ថ្នាក់​សិក្ខាសាលា
កិច្ចការ ១០ ផ្នែកទី ១


កិច្ចការ ១០ ផ្នែកទី ១

« ព្រះមិនរើសមុខអ្នកណាទេ »

Cornelius greets Peter outside of his home. Outtakes include Cornelius kneeling, Peter raising Cornelius from the ground, surrounding landscape, and others involved in the filming.

ពេលព្រះយេស៊ូវបានបង្ហាញព្រះកាយចំពោះសិស្សរបស់ទ្រង់បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញ ទ្រង់បានបង្គាប់ពួកគេឲ្យផ្សាយដំណឹងល្អដល់ពិភពលោកទាំងមូល ( សូមមើល ម៉ាថាយ ២៨:១៩–២០ ) ។ ពីមុនដំណឹងល្អត្រូវបានចែកចាយជាចម្បងជាមួយសាសន៍យូដា ហើយពេត្រុស និងសិស្សផ្សេងទៀតបានបន្តផ្តោតកិច្ចការផ្សព្វផ្សាយសាសនារបស់ពួកលោកចំពោះសាសន៍យូដា ។ កូនេលាស ជាសាសន៍ដទៃដែលស្រឡាញ់ព្រះ ហើយស្វែងរកការណែនាំពីទ្រង់ត្រូវបានដឹកនាំតាមរយៈសារទូតសួគ៌ាដើម្បីស្វែងរកសាវកពេត្រុស ។ នៅពេលជាមួយគ្នានោះ ពេត្រុសមានការនិមិត្តមួយ ដែលជួយលោកឲ្យយល់កាន់តែច្បាស់អំពីអារម្មណ៍របស់ព្រះវរបិតាសួគ៌ចំពោះបុត្រាបុត្រីទាំងអស់របស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យគិតចំពោះអ្នកដទៃឲ្យកាន់តែដូចព្រះវរបិតាសួគ៌ និងព្រះយេស៊ូវទតឃើញអំពីពួកគេដែរ ។

ការប្រែក្លាយកាន់តែដូចព្រះគ្រីស្ទ ។ សូមជួយសិស្សឲ្យមើលឃើញពីទំនាក់ទំនងរវាងការរស់នៅតាមដំណឹងល្អ និងការប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ « ការប្រែក្លាយគឺជាដំណើរការផ្លាស់ប្ដូរលក្ខណៈសម្បត្តិមួយ និងនិស្ស័យរបស់សិស្ស ។ វាកើតមានតាមរយៈព្រះចេស្ដាប្រោសលោះ និងការពង្រឹងរបស់ព្រះយេស៊ូវគ្រីស្ទ » ( គីម ប៊ី ក្លាក « Deep Learning and Joy in the Lord » [ សុន្ទរកថាធ្វើឡើងនៅឯការចាក់ផ្សាយការបំពាក់បំប៉នប្រចាំឆ្នាំនៅថ្នាក់សិក្ខាសាលា និងវិទ្យាស្ថាននៃសាសនា ] ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យយកចិត្តទុកដាក់លើរបៀបដែលពួកគេយល់ឃើញ និងប្រព្រឹត្តចំពោះមនុស្សនៅជុំវិញខ្លួន និងមូលហេតុដែលពួកគេប្រព្រឹត្តតាមរបៀបនេះ ។ សូមស្នើសុំឲ្យពួកគេត្រៀមខ្លួនដើម្បីចែកចាយការយល់ដឹងមួយចំនួនពីការសង្កេតរបស់ពួកគេ ។

តើអ្នកមើលឃើញអ្វីខ្លះ ?

Clouds in a sunny sky

សូមក្រឡេកមើលពពក ( ទាំងខាងក្រៅ ឬក្នុងរូបភាពនេះ ) ហើយពិពណ៌នាអំពីអ្វីដែលអ្នកមើលឃើញ ។

  • ហេតុអ្វីបានជាមនុស្សពីរនាក់មើលពពកដូចគ្នា ប៉ុន្តែមើលឃើញរូបរាងផ្សេងគ្នាទៅវិញ ?

  • ហេតុអ្វីបានជាមនុស្សពីរនាក់មើលទៅមនុស្សម្នាក់ទៀត ប៉ុន្តែការយល់ឃើញពីមនុស្សនោះខុសគ្នា ?

  • តើអ្នកដឹងអ្វីខ្លះអំពីថាតើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទទតឃើញយើងម្នាក់ៗយ៉ាងដូចម្ដេច ?

សូមអញ្ជើញសិស្សឲ្យចែកចាយការសង្កេត និងការយល់ដឹងរបស់ពួកគេ ប្រសិនបើពួកគេបានបញ្ចប់សកម្មភាពរៀបចំរបស់សិស្សនេះហើយ ។

នៅពេលអ្នកសិក្សា សូមចងចាំថារបៀបដែលអ្នកយល់ឃើញពីមនុស្សជួនកាលអាចខុសពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទទតឃើញចំពោះពួកគេ ។ សូមអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំអ្នកអំពីអ្វីដែលអ្នកត្រូវធ្វើដើម្បីបំភ្លឺការយល់ឃើញរបស់អ្នកឲ្យបានពេញលេញជាមួយនឹងការទតឃើញរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។

ពេត្រុសបង្រៀនកូនេលាស ជាសាសន៍ដទៃ

រហូតមកដល់ត្រង់នេះ នៅក្នុងសម័យព្រះគម្ពីរសញ្ញាថ្មី ដំណឹងល្អបានប្រកាសដល់ពួកសាសន៍យូដាភាគច្រើន ដោយមានករណីលើកលែងតែពីរបី ដូចដែលបានណែនាំដោយព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ១០:៥–៦ ) ។ មានសមាជិកពីរបីនាក់នៃសាសនាចក្ររបស់ព្រះគ្រីស្ទ ដែលជាសាសន៍ដទៃ ( មិនមែនជាសាសន៍យូដា ) ពីកំណើត ប៉ុន្តែពួកគេបានប្រែចិត្តជឿសាសនាយូដារួចហើយមុននឹងដើរតាមព្រះគ្រីស្ទ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ថា បន្ទាប់ពីព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើពួកលោក នោះពួកលោកនឹងផ្សព្វផ្សាយដំណឹងល្អ « រហូតដល់ចុងផែនដីបំផុត » ( កិច្ចការ ១:៨ ) ។ នៅក្នុង កិច្ចការ ១០ យើងអានអំពីការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងរបៀបដែលសាសនាចក្របានធ្វើ ដែលនឹងជួយសម្របសម្រួលដល់ការណ៍នេះបាន ។

សូមអាន កិច្ចការ ១០:១–៨ ដើម្បីរៀនអំពីកូនេលាស ។ សូមរកមើលការចង្អុលបង្ហាញអំពីរបៀបដែលព្រះវរបិតាសួគ៌បានមើលឃើញគាត់ ។

  • តើអ្នកបានរៀនអ្វីខ្លះអំពីកូនេលាសពីខគម្ពីរទាំងនេះ ?

  • តើអ្នកបានរកឃើញអ្វីដែលបង្ហាញពីព្រះទ័យរបស់ព្រះវរបិតាសួគ៌ចំពោះកូនេលាស ?

នៅពេលគ្នីគ្នារបស់កូនេលាស កំពុងធ្វើដំណើរដើម្បីស្វែងរកសាវកពេត្រុស ព្រះអម្ចាស់កំពុងបង្រៀនពេត្រុសអំពីរបៀបដែលទ្រង់ទតឃើញចំពោះមនុស្សទាំងអស់ ។សូមអាន កិច្ចការ ១០:៩–១៦ ហើយគូររូបភាពនៃអ្វីដែលអ្នកគិតថាការនិមិត្តរបស់ពេត្រុសប្រហែលជាមានរូបរាងដូច ។

សិស្សានុសិស្សអាចគូររូបមួយៗ ឬសិស្សម្នាក់អាចគូរការនិមិត្តនៅលើក្ដារខៀន ។ សូមរក្សាពេលវេលាគូររូបឲ្យខ្លី ដើម្បីឲ្យសិស្សមានពេលគ្រប់គ្រាន់រៀនមេរៀនដែលនៅសេសសល់ ។

សូមឲ្យសិស្សចែករំលែកអ្វីដែលពួកគេបានគូរ ។ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេអំពីអត្ថន័យនៃការនិមិត្ត ។

  • ហេតុអ្វីពេត្រុសព្រួយបារម្ភអំពីអ្វីដែលលោកត្រូវបានណែនាំឲ្យធ្វើក្នុងការនិមិត្តនោះ ?

ពេត្រុសធំឡើងក្នុងនាមជាសាសន៍យូដាដោយធ្វើតាមបទបញ្ញត្តិ និងទំនៀមទម្លាប់នៃក្រឹត្យវិន័យរបស់លោកម៉ូសេ ។ ក្រឹត្យវិន័យនេះមានលក្ខខណ្ឌតឹងរ៉ឹងលើអ្វីដែលមនុស្សអាចបរិភោគ និងមិនអាចបរិភោគ ( សូមមើល លេវីវិន័យ ១១ ) ។ សត្វដែលអនុញ្ញាតឲ្យសាសន៍យូដាបរិភោគត្រូវបានចាត់ទុកថា« ស្អាត » រីឯសត្វដែលព្រះហាមឃាត់សាសន៍យូដាមិនឲ្យបរិភោគត្រូវបានចាត់ទុកថា« មិនស្អាត » ។

ពេត្រុសមិនបានយល់ពីអត្ថន័យពេញលេញនៃការនិមិត្តដំបូងឡើយ ។ ពេលគាត់សញ្ជឹងគិតពីរឿងនេះ គ្នីគ្នាដែលកូនេលាសបញ្ជូនមកបានមកដល់ ។ ព្រះវិញ្ញាណបានប្រាប់ពេត្រុសឲ្យទៅជាមួយបុរសទាំងនេះទៅកាន់ផ្ទះកូនេលាស ( សូមមើល កិច្ចការ ១០:១៧–២០ ) ។

សូមអាន កិច្ចការ ១០:២៥–២៩, ៣៤–៣៥ ដោយរកមើលអ្វីដែលពេត្រុសបានមករៀនអំពីអត្ថន័យនៃការនិមិត្តដែលលោកបានទទួល ។ ឬអ្នកអាចមើលវីដេអូ « Peter’s Revelation to Take the Gospel to the Gentiles » ( មាននៅលើគេហទំព័រ ChurchofJesusChrist.org ) ចាប់ពីលេខកូដម៉ោង ៣:២៩ ដល់ ៥:២៩ ។

Clouds in a sunny sky

សូមរកមើលនៅក្នុង ទី ៣៤ ចំពោះសេចក្តីពិតដែលពេត្រុសបានរៀនអំពីរបៀបដែលព្រះវរបិតាសួគ៌ទតឃើញចំពោះបុត្រាបុត្រីទ្រង់ទាំងអស់ ។ សូមពិចារណាគូសសម្គាល់សេចក្ដីពិតដែលអ្នកបានរកឃើញ ។

ពេត្រុសបានរៀនថា ព្រះមិនរើសមុខអ្នកណាទេ ។ ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការអានព្រះគម្ពីរផ្សេងទៀតដែលសង្កត់ធ្ងន់លើសេចក្ដីពិតនេះ សូមអានជាមួយគ្នា នីហ្វៃទី ២ ២៦:១៣, ២៨, ៣៣ ; គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៤–៣៥

សូមពិចារណាចែកចាយសេចក្តីថ្លែងការណ៍ពីផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » តាមតម្រូវការក្នុងអំឡុងពេលពិភាក្សានេះ ។

សូមសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកថាតើ « ព្រះមិនរើសមុខអ្នកណាទេ »មានន័យដូចម្តេចចំពោះអ្នក ។

  • តើអ្នកគិតថាវិវរណៈរបស់ព្រះវរបិតាសួគ៌បានផ្លាស់ប្តូរចិត្ត និងទស្សនៈរបស់ពេត្រុសយ៉ាងដូចម្ដេច ? តើការយល់ដឹងអំពីវិវរណៈនេះអាចផ្លាស់ប្តូរចិត្តមនុស្សសព្វថ្ងៃនេះដោយរបៀបណា ?

សូមអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យចែកចាយនូវអ្វីដែលពួកគេបានសរសេរ ។

នៅពេលពេត្រុសបានយល់ថា ព្រះចង់ឲ្យដំណឹងល្អបង្រៀនដល់មនុស្សទាំងអស់ នោះលោកបានផ្សព្វផ្សាយសារលិខិតរបស់ព្រះយេស៊ូវគ្រីស្ទដល់កូនេលាស ក្រុមគ្រួសារ និងមិត្តភក្តិរបស់លោក ( សូមមើល កិច្ចការ ១០:៣៦–៤៣ ) ។

អ្នកប្រហែលជាចង់មើលវីដេអូ « Peter’s Revelation to Take the Gospel to the Gentiles » ដែលមាននៅគេហទំព័រChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៥:៣០ ដល់ ៧:៤៤ ។

Clouds in a sunny sky
  • តើអ្នកគិតថាជីវិត និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះចំពោះមនុស្សទាំងអស់ដោយរបៀបណា ?

  • តើការចងចាំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទឲ្យតម្លៃមនុស្សទាំងអស់មានឥទ្ធិពលលើរបៀបដែលអ្នកយល់ឃើញ និងប្រព្រឹត្តចំពោះអ្នកដទៃដោយរបៀបណា ?

  • តើអ្នកអាចធ្វើអ្វីខ្លះដើម្បីស្វែងរកជំនួយពីព្រះវរបិតាសួគ៌ ដើម្បីយល់ឃើញពីអ្នកដទៃដូចទ្រង់ទតឃើញ ?

នៅពេលពេត្រុសថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើកូនេលាស និងគ្រួសាររបស់គាត់ ។ បន្ទាប់មក ពេត្រុសបានអញ្ជើញពួកគេឲ្យធ្វើបុណ្យជ្រមុជទឹក ( សូមមើល កិច្ចការ ១០:៤៤–៤៨ ) ។ វិវរណៈរបស់ព្រះចំពោះពេត្រុសបានផ្លាស់ប្ដូរការអនុវត្តរបស់សាសនាចក្រ ហើយដំណឹងល្អបានចាប់ផ្ដើមផ្សព្វផ្សាយដល់មនុស្សទាំងអស់ ។

សិស្សអាចបំពេញសកម្មភាពដូចខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមពិចារណាផងដែរអំពីការអញ្ជើញសិស្សឲ្យចែកចាយជាមួយក្រុមគ្រួសារនូវអ្វីដែលពួកគេបានរៀនពីមេរៀននេះ ។

សូមគិតអំពីរបៀបដែលពិភពលោក ឬប្រទេសរបស់អ្នក អ្នកជិតខាង សាលារៀន ឬគ្រួសារនឹងមានភាពខុសគ្នា ប្រសិនបើបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌គិតពីគ្នាទៅវិញទៅមកតាមរបៀបដែលទ្រង់ទតឃើញយើងនោះ ។

សូមជ្រើសយកមួយក្នុងចំណោមបរិយាកាសទាំងនេះ ។ សូមពន្យល់ពីភាពខុសគ្នាដែលអ្នកអាចនឹងយល់ឃើញ ប្រសិនបើមនុស្សនៅក្នុងបរិយាកាសនេះបានយល់ឃើញពីអ្នកដទៃតាមរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទទតឃើញពួកគេនោះ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើនរណាខ្លះដែលព្រះយេស៊ូវគ្រីស្ទនឹងទទួលចូលក្នុងសាសនាចក្រ និងនគររបស់ទ្រង់ ?

ប្រធាន រ័សុល អិម. ណិលសុន បានពន្យល់ ៖

18:51
Official portrait of President Russell M. Nelson taken January 2018

យើងម្នាក់ៗមានសក្តានុពលដ៏ទេវភាពពីព្រោះយើងម្នាក់ៗគឺជាបុត្ររបស់ព្រះ ។ យើងម្នាក់ៗមានសិទ្ធិស្មើគ្នានៅក្នុងព្រះនេត្រទ្រង់ ។ ការប៉ះពាល់ដល់សេចក្តីពិតនេះគឺមានអត្ថន័យជ្រាលជ្រៅណាស់ ។ បងប្អូនប្រុសស្រី សូមស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលខ្ញុំនឹងថ្លែងនៅពេលបន្តិចទៀតនេះ ។ ព្រះពុំបានសព្វព្រះទ័យពូជសាសន៍មួយ ជាងពូជសាសន៍មួយទៀតនោះទេ ។ គោលលទ្ធិរបស់ទ្រង់អំពីបញ្ហានេះគឺច្បាស់លាស់ណាស់ ។ ទ្រង់អញ្ជើញមនុស្ស ទាំងអស់គ្នា ឲ្យមករកទ្រង់ « ទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី » [ នីហ្វៃទី២ ២៦:៣៣ ] ។

ខ្ញុំសូមបញ្ជាក់ដល់បងប្អូនថា ជំហររបស់បងប្អូនចំពោះព្រះភ័ក្រ្តព្រះគឺមិនត្រូវបានកំណត់ដោយពណ៌សម្បុររបស់បងប្អូននោះឡើយ ។ ការសព្វព្រះទ័យ ឬមិនសព្វព្រះទ័យជាមួយព្រះគឺអាស្រ័យទៅលើការលះបង់របស់បងប្អូនចំពោះព្រះ និងបទបញ្ញត្តិរបស់ទ្រង់ ហើយមិនមែនដោយពណ៌សម្បុររបស់បងប្អូននោះឡើយ ។

( រ័សុល អិម ណិលសុន « Let God Prevail » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៤ )

កិច្ចការ ១០:៤៥ ។ តើ « អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ » មានអត្ថន័យដូចម្តេច ?

នៅក្នុង កិច្ចការ ១០:៤៥ ឃ្លា « អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ » សំដៅទៅលើព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដែលបានកើតមានដល់ពួកសាសន៍ដទៃទាំងនេះ ។ នេះខុសគ្នាពីអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ដែលយើងទទួលតាមរយៈពិធីបរិសុទ្ធនៃពិធីបញ្ជាក់បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក ( សូមមើល កិច្ចការ ៨:១៤–១៧ សូមមើលផងដែរនូវ ការបង្រៀន របស់ប្រធាន សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ២០០៧ ] ៩៧ ) ។

តើការនិមិត្តរបស់ពេត្រុសបានផ្លាស់ប្តូរការអនុវត្តសាសនាចក្រដោយរបៀបណា ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ ៖

Portrait of Elder D. Todd Christofferson. Photographed in March 2020.

តាមរយៈបទពិសោធន៍ និងវិវរណៈនេះទៅកាន់ ពេត្រុស ព្រះអម្ចាស់បាន កែទម្លាប់សាសនាចក្រ ហើយបានបើកសម្ដែងឲ្យមានការយល់ ដឹងកាន់តែ ពេញលេញអំពីគោលលទ្ធិដល់ពួកសិស្សរបស់ទ្រង់ ។ ហើយដូច្នេះ ការផ្សាយដំណឹងល្អបានលាតសន្ធឹង ទៅដល់មនុស្ស ទាំងអស់ ។

( ឌី ថត គ្រីស្តូហ្វឺសិន « The Doctrine of Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨៨ )

តើការនិមិត្តរបស់ពេត្រុសមានភាពស្រដៀងគ្នាអ្វីខ្លះទៅនឹងវិវរណៈដើម្បីផ្តល់បព្វជិតភាពដល់សមាជិកសាសនាចក្រជាបុរសដែលមានភាពស័ក្ដិសមទាំងអស់ ?

ធនធានខាងក្រោមនេះអាចមានសារៈប្រយោជន៍ ប្រសិនបើចង់យល់បន្ថែមអំពីវិវរណៈឆ្នាំ ១៩៧៨ ដែលព្រះវរបិតាសួគ៌បានប្រទានការតែងតាំងបព្វជិតភាពដល់សមាជិកសាសនាចក្រជាបុរសដែលមានភាពស័ក្តិសមទាំងអស់ ៖

សកម្មភាពរៀនសូត្របន្ថែម

ព្រះអង្គសង្គ្រោះបានយាងចុះឡើងធ្វើការល្អ

សូមពិចារណាអញ្ជើញសិស្សឲ្យអាន កិច្ចការ ១០:៣៨ ហើយគិតអំពីរបៀបដែលព្រះអង្គសង្គ្រោះ « បានយាងចុះឡើងធ្វើការល្អ » តាមរបៀបដែលទ្រង់បានទតឃើញ និងប្រព្រឹត្តចំពោះអ្នកដទៃ ។ បន្ទាប់មក អញ្ជើញសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេអាចធ្វើដើម្បីធ្វើតាមព្រះអង្គសង្គ្រោះក្នុងការធ្វើល្អ ។

សូមបង្រៀនអ្នកដទៃអំពីព្រះអង្គសង្គ្រោះ

នៅពេលពេត្រុសបានបង្រៀនកូនេលាស និងអ្នកដែលនៅជាមួយលោក លោកបានមានប្រសាសន៍ពីព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់មុនគេ ហើយបន្ទាប់មកបានអញ្ជើញអ្នកដែលលោកកំពុងបង្រៀនឲ្យធ្វើតាមការបង្រៀនទាំងនេះ ដោយការព្រមទទួលយកពិធីបរិសុទ្ធនានា ( សូមមើល កិច្ចការ ១០:៣៥–៤៨ ) ។ ពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតបានធ្វើតាមគំរូនេះឡើងវិញ ( សូមមើល ម៉ូសាយ ១៨:១–១០ ; អាលម៉ា ១៨:២៤–៣៩ ) ។ អាចអញ្ជើញសិស្សឲ្យអានការបង្រៀនរបស់ពេត្រុសដល់កូនេលាស ហើយរៀបចំផែនការផ្ទាល់ខ្លួនរបស់ពួកគេអំពីអ្វីដែលពួកគេអាចចែកចាយជាមួយមិត្តម្នាក់ដែលចាប់អារម្មណ៍ចង់ដឹងបន្ថែមអំពីដំណឹងល្អ ។ ពួកគេក៏អាចពិចារណាលើសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន ដាល្លិន អេក ផងដែរ ។ អូក ក្នុងគណៈប្រធានទីមួយ ៖

Official Portrait of President Dallin H. Oaks taken March 2018.

នៅពេលយើងនិយាយជាមួយអ្នកដទៃ យើងត្រូវចាំថាការអញ្ជើញឲ្យរៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អរបស់ទ្រង់គឺជាការអញ្ជើញឲ្យរៀនបន្ថែមទៀតអំពី សាសនាចក្ររបស់យើង ។ យើងចង់ឲ្យមនុស្សប្រែចិត្តជឿលើដំណឹងល្អ ។ នោះគឺជាតួនាទីដ៏អស្ចារ្យមួយនៃព្រះគម្ពីរមរមន ។ អារម្មណ៍របស់អ្នកប្រែចិត្តថ្មី ចំពោះព្រះយេស៊ូវគ្រីស្ទ មិនកើតឡើងមុនការប្រែចិត្តជឿឡើយ ។ ដូចច្នេះមនុស្សជាច្រើនដែលមានការសង្ស័យអំពីព្រះវិហារនានា ក៏មានសេចក្តីស្រឡាញ់ចំពោះ ព្រះអង្គសង្គ្រោះដែរ ។ ចូរធ្វើកិច្ចការអាទិភាពជាមុន ។

( ដាល្លិន អេក អូក « Sharing the Restored Gospel » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ៥៩ )

ឧទាហរណ៍សម័យទំនើប

សូមពិចារណាប្រើប្រាស់វីដេអូ « Jesus is Real: Calyann’s Experience with the Book of Mormon » ( ១២:០២ ) ជាឧទាហរណ៍អំពីស្ត្រីម្នាក់ដែលចូលមកមើលពីរបៀបដែលព្រះមិនរើសមុខអ្នកណាទេ ។ សិស្សអាចរកមើលដំណើររឿង ឬការបង្រៀននៅក្នុងព្រះគម្ពីរមរមន ដែលបង្ហាញថា ព្រះវរបិតាសួគ៌អញ្ជើញបុត្រាបុត្រីទ្រង់ទាំងអស់ឲ្យមករកទ្រង់ ( សូមមើល នីហ្វៃ ទី ២ ៩:២១–២២ ; នីហ្វៃ ទី ២ ២៦:២៨ ; ម៉ូសាយ ២៧:២៣–២៥ ; ម៉ូសាយ ២៨: ១–៣ ) ។

12:2