ថ្នាក់​សិក្ខាសាលា
ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ូហាន ១៧:៣


ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ូហាន ១៧:៣

ការ មក ស្គាល់ ព្រះ វរបិតា សួគ៌ និង ព្រះយេស៊ូវ គ្រីស្ទ

A young woman sits on her bed and reads her scriptures in her bedroom.

នៅក្នុងមេរៀនមុន « យ៉ូហាន ១៧ » អ្នកបានរៀនថា យើងអាចឆ្ពោះទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ដោយការមកស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិនេះ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ យ៉ូហាន ១៧:៣ ពន្យល់ពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្ដែង ។

មានគារវភាពចំពោះព្រះនាមរបស់ព្រះ ។ ដោយសារព្រះនាមនៃព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ មានសារៈសំខាន់ខ្លាំងណាស់ សូមប្រាកដថានឹងលើកទឹកចិត្ត និងបង្ហាញការគោរពដូចដែលព្រះនាមរបស់ទ្រង់ត្រូវបានប្រើ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣:៦១ ) ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកនរណាម្នាក់ដែលពួកគេស្គាល់ ដែលបុគ្គលនោះអាចស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានច្បាស់ ។ សូមអញ្ជើញសិស្សឲ្យសួរបុគ្គលនោះនូវអ្វីដែលបានជួយពួកគេឲ្យស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាពរៀនសូត្រដែលអាចមាន

មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបរៀងឡើងដើម្បីបង្រៀនបន្ទាប់ពីមេរៀន « យ៉ូហាន ១៧ » ដែលជាមេរៀនបរិបទសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិ យ៉ូហាន ១៧:៣ ។ ប្រសិនបើមេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង នោះសូមប្រាកដថា អ្នកបានបង្រៀនមេរៀនតាមបរិបទដែលត្រូវគ្នានៅអំឡុងសប្តាហ៍នោះផងដែរ ។

ទន្ទេញ និងពន្យល់

សូមជួយសិស្សឲ្យទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ។ សកម្មភាពខាងក្រោមគឺជាវិធីមួយដើម្បីជួយពួកគេឲ្យទន្ទេញ ។

សូមសូត្រសេចក្កីយោងនៃចំណេះចំណានខាងគោលលទ្ធិឮៗឲ្យច្រើនដង យ៉ូហាន ១៧:៣ និងឃ្លាបទគម្ពីរគន្លឹះរបស់វា ៖ « នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង » ។នៅលើសន្លឹកក្រដាសដាច់ដោយឡែកមួយ សូមសរសេរសេចក្ដីយោង យ៉ូហាន ១៧:៣ និងអក្សរទីមួយនៃពាក្យនីមួយៗនៅក្នុងខគម្ពីរ ៖ ន ជ ជ ដ អ ក ជ គ ឲ គ ប ស ដ ទ ដ ជ ព ព ត ម ន ព យ ស គ ដ ទ ប ច ឲ ម ផ ។ ដោយប្រើតែអក្សរទីមួយនៃខគម្ពីរ សូមព្យាយាមសូត្រសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ។ នៅពេលអ្នកកាន់តែមានទំនុកចិត្ត សូមព្យាយាមសូត្រសេចក្ដីយោង និងឃ្លាចេញពីការចងចាំ ។

ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីអត្ថន័យនៃបទគម្ពីរនេះ សូមពន្យល់ពីសេចក្តីពិតដែលបានបង្រៀននៅក្នុង យ៉ូហាន ១៧:៣ ជាពាក្យសំដីរបស់អ្នកផ្ទាល់ ។ សូមបញ្ចូលអ្វីដូចខាងក្រោមនេះ ៖

  1. អត្ថន័យនៃឃ្លា « ជីវិតដ៏អស់កល្បជានិច្ច » ។

  2. វិធីមួយចំនួនដែលយើងអាចមក « ស្គាល់ » ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។

សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយការពន្យល់របស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ ប្រសិនបើសិស្សត្រូវការជំនួយក្នុងការយល់ពីអត្ថន័យនៃវគ្គបទគម្ពីរនេះ សូមចំណាយពេលដើម្បីពិភាក្សាវាមុននឹងបន្តមេរៀន ។

មានសេចក្តីថ្លែងការណ៍ជាច្រើននៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » នៃមេរៀននេះ និងមេរៀនមុន « យ៉ូហាន ១៧ » ដែលអាចត្រូវប្រើដើម្បីជួយសិស្សតាមតម្រូវការ ។

រៀនអនុវត្ត

សូមពិចារណាថាតើសិស្សធ្លាប់ស្គាល់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដល់កម្រិតណា នៅពេលសម្រេចចិត្តថាតើត្រូវការពេលវេលាប៉ុន្មានសម្រាប់ការរំឭកឡើងវិញដែលបានស្នើខាងក្រោមនេះ ។

សូមរំឭកកថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ឡើងវិញនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូមគិតអំពីរបៀបដែលអ្នកអាចពន្យល់ពីគោលការណ៍នីមួយៗទាំងនេះទៅកាន់នរណាម្នាក់ដែលមិនធ្លាប់បានឮអំពីគោលការណ៍ទាំងនោះពីមុនមក ។

ប្រសិនបើមានសារៈប្រយោជន៍ សូមបំបែកសិស្សជាគូ ហើយអញ្ជើញពួកគេឲ្យអនុវត្តនូវការចែកចាយការពន្យល់របស់ពួកគេអំពីគោលការណ៍ទាំងនេះឲ្យឮៗ ។

សូមអានសាច់រឿងដូចតទៅនេះ ៖

បន្ទាប់ពីការប្រជុំតមអាហារ និងទីបន្ទាល់ អ្នកសម្គាល់ឃើញថា មិត្តភក្តិរបស់អ្នក ជូលៀ ហាក់ដូចជាមិនសូវសប្បាយចិត្ត ។ ពេលអ្នកដើរទៅផ្ទះជាមួយនាង នាងនិយាយថា អំឡុងការប្រជុំថ្ងៃនេះ នាងបានដឹងថានាងមិនស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានច្រើនដូចដែលនាងចង់ដឹងនោះទេ ។ នាងពិពណ៌នាអំពីអារម្មណ៍នៃភាពឯកោ និងការចង់បាននូវទំនាក់ទំនងល្អជាមួយនឹងទ្រង់ទាំងទ្វេ ដែលនាងបានទទួលអារម្មណ៍នៅអំឡុងពេលដែលសិស្សមួយចំនួនបានចែកចាយទីបន្ទាល់របស់ពួកគេ ។ អ្នកសម្រេចចិត្តថានឹងគិត ហើយខិតខំអធិស្ឋានឲ្យខ្លាំងនៅប៉ុន្មានថ្ងៃខាងមុខអំពីរបៀបដែលត្រូវជួយ ជូលៀ ។

សូមប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងសំណួរ ហើយសកម្មភាពខាងក្រោម ដើម្បីជួយអ្នកពិចារណាពីអ្វីដែលអ្នកអាចនិយាយ និងធ្វើដើម្បីជួយ ជូលៀ ។ អ្នកប្រហែលជាចង់សរសេរអ្វីដែលអ្នកបានរៀន និងចំណាប់អារម្មណ៍ណាមួយដែលអ្នកទទួលបាននៅពេលអ្នកត្រៀមរៀបចំ ។

សូមពិចារណាអញ្ជើញសិស្សឲ្យរៀបចំចម្លើយរបស់ពួកគេដោយធ្វើការជាមួយដៃគូ ។ សូមប្រាប់ពួកគេថាពួកគេនឹងមានឱកាសចែកចាយជាមួយសិស្សផ្សេងទៀតនូវអ្វីដែលពួកគេបានរៀន ។

សូមពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះវរបិតាសួគ៌ចង់ឲ្យយើងមកស្គាល់ទ្រង់ និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ?

  • ហេតុអ្វីបានជាអ្នកចង់មកស្គាល់ទ្រង់ទាំងទ្វេឲ្យបានកាន់តែច្បាស់តាមដែលអ្នកអាចធ្វើបានក្នុងជីវិតនេះ ?

សូមស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព

  • តើការសិក្សានូវការអធិស្ឋានរបស់ព្រះអង្គសង្គ្រោះនៅក្នុង យ៉ូហាន ១៧:៣ អាចជួយបំពេញបំណងប្រាថ្នារបស់ ជូលៀ យ៉ាងដូចម្ដេច ?

សូមធ្វើបញ្ជីប្រភពល្អៗមួយចំនួន ដែលអាចនឹងជួយ ជូលៀឲ្យមកស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។

  • តើ ជូលៀអាចប្រើប្រភពដែលមានដើម្បីជួយនាងឲ្យមកស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់ដោយរបៀបណា ? ( ឧទាហរណ៍ តើពាក្យគន្លឹះអ្វីខ្លះដែលនាងអាចស្វែងរកនៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ នៅក្នុងនៅលើគេហទំព័រChurchofJesusChrist.orgឬនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ? )

សូមចំណាយពេលពីរបីនាទីដើម្បីសិក្សាប្រភពដែលបានតែងតាំងដ៏ទេវភាព ដើម្បីស្វែងយល់បន្ថែមអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងពីរបៀបដើម្បីស្គាល់ទ្រង់ទាំងទ្វេឲ្យបានកាន់តែច្បាស់ ។

សូមអញ្ជើញសិស្សឲ្យចែកចាយទាំងអ្វីដែលពួកគេបានរៀន និងរបៀបដែលពួកគេបានរកឃើញព័ត៌មាន ។ វាអាចជួយសិស្សផ្សេងទៀតឲ្យរៀនពីរបៀបប្រើប្រាស់ធនធានដែលមានឲ្យកាន់តែប្រសើរឡើង ។

ធ្វើសកម្មភាពដោយសេចក្ដីជំនឿ

សូមអញ្ជើញសិស្សដែលបានធ្វើតាមការណែនាំអំពីការរៀបចំរបស់សិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀន នៅពេលពួកគេឆ្លើយសំណួរខាងក្រោម ។

  • តើវាជាសកម្មភាពនៃសេចក្តីជំនឿដើម្បីប្រឹងប្រែងស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

  • តើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានធ្វើអ្វីខ្លះ ដើម្បីមកស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរ ដែលអ្នកអាចផ្តល់យោបល់ដល់ ជូលៀ ?

  • តើឃ្លាអ្វីខ្លះដែលអ្នករកឃើញនៅក្នុងកថាខណ្ឌ ៥–៧ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ២០២២ ) ដែលអាចជួយនរណាម្នាក់ដែលបាននិងកំពុងធ្វើរឿងត្រឹមត្រូវ ប៉ុន្តែនៅតែមិនមានអារម្មណ៍ស្និទ្ធស្នាលនឹងព្រះដូចពួកគេចង់បាននោះ ?

សូមអញ្ជើញដៃគូនីមួយៗឲ្យមកជួបជុំជាមួយដៃគូផ្សេងៗទៀត ហើយចែកចាយជាមួយគ្នាទៅវិញទៅមកនូវអ្វីដែលពួកគេបានរកឃើញ ខណៈពេលដែលអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។

ការរំឭកចំណេះចំណានខាងគោលលទ្ធិ

នៅដើម ឬចុងបញ្ចប់នៃមេរៀនក្រោយ សូមចំណាយពេលត្រឹម ៣ ទៅ ៥ នាទីដើម្បីរំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះ ។ សូមពិចារណាលើការសរសេរសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ យ៉ូហាន ១៧:៣ នៅលើក្ដារខៀន ដោយប្រើពាក្យខុសលំដាប់លំដោយគ្នា ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យរៀបពាក្យតាមលំដាប់លំដោយវិញ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើអ្វីទៅជាជីវិតដ៏នៅអស់កល្បជានិច្ច ?

ជីវិតដ៏នៅអស់កល្បជានិច្ចគឺជាឃ្លាដែលប្រើក្នុងបទគម្ពីរដើម្បីកំណត់គុណភាពនៃជីវិតដែលព្រះវរបិតាដ៏អស់កល្បរបស់យើងនៅមានព្រះជន្ម ។ … ជីវិតដ៏នៅអស់កល្បជានិច្ច ឬភាពតម្កើងឡើង គឺដើម្បីរស់នៅក្នុងវត្តមានរបស់ព្រះ ហើយបន្តជាក្រុមគ្រួសារ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១–៤ ) ។

( ប្រធានបទដំណឹងល្អ « Eternal Life » គេហទំព័រ topics.ChurchofJesusChrist.org )

តើយើងអាចស្គាល់ព្រះវរបិតា និងព្រះរាជបុត្រាដោយខ្លួនឯងដោយរបៀបណា ?

អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានឆ្លើយសំណួរនេះ ។

Official portrait of Elder Robert D. Hales of the Quorum of the Twelve Apostles, 2003

ដោយវិវរណៈផ្ទាល់ខ្លួន ។ វិវរណៈផ្ទាល់ខ្លួនគឺជាវិធីដែលព្រះវរបិតាសួគ៌ជួយយើងឲ្យស្គាល់ទ្រង់ និងព្រះរាជបុត្រារបស់ទ្រង់ សូមរៀន និងរស់នៅតាមដំណឹងល្អ ស៊ូទ្រាំដល់ទីបញ្ចប់ក្នុងសេចក្ដីសុចរិត និងមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលជីវិតដ៏នៅអស់កល្បជានិច្ច—ដើម្បីត្រឡប់ទៅកាន់វត្តមានរបស់ទ្រង់ទាំងទ្វេវិញ ។

( រ៉ូប៊ើត ឌី ហែល « Personal Revelation: The Teachings and Examples of the Prophets » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៨៧ )

តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើខ្ញុំមិនប្រាកដថាខ្ញុំជឿលើព្រះនោះ ?

អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែង ៖

Official portrait of Elder Robert D. Hales of the Quorum of the Twelve Apostles, 2003

ប្រសិនបើអ្នកមិនអាចចាំពីការជឿលើព្រះ ឬបើអ្នកបានឈប់ជឿ ឬបើអ្នកជឿ ប៉ុន្តែគ្មានការជឿជាក់ពិតប្រាកដ ខ្ញុំសូមអញ្ជើញអ្នកឲ្យស្វែងរកទីបន្ទាល់អំពីព្រះឥឡូវនេះ ។ …

… ដោយមានទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះ អ្នកនឹងអាចផ្តល់ដល់គ្រួសាររបស់អ្នក កូនចៅរបស់អ្នក មិត្តភក្តិ និងជីវិតផ្ទាល់របស់អ្នក—អស់ទាំងអ្នកដែលអ្នកស្រឡាញ់ ។ ចំណេះដឹងផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះមិនត្រឹមតែជាអំណោយដ៏អស្ចារ្យបំផុតដែលអ្នកនឹងផ្តល់ឲ្យនោះទេ ប៉ុន្តែវានឹងនាំមកឲ្យអ្នកនូវសេចក្តីអំណរដ៏អស្ចារ្យបំផុតដែលអ្នកនឹងមាន ។

… ខ្ញុំសន្យាថា ប្រសិនបើអ្នក និងមនុស្សដែលអ្នកស្រឡាញ់នឹងស្វែងរកទ្រង់ដោយភាពរាបទាប ស្មោះត្រង់ និងឧស្សាហ៍ព្យាយាម នោះអ្នកនឹងដឹងដោយប្រាកដផងដែរ ។ ទីបន្ទាល់របស់អ្នកនឹងមក ។

( រ៉ូប៊ើត ឌី ហែល « Seeking to Know God, Our Heavenly Father, and His Son, Jesus Christf » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៣២ )