ថ្នាក់​សិក្ខាសាលា
យ៉ូហាន ១៨:៣៣–៤០; លូកា ២៣:៨–១១


យ៉ូហាន ១៨:៣៣–៤០; លូកា ២៣:៨–១១

ព្រះយេស៊ូវត្រូវបានកាត់ទោស ហើយវាយនឹងរំពាត់

Ecce Homo, by Antonio Ciseri.

បន្ទាប់ពីព្រះយេស៊ូវត្រូវបានគេចាប់ព្រះកាយ ហើយកាត់ទោសដោយមិនត្រឹមត្រូវនៅចំពោះមុខពួកមេដឹកនាំរបស់សាសន៍យូដាមក នោះទ្រង់ត្រូវបានបញ្ជូនទៅកាត់ទោសនៅចំពោះមុខលោកពីឡាត់ ដែលមានអំណាចកាត់សេចក្ដីរបស់រ៉ូម ។ ព្រះអង្គសង្រ្គោះបានបញ្ជូនទៅកាន់ពួករ៉ូមយ៉ាងទន់ទាប ហើយត្រូវបានវាយនឹងរំពាត់ និងកាត់ទោសប្រហារជីវិតយ៉ាងឈឺចាប់ ។ មេរៀននេះមានគោលបំណងចង់ជួយអ្នកឲ្យស្វែងយល់បន្ថែមទៀតអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះមនុស្សទាំងអស់ និងបុគ្គលិកលក្ខណៈដ៏ល្អឥតខ្ចោះរបស់ទ្រង់ និងពីរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់ទ្រង់ឲ្យបានកាន់តែប្រសើរឡើង ។

ការផ្តល់ជម្រើសឲ្យសិស្ស ។ វាអាចមានសារៈប្រយោជន៍ក្នុងការអនុញ្ញាតឲ្យសិស្សជ្រើសរើសអ្វីដែលពួកគេចង់សិក្សា ។ ការណ៍នេះអាចធ្វើទៅបាន តាមរយៈការផ្តល់នូវដំណើររឿងស្រដៀងគ្នាជាច្រើនដែលត្រូវសិក្សា សំណួរដែលត្រូវឆ្លើយ ឬសកម្មភាពដែលត្រូវជ្រើសរើស ។

ការរៀបចំរបស់សិស្ស ៖ សូមរំឭកសិស្សថា បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់មាននូវគុណលក្ខណៈដែលមានសីលធម៌ដែលបង្កើត និងសម្គាល់ពួកគេថាជាបុគ្គលម្នាក់ ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ហើយគិតអំពីលក្ខណៈណាមួយរបស់ទ្រង់ដែលពួកគេចង់អភិវឌ្ឍតាមឲ្យបានកាន់តែពេញលេញ ។ សូមអញ្ជើញសិស្សឲ្យមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយយ៉ាងហោចណាស់នូវបុគ្គលិកលក្ខណៈមួយរបស់ព្រះយេស៊ូវគ្រីស្ទ និងមូលហេតុដែលពួកគេមានអារម្មណ៍ថា បុគ្គលិកលក្ខណៈនេះជាបុគ្គលិកលក្ខណៈដ៏ល្អមួយដែលត្រូវមាន ។

សកម្មភាពរៀនសូត្រដែលអាចមាន

អារម្មណ៍ដែលត្រូវគេធ្វើបាប

សូមអញ្ជើញសិស្សឲ្យព្រាងចម្លើយចំពោះសំណួរខាងក្រោមនេះ ៖

  • តើស្ថានភាពទូទៅអ្វីខ្លះដែលក្មេងជំទង់ម្នាក់អាចត្រូវគេចំអក ចោទប្រកាន់ដោយមិនត្រឹមត្រូវ ឬធ្វើបាបនោះ ?

  • តើមានវិធីអ្វីខ្លះដែលក្មេងជំទង់ធម្មតាម្នាក់អាចឆ្លើយតបទៅនឹងការប្រព្រឹត្តបែបនេះបាន ?

សកម្មភាពនេះមានគោលបំណងផ្តល់ឱកាសឲ្យសិស្សពិភាក្សាអំពីឧទាហរណ៍ទូទៅនៃការចំអក ការចោទប្រកាន់ដោយមិនត្រឹមត្រូវ ឬការត្រូវបានគេធ្វើបាប ។ ប្រសិនបើសិស្សលើកឡើងអំពីការរំលោភបំពានលើរាងកាយ ឬផ្លូវភេទ សូមបញ្ជាក់ឲ្យច្បាស់ថា ការរំលោភបំពានមិនអាចទទួលយកបានទេ ហើយថាយើងមិនគួរទុកឲ្យគេធ្វើបាបយើងនោះទេ ប៉ុន្តែគួរតែស្វែងរកជំនួយពីមជ្ឈិមវ័យដែលគួរឲ្យទុកចិត្តភ្លាមៗ ។ ប្រសិនបើសិស្សរៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនជាមួយការរំលោភបំពានលើផ្លូវកាយ ឬផ្លូវភេទ សូមនិយាយជាមួយពួកគេបន្ទាប់ពីចប់ម៉ោងរៀន ហើយទាក់ទងទៅថ្នាក់ដឹកនាំសាសនាចក្ររបស់ពួកគេភ្លាមៗ ។

ព្រះអម្ចាស់អាចគង់នៅជាមួយយើង ហើយជួយយើងឲ្យរីកចម្រើនពីបទពិសោធន៍ដ៏លំបាកៗបាន ។ ទ្រង់អាចជួយយើងឲ្យឆ្លើយតបនឹងការលំបាក និងការប្រឆាំងតាមរបៀបដូចជាព្រះគ្រីស្ទ ។ សូមគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកអំពីការចំអក ការចោទប្រកាន់ដោយមិនត្រឹមត្រូវ ឬការធ្វើបាប រួមទាំងរបៀបដែលអ្នកបានឆ្លើយតប និងមូលហេតុផងដែរ ។

កាលដែលព្រះយេស៊ូវគ្រីស្ទឈានចូលជិតដល់ព្រឹត្តិការណ៍ចុងក្រោយនៃព្រះជន្មរបស់ទ្រង់ ទ្រង់ត្រូវបានគេចំអក ចោទប្រកាន់ដោយមិនត្រឹមត្រូវ និងត្រូវបានគេធ្វើបាប ។ កាលអ្នកសិក្សាព្រឹត្តិការណ៍ចុងក្រោយនៃព្រះជន្មរបស់ព្រះអង្គសង្គ្រោះទាំងនេះ សូមរកមើលបុគ្គលិកលក្ខណៈដែលជួយទ្រង់ឲ្យស៊ូទ្រាំដោយស្មោះត្រង់ ដើម្បីបំពេញបេសកកម្មរបស់ទ្រង់ ។ សូមពិចារណាដោយការអធិស្ឋានអំពីរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់ទ្រង់ផងដែរ ។

ព្រះយេស៊ូវត្រូវបានកាត់ទោស ហើយថ្កោលទោសប្រហារជីវិតដោយអយុត្តិធម៌

សូមបង្ហាញ សង្ខេប ឬចែកចាយព័ត៌មានខាងក្រោមនេះដោយសង្ខេបៗ ៖

បន្ទាប់ពីព្រះយេស៊ូវបានរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានីមក នោះទ្រង់ត្រូវបានគេចាប់ព្រះកាយ ហើយពួកមេដឹកនាំសាសន៍យូដា ( ពួកសានហេឌ្រីន ) បានកាត់ទោសទ្រង់ និងថ្កោលទោសប្រហារជីវិតទ្រង់ដោយអយុត្តិធម៌ ។ យ៉ាងណាមិញ ដោយសារអ៊ីស្រាអែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រ៉ូម នោះមានតែពួករ៉ូមប៉ុណ្ណោះទើបអាចអនុញ្ញាតឲ្យធ្វើការប្រហារជីវិតបាន ។ ហេតុនេះហើយ បានជាពួកយូដាបានបញ្ជូនព្រះយេស៊ូវទៅលោកពីឡាត់ ជាមេដឹកនាំរ៉ូមនៅស្រុកយូដា ដោយចោទប្រកាន់ទ្រង់ពីបទបះបោរប្រឆាំងនឹងរដ្ឋាភិបាលរ៉ូមដែលបានអះអាងថាជា « ស្តេចរបស់សាសន៍យូដា » ( សូមមើល ម៉ាកុស ១៥:២ ) ។ លោកពីឡាត់បានបញ្ជូនព្រះយេស៊ូវទៅហេរ៉ូឌ អាន់ទីប៉ាស ដែលគង់នៅក្រុងយេរូសាឡិមដើម្បីធ្វើពិធីបុណ្យរំលង ដោយសង្ឃឹមថាស្ដេចហេរ៉ូឌនឹងកាត់ទោសព្រះអង្គនៅស្រុកកាលីឡេ ប៉ុន្តែស្ដេចហេរ៉ូឌបានបញ្ជូនព្រះយេស៊ូវត្រឡប់មកលោកពីឡាត់វិញ ។

សូមពិចារណាចាត់ដំណើររឿងឲ្យសិស្សអាន ដើម្បីធានាថាដំណើររឿងទាំងអស់ត្រូវបានអាន ។

សូមអានដំណើររឿងពីរ ឬច្រើនខាងក្រោមនេះ ដែលរៀបរាប់ឡើងវិញអំពីរបៀបដែលព្រះយេស៊ូវត្រូវបានចោទប្រកាន់ និងថ្កោលទោសដោយអយុត្តិធម៌នៅទីបំផុត ។ ពេលអ្នកអាន សូមរកមើលរបៀបដែលព្រះយេស៊ូវបានឆ្លើយតបក្នុងស្ថានភាពនីមួយៗទាំងនេះ ។ សូមចងចាំថា ទ្រង់មានព្រះចេស្តាដើម្បីរំដោះព្រះកាយទ្រង់ចេញពីស្ថានភាពទាំងនេះបាន ( សូមមើល ម៉ាថាយ ២៦:៥២–៥៤ ) ។

១. ពួកសានហេឌ្រីនបានសួរចម្លើយព្រះយេស៊ូវ ។ សូមអាន ម៉ាថាយ ២៦:៥៧–៦៨ ឬមើលវីដេអូ « Jesus Is Tried by Caiaphas, Peter Denies Knowing Him » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ១:៣៩ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

4:25

២. លោកពីឡាត់បានសួរចម្លើយព្រះយេស៊ូវ ។ សូមអាន យ៉ូហាន ១៨:៣៣–៤០ ឬមើលវីដេអូ « Jesus Is Condemned Before Pilate » ( ៣:១៩ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org សម្រាប់ការបង្ហាញមួយអំពីការកាត់ក្តីនៅចំពោះមុខលោកពីឡាត់ ។

3:19

ជម្រើសវីដេអូបន្ថែមសម្រាប់ព្រឹត្តិការណ៍នេះគឺ « To This End Was I Born » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមមើលពីលេខកូដម៉ោង ០:០០ ដល់ ៤:០៣ និងពីលេខកូដម៉ោង ១១:៣១ ដល់ ១៣:៥៤ ។

27:12
27:12

៣. ព្រះយេស៊ូវគង់នៅចំពោះព្រះភ័ក្រ្តរបស់ស្តេចហេរ៉ូឌ ។ សូមអាន លូកា ២៣:៨–១១

៤. ព្រះយេស៊ូវត្រូវទាហានរ៉ូមវាយនឹងរំពាត់ ហើយក្រោយមកលោកពីឡាត់បានសួរចម្លើយជាលើកទីពីរ ។ សូមអាន យ៉ូហាន ១៩:១–១៦ ឬមើលវីដេអូ « Jesus Is Scourged and Crucified » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ២:០៣ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ វាអាចមានប្រយោជន៍ក្នុងការដឹងថា រំពាត់គឺជាខ្សែដែលជារឿយៗមានរបស់មុតស្រួច ( ដូចជាបំណែកដុំថ្ម ដែក ឬឆ្អឹង ) ដែលត្បាញចូលទៅក្នុងខ្សែជាច្រើន ។ មនុស្សជាច្រើនមិនអាចទ្រាំទ្រនឹងការវាយដំឡើយ ដោយសារមានរបួសលើរូបកាយជាច្រើនដែលបានបណ្តាលមកពីការវាយដំនេះ ។

4:49

វីដេអូបន្ថែមទៀតដែលបង្ហាញពីព្រឹត្តិការណ៍នេះមាន « To This End Was I Born » ( សូមមើលពីកូដម៉ោង ១៣:៥៤ ដល់ ១៧:២២ ) និង « Finding Faith in Christ » ( សូមមើលពីលេខកូដម៉ោង ២០:៤៤ ដល់ ២១:៤៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

27:12

នៅពេលសិស្សចែកចាយចម្លើយចំពោះសំណួរខាងក្រោមនេះ សូមព្យាយាមបញ្ចូលចម្លើយពីសិស្សដែលបានអានដំណើររឿងផ្សេងៗ ។

  • តើព្រះអង្គសង្រ្គោះបានឆ្លើយតបនៅក្នុងស្ថានភាពទាំងនេះដោយរបៀបណា ?

  • ហេតុអ្វីបានជាអ្នកគិតថាព្រះអង្គសង្គ្រោះអាចឆ្លើយតបបែបនោះ ?

បុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ

សូមអាន នីហ្វៃ ទី១ ១៩:៩ និងសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ដោយរកមើលការយល់ដឹងអំពីបុគ្គលិកលក្ខណៈរបស់ព្រះអង្គសង្រ្គោះ ។

អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយដូចតទៅនេះ ៖

Official portrait of Elder Robert D. Hales of the Quorum of the Twelve Apostles, 2003

ដើម្បីឆ្លើយតបតាមរបៀបដូចជាព្រះគ្រីស្ទ គឺពុំអាចឆ្លើយតបដោយការសរសេរទុកមុន ឬផ្អែកទៅលើរូបមន្ដមួយនោះទេ ។ ព្រះអង្គសង្គ្រោះបានឆ្លើយតបផ្សេងៗគ្នានៅគ្រប់ស្ថានភាពទាំងអស់ ។ នៅពេលទ្រង់ត្រូវប្រឈមនឹងស្ដេចហេរ៉ូឌដ៏ទុច្ចរិត នោះទ្រង់នៅស្ងៀម ។ នៅពេលទ្រង់គង់នៅចំពោះលោកពីឡាត់ ទ្រង់បានថ្លែងទីបន្ទាល់ដ៏សាមញ្ញ និងពោរពេញដោយព្រះចេស្តាអំពីទេវភាព និងគោលបំណងរបស់ទ្រង់ ។

មនុស្សខ្លះគិតខុសថា ការឆ្លើយតបដូចជា ការស្ងៀមស្ងាត់ ស្លូតបូត ការអភ័យទោស និងការថ្លែងទីបន្ទាល់ដ៏រាបសាគឺមិនសកម្ម ឬទន់ខ្សោយ ។ ប៉ុន្តែត្រូវ « ស្រឡាញ់ពួកខ្មាំងសត្រូវ [ យើង ] ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា [ យើង ] ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់ [ យើង ] ហើយត្រូវអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខ [ យើង ] បៀតបៀនដល់ [ យើង ] » ( ម៉ាថាយ ៥:៤៤ ) ត្រូវមានសេចក្តីជំនឿ កម្លាំង និងអ្វីដែលសំខាន់បំផុត គឺសេចក្តីក្លាហានរបស់គ្រិស្ដសាសនិក ។

( រ៉ូបឺត ឌី ហែល « Christian Courage: The Price of Discipleship » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧២ )

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

សូមពិចារណាផងដែរអំពីរបៀបដែលលោកចៅហ្វាយត្រូវបានចោទប្រកាន់ និងថ្កោលទោសចំពោះមុខលោកពីឡាត់ដើម្បីយកទៅឆ្កាង [ សូមមើល ម៉ាថាយ ២៧:២ , ១១–២៦ ] ។… ភាពស្លូតបូតរបស់ព្រះអង្គសង្គ្រោះត្រូវបានបង្ហាញឡើងនៅក្នុងការឆ្លើយតបដ៏មានវិន័យរបស់ទ្រង់ ការគ្រប់គ្រងខ្លួនឯងដ៏រឹងប៉ឹង និងការគ្មានព្រះទ័យប្រើប្រាស់ព្រះចេស្តាដែលគ្មានព្រំដែនរបស់ទ្រង់សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួនព្រះអង្គឡើយ ។

( ដេវីឌ អេ បែដណា « Meek and Lowly of Heart » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣៣ )

  • តើអ្នករៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះមកពីរបៀបដែលទ្រង់បានឆ្លើយតបនៅអំឡុងកាលៈទេសៈដ៏លំបាកទាំងនេះ ?

  • តើទង្វើរបស់ព្រះអង្គសង្រ្គោះបង្ហាញ « សេចក្ដីមេត្តាករុណា និងការអត់ធ្មត់ ដែលទ្រង់មានចំពោះកូនចៅ » ដោយរបៀបណា ? ( នីហ្វៃ ទី១ ១៩:៩ ) ។

  • តើការដឹងថា ព្រះយេស៊ូវគ្រីស្ទមានបុគ្គលិកលក្ខណៈទាំងនេះជួយអ្នកឲ្យស្រឡាញ់ និងទុកចិត្តលើទ្រង់បន្ថែមទៀតដោយរបៀបណា ?

វាមានសារៈសំខាន់ដើម្បីកត់សម្គាល់ថា នៅឱកាសជាច្រើន ព្រះអង្គសង្គ្រោះឲ្យអ្នកដទៃទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេយ៉ាងអង់អាច ( សូមមើល ម៉ាកុស ១១:១៥–១៧ , យ៉ូហាន ២:១៣–១៦ , គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤៨–៥១ ) ។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ យើងចង់ឆ្លើយតបចំពោះការចំអក ការចោទប្រកាន់មិនត្រឹមត្រូវ ឬការធ្វើបាបដោយសេចក្តីស្រឡាញ់ ក្លាហាន និងសុភាពរាបសា ។ ទោះជាយ៉ាងណាក៏ដោយ ការណ៍នេះមិនមានន័យថាយើងគួរតែបណ្តោយឲ្យអ្នកដទៃរំលោភបំពាន ឬធ្វើឲ្យយើងគ្រោះថ្នាក់ឡើយ ។ « ព្រះអម្ចាស់ថ្កោលទោសចំពោះអាកប្បកិរិយារំលោភបំពាននៅគ្រប់ទម្រង់ទាំងអស់—រួមទាំងការធ្វេសប្រហែស និងការរំលោភបំពានទាំងផ្លូវកាយ ផ្លូវភេទ ឬពាក្យសម្ដី » ( លិខិតរបស់គណៈប្រធានទីមួយ « Preventing and Responding to Abuse » ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ ) ។ ប្រសិនបើយើងទទួលរងការរំលោភបំពាន នោះវាជាការសំខាន់ដើម្បីស្វែងរកជំនួយពីមជ្ឈិមវ័យដែលយើងទុកចិត្តភ្លាម ៗ ។

  1. សូមគិតពីគ្រាដែលអ្នកមានអារម្មណ៍ថាគេចំអក ចោទប្រកាន់មិនត្រឹមត្រូវ ឬធ្វើបាប ។ សូមស្វែងរកជំនួយរបស់ព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹងពីរបៀបត្រឹមត្រូវដូចជាព្រះគ្រីស្ទ ដែលយើងអាចឆ្លើយតបចំពោះស្ថានភាពនេះបាន ។ សូមសរសេរអ្វីដែលអ្នកបានធ្វើល្អ និងរបៀបដែលអ្នកអាចចង់អភិវឌ្ឍខ្លួនរបស់យើង ។

  2. សូមសរសេរឧទាហរណ៍ ឬកាលៈទេសៈចំនួនពីរដែលការចងចាំដល់បុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទបានជួយ ឬអាចជួយដល់អ្នក ។ តើជីវិតរបស់អ្នកនឹងខុសប្លែកយ៉ាងដូចម្ដេច បើអ្នកខិតខំយ៉ាងខ្ជាប់ខ្ជួនដើម្បីអភិវឌ្ឍបុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទនោះ ?

  3. សូមជ្រើសរើសបុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទមួយដែលអ្នកចង់អភិវឌ្ឍឲ្យបានកាន់តែពេញលេញ ។ សូមគិតពីគ្រានៅសម័យរបស់អ្នក នៅពេលដែលអ្នកអាចអនុវត្តការប្រើប្រាស់បុគ្គលិកលក្ខណៈនេះបាន ។

សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានសរសេរ ។ សូមផ្តល់ការលើកទឹកចិត្ត ហើយពិចារណាចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនថា នៅពេលសិស្សងាកទៅរកព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងជួយពួកគេឲ្យអភិវឌ្ឍបុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទ ដែលពួកគេបានស្វែងរក ។

វិចារណកថា និង ព័ត៌មានសាច់រឿង

យ៉ូហាន ១៨:៣៦ ។ តើនគរអ្វីដែលព្រះយេស៊ូវមានព្រះបន្ទូលអំពី ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀន ៖

Portrait of Elder D. Todd Christofferson. Photographed in March 2020.

នៅពេល ដានីយ៉ែល បានបកស្រាយសុបិនស្ដេចក្រុងបាប៊ីឡូនព្រះនាមនេប៊ូក្នេសា ដោយបានទូលថ្វាយដល់ទ្រង់ « ពីការដែលត្រូវកើតមកនៅថ្ងៃក្រោយ » [ ដានីយ៉ែល ២:២៨ ] លោកបានប្រកាសថា « ព្រះនៃស្ថានសួគ៌ទ្រង់ [ នឹង ] តាំងនគរមួយឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរ [ ផ្សេងទៀត ] នឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច » [ ដានីយ៉ែល ២:៤៤ ] ។ សាសនាចក្រនេះគឺជានគរនៅថ្ងៃចុងក្រោយដែលបានព្យាករ ដែលមិនមែនបង្កើតឡើងដោយមនុស្សទេ ប៉ុន្តែបានរៀបចំឡើងដោយព្រះនៃស្ថានសួគ៌ និងរមៀលទៅមុខដូចជាថ្មដែល « ដាប់ផ្តាច់ចេញពីភ្នំឥតមានដៃអ្នកណាធ្វើ » ដើម្បីបំំពេញផ្ទៃផែនដី [ ដានីយ៉ែល ២:៤៥ ; សូមមើលផងដែរ ខទី ៣៥ ] ។

ជោគវាសនារបស់សាសនាចក្រនេះគឺដើម្បីស្ថាបនាក្រុងស៊ីយ៉ូនក្នុងការត្រៀមខ្លួនទទួលការយាងត្រឡប់មកវិញ និងការគ្រងរាជ្យមួយពាន់ឆ្នាំរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពីមុនថ្ងៃនោះមកដល់ វានឹងគ្មាននគរមួយ ដែលស្ថិតនៅក្នុងទិដ្ឋភាពណាមួយខាងនយោបាយឡើយ—ដូចដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលថា « នគរខ្ញុំមិនមែន ត្រូវ ខាងលោកីយ៍នេះទេ » [ យ៉ូហាន ទី១៨:៣៦ ; បានបន្ថែមការបញ្ជាក់ ] ។ ផ្ទុយទៅវិញ វាគឺជាឃ្លាំងនៃសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដីជាទីចាត់ចែងសេចក្ដីសញ្ញាបរិសុទ្ធរបស់ទ្រង់ ជាអ្នកមើលថែព្រះវិហារបរិសុទ្ធបស់ទ្រង់ ជាអ្នកការពារ ហើយប្រកាសសេចក្ដីពិតរបស់ទ្រង់ ជាកន្លែងប្រមូលផ្ដុំអ៊ីស្រាអែលដែលខ្ចាត់ព្រាត់ ហើយ « ជាទីការពារ និងជាទីជម្រកពីព្យុះសង្ឃរា និងពីសេចក្ដីក្រោធដែលឥតលាយក្នុងកាលបានចាក់មកលើផែនដីទាំងមូល » [ គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៦ ] ។

( ឌី ថត គ្រីស្តូហ្វឺសិន « Why the Church » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១១ )

សកម្មភាពរៀនសូត្របន្ថែម

ជម្រើសផ្លាស់ប្តូរការសិក្សារបស់សិស្ស

សូមពិចារណាបំបែកសិស្សជាក្រុមដែលមានគ្នាបួននាក់ ។ សូមចាត់ឲ្យសមាជិកក្រុមម្នាក់ៗនូវដំណើររឿងមួយដូចតទៅនេះ ៖ ម៉ាថាយ ២៧:១១–៣១; ម៉ាកុស ១៥:១–២០; លូកា ២៣:១–២៥;យ៉ូហាន ១៨:២៨–៤០ ; ១៩:១–១៦ ។ សូមឲ្យសិស្សរកមើលសេចក្តីលម្អិតសំខាន់ៗកាលដែលពួកគេអាន ។ ពួកគេអាចប្រៀបធៀបដំណើររឿងទាំងឡាយ ហើយមើលថាតើអ្នកនិពន្ធម្នាក់ៗបានបញ្ចូល ឬលុបចោលអ្វីខ្លះ ។ ( សូមរំឭកសិស្សថា អ្នកនិពន្ធដំណឹងល្អទាំងឡាយមិនមែនកត់ត្រាព្រឹត្តិការណ៍នានាតាមលំដាប់លំដោយដូចគ្នាជានិច្ចនោះទេ ) ។ សូមសួរពីរបៀបដែលការមានអ្នកនិពន្ធនានាផ្តល់ឲ្យនូវការយល់ដឹងពីព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់ ។

ការប្រៀបធៀបព្រះយេស៊ូវ និងលោកពីឡាត់

សូមអញ្ជើញសិស្សឲ្យអាន ម៉ាថាយ ២៧:១១–៣១ ហើយត្រូវប្រៀបធៀបពីរបៀបដែលព្រះយេស៊ូវបានឆ្លើយតប នៅពេលប្រទល់នឹងការជំទាស់ជាមួយនឹងរបៀបដែលលោកពីឡាត់បានឆ្លើយតប ។ សូមអញ្ជើញសិស្សឲ្យពិចារណាពីរបៀបដែលពួកគេអាចធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះបាន និងឈរការពារសេចក្តីពិត ។