វិវរណៈ ២០:១១–១៥
ការជំនុំជម្រះចុងក្រោយ
តើអ្នកធ្លាប់ឆ្ងល់ទេថា តើការជំនុំជម្រះចុងក្រោយនឹងទៅជាយ៉ាងណា ? សាវកយ៉ូហានបានព្យាករអំពីថ្ងៃដ៏អស្ចារ្យនោះ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីការជំនុំជម្រះចុងក្រោយ ហើយរៀបចំខ្លួនដើម្បីមានបទពិសោធន៍ដ៏អស្ចារ្យមួយ ពេលឈរនៅចំពោះព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការជំនុំជម្រះចុងក្រោយ
-
តើអ្នកស្រមៃថា មនុស្សផ្សេងគ្នានឹងមានអារម្មណ៍យ៉ាងណានៅឯការជំនុំជម្រះចុងក្រោយ ? ហេតុអ្វីទៅ ?
-
តើអ្នកគិតថា អ្វីទៅដែលកំណត់ឲ្យឃើញថា នរណាម្នាក់បានត្រៀមខ្លួនសម្រាប់ថ្ងៃនោះ ?
-
តើព្រះយេស៊ូវគ្រីស្ទបានស្ម័គ្រព្រះកាយដើម្បីជួយយើងឲ្យត្រៀមខ្លួនសម្រាប់ថ្ងៃនោះតាមរបៀបណាខ្លះ ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរអ្វីដែលអ្នករំពឹងគិត និងមានអារម្មណ៍ នៅពេលអ្នកឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះដើម្បីជំនុំជម្រះនោះ ។ តើអ្នកមានអារម្មណ៍ថាបានត្រៀមខ្លួនល្អប៉ុណ្ណាដែរ ?ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើង ហើយចង់ឲ្យយើងពោរពេញដោយសេចក្ដីសុខសាន្ត និងសេចក្ដីអំណរនៅថ្ងៃជំនុំជម្រះ ។ ទ្រង់ទាំងទ្វេមានបន្ទូលមកកាន់យើងតាមរយៈបទគម្ពីរ និងតាមរយៈថ្នាក់ដឹកនាំសាសនាចក្រនៅសម័យទំនើប ដើម្បីបង្រៀនយើងពីសភាពនៃការជំនុំជម្រះ និងរបៀបត្រៀមខ្លួនសម្រាប់វា ។
បន្ទាប់ពីបានឃើញការនិមិត្តមួយអំពីសហស្សវត្សរ៍ ( សូមមើល វិវរណៈ ២០:១–៣ ) និងការរស់ឡើងវិញរបស់មនុស្សសុចរិត ( សូមមើល វិវរណៈ ២០:៤–៦ ) យ៉ូហានបានឃើញការជំនុំជម្រះចុងក្រោយ ។ សូមអាន វិវរណៈ ២០:១១–១២ ដោយរកមើលអ្វីដែលព្រះបានបើកសម្ដែងដល់សាវកយ៉ូហានអំពីការជំនុំជម្រះចុងក្រោយ ។
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរៀនពីយ៉ូហានអំពីការជំនុំជម្រះចុងក្រោយ ?
សេចក្តីពិតមួយដែលយើងអាចរៀនពីវគ្គបទគម្ពីរនេះគឺថា ព្រះនឹងជំនុំជម្រះយើងចេញពីបញ្ជីទាំងឡាយ ដែលបានកត់ត្រាស្របតាមអំពើដែលយើងបានប្រព្រឹត្តរៀងៗខ្លួន ។
សំណួរអំពីការជំនុំជម្រះចុងក្រោយ
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរសំណួរដែលអ្នកមានអំពីវគ្គបទគម្ពីរនេះ ឬរឿងផ្សេងទៀតដែលអ្នកចង់យល់កាន់តែច្បាស់អំពីការជំនុំជម្រះចុងក្រោយ ។
សូមចំណាយពេលបីបួននាទីដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់អ្នក ។ អ្នកអាចជ្រើសរើសស្វែងរកពាក្យគន្លឹះនៅក្នុង Topical Guide សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬវចនានុក្រមព្រះគម្ពីរប៊ីបបាន ។ ឬអ្នកអាចស្រាវជ្រាវនៅលើគេហទំព័រ ChurchofJesusChrist.org ឬកម្មវិធីបណ្ណាល័យដំណឹងល្អ ។ ខាងក្រោមនេះគឺជាសំណួរមួយចំនួន និងធនធានដែលបានណែនាំដែលអ្នកអាចបញ្ចូលក្នុងការសិក្សារបស់អ្នកបាន ៖
១. តើបញ្ជីណាខ្លះដែលយ៉ូហានបានឃើញព្រះអម្ចាស់ប្រើក្នុងការជំនុំជម្រះ ?
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Bible Dictionary « សៀវភៅជីវិត »
២. តើនរណានឹងក្លាយជាអ្នកជំនុំជម្រះរបស់យើង ហើយហេតុអ្វីបានជាទ្រង់ជាអ្នកជំនុំជម្រះដ៏ល្អបំផុត ?
៣. តើយើងនឹងត្រូវជំនុំជម្រះចំពោះអ្វី ?
៤. តើខ្ញុំអាចត្រៀមខ្លួនសម្រាប់ការជំនុំជម្រះចុងក្រោយដោយរបៀបណា ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីការជំនុំជម្រះចុងក្រោយ ?
-
តើការយល់ដឹង និងការជឿលើគោលលទ្ធិនេះអាចប៉ះពាល់ដល់សកម្មភាពរបស់យើងយ៉ាងដូចម្តេច ?
-
តើគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះមួយណា ដែលជួយអ្នកឲ្យទុកចិត្តថា ទ្រង់គឺជាអ្នកជំនុំជម្រះរបស់អ្នក ? តើទ្រង់អាចជួយអ្នកឲ្យត្រៀមខ្លួនសម្រាប់ការជំនុំជម្រះចុងក្រោយដោយរបៀបណា ?
បញ្ជីជីវិតរបស់អ្នក
សូមអាន វិវរណៈ ២០:១២ ម្ដងទៀត ហើយពិចារណាគូសសម្គាល់ឃ្លា « បញ្ជីជីវិត » ។ ក្នុងន័យមួយ បញ្ជីជីវិតគឺជាកំណត់ត្រានៃជីវិតរបស់មនុស្សម្នាក់ៗ ។
សូមសរសេរចំណងជើង « បញ្ជីជីវិតរបស់ខ្ញុំ » នៅផ្នែកខាងលើនៃទំព័រទទេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយបន្ទាប់មកពុះទំព័រជាពីរជួរ ។ សូមដាក់ស្លាកជួរឈរខាងឆ្វេងថា « ខ្ញុំរីករាយដែលខ្ញុំបានធ្វើ » ហើយធ្វើបញ្ជីក្នុងជួរឈរនៃអ្វីៗជាក់លាក់ដែលអ្នកមានអំណរគុណក្នុងបញ្ជីជីវិតរបស់អ្នក ។ ការណ៍នេះអាចរួមមាន ៖
-
ពិធីបរិសុទ្ធទាំងឡាយដែលអ្នកបានទទួល ។
-
អំពើល្អដែលអ្នកបានធ្វើ ។
-
បំណងប្រាថ្នាដ៏សុចរិតរបស់អ្នក ។
-
ការអភិវឌ្ឍទំនាក់ទំនងរបស់អ្នកជាមួយព្រះយេស៊ូវគ្រីស្ទ ។
សូមស្រមៃមើលថា តើវានឹងមានអារម្មណ៍ល្អប៉ុណ្ណានៅថ្ងៃណាមួយ ដើម្បីឲ្យព្រះអង្គសង្គ្រោះពិនិត្យមើលកំណត់ត្រានៃសេចក្តីសុចរិតរបស់អ្នកនោះ !
ឥឡូវ សូមដាក់ស្លាកជួរឈរខាងស្តាំនៃទំព័រនេះថា « ខ្ញុំចង់ » ។ សូមសរសេរ ឬគ្រាន់តែសញ្ជឹងគិតពីកិច្ចការ និងពិធីបរិសុទ្ធសុចរិតនានាដែលអ្នកចង់បន្ថែមទៅក្នុងបញ្ជីរបស់អ្នកមុនការជំនុំជម្រះ ។ សូមរួមបញ្ចូលផងដែរនូវជម្រើស និងអាកប្បកិរិយាដែលអ្នកចង់លុបចេញពីបញ្ជីជីវិតតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
ព្រះអង្គសង្គ្រោះបានធ្វើឲ្យវាអាចកែសម្រួលបាននូវអ្វីដែលបានកត់ត្រាអំពីអ្នកនៅក្នុងបញ្ជីជីវិត ។ សូមអាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៤២–៤៣ អំពីការសន្យាដែលទ្រង់បានធ្វើចំពោះអ្នកដែលប្រែចិត្តជឿដោយស្មោះ ។
-
តើការសន្យាទាំងនេះប៉ះពាល់ដល់អារម្មណ៍របស់អ្នកចំពោះការជំនុំជម្រះចុងក្រោយ និងអំពីអ្នកជំនុំជម្រះរបស់យើងយ៉ាងដូចម្តេច ?
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ អតីតគណៈប្រធានទីមួយបានប្រសាសន៍ ៖
ថ្ងៃនៃការជំនុំជម្រះនោះនឹងក្លាយជាថ្ងៃនៃសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់—ជាថ្ងៃមួយដែលចិត្តសង្រេងត្រូវបានព្យាបាល ទឹកភ្នែកនៃភាពអន្តរាយត្រូវបានជំនួសមកវិញដោយទឹកភ្នែកនៃការដឹងគុណ កាលរឿងទាំងអស់ត្រូវបានធ្វើឲ្យមានភាពត្រឹមត្រូវ ។
ពិតណាស់ នឹងមានការសោកសៅយ៉ាងខ្លាំងដោយសារតែអំពើបាប ។ ពិតណាស់ នឹងមាននូវការសោកស្ដាយ ហើយថែមទាំងឈឺចាប់ដោយសារកំហុស ភាពឆ្កួតលីលា និងចិត្តចចេសរបស់យើង ដែលធ្វើឲ្យយើងបាត់បង់ឱកាសទទួលអនាគតមួយដ៏រុងរឿង ។
ប៉ុន្តែខ្ញុំជឿជាក់ថា យើងនឹងមិនគ្រាន់តែពេញចិត្តនឹងការជំនុំជម្រះរបស់ព្រះតែម្យ៉ាងទេ យើងក៏នឹងភ្ញាក់ផ្អើល ហើយមានចិត្តរំភើបយ៉ាងខ្លាំងផងដែរពីព្រះគុណ ក្ដីមេត្តាករុណា ព្រះទ័យសប្បុរស និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង ដែលជាបុត្រាបុត្រីរបស់ទ្រង់ ។
( ឌៀថើរ អេហ្វ អុជដូហ្វ « O How Great the Plan of Our God! » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ២១ )
សូមសញ្ជឹងគិតពីអ្វីដែលអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើ ដើម្បីរៀបចំខ្លួនដើម្បីឈរនៅចំពោះព្រះអង្គសង្គ្រោះនៅថ្ងៃជំនុំជម្រះ ។