កិច្ចការ ២២–២៨
ទិដ្ឋភាពទូទៅ
នៅក្នុងមេរៀនសប្តាហ៍នេះ អ្នកនឹងសិក្សាពីសេចក្ដីសន្យាដែលព្រះអម្ចាស់បានធ្វើចំពោះពួកសាវករបស់ទ្រង់ និងរបៀបដែលសេចក្ដីសន្យាទាំងឡាយត្រូវបានសម្រេចនៅក្នុងជីវិតរបស់ប៉ុល ។ ទោះជាត្រូវគេចងជាប់ច្រវាក់ ឬនាំមកចំពោះមុខថ្នាក់ដឹកនាំ និងស្ដេចក៏ដោយ ក៏ប៉ុលបានចែកចាយទីបន្ទាល់ដ៏មានឥទ្ធិពលរបស់លោកអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដោយស្មោះត្រង់ដែរ ។ នៅពេលលោកបានជួបប្រទះនឹងព្យុះដ៏ខ្លាំងក្លា ការលិចទូក និងបញ្ហាផ្សេងៗជាច្រើនទៀត លោកបានផ្តល់ដំបូន្មាន និងការព្រមានដែលបំផុសគំនិត ដើម្បីរក្សាអ្នកដែលនៅជាមួយលោកឲ្យមានសុវត្ថិភាព ។ សប្តាហ៍នេះមាននូវមេរៀនមួយ ដើម្បីជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ក៏ដូចជាឱកាសដើម្បីវាយតម្លៃគោលដៅដែលអ្នកបានកំណត់ និងការរៀនសូត្រ ក៏ដូចជាការរីកចម្រើនផ្ទាល់ខ្លួនដែលអ្នកបានដកពិសោធន៍អំឡុងពេលសិក្សាព្រះគម្ពីរសញ្ញាថ្មី ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
កិច្ចការ ២២–២៣, ២៦–២៨
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងដើម្បីបង្កើនទំនុកចិត្តរបស់សិស្សថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងសម្រេចសេចក្ដីសន្យារបស់ទ្រង់ នៅពេលសិស្សខិតខំព្យាយាមបម្រើទ្រង់ទាំងទ្វេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសេចក្ដីសន្យាទាំងឡាយដែលព្រះអម្ចាស់បានធ្វើជាមួយពួកគេ ។ ឧទាហរណ៍ ពួកគេអាចសញ្ជឹងគិតអំពីសេចក្ដីសន្យាទាំងឡាយនៅក្នុងការអធិស្ឋានសាក្រាម៉ង់ ( សូមមើល មរ៉ូណៃ ៤:៣ ; ៥:២ ) ឬនៅក្នុងព្រះគម្ពីរផ្សេងទៀត ។ សិស្សដែលបានទទួលពររបស់លោកអយ្យកោរបស់ពួកគេ អាចអានពរជ័យទាំងនោះ ហើយរកមើលសេចក្ដីសន្យាពីព្រះអម្ចាស់បាន ។
-
វីដេអូ ៖ « Be of Good Cheer » ( ១:៣២ )
-
តារាង ៖ តារាងដែលបង្ហាញពីសេចក្ដីសន្យាទាំងឡាយរបស់ព្រះអម្ចាស់ និងពីរបៀបដែលទ្រង់បានបំពេញតាមសេចក្ដីសន្យាទាំងនោះ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សបានសិក្សាសេចក្ដីសន្យាដែលព្រះអម្ចាស់បានធ្វើជាមួយនឹងពួកសាវកហើយ សូមឲ្យពួកគេប្រើប្រាស់មុខងារឈែត ដើម្បីសរសេរអ្វីដែលពួកគេបានរកឃើញ ។ បន្ទាប់មក នៅពេលពួកគេបន្តការសិក្សា សូមអញ្ជើញពួកគេឲ្យចែកចាយនៅក្នុងមុខងារឈែតអំពីរបៀបដែលព្រះអម្ចាស់បានបំពេញសេចក្ដីសន្យាដែលពួកគេបានរកឃើញ ។
កិច្ចការ ២២–២៦
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យអភិវឌ្ឍនូវបំណងប្រាថ្នាកាន់តែខ្លាំងដើម្បីធ្វើតាមគំរូរបស់ប៉ុលក្នុងការថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិត ហើយមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយបទពិសោធន៍មួយ នៅពេលពួកគេបានទទួលឥទ្ធិពលពីទីបន្ទាល់របស់នរណាម្នាក់ ។
-
តារាង ៖ តារាងមួយដែលបង្ហាញពីប្រតិកម្មរបស់ប្រជាជនចំពោះទីបន្ទាល់របស់ប៉ុល
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅចុងបញ្ចប់នៃមេរៀននេះ សូមពិចារណាដាក់សិស្សចូលទៅក្នុងមុខងារបំបែកក្រុម ដើម្បីជជែកគ្នាអំពីទីបន្ទាល់ និងគំនិតរបស់ពួកគេអំពីរបៀបចែកចាយទីបន្ទាល់ទាំងនោះតាមរបៀប និងលក្ខណៈធម្មតា ។
កិច្ចការ ២៧–២៨
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យមានអារម្មណ៍ថា វាសំខាន់ដើម្បីធ្វើតាមដំបូន្មានរបស់ព្យាការី ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសិក្សាការបង្រៀនបច្ចុប្បន្នខ្លះៗរបស់ព្យាការីសម័យទំនើប ។ ឧទាហរណ៍ ពួកគេអាចអាន ឬមើលសុន្ទរកថាសន្និសីទទូទៅនាពេលថ្មីៗនេះ អានអត្ថបទរបស់ព្យាការី ឬសាវកនៅក្នុងទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ឬអានប្រធានបទមួយចំនួននៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីអារម្មណ៍របស់ពួកគេក្នុងការឆ្លើយតបនឹងដំបូន្មានរបស់ព្យាការី ។
-
សំណៅចែក ៖ « ដំណើររបស់ប៉ុលទៅកាន់ក្រុងរ៉ូម »
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញច្បាប់ចម្លងនៃសំណៅចែកឲ្យសិស្សពិគ្រោះគ្នា ខណៈពេលដែលពួកគេធ្វើសកម្មភាពនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ បន្ទាប់មក ដោយប្រើមុខងារក្ដារខៀន សូមចាត់ឲ្យសិស្សផ្សេងៗគ្នាគូរអ្វីក៏បាន ឬវាយសេចក្ដីសង្ខេបអំពីអ្វីដែលបានកើតឡើងក្នុងប្រអប់មួយក្នុងចំណោមប្រអប់ទាំងបួនក៏បាន ។ បន្ទាប់មក សូមឲ្យសិស្សទាំងនោះពន្យល់ពីអ្វីដែលពួកគេបានគូរ ឬបានសរសេរ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១៦
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យទន្ទេញសេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិក្នុងព្រះគម្ពីរសញ្ញាថ្មី និងឃ្លាបទគម្ពីរគន្លឹះមួយចំនួន ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអានវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬពីរដែលពួកគេកំពុងសិក្សា ។ សូមជំរុញពួកគេឲ្យទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ឬវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងមូល បើអាចធ្វើទៅបាន ។
-
វីដេអូ ៖ « He Lives » ( ១៧:០៣; សូមមើលពីលេខកូដម៉ោង ៥:២៧ ដល់ ៦:០៥ )
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាសសម្រាប់កាតក្រឡាប់
-
តារាង ៖ តារាងចំណេះចំណានខាងគោលលទ្ធិដែលត្រូវបង្ហាញ ឬចែកចាយ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សបានអនុវត្តការទន្ទេញសេចក្តីយោងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះហើយ សូមប្រកាសឃ្លាបទគម្ពីរគន្លឹះមួយដល់សិស្សក្នុងថ្នាក់ ហើយសុំឲ្យពួកគេដាក់កាតត្រឹមត្រូវនៅពីមុខកាមេរ៉ារបស់ពួកគេក្នុងរយៈពេលកំណត់មួយ ( ឧទាហរណ៍ ប្រាំវិនាទី ) ។
វាយតម្លៃការរៀនសូត្រអ្នក ៧
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យវាយតម្លៃគោលដៅទាំងឡាយ ដែលពួកគេបានដាក់ ព្រមទាំងការរៀនសូត្រ និងការរីកចម្រើនផ្ទាល់ខ្លួនដែលពួកគេបានដកពិសោធន៍ អំឡុងពេលការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយគំរូនានាចេញពីគម្ពីរកិច្ចការ អំពីមនុស្សដែលបានប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមផ្តល់ឲ្យសិស្សនូវទិដ្ឋភាពទូទៅនៃសកម្មភាព ក និងសកម្មភាព ខ ហើយផ្ញើច្បាប់ចម្លងនៃសកម្មភាពទាំងពីរនេះទៅកាន់សិស្ស ។ បន្ទាប់មក សូមដាក់សិស្សចូលទៅក្នុងមុខងារបំបែកក្រុម ហើយអនុញ្ញាតឲ្យពួកគេជ្រើសរើសសកម្មភាពណាមួយដែលត្រូវធ្វើរួមគ្នា ។ ពេលពួកគេត្រឡប់ទៅថ្នាក់រៀនវិញ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានពិភាក្សា និងរៀនសូត្រ ។