ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩
ទិដ្ឋភាពទូទៅ
បន្ទាប់ពីព្រះយេស៊ូវត្រូវបានគេចាប់ព្រះកាយ ហើយកាត់ទោសដោយមិនត្រឹមត្រូវនៅចំពោះមុខពួកមេដឹកនាំសាសន៍យូដាហើយ នោះទ្រង់ត្រូវបានបញ្ជូនទៅកាត់ទោសនៅចំពោះមុខលោកពីឡាត់ទៀត ។ ខណៈពេលដែលទ្រង់កំពុងជួបប្រទះនឹងការឈឺចាប់ដ៏ឃោរឃៅនៃការឆ្កាងនៅលើឈើឆ្កាង នោះពួកខ្មាំងសត្រូវបានចំអកឲ្យទ្រង់ ហើយប្រាប់ទ្រង់ឲ្យរំដោះព្រះកាយទ្រង់ចេញពីការធ្វើទារុណកម្មនេះទៅ ប៉ុន្តែទ្រង់បានស៊ូទ្រាំដោយសុចរិត ។ បន្ទាប់ពីការសុគតរបស់ទ្រង់ ពួកសិស្សរបស់ទ្រង់បានខិតខំប្រឹងប្រែងដើម្បីទទួលបានព្រះសពរបស់ទ្រង់យ៉ាងខ្លាំង ហើយរៀបចំដើម្បីបញ្ចុះព្រះសពរបស់ទ្រង់យ៉ាងយកចិត្តទុកដាក់ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
យ៉ូហាន ១៨:៣៣–៤០; លូកា ២៣:៨–១១
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យរៀនបន្ថែមទៀតអំពីបុគ្គលិកលក្ខណៈរបស់ព្រះអង្គសង្គ្រោះ និងរបៀបដែលពួកគេអាចធ្វើតាមគំរូរបស់ទ្រង់បាន ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ហើយគិតអំពីលក្ខណៈណាមួយរបស់ទ្រង់ដែលពួកគេចង់អភិវឌ្ឍតាមឲ្យកាន់តែពេញលេញ ។ សូមអញ្ជើញសិស្សឲ្យមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយយ៉ាងហោចណាស់នូវបុគ្គលិកលក្ខណៈមួយរបស់ព្រះយេស៊ូវគ្រីស្ទ និងមូលហេតុដែលពួកគេមានអារម្មណ៍ថា បុគ្គលិកលក្ខណៈនេះជាបុគ្គលិកលក្ខណៈដ៏ល្អមួយដែលត្រូវមាន ។
-
វីដេអូ ៖ « Jesus Is Tried by Caiaphas, Peter Denies Knowing Him » ( ៤:២៤; សូមមើលចាប់ពីលេខកូដម៉ោង ០:០០ ដល់ ១:៣៩ ); « Jesus Is Condemned before Pilate » ( ៣:១៨ ); « Jesus Is Scourged and Crucified » ( ៤:៤៨; សូមមើលពីលេខកូដម៉ោង ០:០០ ដល់ ២:០៣ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីស្វែងយល់ថាតើដំណើររឿងណាមួយនៃការកាត់ទោសព្រះអង្គសង្គ្រោះដែលសិស្សនឹងអាន សូមអញ្ជើញពួកគេឲ្យលើកម្រាមដៃមួយដល់បួននៅលើដៃរបស់ពួកគេ ហើយបង្ហាញដល់សិស្សក្នុងថ្នាក់ ។ បន្ទាប់មក សូមបង្ហាញដំណើររឿងផ្សេងគ្នាដែលមានពីលេខមួយដល់លេខបួន ។ សូមអញ្ជើញសិស្សឲ្យអានដំណើររឿងដែលត្រូវនឹងចំនួនម្រាមដៃដែលពួកគេបានលើក ។
ម៉ាថាយ ២៧:២៤–៦៦; ម៉ាកុស ១៥:១៥–៣៨
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែច្បាស់ និងដឹងគុណដល់ការរងទុក្ខ និងការសុគតរបស់ព្រះអង្គសង្គ្រោះនៅលើឈើឆ្កាង ដែលជាចំណុចដ៏សំខាន់នៃដង្វាយធួនរបស់ទ្រង់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន ម៉ាថាយ ២៧:៣៥–៥០ ឬសេចក្តីថ្លែងការណ៍របស់ប៊ីស្សព ហ្គែរ៉ល កូសសេ ពីមេរៀននេះ ។ សូមឲ្យពួកគេមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយពីអត្ថន័យនៃការសុគតរបស់ព្រះអង្គសង្គ្រោះចំពោះពួកគេម្នាក់ៗផ្ទាល់ ។
-
វីដេអូ ៖ « Jesus Is Scourged and Crucified » ( ៤:៤៨; សូមមើលពីលេខកូដម៉ោង ១:០៤ ដល់ ៤:៤៨ ); « None Were with Him » ( ១៨:១២; សូមមើលពីលេខកូដម៉ោង ៩:០០ ដល់ ១២:៣៧ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញរូបភាព និងសេចក្តីថ្លែងការណ៍ និងបង្ហាញវីដេអូនានា ដើម្បីជួយអ្នករៀនសូត្រដោយជំនួយចក្ខុ ឲ្យសកម្មនៅក្នុងការប្រើប្រាស់ឯកសារនេះ ។ ផងដែរ ដើម្បីធ្វើឲ្យមេរៀនកាន់តែទាក់ទាញនៅលើប្រព័ន្ធផ្សព្វផ្សាយ សូមពិចារណាទាញយកបទចម្រៀងអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះពីគេហទំព័រ ChurchofJesusChrist.org ហើយចាក់វាខណៈពេលដែលសិស្សធ្វើសកម្មភាពចុងក្រោយនេះ ។
លូកា ២៣:៣៣–៤៦; យ៉ូហាន ១៩:២៦–៣០
គោលបំណងមេរៀន ៖ មេរៀននេះគឺមានគោលបំណងជួយសិស្សឲ្យគិតអំពីអ្វីដែលពួកគេអាចរៀនពីគំរូរបស់ព្រះអង្គសង្គ្រោះអំឡុងពេលការឆ្កាងរបស់ទ្រង់ និងពីរបៀបដែលវាមានឥទ្ធិពលលើអារម្មណ៍ និងបំណងប្រាថ្នារបស់ពួកគេ ដើម្បីក្លាយកាន់តែដូចទ្រង់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលបានបង្ហាញពីការអាណិតអាសូរ ឬសេចក្ដីមេត្តាករុណា សូម្បីតែខ្លួនឯងកំពុងជួបប្រទះបញ្ហាលំបាកក៏ដោយ ។
-
រូបភាពដែលត្រូវបង្ហាញ ៖ រូបភាពនៃព្រឹត្តិការណ៍ផ្សេងៗនៃថ្ងៃចុងក្រោយនៃព្រះជន្មរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ—ដូចជា ការរងទុក្ខរបស់ទ្រង់នៅសួនច្បារគែតសេម៉ានី ការកាត់ទោសដោយពួកមេដឹកនាំសាសន៍យូដា ការកាត់ទោសដោយលោកពីឡាត់ និងស្ដេចហេរ៉ូឌ ការវាយនឹងរំពាត់ និងការឆ្កាង—ប្រសិនបើចង់បាន
-
វីដេអូ ៖ « Love One Another as He Has Loved Us » ( ៩:៤៣; សូមមើលពីលេខកូដម៉ោង ៣:២២ ដល់ ៧:៥៤ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាចែកចាយអេក្រង់របស់អ្នកធ្វើជាក្តារខៀន ។ សិស្សអាចវាយបញ្ចូលសេចក្ដីពិតដែលពួកគេរៀនអំពីព្រះយេស៊ូវគ្រីស្ទពេញមួយមេរៀននេះដាក់នៅលើក្ដារខៀនបាន ។ ក្រោយមកនៅក្នុងមេរៀននេះ ពួកគេក៏អាចរាយបញ្ជីវិធីដែលពួកគេអាចប្រែដូចជាព្រះយេស៊ូវគ្រីស្ទបានខ្លាំងជាងនេះផងដែរ ។
ម៉ាថាយ ២៧:៥០–៦៦; ម៉ាកុស ១៥:៣៩–៤៧; លូកា ២៣:៤៦–៥៦; យ៉ូហាន ១៩:៣៨–៤២
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់ និងសញ្ជឹងគិតពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់ពួកគេ និងអ្វីដែលពួកគេអាចធ្វើបាន ដើម្បីបង្ហាញការគោរពប្រតិបត្តិ និងការដឹងគុណចំពោះទ្រង់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់ពួកគេ ហើយធ្វើបញ្ជីនៃវិធីដែលពួកគេអាចបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះទ្រង់បាន ។
-
វត្ថុ ៖ រូបភាពនៃមនុស្សជាទីស្រឡាញ់ដែលបានលាចាកលោក ឬបើមាន ពិធីបុណ្យសព ឬកម្មវិធីមួយពីពិធីបុណ្យសព
-
រូបភាព ៖ ដ្យាក្រាមសាមញ្ញមួយនៃព្រះវិហារបរិសុទ្ធក្រុងយេរូសាឡិមនៅក្នុងព្រះគម្ពីរសញ្ញាថ្មីនៅលើក្តារខៀន រូបភាពនៃផ្នូរ ជ័រល្វីងទេស និងគ្រឿងទេស
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យរៀបចំដើម្បីចែកចាយនូវអ្វីដែលពួកគេចង់ចងចាំអំពីមនុស្សជាទីស្រឡាញ់ដែលបានទទួលមរណភាព និងរបៀបដែលពួកគេស្រឡាញ់ និងគោរពប្រតិបត្តិដល់ពួកលោក ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ១១
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យពិនិត្យឡើងវិញនូវសេចក្តីពិតដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយនិងជួយពួកគេឲ្យរៀនអនុវត្តសេចក្តីពិតទាំងនេះក្នុងស្ថានភាពផ្សេងៗ ។
-
ការរៀបចំរបស់សិស្ស ៖ ប្រសិនបើអាចធ្វើបាន សូមផ្តល់ឲ្យសិស្សនូវច្បាប់ចម្លងនៃសំណៅចែកដែលមាននៅក្នុងមេរៀននេះ ។ សូមអញ្ជើញពួកគេឲ្យពិនិត្យមើលឡើងវិញនូវសេចក្ដីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាគន្លឹះ ។ សូមឲ្យពួកគេគិតអំពីស្ថានភាពនានា ដែលសេចក្តីពិតនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងនេះ អាចមានសារៈប្រយោជន៍ផងដែរ ។
-
គំនូសតាង ៖ គំនូសតាងចំណេះចំណានខាងគោលលទ្ធិដែលត្រូវបង្ហាញនៅលើក្ដារខៀន ឬជាឯកសារចែក
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាសសម្រាប់សរសេរ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សទាំងអស់បានសរសេរស្ថានភាពនៅលើក្រដាសមួយហើយ សូមជ្រើសរើសសិស្សម្នាក់ដើម្បីបង្ហាញពីស្ថានភាពរបស់ពួកគេដល់សិស្សក្នុងថ្នាក់ ។ វាអាចមានសារៈប្រយោជន៍ក្នុងការអញ្ជើញសិស្សនៅក្នុងថ្នាក់រៀនឲ្យជ្រើសរើសទិដ្ឋភាពវាគ្មិននៅលើសុសវែរសន្និសីទវីដេអូរបស់ពួកគេ ( មិនមែនទិដ្ឋភាពវិចិត្រសាលនោះទេ ) ដើម្បីមើលឃើញកាន់តែច្បាស់អំពីអ្វីដែលសិស្សបានសរសេរ ។ បន្ទាប់មក សិស្សអាចឆ្លើយតបនឹងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលអាចជួយដល់នរណាម្នាក់នៅក្នុងស្ថានភាពនោះបាន ។ បន្ទាប់មក សិស្សនោះអាចជ្រើសរើសសិស្សម្នាក់ទៀតដើម្បីបង្ហាញពីស្ថានភាពរបស់ពួកគេជាបន្តបន្ទាប់ ។