ថ្នាក់​សិក្ខាសាលា
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ាថាយ ១៦:១៥–១៩


ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ាថាយ ១៦:១៥–១៩

ព្រះយេស៊ូវបានមានបន្ទូលថា « ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក »

A young woman meets with her Bishop.

នៅក្នុងមេរៀនមុន អ្នកបានរៀនអំពីសារៈសំខាន់នៃកូនសោបព្វជិតភាព និងរបៀបដែលព្រះអង្គសង្គ្រោះបានប្រគល់កូនសោរបស់ទ្រង់ដល់ព្យាការីនៅលើផែនដី ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកបង្កើនចំណេះចំណានរបស់អ្នកអំពីគោលលទ្ធិនេះ តាមរយៈការទន្ទេញឲ្យចាំសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ពន្យល់ពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតពិត ។

ភាពទាន់ពេលវេលានៃចំណេះចំណានខាងគោលលទ្ធិ ។ ដោយថ្លែងទៅកាន់គ្រូបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានអំពីចំណេះចំណានខាងគោលលទ្ធិ ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖ « គំនិតផ្តួចផ្តើមនេះត្រូវបានបំផុសគំនិត និងទាន់ពេលវេលា ។ វានឹងមានឥទ្ធិពលយ៉ាងអស្ចារ្យលើយុវវ័យរបស់យើង ។ ទោះជាយ៉ាងណាក៏ដោយ ជោគជ័យនៃចំណេះចំណានខាងគោលលទ្ធិ និងជោគជ័យនៃកម្មវិធីផ្សេងៗទាំងអស់នៃការសិក្សានៅក្នុងប្រព័ន្ធ ស៊ី.អ៊ី.អេស. នឹងអាស្រ័យលើទៅលើអ្នករាល់គ្នាក្នុងវិសាលភាពដ៏ធំមួយ » ( « The Opportunities and Responsibilities of CES Teachers in the 21st Century » [ ជំនួបពេលល្ងាចជាមួយនឹងអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលជីវិតរបស់ពួកគេត្រូវបានប្រទានពរដោយកូនសោបព្វជិតភាព ។

សកម្មភាពរៀនសូត្រដែលអាចមាន

មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបរៀងឡើង ដើម្បីបង្រៀនបន្ទាប់ពីមេរៀន « ម៉ាថាយ ១៦:១៨–១៩; ម៉ាថាយ ១៧:១–៧ » ដែលជាមេរៀនទាក់ទងនឹងបរិបទសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ម៉ាថាយ ១៦:១៥–១៩ ។ ប្រសិនបើមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង នោះសូមប្រាកដថាបានបង្រៀនមេរៀនបរិបទ ដែលត្រូវគ្នានៅអំឡុងសប្តាហ៍នោះផងដែរ ។

ពន្យល់

សូមពិចារណាអញ្ជើញសិស្សឲ្យអនុវត្តការពន្យល់ខាងក្រោមនេះជាគូ ឬជាក្រុមតូចៗ ។

សូមស្រមៃថា មាននរណាម្នាក់ដែលអ្នកស្គាល់បានឮពាក្យថា « កូនសោបព្វជិតភាព » ប៉ុន្តែមិនយល់ពីវាទេ ។ ដោយប្រើ ម៉ាថាយ ១៦:១៥–១៩ សូមពន្យល់ថា តើកូនសោបព្វជិតភាពគឺជាអ្វី ហើយហេតុអ្វីវាសំខាន់ ។ បើអាចទៅរួច សូមចែករំលែកការពន្យល់របស់អ្នកជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារ ។ វាក៏អាចមានប្រយោជន៍ផងដែរ ដើម្បីអានសេចក្តីថ្លែងការណ៍មួយចំនួននៅក្នុងផ្នែក ៣.០–៣.៤.១.១ នៃ ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅលើគេហទំព័រ ChurchofJesusChrist.org ឬនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។

សូមសរសេរការពន្យល់របស់អ្នកអំពីកូនសោបព្វជិតភាព ។ ប្រសិនបើអ្នកអាចចែករំលែកការពន្យល់របស់អ្នកជាមួយមនុស្សម្នាក់ទៀតបាន សូមពិពណ៌នាដោយសង្ខេបថា តើអ្នកនឹងពន្យល់ថាដូចម្ដេចខ្លះ ។

ទន្ទេញចាំ

Color Handouts Icon

សូមប្រាកដថា សិស្សមានពេលវេលារៀនទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះឲ្យចាំ ។ សូមពិចារណារៀបចំ និងកាត់ចេញនូវសំណៅចែកខាងក្រោមនេះ មុនពេលថ្នាក់ចាប់ផ្ដើមដើម្បីឲ្យសិស្សធ្វើវាជាគូ ឬជាក្រុមតូចៗ ។

សូមរៀនទន្ទេញឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ាថាយ ១៦:១៥–១៩ ៖ « ព្រះយេស៊ូវមានបន្ទូលថា ‹ ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក › » ។ បើអាច សូមបោះពុម្ពសំណៅចែកខាងក្រោមនេះ ហើយកាត់រូបកូនសោនីមួយៗចេញ ។ ជម្រើសមួយទៀត សូមគូររូបកូនសោនៅលើក្រដាសមួយសន្លឹក រួចកាត់វាចេញ ។ សូមសរសេរពាក្យមួយនៃឃ្លានោះនៅលើកូនសោនីមួយៗ ។ សូមសរសេរសេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ម៉ាថាយ ១៦:១៥–១៩ នៅលើកូនសោផងដែរ ។ សូមច្របល់កូនសោទាំងនោះចូលគ្នា ហើយព្យាយាមតម្រៀបវាវិញតាមលំដាប់លំដោយត្រឹមត្រូវ ។ សូមធ្វើសកម្មភាពនេះឡើងវិញម្តងទៀតជាច្រើនដង រហូតដល់អ្នកបានទន្ទេញចាំសេចក្តីយោងបទគម្ពីរ និងឃ្លាគន្លឹះនោះ ។ អ្នកអាចចង់កំណត់ម៉ោងធ្វើវា ហើយព្យាយាមបង្កើនល្បឿនរបស់អ្នក ពេលព្យាយាមទន្ទេញឲ្យចាំម្ដងៗ ។

Doctrinal Mastery - Matthew

សូមលើកទឹកចិត្តសិស្សឲ្យរក្សាទុកកូនសោរបស់ពួកគេ សម្រាប់សកម្មភាពរំឭកឡើងវិញនៅក្នុងមេរៀនក្រោយៗ ។

រៀនអនុវត្ត

សូមរំឭកពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណជាមួយសិស្ស ។ វិធីមួយដើម្បីធ្វើដូចនេះគឺអញ្ជើញសិស្សម្នាក់ឲ្យអានប្រយោគមួយឮៗ អំពីគោលការណ៍មួយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណពីកថាខណ្ឌទី ៥–១២ នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ បន្ទាប់មក សូមឲ្យសិស្សក្នុងថ្នាក់កំណត់ពីគោលការណ៍ត្រឹមត្រូវ ។ សូមធ្វើសកម្មភាពនេះម្ដងហើយម្ដងទៀតជាមួយនឹងសិស្សផ្សេងៗទៀត ដើម្បីជួយពួកគេឲ្យកាន់តែស្គាល់ច្បាស់ពីគោលការណ៍នីមួយៗ ។

សូមចំណាយពេលខ្លះដើម្បីពិនិត្យមើលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងកថាខណ្ឌទី ៥–១២ នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ឡើងវិញ មុននឹងបន្តទៅសកម្មភាពអនុវត្ត ។

សាច់រឿងខាងក្រោមនេះអាចយកមកសិក្សាជារៀងៗខ្លួន ជាក្រុមតូចៗ ឬរួមគ្នាជាថ្នាក់បាន ។ ប្រធានបទនៃសាច់រឿងនេះអាចត្រូវបានផ្លាស់ប្តូរ ដើម្បីបំពេញតាមតម្រូវការរបស់សិស្សឲ្យបានកាន់តែប្រសើរឡើង ។ ឧទាហរណ៍ វីដេអូដែល វ៉ាន់យ៉ា ឃើញនៅលើបណ្តាញសង្គមអាចជាវីដេអូរបស់សមាជិកសាសនាចក្រ ដែលអះអាងថាដឹងពីថ្ងៃ និងពេលវេលានៃការយាងមកជាលើកទីពីរ ។

មិត្តរបស់អ្នក វ៉ាន់យ៉ា ឃើញវីដេអូមួយនៅលើបណ្តាញសង្គម ដែលសមាជិកសាសនាចក្រម្នាក់កំពុងរិះគន់គោលលទ្ធិនៃសាសនាចក្រ ។ សមាជិកនេះឆ្លាត ហើយពូកែបញ្ចុះបញ្ចូល ហើយអំពាវនាវឲ្យសាសនាចក្រផ្លាស់ប្តូរគោលលទ្ធិមួយចំនួន ។ ពួកគេថែមទាំងប្រើខគម្ពីរដើម្បីគាំទ្រទស្សនៈរបស់ពួកគេទៀតផង ។ វ៉ាន់យ៉ា មិនច្បាស់ថាត្រូវគិត ឬត្រូវឆ្លើយតបបែបណានោះទេ ។

  • តើវ៉ាន់យ៉ា អាចមានសំណួរ ឬកង្វល់អ្វីខ្លះ ?

វ៉ាន់យ៉ា ផ្ញើសារមកអ្នកដើម្បីសុំជំនួយ ។ សូមគិតអំពីរបៀបដែលអ្នកអាចឆ្លើយតបដើម្បីជួយដោះស្រាយកង្វល់របស់នាង ។

សូមសរសេរសារចំនួនបីឆ្លើយតបទៅ វ៉ាន់យ៉ា វិញ ។ សូមបញ្ចូលអ្វីដូចខាងក្រោមនេះ ៖

  • អត្ថបទទី ១ ៖ សេចក្តីពិតអំពីរបៀបដែលព្រះអម្ចាស់ប្រើព្យាការី និងកូនសោបព្វជិតភាពនៅក្នុងផែនការនៃសេចក្តីសង្គ្រោះ ដែលអាចជួយ វ៉ាន់យ៉ា ឲ្យមើលទៅស្ថានភាពនេះចេញពី ទស្សនវិស័យដ៏អស់កល្បជានិច្ច មួយ ។

  • អត្ថបទទី ២ ៖ ប្រភពដែលបានតែងតាំងដ៏ទេវភាព ដែល វ៉ាន់យ៉ា អាចប្រើបានដើម្បីស្វែងយល់បន្ថែមអំពីព្យាការី និងកូនសោបព្វជិតភាព ។ ( សូមរួមបញ្ចូលយ៉ាងហោចណាស់វគ្គបទគម្ពីរជាក់លាក់មួយ ឬសេចក្តីថ្លែងការណ៍មួយមកពីព្យាការី ) ។

  • អត្ថបទទី ៣ ៖ យោបល់ប្រាប់ពីរបៀបដែល វ៉ាន់យ៉ា អាច ធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ តទៅមុខទៀត ។ បើអាចទៅរួច សូមបញ្ចូលបទពិសោធន៍ផ្ទាល់ខ្លួនដែលពាក់ព័ន្ធនឹងកូនសោបព្វជិតភាព និងរបៀបដែលការប្រើកូនសោទាំងនោះជួយអ្នកឲ្យខិតទៅជិតព្រះយេស៊ូវគ្រីស្ទ ។

នៅពេលសិស្សធ្វើសកម្មភាពនេះ សូមប្រយ័ត្នចំពោះអ្នកដែលអាចជួបការលំបាក ។ បើចាំបាច់ សូមពិភាក្សាដោយស្ងៀមស្ងាត់ជាមួយពួកគេ អំពីរបៀបដែលពួកគេអាចឆ្លើយតបបាន ។ ប្រសិនបើសិស្សជាច្រើននៅក្នុងថ្នាក់កំពុងជួបការលំបាក សូមពិចារណាផ្អាកសកម្មភាព ហើយសូមឲ្យសិស្សចែករំលែកគំនិតរបស់ពួកគេឆ្លើយតបទៅ វ៉ាន់យ៉ា ។ សូមពិចារណាបញ្ចប់មេរៀនដោយការធ្វើជាសាក្សីថា ព្រះយេស៊ូវគ្រីស្ទបានប្រគល់កូនសោបព្វជិតភាពរបស់ទ្រង់ដល់ព្យាការី និងពួកសាវកនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។

ការរំឭកចំណេះចំណានខាងគោលលទ្ធិ

នៅក្នុងមេរៀនក្រោយៗទៀត សូមរំឭកសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះឡើងវិញ តាមរយៈការអញ្ជើញសិស្សឲ្យប្រើកូនសោ ដែលពួកគេបានកែច្នៃ ដើម្បីបង្កើតជាសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះជាថ្មីម្ដងទៀត ។ បើមានប្រយោជន៍ សូមឲ្យពួកគេច្របល់កូនសោរបស់ពួកគេទាំងប៉ុន្មានចូលគ្នា ហើយសូមតម្រៀបវាវិញតាមលំដាប់លំដោយត្រឹមត្រូវពីរបីដង ។