យ៉ូហាន ១៧
ការអធិស្ឋានទូលអង្វរឲ្យពួកសិស្សដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះ
ព្រះយេស៊ូវគ្រីស្ទ\u200bបាន\u200bថ្វាយការអធិស្ឋាន\u200bទូល\u200bអង្វរ\u200bឲ្យ\u200bពួក\u200bសិស្ស\u200bដ៏\u200bអស្ចារ្យ\u200bរបស់ទ្រង់ ( មាន\u200bន័យ\u200bថា\u200bទ្រង់\u200bបាន\u200bអង្វរ\u200bដល់\u200bព្រះវរបិតាសួគ៌\u200bជំនួស\u200bឲ្យ\u200bពួកសាវក\u200bរបស់ទ្រង់ និង\u200bអស់អ្នក\u200bដែលជឿ\u200bលើទ្រង់ ) មិនយូរ\u200bប៉ុន្មាន\u200bមុន\u200bពេលរងទុក្ខ\u200bសម្រាប់\u200bអំពើបាប\u200bរបស់យើង ។ ព្រះយេស៊ូវ\u200bបាន\u200bមាន\u200bបន្ទូល\u200bថា ចូរស្គាល់\u200bព្រះវរបិតា និង\u200bព្រះរាជបុត្រា គឺ\u200bដើម្បី\u200bមាន\u200bជីវិត\u200bដ៏នៅអស់កល្ប\u200bជានិច្ច ជា\u200bផ្នែក\u200bមួយ\u200bនៃ\u200bការ\u200bអធិស្ឋាន\u200bរបស់\u200bទ្រង់ ( សូមមើល យ៉ូហាន ១៧:៣ ) ។ មេរៀននេះ\u200bនឹង\u200bលើក\u200bទឹកចិត្ត\u200bអ្នក\u200bឲ្យ\u200bស្គាល់\u200bព្រះវរបិតាសួគ៌ និង\u200bព្រះយេស៊ូវគ្រីស្ទ\u200bកាន់តែ\u200bជាលក្ខណៈ\u200bផ្ទាល់\u200bខ្លួន\u200bនៅក្នុង\u200bជីវិតរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទលក្ខណៈផ្ទាល់ខ្លួន
សូមគិតពីបុគ្គលសំខាន់ៗក្នុងប្រវត្តិសាស្ត្រប្រចាំប្រទេសរបស់អ្នក ។
-
តើអ្នកដឹងអ្វីខ្លះអំពីបុគ្គលនោះ ?
-
តើអ្នកនឹងពិពណ៌នាអំពីភាពខុសគ្នារវាងចំណេះដឹងរបស់អ្នកអំពីបុគ្គលសំខាន់ក្នុងប្រវត្តិសាស្ត្រ និងថាតើអ្នកស្គាល់សមាជិកគ្រួសារជិតស្និទ្ធបានល្អប៉ុណ្ណាដែរយ៉ាងដូចម្តេច ?
ឥឡូវនេះ សូមចំណាយពេលខ្លះ ដើម្បីកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ពីអារម្មណ៍របស់អ្នកចំពោះចំណេះដឹងរបស់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ តើវាផ្អែកលើការពិតដែលអ្នកដឹងអំពីទ្រង់ទាំងទ្វេប៉ុណ្ណោះ ឬក៏វាក្លាយជារឿងផ្ទាល់ខ្លួនជាងនោះ ? តើអ្នកគិតថាវានឹងប្រទានពរដល់ជីវិតរបស់អ្នកយ៉ាងណានៅពេលបានស្គាល់ទ្រង់ទាំងទ្វេក្នុងកម្រិតកាន់តែផ្ទាល់ខ្លួនជាងនេះទៅទៀតនោះ ?
ព្រះយេស៊ូវបានអធិស្ឋានសម្រាប់ពួកសិស្សរបស់ទ្រង់
នៅយប់មុនការរងទុក្ខរបស់ទ្រង់នៅសួនច្បារគែតសេម៉ានី ការក្បត់ និងការឆ្កាង ព្រះអង្គសង្គ្រោះបានថ្វាយការអធិស្ឋានដ៏ពិសិដ្ឋមួយ ដែលត្រូវបានគេស្គាល់ថាជា ការអធិស្ឋានទូលអង្វរដ៏អស្ចារ្យ ។ ទ្រង់បានអធិស្ឋានទៅព្រះវរបិតាសួគ៌ដើម្បីអង្វរសម្រាប់ពួកសិស្សទ្រង់ រួមទាំងអ្នកដើរតាមទ្រង់ដែលរស់នៅក្នុងជំនាន់របស់យើងផងដែរ ( សូមមើល យ៉ូហាន ១៧:២០ ) ។ សូមព្យាយាមស្រមៃមើលថា តើវានឹងមានអារម្មណ៍យ៉ាងណាសម្រាប់ពួកសាវកដែលបានឮព្រះយេស៊ូវអធិស្ឋានសម្រាប់ពួកគេនៅរាត្រីដ៏ពិសិដ្ឋនោះ ។
-
តើយើងអាចរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះពីគំរូរបស់ទ្រង់អំពីការអធិស្ឋានសម្រាប់ពួកសិស្សរបស់ទ្រង់ និងអស់អ្នកដែលដើរតាមទ្រង់ មុនពេលការរងទុក្ខរបស់ទ្រង់នៅសួនច្បារគែតសេម៉ានី និងការចាប់ព្រះកាយទ្រង់ ?
សូមអាន យ៉ូហាន ១៧:១–៣ ដោយរកមើលពរជ័យដែលព្រះយេស៊ូវគ្រីស្ទបានអធិស្ឋានថាពួកសិស្សរបស់ទ្រង់នឹងទទួលបាន ។
-
តើព្រះយេស៊ូវគ្រីស្ទមានព្រះរាជបំណងប្រាថ្នាអ្វីសម្រាប់សិស្សរបស់ទ្រង់ ?
ឃ្លា « ជីវិតដ៏នៅអស់កល្បជានិច្ច » និង « ជីវិតដ៏អស់កល្បជានិច្ច » ( ខទី ២–៣ ) ច្រើនតែត្រូវបានគេយល់ច្រឡំថាគ្រាន់តែមានន័យថារស់នៅជារៀងរហូតប៉ុណ្ណោះ ។ ព្រះអង្គសង្គ្រោះបានអធិស្ឋានទូលសូមឲ្យយើងទទួលបានច្រើនជាងនេះទៅទៀត ។ « ជីវិតដ៏នៅអស់កល្បជានិច្ច » គឺជា « គុណភាពនៃជីវិតដែលព្រះវរបិតាដ៏នៅអស់កល្បជានិច្ចរបស់យើងគង់នៅ ។ … ជីវិតដ៏នៅអស់កល្បជានិច្ច ឬភាពលើកតម្កើងឡើង គឺដើម្បីរស់នៅក្នុងវត្តមានរបស់ព្រះ ហើយបន្តជាក្រុមគ្រួសារ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១–៤ ) » ( Gospel Topics « Eternal Life » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។ សូមពិចារណាកត់ត្រានិយមន័យនេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅជិត ខទី ៣ ។
សេចក្តីពិតមួយដែលយើងរៀនពីការអធិស្ឋានរបស់ព្រះអង្គសង្គ្រោះគឺថា ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច យើងត្រូវតែស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ហេតុអ្វីបានជាអ្នកគិតថា យើងត្រូវស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងពិតប្រាកដ ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ?
អែលឌើរ ម៉ៃឃល ចន យូ ថេ នៃពួកចិតសិបនាក់បានពន្យល់ពីសារៈសំខាន់នៃការស្គាល់ព្រះអង្គសង្គ្រោះ ៖
យើងត្រូវទទួលស្គាល់ថាការស្គាល់ព្រះអង្គសង្គ្រោះគឺជាការស្វែងរកដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់យើង ។ វាគួរតែមានអាទិភាពលើសពីអ្វីៗផ្សេងទៀត ។
( អែលឌើរ ម៉ៃឃល ចន យូ ថេ « Our Personal Savior » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៩៩ )
-
ហេតុអ្វីបានជាអ្នកគិតថា ការស្គាល់ព្រះអង្គសង្គ្រោះគឺជាការស្វែងរកដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង ?
-
តើអ្វីទៅដែលអាចធ្វើឲ្យមានការលំបាកក្នុងការកំណត់អាទិភាពដើម្បីមកស្គាល់ព្រះអង្គសង្គ្រោះជាងការស្វែងរកផ្សេងទៀតក្នុងជីវិតរបស់អ្នក ?
សូមសូមសញ្ជឹងគិតមួយភ្លែតអំពីរបៀបដែលទំនាក់ទំនងជិតស្និទ្ធដែលអ្នកមានជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិបានអភិវឌ្ឍ ។ តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីស្គាល់ទ្រង់កាន់តែប្រសើរ ? តើមានបទពិសោធន៍គន្លឹះដែលជួយអ្នកឲ្យស្គាល់ពួកគេច្បាស់ដែរឬទេ ? តើទំនាក់ទំនងនេះត្រូវចំណាយពេលប៉ុន្មានដើម្បីអភិវឌ្ឍ ?
-
តើអ្នកអាចអនុវត្តសកម្មភាពដែលបានជួយអ្នកបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិដើម្បីមកស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះ ដែលបានជួយអ្នកឲ្យស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? តើអ្នកបានរៀនអ្វីខ្លះតាមរយៈបទពិសោធន៍ទាំងនេះ ?
ការមកស្គាល់ព្រះអង្គសង្គ្រោះតាមរយៈការអធិស្ឋានរបស់ទ្រង់
វិធីមួយដើម្បីស្គាល់ព្រះអង្គសង្គ្រោះគឺតាមរយៈការអធិស្ឋានរបស់ទ្រង់ ។ សូមចំណាយពេលពីរបីនាទីដើម្បីរៀនឲ្យកាន់តែច្បាស់ថាព្រះអង្គសង្គ្រោះជានរណា ដោយការសិក្សាពីអ្វីដែលទ្រង់បានអធិស្ឋានឲ្យនៅក្នុង យ៉ូហាន ១៧ ។ ខគម្ពីរមួយចំនួនដែលអ្នកអាចជ្រើសរើសផ្តោតទៅលើគឺ យ៉ូហាន ១៧:៤–១១, ២០–២៦ ។
-
តើអ្នករៀនអ្វីខ្លះអំពីទំនាក់ទំនងរបស់ព្រះយេស៊ូវគ្រីស្ទជាមួយនឹងព្រះវរបិតាទ្រង់ពីការអធិស្ឋាននេះ ?
-
តើព្រះយេស៊ូវគ្រីស្ទប្រាថ្នាចង់បានពរជ័យអ្វីខ្លះសម្រាប់យើង ?
-
ហេតុអ្វីបានជាអ្នកគិតថាទ្រង់នឹងអធិស្ឋានឲ្យអ្នកទទួលបានពរជ័យជាក់លាក់ទាំងនេះ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ ដែលជួយអ្នកឲ្យចង់ស្គាល់ទ្រង់ទាំងទ្វេកាន់តែប្រសើរជាងមុន ?
សូមស្រមៃមើលថាតើការជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះនឹងមានលក្ខណៈបែបណា ដែលទំនាក់ទំនងរបស់អ្នកអាចពិពណ៌នាបានថាជាភាពតែមួយជាមួយទ្រង់ទាំងទ្វេ ។ តើការបញ្ជាក់នោះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងដូចម្ដេច ? តើជីវិតរបស់អ្នកនឹងកាន់តែប្រសើរឡើងដោយរបៀបណា ? ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ស្រឡាញ់អ្នកខ្លាំងណាស់ ហើយប្រាថ្នាចង់មានព្រះទ័យតែមួយជាមួយអ្នក ។ ព្រះយេស៊ូវគ្រីស្ទបានអធិស្ឋានទៅព្រះវរបិតាសួគ៌ដើម្បីជួយអ្នកឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងទ្រង់ទាំងទ្វេ ។ សូមចងចាំថាទំនាក់ទំនងបែបនេះនឹងត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍ ពេញមួយជីវិតនេះ និងទៅជីវិតបន្ទាប់ ។
សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក នូវអ្វីដែលអ្នកមានឆន្ទៈធ្វើ ដើម្បីមកស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទឲ្យកាន់តែប្រសើរ ។ សូមរួមបញ្ចូលពីរបៀបដែលអ្នកគិតថាអ្នកនឹងដឹងថាទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ទាំងទ្វេកាន់តែរឹងមាំ និងរបៀបដែលអ្នកជឿថាទំនាក់ទំនងនោះនឹងផ្តល់ពរដល់ជីវិតរបស់អ្នក ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើយើងអាចធ្វើអ្វីដើម្បីមកស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទឲ្យកាន់តែប្រសើរ ?
ប្រធាន ហិនរី ប៊ី អាវរីង នៃគណៈប្រធានទីមួយបានបង្រៀន ៖
ប្រសិនបើអ្នកចង់នៅជិតនឹងនរណាម្នាក់ដែលអ្នកស្រឡាញ់ ប៉ុន្តែជាអ្នកដែលនៅបែកពីអ្នក នោះអ្នកដឹងថាត្រូវធ្វើយ៉ាងណាហើយ ។ អ្នកនឹងរកវិធីមួយដើម្បីនិយាយនឹងពួកគេ អ្នកនឹងស្ដាប់ពួកគេ ហើយអ្នកនឹងរកឃើញដំណោះស្រាយធ្វើរឿងទាំងឡាយសម្រាប់គ្នាទៅវិញទៅមក ។ កាលណាវាកើតឡើងកាន់តែញឹកញាប់ ហើយបន្ដទៅកាន់តែយូរ នោះចំណងនៃសេចក្ដីស្រឡាញ់នឹងមានកាន់តែជ្រាលជ្រៅ ។ ប្រសិនបើពេលវេលាជាច្រើនបានកន្លងផុតទៅដោយគ្មានការនិយាយ ការស្ដាប់ និងធ្វើអ្វីបន្ដិចសោះនោះ ចំណងទំនាក់ទំនងនេះនឹងត្រូវទន់ខ្សោយ ។
ព្រះគឺល្អឥតខ្ចោះ ព្រមទាំងមានគ្រប់ព្រះចេស្ដា ហើយអ្នក និងខ្ញុំ គឺជាមនុស្សរមែងស្លាប់ ។ ប៉ុន្តែទ្រង់គឺជាព្រះវរបិតារបស់យើង ទ្រង់ស្រឡាញ់យើង ហើយទ្រង់ប្រទានឱកាសដូចគ្នានេះ ដើម្បីឲ្យយើងខិតទៅកាន់តែជិតនឹងទ្រង់ ក៏ដូចជាមិត្តម្នាក់ដែរ ។ ហើយអ្នកនឹងធ្វើវាតាមរបៀបដូចគ្នា ៖ ការនិយាយ ការស្តាប់ និងការធ្វើ ។
( ហិនរី ប៊ី អាវរិង « To Draw Closer to God » Ensign ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ៦៦ )
អែលឌើរ ស៊ី ស្កត ហ្រ្គូ, នៃពួកចិតសិបនាក់បានពន្យល់ ៖
មិត្តយុវវ័យរបស់ខ្ញុំអើយ យើងអាចចាប់ផ្តើមស្គាល់ព្រះតាមរយៈការអធិស្ឋាន ។ …
… ពេលអ្នកសិក្សាព្រះគម្ពីររាល់ថ្ងៃ ដោយផ្ទាល់ខ្លួន និងជាមួយគ្រួសារអ្នក នោះអ្នក នឹងរៀនទទួលស្គាល់សំឡេងនៃព្រះវិញ្ញាណ ហើយនឹងមកស្គាល់ព្រះកាន់តែច្បាស់ ។ …
កាល យើង ព្យាយាមធ្វើតាមព្រះទ័យរបស់ព្រះដោយបម្រើទ្រង់ និងមនុស្សទូទៅដោយស្មោះត្រង់ នោះយើងទទួលអារម្មណ៍នៃការអនុម័តពីទ្រង់ ហើយមកស្គាល់ទ្រង់យ៉ាងពិតប្រាកដ ។
ព្រះអង្គសង្គ្រោះប្រាប់យើងថា របៀបល្អបំផុតដើម្បីស្គាល់ព្រះ គឺត្រូវប្រែក្លាយ ដូចជា ទ្រង់ ។ ទ្រង់បានបង្រៀន ៖ « តើអ្នករាល់គ្នាគួរធ្វើជាមនុស្សបែបណាទៅ ? យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ត្រូវឲ្យបានដូចជា យើង » [ នីហ្វៃទី ៣ ២៧:២៧ ] ។
ភាពស័ក្តិសមគឺជាកត្តាចាំបាច់ដើម្បីប្រែក្លាយដូចជាទ្រង់ ។ …
ព្រះស្គាល់ អ្នក ហើយអញ្ជើញ អ្នក ឲ្យស្គាល់ ទ្រង់ ។ សូមអធិស្ឋានទៅកាន់ព្រះវរបិតា សូមសិក្សាព្រះគម្ពីរ សូមព្យាយាមធ្វើតាមព្រះទ័យទ្រង់ សូមព្យាយាមប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ ហើយធ្វើតាមអ្នកប្រៀនប្រដៅដ៏សុចរិត ។ នៅពេលអ្នកធ្វើបែបនេះ អ្នក នឹងមក ស្គាល់ ព្រះ និងព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់ ហើយអ្នកនឹងគ្រងជីវិតដ៏នៅអស់កល្បជានិច្ចទុកជាមរតក ។
( ស៊ី ស្កត ហ្រ្គូ, « And This Is Life Eternal » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១២១–២៤ )