ថ្នាក់​សិក្ខាសាលា
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១២


វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១២

វិវរណៈ ១–២២

A young woman reads and studies the scriptures. She has the Book of Mormon in both Spanish and English, and a Holy Bible on a table.

មេរៀននេះមានគោលបំណងជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានដកពិសោធ អំឡុងការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នក ។

ការជួយសិស្សឲ្យវាយតម្លៃការរៀនសូត្ររបស់ពួកគេ ។ សូមផ្តល់ឱកាសឲ្យសិស្សវាយតម្លៃការរៀនសូត្ររបស់ពួកគេ ។ វិធីមួយគឺត្រូវអញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលពួកគេរីកចម្រើន ឬអភិវឌ្ឍដែលជាលទ្ធផលនៃការសិក្សា និងសេចក្ដីជំនឿរបស់ពួកគេ ។

ការរៀបចំរបស់សិស្ស ៖ នៅពេលសិស្សបញ្ចប់ការសិក្សារបស់ពួកគេអំពីព្រះគម្ពីរសញ្ញាថ្មី សូមអញ្ជើញពួកគេឲ្យបង្កើតបញ្ជីមួយនៃវគ្គបទគម្ពីរចំនួនបីទៅប្រាំដែលមានឥទ្ធិពលបំផុត ដែលពួកគេបានសិក្សានៅឆ្នាំនេះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

មេរៀននេះមានគោលបំណងជួយសិស្សឲ្យវាយតម្លៃសមត្ថភាពរបស់ពួកគេក្នុងការពន្យល់ពីការបង្រៀននៅក្នុងព្រះគម្ពីរសញ្ញាថ្មី គោលដៅដែលពួកគេបានកំណត់ ឬពីរបៀបដែលអាកប្បកិរិយា បំណងប្រាថ្នា និងសមត្ថភាពរបស់ពួកគេក្នុងការរស់នៅតាមដំណឹងល្អកំពុងផ្លាស់ប្តូរ ។ ប្រសិនបើបានសង្កត់ធ្ងន់លើសេចក្តីពិតផ្សេងគ្នានៅក្នុងថ្នាក់រៀនហើយ នោះអ្នកអាចកែសម្រួលសកម្មភាពខាងក្រោមនេះបានដើម្បីរួមបញ្ចូលការបង្រៀនទាំងនោះ ។

សូមពិចារណាចាប់ផ្តើមថ្នាក់ដោយមានការចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនអំពីការរីកចម្រើន និងសេចក្តីអំណរដែលបានដកពិសោធន៍តាមរយៈការសិក្សា និងការបង្រៀនព្រះគម្ពីរសញ្ញាថ្មី ។

ការអភិវឌ្ឍផ្ទាល់ខ្លួនរបស់អ្នក

នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសដើម្បីវាយតម្លៃការសិក្សារបស់អ្នក និងរបៀបដែលអ្នកបានអនុវត្តគោលការណ៍ដែលបានបង្រៀននៅក្នុង វិវរណៈ ១–២២ ។ អ្នកក៏នឹងពិនិត្យមើល និងវាយតម្លៃពីការរីកចម្រើនរបស់អ្នកក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នៅពេលអ្នកបានសិក្សា កិច្ចការ–វិវរណៈ ផងដែរ ។ សកម្មភាពសិក្សាខាងក្រោមនេះអាចជួយអ្នកឲ្យឃើញពីរបៀបដែលសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានកើនឡើង និងរបៀបដែលអ្នកបានក្លាយកាន់តែដូចជាទ្រង់ទាំងទ្វេ ។

គម្ពីរវិវរណៈ

សិស្សអាចរំឭកឡើងវិញបានដោយការចែកចាយជាមួយដៃគូ ឬសរសេរនៅលើក្ដារខៀននូវសេចក្ដីពិតដែលពួកគេរកឃើញថាមានអត្ថន័យ ។ សិស្សក៏អាចដើរជុំវិញបន្ទប់ដើម្បីចែកចាយជាមួយមិត្តរួមថ្នាក់ផ្សេងទៀតផងដែរ ។

សូមចំណាយពេលពីរបីនាទីដើម្បីរំឭកឡើងវិញនូវខគម្ពីរណាមួយ ដែលអ្នកប្រហែលជាបានគូសចំណាំក្នុងព្រះគម្ពីររបស់អ្នក ឬការសរសេរកំណត់ហេតុប្រចាំថ្ងៃដែលអ្នកបានធ្វើជាផ្នែកមួយនៃការសិក្សារបស់អ្នកអំពីគម្ពីរវិវរណៈ ។

  • តើមានរឿងអ្វីខ្លះដែលអ្នកនឹកឃើញថាបានរៀន ឬមានអារម្មណ៍ នៅពេលអ្នកបានសិក្សាគម្ពីរវិវរណៈ ?

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់អ្នកមកពីគម្ពីរវិវរណៈ ?

  • តើសេចក្ដីពិតអ្វីខ្លះដែលអ្នកមានអារម្មណ៍ថា ត្រូវបានបំផុសគំនិតឲ្យធ្វើសកម្មភាពជាផ្នែកមួយនៃការសិក្សារបស់អ្នក ?

សូមពិចារណាបោះពុម្ព ឬបង្ហាញសកម្មភាពខាងក្រោមនេះ ហើយអនុញ្ញាតឲ្យសិស្សជ្រើសរើសសកម្មភាពមួយណាដែលពួកគេចង់ធ្វើជាលក្ខណៈបុគ្គល ឬជាមួយដៃគូ ។

សិស្សខ្លះអាចនឹងមានពេលលំបាកក្នុងការវាយតម្លៃ ឬចែកចាយអារម្មណ៍ផ្ទាល់ខ្លួនអំពីការថ្វាយបង្គំ និងទីបន្ទាល់ ។ សូមផ្តល់ឱកាសឲ្យសិស្សចែកចាយដោយស្ម័គ្រចិត្ត ប៉ុន្តែត្រូវប្រាកដថាបានគោរពសិទ្ធិជ្រើសរើសរបស់ពួកគេផងដែរ ។

នៅពេលសិស្សបញ្ចប់ សូមអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យចែកចាយគំនិត និងអារម្មណ៍ខ្លះៗដែលពួកគេមាន នៅពេលពួកគេឆ្លើយសំណួរនេះ ។ សូមប្រាកដថាបានលើកទឹកចិត្តសិស្សឲ្យបន្តធ្វើការលើភាពជ្រាលជ្រៅនៃការថ្វាយបង្គំផ្ទាល់ខ្លួនរបស់ពួកគេ និងកម្លាំងនៃទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាធ្វើសាក្សីផ្ទាល់ខ្លួនអំពីមូលហេតុដែលការថ្វាយបង្គំ និងទីបន្ទាល់ជាលក្ខណៈបុគ្គលគឺសំខាន់ក្នុងការអភិវឌ្ឍខាងវិញ្ញាណរបស់យើង ។

សកម្មភាព ក ៖ ថ្វាយបង្គំ និងធ្វើតាមព្រះដោយស្មោះ

នៅក្នុង វិវរណៈ ៤ អ្នកប្រហែលជាបានសិក្សាផ្នែកនៃការនិមិត្តរបស់យ៉ូហាន ដែលលោកបានឃើញបល្ល័ង្ករបស់ព្រះជាមួយនឹងសភាវៈផ្សេងៗ និងសត្វក្នុងន័យធៀបដែលកំពុងថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ អ្នកប្រហែលជាត្រូវបានអញ្ជើញឲ្យសញ្ជឹងគិតពីរបៀបដែលអ្នកសរសើរដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយពិចារណាពីវិធីដែលអ្នកអាចកែលម្អការថ្វាយបង្គំផ្ទាល់ខ្លួនរបស់អ្នកបាន ។

  • តើថ្មីៗនេះអ្នកបានរៀន ឬមានអារម្មណ៍អ្វីខ្លះអំពីព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ ដែលបានជំរុញអ្នកឲ្យចង់ថ្វាយបង្គំទ្រង់ទាំងទ្វេ ?

  • តើអ្នកបានខិតខំប្រឹងប្រែងធ្វើអ្វីខ្លះដើម្បីកែលម្អការថ្វាយបង្គំរបស់អ្នក ? ជាឧទាហរណ៍ អ្នកប្រហែលជាបានខិតខំធ្វើឲ្យការថ្វាយបង្គំរបស់អ្នកឲ្យកាន់តែស៊ីជម្រៅតាមរយៈការអធិស្ឋាន ការសិក្សាព្រះគម្ពីរ ការទទួលទានសាក្រាម៉ង់ ការគោរពថ្ងៃឈប់សម្រាក ការតមអាហារ ការចូលព្រះវិហារបរិសុទ្ធ ឬវិធីផ្សេងទៀត ។

  • តើការខិតខំប្រឹងប្រែងទាំងនេះមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

សកម្មភាព ខ ៖ តស៊ូ និងយកឈ្នះលើអំពើអាក្រក់ដោយសេចក្ដីជំនឿទៅលើព្រះគ្រីស្ទ

សកម្មភាពខាងក្រោមអាចត្រូវបានកែសម្រួល ដើម្បីវាយតម្លៃពីការរីកចម្រើនក្នុងការយកឈ្នះលើពិភពលោក ដែលត្រូវបានបង្រៀននៅក្នុងមេរៀន « វិវរណៈ ២–៣ ផ្នែកទី ២ » ។

នៅក្នុង វិវរណៈ ១២១៣ អ្នកប្រហែលជាបានរៀនថា នៅក្នុងជីវិតមុនឆាកជីវិតរមែងស្លាប់ យើងទាំងអស់គ្នាបានអនុវត្តសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ដើម្បីយកឈ្នះលើអារក្សសាតាំង ។ អ្នកប្រហែលជាត្រូវបានអញ្ជើញឲ្យសញ្ជឹងគិតពីសេចក្ដីជំនឿរបស់អ្នកលើការបង្រៀនទាំងនេះ ហើយគិតពីអ្វីដែលអ្នកអាចធ្វើបានដើម្បីបន្តការទុកចិត្តរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ នៅពេលយើងប្រយុទ្ធជាមួយមារសត្រូវនៅទីនេះក្នុងជីវិតរមែងស្លាប់ ។

  • តើមានសកម្មភាពអ្វីខ្លះដែលអ្នកមានអារម្មណ៍ថា អ្នកគួរធ្វើបន្ទាប់ពីការសិក្សារបស់អ្នក ?

  • តើអ្នកបានជួបប្រទះឧបសគ្គ ឬបញ្ហាប្រឈមអ្វីខ្លះក្នុងការធ្វើសកម្មភាពទាំងនោះ ? តើអ្នកបានទទួលជោគជ័យអ្វីខ្លះ ?

  • តើការអនុវត្តតាមជំហានទាំងនេះបានជួយអ្នកឲ្យចូលកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ឬទទួលបានកម្លាំងពីទ្រង់ដើម្បីយកឈ្នះលើអារក្សសាតាំងដោយរបៀបណា ?

ព្រះគម្ពីរសញ្ញាថ្មី ៖ កិច្ចការ–វិវរណៈ

ប្រសិនបើបានប្រើប្រាស់ការរៀបចំរបស់សិស្ស សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយវគ្គបទគម្ពីរដែលពួកគេបានជ្រើសរើស ហើយពន្យល់ពីមូលហេតុដែលពួកគេបានជ្រើសរើសវគ្គបទគម្ពីរទាំងនោះ ។ សូមសរសេរនៅលើក្តារខៀននូវសេចក្ដីយោងព្រះគម្ពីរដែលពួកគេចែកចាយ ដូច្នេះអ្នកផ្សេងទៀតអាចប្រើវានៅក្នុងសកម្មភាពខាងក្រោមនេះ ។

រូបភាព និងកថាខណ្ឌខាងក្រោមអាចជួយណែនាំសកម្មភាពសរសេរសំបុត្របាន ។

Paul speaking to King Agrippa.

អ្នកប្រហែលជាចាំថា បន្ទាប់ពីបានឮទីបន្ទាល់របស់ប៉ុលអំពីព្រះយេស៊ូវគ្រីស្ទ ស្តេចអ័គ្រីប៉ាបានមានបន្ទូលថា « ឯងនឹងនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ » ។ រួចប៉ុលឆ្លើយយ៉ាងក្លាហានថា « ទូលបង្គំសូមដល់ព្រះ មិនមែនឲ្យត្រឹមតែព្រះករុណាប៉ុណ្ណោះ គឺឲ្យអស់អ្នកដែលស្តាប់ទូលបង្គំនៅថ្ងៃនេះថែមទៀតផង ទោះបើនៅបន្តិចទៀត ឬយូរទៅទៀតក្តី ឲ្យតែគ្រប់គ្នា [ ជាគ្រីស្ទាន ] បានដូចទូលបង្គំ » ( កិច្ចការ ២៦:២៨–២៩ ) ។

ប៉ុល និងសាវកឯទៀតៗមានបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីនាំអ្នកដទៃឲ្យមករកព្រះគ្រីស្ទ តាមរយៈការបង្រៀន និងទីបន្ទាល់របស់ពួកគេ ។ ពួកលោកជាច្រើនបានលះបង់ជីវិតរបស់ពួកលោក ហើយបានស្លាប់ក្នុងនាមជាទុក្ករបុគ្គលសម្រាប់បុព្វហេតុនៃព្រះគ្រីស្ទ ដោយបន្សល់ទុកការបង្រៀនរបស់ពួកលោកនៅក្នុងគម្ពីរកិច្ចការ និងសំបុត្រនានា ។ សង្ឃឹមថា អ្នកបានអញ្ជើញទីបន្ទាល់ទាំងនោះឲ្យមកក្នុងដួងចិត្តអ្នក ហើយអនុវត្តតាមការបង្រៀនរបស់ពួកលោកនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ ឥឡូវនេះ វាដល់វេនរបស់អ្នកដើម្បីបង្រៀន និងថ្លែងទីបន្ទាល់ហើយ ។

សូមសរសេរសំបុត្រនៃសុន្ទរកថាផ្ទាល់ខ្លួនរបស់អ្នកទៅកាន់នរណាម្នាក់ដែលអ្នកជ្រើសរើស ។ ជាឧទាហរណ៍ អ្នកអាចនិយាយវាទៅកាន់ខ្លួនអ្នកកាលពីមួយឆ្នាំមុន មុនពេលសិក្សាព្រះគម្ពីរសញ្ញាថ្មី ទៅមិត្តម្នាក់ដែលមិនយល់ពីមូលហេតុដែលអ្នកចូលរួមថ្នាក់សិក្ខាសាលា ឬសមាជិកគ្រួសារម្នាក់ដែលអាចទទួលបានអត្ថប្រយោជន៍ពីទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ ។

មិនថាអ្នកជ្រើសរើសនរណាដើម្បីសរសេរសំបុត្ររបស់អ្នកទៅនោះទេ សូមបញ្ចូលខគម្ពីរមួយ ឬច្រើនពីគម្ពីរ កិច្ចការ–វិវរណៈ រួមជាមួយនឹងរបៀបដែលសេចក្ដីពិតចេញពីខគម្ពីរទាំងនេះបានប្រទានពរដល់ជីវិតរបស់អ្នក ។ សំណួរខាងក្រោមអាចជួយណែនាំអ្នកបាន ប៉ុន្តែអ្នកអាចជ្រើសរើសដោយខ្លួនឯងថាត្រូវសរសេរអំពីអ្វី ។

  • តើអ្វីដែលអ្នកបានសិក្សាបានជួយអ្នកឲ្យមករកព្រះគ្រីស្ទ ហើយរកឃើញសេចក្ដីសុខសាន្តនៅក្នុងទ្រង់ដោយរបៀបណា ?

  • តើអ្វីដែលអ្នកបានសិក្សានេះបានជួយអ្នកឲ្យទប់ទល់ ឬយកឈ្នះលើអំពើអាក្រក់ដោយសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

  • តើអ្វីដែលអ្នកបានសិក្សានេះបានជួយអ្នកឲ្យឆ្លើយនឹងសំណួរ ឬដោះស្រាយកង្វល់ ឬបញ្ហាមួយដោយរបៀបណា ?

  • តើអ្នកចង់ឲ្យនរណាម្នាក់ដឹងអ្វីទៀត ដើម្បីលើកទឹកចិត្តពួកគេឲ្យសិក្សាព្រះគម្ពីរសញ្ញាថ្មី ហើយមករកព្រះគ្រីស្ទ ?

ពេលសិស្សសរសេរចប់ សូមអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យអានសំបុត្ររបស់ពួកគេដល់សិស្សក្នុងថ្នាក់ ។ សូមយកចិត្តទុកដាក់ចំពោះរបៀបដែលពួកគេបង្ហាញការដឹងគុណ និងទីបន្ទាល់របស់ពួកគេនៅក្នុងសំបុត្ររបស់ពួកគេ ។ សូមអរគុណសិស្សចំពោះអ្វីដែលពួកគេបានសរសេរ និងចែកចាយ ។ សូមអញ្ជើញពួកគេឲ្យពិចារណាអំពីការចែកចាយសំបុត្ររបស់ពួកគេជាមួយនរណាម្នាក់ដែលនៅក្រៅថ្នាក់រៀន ហើយបន្តសិក្សាពាក្យសម្ដីរបស់ព្យាការីពេញមួយជីវិតរបស់ពួកគេ ។

សូមថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ព្រះបន្ទូលរបស់ទ្រង់នៅក្នុងព្រះគម្ពីរ និងកិច្ចការរបស់ទ្រង់តាមរយៈអ្នកបម្រើដែលទ្រង់បានជ្រើសរើស ។