ចំណេះចំណានខាងគោលលទ្ធិ ៖ អេភេសូរ ១:១០
ការស្ថារឡើងវិញនៃរបស់ទាំងអស់
នៅក្នុងការសិក្សារបស់អ្នកអំពី អេភេសូរ ១ អ្នកបានរៀនអំពីគោលលទ្ធិនៃការស្ដារឡើងវិញ ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកបង្កើនភាពស្ទាត់នៃការបង្រៀនរបស់អ្នកនៅក្នុង អេភេសូរ ១:១០ ដោយការទន្ទេញឲ្យចាំនូវសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ការពន្យល់ពីគោលលទ្ធិ និងការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្ដែង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពន្យល់ និងទន្ទេញ
សូមស្រមៃថា មិត្តរួមថ្នាក់មួយចំនួនបានអវត្តមាននៅថ្ងៃដែលថ្នាក់សិក្ខាសាលារបស់អ្នកបានសិក្សាគោលលទ្ធិនៃការស្ដារឡើងវិញនៅក្នុង អេភេសូរ ១ ។ គ្រូបង្រៀនថ្នាក់សិក្ខាសាលារបស់អ្នកសុំឲ្យអ្នកចំណាយពេលពីរបីនាទី ដើម្បីសង្ខេបការបង្រៀនដ៏សំខាន់បំផុតដែលអ្នកមានអារម្មណ៍ថា សិស្សទាំងអស់ត្រូវដឹង និងចងចាំអំពីគោលលទ្ធិនៃការស្ដារឡើងវិញ និងការបង្រៀនពី អេភេសូរ ១:១០ ។
-
តើសេចក្ដីពិតសំខាន់ៗមួយណាអំពីការស្ដារឡើងវិញនៃដំណឹងល្អ ដែលអ្នកនឹងចែកចាយ ? ហេតុអ្វី ?
-
តើអ្នកនឹងពន្យល់ពីការបង្រៀនដែលមាននៅក្នុង អេភេសូរ ១:១០ ដោយពាក្យសម្ដីផ្ទាល់របស់អ្នកយ៉ាងដូចម្ដេច ?
-
តើការយល់ដឹងអំពីការស្ដារឡើងវិញអាចជះឥទ្ធិពលលើការយល់ដឹង និងអារម្មណ៍របស់នរណាម្នាក់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅលើឧបករណ៍ឌីជីថលរបស់អ្នក សូមកត់ត្រាឃ្លាបទគម្ពីរគន្លឹះ និងសេចក្ដីយោងសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេភេសូរ ១:១០ ដោយបែងចែកវាជាបួនផ្នែកដូចបានបង្ហាញខាងក្រោម ៖
-
ការកាន់កាប់ត្រួតត្រាក្នុងកាលដែលពេលពេញកំណត់បានមកដល់
-
ដើម្បីនឹងបំព្រួម
-
គ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ
-
អេភេសូរ ១:១០
សូមបាំងជួរទី ២–៤ ហើយនិយាយឡើងវិញនូវជួរទី ១ នៅក្នុងចិត្តរបស់អ្នក រហូតដល់អ្នកទន្ទេញវាចាំ ។ សូមប្តូរទៅជួរទីពីរ ហើយធ្វើដដែលឡើងវិញម្តងទៀត ។ សូមធ្វើដូចគ្នាសម្រាប់ជួរទី ៣ និងទី ៤ ។ នៅពេលអ្នកមានទំនុកចិត្តថា អ្នកបានទន្ទេញចាំពាក្យទាំងបួនជួរហើយ សូមសរសេរវាទាំងអស់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកដោយមិនមើល ។ សូមធ្វើដដែលៗឡើងវិញម្ដងហើយម្ដងទៀតប្រសិនបើចាំបាច់ រហូតដល់អ្នកអាចសរសេរឃ្លាបទគម្ពីរគន្លឹះទាំងមូល និងសេចក្ដីយោងចេញពីការចងចាំបាន ។
រៀនអនុវត្ត
សូមពិចារណាមើលកថាខណ្ឌទី ៥–១២ នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូមជ្រើសរើសគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ហើយបង្កើតរូបតំណាង ឬការបង្ហាញរូបភាពសាមញ្ញ ដើម្បីរំឭកអ្នកអំពីគោលការណ៍នេះ និងគោលគំនិតរបស់វា ។ ឧទាហរណ៍ សម្រាប់គោលការណ៍នេះ « សូមពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច » អ្នកអាចពិចារណាបង្កើតរូបភាពដូចតទៅនេះ ៖
សូមអានស្ថានភាពខាងក្រោម ដើម្បីជួយអ្នកឲ្យអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង អេភេសូរ ១:១០ ថា អំឡុងគ្រាកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង ។ បន្ទាប់មកសូមប្រើស្ថានភាពនេះ ឬបង្កើតស្ថានភាពមួយរបស់អ្នកផ្ទាល់ ដើម្បីឆ្លើយសំណួរដែលមាន ។
មិត្តភក្តិរបស់អ្នកបានទទួលបុណ្យជ្រមុជទឹកជាមួយគ្រួសាររបស់នាង ហើយមានអារម្មណ៍ជឿជាក់នៅពេលនោះថា នាងកំពុងធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទដោយចូលរួមនឹងសាសនាចក្ររបស់ទ្រង់ ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំកន្លងមកចាប់តាំងពីនាងទទួលបុណ្យជ្រមុជទឹក ជាញឹកញាប់នាងត្រូវបានមិត្តភក្តិផ្សេងទៀតល្បួងឲ្យបំពានបទបញ្ញត្តិទាំងឡាយ ។ នាងចាប់ផ្ដើមងឿងឆ្ងល់ថា តើនេះពិតជាសាសនាចក្ររបស់ព្រះគ្រីស្ទឬអត់ ហើយតើវាមានតម្លៃដែរឬទេក្នុងការរក្សាភាពស្មោះត្រង់ចំពោះដំណឹងល្អនេះ ។
ខណៈមានសេចក្ដីពិតមួយចំនួនដែលអាចជួយមិត្តភក្ដិរបស់អ្នក សូមពិចារណាអំពីរបៀបដែលគោលលទ្ធិនៃការស្ដារឡើងវិញ និងគ្រាកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់អាចពង្រឹង និងលើកទឹកចិត្តនាង ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើជំហានអ្វីខ្លះដែលអ្នកអាចលើកទឹកចិត្តមិត្តភក្តិរបស់អ្នកឲ្យធ្វើ ដើម្បីឲ្យនាងធ្វើសកម្មភាពដោយសេចក្ដីជំនឿ ?
-
តើការធ្វើសកម្មភាពដោយសេចក្ដីជំនឿអាចជួយមិត្តភក្តិរបស់អ្នកដោះស្រាយសំណួរ និងកង្វល់របស់នាងយ៉ាងដូចម្ដេច ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
-
តើអ្នកដឹងអ្វីខ្លះអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីការស្ដារឡើងវិញ ?
-
តើការរក្សាទស្សនវិស័យដ៏នៅអស់កល្បជានិច្ចមួយអាចជួយទាំងអ្នក និងមិត្តភក្តិរបស់អ្នកក្នុងស្ថានភាពនេះដោយរបៀបណា ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើសេចក្ដីពិតដែលបានរកឃើញនៅក្នុង អេភេសូរ ១:១០ អាចជួយក្នុងស្ថានភាពនេះដោយរបៀបណា ?
-
ប្រសិនបើអ្នកមានពេលបន្ថែមមុនឆ្លើយតបទៅមិត្តភក្តិរបស់អ្នក តើអ្នកអាចពិនិត្យមើល ឬសិក្សាអ្វីខ្លះ ? តើប្រភពអ្វីខ្លះដែលអ្នកអាចអញ្ជើញមិត្តភក្តិរបស់អ្នកឲ្យសិក្សាដោយខ្លួនឯង ? ហេតុអ្វី ?