កូរិនថូស ទី១ ១៥:១៣–២៨
« តែឥឡូវនេះ ព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិត »
សូមស្រមៃមួយភ្លែតថា ព្រះយេស៊ូវគ្រីស្ទមិនដែលបានមានព្រះជន្មរស់ឡើងវិញទេ ។ តើវាមានន័យយ៉ាងណាសម្រាប់ពិភពលោកនេះ ? សម្រាប់អ្នកផ្ទាល់ ? ហេតុអ្វីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទមានសារៈសំខាន់ខ្លាំងដូច្នេះ ? នៅពេលពួកបរិសុទ្ធនៅក្រុងកូរិនថូសចោទសួរសេចក្ដីពិតអំពីការមានព្រះជន្មរស់ឡើងវិញ នោះប៉ុលបានសរសេរទៅពួកគេអំពីអត្ថន័យនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះសម្រាប់ពួកគេ ។ មេរៀននេះអាចជួយអ្នកឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ និងដឹងគុណកាន់តែខ្លាំងឡើងចំពោះព្រះយេស៊ូវគ្រីស្ទ ដោយសារតែការឈ្នះលើសេចក្ដីស្លាប់របស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ជំនាន់ដែលផ្លាស់ប្ដូរប្រវត្តិសាស្ត្រ
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយសំណួរមួយដែលលោកធ្លាប់បានស្រាវជ្រាវ ។ សូមមើល « Behold the Man! » ពីលេខកូដម៉ោង ១:៣៧ ដល់ ២:៣១ នៅលើគេហទំព័រ ChurchofJesusChrist.org ឬអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ។
ថ្មីៗនេះ ខ្ញុំបានសួរអ៊ិនធើរណែតថា « តើជំនាន់ណាដែលមានការផ្លាស់ប្ដូរបំផុតនៅក្នុងប្រវត្តិសាស្ត្រ ? »
ចម្លើយមានច្រើន ចាប់ផ្ដើមពីរឿងគួរភ្ញាក់ផ្អើល និងចម្លែករហូតដល់គំនិតជ្រៅជ្រះ និងជំរុញឲ្យមានការគិត ។ នៅក្នុងចម្លើយទាំងនោះមាន ជំនាន់ដែលផ្កាយព្រះអង្គារក្នុងបុរេប្រវត្តិបានធ្លាក់ទៅលើឧបទ្វីប យូកាន់តា ឬនៅក្នុងឆ្នាំ ១៤៤០ ចនហានណេស ហ្គូធិនប៊ើក បានបញ្ចប់ការបោះពុម្ពផ្សាយរបស់គាត់ ហើយជាក់ស្ដែងនៅឆ្នាំ ១៩០៣ នៅពេលបងប្អូនប្រុសត្រកូលរ៉ាយ បានបង្ហាញថា មនុស្សពិតជាអាចហោះហើរបាន ។
ប្រសិនបើជាសំណួរដូចគ្នានេះត្រូវបានសួរមកកាន់បងប្អូន តើបងប្អូននឹងឆ្លើយយ៉ាងដូចម្តេច ?
( ឌៀថើរ អេហ្វ អុជដូហ្វ « Behold the Man! » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៧–១០៨ )
-
តើជំនាន់ណាដែលអ្នកនឹងនិយាយថា មានការផ្លាស់ប្ដូរបំផុតនៅក្នុងប្រវត្តិសាស្ត្រ ? ហេតុអ្វី ?
អែលឌើរ អុជដូហ្វ បានចែកចាយព្រឹត្តិការណ៍ដែលលោកមានអារម្មណ៍ថាបានផ្លាស់ប្តូរបំផុតនៅក្នុងប្រវត្តិសាស្ត្រ ។ សូមមើល « Behold the Man! » ពីលេខកូដម៉ោង ៤:២០ ដល់ ៤:៥៥ ឬអានសេចក្ដីថ្លែងការណ៍ខាងក្រោម ។
មានព្រឹត្តការណ៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្រដែលមានឥទ្ធិពលយ៉ាងខ្លាំងមកលើជោគវាសនានៃជាតិសាសន៍ និងប្រជាជន ។ ប៉ុន្តែនៅពេលប្រមូលផ្ដុំវាជាមួយគ្នា នោះវាពុំអាចប្រៀបផ្ទឹមបានទៅនឹងសារៈសំខាន់នៃអ្វីដែលបានកើតឡើងនៅព្រឹកអ៊ីស្ទើរដំបូងនោះទេ ។
តើអ្វីដែលធ្វើឲ្យការពលិកម្មដ៏និរន្តរ៍ និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ជាពឹ្រត្តិការណ៍ដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រ—ដែលមានឥទ្ធិពលជាងសង្គ្រាមលោក គ្រោះចង្រៃបំផ្លិចបំផ្លាញ និងការរកឃើញខាងវិទ្យាសាស្ត្រដែលផ្លាស់ប្ដូរជីវិតនោះ ?
( ឌៀថើរ អេហ្វ អុជដូហ្វ « Behold the Man! » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៨ )
-
ហេតុអ្វីអ្នកគិតថា ដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ?
-
ហេតុអ្វីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ចំពោះអ្នក ?
ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
ប៉ុលបានសរសេរទៅពួកបរិសុទ្ធនៅក្រុងកូរិនថូសដើម្បីកែជំនឿក្លែងក្លាយដែលបានកើតឡើងថាគ្មានដំណើររស់ឡើងវិញទេ ។ នៅពេលអ្នកសិក្សាពាក្យរបស់លោក សូមបង្កើតតារាងស្រដៀងនឹងតារាងខាងក្រោមដើម្បីកត់ត្រាសេចក្ដីលម្អិត និងសេចក្ដីពិតពីព្រះគម្ពីរ ព្រមទាំងការបំផុសគំនិតដែលអ្នកទទួលពីព្រះវិញ្ញាណបរិសុទ្ធ ។ ការធ្វើដូច្នេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីបទគម្ពីរ មានបទពិសោធន៍រៀនសូត្រដ៏មានអានុភាព និងធ្វើឲ្យសេចក្តីស្រឡាញ់របស់អ្នកកាន់តែស៊ីជម្រៅ និងមានការយល់ដឹងអំពីព្រះអង្គសង្គ្រោះ និងការឈ្នះលើសេចក្ដីស្លាប់របស់ទ្រង់ ។
ប្រសិនបើព្រះយេស៊ូវគ្រីស្ទមិនបានមានព្រះជន្មរស់ឡើងវិញទេនោះ … |
ដោយសារព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ … |
សូមអាន កូរិនថូស ទី១ ១៥:១៣–១៩ ។ សូមបន្ថែមសេចក្តីថ្លែងការណ៍ពីរ ឬបីទៅផ្នែកខាងឆ្វេងនៃតារាងរបស់អ្នក ដោយផ្អែកទៅលើអ្វីដែលអ្នកបានរៀនពីខគម្ពីរទាំងនេះ ។
-
តើអ្នក និងអ្នកដទៃទៀតនឹងទទួលរងឥទ្ធិពលយ៉ាងណា ប្រសិនបើព្រះយេស៊ូវមិនត្រូវបានប្រោសឲ្យរស់ឡើងវិញ ?
ឥឡូវសូមអាន កូរិនថូស ទី១ ១៥:២០–២២ ។ សូមរកមើលអ្វីដែលនឹងកើតឡើងដោយសារតែការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមបន្ថែមវាទៅជួរឈរខាងស្តាំនៃតារាងរបស់អ្នក ។ សូមកត់ចំណាំថា « ផលដំបូង » នៅក្នុង ខទី ២០ សំដៅលើព្រះយេស៊ូវគ្រីស្ទជាបុគ្គលដំបូងគេដែលបានមានព្រះជន្មរស់ឡើងវិញ ។
-
តើប៉ុលគូសបញ្ជាក់ថានឹងមានអ្វីកើតឡើង ដោយសារព្រះយេស៊ូវបានត្រូវប្រោសឲ្យមានព្រះជន្មរស់ឡើងវិញនោះ ?
វគ្គបទគម្ពីរនេះជួយយើងឲ្យយល់ថា ដោយសារការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នោះមនុស្សគ្រប់រូបនឹងបានរស់ឡើងវិញផងដែរ ។ សេចក្តីស្លាប់កើតមានលើមនុស្សទាំងអស់ ដោយសារការធ្លាក់របស់អ័ដាម និង អេវ៉ា ។ ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើផលលំបាកនេះសម្រាប់មនុស្សទាំងអស់ជាអំណោយឥតគិតថ្លៃ ។
សូមឈប់បន្តិច ហើយគិតអំពីអ្វីដែលអំណោយនៃការរស់ឡើងវិញជាសកលនេះអាចបង្រៀនអ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។
-
តើការយកឈ្នះលើសេចក្ដីស្លាប់ខាងរូបកាយរបស់ព្រះអង្គសង្គ្រោះសម្រាប់មនុស្សទាំងអស់បង្រៀនអ្នកអ្វីខ្លះអំពីទ្រង់ ?
ប្រសិនបើអាច សូមមើល « #Hallelujah—An Easter Message about Jesus Christ » ( ២:១៣ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមរកមើល ហើយធ្វើបញ្ជីនៅក្នុងជួរឈរខាងស្ដាំនៃតារាងរបស់អ្នកពីរបៀបដែលអ្នកអាចទទួលបានពរជ័យ ដោយសារការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។ « ហាលេលូយ៉ា » គឺជាការនិយាយមួយដែលមានន័យថា « ចូរអ្នកសរសើរដល់ព្រះអម្ចាស់ » ( សូមមើល Bible Dictionary « Hallelujah » ) ។
-
តើអ្នកបានរៀនអ្វីពីវីដេអូដែលធ្វើឲ្យអ្នកចង់សរសើរដល់ព្រះអម្ចាស់ ?
សូមគិតត្រឡប់ទៅសំណួរពីខាងដើមមេរៀន ៖ « ហេតុអ្វីការមានព្រះជន្មរស់ឡើងវិញសំខាន់ចំពោះអ្នក ? »
-
តើចម្លើយរបស់អ្នកចំពោះសំណួរនោះជះឥទ្ធិពលយ៉ាងណាចំពោះអ្វីដែលអ្នកបានសិក្សាថ្ងៃនេះ ?
-
សូមអ្នកស្រមៃមើលថា តើអ្នកនឹងមានអារម្មណ៍យ៉ាងណាអំពីព្រះយេស៊ូវគ្រីស្ទ នៅពេលទ្រង់ប្រទានជីវិតថ្មីដល់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក ?
អត្ថន័យនៃការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ចំពោះយើង
ថ្នាក់ដឹកនាំសាសនាចក្រសម័យបុរាណ និងសម័យទំនើបបានថ្លែងទីបន្ទាល់អំពីការឈ្នះលើសេចក្ដីស្លាប់របស់ព្រះអង្គសង្គ្រោះមានអត្ថន័យសម្រាប់យើង ។
សូមអាន កូរិនថូស ទី១ ១៥:៥១–៥៨ , អាលម៉ា ១១:៤២–៤៤ និងសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ផល វី. ចនសុន ក្នុងពួកចិតសិបនាក់ ដែលកូនស្រីរបស់លោកបានស្លាប់ដោយសារជំងឺមហារីក ។ សូមបន្ថែមព័ត៌មានលម្អិតសំខាន់ៗដែលអ្នកឃើញទៅក្នុងតារាងរបស់អ្នក ។ សូមចំណាំថា « មិនពុករលួយទៀតឡើយ » ( កូរិនថូស ទី១ ១៥:៥២ ) មានន័យថាបន្តទៅជារៀងរហូត ហើយមិនពុកផុយឡើយ ។
យើងម្នាក់ៗមាននូវដែនកំណត់នៃរូបកាយផ្លូវចិត្ត និងសតិអារម្មណ៍ព្រមទាំងភាពទន់ខ្សោយ ។ ឧបសគ្គទាំងនេះ … នៅទីបំផុតនឹងត្រូវបានដោះស្រាយ ។ បញ្ហាទាំងនេះនឹងមិនធ្វើឲ្យយើងឈឺចាប់ឡើយបន្ទាប់ពីយើងបានរស់ឡើងវិញហើយ ។ …
… យើងដឹងថា [ ព្រះគ្រីស្ទ ] អាចធ្វើឲ្យយើងជាសះស្បើយ មិនថាមានអ្វីឈឺចាប់ក្នុងចិត្តយើងនោះទេ ។ យើងដឹងថាទ្រង់ « នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែក [ របស់យើង ] ចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ » [ វិវរណៈ ២១:៤ ] ។
( ផល វី. ចនសុន « And There Shall Be No More Death » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១២២–១២៣ )
សូមពិនិត្យមើលតារាងរបស់អ្នកឡើងវិញ ។ សូមសញ្ជឹងគិតពីរបៀបនៃអ្វីដែលអ្នកបានកត់ត្រាជះឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទ ។
-
តើការប្រើតារាងនេះបានជួយដល់ការសិក្សារបស់អ្នកយ៉ាងដូចម្ដេច ?
-
តើអ្វីដែលអ្នកបានកត់ត្រាជះឥទ្ធិពលលើសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះ និងពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
ដើម្បីបញ្ចប់ការសិក្សារបស់អ្នក សូមពិចារណាមើល « I Know That My Redeemer Lives » ( ៥:២៥ ) ឬអានទំនុកបទនេះ « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ( ទំនុកតម្កើង ល.រ. ៧៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
នៅផ្នែកខាងក្រោមនៃតារាងរបស់អ្នក សូមសរសេរអ្វីដែលអ្នកបានរៀន ឬទទួលអារម្មណ៍នៅថ្ងៃនេះ ដែលមានអត្ថន័យបំផុតសម្រាប់អ្នក និងហេតុផល ។
វិចារណកថា និងព័ត៌មានសាច់រឿង
តើចំណេះដឹងអំពីអំណាចនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទអាចជះឥទ្ធិពលមកលើខ្ញុំយ៉ាងដូចម្ដេច ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានពន្យល់ ៖
ការធានាថាការរស់ឡើងវិញនឹងរួមបញ្ចូលឱកាសមួយដើម្បីនៅជាមួយសមាជិកគ្រួសាររបស់យើង—គឺស្វាមី ភរិយា ឪពុកម្ដាយ បងប្អូនប្រុសស្រី កូន និងចៅ—គឺជាការលើកទឹកចិត្តដ៏ខ្លាំងមួយសម្រាប់យើងក្នុងការបំពេញទំនួលខុសត្រូវក្នុងគ្រួសាររបស់យើងក្នុងជីវិតរមែងស្លាប់ ។ វាជួយយើងរស់នៅជាមួយគ្នានៅក្នុងសេចក្ដីស្រឡាញ់នៅក្នុងជីវិតនេះដើម្បីចូលរួមក្នុងការរួបរួម និងទំនាក់ទំនងនៅជីវិតក្រោយដោយអំណរ ។
( ដាល្លិន អេក អូក « Resurrection » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ១៦ )
សូមពិចារណាមើល « Sunday Will Come » ( ២:៣១ ) សម្រាប់ការយល់ដឹងបន្ថែម ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
តើដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះជួយដល់ការបាត់បង់ដែលយើងជួបប្រទះក្នុងជីវិតរមែងស្លាប់យ៉ាងដូចម្ដេច ?
សូមមើល « Come What May, and Love It » ចាប់ពីលេខកូដម៉ោង ៨:២៣ ដល់ ៩:១២ ដែល អែលឌើរ យ៉ូសែប ប៊ី វើតលីន ( ឆ្នាំ ១៩១៧–២០០៨ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ពន្យល់អំពីរបៀបដែលព្រះអង្គសង្គ្រោះជួយយើងជាមួយនឹងការបាត់បង់ដែលយើងជួបប្រទះនៅក្នុងជីវិតរមែងស្លាប់ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
« ព្រះអង្គសង្គ្រោះធ្វើឲ្យគ្រប់យ៉ាងត្រឹមត្រូវ ។ គ្មានភាពអយុត្តិធម៌ក្នុងជីវិតរមែងស្លាប់នៅគង់វង្សឡើយ សូម្បីតែសេចក្ដីស្លាប់ក៏មិនគង់វង្សដែរ ដ្បិតទ្រង់ប្រោសជីវិតឲ្យរស់ឡើងវិញ ។ គ្មានការខូចខាត អសមត្ថភាព ភាពក្បត់ ឬការរំលោភបំពានណាដែលកើតមានដោយគ្មានការទូទាត់នៅទីបំផុតឡើយ គឺព្រោះតែសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណាទ្រង់ ។
( ឌី ថត គ្រីស្តូហ្វឺសិន « The Resurrection of Jesus Christ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១២ )
តើមនុស្សគ្រប់គ្នានឹងរស់ឡើងវិញក្នុងពេលតែមួយដែរឬទេ ?
« ប៉ុលបានពន្យល់ថា ដំណើររស់ឡើងវិញធ្វើតាមយថានុក្រម ឬលំដាប់តគ្នាដែលបានបង្កើតឡើង ( សូមមើល កូរិនថូស ទី១ ១៥:២៣ ) ។ …
« ព្រះយេស៊ូវគ្រីស្ទគឺជាអង្គដំបូងដែលបានមានព្រះជន្មរស់ឡើងវិញ ។ ភ្លាមៗបន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ នោះមានពួកបរិសុទ្ធសុចរិតដែលបានងើបឡើងពីផ្នូរ ( សូមមើល ម៉ាថាយ ២៧:៥២–៥៣ ) ។ នៅពេលការយាងមកជាលើកទីពីរ នោះដំណើររស់ឡើងវិញនឹងបន្តជាមួយនឹងការចេញមករបស់ពួកបរិសុទ្ធសុចរិតផ្សេងទៀត ដែល ‹ ជារបស់ផងព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់យាងមក › ( កូរិនថូស ទី១ ១៥:២៣ ) ។ តាមរយៈវិវរណៈថ្ងៃចុងក្រោយ យើងដឹងថា មនុស្សទាំងនេះនឹងទទួលបាននគរសេឡេស្ទាល [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០–៧០ ; ៨៨:៩៧–៩៨ ] ។ បន្ទាប់មកការរស់ឡើងវិញនឹងកើតមានដល់អស់អ្នកដែលនឹងទទួលបានសិរីល្អទេរេសទ្រាល [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៧១–៧៩ ; ៨៨:៩៩ ] ។ នៅចុងសហសវត្សរ៍ នោះពួកអ្នកដែលរស់ឡើងវិញបន្ទាប់នោះគឺពួកអ្នកដែលនឹងគ្រងនូវសិរីល្អនៃទេឡេស្ទាល [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៨១–៨៦ ; ៨៨:១០០–១០១ ] ។ ទីបំផុត ដំណើររស់ឡើងវិញនឹងត្រូវបានបញ្ចប់ដោយការងើបឡើងមកនៃ … ‹ ពួកកូនអន្តរធាន › ដែលនឹងមិនទទួលបានលំដាប់នៃសិរីល្អអ្វីទេ ប៉ុន្តែនឹង ‹ វិលទៅកន្លែងគេវិញ ដើម្បីត្រេកអរចំពោះអ្វីដែលពួកគេព្រមទទួល ពីព្រោះពួកគេមិនព្រមត្រេកអរចំពោះអ្វី ដែលពួកគេអាចទទួលបាននោះឡើយ › [ សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៣១–៣៩, ៤៣–៤៤ ; ៨៨:២៨–៣២, ៣៥, ១០១–១០២ ] » ( សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់សិស្ស [ ឆ្នាំ ២០១៤ ] ទំព័រ ៣៨៥ ) ។
វិញ្ញាណទាំងនោះដែលបះបោរនៅមុនជីវិតរមែងស្លាប់ ហើយមិនបានទទួលរូបកាយរមែងស្លាប់នឹងមិនស្ថិតក្នុងចំណោមអ្នកដែលនឹងរស់ឡើងវិញទេ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៣២–៣៩ ) ។