អេភេសូរ ១
« បំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ »
តើអ្នកធ្លាប់គិតថា ជីវិតរបស់អ្នកនឹងទៅជាយ៉ាងណាប្រសិនបើគ្មានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទបានស្ដារឡើងវិញទេនោះ ? ជាផ្នែកនៃសំបុត្ររបស់លោកទៅកាន់ពួកអេភេសូរ ប៉ុលបានបង្រៀនថា ការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នឹងកើតឡើងមុនពេលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យស្គាល់ពីពរជ័យដែលមាន ដោយសារព្រះយេស៊ូវគ្រីស្ទបានស្ដារដំណឹងល្អរបស់ទ្រង់មកផែនដីនៅថ្ងៃចុងក្រោយនេះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការពង្រឹងដល់អ្នកប្រែចិត្តថ្មី
សូមស្រមៃថា អ្នកមានមិត្តភក្តិម្នាក់ដែលទើបតែបានចូលរួមក្នុងសាសនាចក្រ ។
-
តើអ្នកអាចមានគំនិត និងកង្វល់អ្វីខ្លះចំពោះពួកគេ ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីជួយមិត្តរបស់អ្នកឲ្យរីកចម្រើនផ្នែកចំណេះដឹងនៃដំណឹងល្អរបស់ពួកគេ ហើយរក្សាភាពស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់ពួកគេ ?
នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកអេភេសូរ សាវកប៉ុលបានលើកឡើងពីពួកបរិសុទ្ធដែលរស់នៅក្រុងអេភេសូរ និងតំបន់ជុំវិញនោះ ។ លោកមានបំណងដើម្បីពង្រឹងដល់អស់អ្នកដែលជាសមាជិកនៃសាសនាចក្ររួចហើយ និងជួយពួកអ្នកប្រែចិត្តជឿថ្មីឲ្យរីកចម្រើនឡើងផ្នែកចំណេះដឹងខាងវិញ្ញាណរបស់ពួកគេ ហើយបន្តស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់ពួកគេ ។ គោលលទ្ធិមួយចំនួនដែលលោកបានបង្រៀននៅក្នុងសំបុត្រនេះរួមបញ្ចូលទាំងការតែងតាំងទុកជាមុន ( សូមមើល អេភេសូរ ១:៤–៦ ) អំណាចនៃការផ្សារភ្ជាប់នៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល អេភេសូរ ១:១៣–១៤ ) សារៈសំខាន់នៃពួកព្យាការី និងពួកសាវក ( សូមមើល អេភេសូរ ២:១៩–២២ ) គំនិតនៃសាសនាចក្រពិត និងបង្រួបបង្រួម ( សូមមើល អេភេសូរ ៤:១–៧ ) និងមុខតំណែង ការហៅ និងមុខងារផ្សេងៗនៅក្នុងអង្គការសាសនាចក្រ ( សូមមើល អេភេសូរ ៤:១១–១៤ ) ។
គោលលទ្ធិមួយទៀតដែលប៉ុលបានបង្រៀន ដើម្បីពង្រឹងសមាជិកក្នុងជំនាន់របស់លោក គឺអំពីការស្ដារឡើងវិញនៃដំណឹងល្អនៅសម័យចុងក្រោយ ។
-
ហេតុអ្វីអ្នកគិតថា ការរៀនសូត្រអំពីការស្ដារឡើងវិញនៃដំណឹងល្អនៅសម័យចុងក្រោយ អាចពង្រឹងពួកបរិសុទ្ធនៅក្នុងសម័យប៉ុលបាន ?
នៅពេលអ្នកសិក្សាមេរៀននេះទាំងមូលអំពីអ្វីដែលប៉ុល និងអ្នកដទៃទៀតបានបង្រៀនអំពីការស្ដារឡើងវិញ សូមគិតអំពីរបៀបដែលគោលលទ្ធិនេះអាចពង្រឹងសេចក្ដីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ។
គ្រាកាន់កាប់ត្រួតត្រាក្នុងកាលដែលពេលពេញកំណត់
អំឡុងពេលដែលព្រះអម្ចាស់បើកសម្ដែងសេចក្ដីពិតរបស់ទ្រង់ សិទ្ធិអំណាចបព្វជិតភាព និងពិធីបរិសុទ្ធនានាទៅកាន់មនុស្សនៅលើផែនដីត្រូវបានហៅថា គ្រាកាន់កាប់ត្រួតត្រា ។ មានគ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អជាច្រើននៅទូទាំងប្រវត្តិសាស្ត្រនៃពិភពលោកនេះ ។
នៅក្នុងសំបុត្ររបស់ប៉ុលទៅកាន់ពួកអេភេសូរ ប៉ុលបានព្យាករអំពីសម័យកាន់កាប់ត្រួតត្រាជាក់លាក់មួយ ។ សូមអាន អេភេសូរ ១:១០ ដោយរកមើលគ្រាកាន់កាប់ត្រួតត្រាជាក់លាក់ដែលប៉ុលបានព្យាករ និងព្រឹត្តិការណ៍ដែលនឹងកើតឡើងក្នុងអំឡុងពេលនេះ ។
-
តើប៉ុលបានសំដៅលើពេលអនាគតអ្វីនៅក្នុង អេភេសូរ ១:១០ ?
-
តើប៉ុលបានព្យាករថានឹងមានអ្វីកើតឡើងនៅ « គ្រាកាន់កាប់ត្រួតត្រាក្នុងកាលដែលពេលពេញកំណត់នោះ ? »
ការរស់នៅក្នុងកាលដែលពេលពេញកំណត់
នៅក្នុងគ្រាកាន់កាប់ត្រួតត្រាមុនៗ ព្រះអម្ចាស់បានបើកសម្ដែងដល់ពួកព្យាការីរបស់ទ្រង់នូវសេចក្ដីពិត ព្រះគម្ពីរ សេចក្ដីសញ្ញា និងព្រះចេស្តាជាច្រើនរបស់ទ្រង់ ។ សេចក្តីពិតមួយដែលយើងរៀនពី អេភេសូរ ១:១០ គឺថា ក្នុងអំឡុងគ្រាកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ អ្វីៗទាំងអស់ពីគ្រាកាន់កាប់ត្រួតត្រាពីមុននឹងត្រូវបានស្ដារឡើងវិញ ។
សូមស្រមៃថា ទន្លេនីមួយៗក្នុងរូបភាពខាងក្រោមតំណាងឲ្យគ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អ ។
-
តើគ្រាកាន់កាប់ត្រួតត្រាក្នុងកាលដែលពេលពេញកំណត់ អាចប្រៀបបាននឹងទឹកទន្លេដែលហូរចាក់ចូលទៅក្នុងទន្លេនោះយ៉ាងដូចម្ដេច ?
អែលឌើរ ប៊ីអេច រ៉ូប៊ឺត ( ឆ្នាំ ១៨៥៧–១៩៣៣ ) ក្នុងពួកចិតសិបនាក់បានថ្លែងទីបន្ទាល់អំពីអ្វីដែលនឹងកើតឡើង ដែលជាផ្នែកនៃគ្រាកាន់កាប់ត្រួតត្រាក្នុងកាលដែលពេលពេញកំណត់ ។
នេះគឺជាគ្រាកាន់កាប់ត្រួតត្រាក្នុងកាលដែលពេលពេញកំណត់ ហើយយើងឃើញថា យើងកំពុងរត់តម្រង់ទៅរកសម័យកាលនោះ ដែលប្រៀបបាននឹងខ្សែទឹកហូរដ៏ត្របាញ់ចូលទៅក្នុងមហាសមុទ្រដូច្នោះដែរ ដែលគ្រប់គ្រាកាន់កាប់ត្រួតត្រាកាលពីមុនទាំងអស់ ធ្វើឲ្យយើងមានទំនាក់ទំនងជាមួយនឹងគេ និងធ្វើឲ្យពួកគេមានទំនាក់ទំនងជាមួយនឹងយើង ហើយយើងឃើញថា ព្រះមានព្រះរាជបំណងដ៏អស្ចារ្យតែមួយគត់តាំងពីដើមដំបូងមក ហើយវាគឺជាសេចក្ដីសង្គ្រោះដល់កូនចៅរបស់ទ្រង់ ។ ហើយឥឡូវនេះថ្ងៃចុងក្រោយបានមកដល់ហើយ ជាគ្រាកាន់កាប់ត្រួតត្រាចុងក្រោយ កាលដែលសេចក្ដីពិត និងពន្លឺ ព្រមទាំងសេចក្ដីសុចរិតត្រូវគ្របដណ្ដប់ផែនដីទាំងមូល ។
( ប៊ីអេច រ៉ូប៊ឺត នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩០៤ ទំព័រ ៧៣ )
-
តើសេចក្ដីពិត ព្រះគម្ពីរ សេចក្ដីសញ្ញា និងអំណាចអ្វីខ្លះពីគ្រាកាន់កាប់ត្រួតត្រាមុនៗត្រូវបានស្ដារឡើងវិញ ឬបាននាំចេញមកក្នុងគ្រាកាន់កាប់ត្រួតត្រាក្នុងកាលដែលពេលពេញកំណត់មកដល់ ?
ការប្រកាសស្តីពីការស្តារឡើងវិញ
នៅក្នុងសន្និសីទទូទៅជាប្រវត្តិសាស្ត្រខែមេសា ឆ្នាំ ២០២០ ដែលប្រារព្ធខួបលើកទី ២០០ នៃការចាប់ផ្តើមនៃការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយនេះ ប្រធាន រ័សុល អិម ណិលសុន បានណែនាំ « ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាសដល់ពិភពលោកនៃខួបលើកទីពីររយឆ្នាំ » នៅលើគេហទំព័រ ( ChurchofJesusChrist.org ) ។ សូមចំណាយពេលពីរបីនាទីដើម្បីអានការប្រកាសនេះ ដោយគិតអំពីរបៀបដែលជីវិតរបស់អ្នកត្រូវបានប្រទានពរ ដោយសារដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទនេះ ។
-
តើអ្នកចាប់អារម្មណ៍ផ្នែកណាខ្លះនៃការប្រកាសអំពីការស្ដារឡើងវិញនេះ ?
-
តើអ្នកអាចចែកចាយអ្វីខ្លះជាមួយសមាជិកសាសនាចក្រម្នាក់ដែលមិនប្រាកដចិត្តថា តើពួកគេជឿលើការស្ដារឡើងវិញ ឬអ្នកដែលមិនមានអារម្មណ៍ថាការស្ដារឡើងវិញសំខាន់សម្រាប់ពួកគេ ?
សូមចំណាយពេលបន្តិច ដើម្បីពិចារណានូវរបៀបទាំងអស់ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានពរដល់ជីវិតរបស់អ្នក តាមរយៈដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។
-
តើទិដ្ឋភាពនៃការស្តារឡើងវិញជាក់លាក់អ្វីខ្លះដែលអ្នកមានអំណរគុណជាពិសេសចំពោះវា ? តើវាជះឥទ្ធិពលយ៉ាងណាលើជីវិតរបស់អ្នក ?
-
តើអ្នកមានអារម្មណ៍ថាព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកធ្វើអ្វីខ្លះ ដើម្បីចូលរួមក្នុងការស្ដារឡើងវិញរបស់ទ្រង់ជាបន្តបន្ទាប់ ដើម្បីជួយប្រមូលអ្នកដទៃមកកាន់ទ្រង់ ?
វិចារណកថា និងព័ត៌មានសាច់រឿង
ហេតុអ្វីបានជាកិច្ចការនៃការស្ដារឡើងវិញមានសារៈសំខាន់ម៉្លេះ ?
ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥–១៨៤៤ ) បានបង្រៀនថា ៖
វាបានបន្សល់ទុកឲ្យយើង [ នៅថ្ងៃចុងក្រោយនេះ ] ដើម្បីមើលឃើញ ចូលរួម និងជួយឲ្យសិរីល្អនៅសម័យចុងក្រោយឆ្ពោះទៅមុខ ‹ សម្រាប់គ្រាកាន់កាប់ត្រួតត្រាក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង › [ សូមមើល អេភេសូរ ១:១០ ] ។ … [ នេះជា ] កិច្ចការដែលព្រះ និងពួកទេវតាបានគិតគូរដោយរីករាយសម្រាប់ជំនាន់មុនៗដែល បញ្ឆេះព្រលឹងនៃលោកអយ្យកោ និងព្យាការីពីបុរាណ ជាកិច្ចការមួយដែលត្រូវបានកំណត់ ដើម្បីនាំមកនូវការបំផ្លាញដល់អំណាចនៃសេចក្ដីងងឹត កែទម្រង់ផែនដីជាថ្មី ជាសិរីល្អនៃព្រះ និងជាសេចក្ដីសង្គ្រោះនៃគ្រួសារមនុស្សលោក » ។
( យ៉ូសែប ស្ម៊ីធ Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៥១៣–៥១៥ )
តើគ្រាកាន់កាប់ត្រួតត្រាមួយគឺជាអ្វី ?
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ពន្យល់អំពីគ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អ និងមូលហេតុដែលគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះមានលក្ខណៈពិសេស ។
តើការស្ដារឡើងវិញគឺជាអ្វីឲ្យពិតប្រាកដ ?
សេចក្តីពន្យល់អំពីការស្ដារឡើងវិញនៃដំណឹងល្អ ។
តើវាអាចមានឥទ្ធិពលលើជីវិតរបស់ខ្ញុំក្នុងការមានទីបន្ទាល់អំពីការស្ដារឡើងវិញដោយរបៀបណា ?
ផ្នែកទី ២ ៖ យុវវ័យចែកចាយទីបន្ទាល់របស់ពួកគេអំពីការស្តារឡើងវិញ និងរបៀបដែលការស្តារឡើងវិញជះឥទ្ធិពលដល់ជីវិតរបស់ពួកគេ ។ ផ្អែកលើសុន្ទរកថាមួយដែលបានថ្លែងដោយអែលឌើរ ក្រេហ្គ ស៊ី គ្រីស្ទីនសិន នៅខែតុលា ឆ្នាំ ២០១៦ ។
យុវជន និងយុវនារីចែកចាយពីរបៀបដែលព្រឹត្តិការណ៍នានាជុំវិញនឹងការស្តារឡើងវិញ ជះឥទ្ធិពលយ៉ាងពិតប្រាកដដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
នៅក្នុងសន្និសីទទូទៅក្នុងខែតុលា ឆ្នាំ ២០១៩ ប្រធាន រ័សុល អិម ណិលសុន បានចែកចាយសំណួរសម្ភាសន៍ ដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ដែលរួមមានសំណួរ « តើអ្នកមានទីបន្ទាល់អំពីការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែរឬទេ ? » ( សូមមើល « Closing Remarks » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១២១ ) ។
សូមសញ្ជឹងគិតពីមូលហេតុដែលសំណួរនេះនឹងត្រូវបញ្ចូលជាតម្រូវការដើម្បីចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។ តើការយល់ដឹង ការជឿ និងការចូលរួមនៅក្នុងការស្ដារឡើងវិញដែលកំពុងមានជាបន្តបន្ទាប់ ជះឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
តើវាមានន័យយ៉ាងណាដែលថា ការស្តារឡើងវិញនៅតែកំពុងកើតឡើង ?
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះជាគណៈប្រធានទីមួយ បានមានប្រសាសន៍អំពីលក្ខណៈនៃការស្តារឡើងវិញដែលកំពុងមានជាបន្តបន្ទាប់នេះ ។
ពេលខ្លះយើងគិតពីការស្ដារឡើងវិញនៃដំណឹងល្អថា ជាអ្វីមួយដែលបានបំពេញរួចហើយ—យ៉ូសែប ស៊្មីធ បានបកប្រែព្រះគម្ពីរមរមន លោកបានទទួលកូនសោបព្វជិតភាព សាសនាចក្រត្រូវបានរៀបចំឡើងអស់ហើយ ។ តាមពិតទៅ ការស្ដារឡើងវិញគឺជាដំណើរការគ្មានទីបញ្ចប់ ដ្បិតពេលនេះយើងកំពុងរស់នៅក្នុងសម័យនៃការស្ដារឡើងវិញហើយ ។ វារួមមាន « ការណ៍ទាំងអស់ដែលព្រះបានសម្ដែង ការណ៍ទាំងអស់ទ្រង់នឹងសម្ដែងនាពេលឥឡូវនេះ » និង « ការណ៍ដ៏ធំ ហើយសំខាន់ជាច្រើន » ដែលទ្រង់មិនទាន់សម្ដែងនៅឡើយ » ( មាត្រានៃសេចក្ដីជំនឿ ១:៩ ) ។ បងប្អូនប្រុសអើយ ភាពលូតលាស់ដ៏គួរឲ្យចាប់អារម្មណ៍នាពេលសព្វថ្ងៃនេះ គឺជាផ្នែកនៃការព្យាករណ៍ចំពោះការត្រៀមខ្លួនទុកជាមុនយ៉ាងយូរ សម្រាប់ការយាងមកជាលើកទីពីរដ៏រុងរឿងរបស់ព្រះអង្គសង្គ្រោះយើងគឺព្រះយេស៊ូវគ្រីស្ទ ។
( ឌៀថើរ អេហ្វ អុជដូហ្វ « Are You Sleeping through the Restoration? » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥៩ )