កូរិនថូស ទី២ ១,៤
« ព្រះបានកម្សាន្តចិត្ត »
យើងទាំងអស់គ្នាជួបប្រទះការឈឺចិត្ត និងសេចក្ដីទុក្ខព្រួយ ភាពលំបាក និងឧបសគ្គ និងភាពមិនសុខស្រួល និងជំងឺ ។ នៅពេលប្រជាជនក្រុងកូរិនថូសជួបប្រទះនឹងទុក្ខលំបាក ប៉ុលបានសរសេរទៅសមាជិកសាសនាចក្រនៅទីនោះ ដើម្បីផ្តល់ការគាំទ្រ និងការប្រឹក្សាជាបន្តបន្ទាប់ ។ លោកបានថ្លែងទីបន្ទាល់អំពីការលួងលោម និងសេចក្ដីសុខសាន្តដែលមានសម្រាប់ពួកគេតាមរយៈព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ( សូមមើល កូរិនថូស ទី២ ១:៣–៤ ) ។ មេរៀននេះអាចជួយអ្នកឲ្យយល់អំពីវិធីមួយចំនួនដែលព្រះផ្តល់ការលួងលោមដល់បុត្រាបុត្រីរបស់ទ្រង់ និងដើម្បីកំណត់វិធីដែលអ្នកអាចចែកចាយការលួងលោមរបស់ទ្រង់ជាមួយអ្នកដទៃ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្វីដែលនាំមកនូវលួងលោមដល់អ្នក ?
-
តើអ្នកងាកទៅរកអ្វី ឬរកអ្នកណាដើម្បីលួងលោមក្នុងគ្រាលំបាក ?
-
តើអ្វី ឬអ្នកណាដែលផ្តល់ការលួងលោមដល់អ្នកបានខ្លាំងបំផុត ? ហេតុអ្វីទៅ ?
សូមធ្វើបញ្ជីនៃស្ថានភាពជីវិតបច្ចុប្បន្ន ឬអនាគត ដែលអ្នកប្រហែលជាត្រូវការជំនួយ និងការលួងលោមដើម្បីឆ្លងកាត់បញ្ហាលំបាកៗ ។
សូមសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
ហេតុអ្វីបានជាអ្នកអាចទុកចិត្តបានថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងលួងលោមអ្នក តាមរយៈអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធក្នុងអំឡុងពេលទាំងនេះ ?
-
តើអ្នកមានអារម្មណ៍ល្អប៉ុណ្ណាដែលអ្នកទទួលស្គាល់ និងទទួលបានការសម្រាលទុក្ខដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?
-
តើអ្នកនឹងអាចចែកចាយការលួងលោមដែលពួកទ្រង់ផ្តល់ឲ្យជាមួយអ្នកដទៃដោយរបៀបណា ?
សូមស្វែងរកចម្លើយចំពោះសំណួរពីមុនៗនៅពេលអ្នកសិក្សាមេរៀននេះ ។
ប៉ុលចង់លួងលោមពួកបរិសុទ្ធកូរិនថូសក្នុងការសាកល្បងរបស់ពួកគេ
កាលនៅស្រុកម៉ាសេដូន ប៉ុលបានទទួលពាក្យពីសិស្សម្នាក់ឈ្មោះទីតុសថា សំបុត្រមុនរបស់លោកត្រូវបានទទួលយកយ៉ាងល្អដោយពួកបរិសុទ្ធនៅក្រុងកូរិនថូស ( សូមមើល កូរិនថូស ទី២ ២:១៣ , ៧:៥) ។ ប៉ុលក៏បានដឹងពីបញ្ហាប្រឈមជាប់រហូតរបស់ពួកបរិសុទ្ធទាំងនេះផងដែរ ហើយបានសរសេរសំបុត្រមួយច្បាប់ទៀត ( កូរិនថូស ទី២ ) ដើម្បីផ្តល់ការលួងលោមដល់ពួកគេ និងដោះស្រាយបញ្ហារបស់ពួកគេ ។
-
តើអ្នកចងចាំអ្វីខ្លះអំពីក្រុងកូរិនថូស និងការលំបាករបស់ពួកបរិសុទ្ធនៅទីនោះ ?
សូមអាន កូរិនថូស ទី២ ១:១–៤ , ដោយយកចិត្តទុកដាក់ទៅលើរបៀបដែលប៉ុលបានបើកសំបុត្រទីពីររបស់លោកទៅកាន់ពួកបរិសុទ្ធនៅក្រុងកូរិនថូស ។
-
តើអ្វីដែលលេចធ្លោចំពោះអ្នកនៅក្នុងការណែនាំរបស់ប៉ុលទៅកាន់ពួកបរិសុទ្ធ ?
-
តើប៉ុលបានប្រើព្រះនាម ឬព្រះបរមងាអ្វីខ្លះសម្រាប់ព្រះវរបិតាសួគ៌ ដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នក ?
-
តើព្រះនាម ឬព្រះបរមងាទាំងនោះបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ?
-
តើប៉ុលបានបង្រៀនសេចក្ដីពិតអ្វីនៅក្នុង ខទី ៤ ?
ការទទួលបានការលួងលោមពីព្រះវរបិតាសួគ៌ និងការជួយអ្នកដទៃឲ្យទទួលបានវា
អ្នកប្រហែលជាបានកំណត់អត្តសញ្ញាណសេចក្តីពិតមួយចេញពី ខទី ៤ ដូចតទៅនេះ ៖ នៅពេលយើងទទួលបានការលួងលោមពីព្រះវរបិតាសួគ៌ក្នុងអំឡុងពេលនៃការសាកល្បងរបស់យើង នោះយើងអាចជួយអ្នកដទៃឲ្យទទួលបានវាកាន់តែប្រសើរឡើងផងដែរ ។
-
តើអ្នកគិតថាវាមានន័យយ៉ាងណាអំពីឃ្លា « កម្សាន្ដចិត្តអ្នកឯទៀតក្នុងអស់ទាំងសេចក្តីវេទនា » ? ( ខទី ៤ ) ។
-
ហេតុអ្វីបានជាអ្នកគិតថា មានការរំពឹងទុកនេះសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើនៅពេលណាដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានទទួលជំនួយ និងការលួងលោមពីព្រះវរបិតាសួគ៌អំឡុងពេលការសាកល្បងនេះ ?
-
តើអ្នក ឬពួកគេបានរៀនអ្វីខ្លះចេញពីបទពិសោធន៍នោះ ?
-
តើអ្នកគិតថាអ្នកអាចធ្វើអ្វីបានខ្លះដើម្បីទទួលបានការលួងលោមពីព្រះបន្ថែមទៀត នៅពេលដែលអ្នកត្រូវការវា ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) ។
ព្រះទ្រង់ពិតជាសង្កេតមើលយើង ហើយទ្រង់ឃុំគ្រងយើង ។ ប៉ុន្ដែជាធម្មតាទ្រង់បំពេញតម្រូវការយើងតាមរយៈមនុស្សផ្សេងទៀត ។ ហេតុដូច្នោះហើយវាជាការចាំបាច់ថាយើងបម្រើគ្នាទៅវិញទៅមក នៅក្នុងនគរ ។
( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ ២០០៦ ] ទំព័រ ៨២ )
បើមាន សូមមើលវីដេអូ « God Will Lift Us Up » ( ៤:៥៨ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។ វាប្រាប់ពីដំណើររឿងរបស់យុវនារីម្នាក់ឈ្មោះ ប្រ៊ីតនី ដែលបានរកឃើញការលួងលោមក្នុងការបម្រើអ្នកដទៃ និងការទុកចិត្តលើព្រះអម្ចាស់ ជាជាងផ្តោតលើស្ថានភាពសុខភាពផ្ទាល់ខ្លួនរបស់នាង ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះវរបិតាសួគ៌ប្រើយើងជាញឹកញាប់ដើម្បីជួយអ្នកដទៃក្នុងអំឡុងពេលនៃការសាកល្បងរបស់ពួកគេ ដើម្បីឲ្យពួកគេទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងការលួងលោមរបស់ទ្រង់ ?
សូមគិតអំពីនរណាម្នាក់ដែលអ្នកស្គាល់ដែលកំពុងជួបប្រទះនឹងការលំបាកមួយនេះ ។ សូមពិចារណាដោយការអធិស្ឋានអំពីរបៀបដែលអ្នកអាចនឹងជួយពួកគេឲ្យទទួលបាននូវការសម្រាលទុក្ខដែលព្រះវរបិតាសួគ៌ផ្ដល់ឲ្យ នៅពេលអ្នកធ្វើដូចខាងក្រោម ៖
ក. សូមគិតអំពីអ្វីដែលអ្នកបានរៀនពី កូរិនថូស ទី២ ១:១–៤ ដែលអាចជួយមនុស្សម្នាក់នេះ ។
ខ. សូមអានខគម្ពីរខាងក្រោមចំនួនពីរ ឬច្រើនចង្កោមដែលមានការបង្រៀនបន្ថែមរបស់ប៉ុលទៅកាន់ពួកកូរិនថូសអំពីការសាកល្បងទាំងឡាយ ។ សូមស្វែងរកឃ្លា ឬខគម្ពីរមួយដែលអ្នកមានអារម្មណ៍ថាមានអត្ថន័យចំពោះមនុស្សដែលអ្នកបានជ្រើសរើស ។
គ. សូមធ្វើអ្វីមួយឥឡូវនេះ ដើម្បីជួយមនុស្សនេះឲ្យទទួលបានការលួងលោមពីព្រះវរបិតាសួគ៌ ។ សូមពិចារណាអធិស្ឋានសម្រាប់ពួកគេ ដូចជាពួកបរិសុទ្ធកូរិនថូសបានអធិស្ឋានសម្រាប់ប៉ុលដែរ ( សូមមើល កូរិនថូស ទី២ ១:១១ ) ។ លើសពីនេះ អ្នកអាចសរសេរសារលើកទឹកចិត្តដូចប៉ុលបានធ្វើចំពោះកូរិនថូស ទោះបីសាររបស់អ្នកអាចជាអត្ថបទ អ៊ីម៉ែល ឬកំណត់ចំណាំជំនួសឲ្យសំបុត្រក៏ដោយ ។ ( សូមពិចារណារួមបញ្ចូលនូវអ្វីដែលអ្នកបានរៀននៅក្នុងមេរៀននេះពី កូរិនថូស ទី២ ១; ៤ ក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួនណាដែលអាចជួយបាន ) ។
ឃ. សូមធ្វើផែនការបន្ថែមដើម្បីជួយដល់បុគ្គលនេះ ។ ព្រះវរបិតាសួគ៌អាចនឹងបំផុសគំនិតអ្នកឲ្យធ្វើសកម្មភាពបន្ថែមទៀត ដូចជាការទៅសួរសុខទុក្ខពួកគេ ឬការបម្រើពួកគេតាមមធ្យោបាយណាមួយ ។ ត្រូវប្រាកដថាសរសេរផែនការណាមួយដែលអ្នកគិតឃើញដូចជានៅកន្លែងដែលអ្នកនឹងត្រូវបានរំឭកឲ្យធ្វើតាម ដូចជានៅក្នុងប្រតិទិនរបស់អ្នក នៅលើស្មាតហ្វូនរបស់អ្នក ឬនៅលើក្រដាសដែលអ្នកនឹងមើលនៅពេលក្រោយ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
កូរិនថូស ទី២ ១–៤ ។ ហេតុអ្វីបានជាព្រះអម្ចាស់រំពឹងថាខ្ញុំនឹងឈោងទៅជួយ និងលួងលោមមនុស្សដែលខ្វះខាត ?
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនដូចតទៅនេះ ៖
ចាប់តាំងពីពេលដែលយើងងើបចេញពីទឹកនៃពិធីបុណ្យជ្រមុជទឹកមក យើងត្រូវចាត់ឲ្យធ្វើកិច្ចការនេះ ។ យើងឈោងទៅជួយមនុស្សដទៃដោយក្តីស្រឡាញ់ ដោយសារវាគឺជាអ្វីដែលព្រះអង្គសង្គ្រោះបានបង្គាប់ឲ្យយើងធ្វើ ។ … មិនថានៅពេលណាដែលអ្នកជិតខាងយើងមានទុក្ខព្រួយខាងសាច់ឈាម ឬខាងវិញ្ញាណទេ ចូរយើងប្រញាប់ទៅជួយពួកគេ ។ យើងរែកបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល ។ យើងទួញយំជាមួយអស់អ្នកណាដែលទួញយំ ។ យើងលួងលោមដល់អស់អ្នកណាដែលកំពុងត្រូវការការលួងលោម ។ ព្រះអម្ចាស់រំពឹងចង់បានការណ៍នេះពីពួកយើងដោយក្តីស្រឡាញ់ ។ ហើយថ្ងៃនោះនឹងមកដល់ ពេលយើងនឹងត្រូវបានឲ្យទទួលខុសត្រូវសម្រាប់ការមើលថែ ដែលយើងធ្វើនៅក្នុងការងារបម្រើដល់ហ្វូងចៀមរបស់ទ្រង់ ។
( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Shepherding Souls » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៨, ទំព័រ ១១១ )
កូរិនថូស ទី២ ៤:១៧ ។ តើប៉ុលចង់មានន័យយ៉ាងណា ពេលលោកសំដៅទៅលើបញ្ហាប្រឈមក្នុងជីវិតរមែងស្លាប់របស់យើងថាជា « សេចក្តីទុក្ខលំបាកយ៉ាងស្រាល » ?
អែលឌើរ ផល វី ចនសុន ក្នុងគណៈប្រធាននៃពួកចិតសិបនាក់បានបង្រៀន ៖
នៅកណ្តាលនៃបញ្ហា វាស្ទើរតែមិនអាចមើលឃើញថាពរជ័យដែលកំពុងមកដល់គឺនៅឆ្ងាយជាងការឈឺចាប់ ការអាម៉ាស់ ឬការខូចចិត្តដែលយើងអាចនឹងកំពុងជួបនៅពេលនេះ ។… សាវកប៉ុលបានបង្រៀនថា « ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ » [ កូរិនថូស ទី២ ៤:១៧ ] ។ វាគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍ណាស់ដែលប៉ុលបានប្រើពាក្យ « សេចក្ដីទុក្ខលំបាកយ៉ាងស្រាល » ។ ឃ្លានេះគឺបានលើកឡើងដោយបុគ្គលម្នាក់ដែលត្រូវបានគេវាយដំ ចោលនឹងដុំថ្មត្រូវបានបញ្ជូនខ្លួនតាមសំពៅ បានជាប់ឃុំ និងជាអ្នកដែលបានដកពិសោធន៍នូវការសាកល្បងផ្សេងទៀតជាច្រើន ។ ខ្ញុំគិតថា យើងទាំងអស់គ្នាភាគច្រើនមិនបានគិតថាទុក្ខលំបាករបស់យើងគឺជារឿងស្រាលនោះទេ ។ ប៉ុន្តែបើប្រៀបធៀបទៅនឹងពរជ័យ និងការរីកចម្រើនដែលយើងទទួលបាននៅទីបំផុត ទាំងក្នុងជីវិតនេះ និងក្នុងភាពដ៏នៅអស់កល្បជានិច្ច នោះទុក្ខលំបាករបស់យើងគឺពិតជាស្រាលមែន ។ …
ពេលខ្លះយើងចង់មានការរីកចម្រើនដោយគ្មានឧបសគ្គ និងអភិវឌ្ឍភាពខ្លាំងដោយមិនមានការតស៊ូនឹងលំបាកណាមួយ ។ ប៉ុន្តែការរីកចម្រើនមិនអាចកើតឡើងបានដោយប្រើវិធីងាយស្រួលនោះទេ ។ យើងយល់យ៉ាងច្បាស់ថា អត្តពលិកដែលមិនព្រមតស៊ូនឹងការហ្វឹកហាត់យ៉ាងហ្មត់ចត់ នឹងមិនអាចក្លាយជាអត្តពលិកលំដាប់ពិភពលោកបានឡើយ ។ យើងត្រូវប្រុងប្រយ័ត្នថា យើងមិនអន់ចិត្តនឹងអ្វីដែលជួយនាំមកដល់យើងនូវលក្ខណៈដ៏ទេវភាពនោះទេ ។
( ផល វី ចនសុន « More Than Conquerors through Him That Loved Us » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០១១, ទំព័រ ៧៩–៨០ )