កិច្ចការ ៨:១–៣; ៩:១–២០
« តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្ដេច ? »
នៅគ្រានៃ « សេចក្តីបៀតបៀនជាខ្លាំង ទាស់នឹងពួកជំនុំ » ( កិច្ចការ ៨:១ ) សុលបានចូលគ្រប់តែផ្ទះ ចាប់ទាញអូសទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុកអស់អ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទ ( សូមមើល កិច្ចការ ៨:៣ ) ។ នៅពេលសុលធ្វើដំណើរទៅក្រុងដាម៉ាស ដើម្បីបន្តបៀតបៀនពួកបរិសុទ្ធ ព្រះយេស៊ូវគ្រីស្ទបានបង្ហាញអង្គទ្រង់ចំពោះសុល ( សូមមើល កិច្ចការ ៩:៣–៥ ) ។ ដោយការងឿងឆ្ងល់ជាខ្លាំង សុលបានទូលសួរព្រះអម្ចាស់ថា ៖ « តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្ដេច ? » ( កិច្ចការ ៩:៦ ) ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យសញ្ជឹងគិតពីអ្វីដែលព្រះអម្ចាស់ធ្វើដើម្បីជួយអ្នកផ្លាស់ប្តូរឲ្យកាន់តែប្រសើរ ហើយស្វែងយល់អំពីអ្វីដែលទ្រង់នឹងឲ្យអ្នកធ្វើ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការផ្លាស់ប្តូរទិសដៅ
-
តើវាត្រូវការអ្វីដើម្បីឲ្យគ្រាប់ឃ្លី ឬបាល់ផ្លាស់ប្តូរទិសដៅ ?
-
សូមប្រៀបធៀបគ្រាប់ឃ្លឺរមៀលនោះទៅនឹងមនុស្សម្នាក់ តើមានហេតុផលអ្វីខ្លះដែលមនុស្សម្នាក់អាចផ្លាស់ប្តូរឲ្យកាន់តែប្រសើរ និងកែប្រែទិសដៅនៃជីវិតរបស់ខ្លួន ? តើមូលហេតុអ្វីខ្លះ ដែលពួកគេប្រហែលមិនអាចប្ដូរបាន ?
សូមគិតអំពីទិសដៅនៃជីវិតរបស់អ្នក ។ តើអ្នកទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងអនុម័តរបស់ព្រះអម្ចាស់តាមរបៀបណា ? តើមានការផ្លាស់ប្តូរណាមួយចំពោះទិសដៅជីវិតរបស់អ្នកដែលព្រះអម្ចាស់អាចនឹងអញ្ជើញអ្នកឲ្យធ្វើដែរឬទេ ? សូមស្វែងរកវិវរណៈចំពោះសំណួរទាំងនេះ នៅពេលអ្នកសិក្សាមេរៀននេះ ។
« សុលសុល ហេតុអ្វីអ្នកបៀតបៀនខ្ញុំ ? »
ព្រះអម្ចាស់បានជួយបុរសម្នាក់ឈ្មោះសុល ឲ្យកែប្រែជីវិតរបស់គាត់ ។ ដំបូងឡើយ សុលគឺជាផារិស៊ីម្នាក់ដែល « បានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ » ( កិច្ចការ ៨:៣ ) ។ គាត់បានអនុម័តចំពោះការស្លាប់របស់សិស្សឈ្មោះ ស្ទេផាន( សូមមើល កិច្ចការ ៧:៥៨ ; ៨:១ ; ២២:២០ ) ហើយ « បានចាប់ពួកអ្នកដែលជឿដល់ [ ព្រះអម្ចាស់ ] ដាក់គុកហើយ ព្រមទាំងវាយគេនៅក្នុងគ្រប់ទាំងសាលាប្រជុំផង » ( កិច្ចការ ២២:១៩ ) ។
សូមពុះទំព័រសៀវភៅកំណត់ហេតុរបស់អ្នកជាពីរហើយដាក់ចំណងជើងម្ខាងថា « របៀបដែលព្រះអម្ចាស់បានជួយសុល ផ្លាស់ប្តូរ។ » ដាក់ចំណងជើងម្ខាងទៀតថា« ការឆ្លើយតបរបស់សុល ទៅកាន់ព្រះអម្ចាស់ » ។សូមអានដំណើររឿងមួយ ឬច្រើនអំពីបទពិសោធន៍របស់សុលនៅលើផ្លូវទៅកាន់ទីក្រុងដាម៉ាស ហើយបំពេញតារាងដោយផ្អែកលើអ្វីដែលអ្នករកឃើញ ។
កិច្ចការ ៩:៣–២០ ( លូកាបានសរសេរអំពីការប្រែចិត្តជឿរបស់សុល )
កិច្ចការ ២២:៦–១៦ ( សុល បានប្រាប់អ្នកដទៃអំពីការប្រែចិត្តជឿរបស់គាត់ )
កិច្ចការ ២៦:១២–២០ ( សុល បានប្រាប់ស្តេចអ័គ្រីប៉ាអំពីការប្រែចិត្តជឿរបស់គាត់ )
អ្នកអាចមើលវីដេអូ « The Road to Damascus » ( ៥:២១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ផងដែរ ។
ដោយផ្អែកលើអ្វីដែលអ្នកបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគិតអំពីការពិត ឬមេរៀនដែលអ្នកបានរៀនអំពីដំណើររឿងនេះ ។
ព្រះអម្ចាស់សព្វព្រះទ័យនឹងការផ្លាស់ប្តូររបស់យើង
សូមចំណាយពេលមួយភ្លែតដើម្បីគិតអំពីមនុស្សម្នាក់ដែលអ្នកស្គាល់ដែលបានផ្លាស់ប្តូរដោយសារឥទ្ធិពលរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់ពួកគេ ។
-
តើអ្នកគិតថាព្រះយេស៊ូវគ្រីស្ទបានជះឥទ្ធិពលដល់បុគ្គលនេះដើម្បីផ្លាស់ប្តូរដោយរបៀបណា ?
ដើម្បីមើលឧទាហរណ៍អំពីនរណាម្នាក់ដែលបានផ្លាស់ប្តូរ សូមមើលវីដេអូ « His Grace: Change Is Possible through Christ » ( ៣:២៩ ) ដោយរកមើលពីរបៀបដែលព្រះអម្ចាស់បានជួយបុរសម្នាក់ឈ្មោះ កេន្នី ផ្លាស់ប្តូរដំណើរជីវិតរបស់គាត់ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ចំពោះសុល ដែលត្រូវបានគេស្គាល់ជាញឹកញាប់ដោយឈ្មោះឡាតាំងរបស់គាត់ថា ប៉ុល ( សូមមើល កិច្ចការ ១៣:៩ ) ការធ្វើតាមការដឹកនាំរបស់ព្រះអម្ចាស់បានផ្លាស់ប្ដូរជីវិតរបស់គាត់ទាំងស្រុង ។ ប៉ុលបានឈប់បៀតបៀនពួកអ្នកកាន់សាសនាគ្រិស្ត ហើយជំនួសមកវិញបានក្លាយជាសិស្សដ៏ខ្លាំងក្លារបស់ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុលបានធ្វើដំណើរទៅប្រទេសជាច្រើនក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ហើយបានសរសេរសំបុត្រលើកទឹកចិត្ត និងការណែនាំដល់ពួកបរិសុទ្ធ ។ សំបុត្រចំនួន ១៤ ច្បាប់ក្នុងចំណោមសំបុត្រទាំងនេះត្រូវបានដាក់បញ្ចូលនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ប៉ុល » គេហទំព័រscriptures.ChurchofJesusChrist.org ) ។ ការសម្រេចចិត្តរបស់ប៉ុលដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ បន្តផ្តល់ពរដល់មនុស្សរាប់មិនអស់នៅសព្វថ្ងៃនេះ ។
ព្រះអម្ចាស់ក៏ជ្រាបអំពីយើង ហើយអញ្ជើញយើងឲ្យធ្វើការផ្លាស់ប្ដូរក្នុងជីវិតរបស់យើងផងដែរ ។ ទាំងនេះអាចជាការផ្លាស់ប្តូរដ៏ធំ ប៉ុន្តែវាក៏អាចជាការផ្លាស់ប្តូរបន្តិចបន្តួចផងដែរ ។
នៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក សូមពុះទំព័រមួយទៀតជាពីរ ហើយដាក់ចំណងជើងម្ខាង « របៀបដែលព្រះអម្ចាស់អញ្ជើញខ្ញុំឲ្យផ្លាស់ប្ដូរ » និងផ្នែកម្ខាងទៀត « ការឆ្លើយតបរបស់ខ្ញុំចំពោះព្រះអម្ចាស់ » ។ សូមសញ្ជឹងគិតពីសំណួរខាងក្រោមនេះ ដើម្បីជួយអ្នកឲ្យសរសេរចម្លើយមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនៅក្រោម « របៀបដែលព្រះអម្ចាស់អញ្ជើញខ្ញុំឲ្យផ្លាស់ប្តូរ » ។
-
ទោះបីជាព្រះអម្ចាស់មិនបានបង្ហាញព្រះឲ្យអ្នកឃើញនៅក្នុងការនិមិត្តក្តី តើទ្រង់បានធ្វើអ្វីខ្លះ ឬកំពុងធ្វើអ្វី ដើម្បីជួយអ្នកឲ្យធ្វើការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរបស់អ្នក ?
-
តើទ្រង់បានចាត់នរណាឲ្យមកជួយអ្នកក្នុងការផ្លាស់ប្តូរឲ្យកាន់តែល្អប្រសើរនេះ ?
នៅក្រោម « ការឆ្លើយតបរបស់ខ្ញុំចំពោះព្រះអម្ចាស់ » សូមសរសេរអំពីរបៀបដែលអ្នកចង់ឆ្លើយតបទៅនឹងការខិតខំរបស់ព្រះអម្ចាស់ ដើម្បីជួយអ្នកឲ្យផ្លាស់ប្តូរកាន់តែប្រសើរឡើង ។
វិចារណកថា និង ព័ត៌មានសាច់រឿង
កិច្ចការ ៩:៥ ។ តើ« ធាក់ជល់នឹងជន្លួញ » មានន័យដូចម្ដេច ?
លំពែង ឬដំបងមុតស្រួចត្រូវបានគេប្រើជាញឹកញាប់ដើម្បីគោះសត្វឲ្យវាដើរទៅមុខ ។ សត្វដែលមានប្រតិកម្មដោយការធាក់ ជំនួសឲ្យដើរទៅមុខអាចបង្កឲ្យមានការឈឺចាប់បន្ថែមទៀតចំពោះខ្លួនវា ។ ព្រះអម្ចាស់បានជួយសុល ដោយប្រើរឿងប្រៀបប្រដូចនេះ ឲ្យគាត់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងទ្រង់នឹងនាំមកនូវការឈឺចាប់ដល់ខ្លួនគាត់តែប៉ុណ្ណោះ ។
តើព្រះអម្ចាស់អាចបង្គាប់ឲ្យខ្ញុំធ្វើការកែប្រែអ្វីខ្លះ ?
ស៊ីស្ទើរ បែកឃី ក្រាវីន ទីប្រឹក្សាទីពីរក្នុងគណៈប្រធានយុវនារីទូទៅ បានបង្រៀន ៖
វាអាចជាការផ្លាស់ប្តូរគំនិត ទម្លាប់ ឬទិសដៅ ដែលយើងកំពុងឆ្ពោះទៅ ។ ជាថ្នូរនឹងការបង់ថ្លៃដែលមិនអាចកាត់ថ្លៃបានសម្រាប់យើងម្នាក់ៗ ព្រះអម្ចាស់បង្គាប់ឲ្យយើងផ្លាស់ប្តូរចិត្ត ។ ការផ្លាស់ប្តូរដែលទ្រង់ស្នើសុំពីយើងមិនមែនសម្រាប់ជាប្រយោជន៍របស់ទ្រង់នោះទេ ប៉ុន្តែគឺជាប្រយោជន៍សម្រាប់យើងទៅវិញទេ ។
( បែកឃី ក្រាវីន « Keep the Change » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៥៨ )
តើខ្ញុំគួរស្វែងយល់អ្វីខ្លះអំពីជម្រើសរបស់ខ្ញុំ និងទិសដៅនៃជីវិតរបស់ខ្ញុំ ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ព្រះមិនខ្វល់ព្រះទ័យ ច្រើនអំពីកន្លែងដែលអ្នកធ្លាប់ទៅដូចដែលទ្រង់ខ្វល់ព្រះទ័យអំពីកន្លែងដែលអ្នកកំពុងរស់នៅ នោះទេ ហើយដោយមានជំនួយពីទ្រង់ តើអ្នកនឹងស័្មគ្រចិត្តទៅកន្លែងណា ។
( ជែហ្វ្រី អ័រ ហូឡិន « The Best Is Yet to Be » Ensign ខែ មករា ឆ្នាំ ២០១០ ទំព័រ ២៧ )
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
សាតាំងចង់ឲ្យយើងគិតថា នៅពេលយើងមានបាប គឺយើងឆ្លងហួស « ចំណុចដែលមិនអាចត្រឡប់ក្រោយបាន »—ថាវាយឺតពេលហើយក្នុងការផ្លាស់ប្ដូរផ្លូវរបស់យើង ។ …
ព្រះគ្រីស្ទ បានយាងមកដើម្បីសង្គ្រោះយើង ។ ប្រសិនបើយើងជ្រើសរើសផ្លូវខុស នោះដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទអាចផ្តល់ការធានាដល់យើងថា … [ ការ ] វិលត្រឡប់វិញដោយសុវត្ថិភាពគឺអាចធ្វើទៅបាន ប្រសិនបើយើងនឹងធ្វើតាមផែនការរបស់ព្រះសម្រាប់ការសង្គ្រោះរបស់យើង ។ …
អំណោយទាននៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទផ្តល់ឲ្យយើងនៅគ្រប់ពេល និងគ្រប់ទីកន្លែងទាំងអស់ ព្រមជាមួយនឹងពរជ័យនៃការប្រែចិត្ត និងការអភ័យទោស ។ ដោយសារអំណោយទាននេះ នោះឱកាសនៃការវិលត្រឡប់វិញដោយសុវត្ថិភាពពីដំណើរនៃគ្រោះមហន្តរាយនៃអំពើបាបដែលកើតមានចំពោះយើងទាំងអស់គ្នា ។
( ឌៀថើរ អេហ្វ អុជដូហ្វ « Point of Safe Return » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៩៩, ១០១ )