ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី២ ៥


កូរិនថូស ទី២ ៥

« ការងារផ្សះផ្សា »

Jesus embraces the man who was born blind when the man finds him again after Jesus healed him.

តើអ្នកធ្លាប់មានអារម្មណ៍ឃ្លាតឆ្ងាយពីព្រះដែរឬទេ ? តើមនុស្សផ្សេងទៀតដែលអ្នកស្គាល់ធ្លាប់មានអារម្មណ៍ដូចគ្នានេះដែរឬទេ ? ប៉ុលបានរំឭកពួកបរិសុទ្ធនៅក្រុងកូរិនថូសអំពីសេចក្ដីមេត្តាករុណាដែលព្រះយេស៊ូវគ្រីស្ទបានបង្ហាញដល់ពួកគេ ។ ប៉ុលបានបង្រៀនប្រជានជនថា ពួកគេបានបែកចេញពីព្រះដោយសារអំពើបាប ។ សំណាងល្អ តាមរយៈដង្វាយធួនរបស់ព្រះគ្រីស្ទ នោះពួកគេអាចនាំទៅកាន់ទំនាក់ទំនងដ៏រីករាយជាមួយព្រះវិញ ហើយទទួលបានសេចក្ដីសុចរិតរបស់ព្រះគ្រីស្ទ ( សូមមើល កូរិនថូស ទី២ ៥:១៦–២១ ) ។ មេរៀននេះអាចជួយអ្នកឲ្យកាន់តែខិតទៅជិតព្រះ ហើយប្រែក្លាយជាបុគ្គលដែលទ្រង់ចង់ឲ្យអ្នកប្រែក្លាយ ។

សូមលើកទឹកចិត្តសិស្សឲ្យមករៀនដោយបានត្រៀមខ្លួន ។ នៅពេលសិស្សមករៀនដោយបានត្រៀមខ្លួន នោះពួកគេយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធដើម្បីបង្រៀនពួកគេ ហើយស្ថិតក្នុងស្ថានភាពល្អប្រសើរដើម្បីជួយដល់សិស្សដទៃទៀត ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីគ្រាដែលពួកគេមានអារម្មណ៍ជិតស្និទ្ធនឹងព្រះ និងពេលដែលពួកគេមានអារម្មណ៍ថាឃ្លាតឆ្ងាយពីទ្រង់ ហើយឲ្យមកថ្នាក់រៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយ និងរៀនសូត្រពីបទពិសោធន៍ទាំងនេះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះ

សូមរំឭកសាច់រឿងទាំងឡាយខាងក្រោមនេះ ។ សូមគិតអំពីរបៀបដែលស្ថានភាពផ្ទាល់ខ្លួនរបស់អ្នកស្រដៀងនឹង ឬខុសគ្នានឹងសាច់រឿងទាំងនេះ ។

សូមបង្ហាញសាច់រឿងខាងក្រោម ឬអញ្ជើញសិស្សឲ្យបង្កើតសាច់រឿងផ្ទាល់ខ្លួនរបស់ពួកគេដែលពាក់ព័ន្ធនឹងស្ថានភាពដែលយុវវ័យម្នាក់អាចមានអារម្មណ៍ថាឃ្លាតឆ្ងាយពីព្រះ ។

ម៉្យាងទៀតសូមចាប់ផ្តើមមេរៀនដោយប្រើសកម្មភាព « ការទទួលសេចក្តីសុចរិតរបស់ព្រះគ្រីស្ទ » នៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៅចុងបញ្ចប់នៃមេរៀននេះ ។ សកម្មភាពនេះរួមបញ្ចូលទាំងរឿងរបស់ ជីន វ៉ាល់ជីន ពី Les Miserables បានផ្សះផ្សាជាមួយព្រះផងដែរ ។

  1. ចាមីឡា គឺជាសិស្សដ៏ឧស្សាហ៍ព្យាយាមរបស់ព្រះយេស៊ូវគ្រីស្ទ ។ មិត្តភក្តិជាច្រើនយកនាងធ្វើជាគំរូ ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនាងធ្វើខុស នាងមានអារម្មណ៍អន់ចិត្តចំពោះខ្លួនឯង ហើយព្រួយបារម្ភថាតើនាងអាចវិលត្រឡប់ទៅរកព្រះវរបិតាសួគ៌នៅថ្ងៃណាមួយបានឬទេ ។

  2. អនដ្រេ មានទម្លាប់ខ្លះដែលគាត់ដឹងថាមិនល្អ ហើយវាពិបាកសម្រាប់គាត់ក្នុងការមើលឃើញថាគាត់អាចទទួលបានការអភ័យទោស និងការផ្លាស់ប្តូរនោះ ។ គាត់ឆ្ងល់ថាតើគាត់អាចមានអារម្មណ៍ស្និទ្ធស្នាលជាមួយព្រះឬអត់ ហើយគាត់មិនប្រាកដថាវាមានតម្លៃឲ្យខិតខំដែរឬអត់ទេ ។ គាត់មិនចង់និយាយជាមួយឪពុកម្តាយ ឬប៊ីស្សពអំពីបញ្ហារបស់គាត់ទេ ។

សូមអញ្ជើញសិស្សឲ្យពិចារណាពីការរៀបចំខ្លួនមករៀនរបស់ពួកគេ នៅពេលពួកគេបំពេញសកម្មភាពខាងក្រោមនេះ ។

សូមគិតអំពីទំនាក់ទំនងរបស់អ្នកផ្ទាល់ជាមួយនឹងព្រះវរបិតាសួគ៌ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមពិពណ៌នាអំពីស្ថានភាពជីវិតផ្ទាល់ខ្លួនរបស់អ្នក និងទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ។ អ្នកអាចរួមបញ្ចូលទាំងនៅពេលដែលអ្នកមានអារម្មណ៍ស្និទ្ធស្នាលជាមួយទ្រង់ និងនៅពេលដែលអ្នកមានអារម្មណ៍ឃ្លាតឆ្ងាយ ព្រមទាំងបំណងប្រាថ្នារបស់អ្នកដើម្បីមានទំនាក់ទំនងរបស់អ្នកជាមួយទ្រង់នាពេលអនាគតផងដែរ ។

នៅពេលអ្នកសិក្សា សូមរកមើលសេចក្ដីពិតដែលអាចជួយអ្នកឲ្យយល់ពីពរជ័យនៃការចូលទៅជិតព្រះ និងរបៀបដែលអ្នកអាចចូលទៅជិតទ្រង់ ។

ការផ្សះផ្សា

នៅក្នុង កូរិនថូស ទី២ ៥ ប៉ុលបានសរសេរថា នៅពេលយើងរស់នៅលើផែនដី យើង « ថ្ងូរ » ហើយមានអារម្មណ៍ថា « មានបន្ទុក » ដោយប្រាថ្នាចង់ត្រឡប់ទៅរកព្រះវរបិតាសួគ៌របស់យើង ( សូមមើល កូរិនថូស ទី២ ៥:១–៥ ) ។ សូមគិតអំពីពេលវេលាក្នុងជីវិតរបស់អ្នក នៅពេលដែលអ្នកមានអារម្មណ៍ដូចជាអ្វីដែលប៉ុលបានពណ៌នា ។

សូមអាន កូរិនថូស ទី២ ៥:១៧–២០ ដោយស្វែងរកសេចក្ដីពិត ដែលអ្នកអាចអនុវត្តក្នុងជីវិតរបស់អ្នកបាន នៅពេលអ្នកមានអារម្មណ៍ថាឃ្លាតឆ្ងាយពីព្រះ ។ សូមចំណាំថា នៅក្នុងខគម្ពីរទាំងនេះ ពាក្យ ផ្សះផ្សា និង ការផ្សះផ្សា មានន័យថាត្រូវបាននាំមកឲ្យរួបរួម និងការពេញចិត្តជាមួយព្រះ បន្ទាប់ពីបានឃ្លាតឆ្ងាយពីទ្រង់ ។

សូមដាក់បង្ហាញសំណួរខាងក្រោមនេះដើម្បីឲ្យសិស្សមើលឃើញនៅពេលពួកគេសិក្សា ។

  • តើពាក្យ និងឃ្លាអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ( កូរិនថូស ទី២ ៥:១៧–២០ ) ដែលពិពណ៌នាបានយ៉ាងល្អបំផុតអំពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់អ្នក ?

  • តើមានតួនាទីអ្វីខ្លះរបស់ព្រះវរបិតាសួគ៌ក្នុងការជួយអ្នកឲ្យត្រឡប់ទៅរកទ្រង់វិញ ? ( សូមមើល កូរិនថូស ទី២ ៥:១៨–១៩ ) ។

  • តើយើងទទួលបានពរជ័យអ្វីខ្លះ នៅពេលយើងព្យាយាមរស់នៅ « ក្នុងព្រះគ្រីស្ទ » ? ( កូរិនថូស ទី២ ៥:១៧ )

សេចក្ដីពិតមួយដែលបានបង្រៀននៅក្នុង កូរិនថូស ទី២ ៥:១៧–២០ គឺថា យើងអាចផ្សះផ្សាជាមួយនឹងព្រះបាន ហើយកើតជាថ្មីតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។

ប៉ុលក៏បានបង្រៀនអំពីមូលហេតុដែលយើងអាចបានកើតជាថ្មី និងអំពីអត្ថន័យនេះផងដែរ ។

សូមអាន កូរិនថូស ទី២ ៥:២១ ដោយស្វែងរកសេចក្ដីយោងទៅកាន់ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងរូបអ្នក ។

សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ ប្រសិនបើចាំបាច់ សូមពន្យល់ថាពាក្យ « ព្រះអង្គ » នៅក្នុង ខទី ២១ សំដៅទៅលើព្រះវរបិតាសួគ៌ ខណៈ « ទ្រង់ » សំដៅទៅលើព្រះយេស៊ូវគ្រីស្ទ ។

  • តើអ្នកបានរៀនអ្វីខ្លះចេញពីខគម្ពីរនេះ ?

សូមជួយសិស្សឲ្យយល់ខគម្ពីរនេះ ។ សូមពិចារណាពិនិត្យមើលជាមួយសិស្សនូវកថាខណ្ឌខាងក្រោម ហើយគិតអំពីរបៀបជួយសិស្សឲ្យយល់អំពីគោលគំនិតនេះ ។ សូមត្រៀមខ្លួនដើម្បីចែកចាយគំនិតទាំងនេះជាពាក្យសម្តីរបស់អ្នកផ្ទាល់ ។

នៅក្នុង កូរិនថូស ទី២ ៥:២១ ប៉ុលបង្រៀនថា ទោះបីជាព្រះយេស៊ូវមិនដែលមានកំហុសក្នុងការប្រព្រឹត្តអំពើបាបក៏ដោយ ក៏នៅក្នុងសួនគែតសេម៉ានី និងនៅលើឈើឆ្កាងនៅភ្នំលលាដ៏ក្បាល ទ្រង់បានយកបន្ទុកដ៏ធ្ងន់ និងផលវិបាកទាំងឡាយនៃអំពើបាបរបស់យើងមកដាក់លើអង្គទ្រង់ផ្ទាល់ដែរ ។ នៅពេលយើងស្វែងរកការលើកលែងទោសដោយស្មោះអស់ពីចិត្ត ហើយបាន « កើតជាថ្មី » នោះគឺយើងទទួលយកអំណោយរបស់ព្រះយេស៊ូវគ្រីស្ទថា ប្រសិនបើយើងនឹងមានសេចក្ដីជំនឿលើទ្រង់ ហើយប្រែចិត្តពីអំពើបាបរបស់យើង នោះទ្រង់នឹងទទួលយកអំពើបាបរបស់យើង ហើយយើងអាចទទួលបានសេចក្តីសុចរិតរបស់ទ្រង់ ។ តាមវិធីនេះយើងនឹងត្រូវបានធ្វើឲ្យបរិសុទ្ធ ដូចដែលទ្រង់បរិសុទ្ធដែរ ( សូមមើលផងដែរ កូល៉ុស ២:១៣–១៤ ; ពេត្រុស ទី១ ២:២៤ ) ។

សូមប្រាកដថាបានជួយសិស្សឲ្យយល់ថា ដំណើរការនៃការក្លាយជាមនុស្សបរិសុទ្ធដូចជាព្រះយេស៊ូវគ្រីស្ទតម្រូវឲ្យមានការខិតខំអស់មួយជីវិត ។

  • តើការបង្រៀននៅក្នុង កូរិនថូស ទី២ ៥:២១ ជួយអ្នកឲ្យយល់កាន់តែច្បាស់ថា ហេតុអ្វីបានជាយើងអាចកើតជាថ្មីនៅក្នុងព្រះគ្រីស្ទ ហើយតើវាមានន័យយ៉ាងណា ?

  • តើគំនិត និងអារម្មណ៍បែបណា ដែលព្រះរាជបុត្រានៃព្រះដែលគ្មានបាបបានមាន នៅពេលទ្រង់ស្ម័គ្រព្រះទ័យយកអំពើបាបរបស់អ្នកដាក់មកលើអង្គទ្រង់ ដើម្បីឲ្យអ្នកអាចបានផ្សះផ្សាជាមួយព្រះ ហើយផ្លាស់ប្តូរ ? ( សូមពិចារណាអាន អេសាយ ៤៩:១៦ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៨ មុននឹងឆ្លើយសំណួរនេះ ) ។

សូមផ្ដល់ឲ្យសិស្សនូវគំរូសម័យទំនើបមួយអំពីរបៀបដែលយើងអាចផ្សះផ្សាជាមួយព្រះបាន ។ សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ។ ម៉្យាងទៀត អ្នកអាចបង្ហាញវីដេអូដូចខាងក្រោម ។

ដើម្បីមើលឃើញគំរូសម័យទំនើបអំពីមនុស្សម្នាក់ដែលត្រូវបានផ្សះផ្សាជាមួយនឹងព្រះ ហើយបាន « កើតជាថ្មី » តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ សូមមើល « I Know His Grace Is There When I Fall » ( ៦:២៤ ) ។ វីដេអូនេះអាចរកឃើញនៅលើគេហទំព័រ ChurchofJesusChrist.org ។

6:24

សូមសញ្ជឹងគិតពីរបៀបដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានដកពិសោធន៍ការព្យាបាល និងការផ្សះផ្សា ដែលព្រះអង្គសង្គ្រោះប្រទានឲ្យតាមរយៈដង្វាយធួនរបស់ទ្រង់ ។

សូមពិចារណាឲ្យសិស្សចែកចាយគំនិត ឬអារម្មណ៍ណាមួយដែលពួកគេមាន ( សូមរំឭកពួកគេកុំឲ្យចែកចាយអ្វីដែលផ្ទាល់ខ្លួន ឬឯកជនពេក ) ។ ប្រសិនបើពួកគេចែកចាយបទពិសោធន៍មួយ សូមសួរសំណួរបន្តបន្ទាប់ដូចជា « តើបទពិសោធន៍នេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ? ឬ « តើបុគ្គលនេះបានធ្វើទង្វើអ្វីខ្លះ ដែលអនុញ្ញាតឲ្យពួកគាត់ត្រូវបានផ្សះផ្សាជាមួយព្រះ ? ហេតុអ្វីបានជាអ្នកគិតថា សកម្មភាពទាំងនោះធ្វើឲ្យមានការផ្លាស់ប្តូរ ? »

ការសញ្ជឹងគិតពីគោលការណ៍នៃដំណឹងល្អអាចជួយយើងឲ្យយល់កាន់តែច្បាស់ និងយល់ពីសារៈសំខាន់របស់វា ។ សូមអានការពិពណ៌នាអំពីស្ថានភាពជីវិតបច្ចុប្បន្ន និងទំនាក់ទំនងរបស់អ្នកជាមួយព្រះឡើងវិញ ដែលអ្នកបានកត់ត្រានៅដើមមេរៀននេះ ។ សូមចំណាយពេលវេលាពីរបីនាទី ដើម្បីសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖

សូមដាក់បង្ហាញគំនិតខាងក្រោមដើម្បីឲ្យសិស្សសញ្ជឹងគិត ។ សូមពិចារណាបន្ថែមគំនិតផ្ទាល់ខ្លួន ឬអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេអំពីរឿងដែលពួកគេអាចពិចារណាដោយផ្អែកលើអ្វីដែលពួកគេបានរៀននៅក្នុងមេរៀននេះ ។

  • តើវាអាចមើលទៅ និងមានអារម្មណ៍យ៉ាងណាដែលបានផ្សះផ្សាជាមួយព្រះជារៀងរហូត ?

  • តើអ្នកចង់ក្លាយជាមនុស្សថ្មីតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទតាមរបៀបណាខ្លះ ?

  • តើអ្នកមានបទពិសោធន៍អ្វីខ្លះក្នុងជីវិតរបស់អ្នកដែលបង្ហាញពីឆន្ទៈរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការជួយអ្នកឲ្យផ្លាស់ប្តូរ ?

  • តើការសញ្ជឹងគិតមានប្រយោជន៍យ៉ាងណា ?

  • តើអ្នកបានរៀនអ្វីខ្លះនៅក្នុងមេរៀននេះអំពីអារម្មណ៍របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចំពោះអ្នក និងព្រះរាជបំណងរបស់ទ្រង់ទាំងទ្វេចំពោះអ្នក ?

រៀន ទទួលអារម្មណ៍ និងប្រព្រឹត្ត

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ ដែលមានន័យបំផុតសម្រាប់អ្នក ហើយហេតុអ្វី ។ សូមសរសេរអ្វីដែលអ្នកទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើ ដែលអាចជួយអ្នកឲ្យផ្សះផ្សាជាមួយព្រះ ហើយបាន « កើតជាថ្មី » ក្នុងព្រះគ្រីស្ទ ។ តើការផ្លាស់ប្តូរអ្វីខ្លះដែលអ្នករំពឹងថានឹងឃើញនៅក្នុងខ្លួនអ្នក ( ក្នុងរយៈពេលមួយឆ្នាំ ពីរឆ្នាំ ឬប្រាំឆ្នាំទៀត ) ជាមនុស្សម្នាក់ដែលពិតជាបានផ្លាស់ប្តូរក្នុងព្រះគ្រីស្ទ ?

សូមអញ្ជើញសិស្សដែលមានអារម្មណ៍មានទំនុកចិត្តក្នុងការធ្វើដូច្នេះ ឲ្យចែកចាយគំនិត និងអារម្មណ៍របស់ពួកគេ ។ សូមពិចារណាចែកចាយអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកផងដែរ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើវាអាចជួយខ្ញុំឲ្យរស់នៅតាមដំណឹងល្អនៃព្រះគ្រីស្ទ ហើយបាន « កើតជាថ្មី » ក្នុងទ្រង់ដោយរបៀបណា ?

អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖

Elder Ulisses Soares, Quorum of the Twelve Apostles official portrait.

ការបង្កើនសេចក្តីជំនឿ និងការប្រែចិត្តជឿបែបនេះនឹងជួយយើងឲ្យចុះ និងរក្សាសេចក្តីសញ្ញាជាមួយព្រះ ធ្វើដូច្នោះនឹងពង្រឹងបំណងប្រាថ្នាយើងដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយបង្កើតការផ្លាស់ប្តូរខាងវិញ្ញាណដ៏ស្មោះត្រង់មួយនៅក្នុងខ្លួនយើង—និយាយម្យ៉ាងទៀតថា ជាការផ្លាស់ប្តូរយើងឲ្យកើតជាថ្មី ដែលបានបង្រៀនដោយសាវកប៉ុលនៅក្នុងសំបុត្រដែលលោកបានសរសេរទៅពួកកូរិនថូស ( កូរិនថូស ទី២ ៥:១៧ ) ។ ការផ្លាស់ប្តូរនេះនឹងនាំឲ្យយើងកាន់តែរីករាយ កាន់តែមានប្រយោជន៍ ហើយមានជីវិតល្អ និងជួយយើងឲ្យរក្សាទស្សនវិស័យអស់កល្បជានិច្ចមួយ ។

( អូលីសេស សូរ៉េស « How Can I Understand ? » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦ )

កូរិនថូស ទី២ ៥:១៧–២១ ។ តើខ្ញុំអាចយល់កាន់តែច្បាស់ពីអ្វីដែលប៉ុលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះដោយរបៀបណា ?

ការពន្យល់ខាងក្រោមអាចជួយអ្នកឲ្យយល់ពាក្យពេច៍ និងឃ្លាមួយចំនួននៅក្នុងខគម្ពីរទាំងនេះបាន ៖

ការបាន « កើតជាថ្មី » មានន័យថា « ដួងចិត្ត ទឹកមុខ និងនិស្ស័យរបស់យើង [ ត្រូវ ] នឹងបានផ្លាស់ប្ដូរដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ » ( បេនយ៉ាមីន អិម ហ្ស៊ី តៃ « The Power of the Book of Mormon in Conversion » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៤៧ ) ។

ព្រះគ្រីស្ទ « ឥតប្រកាន់ទោសគេទៀត » មានន័យថា ដោយសារអ្វីដែលព្រះគ្រីស្ទបានធ្វើសម្រាប់យើង ពេលយើងបានផ្សះផ្សានឹងព្រះ នោះអំពើបាបរបស់យើងមិនត្រូវបានរាប់មកលើយើងទេ ។

សកម្មភាពរៀនសូត្របន្ថែម

កូរិនថូស ទី២ ៥:១៤–២១ ។ ការដោះដូរអំពើបាបរបស់យើងដើម្បីទទួលបានសេចក្តីសុចរិតរបស់ព្រះគ្រីស្ទ

ប្រសិនបើសិស្សត្រូវការជំនួយក្នុងការយល់ពីការបង្រៀនរបស់ប៉ុលនៅក្នុង កូរិនថូស ទី២ ៥:១៤–២១ សូមពិចារណាមើល « Good Shepherd, Lamb of God » ( ១៥:១៨ ) ចាប់ពីលេខកូដម៉ោង ១០:៣០ ដល់ ១២:១០ ឬ « The Atonement: Our Greatest Hope » ( ២០:២១ ) ចាប់ពីលេខកូដម៉ោង ៣:៣៦ ដល់ ៦:៣០ ដែលទាំងពីរមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមអញ្ជើញសិស្សឲ្យគូររូបភាពស្រដៀងគ្នារវាងរឿងទាំងនេះ និង កូរិនថូស ទី២ ៥:១៤–២១ ។ ដំណើររឿងទាំងនេះអាចជួយពួកគេឲ្យឃើញពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានយកអំពើបាបរបស់យើងមកដាក់លើអង្គទ្រង់ ដើម្បីយើងអាចមានឱកាសទទួលបានសេចក្តីសុចរិតរបស់ទ្រង់ ។

2:3
2:3

កូរិនថូស ទី២ ៥:១៤–២១ ។ ការទទួលបានសេចក្ដីសុចរិតរបស់ព្រះគ្រីស្ទ

សូមពិចារណាមើល « Redemption » ( ១៥:២១ ) ចាប់ពីលេខកូដម៉ោង ៦:៤៨ ដល់ ៨:៤៣ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដែលអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ពិពណ៌នារឿងមួយចេញពីសៀវភៅ Les Miserables ។ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលប៊ីស្សព ប៊ីនវេនូ ដែលបានសង្គ្រោះ ជីន វ៉ាល់ជីន ដើម្បីឲ្យគាត់អាចក្លាយជាមនុស្សកាន់តែប្រសើរ គឺស្រដៀងគ្នានឹងព្រះអង្គសង្គ្រោះ និងរបៀបដែលយើងដូចជា ជីន វ៉ាល់ជីន ដែរ ។ សូមអញ្ជើញពួកគេឲ្យសិក្សា កូរិនថូស ទី២ ៥:១៤–២១ ហើយមើលពីរបៀបដែលដំណើររឿងដែលអែលឌើរ គ្រីស្តូហ្វឺសិនតំណាលប្រាប់នេះ គឺស្រដៀងនឹងអ្វីដែលប៉ុលបង្រៀនអំពីការកើតជាថ្មីនៅក្នុងព្រះគ្រីស្ទ និងការទទួលយកសេចក្តីសុចរិតរបស់ទ្រង់ ។

2:3

កូរិនថូស ទី២ ៥:១–៥ ។ អំណោយទាននៃ « ព្រះវិញ្ញាណមកបញ្ចាំចិត្ត »

សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការពិភាក្សាអំពីអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ សូមអញ្ជើញពួកគេឲ្យអាន កូរិនថូស ទី២ ៥:១–៥ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យយល់កាន់តែច្បាស់អំពីឃ្លា « ព្រះវិញ្ញាណមកបញ្ចាំចិត្ត » ។

បន្ទាប់មក ពួកគេអាចសិក្សា កូរិនថូស ទី២ ១:១៩–២២ ; ៥:៥ ; អេភេសូរ ១:១៣–១៤ និងសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ៖

Official Portrait of President Henry B. Eyring taken March 2018.

ប្រសិនបើអ្នកទទួលអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធសព្វថ្ងៃនេះ អ្នកអាចយកវាធ្វើជាភស្ដុតាងថា ដង្វាយធួនកំពុងដំណើរការនៅក្នុងជីវិតរបស់អ្នកហើយ ។

( ហិនរី ប៊ី អាវរិង « Gifts of the Spirit for Hard Times » Ensign ខែ មិថុនា ឆ្នាំ ២០០៧ ទំព័រ ២៣ )

សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរដូចជា « តើព្រះវិញ្ញាណបរិសុទ្ធមានឥទ្ធិពលលើទំនុកចិត្តរបស់អ្នកចំពោះដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងការសន្យានៃជីវិតដ៏នៅអស់កល្បជានិច្ចយ៉ាងដូចម្ដេច ? » ហើយ « តើបទពិសោធន៍ក្នុងពេលនេះជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធផ្តល់ឲ្យយើងនូវគំនិតអំពីថ្ងៃមុខស្ដីពីសភាពរីករាយនឹងជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតាសួគ៌យ៉ាងដូចម្តេចដែរ ? »