កាឡាទី ៥
« ដើរក្នុងព្រះវិញ្ញាណ »
តើអ្នកធ្លាប់មានអារម្មណ៍ពុះហែករវាងចិត្តដែលទោរទន់ទៅរកការល្បួង និងចិត្តដែលចង់ធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធដើម្បីរស់នៅដោយសុចរិតដែរឬទេ ? សាវកប៉ុលបានពិពណ៌នាអំពីការប្រទាញប្រទុងដែលអាចកើតឡើងរវាងសេចក្ដីប៉ងប្រាថ្នាក្នុងរូបកាយរមែងស្លាប់ រូបកាយមិនល្អឥតខ្ចោះ និងព្រះវិញ្ញាណនៃព្រះ ដែលបញ្ចុះបញ្ចូលយើងឲ្យធ្វើអំពើល្អ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យក្លាយកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ដោយផ្តល់ឱកាសឲ្យអ្នកកំណត់ផ្លូវដែលអ្នកអាច « ដើរក្នុងព្រះវិញ្ញាណ » បានកាន់តែពេញលេញ ( កាឡាទី ៥:១៦ ) ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការទាញព្រ័ត្រ
-
តើជីវិតរបស់អ្នកប្រៀបដូចជាការទាញព្រ័ត្រដោយរបៀបណា ?
នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកកាឡាទី សាវកប៉ុលបានពិពណ៌នាអំពីកម្លាំងប្រកួតប្រជែងពីរដែលអាចទាញយើងទៅក្នុងទិសដៅពីរផ្សេងគ្នា ។ សូមអាន កាឡាទី ៥:១៦–១៧ ដោយស្វែងរកការប្រឹក្សារបស់ប៉ុលអំពីកម្លាំងទាំងនេះ ។
-
តើកម្លាំងប្រកួតប្រជែងអ្វីខ្លះ ដែលអ្នកបានសម្គាល់ឃើញពីខគម្ពីរទាំងនេះ ?
« សេចក្តីប៉ងប្រាថ្នា [ នានា ] ខាងសាច់ឈាម » ( ខទី ១៦ ) គឺជាការល្បួងដែលយើងជួបប្រទះ ។
-
តើការល្បួងខាងសាច់ឈាម ( សេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ) អ្វីខ្លះដែលយុវវ័យជួបប្រទះ ?
សូមប្រៀបធៀបចម្លើយរបស់អ្នកជាមួយនឹងបញ្ជីរបស់ប៉ុលនៅក្នុង កាឡាទី ៥:១៩–២១ ។
-
តើពាក្យណាខ្លះដែលអ្នកមិនស្គាល់ ?
សូមចំណាយពេលបន្តិច ដើម្បីពិចារណាដោយស្ងៀមស្ងាត់អំពីរបៀបដែលការអូសទាញខាងព្រះវិញ្ញាណប្រឆាំងនឹងសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម អាចនឹងកើតឡើងនៅក្នុងជីវិតរបស់អ្នក ។ តើអ្នកអាចទប់ទល់នឹងសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមដោយរបៀបណា ? តើអ្នកមានពរជ័យយ៉ាងណា ពេលអ្នកធ្វើតាមការដឹកនាំពីព្រះវិញ្ញាណ ? នៅពេលអ្នកបន្តសិក្សា សូមយកចិត្តទុកដាក់លើការបំផុសគំនិតខាងវិញ្ញាណ ដែលអាចជួយអ្នកឲ្យដឹងពីការកែតម្រូវណាមួយដែលអ្នកអាចធ្វើបាន ដែលនឹងជួយអ្នកឲ្យយកឈ្នះលើការល្បួងដែលអ្នកប្រឈមមុខ ។
ការចៀសវាងកិច្ចការខាងសាច់ឈាមទាំងឡាយ
សូមអាន កាឡាទី ៥:២១ ដោយរកមើលថាហេតុអ្វីវាសំខាន់ដើម្បីចៀសវាងពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីមូលហេតុដែលយើងគួរចៀសវាងនូវសកម្មភាពទាំងនេះ ?
-
តើអ្វីដែលអាចធ្វើឲ្យពិបាកចៀសផុតពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ទោះបីយើងដឹងថាជារឿងដែលខុសក្តី ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ យើងបានគ្រងសមត្ថភាពដ៏ទេវភាពមកពីទ្រង់ ។ ប៉ុន្ដែបច្ចុប្បន្ននេះ យើងរស់នៅក្នុងពិភពលោកមួយដែលធ្លាក់ ។ ក្រៅពីរូបកាយយើង រាល់ធាតុទាំងអស់ត្រូវបានបង្កើតឡើងតាមធម្មជាតិដែលស្រុតរលំ ហើយរងនូវឥទ្ធិពលនៃអំពើបាប ការពុករលួយ និងក្ដីស្លាប់ជារៀងដរាប ។ ដូច្នេះ ការធ្លាក់របស់អ័ដាម និងលទ្ធផលខាងវិញ្ញាណ និងខាងសាច់ឈាមរបស់វាជះឥទ្ធិពលមកលើយើងយ៉ាងខ្លាំងតាមរយៈរូបកាយយើង ។ …
ដោយសាររូបកាយជាកត្តាដ៏សំខាន់ក្នុងផែនការសុភមង្គលនៃព្រះវរបិតា និងការអភិវឌ្ឍខាងវិញ្ញាណយើង លូស៊ីហ្វើរ ព្យាយាមបង្អាក់ការរីកចម្រើនយើងដោយល្បួងយើងឲ្យប្រើរូបកាយដោយមិនត្រឹមត្រូវ ។ ការចំអកមួយដ៏ធំបំផុតនៃភាពអស់កល្បគឺថា មារសត្រូវដែលមានទុក្ខវេទនាយ៉ាងជាក់ច្បាស់ដោយសារវាគ្មានរូបកាយនោះ បានទាក់ទាញយើងឲ្យចែករំលែកទុក្ខវេទនារបស់វាតាមរយៈការប្រើរូបកាយយើងមិនត្រឹមត្រូវ ។ ដូច្នេះ ឧបករណ៍តែមួយគត់ដែលវាគ្មាន គឺជាគោលដៅចម្បងនៃការប៉ុនប៉ងរបស់វាដើម្បីបញ្ឆោតយើងទៅរកការបំផ្លិចបំផ្លាញខាងវិញ្ញាណ ។
( ដេវីឌ អេ បែដណា « We Believe in Being Chaste » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤២–៤៣ )
-
តើពាក្យ ឬឃ្លាអ្វីដែលលេចធ្លោចំពោះអ្នកចេញពីសេចក្ដីថ្លែងការណ៍ទាំងនេះ ? ហេតុអ្វីទៅ ?
ការជ្រើសរើសដើរក្នុងព្រះវិញ្ញាណ
សូមអាន កាឡាទី ៥:១៦ ម្ដងទៀត ដោយរកមើលការបង្រៀនរបស់ប៉ុលអំពីរបៀបដែលយើងអាចយកឈ្នះលើការល្បួងខាងសាច់ឈាមបាន ។
គោលការណ៍មួយដែលយើងអាចរៀនចេញពី កាឡាទី ៥:១៦ គឺថា នៅពេលយើងដើរក្នុងព្រះវិញ្ញាណ នោះយើងនឹងអាចយកឈ្នះលើការល្បួងខាងសាច់ឈាមបានកាន់តែប្រសើរជាងមុន ។
-
តើអ្នកគិតថាការ « ដើរក្នុងព្រះវិញ្ញាណ » មានន័យយ៉ាងណា ?
-
តើអ្នកគិតថាការដើរក្នុងព្រះវិញ្ញាណអាចជួយអ្នកឲ្យយកឈ្នះលើការល្បួងខាងសាច់ឈាមដោយរបៀបណា ?
សូមអាន ម៉ូសាយ ៣:១៩ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២ ដោយស្វែងរកការបង្រៀនដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការដើរក្នុងព្រះវិញ្ញាណ ។
-
តើគំនិត ឬចំណាប់អារម្មណ៍អ្វីខ្លះដែលអ្នកមាន នៅពេលអ្នកសិក្សាខគម្ពីរទាំងនេះ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យយកឈ្នះលើការល្បួងដែលអ្នកប្រឈមមុខ ?
-
តើមានរឿងជាក់លាក់អ្វីខ្លះដែលអ្នកអាចធ្វើបាន ដើម្បីធានាថាមានព្រះវិញ្ញាណកាន់តែពេញលេញជាមួយអ្នក ?
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះ ដែលការធ្វើតាមព្រះវិញ្ញាណបានជួយអ្នកឲ្យយកឈ្នះលើការល្បួង ? ( ត្រូវប្រាកដថាព័ត៌មានលម្អិតដែលមានលក្ខណៈបុគ្គលពេកមិនត្រូវយកមកចែកចាយនោះទេ ) ។
ផលផ្លែនៃព្រះវិញ្ញាណ
ប៉ុលបានឲ្យនិយមន័យពរជ័យជាច្រើនដែលអាចកើតមានឡើងនៅក្នុងជីវិតរបស់យើង នៅពេលយើងស្តាប់ និងធ្វើតាមព្រះវិញ្ញាណបរិសុទ្ធ ។ លោកបានហៅពរជ័យទាំងនេះថាជា « ផលផ្លែនៃព្រះវិញ្ញាណ » ( កាឡាទី ៥:២២ ) ។
សូមអាន កាឡាទី ៥:២២–២៣ ដោយរកមើលផលផ្លែនៃព្រះវិញ្ញាណដែលប៉ុលបានឲ្យនិយមន័យ ។
-
តើពរជ័យទាំងនេះ ឬអារម្មណ៍ទាំងនេះណាមួយមកពីព្រះវិញ្ញាណដែលអ្នកបានជួបប្រទះក្នុងជីវិតរបស់អ្នក ?
-
តើពរជ័យទាំងនេះជួយអ្នកឲ្យយល់ពីអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? ( ប្រសិនបើចាំបាច់ សូមមើល ទំនុកដំកើង ២៥:៨–១០ ; ម៉ូសាយ ២:៤១ ) ។
អនុវត្តអ្វីដែលអ្នកបានរៀន
ព្រះយេស៊ូវគ្រីស្ទ ដែលតែងតែធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ ( សូមមើល នីហ្វៃទី៣ ២៧:១៣ ) គឺជាគំរូដ៏ល្អឥតខ្ចោះនៃការរស់នៅតាមរបៀបមួយ ដើម្បីយកឈ្នះលើការល្បួងឲ្យធ្វើអំពើបាប ។ ទោះជាទ្រង់បានរងទុក្ខនៃការល្បួងគ្រប់បែបយ៉ាងខាងសាច់ឈាមក៏ដោយ ( សូមមើល ហេព្រើរ ៤:១៥ ; អាលម៉ា ៧:១១ ) ក៏ទ្រង់ « មិនបានរវីរវល់ដល់សេចក្ដីទាំងនោះឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:២២ ) ។
សូមពិចារណាមួយភ្លែតពីរបៀបដែលអ្នកនឹងខិតខំធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ហើយអនុវត្តតាមសេចក្តីពិតដែលអ្នកបានសិក្សាថ្ងៃនេះ ។ សូមគិតអំពីការបំផុសគំនិតណាមួយដែលអ្នកបានទទួលរួចហើយ ហើយដាក់ផែនការមួយទាក់ទងនឹងអ្វីដែលអ្នកនឹងធ្វើ ដើម្បីដើរកាន់តែពេញលេញក្នុងព្រះវិញ្ញាណ ហើយយកឈ្នះលើការល្បួង ។ សូមកត់ត្រាផែនការរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើការធ្វើតាមព្រះវិញ្ញាណបរិសុទ្ធអាចជួយខ្ញុំឲ្យទប់ទល់ និងយកឈ្នះលើការល្បួងដោយរបៀបណា ?
ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ជីវិតនេះមិនរំពឹងថា អ្នកមិនដែលធ្វើខុសនោះទេ ប៉ុន្តែអ្នកនឹងមិនធ្វើកំហុសធំៗដោយគ្មានការព្រមានប្រាប់ជាមុន តាមរយៈការបំផុសគំនិតនៃព្រះវិញ្ញាណនោះឡើយ ។ ការសន្យានេះអនុវត្តចំពោះសមាជិកសាសនាចក្រគ្រប់រូប ។ …
បើអ្នកកំពុងតែរអិលធ្លាក់ទៅក្នុងការណ៍ទាំងឡាយ ដែលអ្នកមិនគួរធ្លាក់ចូល ឬបើអ្នកកំពុងប្រាស្រ័យទាក់ទងនឹងមនុស្ស ដែលកំពុងតែអូសទាញអ្នកចេញទៅក្នុងទិសដៅខុស នោះគឺជាពេលវេលាដើម្បីការពារឯករាជ្យភាពរបស់អ្នកដែលជាសិទ្ធិជ្រើសរើសរបស់អ្នកហើយ ។ ចូរស្ដាប់តាមសំឡេងនៃព្រះវិញ្ញាណ ហើយអ្នកនឹងមិនត្រូវបានដឹកនាំឲ្យវង្វេងឡើយ ។
ខ្ញុំសូមនិយាយម្ដងទៀតថា យុវវ័យសព្វថ្ងៃនេះកំពុងតែស្ថិតនៅលើទឹកដីរបស់មារសត្រូវព្រោះបទដ្ឋានសីលធម៌កំពុងចុះថយ ។ ប៉ុន្តែក្នុងនាមជាអ្នកបម្រើម្នាក់របស់ព្រះអម្ចាស់ ខ្ញុំសូមសន្យាថា អ្នកនឹងទទួលបានការការពារពីការវាយប្រហាររបស់មារសត្រូវ ប្រសិនបើ អ្នកនឹងស្ដាប់តាមការបំផុសដែលមកពីព្រះវិញ្ញាណបរិសុទ្ធ ។
( ប៊យដ៍ ឃេ ផាកកឺ « Counsel to Youth » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១៨ )
ដើម្បីមើលការប្រៀបប្រដូចនៃលទ្ធផលនៃសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម និងការដើរក្នុងព្រះវិញ្ញាណ សូមមើលវីដេអូ « LDS Addiction Recovery Program: Meet Sidreis » ( ៣:០៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។