ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី២ ១–៧


កូរិនថូស ទី២ ១–៧

ទិដ្ឋភាពទូទៅ

នៅពេលប្រជាជនក្រុងកូរិនថូសជួបទុក្ខលំបាក ប៉ុលបានសរសេរទៅកាន់សមាជិកសាសនាចក្រនៅទីនោះ ដើម្បីផ្តល់ការគាំទ្រ និងការប្រឹក្សាជាបន្តបន្ទាប់ ។ លោកបានអញ្ជើញពួកគេឲ្យអភ័យទោសដល់គ្នាទៅវិញទៅមក ដើម្បីជាប្រយោជន៍ទាំងដល់បុគ្គលដែលទទួលបានការអភ័យទោស ក៏ដូចជាដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ។ លោកបានបង្រៀនថា តាមរយៈដង្វាយធួនរបស់ព្រះគ្រីស្ទ ពួកគេអាចបានប្រោសលោះពីអំពើបាប ហើយនាំត្រឡប់មកក្នុងទំនាក់ទំនងដ៏អំណោយផលជាមួយព្រះវិញ ។ ជាក្តីអំណរ និងការពេញចិត្តរបស់លោក នៅពេលលោកបានទទួលពាក្យថា ពួកបរិសុទ្ធនៅក្រុងកូរិនថូសបានឆ្លងកាត់នូវការប្រែចិត្តពិតប្រាកដ ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

កូរិនថូស ទី២ ១,៤

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីវិធីមួយចំនួនដែលព្រះប្រទានការលួងលោមដល់បុត្រាបុត្រីរបស់ទ្រង់ និងដើម្បីស្វែងរកវិធីដែលពួកគេអាចចែកចាយការលួងលោមរបស់ទ្រង់ជាមួយអ្នកដទៃ ។  

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីវិធីផ្សេងៗដែលពួកគេទទួលបានការសម្រាលទុក្ខ នៅពេលមានអ្វីមិនល្អកើតឡើងនៅក្នុងជីវិតរបស់ពួកគេ ។ បើអាចធ្វើបាន សូមលើកទឹកចិត្តពួកគេឲ្យយករូបភាព ឬវត្ថុដែលតំណាងឲ្យប្រភពនៃការលួងលោមដល់ពួកគេ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលស្នើសុំសិស្សឲ្យគិតអំពីអ្វីដែលជួយលួងលោមពួកគេ សូមពិចារណាបង្ហាញវត្ថុ ឬរូបភាពផ្ទាល់ខ្លួនមួយចំនួនដែលផ្តល់ការលួងលោមមកពីផ្ទះ ។ ការបង្ហាញវត្ថុទាំងនេះនៅលើអេក្រង់ និងការពន្យល់ពីសារៈសំខាន់របស់វត្ថុទាំងនេះអាចជួយធ្វើជាស្ពានចម្លង និង បង្កើតបរិយាកាសសិក្សាប្រកបដោយផាសុកភាព ។

កូរិនថូស ទី២ ២

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យបង្កើនការយល់ដឹងរបស់ពួកគេអំពីសារៈសំខាន់នៃការអភ័យទោស និងបំណងប្រាថ្នារបស់ពួកគេក្នុងការអភ័យទោសដល់អ្នកដទៃ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយគំរូពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលបានផ្តល់ការអភ័យទោសដូចព្រះគ្រីស្ទដល់មនុស្សម្នាក់ទៀត ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ៖ សម្រាប់ កូរិនថូស ទី២ ២:៥–១១ សូមប្រើមុខងារក្តារខៀន ដើម្បីបង្កើតជួរឈរពីរ ។ សូមដាក់ស្លាកជួរឈរមួយថា « តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះបុគ្គលដែលធ្វើឲ្យយើងកើតទុក្ខ ? » និងជួរឈរមួយទៀត « ហេតុអ្វីបានជាយើងគួរប្រព្រឹត្តចំពោះមនុស្សបែបនេះ ? » បន្ទាប់មក អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេដើម្បីឲ្យអ្នកវាយបញ្ចូល ឬពួកគេអាចវាយបញ្ចូលចម្លើយរបស់ពួកគេដោយខ្លួនឯងដោយប្រើឧបករណ៍ចំណារពន្យល់ ។

កូរិនថូស ទី២ ៥

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យចូលទៅកាន់តែជិតព្រះ ហើយក្លាយជាមនុស្សដែលទ្រង់ចង់ឲ្យពួកគេប្រែក្លាយ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីពេលវេលាដែលពួកគេមានអារម្មណ៍ជិតស្និទ្ធនឹងព្រះ និងពេលដែលពួកគេមានអារម្មណ៍ថាឃ្លាតឆ្ងាយពីទ្រង់ ហើយមកថ្នាក់រៀនដោយបានត្រៀមខ្លួនដើម្បីទាញយកបទពិសោធន៍ទាំងនេះ ។

  • មាតិកាដែលត្រូវបង្ហាញ ៖ សំណួរទាំងបីដែលសិស្សនឹងពិចារណានៅពេលពួកគេសិក្សា កូរិនថូស ទី២ ៥:១៧–២១ ក៏ដូចជាគំនិតទាំងបួនដែលពួកគេនឹងពិចារណា នៅពេលក្រោយនៅក្នុងមេរៀន ( ចាប់ផ្តើមដោយ « តើវាមានសភាព និងអារម្មណ៍បែបណាដើម្បីបានជាមេត្រីនឹងព្រះដ៏នៅអស់កល្បជានិច្ចនោះ ? » )

  • វីដេអូ ៖ « I Know His Grace Is There When I Fall » ( ៦:២៤ ) ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅដើមមេរៀននេះ សូមអញ្ជើញសិស្សឲ្យចែកចាយនៅក្នុងឈែតអំពីសាច់រឿងជីវិតពិតមួយចំនួន ដែលប្រហែលជាស្រដៀងនឹងតួអង្គនៅក្នុងមេរៀននេះដែរ ។ អ្នកអាចអញ្ជើញពួកគេឲ្យពិចារណាអំពីរបៀបដែលសេចក្ដីពិតក្នុងមេរៀននេះអាចជួយក្នុងស្ថានភាពទាំងនោះបាន ។

កូរិនថូស ទី២ ៧

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីធាតុផ្សំដ៏សំខាន់មួយនៃការប្រែចិត្តពិតប្រាកដ ហើយជួយពួកគេឲ្យចូលមកជិតព្រះយេស៊ូវគ្រីស្ទ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេអាចដឹងថា តើពួកគេធ្លាប់មានបទពិសោធន៍នៃការប្រែចិត្តពិតប្រាកដដែរឬទេ ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យសិក្សាផ្នែក « សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះនាំទៅរកការប្រែចិត្ត » នៅក្នុងគម្រោងមេរៀន ចូរមកតាមខ្ញុំ បានផងដែរ ( « ថ្ងៃទី ១១–១៧ ខែ កញ្ញា ។ កូរិនថូស ទី២ ១–៧ ៖ ‹ ចូរឲ្យបានជាមេត្រីនឹងព្រះចុះ › » ចូរមកតាមខ្ញុំ —សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ) ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្កើតតារាងដោយមានជួរឈរដែលមានស្លាក « សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ » និងជួរឈរដែលមានស្លាក « សេចក្ដីព្រួយខាងលោកិយ » ។ បន្ទាប់មកសូមចែកចាយអេក្រង់របស់អ្នក ហើយបំពេញក្នុងជួរឈរនូវការយល់ដឹងរបស់សិស្សអំពីទុក្ខព្រួយទាំងពីរប្រភេទនោះ ។ ម៉្យាងទៀត សិស្សអាចស្រាវជ្រាវនៅលើគេហទំព័រ ChurchofJesusChrist.org រកមើលរូបភាពដែលបង្ហាញពីសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ ឬសេចក្ដីព្រួយខាងលោកិយ ។ បន្ទាប់មក សិស្សអាចបន្ថែមអ្វីៗទាំងនេះទៅក្នុងតារាងរួមមួយដែលពួកគេទាំងអស់គ្នាអាចមើលឃើញ ។ សូមអញ្ជើញសិស្សឲ្យពន្យល់ពីរបៀបដែលរូបភាពដែលពួកគេបានចែកចាយនោះ បង្ហាញពីសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ ឬក៏សេចក្ដីព្រួយខាងលោកិយ ។

ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១៩

គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យទន្ទេញចាំសេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិក្នុងព្រះគម្ពីរសញ្ញាថ្មី និងឃ្លាបទគម្ពីរគន្លឹះមួយចំនួន ។

  • ការរៀបចំរបស់សិស្ស ៖ សូមផ្តល់ច្បាប់ចម្លងសេចក្ដីយោងបទគម្ពីរ និងតារាងឃ្លាបទគម្ពីរគន្លឹះទៅសិស្ស ហើយអញ្ជើញពួកគេឲ្យទន្ទេញបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងប្រាំ និងឃ្លាបទគម្ពីរគន្លឹះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ សិស្សក៏អាចប្រើកម្មវិធីចំណេះចំណានខាងគោលលទ្ធិផងដែរ ។ ជាជម្រើស សិស្សអាចព្យាយាមទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងមូល ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដោយប្រើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងប្រាំចេញពីមេរៀននេះ ឬវគ្គបទគម្ពីរទាំងប្រាំដែលសិស្សត្រូវមើលឡើងវិញ សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរឃ្លាបទគម្ពីរគន្លឹះនៅលើចម្រៀកក្រដាសប្រាំសន្លឹកដាច់ពីគ្នា ។ សូមលើកបង្ហាញវគ្គបទគម្ពីរមួយនៅលើអេក្រង់ ហើយបន្ទាប់មកអញ្ជើញសិស្សឲ្យលើកបង្ហាញឃ្លាបទគម្ពីរគន្លឹះដែលត្រឹមត្រូវក្នុងពេលដំណាលគ្នា ពេលរាប់ដល់បី ។ សូមបន្តសកម្មភាពនេះរហូតដល់បានពិនិត្យមើលគ្រប់វគ្គបទគម្ពីរទាំងអស់ ហើយសិស្សមានអារម្មណ៍ថាមានទំនុកចិត្តថា ពួកគេអាចផ្គូផ្គងវគ្គបទគម្ពីរដែលត្រូវគ្នាបានត្រឹមត្រូវ ។