ថ្នាក់​សិក្ខាសាលា
លូកា ២៣:៣៣–៤៦; យ៉ូហាន ១៩:២៦–៣០


លូកា ២៣:៣៣–៤៦; យ៉ូហាន ១៩:២៦–៣០

សេចក្តីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះនៅលើឈើឆ្កាង

Women at the foot of the cross, Bible Video stills, From “Jesus is Scourged and Crucified”

អ្វីដែលព្រះយេស៊ូវបានមានព្រះបន្ទូលពេលទ្រង់គង់លើឈើឆ្កាងបង្ហាញពីបុគ្គលិកលក្ខណៈទ្រង់ និងគុណលក្ខណៈដ៏ទេវភាពរបស់ទ្រង់ ។ នៅពេលអ្នកសិក្សា សូមព្យាយាមបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីក្លាយដូចជាព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំង នៅពេលអ្នករៀនពីគំរូរបស់ទ្រង់ នៅពេលគេឆ្កាងទ្រង់ ។

ការបង្កើតឲ្យមានចំណាប់អារម្មណ៍នៃគោលបំណង ។ ការមានគោលបំណងបង្រួបបង្រួមដែលច្បាស់លាស់សម្រាប់ទាំងគ្រូ និងសិស្សអាចបង្កើនសេចក្តីជំនឿ និងផ្តល់ការណែនាំ និងអត្ថន័យដល់បទពិសោធន៍ក្នុងថ្នាក់រៀន ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយត្រៀមខ្លួនដើម្បីចែកចាយអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលបានបង្ហាញពីក្តីអាណិតអាសូរ ឬសេចក្ដីមេត្តាករុណា សូម្បីតែកំពុងជួបប្រទះបញ្ហាលំបាកក៏ដោយ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការខ្វល់ខ្វាយអំពីអ្នកដទៃ

សូមពិចារណាអំពីសំណួរខាងក្រោមនេះ ៖តើអ្នកឧស្សាហ៍បង្ហាញការអាណិតអាសូរដល់អ្នកដទៃដែរឬទេ ? ហេតុអ្វីបង្ហាញ ឬហេតុអ្វីមិនបង្ហាញ ?

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមរាយបញ្ជីស្ថានភាពដែលវាពិបាកសម្រាប់អ្នកក្នុងការយកចិត្តទុកដាក់ចំពោះកង្វល់ និងសុខុមាលភាពរបស់អ្នកដទៃ ។ សូមពន្យល់ពីមូលហេតុដែលស្ថានភាពទាំងនោះធ្វើឲ្យអ្នកពិបាកធ្វើយ៉ាងដូច្នេះ ។

ជំនួសឲ្យការសរសេរពីស្ថានភាពទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ សិស្សអាចសរសេរចម្លើយរបស់ពួកគេដាក់នៅលើក្តារខៀនបាន ។ ម៉្យាងទៀត សិស្សអាចឈរនៅខាងមុខក្ដារខៀនធ្វើជាអ្នកសរសេរ ខណៈដែលថ្នាក់រៀនមានពេលពីរនាទីដើម្បីសរសេរចម្លើយឲ្យបានច្រើនតាមដែលពួកគេអាចធ្វើបាន ហើយពន្យល់អំពីចម្លើយរបស់ពួកគេបន្ទាប់ពីពួកគេបានសរសេរហើយ ។

សូមពិចារណាឆ្លើយតបទៅនឹងការបំផុសគំនិតខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើជីវិតរបស់អ្នកអាចប្រសើរឡើងដោយរបៀបណា បើអ្នកបង្ហាញចិត្តអាណិតអាសូរដល់អ្នកដទៃ ទោះជាអ្នកស្ថិតក្នុងស្ថានភាពលំបាកក៏ដោយនោះ ?

នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសដើម្បីសិក្សាគំរូរបស់ព្រះអង្គសង្គ្រោះអំពីការជួយអ្នកដទៃ សូម្បីតែអំឡុងពេលទ្រង់កំពុងឈឺចាប់នៅលើឈើឆ្កាងក្តី ។ នៅពេលអ្នកសិក្សាគំរូរបស់ព្រះអង្គសង្គ្រោះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យកាន់តែមានចិត្តចង់ក្លាយដូចជាទ្រង់ខ្លាំងឡើង ។

បទពិសោធន៍មុន និងអំឡុងពេលនៃការឆ្កាង

សូមរំឭកពីបទពិសោធន៍របស់ព្រះអង្គសង្គ្រោះមុន និងអំឡុងពេលការឆ្កាងរបស់ទ្រង់ ៖

សូមពិចារណាអញ្ជើញសិស្សឲ្យរំឭកពីព័ត៌មានលម្អិតខាងក្រោមនេះជាជាងប្រាប់ពួកគេ ។ វាអាចមានប្រយោជន៍ក្នុងការបង្ហាញរូបភាពនៃព្រឹត្តិការណ៍មួយចំនួន ឬទាំងអស់ដូចខាងក្រោម ។

  • ទ្រង់បានរងទុក្ខសម្រាប់អំពើបាបនៃពិភពលោកនេះនៅក្នុងសួនច្បារគែតសេម៉ានី ( សូមមើល លូកា ២២:៣៩–៤៤ ) ។

  • យូដាសបានក្បត់ទ្រង់ ហើយសាវករបស់ទ្រង់បានបោះបង់ចោលទ្រង់ ( សូមមើល ម៉ាកុស ១៤:៤៣–៥០ ) ។

  • មេដឹកនាំសាសន៍យូដាបានកាត់ទោស វាយដំ និងស្ដោះទឹកមាត់ដាក់ទ្រង់ ( សូមមើល ម៉ាថាយ ២៦:៥៧–៦៨ ) ។

  • លោកពីឡាត់ និងស្ដេចហេរ៉ូឌបានសួរចម្លើយទ្រង់ ហើយស្ដេចហេរ៉ូឌ និងទាហានរបស់ទ្រង់បានចំអកដល់ទ្រង់ ( លូកា ២៣:១–២៤ ) ។

  • ពួកទាហានរ៉ូមបានវាយដំទ្រង់យ៉ាងព្រៃផ្សៃ ( សូមមើល ម៉ាថាយ ២៧:២៦–៣១ ) ។

  • ទ្រង់បានលីឈើឆ្កាងរបស់ទ្រង់យ៉ាងហោចពាក់កណ្តាលផ្លូវទៅកាន់គាល់កូថា ( សូមមើល យ៉ូហាន ១៩:១៦–១៧ ) ។

  • គេវាយដែកគោលលើព្រះហស្ត និងព្រះបាទាទ្រង់នៅចន្លោះចោរពីរនាក់ ( សូមមើល លូកា ២៣:៣៣ ; សូមមើលផងដែរ យ៉ូហាន ២០:២៥ ) ។

  • គេឆ្កាងទ្រង់នៅលើឈើឆ្កាង ( សូមមើល ម៉ាថាយ ២៧:៤៥–៥០ ; ម៉ាកុស ១៥:២៥ ) ។

សូមគិតអំពីរបៀបដែលព្រឹត្តិការណ៍ទាំងនេះជះឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់បានស៊ូទ្រាំដើម្បីអ្នក ។សូមអានវគ្គបទគម្ពីរខាងក្រោម ដែលមានសេចក្តីថ្លែងការណ៍ដែលព្រះអង្គសង្គ្រោះបានធ្វើនៅពេលទ្រង់នៅលើឈើឆ្កាង ។ សូមស្វែងរកសេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទចេញពីសេចក្តីថ្លែងការណ៍របស់ទ្រង់ ហើយសរសេរវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

សូមបង្ហាញជំនួយបរិបទខាងក្រោម និងវគ្គបទគម្ពីរ ៖

លូកា ២៣:៣៣–៣៤ ។ ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលទាំងនេះអំពីទាហានដែលបានឆ្កាងទ្រង់ ( សូមមើលការបកប្រែដោយយ៉ូសែប ស្ម៊ីធ នៃខគម្ពីរនេះនៅក្នុង លូកា ២៣:៣៤ ) ។

លូកា ២៣:៣៩–៤៣ ។ ខគម្ពីរទាំងនេះកត់ត្រានូវអ្វីដែលចោរដែលបានឆ្កាងជាមួយព្រះអង្គសង្គ្រោះបាននិយាយ និងរបៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតប ។ ( សូមចំណាំថា ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា នៅពេលព្រះអង្គសង្គ្រោះមានព្រះបន្ទូលពីចោរទាំងនេះ ដែលកំពុងនៅជាមួយទ្រង់ក្នុងស្ថានសួគ៌ នោះទ្រង់កំពុងបង្រៀនចោរទាំងនោះថា « យើងនឹងនៅជាមួយឯងនៅឯពិភពវិញ្ញាណ ហើយនឹងបង្រៀនឯង ឬឆ្លើយសំណួររបស់ឯង » [ « Discourse ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ១៨៤៣–A ដូចដែលបានរៀបរាប់ដោយ វិលហ្វួឌ វូឌដ្រុព្វ » ទំព័រ ៤៤ នៅលើគេហទំព័រ josephsmithpapers.org ] ) ។

យ៉ូហាន ១៩:២៦–២៧ ។ ខគម្ពីរទាំងនេះកត់ត្រានូវអ្វីដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលទៅកាន់មាតាទ្រង់ ម៉ារា និងសាវកយ៉ូហាន ។

សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានសរសេរ ។ សូមពិចារណាសួរសំណួរតាមដានដូចខាងក្រោមនេះ ៖

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលមានអត្ថន័យបំផុតសម្រាប់អ្នក ? ហេតុអ្វីទៅ ?

នៅពេលសិស្សចែកចាយ សូមពិចារណាសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។ សិស្សអាចលើកឡើងអំពីគោលការណ៍ដូចខាងក្រោម ៖

យើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទបាន តាមរយៈការជ្រើសរើសធ្វើការអភ័យទោសដល់អ្នកទាំងឡាយដែលប្រព្រឹត្តមិនល្អដាក់យើង ។ យើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទបាន តាមរយៈការជ្រើសរើសជួយអ្នកដទៃ សូម្បីតែពេលយើងមានការខ្វះខាតក៏ដោយ ។

  • តើអ្នកចង់ក្លាយដូចជាព្រះអង្គសង្គ្រោះតាមរបៀបណាខ្លះ ? ហេតុអ្វីទៅ ?

ព្រះអង្គសង្គ្រោះមិនគ្រាន់តែគិតអំពីពួកទាហានរ៉ូម ពួកចោរ និងមាតារបស់ទ្រង់ពេលនៅលើឈើឆ្កាងប៉ុណ្ណោះទេ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនពីរបៀបបន្ថែមដែលព្រះអង្គសង្គ្រោះបានផ្តោតលើអ្នកដទៃ ខណៈពេលដែលទ្រង់កំពុងឈឺចាប់ ។

Official portrait of President Russell M. Nelson taken January 2018

ដូចនៅក្នុងគ្រប់រឿងទាំងអស់ដែរ ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏អស្ចារ្យបំផុត ‹ ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង › [ ហេព្រើរ ១២: ] ។ ចូរគិតអំពីរឿងនេះ ! ដើម្បីឲ្យទ្រង់អាចស៊ូទ្រាំនឹងបទពិសោធន៍ដ៏ឈឺចាប់បំផុតដែលទ្រង់បានស៊ូទ្រាំនៅលើផែនដីនេះបាន នោះព្រះអង្គសង្គ្រោះយើងបានផ្តោតព្រះទ័យទ្រង់ទៅលើ សេចក្តីអំណរ !

ហើយតើមានអំណរអ្វីខ្លះដែលនៅចំពោះទ្រង់នោះ ? ប្រាកដណាស់វារួមមានអំណរនៃការជ្រះស្អាត ការព្យាបាល និងការពង្រឹងដល់យើង អំណរនៃការបង់ថ្លៃចំពោះអំពើបាបនៃអស់អ្នកដែលប្រែចិត្ត អំណរនៃការធ្វើឲ្យបងប្អូន និងរូបខ្ញុំអាចត្រឡប់ទៅផ្ទះវិញ—ឲ្យជ្រះស្អាត និងមានភាពស័ក្តិសម—ដើម្បីរស់នៅជាមួយព្រះមាតាបិតា និងក្រុមគ្រួសារសួគ៌ា ។

( រ័សុល អិម ណិលសុន « Joy and Spiritual Survival » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២–៨៣ ) ។

  • តើព្រះអង្គសង្គ្រោះផ្ដោតលើអ្វីខណៈពេលទ្រង់បានរងទុក្ខសម្រាប់យើង ?

  • តើប្រធាន ណិលសុន បង្រៀនអ្នកអ្វីខ្លះអំពីព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះសម្រាប់អ្នក ?

សូមសញ្ជឹងគិតមួយភ្លែតពីសេចក្ដីពិតថា ខណៈពេលដែលព្រះអង្គសង្គ្រោះនៅលើឈើឆ្កាង ទ្រង់បានផ្តោតលើអ្នក និងអំណរនៃការជួយអ្នកឲ្យត្រឡប់ទៅរកព្រះវរបិតាសួគ៌វិញ ។

  • តើវាអាចធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះក្នុងជីវិតអ្នកដើម្បីយល់ពីសេចក្ដីពិតនេះ ? ហេតុអ្វីបានជាចំណេះដឹងនេះនឹងធ្វើឲ្យមានភាពខុសគ្នាយ៉ាងនេះសម្រាប់អ្នក ?

សូមអញ្ជើញសិស្សឲ្យរំឭកពីគំនិត និងអារម្មណ៍របស់ពួកគេមកពីការរៀបចំខ្លួនសម្រាប់ថ្នាក់រៀន ។

  • តើនៅពេលណាដែលអ្នកបានជួយនរណាម្នាក់ ខណៈពេលដែលអ្នកកំពុងជួបប្រទះបញ្ហាប្រឈមមួយ ឬតើនៅពេលណាដែលមាននរណាម្នាក់បានធ្វើបែបនេះសម្រាប់អ្នក ?

ប្រសិនបើការមើលឧទាហរណ៍អាចជួយបាន សូមមើល « Love One Another as He Has Loved Us » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៣:២២ ដល់ ៧:៥៤ ។Love One Another as He Has Loved Us

2:3

សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដោយសញ្ជឹងគិតពីគំរូរបស់ព្រះអង្គសង្គ្រោះ និងអ្វីដែលអ្នកបានទទួលអារម្មណ៍នៅថ្ងៃនេះ ។ សូមស្វែងរករបៀបដែលអ្នកអាចកាន់តែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទក្នុងការបង្ហាញសេចក្ដីស្រឡាញ់ និងការអាណិតអាសូរដល់អ្នកដទៃ សូម្បីតែអំឡុងពេលអ្នកកំពុងមានឧបសគ្គខ្លួនឯងផ្ទាល់ក៏ដោយ ។ បន្ទាប់មក សូមកត់ត្រារបៀបទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមពិនិត្យមើលបញ្ជីដែលអ្នកបានធ្វើ ហើយសូមអធិស្ឋានជ្រើសរើសរបៀបមួយក្នុងចំណោមរបៀបដែលអ្នកអាចកាន់តែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទបាន ។ សូមកំណត់របៀបទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។ សូមអធិស្ឋាន ហើយស្វែងរកឱកាសដើម្បីធ្វើតាមសកម្មភាពនេះ ។

សូមលើកទឹកចិត្តសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយអ្វីដែលពួកគេគ្រោងនឹងធ្វើ ដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។ សូមពិចារណាចែកចាយដំណើររឿងផ្ទាល់ខ្លួន ឬទីបន្ទាល់ដែលទាក់ទង ដើម្បីបញ្ចប់ថ្នាក់ ។

« ការស្រេចហើយ »

បន្ទាប់ពីរងទុក្ខអស់ជាច្រើនម៉ោងនៅលើឈើឆ្កាង ព្រះអង្គសង្គ្រោះបានថ្លែងព្រះបន្ទូលចុងក្រោយរបស់ទ្រង់ ។

សូមអាន យ៉ូហាន ១៩:២៨–៣០ និង លូកា ២៣:៤៦ ។ សូមគូសចំណាំសេចក្តីថ្លែងការណ៍ចុងក្រោយក្នុងព្រះជន្មរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ ។

  • តើសេចក្ដីថ្លែងការណ៍ទាំងនេះអាចជួយយើងឲ្យយល់អ្វីខ្លះអំពីព្រះអង្គសង្គ្រោះ និងបេសកកម្មរបស់ទ្រង់ ?

ដូចជាព្រះអង្គសង្គ្រោះដែរ យើងអាចបំពេញនូវអ្វីដែលព្រះវរបិតាចង់ឲ្យយើងធ្វើនៅក្នុងជីវិតរបស់យើងបាន ។ សូមចងចាំចំណុចនេះ នៅពេលអ្នកព្យាយាមធ្វើតាមអ្វីដែលអ្នកបានសម្រេចចិត្តអនុវត្តតាមនៅថ្ងៃនេះ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

យ៉ូហាន ១៩:២៧ ។ តើយើងអាចរៀនអ្វីខ្លះពីសេចក្ដីថ្លែងការណ៍របស់ព្រះអង្គសង្គ្រោះ ថា « នុ៎ះន៏ ម្តាយអ្នក » ?

យើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលយើងខិតខំដើម្បីទទួលស្គាល់ ស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះម្តាយរបស់យើង ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានគោរពដល់មាតាដែលសុចរិតទាំងឡាយ ហើយបានប្រៀបធៀបសេចក្តីស្រឡាញ់របស់ពួកគាត់ទៅនឹងសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។

សូមមើល « Behold Thy Mother » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ០:២០ ដល់ ២:៥៣ ។

16:43

តើការជួយអ្នកដទៃពេលយើងកំពុងជួបការលំបាក ដុសខាត់យើងឲ្យប្រែក្លាយជាបុគ្គលដែលយើងត្រូវប្រែក្លាយដោយរបៀបណា ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

បុគ្គលិកលក្ខណៈត្រូវបានបើកសម្តែង … នៅក្នុងអំណាចដើម្បីញែកដឹងពីការរងទុក្ខរបស់មនុស្សផ្សេងទៀត នៅពេលយើងខ្លួនឯងផ្ទាល់កំពុងតែរងទុក្ខ នៅក្នុងលទ្ធភាពដើម្បីដឹងពីសេចក្តីស្រេកឃ្លានរបស់មនុស្សដទៃ នៅពេលយើងស្រេកឃ្លាន ហើយនៅក្នុងអំណាចដើម្បីឈោងទៅជួយ និងបង្ហាញសេចក្តីអាណិតអាសូរដល់សេចក្តីឈឺចាប់ខាងវិញ្ញាណរបស់មនុស្សដទៃ នៅពេលយើងកំពុងតែនៅកណ្តាលនៃភាពតានតឹងខាងវិញ្ញាណផ្ទាល់ខ្លួនរបស់យើងនោះ ។ ដូច្នេះលក្ខណៈនេះត្រូវបានបង្ហាញឡើងតាមរយៈការមើល និងការឈោងទៅជួយ ពេលការឆ្លើយតបតាមធម្មជាតិ និងកើតពីសភាវគតិត្រូវបានកើតចំពោះខ្លួនឯង និងមានក្នុងខ្លួនយើង ។ ប្រសិនបើលទ្ធភាពនោះពិតជាកត្តាសំខាន់នៃលក្ខណៈខាងសីលធម៌ នោះព្រះអង្គសង្គ្រោះនៃពិភពលោកគឺជាគំរូដ៏ឥតខ្ចោះអំពីលក្ខណៈដ៏ខ្ជាប់ខ្ជួន និងមានក្តីសប្បុរសបែបនោះ ។

( ដេវីឌ អេ បែដណា « The Character of Christ » [ Brigham Young University–Idaho devotional ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០០៣ ] នៅលើគេហទំព័រ byui.edu )

តើមានពរជ័យអ្វីខ្លះអាចកើតមាន ពេលយើងបម្រើអ្នកដទៃនៅពេលខ្លួនយើងក៏កំពុងមានបញ្ហាសម្រាប់ខ្លួនឯងដែរនោះ ?

ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានបង្រៀន ៖

Official Portrait of President Henry B. Eyring taken March 2018.

យើងត្រូវសម្គាល់មើលទុក្ខព្រួយរបស់មនុស្សដទៃ ហើយព្យាយាមជួយ ។ ការធ្វើបែបនោះលំបាកខ្លាំងណាស់ ពេលយើងជួបនឹងការសាកល្បងខ្លួនយើងខ្លាំងដែរនោះ ។ ប៉ុន្ដែយើងនឹងឃើញថា ពេលយើងសម្រាលបន្ទុករបស់អ្នកដទៃ ទោះជាបន្ដិចក្ដី ក៏ខ្នងរបស់យើងត្រូវបានពង្រឹង ហើយយើងឃើញពន្លឺនៅក្នុងភាពងងឹតដែរ ។

( ហិនរី ប៊ី អាវរិង « Tested, Proved, and Polished » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៨ )

សកម្មភាពរៀនសូត្របន្ថែម

យ៉ូហាន ១៩:៣០ ។ « ការស្រេចហើយ »

ដើម្បីជួយសិស្សឲ្យសញ្ជឹងគិតពីអ្វីដែលពួកគេបានរៀនអំពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់ពួកគេនៅក្នុងសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង សូមអញ្ជើញពួកគេឲ្យពិនិត្យមើលសេចក្ដីថ្លែងការណ៍របស់ព្រះអង្គសង្គ្រោះ « ការស្រេចហើយ » ( យ៉ូហាន ១៩:៣០ ) ។ សេចក្តីថ្លែងការណ៍នេះអាចសរសេរនៅលើក្ដារខៀន ហើយសិស្សអាចចម្លងវាចូលសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ បន្ទាប់មកនៅជិតឃ្លានេះ ពួកគេអាចសរសេរអ្វីៗទាំងអស់ដែលព្រះអង្គសង្គ្រោះបានធ្វើ « ស្រេចហើយ » សម្រាប់ពួកគេ ។ ពេលនោះ ពួកគេអាចត្រូវបានអញ្ជើញឲ្យគិតអំពីអ្វីដែលពួកគេនឹងធ្វើ ដោយសារតែអ្វីដែលទ្រង់បានធ្វើសម្រាប់ពួកគេ ។