ថ្នាក់​សិក្ខាសាលា
អេភេសូរ ២–៥


អេភេសូរ ២–៥

ការស្វែងរកសេចក្តីពិតដ៏នៅអស់កល្បជានិច្ច

Young woman sitting in home reading open scriptures that have been underlined. (horiz)

តើអ្នកមានទំនុកចិត្តលើសមត្ថភាពរបស់អ្នកក្នុងការស្វែងរកសេចក្ដីពិតនៅក្នុងព្រះគម្ពីរកម្រិតណា ? ពួកព្យាការីបង្រៀនសេចក្ដីពិតដែលមកពីព្រះវរបិតាសួគ៌ ដើម្បីជាប្រយោជន៍ដល់យើង ។ ឧទាហរណ៍ ប៉ុលបានបង្រៀនពួកបរិសុទ្ធនៅក្រុងអេភេសូរអំពីការយកឈ្នះលើលោកិយ៍ ហើយប្រែកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យរៀនពីរបៀបស្វែងរកសេចក្តីពិតពីព្រះគម្ពីរ ដែលនឹងជួយអ្នកក្នុងជីវិតរបស់អ្នក ហើយនាំអ្នកឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។

ការអនុវត្តជំនាញសិក្សាព្រះគម្ពីរ ។ សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការអនុវត្តជំនាញសិក្សាព្រះគម្ពីរ ដូចជាការប្រៀបធៀបបទព្រះគម្ពីរទៅនឹងជីវិតរបស់ពួកគេ ការប្រើប្រាស់ជំនួយការសិក្សា ការស្វែងយល់ពីប្រធានបទ និងគំរូ ការយល់ដឹងអំពីនិមិត្តសញ្ញា ការស្វែងរកធនធានពីសន្និសីទទូទៅ ការធ្វើចំណារពន្យល់បទគម្ពីរ ការបង្កើតបញ្ជី សង្ខេបពីអ្វីដែលពួកគេអាន ស្វែងរក និងប្រើប្រាស់សេចក្តីយោងឆ្លង ការឲ្យនិយមន័យពាក្យពិបាកៗជាដើម ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសិក្សាព្រះគម្ពីរនៅចន្លោះពេលនេះ និងថ្នាក់បន្ទាប់ ដោយរកមើលសេចក្ដីពិតដែលព្រះគម្ពីរបង្រៀន ។ សូមអញ្ជើញពួកគេឲ្យសញ្ជឹងគិតពីវិធីផ្សេងៗដែលពួកគេអាចរកឃើញសេចក្ដីពិតទាំងនេះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការស្វែងរកតម្លៃ

វីដេអូ « Flecks of Gold » ( ៣:១៥ ) គឺនិយាយអំពីបុរសពីរនាក់ដែលស្វែងរកមាស ។ សូមអានដំណើររឿង ឬមើលវីដេអូដែល អាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ២:២៦ ។ សូមគិតអំពីមេរៀនខាងវិញ្ញាណណាមួយដែលអ្នករៀនពីវា ។

3:15
Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

ជារឿយៗ យើងដូចជាឈ្មួញវ័យក្មេងមកពីបូស្តុន ដែលនៅឆ្នាំ ១៨៤៩ ដូចដែលបានរៀបរាប់រួចមកហើយនោះ បានចូលរួមយ៉ាងឈ្មុសឈ្មុលក្នុងការជីកមាសនៅរដ្ឋកាលីហ្វ័រញ៉ា ។ គាត់បានលក់ទ្រព្យសម្បត្តិទាំងអស់របស់គាត់ដើម្បីស្វែងរកសំណាងរបស់គាត់នៅក្នុងទន្លេនៃរដ្ឋកាលីហ្វ័រញ៉ា ដែលគេបានប្រាប់គាត់ថាសម្បូរដុំមាសដ៏ធំៗជាច្រើនដែលមនុស្សម្នាក់លើកស្ទើរមិនរួច ។

កាន់តែយូរៗទៅ យុវជនរូបនោះបានជ្រមុជឆ្នាំងរបស់គាត់ទៅក្នុងទន្លេ ហើយលើកមកវិញគ្មានបានអ្វីសោះ ។ រង្វាន់តែមួយគត់របស់គាត់គឺដុំថ្មមួយពំនូកប៉ុណ្ណោះ ។ ដោយបាក់ទឹកចិត្ត និងគ្មានអ្វីសល់សោះ គាត់ត្រៀមខ្លួនចុះចាញ់ រហូតដល់ថ្ងៃមួយ មានអ្នករកមាសវ័យចំណាស់ដែលមានបទពិសោធន៍ម្នាក់បាននិយាយទៅគាត់ថា « នោះជាថ្មមួយពំនូកធំដែលឯងរកបានហើយ អ្នកកម្លោះអើយ » ។

យុវជនរូបនោះឆ្លើយតបថា ៖ « គ្មានមាសនៅទីនេះទេ ។ ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញហើយ » ។

ដោយដើរទៅកាន់គំនរថ្មនោះ អ្នករែងមាសវ័យចំណាស់នោះនិយាយថា « អូ៎ មាសមានពិតប្រាកមែន ។ ឯងគ្រាន់តែត្រូវដឹងកន្លែងដែលត្រូវរកវាប៉ុណ្ណោះ » ។ គាត់បានរើសដុំថ្មពីរដុំឡើង ហើយគោះវាជាមួយគ្នា ។ ដុំថ្មមួយបានបែក ហើយចេញជាបំណែកដុំមាសតូចៗ ជះពន្លឺចែងចាំងនៅក្រោមពន្លឺព្រះអាទិត្យ ។

ដោយបានឃើញថង់ស្បែកដែលក្រវ៉ាត់ជាប់នឹងចង្កេះអ្នករកមាសនោះ យុវជននោះបាននិយាយថា « ខ្ញុំកំពុងរកមើលដុំមាសដូចនៅក្នុងថង់របស់ពូហ្នឹងមិនមែនជាបំណែកមាសតូចៗនេះទេ » ។

អ្នករែងមាសវ័យចំណាស់បានបើកថង់របស់គាត់ឲ្យយុវជននោះមើល ដែលយុវជននោះមើលទៅខាងក្នុងថង់ដោយរំពឹងថានឹងឃើញដុំមាសធំៗជាច្រើន ។ គាត់បានស្រឡាំងកាំងពេលឃើញកាបូបនោះមានសុទ្ធតែបំណែកមាសតូចៗរាប់ពាន់បំណែក ។

អ្នករែងមាសវ័យចំណាស់បាននិយាយថា « អ្នកកម្លោះអើយ ឯងមើលទៅហាក់ដូចជាកំពុងរវល់រកមើលដុំមាសធំៗ ដែលធ្វើឲ្យឯងខកខានមិនបានបំពេញបំណែកមាសតូចៗដែលមានតម្លៃទាំងនេះនៅក្នុងថង់របស់ឯងឡើយ ។ ការប្រមូលបំណែកមាសតូចៗទាំងនេះដោយការអត់ធ្មត់ បាននាំឲ្យខ្ញុំមានទ្រព្យសម្បត្តិជាច្រើន » ។

( អិម រ័សុល បាឡឺដ « Finding Joy through Loving Service » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៤៦ )

  • តើដំណើររឿងនេះអាចទាក់ទងនឹងការស្វែងរកសេចក្ដីពិតនៅក្នុងព្រះគម្ពីរដោយរបៀបណា ?

សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម ហើយដាក់ចំណាត់ថ្នាក់ពីមួយទៅប្រាំថាតើវាពិតកម្រិតណាសម្រាប់អ្នក ( មួយ = មិនពិតសម្រាប់ខ្ញុំ ប្រាំ = ពិតសម្រាប់ខ្ញុំជានិច្ច )__ខ្ញុំមានទំនុកចិត្តលើសមត្ថភាពរបស់ខ្ញុំក្នុងការស្វែងរកសេចក្ដីពិតដ៏នៅអស់កល្បជានិច្ចនៅក្នុងព្រះគម្ពីរដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ។

__ ការស្វែងរកសេចក្ដីពិតនៅក្នុងព្រះគម្ពីរគឺជាពរជ័យមួយនៅក្នុងជីវិតរបស់ខ្ញុំ ហើយជួយខ្ញុំឲ្យមានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។

សូមពិចារណាអញ្ជើញសិស្សដែលបានបញ្ចប់សកម្មភាព ឲ្យសិស្សរៀបចំចែកចាយបទពិសោធន៍របស់ពួកគេ ។

ការស្វែងរកសេចក្ដីពិតនៅក្នុងព្រះគម្ពីរ

សេចក្ដីពិតខ្លះក្នុងបទគម្ពីរពិបាករកជាងសេចក្ដីពិតខ្លះទៀត ។ សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យកំណត់សេចក្ដីពិតនៅក្នុងសារលិខិតរបស់ប៉ុលទៅកាន់ពួកបរិសុទ្ធនៅអេភេសូរ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងជួយអ្នកដោយថ្លែងទីបន្ទាល់ដល់អ្នកអំពីសេចក្ដីពិតទាំងនេះ ( សូមមើល មរ៉ូណៃ ១០:៥ ; យ៉ូហាន ១៦:១៣ ) ។

គោលបំណងនៃផ្នែកនេះគឺដើម្បីធ្វើជាឧទាហរណ៍មួយដើម្បីជួយសិស្សឲ្យឃើញពីរបៀបស្វែងរកសេចក្ដីពិតនៅក្នុងខបទគម្ពីរ ។ សូមពិចារណាប្រើសេចក្តីពិតផ្សេងទៀតពី អេភេសូរ ២–៥ ប្រសិនបើវានឹងមានប្រយោជន៍បំផុតសម្រាប់សិស្ស ។

សូមពិចារណាចែកចាយវីដេអូ « Identifying Doctrine and Principles: Students’ Testimonies » ( ២:៣៨ ) ដើម្បីជួយសិស្សឲ្យឃើញពីតម្លៃក្នុងការរៀនសូត្រពីរបៀបអនុវត្តជំនាញនេះ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

សូមអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលពួកគេស្វែងរកសេចក្ដីពិតនៅក្នុងព្រះគម្ពី ។

2:39

កាលដែលប៉ុលជាប់ទោសនៅក្រោមការឃុំខ្លួនក្នុងផ្ទះនៅទីក្រុងរ៉ូម លោកបានសរសេរទៅពួកអេភេសូរដើម្បីលើកទឹកចិត្តពួកគេ និងប្រឹក្សាពួកគេអំពីរបៀបបន្តចូលទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ និងរបៀបយកឈ្នះលើការវាយប្រហារខាងវិញ្ញាណរបស់អារក្ស ។ សូមអនុវត្តស្វែងរកសេចក្តីពិតនានាពីអ្វីដែលប៉ុលបានចែកចាយជាមួយពួកបរិសុទ្ធទាំងនេះ ។

ខាងក្រោមនេះគឺជារបៀបមួយដែលអ្នកអាចស្វែងរកសេចក្ដីពិតដ៏នៅអស់កល្បជានិច្ច នៅពេលអ្នកសិក្សាព្រះគម្ពីរ ។ សូមអាន អេភេសូរ ២:៤–១០ ហើយធ្វើតាមជំហានខាងក្រោមនេះ ៖

សូមពិចារណាសរសេរជំហានខាងក្រោមនេះនៅលើក្ដារខៀន ដើម្បីសិស្សអាចមើលជំហានទាំងនោះក្នុងអំឡុងមេរៀននេះ ។

  1. សូមរកមើលពាក្យ ឃ្លា ឬខគម្ពីរដែលហាក់ដូចជាមានសារៈសំខាន់ជាពិសេស ។ សូមពិចារណាគូសចំណាំវានៅក្នុងព្រះគម្ពីររបស់អ្នក ។

  2. សូមសង្ខេបគំនិតសំខាន់ៗនៃពាក្យ ឃ្លា ឬខគម្ពីរទាំងនេះ ។ ( ឧទាហរណ៍ តើអ្នកអាចសង្ខេបនូវអ្វីដែលប៉ុលបានមានប្រសាសន៍អំពីព្រះគុណនៅក្នុង ខទី ៨ ដែរឬទេ ? )

  3. សូមបង្កើតអ្វីដែលអ្នកបានរៀនទៅជាសេចក្តីថ្លែងការណ៍នៃសេចក្តីពិត ដែលអ្នកអាចអនុវត្តក្នុងជីវិតរបស់អ្នក ។

  • តើសេចក្ដីពិតអ្វីមួយដែលអ្នកបានរកឃើញ ? តើអ្នកស្វែងរកសេចក្ដីពិតនោះដោយរបៀបណា ?

សូមឲ្យសិស្សបីបួននាក់ចែកចាយ ។ សូមសរសើរពួកគេចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ។ សេចក្តីពិតដែលអាចមានមួយចំនួនរួមមានដូចតទៅនេះ ៖ ព្រះមានសេចក្ដីមេត្តាករុណា ហើយស្រឡាញ់យើង ( សូមមើល អេភេសូរ ២:៤ ); នៅពេលយើងអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ យើងបានសង្គ្រោះដោយព្រះគុណរបស់ទ្រង់ ( សូមមើល អេភេសូរ ២:៥, ៨ ); កិច្ចការរបស់យើងតែម្នាក់ឯងមិនគ្រប់គ្រាន់ដើម្បីសង្គ្រោះយើងទេ ( សូមមើល អេភេសូរ ២:៨–៩ ) ។ នៅពេលសិស្សចែកចាយ សូមពិចារណាសួរសំណួរតាមដានដូចតទៅ ៖

  • តើសេចក្ដីពិតនេះអាចជួយអ្នកស្គាល់សេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចំពោះអ្នក ឬជួយអ្នកឲ្យប្រែក្លាយកាន់តែដូចទ្រង់ទាំងទ្វេដោយរបៀបណា ?

  • តើអ្នកបានអនុវត្តដោយរបៀបណា ឬតើអ្នកអាចអនុវត្តសេចក្ដីពិតនេះក្នុងជីវិតរបស់អ្នកដោយរបៀបណា ?

អនុវត្តការស្វែងរកសេចក្តីពិតនានា

វាប្រហែលជាមានប្រយោជន៍ក្នុងការអនុញ្ញាតឲ្យសិស្សធ្វើកិច្ចការរៀងៗខ្លួន ដើម្បីស្វែងរកសេចក្ដីពិត ។ បន្ទាប់មក ពួកគេអាចរកសិស្សម្នាក់ទៀតក្នុងថ្នាក់ដែលបានសិក្សាវគ្គបទគម្ពីរដូចគ្នា ហើយប្រៀបធៀបសេចក្ដីពិតដែលពួកគេបានរកឃើញនឹងគ្នាទៅវិញទៅមក ។

សូមប្រើជំហានដែលបានសរសេរពីមុនៗ ។ សូមជ្រើសរើសសំណុំនៃខគម្ពីរមួយ ឬពីរខាងក្រោមនេះ ហើយស្វែងរកសេចក្ដីពិតដ៏នៅអស់កល្បជានិច្ចនៅក្នុងខគម្ពីរទាំងនោះ ។

  • អេភេសូរ ៣:១៣–១៩

  • អេភេសូរ ៤:២០–៣២ រួមបញ្ចូលនូវការបកប្រែដោយយ៉ូសែប ស្ម៊ីធ ( វាអាចជាប្រយោជន៍ក្នុងការដឹងថា « មនុស្សចាស់ » នៅក្នុងខគម្ពីរទាំងនេះជានិមិត្តរូបនៃផ្លូវខុសពីមុន ហើយថា « មនុស្សថ្មី » ជានិមិត្តរូបនៃការរស់នៅក្នុងជីវិតសុចរិតតាមរយៈព្រះយេស៊ូវគ្រីស្ទ ) ។

សូមជ្រើសយកសេចក្តីពិតមួយដែលអ្នកបានរកឃើញ ហើយសញ្ជឹងគិតពីរបៀបដែលវាអាចជួយអ្នកឲ្យមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ និងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទចំពោះអ្នក ឬជួយអ្នកឲ្យកាន់តែដូចទ្រង់ទាំងទ្វេ ។

ដោយប្រើធនធានដែលមានសម្រាប់អ្នក ( ក្រដាស ខ្មៅដៃពណ៌ ឧបករណ៍ឌីជីថល និងធនធានផ្សេងៗទៀត ) សូមបង្កើតប័ណ្ណប្រកាសដែលអាចដាក់បញ្ចូលក្នុងទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ។ សូមរួមបញ្ចូលចំណុចខាងក្រោមនៅលើប័ណ្ណរបស់អ្នក ៖

  • គោលការណ៍ដែលអ្នកបានស្វែងរក និងខគម្ពីរ ឬខគម្ពីរនានាដែលអ្នកបានរកឃើញវា

  • រូបភាព ឬគំនូរសាមញ្ញដែលជួយអ្នកអានឲ្យយល់ពីសេចក្ដីពិត ឬបង្ហាញពីរបៀបដែលនរណាម្នាក់អាចប្រើសេចក្ដីពិតនេះនៅក្នុងជីវិតរបស់ពួកគេ ។

សូមពិចារណាបង្ហាញឧទាហរណ៍ខ្លះនៃប័ណ្ណប្រកាសទាំងឡាយពីគេហទំព័រ ChurchofJesusChrist.org ។ តំណខាងក្រោមអាចជួយបាន ៖ https://www.churchofjesuschrist.org/media/collection/inspirational-picture-quotes-images?lang=eng

ឬរកមើលថាតើកំណែថ្មីបំផុតនៃទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន រួមបញ្ចូលប័ណ្ណប្រកាសដែរឬទេ ។

សូមឲ្យសិស្សចែកចាយប័ណ្ណប្រកាសរបស់ពួកគេ និងពន្យល់អំពីវា ។ សូមពិចារណាសួរសំណួរតាមដានដូចតទៅនេះ ៖ « តើអ្នកបានរកឃើញសេចក្ដីពិតនេះដោយរបៀបណា ? » « តើវាជួយអ្នកឲ្យទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចំពោះអ្នកយ៉ាងដូចម្ដេច ? » « តើព្រះអម្ចាស់បានប្រទានពរអ្នកយ៉ាងណា ពេលអ្នកបានព្យាយាមរស់នៅតាមសេចក្ដីពិតនេះ ? »

ការគិតពិចារណាពីការស្វែងរកសេចក្ដីពិត

សូមគិតអំពីបទពិសោធន៍របស់អ្នកក្នុងការស្វែងរកសេចក្ដីពិតដ៏នៅអស់កល្បជានិច្ចនៅក្នុងព្រះគម្ពីរ ។

  • តើអ្នកមានអារម្មណ៍ថាអ្នកជោគជ័យតាមរបៀបណាខ្លះ ?

  • តើអ្វីខ្លះដែលពិបាក ?

  • តើការស្វែងរកសេចក្ដីពិតបានជួយអ្នកឲ្យឃើញសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះអ្នកដោយរបៀបណា ?

  • តើអ្នកអាចប្រើអ្វីដែលអ្នកបានរៀនសព្វថ្ងៃនេះក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬជាគ្រួសាររបស់អ្នកដោយរបៀបណា ?

វិចារណកថា និងព័ត៌មានសាច់រឿង

អេភេសូរ ២:៤–៩ ។ តើអ្វីទៅជាព្រះគុណ ហើយតើវាធ្វើអ្វីសម្រាប់ខ្ញុំ ?

ពេលកំពុងបម្រើជាសមាជិកនៃគណៈប្រធានទីមួយ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បានឲ្យនិយមន័យពីព្រះគុណរបស់6,,,,,,,ព្រះថាជា « ជំនួយដ៏ទេវភាព និងអំណោយទានពិសិដ្ឋនៃកម្លាំង ដោយតាមកម្លាំងដដែលនេះ យើងអាចរីកចម្រើនពីបុគ្គលដែលមានកំហុស និងមានកម្រិតក្នុងពេលនេះ ទៅជាបុគ្គលដែលត្រូវបានសង្គ្រោះក្នុង ‹ សេចក្តីពិត និងពន្លឺរហូតដល់ [ យើងបាន ] តម្កើងឡើងនៅក្នុងសេចក្ដីពិត ហើយ [ ស្គាល់ ] ការណ៍គ្រប់យ៉ាង › [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៨ ] » ( « The Gift of Grace » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៧ ) ។ សម្រាប់ព័ត៌មានបន្ថែមអំពីព្រះគុណ សូមពិចារណាអានសុន្ទរកថាទាំងស្រុង ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។

សម្រាប់ការយល់ដឹងបន្ថែមអំពីព្រះគុណរបស់ព្រះអង្គសង្គ្រោះ សូមអាន ម៉ូសាយ ២:២០–២៤ និង ភីលីព ២:១២–១៣

អេភេសូរ ៤:២២ ។ តើការ « បានដោះមនុស្សចាស់ » មានន័យដូចម្ដេច ?

ប៉ុលបានបង្រៀនថា នៅពេលយើងជ្រើសរើសទទួលយកពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក នោះយើងធ្វើសេចក្ដីសញ្ញាដើម្បីបញ្ចប់មាគ៌ាចាស់របស់យើង ( ឬ « បាន…ដោះមនុស្សចាស់ » [ អេភេសូរ ៤:២២ ] ) ហើយចាប់ផ្តើមជីវិតថ្មីក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ( សូមមើល រ៉ូម ៦:១–៦ ; គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៧ ) ។ ការណ៍នេះរួមទាំងការបោះបង់ចោលអំពើបាបរបស់យើង និងអ្វីដែលអាចរារាំងយើងពីការចូលទៅកាន់តែជិតព្រះវរបិតាសួគ៌ ។ យើងមិនអាចធ្វើឲ្យដំណើរការនេះកើតឡើងដោយខ្លួនឯងបានទេ ។ វាកើតឡើងបានតែតាមព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ និងឥទ្ធិពលនៃការញែកជាបរិសុទ្ធនៃព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ។

សកម្មភាពរៀនសូត្របន្ថែម

ការស្វែងយល់សេចក្ដីពិតកាន់តែស៊ីជម្រៅ

បន្ទាប់ពីសិស្សស្វែងយល់ពីសេចក្ដីពិតនៅអេភេសូរហើយ ពួកគេអាចត្រូវបានអញ្ជើញឲ្យយល់ពីសេចក្ដីពិតកាន់តែស៊ីជម្រៅ ។ ពួកគេអាចប្រើធនធានព្រះគម្ពីរ ប្រធានបទដំណឹងល្អ ( topics.ChurchofJesusChrist.org ) កម្មវិធីបណ្ណាល័យដំណឹងល្អ ឬធនធានផ្សេងទៀតដែលមានដើម្បីរកនិយមន័យពាក្យគន្លឹះ ។ បន្ទាប់មក ពួកគេអាចត្រូវបានអញ្ជើញឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនអំពីសេចក្ដីពិត និងរបៀបដែលពួកគេអាចបញ្ចូលសេចក្ដីពិតទៅក្នុងជីវិតរបស់ពួកគេ ។

ការយល់ដឹងពីព្រះគម្ពីរមរមនអំពីព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ

ប្រសិនបើវានឹងជួយសិស្សឲ្យពិភាក្សាអំពីព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាជាងការស្វែងរកគោលការណ៍នៅក្នុងព្រះគម្ពីរ សូមអញ្ជើញពួកគេឲ្យសិក្សា អេភេសូរ ២:១–១២ ដោយប្រៀបធៀបថាតើជីវិតរបស់ពួកគេនឹងទៅជាយ៉ាងណា បើគ្មានព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទទេ ( សូមមើល ខទី ១–៣ ) ហើយថាតើជីវិតរបស់ពួកគេមានលក្ខណៈយ៉ាងណាដោយមានព្រះគុណរបស់ទ្រង់នោះ ( សូមមើល ខទី ៤–៨ ) ។ បន្ទាប់មក ពួកគេអាចសិក្សាវគ្គបទគម្ពីរទាំងឡាយពីព្រះគម្ពីរមរមនដែលបង្រៀនអំពីព្រះគុណរបស់ព្រះអង្គសង្គ្រោះ ( សូមមើល នីហ្វៃទី ២ ១០:២៤–២៥ ; យ៉ាកុប ៤:៦–៧ ; ហេលេមិន ១២:២៤ ; អេធើរ ១២:២៧ ; មរ៉ូណៃ ១០:៣២–៣៣ ) ដោយកំណត់តម្រូវការផ្ទាល់ខ្លួនរបស់ពួកគេចំពោះព្រះគុណរបស់ព្រះអង្គសង្គ្រោះ ហើយបង្កើតផែនការពីរបៀបដែលពួកគេអាចស្វែងរកព្រះគុណរបស់ទ្រង់ឲ្យបានញឹកញាប់ជាងមុន ។