ថ្នាក់​សិក្ខាសាលា
កិច្ចការ ២២–២៣, ២៦–២៨


កិច្ចការ ២២–២៣, ២៦–២៨

ព្រះអម្ចាស់ទ្រង់គង់នៅជាមួយប៉ុល

The resurrected Christ appears to Paul while he is in prison.

ពេលកំពុងជាប់ច្រវាក់ និងហ៊ុំព័ទ្ធដោយសាសន៍យូដាដែលចង់សម្លាប់លោក ប៉ុលបានឈរនៅលើកាំជណ្តើរនៃបន្ទាយអង់តូនីក្នុងក្រុងយេរូសាឡិម ហើយបានថ្លែងទីបន្ទាល់យ៉ាងក្លាហានអំពីការប្រែចិត្តរបស់គាត់ចំពោះព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់ពីគេចាប់ប៉ុល ដាក់គុក ព្រះអង្គសង្គ្រោះបានយាងមកជូបលោក ហើយបានសន្យាថាប៉ុលនឹងថ្លែងទីបន្ទាល់អំពីទ្រង់នៅក្រុងរ៉ូម ។ ក្រោយមក ប៉ុលបានជួបប្រទះនឹងការសាកល្បងជាច្រើនដែលធ្វើឲ្យសេចក្ដីសន្យានេះហាក់ដូចជាមិនអាចសម្រេចបាន ។ មេរៀននេះផ្ដល់នូវទិដ្ឋភាពទូទៅសម្រាប់ កិច្ចការ ២២–២៣, ២៦–២៨ ហើយមានគោលបំណងបង្កើនទំនុកចិត្តរបស់អ្នកថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងសម្រេចសេចក្ដីសន្យារបស់ទ្រង់ទាំងទ្វេ នៅពេលអ្នកខិតខំបម្រើទ្រង់ទាំងទ្វេ ។ 

ការចែកចាយបទពិសោធន៍ ។ សូមសួរសំណួរដែលអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីបទពិសោធន៍ខាងវិញ្ញាណទាក់ទងនឹងសេចក្ដីពិតដែលកំពុងបង្រៀន ។ នៅពេលសិស្សចែកចាយបទពិសោធន៍របស់ពួកគេ នោះពួកគេអាចមានអារម្មណ៍ពីសារៈសំខាន់នៃសេចក្តីពិតនោះ ហើយកាន់តែពង្រឹងបំណងប្រាថ្នារបស់ពួកគេក្នុងការរស់នៅស្របតាមសេចក្ដីពិតនោះដោយស្មោះត្រង់ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសេចក្ដីសន្យាទាំងឡាយដែលព្រះអម្ចាស់បានធ្វើចំពោះពួកគេ ។ ជាឧទាហរណ៍ ពួកគេអាចសញ្ជឹងគិតអំពីសេចក្ដីសន្យាទាំងឡាយនៅក្នុងការអធិស្ឋាននៃពិធីសាក្រាម៉ង់ ( សូមមើល មរ៉ូណៃ ៤:៣ ; ៥:២ ) ឬនៅក្នុងព្រះគម្ពីរផ្សេងទៀត ។ សិស្សដែលបានទទួលពររបស់លោកអយ្យកោរបស់ពួកគេអាចអានវា ហើយស្វែងរកសេចក្ដីសន្យាទាំងឡាយពីព្រះអម្ចាស់ ។ សូមរំឭកសិស្សថា ពរជ័យរបស់លោកអយ្យកោគឺមានលក្ខណៈឯកជន និងពិសិដ្ឋ ហើយមិនគួរចែកចាយជាមួយសមាជិកក្នុងថ្នាក់ឡើយ ។

សកម្មភាពរៀនសូត្រដែលអាចមាន

តើនរណាដែលអ្នកទុកចិត្ត ?

សូមបង្ហាញការបំផុសខាងក្រោម ហើយអញ្ជើញសិស្សឲ្យឆ្លើយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ មុនពេលពួកគេចែកចាយចម្លើយរបស់ពួកគេជាមួយថ្នាក់ ។

តើអ្នកនឹងទុកចិត្តនរណាដើម្បីធ្វើតាមចំណុចដូចខាងក្រោមនេះ ហើយហេតុអ្វី ?

  • សូមជ្រើសរើសអ្វីដែលអ្នកស្លៀកពាក់

  • សូមជ្រើសរើសកន្លែងដែលអ្នករស់នៅ

  • រក្សាសេចក្ដីសន្យាទាំងឡាយរបស់ពួកគេជានិច្ច

  • នៅជាមួយអ្នកក្នុងគ្រាលំបាក

សូមឆ្លើយសំណួរខាងក្រោមនេះ ៖

  • តើរឿងទាំងនេះមួយណាសំខាន់ជាងគេសម្រាប់អ្នក ? ហេតុអ្វីទៅ ?

  • តើវាជួយអ្នកឲ្យមានមនុស្សក្នុងជីវិតរបស់អ្នកដែលអ្នកអាចទុកចិត្តបានយ៉ាងដូចម្ដេច ?

សូមចំណាយពេលសញ្ជឹងគិតថាតើអ្នកទុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកម្រិតណា ។ តើអ្នកជឿថាទ្រង់ទាំងទ្វេនឹងរក្សាសេចក្ដីសន្យាទាំងឡាយរបស់ទ្រង់ទាំងទ្វេចំពោះអ្នកដែរឬទេ ? តើអ្នកជឿថាពួកទ្រង់នឹងនៅជាមួយអ្នកក្នុងគ្រាលំបាកដែរឬទេ ? តើអ្នកជឿទុកចិត្តទ្រង់ទាំងទ្វេល្មមគ្រប់គ្រាន់ដើម្បីឲ្យទ្រង់ ទាំងទ្វេដឹកនាំអ្នករាល់ថ្ងៃដែរឬទេ ? ហេតុអ្វីត្រូវការ ឬហេតុអ្វីមិនត្រូវការ ?នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលដំណើររឿងដែលអាចជួយអ្នកបង្កើនទំនុកចិត្តរបស់អ្នកថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងសម្រេចសេចក្ដីសន្យារបស់ទ្រង់ទាំងទ្វេ នៅពេលអ្នកខិតខំបម្រើទ្រង់ទាំងទ្វេ ។

ប៉ុលត្រឡប់ទៅក្រុងយេរូសាឡិមវិញ

បន្ទាប់ពីដំណើរទៅធ្វើជាអ្នកផ្សព្វផ្សាយសាសនាជាលើកទីបីរបស់លោក ប៉ុលបានត្រឡប់ទៅក្រុងយេរូសាឡិមដើម្បីថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ។ ពួកក្រុមយូដាដែលចង់សម្លាប់លោកបានទាញលោកចេញពីព្រះវិហារបរិសុទ្ធ ប៉ុន្តែបានពួកទាហានរ៉ូមជួយសង្រ្គោះ ។ គេនាំគាត់ទៅកាន់ជណ្ដើរនៃបន្ទាយអង់តូនី ហើយបានអនុញ្ញាតឲ្យនិយាយ ( សូមមើល កិច្ចការ ២១ ) ។ ប៉ុលបានថ្លែងទីបន្ទាល់អំពីការប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទរបស់លោក និងអំពីការណែនាំរបស់ព្រះអង្គសង្គ្រោះដើម្បីផ្សព្វផ្សាយដល់សាសន៍ដទៃ ។ សាសន៍យូដាមានការខឹងសម្បារម្តងទៀត ហើយប៉ុលត្រូវបានបញ្ជូនត្រឡប់ទៅបន្ទាយវិញ ដើម្បីការពារសុវត្ថិភាពរបស់លោក ( សូមមើល កិច្ចការ ២២ ; ២៣:១–១០ ) ។

សូមអាន កិច្ចការ ២៣:១១ ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូល និងបានធ្វើសម្រាប់ប៉ុល ។ លើសពីនេះ អ្នកក៏អាចមើលវីដេអូ « Be of Good Cheer » ( ១:៣២ ) ដែលអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org ។

1:32
  • តើយើងអាចរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះពីអ្វីដែលទ្រង់បានមានព្រះបន្ទូល និងបានធ្វើនៅក្នុងខគម្ពីរនេះ ?

សិស្សអាចកំណត់អត្តសញ្ញាណសេចក្ដីពិតដូចខាងក្រោម ៖ ទ្រង់ ស្គាល់យើងតាមឈ្មោះ ។ ទ្រង់លួងលោម និងលើកទឹកចិត្តយើង ។ ទ្រង់គង់នៅជាមួយយើងអំឡុងពេលដែលយើងមានបញ្ហា ។

សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនដោយប្រើសំណួរដូចខាងក្រោមនេះ ។

  • តើនៅពេលណាដែលព្រះអង្គសង្គ្រោះបានបង្ហាញពីសេចក្ដីពិតមួយក្នុងចំណោមសេចក្ដីពិតទាំងនេះនៅក្នុងជីវិតរបស់អ្នក ឬជីវិតរបស់នរណាម្នាក់ដែលអ្នកស្គាល់ ?

ប្រសិនបើសិស្សត្រូវការជំនួយក្នុងការគិតអំពីបទពិសោធន៍ សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ឬគំរូមួយនៅក្នុងព្រះគម្ពីរដែលបង្ហាញពីសេចក្ដីពិតទាំងនេះ ដូចជាការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤–២០ ) ជាដើម ។

សេចក្ដីសន្យារបស់ព្រះអង្គសង្គ្រោះ

បទពិសោធន៍របស់ប៉ុលគឺជាគំរូមួយពីព្រះអង្គសង្គ្រោះបំពេញការសន្យារបស់ទ្រង់ដើម្បីគង់នៅជាមួយពួកសាវក នៅពេលពួកគេផ្សព្វផ្សាយដំណឹងល្អ ( សូមមើល ម៉ាថាយ ២៨:១៩–២០ ) ។

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមបង្កើតតារាងមួយដូចតារាងខាងក្រោមនេះ ។ នៅក្នុងមេរៀននេះទាំងមូល សូមរាយបញ្ជីសេចក្ដីសន្យាទាំងឡាយរបស់ព្រះអម្ចាស់នៅផ្នែកខាងឆ្វេងនៃតារាង និងសេចក្ដីសន្យាដែលបានសម្រេចទាំងនោះនៅខាងស្តាំ ។

សូមពិចារណាគូរតារាងនេះនៅលើក្ដារខៀន ហើយបំពេញវាជាមួយគ្នាក្នុងថ្នាក់ ។ សូមអញ្ជើញសិស្សឲ្យបង្កើតតារាងនៅក្នុងសៀវភៅកណត់ហេតុរបស់ពួកគេផងដែរ ។

សេចក្ដីសន្យាទាំងឡាយ

ការសម្រេចសេចក្ដីសន្យាទាំងឡាយ

ព្រះយេស៊ូវនឹងគង់ជាមួយពួកសាវក នៅពេលពួកគេផ្សាយដំណឹងល្អ ( សូមមើល ម៉ាថាយ ២៨:១៩–២០ ) ។

ប៉ុលនឹងថ្លែងទីបន្ទាល់នៅក្រុងរ៉ូម ( សូមមើល កិច្ចការ ២៣:១១ ) ។

ព្រះយេស៊ូវបានយាងមកឯប៉ុល នៅក្នុងបន្ទាយបន្ទាប់ពីប៉ុលបានផ្សព្វផ្សាយ ( សូមមើល កិច្ចការ ២៣:១១ ) ។

ព្រះអង្គសង្គ្រោះបានធ្វើសេចក្ដីសន្យាបន្ថែមទៀតដល់ពួកសាវករបស់ទ្រង់ ។

សូមអាន ម៉ាថាយ ១០:១៨–២០ និង ម៉ាកុស ១៦:១៧–១៨ ។សូមស្វែងរកសេចក្ដីសន្យាទាំងឡាយរបស់ព្រះអង្គសង្គ្រោះ ហើយសរសេរវានៅក្នុងជួរឈរខាងឆ្វេងនៃតារាងរបស់អ្នក ។

  • តើសេចក្ដីសន្យាទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?

ប៉ុលបន្តថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ

សូមអានការសង្ខេបខាងក្រោមនេះ ហើយសញ្ជឹងគិតពីរបៀបដែលអ្នកអាចទទួលអាម្មណ៍ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពរបស់ប៉ុល ។ បន្ទាប់មក សូមអានខគម្ពីរដែលបានរាយបញ្ជីបន្ទាប់ពីស្ថានភាពនីមួយៗ ដើម្បីមើលពីរបៀបដែលប៉ុលបានប្រព្រឹត្ត និងរបៀបដែលសេចក្ដីសន្យាទាំងឡាយរបស់ព្រះអម្ចាស់បានបំពេញ ។ សូមបន្ថែមសេចក្ដីសន្យាដែលបានបំពេញដែលអ្នករកឃើញនៅខាងស្តាំនៃតារាងក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  1. ប៉ុលត្រូវបានកាត់ទោសនៅចំពោះមុខអភិបាលក្រុងរ៉ូម និងស្តេចជាច្រើនអង្គ កិច្ចការ ២៦:១–២, ២២–២៣

  2. ប៉ុលត្រូវបានបញ្ជូនតាមសំពៅទៅកាន់ក្រុងរ៉ូម ប៉ុន្តែត្រូវបានជាប់នៅក្នុងព្យុះដ៏គួរឲ្យភ័យខ្លាចដែលសំពៅរបស់ ពួកគេហៀបនឹងលិច កិច្ចការ ២៧:២២, ២៥, ៤១, ៤៤

  3. ប៉ុលបានជាប់នៅលើកោះមួយ ជាកន្លែងដែលសត្វពោះបានចឹកលោក កិច្ចការ ២៨:៤–៦

  4. ទីបំផុតប៉ុលបានមកដល់ក្រុងរ៉ូម កិច្ចការ ២៨:១៦, ៣០–៣១

អ្នកនឹងរៀនបន្ថែមទៀតអំពីដំណើររឿងទាំងនេះនៅក្នុងមេរៀនក្រោយៗ ។

  • តើសេចក្ដីសន្យាអ្វីខ្លះ ដែលអ្នកឃើញថាបានបំពេញ ?

  • ហេតុអ្វីបានជាវាសំខាន់ចំពោះអ្នក ដែលព្រះយេស៊ូវគ្រីស្ទបំពេញសេចក្តីសន្យារបស់ទ្រង់នោះ ?

  • តើការដឹងថាព្រះអង្គសង្គ្រោះរក្សាសេចក្ដីសន្យារបស់ទ្រង់មានឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះទ្រង់ និងបំណងប្រាថ្នារបស់អ្នកក្នុងការស្តាប់ និងធ្វើតាមទ្រង់ដោយរបៀបណា ?

ទោះបីជាព្រះអញ្ជើញយើងឲ្យខិតខំបម្រើទ្រង់ក៏ដោយ ក៏ទ្រង់មិនរំពឹងថាយើងល្អឥតខ្ចោះមុនពេលដែលទ្រង់នឹងបំពេញសេចក្ដីសន្យារបស់ទ្រង់ចំពោះយើងដែរ ។ ទោះបីជាប៉ុលបានជួបប្រទះនឹងបញ្ហាជាច្រើនក៏ដោយ ( សូមមើល កូរិនថូស ទី២ ១១:២៣–២៧ ) ហើយមិនល្អឥតខ្ចោះ ( សូមមើល ធីម៉ូថេ ទី១ ១:១៥ ) ក៏ព្រះនៅតែបំពេញសេចក្ដីសន្យារបស់ទ្រង់ចំពោះប៉ុលដែរ ។

សេចក្ដីសន្យាបានបំពេញនៅក្នុងជីវិតរបស់អ្នក

សូមគិតអំពីសេចក្ដីសន្យាដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានធ្វើចំពោះអ្នក ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

សេចក្តីសន្យាដ៏ធំ ហើយវិសេសបំផុត ដែលព្រះវរបតិាសួគ៌ប្រទានឲ្យដល់បុត្រាបុត្រីរបស់ទ្រង់ ពុំអាចរាប់ ឬពិពណ៌នាទាំងស្រុងបានឡើយ ។ ប៉ុន្តែសូម្បីតែផ្នែក [ មួយ ] នៃបញ្ជីពរជ័យដែលបានសន្យា គួរតែធ្វើឲ្យយើងម្នាក់ៗ « ឆ្ងល់យ៉ាងអស្ចារ្យ » និង « ដួលចុះ ហើយថ្វាយបង្គំព្រះវរបិតា » នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ។

( ដេវីឌ អេ បែដណា « Exceeding Great and Precious Promises » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៩១ )

ធនធានខាងក្រោមមានសេចក្ដីសន្យាដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានធ្វើដល់យើង ។

សូមជ្រើសរើសធនធានទាំងនេះមួយចំនួនដើម្បីសិក្សា ។ នៅពេលអ្នកស្វែងយល់ពីសេចក្ដីសន្យានានា សូមបន្ថែមវាទៅផ្នែកខាងឆ្វេងនៃតារាងក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  • តើសេចក្ដីសន្យាទាំងនេះបង្រៀនអ្វីខ្លះអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះអ្នក ?

សូមមើលបញ្ជីសេចក្ដីសន្យាទាំងឡាយដែលអ្នកបានស្គាល់ ។ សូមស្វែងរកអានុភាពនៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកសញ្ជឹងគិតពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចបំពេញសេចក្ដីសន្យាទាំងនោះនៅក្នុងជីវិតរបស់អ្នក ។ នៅក្នុងជួរឈរខាងស្ដាំនៃតារាងនេះក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមបន្ថែមការពិពណ៌នាខ្លីមួយអំពីរបៀបដែលទ្រង់ទាំងទ្វេបានបំពេញសេចក្ដីសន្យាមួយក្នុងចំណោមសេចក្ដីសន្យាទាំងឡាយ ឬសេចក្ដីសន្យាបន្ថែមទៀតណាមួយដែលអ្នកគិតដល់ ។ ឧទាហរណ៍ ការមានអារម្មណ៍ថាអានុភាពនៃព្រះវិញ្ញាណបរិសុទ្ធអាចបំពេញសេចក្ដីសន្យាដែលបានធ្វើនៅក្នុងការអធិស្ឋាននៃពិធីសាក្រាម៉ង់ ( សូមមើល មរ៉ូណៃ ៤:៣ ; ៥:២ ) ។ អ្នកក៏អាចសរសេរពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបំពេញសេចក្ដីសន្យារបស់ទ្រង់ទាំងទ្វេចំពោះនរណាម្នាក់ដែលអ្នកស្គាល់ផងដែរ ។

សូមសញ្ជឹងគិតពីរបៀបដែលគំរូទាំងនេះអាចបង្កើនទំនុកចិត្តរបស់អ្នកថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងបំពេញសេចក្ដីសន្យារបស់ទ្រង់ទាំងទ្វេនាពេលអនាគត ។

សូមផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យសិស្សដើម្បីបំពេញនៅក្នុងតារាងរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ឬទីបន្ទាល់ដែលបានបង្កើនទំនុកចិត្តថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបំពេញសេចក្ដីសន្យារបស់ទ្រង់ទាំងទ្វេ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

ហេតុអ្វីបានជាយើងគួរទុកចិត្តលើព្រះអម្ចាស់ ?

អែលឌើរ ស្ទែនលី ជី អេលីស នៃពួកចិតសិបនាក់បានពន្យល់ ៖

Official Portrait of Elder Stanley G. Ellis. Photographed in March 2017.

បងប្អូនប្រុសស្រី យើងអាចមានសេចក្ដីជំនឿដើម្បីទុកចិត្តទ្រង់ ! ទ្រង់ចង់ប្រទានអ្វីដែលល្អបំផុតដល់យើង ( សូមមើល ម៉ូសេ ១:៣៩ ) ។ ទ្រង់នឹងឆ្លើយតបការអធិស្ឋានរបស់យើង ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១១២:១០ ) ។ ទ្រង់នឹងរក្សាសេចក្ដីសន្យាទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៨ ) ។ ទ្រង់មានព្រះចេស្ដាដើម្បីរក្សាសេចក្ដីសន្យាទាំងឡាយរបស់ទ្រង់ ( សូមមើល អាលម៉ា ៣៧:១៦ ) ។ ទ្រង់ត្រាស់ដឹងគ្រប់អ្វីទាំងអស់ ! ហើយសំខាន់បំផុតគឺទ្រង់ស្គាល់អ្វីដែលល្អបំផុត ( សូមមើល អេសាយ ៥៥:៨–៩ ) ។

( ស្ទែនលី ជី អេលីស « Do We Trust Him? Hard is Good » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១១៤ )

ហេតុអ្វីបានជាខ្ញុំចង់ខិតខំបម្រើព្រះ ?

ស៊ីស្ទើរ អេឡេន អិល ជែក អតីតប្រធានសមាគមសង្គ្រោះទូទៅបានពន្យល់ ៖

Portrait of Elaine L. Jack, Relief Society general president from 1990-1997.

ក្នុងនាមខ្ញុំជាម្តាយវ័យក្មេងម្នាក់ ខ្ញុំចាំថាបាននិយាយទៅកូនប្រុសពៅរបស់ខ្ញុំ ដែលមានឈ្មោះថា ហ្គ័ឌិននៅពេលដែលគាត់បានធ្លាក់ពីលើកង់របស់គាត់ ហើយគាត់មិនត្រឹមតែរលាត់ជង្គង់ប៉ុណ្ណោះទេ ថែមទាំងបាត់បង់ទំនុកចិត្តផងដែរថា « ម៉ាក់នៅជិតកូនទេ » ។ ខ្ញុំឱបគាត់បណ្តើរ និយាយលួងលោមគាត់បណ្តើរថា « ម៉ាក់នៅជិតកូនទេ » ។ តើនេះមិនរំឭកយើងអំពីព្រះអម្ចាស់ ដែលទ្រង់គង់នៅជាមួយយើងជានិច្ចទេឬ ? ( សូមមើល ម៉ាថាយ ២៨:២០ ) ទ្រង់មិនគ្រាន់តែគង់នៅព្រះវិហារ ក្នុងព្រះវិហារបរិសុទ្ធ ឬពេលយើងលុតជង្គង់នៅជិតគ្រែរបស់យើងនោះទេ ។ ទ្រង់ « គង់នៅទីនេះ » នៅពេលដែលយើងរស់នៅតាមការបង្រៀនរបស់ទ្រង់ ។

( អេឡេន អិល ជែក « Ponder the Path of Thy Feet » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ១០០ )

កិច្ចការ ២៣:១១ ។ ព្រះអម្ចាស់បានជ្រាបពីការលះបង់ និងការសាកល្បងរបស់ប៉ុល ហើយនៅជាមួយទ្រង់ ។ តើទ្រង់នឹងធ្វើដូចគ្នាចំពោះខ្ញុំទេ ?

ស៊ីស្ទើរ សារ៉ុន អូប៊ែង ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅបានបង្រៀន ៖

Official Portrait of Sister Sharon Eubank. Photographed in 2017.

ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះស្រឡាញ់បងប្អូន ។ ព្រះអម្ចាស់ដឹងថាបងប្អូនព្យាយាមខ្លាំងប៉ុណ្ណា ។ បងប្អូនកំពុងរីកចម្រើន ។ សូមបន្តឆ្ពោះទៅមុខ ។ ទ្រង់មើលឃើញការលះបង់លាក់កំបាំងរបស់បងប្អូនទាំងអស់ ហើយរាប់វាជាសេចក្ដីល្អរបស់បងប្អូន និងសេចក្ដីល្អនៃមនុស្សដែលបងប្អូនស្រឡាញ់ ។ ការងាររបស់បងប្អូនពុំឥតប្រយោជន៍ឡើយ ។ បងប្អូនមិនឯកោឡើយ ។ ព្រះនាមទ្រង់គឺ អេម៉ាញ៉ូអែល មានន័យថា « ព្រះអង្គគង់ជាមួយនឹងយើងខ្ញុំ » ។ ទ្រង់ពិតជាគង់នឹងបងប្អូន ។

( សារ៉ុន អូប៊ែង « Christ: The Light That Shines in Darkness » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៥–៧៦ )

តើខ្ញុំអាចយល់កាន់តែច្បាស់អំពីព្រឹត្តិការណ៍នៅក្នុងកិច្ចការ ២២–២៣, ២៦–២៨ យ៉ាងដូចម្តេច ?

សូមមើលវីដេអូ « ជំពូកទី ៦៣ ៖ ប៉ុលបញ្ចប់បេសកកម្មរបស់ទ្រង់ » ( ២:៣២ ) ដែលអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org ។

NaN:NaN

//media.ldscdn.org/webvtt/scripture-and-lesson-support/new-testament-stories/2010-11-67-chapter-63-paul-finishes-his-mission-eng.vtt

សកម្មភាពរៀនសូត្របន្ថែម

ប៉ុលប្រៀបដូចជាព្រះគ្រីស្ទ

នៅពេលសិស្សពិនិត្យមើលខ្សែរឿងនៃកិច្ចការ ២២–២៣, ២៦–២៨ សូមពិចារណាអញ្ជើញពួកគេឲ្យស្វែងរករបៀបដែលប៉ុលដូចជាព្រះគ្រីស្ទ ។ សូមពិចារណាអំពីវិធីដែលជួយពួកគេឲ្យឃើញពីរបៀបដែលប៉ុល និងព្រះយេស៊ូវគ្រីស្ទត្រូវបានគេចោទប្រកាន់ដោយខុសឆ្គង និងបានសម្ដែងអព្ភូតហេតុ ។ បន្ទាប់មក សិស្សអាចពិភាក្សាអំពីរបៀបដែលបទពិសោធន៍របស់ប៉ុលបានជួយលោកឲ្យក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។

អាំម៉ូន និងបុត្រារបស់ម៉ូសាយ

សូមពិចារណាការប្រៀបធៀបបទពិសោធន៍បុត្រារបស់ម៉ូសាយជាមួយនឹងបទពិសោធន៍របស់ប៉ុល និងសេចក្ដីសន្យាដែលព្រះអម្ចាស់បានបំពេញ ។ សិស្សអាចអាន ម៉ូសាយ ២៨:៦–៨ ហើយស្វែងរកសេចក្ដីសន្យារបស់ព្រះអម្ចាស់ ។ សូមអញ្ជើញសិស្សឲ្យស្វែងរករបៀបដែលព្រះអម្ចាស់បានបំពេញសេចក្ដីសន្យារបស់ទ្រង់ នៅពេលពួកគេមើលវីដេអូខ្លះៗ ឬទាំងមូល « Ammon Serves and Teaches King Lamoni: Alma 17–19 » ( ២៣:០៤ ) ដែលអាចរកឃើញនៅលើគេហទំព័រ ChurchofJesusChrist.org ។

23:5