យ៉ូហាន ២
ព្រះយេស៊ូវបានប្រែទឹកទៅជាស្រាទំពាំងបាយជូរ
ព្រះយេស៊ូវបានប្រែទឹកទៅជាស្រាទំពាំងបាយជូរក្នុងពិធីមង្គលការមួយ នៅក្នុងអព្ភូតហេតុដែលបានកត់ត្រាទុកជាលើកដំបូង ដែលទ្រង់បានធ្វើក្នុងអំឡុងការងារបម្រើនៅលើផែនដីរបស់ទ្រង់ ។ មេរៀននេះមានគោលបំណងជួយអ្នក ឲ្យបង្កើនសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកសិក្សាអព្ភូតហេតុនេះ ហើយរកឃើញសេចក្តីពិតអំពីព្រះចេស្ដា និងបុគ្គលិកលក្ខណៈរបស់ព្រះអង្គសង្គ្រោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកទុកចិត្តលើនរណា ?
-
តើវាអាចទៅរួចដែរឬទេ ដែលយើងទុកចិត្តនរណាម្នាក់ខ្លាំង រហូតដល់តាំងចិត្តធ្វើអ្វីៗ ដែលពួកគេអាចស្នើសុំឲ្យអ្នកធ្វើនោះ ?
-
តើអ្នកត្រូវដឹងអ្វីខ្លះ អំពីបុគ្គលដែលមានឆន្ទៈធ្វើការតាំងចិត្តបែបនោះ ?
សូមសញ្ជឹងគិតមួយភ្លែត ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកស្គាល់ព្រះអង្គសង្គ្រោះបានល្មមគ្រប់គ្រាន់ ដើម្បីនឹងទុកចិត្តលើទ្រង់ ចំពោះអ្វីក៏ដោយដែលទ្រង់សុំពីអ្នក ។ នៅពេលអ្នកសិក្សា យ៉ូហាន ២ សូមរកមើលភស្ដុតាងនៃព្រះចេស្ដា និងបុគ្គលិកលក្ខណៈរបស់ទ្រង់ ដែលអាចបង្កើនការជឿទុកចិត្តរបស់អ្នកទៅលើទ្រង់ និងឆន្ទៈរបស់អ្នកដើម្បីធ្វើតាមអ្វីដែលទ្រង់សុំពីអ្នកនោះ ។
អព្ភូតហេតុដែលបានកត់ត្រាជាលើកដំបូងអំពីការងារបម្រើរបស់ព្រះយេស៊ូវ
អព្ភូតហេតុដែលបានកត់ត្រាទុកជាលើកដំបូង អំឡុងការងារបម្រើនៅលើផែនដីរបស់ព្រះអង្គសង្គ្រោះមាននៅក្នុង យ៉ូហាន ២ ។ មុនពេលអ្នកសិក្សាពីដំណើររឿងនេះ វាអាចមានគុណប្រយោជន៍ដើម្បីដឹងថា ស្រាច្រើនតែមានគុណភាពកាន់តែប្រសើរឡើង នៅពេលទុកវាឲ្យបានយូរ ហើយការអស់ស្រានឹងនាំឲ្យមានការអាម៉ាស់ដល់ម្ចាស់ពិធីមង្គលការ ។
សូមពិចារណាមើលវីដេអូ « Jesus Turns Water into Wine » ( ២:២៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org មុនពេលអានដំណើររឿងនេះនៅក្នុងព្រះគម្ពីរ ។
សូមអាន យ៉ូហាន ២:១–១១ យឺតៗ និងប្រកបដោយការរិះគិត ហើយពិចារណាគូសចំណាំអ្វីដែលអ្នកចាប់អារម្មណ៍ ។ នៅពេលអ្នកសិក្សា អ្នកអាចពិចារណាពីចម្លើយចំពោះសំណួរដូចតទៅនេះ ៖ តើអ្នកគិតថា ម៉ារាដឹងអ្វីខ្លះអំពីបុត្ររបស់នាង ? តើអ្នកគិតថា អ្នកបម្រើបានដឹងអ្វីខ្លះអំពីព្រះយេស៊ូវ ?
-
តើសេចក្ដីពិតអ្វីខ្លះ ដែលអ្នកបានរៀនអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ និងអំពីបុគ្គលិកលក្ខណៈរបស់ទ្រង់ ?
-
តើអ្នកអាចគិតពីកាលៈទេសៈ ដែលការដឹងពីសេចក្ដីពិតទាំងនេះអាចជួយនរណាម្នាក់នៅសព្វថ្ងៃនេះបានដែរឬទេ ?
-
តើវាបានផ្ដល់ពរជ័យដល់ជីវិតរបស់អ្នកយ៉ាងដូចម្តេច ពេលដឹងពីសេចក្តីពិតទាំងនេះអំពីព្រះយេស៊ូវគ្រីស្ទ ?
« ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ »
ដូចក្នុងករណីជាច្រើននៅក្នុងព្រះគម្ពីរសញ្ញាថ្មី នោះការបកប្រែដោយ យ៉ូសែប ស៊្មីធ នៃ យ៉ូហាន ២:៤ ជួយយើងឲ្យមានការយល់ដឹងបន្ថែមអំពីព្រះអង្គសង្គ្រោះ ។ គម្ពីរចែងថា « មាតាអើយ តើការនោះអំពល់អ្វីដល់យើង ពេលវេលាខ្ញុំមិនទាន់មកដល់នៅឡើយ » ( នៅក្នុង យ៉ូហាន ២:៤ ) ។
-
តើការណ៍នេះបង្រៀនអ្នកអ្វីខ្លះ អំពីទំនាក់ទំនងរបស់ព្រះអង្គសង្គ្រោះជាមួយនឹងមាតារបស់ទ្រង់ ?
សូមពិចារណាគូសចំណាំអ្វី ដែលម៉ារាបាននិយាយទៅកាន់អ្នកបម្រើ ដូចបានកត់ត្រានៅក្នុង ខទី ៥ ។
-
តើការណែនាំរបស់ម៉ារាទៅពួកអ្នកបម្រើបង្រៀនយើងអ្វីខ្លះ អំពីសេចក្តីជំនឿរបស់នាងលើព្រះយេស៊ូវ ?
អែលឌើរ អិល វិតនី ក្លេតុន នៃពួកចិតសិបនាក់បានពន្យល់រឿងខ្លះ ដែលម៉ារាបានដឹងអំពីព្រះយេស៊ូវ ដែលបានពង្រឹងសេចក្តីជំនឿរបស់នាងលើទ្រង់ ។អ្នកគួរតែមើលវីដេអូ « Whatsoever He Saith unto You, Do It » ( ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ) ចាប់ពីលេខកូដម៉ោង ១:៤០ ដល់ ២:២៩ ឬអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ។
[ ម៉ារា ] បានដឹងច្រើនអំពី [ ព្រះយេស៊ូវគ្រីស្ទ ] ជាងអ្នកណាៗទាំងអស់នៅលើផែនដីនេះ ។ នាងបានដឹងពីសេចក្ដីពិតនៃការប្រសូតដ៏អស្ចារ្យរបស់ទ្រង់ ។ នាងបានដឹងថា ទ្រង់គ្មានបាប ហើយថាទ្រង់ « ពុំមានព្រះបន្ទូលដូចមនុស្សដទៃឡើយ ហើយទ្រង់ក៏ពុំត្រូវបង្រៀនឡើយ ដ្បិតទ្រង់មិនត្រូវការឲ្យមនុស្សណាម្នាក់បង្រៀនទ្រង់ឡើយ » [ ការបកប្រែដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ៣:២៥ ( នៅក្នុងឧបសម្ព័ន្ធការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ) ] ។ ម៉ារាបានដឹងពីសមត្ថភាពដ៏វិសេសវិសាលរបស់ទ្រង់ដើម្បីដោះស្រាយបញ្ហា រួមបញ្ចូលទាំងការប្រទានស្រាសម្រាប់មង្គលការមួយផងដែរ ។ នាងមានទំនុកចិត្តយ៉ាងរឹងមាំលើទ្រង់ និងព្រះចេស្ដាដ៏ទេវភាពរបស់ទ្រង់ ។ ការណែនាំសាមញ្ញចំៗរបស់នាងទៅកាន់ពួកអ្នកបម្រើគ្មានការព្រមព្រៀង គ្មានគុណសម្បត្តិ និងគ្មានដែនកំណត់ទេថា « ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ » ។
( អិល វីតនី ក្លេតុន « Whatsoever He Saith unto You, Do It » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩៧ )
-
តើម៉ារាបានដឹងអ្វីខ្លះ អំពីព្រះយេស៊ូវដែលមានសារៈសំខាន់ ដែលយើងត្រូវដឹងអំពីទ្រង់ដែរ ?
សូមស្រមៃថា អ្នកជាអ្នកបម្រើម្នាក់ ដែលបានឮសេចក្ដីណែនាំទាំងឡាយរបស់ម៉ារា ។ សូមអាន យ៉ូហាន ២:៦–៨ ម្ដងទៀត ដោយរកមើលអ្វីដែលព្រះយេស៊ូវបានបង្គាប់ឲ្យអ្នកបម្រើធ្វើ ។ មុនពេលអាន វាអាចមានគុណប្រយោជន៍ដើម្បីដឹងថា « ពាងថ្មទាំងនេះមិនមែនប្រើដើម្បីដាក់ទឹកផឹកនោះទេ ប៉ុន្ដែប្រើសម្រាប់លាងសម្អាតតាមទំនៀម » ( អិល វីតនី ក្លេតុន « Whatsoever He Saith unto You, Do It » ទំព័រ ៩៧ ) ។
-
តើអ្នកប្រហែលជាបានគិត ឬមានអារម្មណ៍យ៉ាងណាដែរ នៅពេលអ្នកយកពែងទៅជូនម្ចាស់ពិធីនោះ ?
-
តើមានការណែនាំណាខ្លះ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទាននៅថ្ងៃនេះ ដែលតម្រូវឲ្យអ្នកទុកចិត្តលើទ្រង់ដើម្បីគោរពតាម ?
នៅក្នុងការបកប្រែដោយ យ៉ូសែប ស្ម៊ីធ យ៉ូហាន ២:១១ យើងមិនត្រឹមតែដឹងថា អព្ភូតហេតុនេះបានបង្ហាញពីសិរីល្អរបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងដឹងថា « សេចក្ដីជំនឿរបស់ពួកសិស្សទ្រង់ទៅលើទ្រង់បានរឹងមាំឡើង » ទៀតផង ។ អព្ភូតហេតុមិនធ្វើឲ្យមនុស្សប្រែចិត្តជឿនោះទេ ប៉ុន្តែអ្នកដែលមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ បានពង្រឹងសេចក្ដីជំនឿរបស់ពួកគេតាមរយៈអព្ភូតហេតុទាំងនោះ ។
សូមចំណាយពេលពីរបីនាទីដើម្បីស្វែងរក និងរៀនពីអ្នកដទៃនៅក្នុងព្រះគម្ពីរដែល ដូចជាម៉ារាដែរ មានសេចក្ដីជំនឿដ៏ខ្លាំងលើព្រះយេស៊ូវគ្រីស្ទ ។ សូមរកមើលមូលហេតុ ដែលពួកគេម្នាក់ៗបានជ្រើសរើសដើម្បីទុកចិត្តលើ និងធ្វើតាមអ្វីដែលព្រះយេស៊ូវបានមានបន្ទូល ។ គំរូនានារួមមាន នីហ្វៃ ( នីហ្វៃទី២ ៤:៣៤–៣៥ ) យ៉ាកុប ( យ៉ាកុប ៤:១០ ) និងបងប្រុសរបស់យ៉ារេឌ ( អេធើរ ៣:៩–១២ ) ។
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលបំផុសគំនិតអ្នកឲ្យស្ដាប់បង្គាប់តាម « ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ » ? ( យ៉ូហាន ២:៥ ) ។
-
ហេតុអ្វីមនុស្សម្នាក់អាចទុកចិត្តលើព្រះយេស៊ូវគ្រីស្ទបាន ទោះបីអ្វីដែលទ្រង់មានបន្ទូលពួកគេមិនយល់ក៏ដោយ ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីស្គាល់ព្រះយេស៊ូវគ្រីស្ទបានកាន់តែច្បាស់ ដើម្បីឲ្យសេចក្ដីជំនឿរបស់អ្នកលើទ្រង់កើនឡើង ?
វិចារណកថា និង ព័ត៌មានសាច់រឿង
តើការផឹកស្រាខុសនឹងបទបញ្ញត្តិនៅសម័យព្រះគម្ពីរប៊ីបដែរឬទេ ?
មានសេចក្ដីយោងជាច្រើននៅក្នុងព្រះគម្ពីរប៊ីប ដែលយោងទៅអំពើអាក្រក់នៃភាពប្រមឹក និងគ្រឿងស្រវឹងខ្លាំង ( ឧទាហរណ៍ សូមមើល សុភាសិត ២៣:២០–២១ ; អេសាយ ៥:១១–១២ ; អេភេសូរ ៥:១៨ ) ។ ខគម្ពីរទាំងនេះមិនបានហាមប្រាមជាក់លាក់អំពីការប្រើគ្រឿងស្រវឹងទេ ប៉ុន្តែវាថ្កោលទោសលើការបណ្តែតបណ្តាយហួសប្រមាណ និងភាពប្រមឹក ។ នៅជំនាន់របស់យើង ព្រះអម្ចាស់បានបើកសម្ដែងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ដែលហាមឃាត់នូវការទទួលទានភេសជ្ជៈដែលមានជាតិអាល់កុល [ សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:៤–៧ ] ។ យើងគួរចៀសវាងធ្វើការវិនិច្ឆ័យមនុស្សនៅសម័យកាន់កាប់ត្រួតត្រាមុនៗ ដោយបទបញ្ញត្តិដែលព្រះអម្ចាស់បានប្រទានដល់យើងនៅសម័យយើងសព្វថ្ងៃនេះ ។
( សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់សិស្ស [ ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ ChurchofJesusChrist.org )
ហេតុអ្វីព្រះយេស៊ូវហៅម្ដាយរបស់ទ្រង់ថា « មាតាអើយ » ?
អែលឌើរ ជេមស៍ អ៊ី ថាលម៉េហ្គ ( ឆ្នាំ ១៨៦២–១៩៣៣ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
ពាក្យ « មាតា » ជានាមដែលបានលើកឡើង ដោយកូនប្រុសទៅកាន់ម្ដាយខ្លួន កាលអ្នកស្ដាប់ទៅដូចមិនទំនង ប៉ុន្តែធាតុពិតពាក្យនេះប្រើក្នុងន័យបង្ហាញការគោរព ។ … នៅទិដ្ឋភាពចុងបញ្ចប់ដ៏គួរឲ្យភ័យខ្លាចនៃបទពិសោធន៍នៃជីវិតរមែងស្លាប់របស់ទ្រង់ កាលព្រះគ្រីស្ទត្រូវបានគេឆ្គាងនៅលើឈើឆ្កាង ដោយរងការឈឺចាប់ដ៏ខ្លោចផ្សា នោះទ្រង់បានមើលទៅមាតាទ្រង់ ម៉ារា ដែលកំពុងទួញយំ ហើយបានបង្គាប់ឲ្យសាវកសំណព្វ យ៉ូហានឲ្យមើលថែគាត់ ដោយមានបន្ទូល ៖ « មាតាអើយ នុ៎ះន៏ កូនរបស់មាតា » ។ [ យ៉ូហាន ១៩:២៦ ] ។ តើអាចគិតឃើញដែរទេថា នៅក្នុងគ្រាដ៏អស្ចារ្យនេះ កង្វល់របស់ព្រះអម្ចាស់យើងចំពោះមាតា ពេលសេចក្ដីស្លាប់ហៀបនឹងមកបំបែកទ្រង់ចេញពីមាតាទ្រង់ គឺគ្មានអាម្មណ៍អ្វីក្រៅពីការគោរព ភាពទន់ភ្លន់ និងសេចក្ដីស្រឡាញ់នោះ ?
( ជេមស៍ អ៊ី ថាលម៉េហ្គ Jesus the Christ[ ឆ្នាំ ១៩១៦ ] ទំព័រ ១៤៤–៤៥ ) ។
យ៉ូហាន ២:៦ ។
តើ ២ ឬ ៣ អម្រែកគឺជាអ្វី ?
២ ឬ ៣ អម្រែកទឹកមានចំណុះប្រហែលប្រាំបួនហ្គាឡុងអាមេរិក ( ៣៤ លីត្រ ) ដូច្នេះពាងទាំង ៦ អាចដាក់ទឹកបានចន្លោះពី ១០០ ទៅ ១៦០ ហ្គាឡុង ( ប្រហែល ៣៨០ និង ៦០០ លីត្រ ) ។
យ៉ូហាន ២:៥ ។
ហេតុអ្វីវាសំខាន់ដើម្បីធ្វើ « ការអ្វីដែល [ ព្រះមានបន្ទូល ] ឲ្យធ្វើ នោះត្រូវធ្វើចុះ » ?
អែលឌើរ អិល វីតនី ក្លេតុន នៃពួកចិតសិបនាក់បានបង្រៀន ៖
ពេលយើងសម្រេចចិត្តធ្វើអ្វីដែល « [ ព្រះ ] ប្រាប់ឲ្យយើងធ្វើ » នោះយើងតាំងចិត្តដោយស្មោះសរ ដើម្បីធ្វើឲ្យឥរិយាបថរបស់យើងរាល់ថ្ងៃស្របតាមព្រះទ័យរបស់ព្រះ ។ ទង្វើនៃសេចក្ដីជំនឿដ៏សាមញ្ញាបែបនេះ ដូចជាការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ការតមអាហារជាទៀងទាត់ និងការអធិស្ឋានដោយចិត្តស្មោះសរ ធ្វើឲ្យសមត្ថភាពយើងខាងវិញ្ញាណកាន់តែស៊ីជម្រៅ ដើម្បីបំពេញតាមតម្រូវការនៃជីវិតរមែងស្លាប់ ។ ពេលខ្លះ ទម្លាប់នៃជំនឿដ៏សាមញ្ញដឹកនាំទៅរកលទ្ធផលដ៏អស្ចារ្យ ។ វាប្រែសេចក្ដីជំនឿយើងពីគ្រាប់ពូជមួយទៅជាអំណាចដ៏មានថាមពលសម្រាប់សេចក្ដីល្អនៅក្នុងជីវិតយើង ។ …
… ពេលយើងទុកចិត្ត ហើយដើរតាមទ្រង់ នោះជីវិតយើងនឹងផ្លាស់ប្តូរ ដូចជាទឹកដែលបានប្រែទៅជាស្រាដូច្នោះដែរ ។ យើងក្លាយជាមនុស្សដ៏ប្រពៃលើសពីសមត្ថភាព ដែលយើងអាចធ្វើបានទៅទៀត ។ សូមទុកចិត្តលើព្រះអម្ចាស់ និង « ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ » ។
( អិល វីតនី ក្លេតុន « Whatsoever He Saith unto You, Do It » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩៧–៩៩ )