អេភេសូរ ២
ព្រះយេស៊ូវគ្រីស្ទជាថ្មជ្រុងយ៉ាងឯក
ពួកបរិសុទ្ធដែលរស់នៅក្នុងក្រុងអេភេសូរ ដែលធ្លាប់ជាសាសន៍ដទៃមុនការប្រែចិត្តជឿរបស់ពួកគេប្រហែលជាមានអារម្មណ៍ដូចជា « អ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅ » ( អេភេសូរ ២:១៩ ) នៅពេលពួកគេថ្វាយបង្គំជាមួយនឹងពួកគ្រីស្ទានសាសន៍យូដា ។ ប៉ុលបានរំឭកដល់ពួកបរិសុទ្ធនៃក្រុងអេភេសូរថា ពួកគេបានរួបរួមគ្នាតាមរយៈព្រះយេស៊ូវគ្រីស្ទជា « ជាតិតែមួយ … ជាពួកដំណាក់ព្រះវិញ » ( អេភេសូរ ២:១៩ ) ។ ព្រះវិហារដែលពួកគេជាសមាជិកនៅទីនោះ ឥឡូវនេះត្រូវបានសាងសង់នៅលើគ្រឹះនៃព្រះគ្រីស្ទ និងពួកសាវក និងពួកព្យាការីរបស់ទ្រង់ ហើយមានអំណាចដើម្បីប្រទានពរដល់ពួកគេ នៅពេលពួកគេមកជាមួយគ្នាដោយសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ និងស្វែងរកពរជ័យដែលមាន ដោយសារព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់នៅសព្វថ្ងៃនេះ តាមរយៈពួកព្យាការី និងពួកសាវក ។
សកម្មភាពរៀនសូត្រដែលអាចមាន
អារម្មណ៍នៃភាពជាចំណែក
-
ហេតុអ្វីបុគ្គលម្នាក់អាចមានអារម្មណ៍ថា ពួកគេមិនចុះចំណោមក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ?
-
ប្រសិនបើនរណាម្នាក់មានអារម្មណ៍ថា ពួកគេមិនចុះចំណោមក្នុងសាសនាចក្រនេះ តើអ្នកនឹងផ្តល់ដំបូន្មានអ្វីដល់ពួកគេ ?
សូមសញ្ជឹងគិតអំពីអារម្មណ៍របស់អ្នកចំពោះសាសនាចក្ររបស់ព្រះអម្ចាស់ ។ តើនៅពេលណាដែលអ្នកទទួលបានអារម្មណ៍នៃការរួមចំណែកដ៏ខ្លាំងក្លានៅក្នុងសាសនាចក្រ ? តើមានពេលណាខ្លះដែលអ្នកមានអារម្មណ៍ថាខ្លួនឯងមិនចុះចំណោមនឹងគេ ? តើពរជ័យអ្វីខ្លះដែលអ្នកមានអារម្មណ៍ថា អាចទទួលបានក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ? នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលសេចក្ដីពិតអំពីអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើង ដែលអាចបង្រួបបង្រួមយើងក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ ។
ការបំបែករបាំងដែលរារាំង
ក្នុងអំឡុងសម័យរបស់សាវកប៉ុល អ្នកដែលមិនមែនជាសាសន៍យូដាបានប្រែចិត្តជឿទៅកាន់គ្រិស្តសាសនា ( ឬអ្នកដែលពីមុនជាសាសន៍ដទៃ ) អាចនឹងមានអារម្មណ៍ហាក់ដូចជាពួកគេមិនចុះចំណោមនឹងព្រះវិហារផ្សេងទៀត ហើយប្រហែលជាមានអារម្មណ៍ដូចជា « អ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅ » ( អេភេសូរ ២:១៩ ) ។ ឧទាហរណ៍ នៅព្រះវិហារបរិសុទ្ធក្នុងក្រុងយេរូសាឡិម ពួកគេនឹងមិនបានអនុញ្ញាតឲ្យឆ្លងកាត់ « ជញ្ជាំងដែលខាន់ » ( អេភេសូរ ២:១៤ ) ទៅកាន់តំបន់ដ៏ពិសិដ្ឋជាងនៃព្រះវិហារ ដែលមានតែសាសន៍យូដា រួមទាំងពួកគ្រីស្ទានយូដាប៉ុណ្ណោះ ដែលអាចចូលទៅទីនោះបាន ។ លើសពីនេះទៅទៀត សាសន៍ដទៃមិនត្រូវបានផ្ដល់ពរជ័យនៃដំណឹងល្អទេ រហូតដល់ការបើកសម្ដែងរបស់ព្រះវរបិតាសួគ៌ដល់ពេត្រុស ( សូមមើល កិច្ចការ ១០ ) ។
ប៉ុលបានសរសេរទៅពួកបរិសុទ្ធនៅឯក្រុងអេភេសូរ ដែលប្រហែលជាអ្នកដែលទើបតែប្រែចិត្តជឿថ្មី ។ សូមអាន អេភេសូរ ២:១២–១៤, ១៨–២១ ដោយស្វែងរករបៀបដែលព្រះអម្ចាស់បានប្រទានពរពួកអេភេសូរ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា ខគម្ពីរទាំងនេះចាប់ផ្តើមដោយប៉ុលបានអញ្ជើញពួកបរិសុទ្ធទាំងនេះឲ្យរំឭកពីជីវិតរបស់ពួកគេមុនពួកគេប្រែចិត្តជឿ ។ « ពួកដំណាក់ព្រះ » ( ខទី ១៩ ) ដែលប៉ុលបានលើកឡើង សំដៅទៅលើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
ប្រសិនបើអ្នកចង់មើលការពណ៌នាជាវីដេអូនៃ អេភេសូរ ២:១០–២២ សូមពិចារណាមើល « Ye Are No More Strangers » ( ២:២៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើព្រះអម្ចាស់បានប្រទានពរដល់ពួកអេភេសូរយ៉ាងដូចម្ដេច ?
តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានដករបាំងទាំងអស់ដែលបំបែកសាសន៍យូដាពីសាសន៍ដទៃ ហើយក៏បំបែកសាសន៍ដទៃពីព្រះផងដែរ ។ ពួកសាសន៍ដទៃមិនចាំបាច់ក្លាយជាសាសន៍យូដា រស់នៅតាមក្រឹត្យវិន័យរបស់ម៉ូសេ ឬកាត់ស្បែក ដើម្បីចូលរួមសាសនាចក្រទៀតទេ ។ នៅពេលពួកគេមករកព្រះយេស៊ូវគ្រីស្ទ ហើយទទួលយកដំណឹងល្អរបស់ទ្រង់ ពួកគេជា « ពួកដំណាក់ព្រះ » ( អេភេសូរ ២:១៩ )—ជាផ្នែកនៃរាស្រ្តនៃសេចក្ដីសញ្ញារបស់ព្រះ ។
-
តើព្រះអង្គសង្គ្រោះបំបែករបាំងរវាងយើង និងអ្នកដទៃតាមវិធីណាខ្លះ ?
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះមនុស្សគ្រប់រូបដែល « មានផ្លូវចូលទៅដល់ព្រះវរបិតា … » ( ខទី ១៨ ) តាមរយៈ « ព្រះលោហិតទ្រង់ » ( ខទី ១៣ ) ?
-
តើអ្នកនឹងសង្ខេបពរជ័យនៃ ខទី ១៩–២១ ទៅកាន់នរណាម្នាក់ដែលមានអារម្មណ៍ថា ពួកគេដូចជាមិនចុះចំណោមនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ដោយរបៀបណា ?
-
ហេតុអ្វីអ្នកគិតថា ប៉ុលបានប្រៀបធៀបសាសនាចក្រទៅនឹងពួកអ្នករស់នៅក្នុងផ្ទះ ឬគ្រួសារមួយ ?
ថ្មជ្រុងយ៉ាងឯក
នៅជំនាន់របស់ប៉ុល ថ្មជ្រុងយ៉ាងឯកគឺជាថ្មដ៏ធំមួយដាក់នៅជ្រុងគ្រឹះ ។ ថ្មជ្រុងនៃគ្រឹះនីមួយៗបានទ្រទ្រង់ទម្ងន់សំណង់ និងបំពេញមុខងារដើម្បីភ្ជាប់ជញ្ជាំង ។ មុំ និងការដាក់ថ្មផ្សេងទៀតត្រូវបានវាស់ចេញពីថ្មជ្រុងយ៉ាងឯកនេះ ។
សូមគូរការតំណាងនៃអ្វីដែលត្រូវបានពិពណ៌នានៅក្នុង អេភេសូរ ២:១៩–២១ ។ អ្នកអាចដាក់ស្លាកលើគំនូររបស់អ្នកជាមួយពាក្យមកពីវគ្គបទគម្ពីរនេះ ។
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានបង្កើតសាសនាចក្ររបស់ទ្រង់ ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលមានការប្រៀបធៀបទ្រង់ទៅនឹងថ្មជ្រុងយ៉ាងឯកមួយ ?
-
តើយើងអាចស្ថាបនាជីវិតរបស់យើងលើព្រះអង្គសង្គ្រោះ និងពួកសាវក និងពួកព្យាការីរបស់ទ្រង់តាមរបៀបណាខ្លះ ?
-
តើការស្ថាបនាជីវិតរបស់យើងនៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទ និងពួកព្យាការី និងពួកសាវករបស់ទ្រង់ជួយយើងស្វែងរកកន្លែង និងគោលបំណងមួយនៅក្នុងសាសនាចក្រដោយរបៀបណា ?
គ្រឹះរបស់អ្នក
នៅពេលអ្នកធ្វើសកម្មភាពមួយចំនួនខាងក្រោម សូមពិចារណាសំណួរទាំងនេះ ៖
-
តើខ្ញុំកំពុងធ្វើអ្វីដើម្បីស្ថាបនាជីវិតរបស់ខ្ញុំនៅលើគ្រឹះនៃពួកព្យាការី និងពួកសាវកដែលមានព្រះយេស៊ូវគ្រីស្ទជាថ្មជ្រុងយ៉ាងឯកនោះ ? តើខ្ញុំធ្លាប់បានទទួលពរជ័យអ្វីខ្លះ ?
-
តើព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំស្ថាបនាបន្ថែមទៀតនៅលើគ្រឹះនេះតាមរបៀបណាខ្លះ ?
ក. សូមចំណាយពេលបន្តិច ដើម្បីពិចារណាពីជីវិតរបស់អ្នកថានឹងទៅជាយ៉ាងណា ប្រសិនបើគ្មានពួកព្យាការី និងពួកសាវករបស់ព្រះអម្ចាស់នៅលើផែនដីសព្វថ្ងៃនេះ ។ សូមស្រមៃគិតអំពីជីវិតដែលគ្មានសិទ្ធិអំណាចពីព្រះអម្ចាស់ និងការបង្រៀនដែលបំផុសគំនិត ការណែនាំ និងគំរូដូចព្រះគ្រីស្ទ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកពីរបៀបដែលជីវិតអាចមានការផ្លាស់ប្តូរ និងអ្វីដែលអ្នកអាចនឹងខកខានមិនបានទទួល ។
ខ. ក្រោយមកនៅក្នុងសំបុត្ររបស់លោក ប៉ុលបានរៀបរាប់អំពីពរជ័យបន្ថែមទៀតដែលកើតឡើងតាមរយៈពួកព្យាការី ពួកសាវក និងអ្នកដឹកនាំដទៃទៀតនៃសាសនាចក្រ ។ សូមអាន អេភេសូរ ៤:១១–១៤ ហើយពិចារណាពីការគូសសម្គាល់ពរជ័យទាំងនេះ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា គ្រូផ្សាយដំណឹងល្អគឺជាលោកអយ្យកោ ហើយគ្រូគង្វាលសំដៅទៅលើអ្នកដឹកនាំនៃក្រុមជំនុំ ដូចជាប្រធានស្តេក ឬប្រធានមណ្ឌល ប៊ីស្សព ឬប្រធានសាខា ។ សូមសរសេររបៀបមួយ ឬពីរដែលអ្នកបានជួបប្រទះនឹងពរជ័យទាំងនេះ ។
គ. សូមជ្រើសយកប្រធានបទមួយ ឬពីរនៅក្នុង ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅ ឆ្នាំ ២០១១ ) ។ សូមសរសេរពីវិធីជាក់លាក់ដែលការណែនាំមកពីពួកសាវក និងពួកព្យាការីរបស់ព្រះអម្ចាស់នេះបានជួយដល់អ្នក ។
ឃ. សូមគិតអំពីរបៀបដែលពួកព្យាការី និងពួកសាវកបានជួយអ្នកឲ្យមកស្គាល់ព្រះអង្គសង្គ្រោះ ហើយក្លាយកាន់តែដូចទ្រង់ ។ សូមកត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ វីដេអូខាងក្រោមនេះ ( មាននៅលើគេហទំព័រ ChurchofJesusChrist.org ) អាចជួយអ្នកឲ្យគិតពិចារណា និងសរសេរ ។
-
« សម្រង់ចេញពី ‹ The Living Christ: The Testimony of the Apostles › » ( ២:៤៥ )
« He Lives: Testimonies of Jesus Christ » ( ២:១១ )
តើអ្នកបានរៀនអ្វីខ្លះ ?
ដើម្បីបញ្ចប់មេរៀននេះ សូមគិតអំពីអ្វីដែលអ្នកបានរៀន ។ សូមពិចារណាអំពីរបៀបដែលការស្ថាបនាជីវិតអ្នកនៅលើគ្រឹះនៃពួកព្យាការី និងពួកសាវក ដោយមានព្រះយេស៊ូវគ្រីស្ទជាថ្មជ្រុងយ៉ាងឯកបង្រួបបង្រួមអ្នកជាមួយ « ពួកដំណាក់ព្រះ » ( អេភេសូរ ២:១៩ ) ។ សូមគិតអំពីរបៀបដែលអ្នកនឹងស្ថាបនាជីវិតរបស់អ្នកឲ្យកាន់តែខ្លាំងឡើងនៅលើគ្រឹះនៃពួកព្យាការី និងពួកសាវក ដោយមានព្រះអង្គសង្គ្រោះជាថ្មជ្រុងយ៉ាងឯក ។
វិចារណកថា និងព័ត៌មានសាច់រឿង
អេភេសូរ ២:១៤ ។ តើអ្វីទៅជា « ជញ្ជាំងដែលខាន់កណ្តាល » ដែលប៉ុលបាននិយាយ ?
ព្រះវិហារបរិសុទ្ធនៅក្រុងយេរូសាឡិមមានទីលាន ឬតំបន់មួយចំនួន ហើយមានតែមនុស្សខ្លះប៉ុណ្ណោះដែលអាចចូលទៅក្នុងទីលាននីមួយៗបាន ។ ពួកសាសន៍ដទៃត្រូវបានអនុញ្ញាតឲ្យឡើងលើភ្នំព្រះវិហារបរិសុទ្ធ ហើយចូលទៅក្នុងទីលានខាងក្រៅ ហៅថាទីលាននៃពួកសាសន៍ដទៃ ។ ប៉ុន្តែ ទីលានខាងក្នុងនៃព្រះវិហារត្រូវបានការពារមិនឲ្យសាសន៍ដទៃចូលដោយរបាំងពិសេស ឬជញ្ជាំងដែលមានកម្ពស់ប្រហែលមួយម៉ែត្រ ។ ប្រសិនបើសាសន៍ដទៃបានឆ្លងផុតជញ្ជាំងនេះ គាត់អាចនឹងត្រូវគេសម្លាប់ ។ អ្នកបុរាណវត្ថុវិទូបានរកឃើញថាមានដុំថ្មម៉ាបចំនួនពីរដែលបង្កើតជារបាំងនេះ ហើយថ្មម៉ាបទាំងនោះមានសិលាចារឹកជាភាសាក្រិក និងឡាតាំងដែលសរសេរថា « គ្មានពួកអ្នកគ្រាន់តែសំណាក់នៅណាម្នាក់អាចឆ្លងកាត់របាំងជុំវិញទីបរិសុទ្ធនេះទេ ។ អ្នកណាដែលត្រូវគេចាប់បានពេលឆ្លងរបាំងនេះ អ្នកនោះនឹងទទួលទោសកំហុសដែលឈានដល់សេចក្តីស្លាប់ » ( រីឆាដ ណៃហ្សល ហូហ្សាហ្វែល, អេរិក ឌី ហាន់ស្មឹន, ថូម៉ាស អេ វ៉េមិន Jesus Christ and the World of the New Testament [ ឆ្នាំ ២០០៦ ] ទំព័រ ១៦០ ) ។
បន្ទាប់ពីដំណើរទៅផ្សាយសាសនាជាលើកទីបីរបស់ប៉ុល សាសន៍យូដាខ្លះនៅក្រុងយេរូសាឡិមបានចោទប៉ុលអំពីការនាំពួកសាសន៍ដទៃហួសពីរបាំងនោះ ដែលនាំឲ្យមានកុប្បកម្ម ហើយទីបំផុតឈានដល់ការចាប់ខ្លួនប៉ុល ( សូមមើល ជនគណនា ១:៥១ ; កិច្ចការ ២១:២៧–២៩ ) ។
អេភេសូរ ២:២០ ។ ហេតុអ្វីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្ថាបនាឡើងលើពួកសាវក និងពួកព្យាការី ដោយមានព្រះគ្រីស្ទជាថ្មជ្រុងយ៉ាងឯក ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពីគ្រឹះនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ៖
នៅក្នុងជំនាន់ព្រះគម្ពីរសញ្ញាថ្មី នៅក្នុងជំនាន់ព្រះគម្ពីរមរមន និងនៅក្នុងសម័យទំនើបនេះ អ្នកកាន់តំណែងទាំងនេះបង្កើតជាថ្មគ្រឹះនៃសាសនាចក្រដ៏ពិត ដែលបានតែងតាំងតំណែង និងទទួលបានកម្លាំងរបស់ពួកលោកពីថ្មជ្រុងយ៉ាងឯកជា « សិលានៃព្រះដ៏ប្រោសលោះនៃយើងគឺ [ ព្រះយេស៊ូវ ] គ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ » [ ហេលេមិន ៥:១២ ] ។ … គ្រឹះនៅលើព្រះគ្រីស្ទបែបនេះគឺជា ហើយតែងតែជាការការពារនៅក្នុងជំនាន់នានា « កាលណាអារក្សបញ្ចេញខ្យល់ដ៏ខ្លាំងក្លារបស់វាមក មែនហើយ ព្រួញរបស់វានៅក្នុងខ្យល់គួច មែនហើយ កាលណាព្រិល និង ខ្យល់ព្យុះកំណាចទាំងអស់របស់វា បោកបក់មកលើកូន » ។
( ជែហ្វ្រី អ័រ ហូឡិន « Prophets, Seers, and Revelators »Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៧ )