កិច្ចការ ១០ ផ្នែកទី ២
គោលការណ៍នៃការទទួលវិវរណៈ
ព្រះវរបិតាសួគ៌ជាទីស្រឡាញ់បានប្រទានពរដល់កូនេលាស និងពេត្រុសដោយវិវរណៈដើម្បីជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីព្រះទ័យទ្រង់ ។ នៅពេលពួកគេធ្វើតាមវិវរណៈដែលពួកគេបានទទួល នោះពួកគេត្រូវបានប្រទានពរដោយពន្លឺ និងចំណេះដឹងបន្ថែម ។ មេរៀននេះអាចជួយអ្នកបង្កើនការយល់ដឹងរបស់អ្នកអំពីរបៀបដែលព្រះវរបិតាសួគ៌អាចបង្ហាញព្រះហឫទ័យរបស់ទ្រង់ដល់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការផ្ញើសារសំខាន់មួយ ។
សូមស្រមៃថាអ្នកត្រូវតែផ្តល់សារសំខាន់មួយទៅកាន់នរណាម្នាក់ដែលមិននៅជាមួយអ្នក ។
-
តើមានវិធីអ្វីខ្លះដែលអ្នកអាចបញ្ជូនសារនេះទៅកាន់ពួកគេបាន ?
-
តើមានវិធីណាខ្លះដែលព្រះវរបិតាសួគ៌អាចបញ្ជូនសារសំខាន់ៗដល់អ្នក ?
ព្រះវរបិតាសួគ៌មានសារសំខាន់ៗជាច្រើនដើម្បីចែកចាយជាមួយកូនចៅរបស់ទ្រង់ ។ សារខ្លះគឺសម្រាប់អ្នករាល់គ្នា ខណៈពេលដែលសារខ្លះទៀតត្រូវបានកំណត់សម្រាប់តែអ្នកផ្ទាល់ប៉ុណ្ណោះ ។ ព្រះវរបិតាសួគ៌ប្រាស្រ័យទាក់ទងជាមួយបុគ្គលម្នាក់ៗតាមរយៈវិវរណៈផ្ទាល់ខ្លួន ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលវិធីដែលព្រះអាចនឹងបើកសម្ដែងសារសំខាន់ៗរបស់ទ្រង់ ដើម្បីអ្នកអាចស្គាល់វិវរណៈនោះនៅពេលដែលវាកើតឡើង ។
ព្រះវរបិតាសួគ៌បើកសម្តែងព្រះហឫទ័យរបស់ទ្រង់ដល់ពេត្រុស និងកូនេលាស
សូមពិនិត្យមើលដំណើររឿងរបស់កូនេលាស និងពេត្រុសនៅក្នុង កិច្ចការ ១០:១–២៨,៤៤–៤៨ ( សូមមើលផងដែរនូវមេរៀន « កិច្ចការ ១០, ផ្នែកទី ១ » ) ។ នៅពេលអ្នកពិនិត្យមើល សូមរកមើលរបៀបដែលពួកគេបានយល់ពីអ្វីដែលព្រះវរបិតាសួគ៌កំពុងបង្ហាញដល់ពួកគេ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីវិវរណៈចេញពីដំណើររឿងនេះ ?
-
តើអ្នកអាចរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ពីសេចក្ដីពិតអំពីវិវរណៈដែលអ្នកបានរកឃើញ ?
-
តើពរជ័យ និងសេចក្តីពិតអ្វីខ្លះដែលពេត្រុស និងកូនេលាសអាចនឹងខកខានមិនបានទទួល ប្រសិនបើពួកលោកមិនបានធ្វើសកម្មភាពតាមអ្វីដែលពួកលោកបានទទួលនោះ ?
មួយបន្ទាត់ម្ដងៗ
សេចក្តីពិតអំពីវិវរណៈដែលបានបង្ហាញក្នុងដំណើររឿងនេះគឺថា ព្រះវរបិតាសួគ៌បើកសម្តែងសេចក្តីពិតរបស់ទ្រង់មួយបន្ទាត់ម្ដងៗ( សូមមើល នីហ្វៃ ទី ២ ២៨:៣០ ) ។
សូមកត់សម្គាល់ថា ទាំងកូនេលាស ឬពេត្រុសមិនបានទទួលព័ត៌មានទាំងអស់ដែលព្រះមានសម្រាប់ពួកលោកភ្លាមៗនោះទេ ។ ទេវតាបានប្រាប់កូនេលាសឲ្យស្វែងរកពេត្រុស ហើយ « គាត់នឹងប្រាប់ឲ្យអ្នកដឹង ពីការដែលអ្នកត្រូវធ្វើជាយ៉ាងណា » ( កិច្ចការ ១០:៥–៦ ) ។ បន្ទាប់ពីពេត្រុសបានទទួលការនិមិត្តរបស់លោកលោក « នៅងោងក្នុងខ្លួន ពីន័យការជាក់ស្តែងដែលបានឃើញនោះនៅឡើយ » ( កិច្ចការ ១០:១៧ ) ។ គាត់មិនបានយល់ទាំងស្រុងពីអត្ថន័យនៃការនិមិត្តនោះទេ រហូតដល់គាត់បានជួបជាមួយកូនេលាស ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិពណ៌នាអំពីតើវាមានន័យយ៉ាងណាចំពោះយើង ។ សូមមើលវីដេអូ « Patterns of Light: Spirit of Revelation » ( ៣:០៤ ) ដែលមាននៅលើគេហទំព័រChurchofJesusChrist.org ឬអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ។
ការបង្កើនពន្លឺបន្ដិចម្ដងៗ មកពីពន្លឺព្រះអាទិត្យរះឡើង គឺដូចជាការទទួលសារលិខិតមួយមកពីព្រះ « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ( នីហ្វៃទី ២ ២៨:៣០ ) ។ ជានិច្ចកាល វិវរណៈកើតឡើងនៅក្នុងចំនួនដ៏តូចបន្តិចម្ដងៗតាមពេលវេលា ហើយត្រូវបានផ្ដល់ឲ្យស្របតាមបំណងប្រាថ្នា ភាពស័ក្ដិសម និងការរៀបចំខ្លួនរបស់យើង ។ … គំរូនៃវិវរណៈនេះជាទូទៅ ហាក់ដូចមានច្រើនជាងដោយកម្រ ។
( ដេវីឌ អេ បែដណា « The Spirit of Revelation » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៨ )
-
តើវាអាចជាពរជ័យមួយយ៉ាងដូចម្ដេច ដែលព្រះវរបិតាសួគ៌ប្រទានវិវរណៈដល់យើងបន្តិចម្ដងៗ ជាជាងប្រទានទាំងអស់ក្នុងពេលតែមួយ ?
-
តើគុណលក្ខណៈដូចព្រះគ្រីស្ទអ្វីខ្លះដែលអាចជួយយើងអភិវឌ្ឍ ?
ការធ្វើសកម្មភាពតាមវិវរណៈ
ដោយសារកូនេលាស និងពេត្រុសបានធ្វើតាមវិវរណៈដែលពួកលោកបានទទួលដំបូង នោះពួកលោកបានប្រទានពរដោយការយល់ដឹងកាន់តែពេញលេញ ។ ដែលបង្ហាញពីការពិតមួយផ្សេងទៀតដែលមាននៅក្នុង កិច្ចការ ១០ ៖ ព្រះវរបិតាសួគ៌នឹងប្រទានពរដល់យើងដោយវិវរណៈបន្ថែម នៅពេលយើងធ្វើតាមវិវរណៈដែលយើងទទួលបាន ។
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីសារៈសំខាន់នៃការធ្វើតាមវិវរណៈដែលបានមកពីព្រះវរបិតាសួគ៌ ។ សូមមើលវីដេអូ « Let the Holy Spirit Guide » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ១៤:៤១ ដល់ ១៥:១៩ ឬអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ។
ប្រសិនបើយើងយកចិត្តទុកដាក់ចំពោះការបំផុសគំនិតដែលបានបំផុសដល់យើង នោះយើងនឹងរីកចម្រើនឡើងក្នុងវិញ្ញាណនៃវិវរណៈហើយទទួលបានការយល់ដឹង និងការណែនាំដែលដឹកនាំដោយព្រះវិញ្ញាណកាន់តែច្រើនឡើងៗ ។ ព្រះអម្ចាស់បានមានបន្ទូលថា« ចូរដាក់ទីទុកចិត្តរបស់អ្នកទៅនឹងព្រះវិញ្ញាណនោះដែលនាំឲ្យធ្វើល្អ » [ គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២ ] ។
សូមឲ្យយើងទទួលយកការហៅរបស់ព្រះអម្ចាស់ដោយហ្មត់ចត់« ចូរសង្ឃឹមឡើង ដ្បិតយើងនឹងដឹកនាំអ្នករាល់គ្នា » [ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៨ ] ។ ទ្រង់ដឹកនាំយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមយើងរស់នៅឲ្យជិតស្និទ្ធនឹងព្រះវិញ្ញាណ ធ្វើតាមការបំផុសគំនិតដំបូងភ្លាមៗ ដោយដឹងថាវាជាការបំផុសមកពីព្រះ ។
( រ៉ូណល អេ រ៉ាសបាន « Let the Holy Spirit Guide » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩៦ )
-
តើអ្នកអាចរៀបចំខ្លួនទទួលវិវរណៈដោយរបៀបណា ?
វិវរណៈសម្រាប់ជីវិតរបស់អ្នក
-
តើអ្នកបានរៀនអ្វីខ្លះអំពីវិវរណៈដែលអាចជួយអ្នកក្នុងកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក ?
-
តើវិវរណៈអ្វីដែលព្រះវរបិតាសួគ៌បានប្រទានដល់អ្នក ដែលអ្នកត្រូវធ្វើតាម ហើយតើអ្នកអាចធ្វើតាមវាដោយរបៀបណា ?
-
តើអ្នកបានរៀនអ្វីខ្លះ ដែលអាចជួយអ្នកឲ្យមើលឃើញសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះអ្នក ?
វិចារណកថា និង ព័ត៌មានសាច់រឿង
តើខ្ញុំអាចស្គាល់វិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ?
សូមពិចារណាមើលវីដេអូ « Feeling the Holy Ghost » ( ៣:១៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីស្តាប់អំពីវិធីផ្សេងៗដែលមនុស្សមានអារម្មណ៍ និងស្គាល់អំពីព្រះវិញ្ញាណបរិសុទ្ធ ។
តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើខ្ញុំមិនមានអារម្មណ៍ថាខ្ញុំទទួលបានវិវរណៈពីព្រះវរបិតាសួគ៌ សូម្បីតែនៅពេលដែលខ្ញុំស្វែងរកវាក្តី ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
នៅក្នុងភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមជាច្រើនដែលយើងជួបប្រទះនៅក្នុងជីវិតរបស់យើង ហើយព្រះតម្រូវឲ្យយើងធ្វើ ឲ្យអស់ពីសមត្ថភាព នូវអ្វីដែលត្រូវធ្វើតាម និងមិនត្រូវធ្វើតាម ( សូមមើល នីហ្វៃទី ២ ២:២៦ ) ហើយទុកចិត្តលើទ្រង់ ។ យើងអាចនឹងពុំដែលឃើញពួកទេវតា ពុំដែលឮសំឡេងពីស្ថានសួគ៌ ឬទទួលអារម្មណ៍ខាងវិញ្ញាណដ៏ខ្លាំងក្លានោះទេ ។ ជាញឹកញប់ យើងអាចនឹងបន្តក្តីសង្ឃឹមនិងអធិស្ឋាន—ប៉ុន្តែដោយគ្មានការធានាពេញលេញ—ថាយើងកំពុងធ្វើតាមព្រះទ័យរបស់ព្រះ ។ ប៉ុន្តែនៅពេលយើងគោរពសេចក្ដីសញ្ញារបស់យើង ហើយរក្សាបទបញ្ញត្តិទាំងឡាយ កាលយើងព្យាយាមធ្វើល្អ និងប្រែក្លាយកាន់តែប្រសើរឡើង នោះយើងអាចដើរដោយមានទំនុកចិត្តថា ព្រះនឹងដឹកនាំជំហានរបស់យើង ។
( ដេវីឌ អេ បែដណា « The Spirit of Revelation » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩០ )
តើទម្លាប់ ឬសកម្មភាពអ្វីខ្លះដែលអាចរារាំងខ្ញុំពីការទទួលបានវិវរណៈ ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖
នៅក្នុងព្រះគម្ពីរ ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធត្រូវបានពិពណ៌នាជាញឹកញប់ថាជា « មានឮសំឡេងតូចរហៀងៗ » ( ពង្សាវតារក្សត្រ ទី ១ ១៩:១២ ; នីហ្វៃ ទី ១ ១៧:៤៥ សូមមើលផងដែរ នីហ្វៃ ទី ៣ ១១:៣ ) និង « សំឡេងនៃភាពស្រទន់ឥតខ្ចោះ » ( ហេលេមិន ៥:៣០ ) ។ ដោយសារតែព្រះវិញ្ញាណខ្សឹបមកកាន់យើងដោយស្រទន់ និងស្រាលៗ នោះវាងាយដើម្បីយល់ថា ហេតុអ្វីយើងគួរតែចៀសវាងពីប្រព័ន្ធផ្សព្វផ្សាយពុំសមរម្យ រូបអាសគ្រាម សារធាតុញៀន និងអាកប្បកិរិយាដែលបង្កគ្រោះថ្នាក់នានា ។ ឧករណ៍របស់មារសត្រូវទាំងនេះអាចធ្វើឲ្យទន់ខ្សោយ និងបំផ្លាញសមត្ថភាពក្នុងការស្គាល់ និងឆ្លើយតបចំពោះសារលិខិតដ៏ប្រសប់មកពីព្រះ ដែលបានផ្ដល់ឲ្យដោយព្រះចេស្ដារនៃព្រះវិញ្ញាណរបស់ទ្រង់បន្តិចម្តងៗ ។
( ដេវីឌ អេ បែដណា « The Spirit of Revelation » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៨ )
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីបង្កើនសមត្ថភាពរបស់ខ្ញុំដើម្បីទទួលយកវិវរណៈ ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានថ្លែង ៖
ការឈានទៅមុខជាមួយនឹងការបម្រើ និងកិច្ចការរបស់យើង គឺជារបៀបដ៏សំខាន់មួយដើម្បីស័ក្តិសមទទួលបានវិវរណៈ ។ នៅក្នុងការសិក្សាព្រះគម្ពីររបស់ខ្ញុំ ខ្ញុំបានកត់សម្គាល់ថា វិវរណៈដែលមានដល់បុត្រាបុត្រីព្រះ ភាគច្រើនបំផុត បានកើតមាននៅពេលពួកគេធ្វើកិច្ចការ មិនមែនពេលពួកគេកំពុងអង្គុយក្នុងលំនៅដ្ឋានរបស់ពួកគេ រង់ចាំឲ្យព្រះអម្ចាស់ប្រាប់ពួកគេពីជំហានទីមួយដែលត្រូវធ្វើនោះទេ » ។ …
យើងនឹងទទួលបានការបំផុសគំនិតពីព្រះវិញ្ញាណ នៅពេលយើងបានធ្វើអ្វីៗដែលយើងអាចធ្វើបាន នៅពេលយើងចេញទៅធ្វើការនៅក្រោមពន្លឺព្រះអាទិត្យជាជាងអង្គុយក្នុងម្លប់អធិស្ឋានសូមការដឹកនាំលើជំហានដំបូងដែលត្រូវឈាន ។ វិវរណៈមកពេលកូនចៅរបស់ព្រះកំពុងធ្វើសកម្មភាព ។
ដូច្នេះ យើងអាចធ្វើអស់ពីសមត្ថភាពរបស់យើង ។ រួចហើយ យើងរង់ចាំព្រះអម្ចាស់ដើម្បីទទួលវិវរណៈរបស់ទ្រង់ ។ ទ្រង់មានកាលវិភាគរបស់ទ្រង់ផ្ទាល់ ។
( ដាល្លិន អេក អូក « In His Own Time, in His Own Way » Ensign ខែ សីហា ឆ្នាំ ២០១៣ ទំព័រ ២២, ២៤ )
សម្រាប់ការណែនាំបន្ថែមទៀតអំពីរបៀបបង្កើនសមត្ថភាពរបស់អ្នកដើម្បីទទួលអារម្មណ៍ពីព្រះវិញ្ញាណ ហើយទទួលបានវិវរណៈ សូមពិចារណាអាន « Feeling the Spiri » ( ប៉ុល វែនឌិនប៊ើក New Era ខែ តុលា ឆ្នាំ ២០១១ ទំព័រ ២៦–២៩ ) ។