ចំណេះចំណានខាងគោលលទ្ធិ ៖ កូរិនថូស ទី១ ១៥:២០–២២
« នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ »
នៅក្នុងមេរៀនពីមុន អ្នកបានរៀនថា ដោយសារការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ នោះបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌នឹងរស់ឡើងវិញ ( សូមមើល កូរិនថូស ទី១ ១៥:២០–២២ ) ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ កូរិនថូស ទី១ ១៥:២០–២២ ពន្យល់ពីគោលលទ្ធិនៃការរស់ឡើងវិញ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតពិត ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទន្ទេញ និងពន្យល់
ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បានបង្រៀនថា « ព្រឹត្តិការណ៍ទាំងអស់នៃប្រវត្តិសាស្ត្រមនុស្សជាតិ គ្មានអ្វីសំខាន់ដូចការមានព្រះជន្មរស់ឡើងវិញនៃព្រះរាជបុត្រានៃព្រះឡើយ » ( « The Empty Tomb Bore Testimony » Ensign ខែ ឧសភា ឆ្នាំ ១៩៨៨ ទំព័រ ៦៥ ) ។
សូមប្រើសេចក្តីពិតទាំងឡាយពី កូរិនថូស ទី១ ១៥:២០–២២ ,ដូចជា ដោយសារដំណើររស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នោះមនុស្សគ្រប់គ្នានឹងរស់ឡើងវិញ, ដើម្បីពន្យល់ពីមូលហេតុដែលការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ។ សូមរួមបញ្ចូលមូលហេតុដែលវាមានសារៈសំខាន់សម្រាប់អ្នកផ្ទាល់ ។
សូមចំណាយពេលមួយភ្លែតដើម្បីទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ កូរិនថូស ទី១ ១៥:២០–២២ ។ ជំហាននានាខាងក្រោមគឺជាវិធីមួយដើម្បីធ្វើបែបនេះ ។
-
នៅលើក្បាលទំព័រ សូមសរសេរសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ កូរិនថូស ទី១ ១៥:២០–២២ ៖ « ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។
-
សូមបត់ក្បាលទំព័ររបស់អ្នកចុះក្រោម ដើម្បីកុំឲ្យអ្នកឃើញអ្វីដែលអ្នកបានសរសេរ ។ បន្ទាប់មក សូមសរសេរសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបានចេញពីការចងចាំ ។
-
សូមលាក្បាលទំព័រ ដើម្បីពិនិត្យភាពត្រឹមត្រូវរបស់អ្នក និងកែកំហុសនានាណាមួយ ។
-
សូមធ្វើដំណើរការនេះឡើងវិញម្ដងហើយម្ដងទៀតរហូតដល់អ្នកអាចសរសេរសេចក្ដីយោងបទគម្ពីរ និងឃ្លាខគម្ពីរគន្លឹះយ៉ាងល្អឥតខ្ចោះពីការចងចាំ ។
រៀនអនុវត្ត
ដោយសារការធ្លាក់របស់អ័ដាម និងនាងអេវ៉ា នោះបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ម្នាក់ៗដែលដកពិសោធន៍ជីវិតរមែងស្លាប់នៅលើផែនដីនឹងស្លាប់ ( សូមមើល កូរិនថូស ទី១ ១៥:២១–២២ ) ។ ពេលយើងឆ្លងកាត់ការស្លាប់របស់នរណាម្នាក់ដែលជិតស្និទ្ធនឹងយើង នោះយើងយល់ពីអារម្មណ៍សោកសៅនោះ ។ ទោះបីជាបទពិសោធន៍ទាំងនេះមានភាពខុសប្លែកគ្នាសម្រាប់មនុស្សគ្រប់គ្នាក៏ដោយ ប៉ុន្តែការយល់ដឹង និងការអនុវត្តសេចក្តីពិតនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ អាចជួយដោះស្រាយនូវទុក្ខសោកនោះបាន ។
អែលឌើរ អេស ម៉ាក ផលម័រ នៃពួកចិតសិបនាក់បានពិពណ៌នាពីបទពិសោធន៍របស់ឪពុកម្តាយលោកអំពីការស្លាប់របស់ប្អូនស្រីលោក មុនពេលឪពុកម្តាយលោកបានរៀនអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
សូមមើល « Our Sorrow Shall Be Turned into Joy » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org, ចាប់ពីលេខកូដម៉ោង ៣:២៧ ដល់ ៤:២៦ ឬអានសេចក្ដីថ្លែងការណ៍ខាងក្រោម ។
ឪពុកម្តាយរបស់ខ្ញុំគឺជាកសិករចិញ្ចឹមសត្វចៀមនៅប្រទេស នូវវែលសេឡង់ ។ ជីវិតរបស់ពួកលោករីករាយណាស់ ។ កាលជាគូស្វាមីភរិយាវ័យក្មេង ពួកលោកមានពរដែលមានកូនស្រីតូចៗបីនាក់ ។ កូនពៅគេមានឈ្មោះថា អាន ។ នៅថ្ងៃមួយពេលពួកលោកធ្វើដំណើរកម្សាន្ដទៅលេងបឹងមួយជាមួយគ្នា នោះ អាន ដែលមានអាយុ ១៧ ខែ ដែលចេះដើរតេះតាស់នោះបានបាត់ខ្លួន ។ បន្ទាប់ពីខំស្វែងរកអស់ប៉ុន្មាននាទីមក អាន ត្រូវបានគេរកឃើញថាស្លាប់បាត់បង់ជីវិតនៅក្នុងទឹក ។
សុបិនអាក្រក់នេះធ្វើឲ្យពួកលោកសោកសៅហួសនឹងថ្លែង ។ ជាច្រើនឆ្នាំក្រោយមក ឪពុករបស់ខ្ញុំបានសរសេរថា សំណើចក្អាកក្អាយដែលធ្លាប់មាន បានចាកចេញពីជីវិតរបស់ពួកលោកជារៀងរហូតហើយ ។ វាចាប់ផ្តើមធ្វើឲ្យចង់ដឹងចម្លើយចំពោះសំណួរសំខាន់បំផុតនៃជីវិតថា « តើ អាន ជាទីស្រឡាញ់បំផុតរបស់យើងនឹងទៅទីណា ? តើយើងនឹងជួបនាងម្តងទៀតដែរឬទេ ? តើក្រុមគ្រួសាររបស់យើងអាចរីករាយម្តងទៀតដោយរបៀបណា ?
( អេស ម៉ាក ផលម័រ « Our Sorrow Shall Be Turned into Joy » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨៨–៨៩ )
-
តើនៅពេលណាដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានឆ្លងកាត់នូវអារម្មណ៍ស្រដៀងគ្នាទៅនឹងឪពុកម្តាយរបស់អែលឌើរ ផលម័រ បន្ទាប់ពីការបាត់បង់មនុស្សជាទីស្រឡាញ់នោះ ?
-
តើការមិនដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌អាចធ្វើឲ្យស្ថានភាពទាំងនេះកាន់តែលំបាកដោយរបៀបណា ?
គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយយើងឲ្យស្មោះត្រង់ស៊ូទ្រាំនឹងស្ថានភាពលំបាកដូចជាគ្រួសារ ផលម័រ បានជួបផងដែរ ។សូមស្រមៃថា អ្នកគឺជាមិត្តភក្តិនឹងបងស្រីម្នាក់របស់ អាន ដែលឥឡូវនេះកំពុងស្មុគស្មាញជាមួយនឹងសំណួរ និងបញ្ហាប្រឈមជាច្រើនបន្ទាប់ពីបាត់បង់ អាន ទៅ ។ អ្នកមានអារម្មណ៍ថាត្រូវបានជំរុញឲ្យសរសេរសំបុត្រលើកទឹកចិត្ត និងគាំទ្រដល់នាង ។ ម៉្យាងទៀត សូមសរសេរសំបុត្រមួយ ហើយប្រគល់វាទៅនរណាម្នាក់ដែលអ្នកដឹងថាអ្នកនោះនឹងទទួលបានអត្ថប្រយោជន៍ពីវា ។
ដើម្បីត្រៀមសរសេរសំបុត្រនេះ សូមអានកថាខណ្ឌទី ៥–៨,១១ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណនៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូមរកមើល និងគូសពាក្យ ឃ្លា ព្រះគម្ពីរ ឬសេចក្តីពិតទាំងឡាយ ដែលអ្នកមានអារម្មណ៍ថា មានប្រយោជន៍សម្រាប់មនុស្សដែលអ្នកកំពុងសរសេរទៅនោះ ។
-
តើការព្យាយាមមើលឃើញមនុស្សដែលអ្នកកំពុងសរសេរទៅ ដូចដែលព្រះវរបិតាសួគ៌ទតឃើញពួកគេផ្លាស់ប្តូរអ្វីដែលអ្នកសរសេរទៅពួកគេដោយរបៀបណា ?
សូមសរសេរសំបុត្រទៅបងស្រីរបស់ អាន ឬអ្នកផ្សេងទៀតដែលអ្នកជ្រើសរើស ។ សូមរួមបញ្ចូលការយល់ដឹងពីគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សូមពិចារណាគំនិតមួយចំនួនខាងក្រោមនៅពេលអ្នកសរសេរ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើការធ្វើសកម្មភាពដោយសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទមានលក្ខណៈដូចម្ដេចក្នុងស្ថានភាពរបស់ពួកគេ ?
-
តើការធ្វើសកម្មភាពដោយសេចក្ដីជំនឿទៅលើព្រះគ្រីស្ទអាចជួយយើងឲ្យស៊ូទ្រាំនឹងការបាត់បង់បានយ៉ាងដូចម្ដេច ?
-
តើបទពិសោធន៍មួយណាដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ធ្លាប់មានបទពិសោធន៍ ដែលការធ្វើសកម្មភាពដោយសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទបានជួយពួកគេក្នុងការស៊ូទ្រាំនឹងបញ្ហាប្រឈមស្រដៀងគ្នានេះ ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
-
តើសេចក្ដីពិតអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់អាចលួងលោមក្នុងស្ថានភាពរបស់មនុស្សដែលអ្នកកំពុងសរសេរទៅនោះ ? ហេតុអ្វីទៅ ?
-
តើការមានទស្សនវិស័យដ៏នៅអស់កល្បជានិច្ចមួយអាចជួយពួកគេឲ្យដឹងពីរបៀបឆ្លើយតបក្នុងស្ថានភាពរបស់ពួកគេយ៉ាងដូចម្ដេច ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើឃ្លាអ្វីខ្លះពី កូរិនថូស ទី១ ១៥:២០–២២ នឹងមានប្រយោជន៍សម្រាប់ពួកគេ ? ហេតុអ្វីទៅ ?
-
តើប្រភពដែលបានតែងតាំងដ៏ទេវភាពអ្វីទៀតដែលនឹងជួយពួកគេឲ្យអភិវឌ្ឍសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ?
សូមពិចារណាបញ្ចប់សំបុត្ររបស់អ្នកដោយការចែកចាយទីបន្ទាល់របស់អ្នក ។