ថ្នាក់​សិក្ខាសាលា
ចំណេះចំណានខាងគោលលទ្ធិ ៖ កូរិនថូស ទី១ ១៥:៤០–៤២


ចំណេះចំណានខាងគោលលទ្ធិ ៖ កូរិនថូស ទី១ ១៥:៤០–៤២

នៅក្នុងដំណើររស់ឡើងវិញ មានកម្រិតនៃសិរីល្អចំនួនបី

An illustration showing Salvation and Exaltation: Sun & Moon and Stars

នៅក្នុងមេរៀនមុន « កូរិនថូស ទី១ ១៥:៣២–៥៤ » អ្នកបានរៀនអំពីកម្រិតនៃសិរីល្អចំនួនបីក្នុងដំណើររស់ឡើងវិញ ។ អ្នកក៏បានរៀនផងដែរថា ព្រះវរបិតាសួគ៌របស់យើងនឹងប្រទានសិរីល្អសេឡេស្ទាលដល់មនុស្សស្មោះត្រង់ តាមរយៈព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ កូរិនថូស ទី១ ១៥:៤០–៤២ ពន្យល់ពីគោលលទ្ធិ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតពិត ។

សូមជួយសិស្សឲ្យស្វែងរកចម្លើយចំពោះសំណួររបស់ពួកគេ ។ វាមិនមែនជាទំនួលខុសត្រូវរបស់គ្រូបង្រៀន ដើម្បីឆ្លើយនឹងសំណួរទាំងអស់ដែលសិស្សបានសួរនោះឡើយ ។ សូមជួយសិស្សឲ្យអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីឲ្យពួកគេអាចរកឃើញចម្លើយសម្រាប់ខ្លួនពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យងាកទៅរកព្រះអម្ចាស់ ហើយទុកចិត្តលើទ្រង់ឲ្យអស់ពីចិត្ត ។ វាអាចមានប្រយោជន៍ក្នុងការដើរតួជាអ្នកណែនាំដោយកំណត់អត្តសញ្ញាណអំពីប្រភពដែលបានតែងតាំងដ៏ទេវភាពដែលពួកគេអាចប្រើដើម្បីស្វែងរកចម្លើយ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន កូរិនថូស ទី១ ១៥:៤០–៤២ ហើយមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយសាច់រឿងនៃជីវិតពិត ដែលគោលលទ្ធិនេះបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះនឹងមានប្រយោជន៍ ។

សកម្មភាពរៀនសូត្រដែលអាចមាន

មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះបានរៀបរៀងឡើងដើម្បីបង្រៀនបន្ទាប់ពីមេរៀន « កូរិនថូស ទី១ ១៥:៣២–៥៤ » ដែលជាមេរៀនទាក់ទងនឹងបរិបទសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ កូរិនថូស ទី១ ១៥:៤០–៤២ ។ ប្រសិនបើមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថាបានបង្រៀនបរិបទនៃមេរៀនដែលត្រូវគ្នានៅអំឡុងសប្តាហ៍នោះផងដែរ ។

ទន្ទេញ និងពន្យល់

សូមជួយសិស្សឲ្យទន្ទេញ និងពន្យល់អំពីសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនៅ កូរិនថូស ទី១ ១៥:៤០–៤២ ។ សកម្មភាពខាងក្រោមគឺជាវិធីមួយដើម្បីធ្វើរឿងនេះ ។

សម្រាប់សកម្មភាពនេះ សូមពិចារណាអនុញ្ញាតឲ្យសិស្សបញ្ចប់ជំហាននីមួយៗ មុនពេលផ្តល់ឲ្យជំហានបន្ទាប់ ។

  1. សូមសរសេរ « កូរិនថូស ទី១ ១៥:៤០–៤២ ៖ នៅក្នុងដំណើររស់ឡើងវិញ មានកម្រិតសិរីល្អចំនួនបី » កាត់ក្បាលទំព័រនៅលើក្រដាសមួយសន្លឹក ។

  2. សូមគូររូបព្រះអាទិត្យនៅក្រោមឃ្លា ព្រះចន្ទនៅក្រោមព្រះអាទិត្យ និងផ្កាយមួយនៅក្រោមព្រះចន្ទ ។

  3. សូមអាន កូរិនថូស ទី១ ១៥:៤០–៤២ ហើយដាក់ស្លាកឈ្មោះគំនូរនីមួយៗរបស់អ្នកជាមួយនឹងសិរីល្អដែលវាតំណាងឲ្យ ។ ( សូមកំណត់ចំណាំថា ការបកប្រែដោយយ៉ូសែប ស្ម៊ីធ អំពី កូរិនថូស ទី១ ១៥:៤០ បន្ថែមសេចក្ដីយោងទៅនឹងសិរីល្អទេឡេស្ទាល [ នៅក្នុង កូរិនថូស ទី១ ១៥:៤០ ] ) ។

  4. សូមក្រឡេកមើលគំនូររបស់អ្នក ខណៈពេលកំពុងនិយាយឡើងវិញ នូវសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនៅក្នុងចិត្តរបស់អ្នក រហូតដល់អ្នកមានអារម្មណ៍ថា មានទំនុកចិត្តថាអ្នកចេះសេចក្ដីយោងបទគម្ពីរទាំងនោះច្បាស់ ។

  5. តើអ្នកនឹងពន្យល់ពីសេចក្ដីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះដល់នរណាម្នាក់ ដែលមិនយល់ពីអ្វីដែលកើតឡើងក្រោយពីសេចក្ដីស្លាប់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ដោយរបៀបណា ? សូមសរសេរការពន្យល់តាមគំនិតរបស់អ្នកផ្ទាល់ ។

សូមពិចារណាអញ្ជើញសិស្សឲ្យផ្លាស់ទីជុំវិញបន្ទប់ និងចែកចាយការពន្យល់របស់ពួកគេជាមួយសិស្សយ៉ាងហោចណាស់បីនាក់ផ្សេងទៀត ។ ប្រសិនបើចាំបាច់ សូមធ្វើគំរូអំពីរបៀបដែលសេចក្តីពិតទាំងនេះអាចមានអត្ថន័យ មុនពេលសិស្សចាប់ផ្តើមចែកចាយគ្នាទៅវិញទៅមក ។

សូមលើកទឹកចិត្តសិស្សឲ្យរក្សាគំនូររបស់ពួកគេ ឬប្រគល់គំនូរទាំងនោះឲ្យគ្រូ ដើម្បីអាចប្រើប្រាស់សម្រាប់រំឭកវគ្គបទគម្ពីរនេះឡើងវិញនៅក្នុងមេរៀននៅពេលខាងមុខ ។

រៀនអនុវត្ត

ការអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយយើងជាមួយនឹងស្ថានភាពជីវិតពិត និងសំណួរសំខាន់ៗដែលយើងមានបាន ។

សូមអានសាច់រឿងខាងក្រោមនេះ ហើយសូមជ្រើសរើសយកសាច់រឿងមួយណា ដែលអ្នកចង់ផ្តោតទៅលើសកម្មភាពបន្ទាប់ ។

សូមអញ្ជើញសិស្សដែលបានបញ្ចប់សកម្មភាពរៀបចំរបស់សិស្សឲ្យចែកចាយនូវសាច់រឿងរបស់ពួកគេ ។ សូមពិចារណាជំនួសសាច់រឿងខាងក្រោមនេះជាមួយនឹងសាច់រឿងរបស់សិស្ស ។

  1. ជូលា ព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែនាងតែងមានអារម្មណ៍ថាត្រូវបានគេថ្កោលទោសដោយសារតែភាពទន់ខ្សោយរបស់នាង ។ នាងជឿថាមនុស្សផ្សេងទៀតនឹងបានទៅនគរសេឡេស្ទាល ប៉ុន្តែនាងសង្ស័យថានាងប្រហែលជាមិនអាចធ្វើបានទេ ។

  2. ម៉ារីយ៉ា ទើបតែបានស្តាប់សុន្ទរកថាដ៏អស្ចារ្យមួយអំពីអំណោយទាននៃដំណើររស់ឡើងវិញដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងប្រទានដល់មនុស្សគ្រប់គ្នា ។ នាងឆ្ងល់ថា « ហេតុអ្វីបានជាខ្ញុំគួរប្រែចិត្ត ឬរក្សាបទបញ្ញត្តិទាំងឡាយ ប្រសិនបើមនុស្សគ្រប់គ្នានឹងត្រូវបានរស់ឡើងវិញក្នុងរូបកាយអមតៈដ៏ឥតខ្ចោះនោះ ? »

សូមពិចារណាឲ្យសិស្សបង្កើតក្រុមដែលមានគ្នាបីនាក់ជាមួយអ្នកផ្សេងទៀតដែលជ្រើសរើសសាច់រឿងដូចគ្នា ។ សម្រាប់សកម្មភាពខាងក្រោមនេះ អ្នកអាចអញ្ជើញសិស្សម្នាក់ៗក្នុងក្រុមឲ្យសិក្សា និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណផ្សេងៗគ្នា ។ បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សមួយចំនួនឲ្យរាយការណ៍អំពីអ្វីដែលពួកគេបានរៀនសូត្រនៅក្នុងក្រុមរបស់ពួកគេ ។

វាអាចមានប្រយោជន៍ក្នុងការបង្ហាញ ឬធ្វើការបោះពុម្ពនៃផ្នែកខាងក្រោមសម្រាប់សិស្សដើម្បីយោងនៅពេលពួកគេសិក្សា ។

នៅក្នុងមេរៀនមុន អ្នកបានសិក្សាអំពីសេចក្ដីពិតខាងក្រោមដែលបានបង្រៀននៅក្នុង កូរិនថូសទី១ ១៥:៤០–៤២នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ មាននគរនៃសិរីល្អខុសៗគ្នាសម្រាប់រូបកាយដែលបានរស់ឡើងវិញ ។ សូមប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងសេចក្តីពិតដែលបានបង្រៀននៅក្នុង កូរិនថូស ទី១ ១៥:៤០–៤២ ដើម្បីជួយទាំង ជូលា ឬ ម៉ារីយ៉ា អំពីកង្វល់ ឬសំណួររបស់នាង ។

សូមពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច

សូម អានកថាខណ្ឌទី នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូមពិចារណាគូសសម្គាល់លើសំណួរទាំងពីរនៅចុងបញ្ចប់នៃកថាខណ្ឌនោះ ។

  • តើចម្លើយចំពោះសំណួរទាំងពីរនេះអនុវត្តចំពោះស្ថានភាពរបស់ ជូលា ឬ ម៉ារីយា បានយ៉ាងដូចម្តេច ។

កថាខណ្ឌទី ថ្លែងផងដែរថា « យើងស្វែងរកជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីមើលឃើញនូវរឿងទាំងឡាយដូចជាព្រះអម្ចាស់ទតឃើញ » ។

  • តើព្រះអម្ចាស់អាចទតឃើញអ្វីខ្លះនៅក្នុងស្ថានភាពនេះ ដែលនឹងមានប្រយោជន៍ដល់ ជូលា ឬ ម៉ារីយ៉ា ? ហេតុអ្វីទៅ ?

ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព

អានកថាខណ្ឌទី ១១–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ

  • តើអ្នកនឹងណែនាំ ជូលា ឬ ម៉ារីយា ឲ្យស្វែងរកសេចក្ដីពិតនានាដែលពួកគេត្រូវការនៅក្នុងជីវិតរបស់ពួកគេនៅឯណា ?

  • តើអ្នកធ្លាប់មានបទពិសោធន៍អ្វីខ្លះ ដែលបង្ហាញពីសារៈសំខាន់នៃការជ្រើសរើសដោយប្រុងប្រយ័ត្ននូវកន្លែងដែលអ្នកស្វែងរកសេចក្តីពិតខាងវិញ្ញាណ ?

សូមចំណាយពេលពីរបីនាទី ដើម្បីស្វែងរកបទគម្ពីរជាក់លាក់ ឬសេចក្តីថ្លែងការណ៍របស់ព្យាការីដែលអ្នកមានអារម្មណ៍ថាត្រូវចំពោះស្ថានភាពរបស់ ជូលា ឬ ម៉ារីយា ។ ( វគ្គបទគម្ពីរមួយចំនួនពីមេរៀនថ្មីៗដែលអាចមានប្រយោជន៍រួមមាន កូរិនថូស ទី១ ១៥:៤០–៤២ ; គោលលទ្ធិ និ សេចក្តីសញ្ញា ៧៦:៥០–៥២, ៦២–៦៤, ៦៩–៧០, ៧១–៧៦, ៨១–៨៥ ; ៨៨:២១–២៤ ) ។

  • តើអ្នកបានរកឃើញអ្វីដែលអ្នកអាចចែកចាយដែរឬទេ ? តើសេចក្ដីពិតទាំងឡាយដែលអ្នករកឃើញបានធ្វើឲ្យមានការផ្លាស់ប្តូរក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?

សូមដើរជុំវិញថ្នាក់ ហើយជួយសិស្សដែលមិនប្រាកដពីរបៀបស្វែងរកវគ្គបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍ដោយថ្នាក់ដឹកនាំសាសនាចក្រ ។ សូមពិចារណាបង្ហាញពួកគេពីរបៀបស្វែងរកអ្វីដែលពួកគេកំពុងស្វែងរក ជាជាងគ្រាន់តែផ្តល់ឲ្យពួកគេនូវសេចក្ដីយោងបទគម្ពីរ ឬសេចក្តីថ្លែងការណ៍ដែលអាចអនុវត្តតាមនោះ ។

ធ្វើសកម្មភាពដោយសេចក្ដីជំនឿ

សូមរំឭកកថាខណ្ឌទី ៥–៦ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសសម្គាល់យ៉ាងហោចណាស់ឃ្លា ឬគំនិតបីផ្សេងគ្នា ដែលអ្នកគិតថាអាចជួយដល់ ជូលា ឬ ម៉ារីយា បាន ។

  • តើអ្នកបានជ្រើសរើសឃ្លាអ្វីខ្លះ ? តើឃ្លានីមួយៗទាំងនេះអាចជួយ ជូលា ឬ ម៉ារីយា បានយ៉ាងដូចម្តេច ?

  • ប្រសិនបើអ្នកមានគំនិតស្រដៀងនឹងគំនិតរបស់ជូលា ឬ ម៉ារីយា តើអ្នកបានធ្វើអ្វីខ្លះដើម្បីឆ្លើយតបដោយស្មោះត្រង់ចំពោះគំនិតទាំងនោះ ?

  • ហេតុអ្វីបានជាយុវនារីម្នាក់ៗត្រូវផ្តោតលើសេចក្តីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេធ្វើការតាមស្ថានភាពរបស់ពួកគេ ? ហេតុអ្វីបានជាមិនធ្វើឲ្យអស់ពីសមត្ថភាពដោយមិនផ្តោតលើទ្រង់ ?

សូមពិចារណាឲ្យសិស្សសញ្ជឹងគិតអំពីជីវិត អាកប្បកិរិយា និងសំណួររបស់ពួកគេផ្ទាល់ ។ សូមលើកទឹកចិត្តពួកគេឲ្យប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេនៅខាងក្រៅថ្នាក់ ។ សូមថ្លែងទីបន្ទាល់ថា គោលការណ៍ទាំងនេះអាចជួយពួកគេឲ្យមករកព្រះគ្រីស្ទ ដើម្បីស្វែងរកសេចក្ដីពិត និងសេចក្ដីសុខសាន្តកាន់តែខ្លាំងឡើង ។

ការរំឭកចំណេះចំណានខាងគោលលទ្ធិ

នៅខាងដើម ឬចុងបញ្ចប់នៃមេរៀនក្រោយ សូមចំណាយពេលត្រឹម បីទៅ ប្រាំ នាទីដើម្បីរំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះ ។ ឧទាហរណ៍ សិស្សអាចមើលឡើងវិញនូវគំនូររបស់ពួកគេអំពីលំដាប់នៃសិរីល្អទាំងបី ខណៈពេលដែលនិយាយឡើងវិញម្តងហើយម្តងទៀតនូវសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនៅក្នុងគំនិតរបស់ពួកគេនោះ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យបង្ហាញគំនូររបស់ពួកគេដល់ដៃគូ ខណៈពេលសូត្រឡើងវិញឮៗនូវសេចក្ដីយោង និងឃ្លានេះចេញពីការចងចាំ ។