ព្រះយេស៊ូវបានបង្រៀនស្ត្រីសាសន៍សាម៉ារីនៅឯមាត់អណ្តូងទឹក អំពីទឹករស់ដែលទ្រង់បានប្រទាន ។ មេរៀននេះមានគោលបំណងដើម្បីជួយអ្នកឲ្យយល់បន្ថែមទៀតអំពីទឹករស់ ដែលព្រះអង្គសង្រ្គោះបានប្រទាន ៖ តើវាជាអ្វី ហេតុអ្វីអ្នកត្រូវការវា ហើយតើអ្នកអាចទទួលបានវាដោយរបៀបណា ។
សកម្មភាពរៀនសូត្រដែលអាចមាន
ផ្លូវទៅកាន់សុភមង្គល និងភាពពេញលេញ
អែលឌើរ លូរែន អ៊ី ខូប៊្រីតហ្គ នៃក្រុមចិតសិបនាក់ បានបង្រៀន ៖
មានផ្លូវតែមួយគត់ដែលនាំទៅរកសុភមង្គល និងភាពពេញលេញ ។ [ ព្រះយេស៊ូវគ្រីស្ទ ] គឺជាផ្លូវ ។ គ្រប់ផ្លូវផ្សេងៗ រាល់ផ្លូវណាមួយផ្សេង មិនថាផ្លូវណាទេ គឺជាភាពល្ងីល្ងើ ។
ទ្រង់ប្រទាននូវអណ្តូងទឹករស់ ។ យើងអាចផឹកហើយមិនចេះស្រេកទឹកទៀត ឬក៏យើងល្ងង់មិនផឹកហើយបន្ដនៅតែស្រេកទឹកទៀត ។
( ឡរិន អ៊ី ខ័រប្រ៊ិច « The Way,” Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៣៤ )
-
តើពេលខ្លះមនុស្សងាកទៅរកអ្វី ដើម្បីមានសុភមង្គល និងភាពពេញលេញ ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ស្រេកឃ្លានខាងវិញ្ញាណ ឬមិនស្កប់ចិត្ត ?
-
ហេតុអ្វីបានជាអ្នកគិតថា ពេលខ្លះមនុស្សងាកទៅរកអ្វីដែលមិននាំមកនូវការស្កប់ចិត្តយូរអង្វែង ?
-
តើព្រះយេស៊ូវគ្រីស្ទប្រទានអ្វីខ្លះ ដែលនាំមកនូវសុភមង្គល និងភាពពេញលេញដ៏យូរអង្វែង ?
សូមគិតអំពីរបៀបដែលសំណួរទាំងនេះទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ តើមានអ្វីដែលអ្នកងាកទៅរក ដើម្បីទទួលបានសុភមង្គល និងភាពពេញលេញ តែតាមពិតទៅ វាមិនបានបំពេញតាមបំណងប្រាថ្នាទាំងនោះទេ ? តើអ្នកធ្លាប់មានបទពិសោធន៍អ្វីខ្លះ នៅពេលដែលអ្នកមានអារម្មណ៍ថាមានសេចក្ដីសុខសាន្ដ និងសុភមង្គលយូរអង្វែងដែលអាចកើតមានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ?
សូមរំឭកដល់ការសិក្សា យ៉ូហាន ៤ របស់អ្នកនៅក្នុងមេរៀនមុន ដែលព្រះយេស៊ូវបានបង្រៀនស្ត្រីសាសន៍សាម៉ារីអំពីទឹករស់ដែលជា « ជានិមិត្តរូបមួយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្ដីបង្រៀនរបស់ទ្រង់ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ទឹករស់ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org) ។
សូមស្រមៃថា អ្នកត្រូវបានស្នើសុំឲ្យរៀបចំសុន្ទរកថាសម្រាប់ការប្រជុំសាក្រាម៉ង់អំពីទឹករស់ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទាន ។ ជាផ្នែកមួយនៃសុន្ទរកថារបស់អ្នក អ្នកត្រូវបានស្នើសុំឲ្យកំណត់ថា (១) តើទឹករស់គឺជាអ្វី (២) ហេតុអ្វីយើងត្រូវការវា និង (៣) របៀបដែលយើងអាចទទួលវាពីព្រះអង្គសង្គ្រោះ ។ ដោយប្រើបទគម្ពីរ សេចក្តីថ្លែងការណ៍ និងសំណួរខាងក្រោមនេះ ព្រមទាំងជំនួយបន្ថែម ដែលអ្នកអាចរកបានដោយខ្លួនឯង សូមរៀបចំគំនិត និងត្រៀមសុន្ទរកថារបស់អ្នក ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើទឹករស់ដែលព្រះយេស៊ូវគ្រីស្ទប្រទានឲ្យទាក់ទងនឹងសាក្រាម៉ង់យ៉ាងដូចម្តេច ?
ពេលបម្រើជាទីប្រឹក្សាទីពីរក្នុងគណៈប្រធានអង្គការបឋមសិក្សាទូទៅ ស៊ីស្ទើរ ឆារិល អេ អេសព្លិន បានបង្រៀន ៖
ព្រលឹងវិញ្ញាណរបស់យើងដែលមានរបួស អាចត្រូវបានជា ហើយបំពេញជាថ្មី មិនគ្រាន់តែដោយសារនំប៉័ង និងទឹក ដែលរំឭកយើងអំពីពលិកម្មនៃព្រះកាយ និងលោហិតរបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែដោយសារជានិមិត្តរូបរំឭកយើងផងថា ទ្រង់តែងតែជា « នំប៉័ងជីវិត » [ យ៉ូហាន ៦:៤៨ ] និងជា « ទឹករស់ » [ យ៉ូហាន ៤:១០ ] របស់យើងជានិច្ច ។
បន្ទាប់ពីការបម្រើសាក្រាម៉ង់ដល់ពួកសាសន៍នីហ្វៃ ព្រះយេស៊ូវ មានបន្ទូលថា ៖
« អ្នកណាទទួលទាននំប៉័ងនេះ គឺទទួលទានរូបកាយយើងទៅក្នុងព្រលឹងអ្នកនោះ ហើយអ្នកណាផឹកស្រាទំពាំងបាយជូរនេះ គឺផឹកលោហិតយើងទៅក្នុងព្រលឹងអ្នកនោះ ហើយព្រលឹងអ្នកនោះនឹងពុំចេះស្រេកឃ្លានឡើយ តែបានឆ្អែតជានិច្ច ។
« ឥឡូវនេះ កាលបណ្ដាជនគ្រប់គ្នាបានបរិភោគ នឹងផឹករួចហើយ មើលចុះ ពួកគេបានពោរពេញទៅដោយព្រះវិញ្ញាណ » [ នីហ្វៃទី៣ ២០:៨–៩ ] ។
តាមបន្ទូលទាំងនេះ ព្រះគ្រីស្ទបង្រៀនយើងថា ព្រះវិញ្ញាណព្យាបាល ហើយបំពេញព្រលឹងរបស់យើង ។ ពរជ័យដែលបានសន្យានៃពិធីសាក្រាម៉ង់គឺថា យើងនឹង « តែងតែមានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយ [ យើង ] ជានិច្ច » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ ] ។
10:39
តើទឹករស់របស់ព្រះអង្គសង្គ្រោះអាចជួយខ្ញុំឲ្យយកឈ្នះលើឥទ្ធិពលអាក្រក់របស់ពិភពលោកនេះយ៉ាងដូចម្តេច ?
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២៧–២០០៧) នៃគណៈប្រធានទីមួយបានបង្រៀន ៖
ភាគច្រើននៃការបំពុលខាងវិញ្ញាណដែលចូលមកក្នុងជីវិតរបស់យើង កើតឡើងតាមរយៈអ៊ីនធឺណិត ហ្គេមកំព្យូទ័រ កម្មវិធីទូរទស្សន៍ និងភាពយន្តដែលមានការចាប់អារម្មណ៍ខ្ពស់ ឬបង្ហាញជាលក្ខណៈក្រាហ្វិកនូវគុណលក្ខណៈមូលដ្ឋានរបស់មនុស្សជាតិ ។ ដោយសារយើងរស់នៅក្នុងបរិយាកាសបែបនេះ នោះយើងត្រូវបង្កើនកម្លាំងខាងវិញ្ញាណ ។
អេណុស និយាយពីការស្រេកឃ្លាននៃព្រលឹងរបស់លោក ហើយអំពាវនាវអស់ពេញមួយថ្ងៃ ហើយដល់ពេលយប់ក្នុងការទូលអង្វរសម្រាប់ព្រលឹងរបស់លោក [ សូមមើល អេណុស ១:៤ ] ។ លោកចង់បានអាហារបំប៉នខាងវិញ្ញាណ ដែលធ្វើឲ្យបាត់ស្រេកចំពោះសេចក្តីពិតខាងវិញ្ញាណ ។ ដូចដែលព្រះអង្គសង្គ្រោះនៃពិភពលោកបានមានបន្ទូលទៅកាន់ស្ត្រីនៅមាត់អណ្តូងទឹកនៅស្រុកសាម៉ារីថា « អ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច » [ យ៉ូហាន ៤:១៤ ] ។
( ជែមស៍ អ៊ី ហ្វោស្ត « Spiritual Nutrients » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៥៥ )