ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ូហាន ៣:១៦
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
នៅក្នុងមេរៀនមុន អ្នកបានរៀនអំពីសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលព្រះវរបិតាសួគ៌បានបង្ហាញដល់យើង តាមរយៈការបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មកធ្វើជាព្រះអង្គសង្រ្គោះ និងព្រះប្រោសលោះរបស់យើង ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកបង្កើនចំណេះចំណានខាងគោលលទ្ធិរបស់អ្នក ដោយការទន្ទេញឲ្យចាំសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ការពន្យល់ពីគោលលទ្ធិ និងការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតពិត ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទន្ទេញចាំ និងពន្យល់
ខាងក្រោមនេះគឺជាកំណែច្របល់នៃសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ យ៉ូហាន ៣:១៦ ។ សូមរៀបពាក្យកំណែច្របល់នេះតាមលំដាប់លំដោយវិញ ដោយការសរសេរសេចក្ដីយោងបទគម្ពីរត្រឹមត្រូវ និងឃ្លាបទគម្ពីរគន្លឹះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
ព្រះព្រះរាជបុត្រាប្រទានទ្រង់ស្រឡាញ់តែ១ដល់ម៉្លេះ១៦ដ្បិតទ្រង់យ៉ូហានមនុស្សលោកបានជាទ្រង់៣
បន្ទាប់ពីអ្នកបានរៀបកំណែច្របល់តាមលំដាប់លំដោយរួចហើយ សូមចំណាយពេលបន្តិច ដើម្បីទន្ទេញចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ។
សូមសន្មតថា អ្នកជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងម្នាក់ ។ អ្នកត្រូវបានអញ្ជើញឲ្យចូលក្នុងផ្ទះមួយដោយប្តីប្រពន្ធដ៏រួសរាយរាក់ទាក់មួយគូ ដែលមិនធ្លាប់ឮអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទពីមុនមកឡើយ ។ ដោយផ្អែកលើអ្វីដែលអ្នកបានរៀនពីមេរៀនមុនអំពីសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ តើអ្នកនឹងចែករំលែកអ្វីជាមួយប្ដីប្រពន្ធនេះ ?
រៀនអនុវត្ត
សូមចំណាយពេលបន្តិចដើម្បីរំឭកគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណឡើងវិញ ជាមួយនឹងសកម្មភាពខាងក្រោម ។
សូមបំពេញចន្លោះទទេសម្រាប់ឃ្លាខាងក្រោមនីមួយៗ ។
ធ្វើសកម្មភាពដោយសេ____ ។
ពិនិត្យមើលគោលគំនិត និងសំ________ដោយទ________ដ៏________មួយ ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែ_______ដ៏_______ ។
សូមពិចារណាពីសាច់រឿងខាងក្រោម ។
បន្ទាប់ពីមកផ្ទះយឺតពីរលើកជាប់ៗគ្នា នោះសារ៉ាយមានការសន្ទនាដ៏តានតឹងមួយ ជាមួយឪពុកម្តាយរបស់នាង ។ នាងដឹងថា វាពិបាកសម្រាប់ឪពុកម្តាយរបស់នាងក្នុងការទុកចិត្តនាង ។ នាងក៏ដឹងដែរថា នាងបានធ្វើការជ្រើសរើសមួយចំនួនដែល បើឪពុកម្តាយរបស់នាងដឹងនោះ នឹងធ្វើឲ្យឪពុកម្តាយរបស់នាងលែងទុកចិត្តនាងកាន់តែខ្លាំងឡើង ។ សារ៉ាយមានអារម្មណ៍ថាមានកំហុស ប៉ុន្តែវាហាក់ដូចជាងាយស្រួលក្នុងការមិនអើពើនឹងបញ្ហាទាំងនេះ ។ លើសពីនេះទៀត នាងកាន់តែពិបាកធ្វើកិច្ចការ និងមានអារម្មណ៍ខាងវិញ្ញាណ ដែលធ្វើឲ្យនាងគិតថា អាចថាព្រះវរបិតាសួគ៌មិនពិត ឬអាចថាទ្រង់បានឃ្លាតឆ្ងាយពីនាង ដោយសារតែជម្រើសរបស់នាង ។ មកដល់ត្រង់ចំណុចនេះ សារ៉ាយមិនដឹងថាត្រូវធ្វើអ្វី ឬងាកទៅណានោះទេ ។
-
តើអ្វីដែលបណ្តាលឲ្យបញ្ហានេះក្លាយជាស្ថានភាពពិបាកសម្រាប់សារ៉ាយ ?
-
ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពរបស់សារ៉ាយ តើអ្នកនឹងមានសំណួរ ឬកង្វល់អ្វីខ្លាំងជាងគេបំផុត ?
សូមពិចារណាពីរបៀបដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ អាចជួយសារ៉ាយឲ្យឆ្លើយតបនឹងស្ថានភាពរបស់នាង ។ ប្រសិនបើចាំបាច់ សូមចំណាយពេលបន្តិចដើម្បីរំឭកកថាខណ្ឌទី ៥–១២ ឡើងវិញនៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ដើម្បីរៀនសូត្របន្ថែមទៀតអំពីគោលការណ៍ទាំងនេះ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើសារ៉ាយអាចធ្វើអ្វីខ្លះ ដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿនៅក្នុងស្ថានភាពនេះ ?
-
តើអ្នកនឹងនិយាយអ្វីខ្លះ ដើម្បីជួយដល់នាង ប្រសិនបើនាងមានអារម្មណ៍ថា ការធ្វើសកម្មភាពដោយសេចក្ដីជំនឿពិបាកខ្លាំងពេកនោះ ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បជានិច្ច
សារ៉ាយមានអារម្មណ៍ថា ទំនាក់ទំនងរបស់នាងជាមួយឪពុកម្តាយនាង និងជាមួយព្រះដូចជាកំពុងរងទុក្ខ ដោយសារតែជម្រើសដែលនាងបានជ្រើសរើស ។ ការបើកចំហជាមួយឪពុកម្តាយរបស់នាង និងព្រះទំនងជានឹងធ្វើឲ្យអ្វីៗកាន់តែពិបាកឡើង ។
-
តើទស្សនវិស័យរបស់សារ៉ាយមិនត្រឹមត្រូវ ឬមិនពេញលេញតាមរបៀបណា ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ ឬផែនការនៃសេចក្ដីសង្គ្រោះ ដែលនឹងមានប្រយោជន៍ ដែលសារ៉ាយត្រូវចងចាំនោះ ?
-
ប្រសិនបើអ្នកជាម្ដាយ ឬឪពុករបស់សារ៉ាយ តើអ្នកគិតថា អ្នកនឹងមានអារម្មណ៍យ៉ាងណាចំពោះនាង ? តើអ្នកចង់ឲ្យកូនស្រីដែលកំពុងពិបាកចិត្តរបស់អ្នក យល់យ៉ាងណាអំពីអារម្មណ៍របស់អ្នក ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
សូមចំណាយពេលពីរបីនាទីដើម្បីស្វែងរកវគ្គបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍ពីអ្នកដឹកនាំសាសនាចក្រ ដែលអាចមានគុណប្រយោជន៍ដល់សារ៉ាយ ។ ប្រសិនបើចាំបាច់ សូមពិចារណាប្រើធនធានដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ ប្រធានបទដំណឹងល្អ ដើម្បីជួយដល់អ្នក ( សូមមើល ChurchofJesusChrist.org ) ។ វាក៏អាចមានអត្ថប្រយោជន៍ផងដែរ ដើម្បីប្រើបទគម្ពីរមួយចំនួនដែលអ្នកបានសិក្សានៅក្នុងមេរៀនមុន ដូចជា យ៉ូហាន ៣:១៤–១៧ ឬ គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១១ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ចេញពីការសិក្សារបស់អ្នកដែលនឹងជួយដល់សារ៉ាយនោះ ?
-
ចេញពីការសិក្សារបស់អ្នក តើឃ្លាជាក់លាក់អ្វី យ៉ាងហោចណាស់ពីរ ដែលនឹងមានអត្ថប្រយោជន៍ដល់សារ៉ាយ ? ហេតុអ្វីទៅ ?