទី២ ២ ប៉ុលបានសរសេរអំពីស្ថានភាពស្រដៀងគ្នានេះនៅក្រុងកូរិនថូស នៅពេលមាននរណាម្នាក់បានប្រព្រឹត្តអំពើរំលង ហើយត្រូវបានដាក់វិន័យដោយសមាជិកសាសនាចក្រ ។
សូមសញ្ជឹងគិតពីរបៀបដែលអ្នកនឹងប្រព្រឹត្តចំពោះមនុស្សនៅជុំវិញអ្នក ដែលប្រហែលជាបានប្រព្រឹត្រអំពើរំលង ។ សូមពិចារណាសំណួរខាងក្រោមនេះដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
តើមាននរណាម្នាក់នៅក្នុងជីវិតរបស់អ្នក ដែលប្រហែលជាត្រូវការការអភ័យទោសឬទេ ? តើមាននរណាម្នាក់នៅក្នុងផ្ទះរបស់អ្នក នរណាម្នាក់នៅក្នុងគ្រួសាររបស់អ្នក នរណាម្នាក់នៅជិតខាងរបស់អ្នក ដែលបានប្រព្រឹត្តអំពើអយុត្តិធម៌ ឬគ្មានមេត្តា ឬអសីលធម៌ដែរឬទេ ? យើងទាំងអស់គ្នាមានកំហុសចំពោះអំពើរំលងបែបនេះ ដូច្នេះប្រាកដជាមាននរណាម្នាក់ដែលត្រូវការការអភ័យទោសពីអ្នក ។
( ជែហ្វ្រី អ័រ ហូឡិន « I Stand All Amazed » Ensign ខែ សីហា ឆ្នាំ ១៩៨៦ ទំព័រ ៧២ )
នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីបង្កើនការយល់ដឹងរបស់អ្នកអំពីសារៈសំខាន់នៃការអភ័យទោសដូចព្រះគ្រីស្ទ និងរបៀបដែលអ្នកអាចអភ័យទោសដល់អ្នកដទៃ ។
ប៉ុលបានបង្រៀនអំពីការអភ័យទោស
សូមអាន កូរិនថូស ទី២ ២:៥–១១ ហើយរកមើលថាតើសេចក្ដីពិតអ្វីខ្លះដែលអ្នកអាចស្គាល់នៅក្រោមប្រភេទខាងក្រោមនេះ ៖
តើយើងគួរប្រព្រឹត្តចំពោះបុគ្គលដែលធ្វើឲ្យយើងមានទុក្ខយ៉ាងណា ? |
ហេតុអ្វីបានជាយើងគួរប្រព្រឹត្តចំពោះមនុស្សបែបនេះ ? |
-
តើអ្នកបានរៀនអ្វីខ្លះពីការសិក្សាវគ្គបទគម្ពីរនេះ ?
គោលការណ៍ពីរដែលអ្នកអាចរកឃើញគឺ តាមរយៈព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ យើងអាចអត់ទោស ហើយឈោងទៅជួយអ្នកដទៃដោយសេចក្ដីស្រឡាញ់បាន ហើយ ប្រសិនបើយើងមិនអភ័យទោសដល់អ្នកដទៃទេ នោះសាតាំងមានឱកាសនឹងឈ្នះយើង ។
-
តើគំរូអ្វីខ្លះដែលអ្នកអាចអភ័យទោស លួងលោម ឬបញ្ជាក់ពីសេចក្ដីស្រឡាញ់របស់អ្នកចំពោះមនុស្សដែលបានធ្វើអំពើរំលង ឬគ្មានមេត្តា ?
-
ដោយផ្អែកលើអ្វីដែលអ្នកដឹងអំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ហេតុអ្វីបានជាទ្រង់ចង់ឲ្យយើងអភ័យទោស និងបង្ហាញសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក ? តើទ្រង់អាចជួយយើងឲ្យធ្វើដូចនេះដោយរបៀបណា ?
អែលឌើរ ម៉ាស៊ីម៉ូ ឌី ហ្វីអូ នៃពួកចិតសិបនាក់បានបង្រៀន ៖
សិស្សពិតចូលចិត្តអភ័យទោស ។ ពួកគេដឹងថា ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះគ្របដណ្ដប់រាល់អំពើបាប និងកំហុសរបស់យើងម្នាក់ៗ ។ ពួកគេដឹងថា ថ្លៃដែលទ្រង់បានបង់គឺជា « ថ្លៃសម្រាប់មនុស្សគ្រប់គ្នា » ។ ពន្ធ ថ្លៃឈ្នួល ថ្លៃកម្រៃជើងសារ និងបន្ទុកទាំងឡាយខាងវិញ្ញាណដែលទាក់ទងនឹងអំពើបាប កំហុស និងអំពើខុសឆ្គងត្រូវបានទូទាត់សងទាំងអស់ ។ ជាសិស្សពិតគឺងាយនឹងអភ័យទោស ហើយឆាប់នឹងសូមការអភ័យទោស ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ បើបងប្អូនកំពុងតែពិបាកក្នុងការស្វែងរកកម្លាំងដើម្បីអភ័យទោស សូមកុំគិតអំពីអ្វីដែលមនុស្សដទៃបានធ្វើចំពោះបងប្អូន ប៉ុន្តែចូរគិតអំពីអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់បងប្អូនវិញ ហើយបងប្អូននឹងរកឃើញភាពសុខសាន្តនៅក្នុងពរជ័យដ៏ប្រោសលោះនៃដង្វាយធួនរបស់ទ្រង់ ។
( ម៉ាស៊ីម៉ូ ឌី ហ្វីអូ « Pure Love: The True Sign of Every True Disciple of Jesus Christ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨២ )
-
តើពេលណាដែលអ្នកបានឃើញគំរូរបស់មនុស្សដែលបានអភ័យទោសឲ្យអ្នកផ្សេង ហើយឈានដល់ការស្រលាញ់មនុស្សនោះទៅវិញ ?
-
តើការមិនផ្ដល់ការអត់ទោស ធ្វើឲ្យ « អារក្សសាតាំង … មានឱកាសនឹង [ ឈ្នះ ] យើងបាន » យ៉ាងដូចម្ដេច ? ( កូរិនថូស ទី២ ២:១១ ) ។
សូមស្រមៃថា ដូចជាពួកកូរិនថូសដែរ មនុស្សនៅក្នុងវួដរបស់អ្នកត្រូវការបង្កើនសេចក្តីស្រឡាញ់ និងការអភ័យទោសចំពោះអ្នកដែលបានប្រព្រឹត្តអំពើបាប ។ ដោយសារតែហេតុនេះ ប៊ីស្សពរបស់អ្នកអញ្ជើញអ្នកឲ្យចែកចាយគំនិតខាងវិញ្ញណខ្លីមួយអំពីការអភ័យទោសនៅពេលចាប់ផ្តើមថ្នាក់ ឬការប្រជុំកូរ៉ុមរបស់អ្នក ។ សូមចំណាយពេលពីរបីនាទី ហើយបង្កើតគម្រោងមេរៀននៃអ្វីដែលអ្នកអាចនិយាយបាន ។ សូមបញ្ចូលគម្រោងដូចខាងក្រោមនេះ ៖
-
យ៉ាងហោចណាស់ខ ឬឃ្លាមួយពី កូរិនថូស ទី២ ២:៧–១១ ។
-
បទគម្ពីរ ឬសេចក្ដីថ្លែងការណ៍មួយទៀតមកពីអ្នកដឹកនាំសាសនាចក្រ ។ ( អ្នកអាចប្រើសេចក្តីថ្លែងការណ៍ដោយអែលឌើរ ខេវិន អ័រ ដាន់ខិន ខាងក្រោមជាបទគម្ពីរមួយដែលគាត់បានលើកឡើង ឬវគ្គបទគម្ពីរមួយដែលភ្ជាប់ជាមួយសុន្ទរកថារបស់លោក ) ។
-
គំនិត និងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីការផ្តល់សេចក្តីស្រឡាញ់ និងការអភ័យទោសដល់អ្នកដទៃ និងរបៀបដែលអាចជួយយើងឲ្យកាន់តែចូលមកជិតព្រះអង្គសង្គ្រោះបាន ។
ការបង្រៀនអំពីការអភ័យទោស
អែលឌើរ ខេវិន អ័រ ដាន់ខិន នៃពួកចិតសិបនាក់ បានមានប្រសាសន៍ ៖
ខ្ញុំដឹងថា យើងភាគច្រើនចង់អត់ទោស ប៉ុន្តែយើងឃើញថាវាជារឿងដែលពិបាកធ្វើ ។ កាលយើងជួបប្រទះនឹងរឿងអយុត្តិធម៌មួយ យើងពោលឡើងភ្លាមថា « បុគ្គលនោះធ្វើខុសហើយ ។ ពួកគេសមនឹងទទួលទោស ។ តើយុត្តិធម៌នៅឯណា ? » យើងគិតខុសថា បើយើងអត់ទោស នោះភាពយុត្តិធម៌នឹងមិនមានឡើយ ហើយការដាក់ទោសក៏នឹងមិនមានដែរ ។
វាមិនមែនដូច្នោះនោះទេ ។ ព្រះនឹងដាក់ទោសដ៏សុក្រឹតមួយ ដ្បិតសេចក្ដីមេត្តាករុណាទ្រង់មិនអាចកោងយកសេចក្តីយុត្តិធម៌បានឡើយ ( សូមមើល អាលម៉ា ៤២:២៥ ) ។ ព្រះមានបន្ទូលអះអាងដោយសេចក្តីស្រឡាញ់ចំពោះបងប្អូន និងខ្ញុំដូចនេះ ៖ « ចូរទុកសេចក្ដីជំនុំជម្រះនឹងយើងចុះ ដ្បិតវាជាសេចក្ដីជំនុំជម្រះរបស់យើង ហើយយើងនឹងសងវិញ ។ [ ប៉ុន្តែ ចូរមាន ] សេចក្ដីសុខសាន្តនៅជាមួយអ្នកចុះ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:២៣ ] ។
( ខេវិន អ័រ ដាន់ខិន « The Healing Ointment of Forgiveness » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៣៣–៣៤ )
-
តើអ្នកបានរៀនអ្វីខ្លះ ដែលអាចជួយសមាជិកក្នុងវួដរបស់អ្នកឲ្យយល់កាន់តែច្បាស់ និងពង្រីកការអភ័យទោសរបស់ពួកគេ ?
-
តើការអភ័យទោសដល់អ្នកដទៃអាចនាំពួកគេឲ្យកាន់តែខិតទៅជិតព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមគិតអំពីរបៀបដែលអ្នកប្រព្រឹត្តចំពោះអ្នកដែលបានប្រព្រឹត្តអំពើរំលង ។សូមស្វែងរកការបំផុសគំនិតពីព្រះវរបិតាសួគ៌អំពីអ្វីដែលអ្នកអាចធ្វើដើម្បី « អត់ទោស … និង … សម្តែងសេចក្តីស្រឡាញ់ដល់អ្នកនោះឲ្យជាក់លាក់ » ( កូរិនថូស ទី២ ២:៧–៨ ) ។ សូមពិចារណាសរសេរចំណាប់អារម្មណ៍ និងគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក រួមទាំងសកម្មភាពណាមួយដែលអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើការអភ័យទោសអាចប្រទានពរដល់អ្នកផ្ទាល់ដោយរបៀបណា ?
អែលឌើរ ជេមស៍ អ៊ី ហ្វោស្ដ ( ឆ្នាំ ១៩២០–២០០៧ ) នៃគណៈប្រធានទីមួយបានបង្រៀន ៖
ប្រសិនបើយើងអាចស្វែងរកការអភ័យទោសនៅក្នុងចិត្តរបស់យើងសម្រាប់អ្នកដែលបានធ្វើឲ្យយើងឈឺចាប់ និងមានរបួស នោះយើងនឹងឆ្ពោះឡើងទៅដល់កម្រិតខ្ពស់នៃការគោរពខ្លួនឯង និងសុខុមាលភាពហើយ ។
( ជែមស៍ អ៊ី ហ្វោស្ត « The Healing Power of Forgiveness » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៦៨ )
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ជាមួយនឹងសិទ្ធិអំណាចនៃភាពជាសាវកដែលបានប្រទានមកខ្ញុំ តាមរយៈព្រះអង្គសង្គ្រោះនៃពិភពលោក នោះខ្ញុំសូមថ្លែងទីបន្ទាល់អំពីភាពសុខសាន្តចំពោះព្រលឹងដែលផ្សះផ្សាជាមួយព្រះ ព្រមទាំងរវាងគ្នានឹងគ្នានឹងកើតមានឡើង ប្រសិនបើយើងបន្ទាបខ្លួន និងក្លាហានល្មមដើម្បីអនុវត្តតាម ។
( ជែហ្វ្រី អ័រ ហូឡិន « The Ministry of Reconciliation » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៩ )
តើព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យអភ័យទោសដោយរបៀបណា ?
អែលឌើរ ខេវិន អ័រ ដាន់ខិន នៃពួកចិតសិបនាក់បានបង្រៀន ៖
ការអត់ទោសគឺជាហេតុផលដ៏សំខាន់ដែលព្រះបានបញ្ជូនព្រះរាជបុត្រាទ្រង់មក ដើម្បីឲ្យយើងរីករាយនៅក្នុងការព្យាបាលរបស់ទ្រង់ដល់យើងគ្រប់គ្នា ។ ដង្វាយធួនរបស់ព្រះអង្គសពុំគ្រាន់តែសម្រាប់អ្នកដែលត្រូវប្រែចិត្តនោះទេ វាក៏សម្រាប់អ្នកដែលត្រូវអត់ទោសដែរ ។ បើអ្នកមានបញ្ហាក្នុងការអត់ទោសដល់មនុស្សដទៃ ឬខ្លួនអ្នក ចូរទូលសូមជំនួយពីព្រះ ។ ការអត់ទោសគឺជាគោលការណ៍ដ៏រុងរឿង និងព្យាបាល ។ យើងមិនចាំបាច់ធ្វើជាជនរងគ្រោះលើកទីពីរនោះទេ ។ យើងអាចអត់ទោសបាន ។
( ខេវិន អ័រ ដានឃិន « The Healing Ointment of Forgiveness » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៣៥ )
សូមមើលវីដេអូ « Principles of Peace: Forgiveness » ១:៤៩ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដែលបង្ហាញឧទាហរណ៍អំពីរបៀបដែលស្ត្រីម្នាក់អាចអត់ទោសឲ្យឪពុករបស់នាង ដោយសារព្រះយេស៊ូវគ្រីស្ទ ។
តើខ្ញុំអាចយល់កាន់តែច្បាស់នូវអ្វីដែលជាការអភ័យទោសដោយរបៀបណា ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
[ ព្រះយេស៊ូវគ្រីស្ទ ] ពុំបានមានព្រះបន្ទូលថា « អ្នកពុំត្រូវបានអនុញ្ញាតឲ្យមានអារម្មណ៍ឈឺចាប់ពិតប្រាកដ ឬកើតទុក្ខពិតប្រាកដ ដោយសារតែជួបនឹងការបំផ្លិចបំផ្លាញដោយស្នាដៃមនុស្សដទៃនោះទេ » ។ ហើយទ្រង់ក៏ពុំបានមានព្រះបន្ទូលថា « ដើម្បីមានការអភ័យទោសទាំងស្រុង អ្នកត្រូវត្រឡប់ទៅរកទំនាក់ទំនងដ៏ឈឺចាប់ ឬត្រឡប់ទៅរកកាលៈទេសៈរំលោភបំពានបំផ្លិចបំផ្លាញ » ដែរ ។ ប៉ុន្តែទោះបីជាមានការខកចិត្តខ្លាំងប៉ុណ្ណាអាចកើតឡើងចំពោះយើងក្តី ក៏យើងអាចដោះស្រាយក្តីឈឺចាប់របស់យើងបាន នៅពេលយើងឈានជើងដើរលើផ្លូវឆ្ពោះទៅរកការព្យាបាលពិតប្រាកដតែប៉ុណ្ណោះ ។
( ជែហ្វ្រី អ័រ ហូឡិន « The Ministry of Reconciliation » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៩ )