ថ្នាក់​សិក្ខាសាលា
ចំណេះចំណានខាងគោលលទ្ធិ ៖ វិវរណៈ ២០:១២


ចំណេះចំណានខាងគោលលទ្ធិ ៖ វិវរណៈ ២០:១២

« រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន »

A teenage girls sits on her loft bed in her room. She has her feet hanging over the side of the bed. She appears to be reading her scriptures. This is in Maine.

នៅក្នុងមេរៀនមុន « វិវរណៈ ២០:១១–១៥ » អ្នកបានរៀនអំពីការជំនុំជម្រះចុងក្រោយ និងតួនាទីរបស់ព្រះអង្គសង្គ្រោះជាអ្នកកាត់សេចក្ដីរបស់យើង ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញចាំសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិនេះ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ វិវរណៈ ២០:១២ ដោយពន្យល់ពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។

ការស្តាប់ចម្លើយរបស់សិស្ស ។ សូមចៀសវាងទំនោរក្នុងការគិតអំពីផ្នែកបន្ទាប់នៃផែនការមេរៀន ខណៈពេលដែលសិស្សកំពុងសួរ ឬឆ្លើយសំណួរ ។ សូមស្តាប់ដោយប្រុងប្រយ័ត្ននូវអ្វីដែលពួកគេចែកចាយ ហើយសួរសំណួរតាមដាននៅពេលចាំបាច់ ដើម្បីឲ្យយល់ច្បាស់ពីសំណួរ និងមតិយោបល់របស់ពួកគេ ។ ជួនកាលវាមានសារៈសំខាន់ជាងក្នុងការពិភាក្សាអំពីប្រធានបទដែលសិស្សចាប់អារម្មណ៍ ឬជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីគោលលទ្ធិមួយ ជាជាងការគ្របដណ្តប់លើខ្លឹមសារទាំងអស់នៅក្នុងផែនការមេរៀន ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកឡើងវិញ វិវរណៈ ២០:១២ ហើយរៀបចំខ្លួនដើម្បីចែកចាយជាមួយសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានរៀនអំពីការជំនុំជម្រះចុងក្រោយ និងរបៀបដែលយើងអាចត្រៀមខ្លួនសម្រាប់វាបាន ។

សកម្មភាពរៀនសូត្រដែលអាចមាន

មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបចំឡើង ដើម្បីបង្រៀនបន្ទាប់ពីមេរៀន « វិវរណៈ ២០:១១–១៥ » ដែលជាមេរៀនបរិបទសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ វិវរណៈ ២០:១២ ។ ប្រសិនបើមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថាបានបង្រៀនមេរៀនបរិបទដែលត្រូវគ្នានៅអំឡុងសប្តាហ៍នោះផងដែរ ។

សូមពិចារណាសុំសិស្សបីនាក់មុនថ្នាក់ចូលរៀនឲ្យពិនិត្យមើលនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ម្នាក់មួយគោលការណ៍ៗ ហើយរៀបចំខ្លួនចែកចាយសេចក្ដីសង្ខេបនៃគោលការណ៍នោះនៅពេលក្រោយក្នុងមេរៀននេះ ។

ទន្ទេញ និងពន្យល់

សូមជួយសិស្សឲ្យទន្ទេញចាំ និងពន្យល់អំពីសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ វិវរណៈ ២០:១២ ដោយប្រើវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតសម្រាប់ពួកគេ ។

សូមពិចារណារំឭកសិស្សថានៅក្នុងមេរៀនមុន ពួកគេបានសិក្សាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអំពីការជំនុំជម្រះចុងក្រោយ ។ សូមអញ្ជើញពួកគេឲ្យមើលថា តើពួកគេអាចរកឃើញវគ្គបទគម្ពីរនេះក្នុងរយៈពេលតិចជាងពីរនាទីដោយការចងចាំ ឬដោយការប្រើធនធានផ្សេងទៀតបានឬអត់ ។

សកម្មភាពខាងក្រោមនេះអាចជួយអ្នកឲ្យទន្ទេញចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ « ហើយមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេប្រព្រឹត្តរៀងខ្លួន » ( វិវរណៈ ២០:១២ ) ៖

  • សូមសូត្រសេចក្ដីយោងបទគម្ពីរនេះ និងឃ្លាបទគម្ពីរគន្លឹះឲ្យឮៗឲ្យបានប្រាំដង ។

  • បន្ទាប់មក សូមសរសេរសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនេះនៅលើក្រដាសមួយសន្លឹកឲ្យបានបីចប់ដោយប្រើការចងចាំ ។ បន្ទាប់ពីការព្យាយាមនីមួយៗ សូមពិនិត្យមើលភាពត្រឹមត្រូវនៃកិច្ចការរបស់អ្នក និងធ្វើការកែតម្រូវចាំបាច់ណាមួយនៅពេលព្យាយាមលើកក្រោយ ។

សូមពិចារណាសួរថា តើមានសមាជិកក្នុងថ្នាក់ណាអាចសូត្រសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះដោយប្រើការចងចាំបាន ឬអញ្ជើញសិស្សក្នុងថ្នាក់ឲ្យសូត្រសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះទាំងនេះរួមគ្នា ។

ជាជាងការប្រើសកម្មភាពខាងក្រោម សូមពិចារណាសរសេរសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះដាក់នៅលើក្ដារខៀន ហើយអញ្ជើញអ្នកស្ម័គ្រចិត្ដឲ្យសរសេរជុំវិញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនោះ នូវសេចក្ដីពិតដែលពួកគេបានរៀនអំពីការជំនុំជម្រះចុងក្រោយ ។ បន្ទាប់មក សូមអញ្ជើញសិស្សបីបួននាក់ឲ្យពន្យល់ដល់សិស្សក្នុងថ្នាក់ទាំងមូលអំពីអ្វីដែលពួកគេបានសរសេរ ។

សូមចាំថានៅក្នុងមេរៀនមុន អ្នកបានសិក្សាសេចក្ដីពិតថា ព្រះនឹងជំនុំជម្រះយើងចេញពីបញ្ជីនោះ ដែលបានកត់ត្រាស្របតាមអំពើដែលយើងបានប្រព្រឹត្តរៀងខ្លួន ។ ដើម្បីជួយអ្នកឲ្យវាយតម្លៃថា តើអ្នកយល់ពីសេចក្ដីពិតនេះបានច្បាស់យ៉ាងណា សូមស្រមៃថា ប្អូនស្រីម្នាក់សួរអ្នកនូវសំណួរខាងក្រោម អំឡុងពេលសិក្សាព្រះគម្ពីរជាគ្រួសារ ។ សូមឆ្លើយសំណួរឲ្យបានច្រើនតាមដែលអ្នកអាចធ្វើទៅបាន ។

ប្រសិនបើសិស្សត្រូវបានសួរឲ្យឆ្លើយសំណួរខាងក្រោម សូមបង្ហាញសំណួរទាំងនេះសម្រាប់ពួកគេ ហើយពិចារណាអញ្ជើញពួកគេឲ្យពិភាក្សាអំពីចម្លើយរបស់ពួកគេជាមួយដៃគូ ។ សូមដើរជុំវិញបន្ទប់ ហើយស្តាប់ចម្លើយរបស់ពួកគេ ។ ប្រសិនបើសិស្សត្រូវការជំនួយ សូមរំឭកពួកគេអំពីឯកសារមេរៀនដែលពួកគេបានសិក្សានៅក្នុងមេរៀន « វិវរណៈ ២០:១១–១៥ » ។

  • តើនរណាខ្លះដែលនឹងត្រូវកាត់សេចក្ដី ?

  • តើអ្នកណានឹងក្លាយជាអ្នកជំនុំជម្រះរបស់យើង ហើយហេតុអ្វី ?

  • តើយើងនឹងត្រូវជំនុំជម្រះអំពីអ្វី ?

  • តើយើងនឹងត្រូវជំនុំជម្រះចេញពីបញ្ជីណាខ្លះ ? ( សូមមើល វិវរណៈ ២០:១២ ) ។

  • តើយើងអាចត្រៀមខ្លួនសម្រាប់ការជំនុំជម្រះបានដោយរបៀបណា ?

ឥឡូវនេះ វាមានរយៈពេលពីរបីនាទីហើយចាប់តាំងពីអ្នកបានធ្វើការលើការទន្ទេញឃ្លាបទគម្ពីរគន្លឹះសម្រាប់ វិវរណៈ ២០:១២ សូមមើលថាតើអ្នកនៅតែអាចសូត្រវាចេញពីការចងចាំបានដែរឬទេ ។ សូមពិនិត្យមើលភាពត្រឹមត្រូវនៃកិច្ចការរបស់អ្នកប្រសិនបើចាំបាច់ ។

រៀនអនុវត្ត

ប្រសិនបើអ្នកបានសុំសិស្សបីនាក់មុនថ្នាក់ចូលរៀន ដើម្បីឲ្យម្នាក់ៗរៀបចំសេចក្ដីសង្ខេបនៃគោលការណ៍មួយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ សូមអញ្ជើញពួកគេឲ្យចែកចាយសេចក្ដីសង្ខេបរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់នៅពេលនេះ ។ ប្រសិនបើមិនបានសុំសិស្សឲ្យធ្វើដូច្នេះមុនចូលរៀនទេនោះ សូមពិចារណាសុំអ្នកស្ម័គ្រចិត្តបីនាក់ឲ្យឡើងសង្ខេបគោលការណ៍ម្នាក់ៗមួយ ។ សូមប្រាកដថាត្រូវសរសើរ និងឲ្យតម្លៃដល់សិស្សម្នាក់ៗដែលបានសង្ខេបគោលការណ៍នីមួយៗ ។

ការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយយើងក្នុងស្ថានភាពជីវិតពិតបាន ។ សូមសង្ខេបដោយខ្លីៗអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណជាពាក្យសម្ដីរបស់អ្នកផ្ទាល់ ។ បន្ទាប់មក សូមពិនិត្យមើលកថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ដោយរកមើលសេចក្ដីពិតបន្ថែមណាមួយដែលអ្នកអាចបញ្ចូលក្នុងសេចក្ដីសង្ខេបរបស់អ្នកបាន ។

សម្រាប់សកម្មភាពខាងក្រោម សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយនូវសាច់រឿងផ្ទាល់ខ្លួនរបស់ពួកគេ ដែលនរណាម្នាក់ត្រូវយល់កាន់តែច្បាស់អំពីសេចក្ដីពិតអំពីការជំនុំជម្រះចុងក្រោយ ។ បន្ទាប់មក សូមពិចារណាជំនួសសាច់រឿងណាមួយ ឬសាច់រឿងទាំងពីរនៅក្នុងមេរៀននេះដោយអ្វីមួយ ( ឬអ្វីៗជាច្រើន ) ដែលសិស្សបានចែកចាយ ។

សូមអានសាច់រឿងខាងក្រោមនេះ ហើយសូមជ្រើសរើសយកសាច់រឿងណាមួយ ដែលអ្នកចង់ផ្តោតទៅលើ សម្រាប់សកម្មភាពបន្ទាប់ ។ សូមគិតអំពីមូលហេតុដែលមនុស្សម្នាក់នៅក្នុងស្ថានភាពនោះអាចមានអារម្មណ៍ដូច្នោះ ។ តើអ្នកអាចប្រាប់ពីអារម្មណ៍របស់យុវនារីទាំងពីរនាក់នេះបានទេ ? សូមសញ្ជឹងគិតអំពីអ្វីដែលពួកគេប្រហែលជាមិនទាន់បានយល់អំពីការជំនុំជម្រះចុងក្រោយដែលអាចជួយពួកគេបាន ។

១. ស្តេហ្វានី មានមិត្តមួយចំនួនដែលរស់នៅតាមរបៀបបែបខាងលោកិយ ។ នាងទទួលស្គាល់ថា ទោះបីជាពួកគេកំពុងបំពានលើបទបញ្ញត្តិក៏ដោយ ប៉ុន្តែអ្វីដែលពួកគេកំពុងធ្វើមើលទៅដូចជាសប្បាយណាស់នៅពេលនោះ ។ នាងមិនបានកត់សម្គាល់ឃើញពីផលវិបាកអវិជ្ជមានធំៗសម្រាប់ជម្រើសរបស់ពួកគេទេ ហើយកំពុងពិចារណាចូលរួមជាមួយពួកគេ ។

២. ខេឡា គឺជាយុវនារីដ៏សុចរិតម្នាក់ ដែលបន្ទាបខ្លួនប្រែចិត្តនៅពេលនាងធ្វើខុស ប៉ុន្តែនាងនៅតែមានអារម្មណ៍ភ័យខ្លាច នៅពេលដែលមនុស្សនិយាយអំពីការជំនុំជម្រះចុងក្រោយ ។ នាងព្យាយាមមិនគិតអំពីវា ។

សិស្សអាចបំពេញសកម្មភាពខាងក្រោមជាលក្ខណៈបុគ្គល ឬជាមួយដៃគូ ។

សូមសរសេរសំបុត្រមួយច្បាប់ទៅ ស្តេហ្វានី ឬ ខេឡា ដែលអ្នកជឿថាអាចជួយនាងឲ្យចៀសផុតពីការសោកស្ដាយនៅពេលអនាគត ឬការភ័យខ្លាចដែលមិនចាំបាច់ ។ ជាជម្រើសមួយ អ្នកអាចជ្រើសរើសសរសេរទៅកាន់នរណាម្នាក់ដែលអ្នកដឹងថា ជីវិតរបស់ពួកគេអាចទទួលបានពរជ័យដោយការយល់ដឹងកាន់តែច្បាស់អំពីការជំនុំជម្រះចុងក្រោយ ។ សូមរួមបញ្ចូលនៅក្នុងសំបុត្ររបស់អ្នកពីរបៀបដែលគោលការណ៍នីមួយៗនៃការទទួលបានចំណេះដឹងខាងវិញ្ញាណអនុវត្តចំពោះស្ថានភាពរបស់ពួកគេ ។ អ្នកប្រហែលជាចង់ពិចារណាដូចខាងក្រោម ពេលអ្នកសម្រេចចិត្តថាត្រូវសរសេរអ្វី ។

  • តើអ្នកអាចជួយ ស្ដេហ្វានី ឬ ខេឡា ឲ្យឃើញអ្វីៗតាមទស្សនវិស័យដ៏នៅអស់កល្បជានិច្ចមួយដោយរបៀបណា ? តើការណ៍នេះអាចជួយនាងបានយ៉ាងដូចម្ដេច ?

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងផែនការនៃសេចក្តីសង្គ្រោះដែលអាចជួយ ស្ទេផានី ឬ ខេឡា បាន ? តើអ្នកបានរៀនសេចក្ដីពិតទាំងនេះដោយរបៀបណា ?

  • តើប្រភពដែលបានតែងតាំងដ៏ទេវភាពអ្វីខ្លះ ដែលអ្នកនឹងស្នើឲ្យនាងងាកទៅរកដើម្បីរៀនពីសេចក្ដីពិតអំពីការជំនុំជម្រះចុងក្រោយ ? តើសេចក្ដីពិតដែលបានបង្រៀននៅក្នុង វិវរណៈ ២០:១២ អាចជួយនាងយ៉ាងដូចម្ដេច ?

  • តើអ្នកអាចលើកទឹកចិត្តនាងឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿនៅពេលនេះ និងពេលអនាគតបានយ៉ាងដូចម្ដេច ?

សូមផ្តល់ឱកាសឲ្យសិស្សឡើងចែកចាយឮៗជាមួយសិស្សក្នុងថ្នាក់ ឬក្រុមតូចមួយនូវអ្វីដែលពួកគេបានសរសេរទៅកាន់យុវនារីនៅក្នុងសាច់រឿង ដែលពួកគេបានជ្រើសរើសនោះ ។ សូមស្តាប់ដោយយកចិត្តទុកដាក់ នៅពេលពួកគេចែកចាយ ហើយពិចារណាសួរសំណួរតាមដានដូចតទៅនេះ ដើម្បីជួយឲ្យការយល់ដឹងរបស់ពួកគេបានកាន់តែស៊ីជម្រៅឡើង ៖ « តើមានខបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍ជាក់លាក់ពីអ្នកដឹកនាំសាសនាចក្រដែលអាចជួយនាងបានដែរទេ ? តើខបទគម្ពីរទាំងនោះអាចជួយបានដោយរបៀបណា ? » « តើអ្វីទៅដែលបានជួយអ្នកឲ្យយល់ និងត្រៀមខ្លួនសម្រាប់ការជំនុំជម្រះចុងក្រោយ ? តើអ្នកនឹងណែនាំ ស្ដេហ្វានី ឬ ខេឡា ឲ្យធ្វើអ្វីមួយស្រដៀងគ្នាដែរឬទេ ? ហេតុអ្វីណែនាំ ឬហេតុអ្វីមិនណែនាំ ? »

ប្រសិនបើវានឹងជួយសិស្សឲ្យចងចាំឃ្លាបទគម្ពីរគន្លឹះសម្រាប់ វិវរណៈ ២០:១២ បានកាន់តែល្អ សូមអញ្ជើញពួកគេឲ្យព្យាយាមសូត្រវាម្ដងទៀតចេញពីការចងចាំ មុនពេលពួកគេចេញពីថ្នាក់ ។

ការរំឭកចំណេះចំណានខាងគោលលទ្ធិ

នៅខាងដើម ឬចុងបញ្ចប់នៃមេរៀនក្រោយ សូមចំណាយពេលត្រឹមបីទៅប្រាំនាទីបានហើយ ដើម្បីរំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះឡើងវិញ វិវរណៈ ២០:២០–១២ ។ វិធីមួយដើម្បីធ្វើដូច្នេះគឺ ការបង្ហាញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ដោយទុកចន្លោះពាក្យពីរ ឬបីឲ្យនៅទទេ ។ បន្ទាប់ពីសិស្សបំពេញចន្លោះទទេនោះបានត្រឹមត្រូវ សូមបង្ហាញសេចក្ដីយោង និងឃ្លាគន្លឹះម្ដងទៀត ដោយទុកចន្លោះកន្លែងផ្សេងទៀតឲ្យនៅទទេ ។ អ្នកអាចធ្វើសកម្មភាពនេះឡើងវិញច្រើនដងដោយមានចន្លោះទទេខុសគ្នារាល់ពេល ។