យ៉ូហាន ២១:១–១៧
« ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ »
ព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញបានបង្ហាញព្រះកាយចំពោះពួកសិស្សរបស់ទ្រង់ ពេលពួកគេកំពុងនេសាទនៅសមុទ្រទីបេរាស ( កាលីឡេ ) ។ នៅលើឆ្នេរសមុទ្រ ព្រះយេស៊ូវបានសោយជាមួយនឹងពួកសិស្សរបស់ទ្រង់ ហើយបានអញ្ជើញពេត្រុសឲ្យបង្ហាញសេចក្ដីស្រឡាញ់របស់លោកដល់ទ្រង់ តាមរយៈការឲ្យចំណីដល់កូនចៀមរបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះអង្គសង្គ្រោះ នៅពេលអ្នកខិតខំបម្រើដល់អ្នកដទៃដូចដែលទ្រង់បានធ្វើដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
« តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី ? » ( យ៉ូហាន ២១:១៥ )
នៅលើក្រដាសមួយសន្លឹក ឬក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមធ្វើបញ្ជីនៃកិច្ចការមួយចំនួនដែលអ្នកបានធ្វើកាលពីម្សិលមិញចាប់ពីពេលដែលអ្នកភ្ញាក់ពីដេក រហូតដល់អ្នកចូលដេកវិញ ។
បន្ទាប់មក សូមឆូតចោលកិច្ចការណាមួយនៅក្នុងបញ្ជីរបស់អ្នក ដែលផ្តោតតែលើខ្លួនអ្នក និងតម្រូវការរបស់អ្នកប៉ុណ្ណោះ ។ សូមគូសរង្វង់សកម្មភាពណាមួយដែលផ្តោតលើការជួយអ្នកដទៃ ។ សូមចំណាយពេលមួយនាទីដើម្បីសញ្ជឹងគិតពីរបៀបដែលអ្នកចំណាយពេលវេលារបស់អ្នក និងការផ្លាស់ប្តូរអ្វីដែលអ្នកអាចធ្វើបាន ដើម្បីទុកពេលបន្ថែមសម្រាប់ការជួយអ្នកដទៃ ។ នៅពេលអ្នកសិក្សា យ៉ូហាន ២១ សូមគិតអំពីរបៀបដែលអ្នកអាចបម្រើដល់អ្នកដទៃ ដូចជាព្រះអង្គសង្គ្រោះបានធ្វើដែរ ។
យ៉ូហាន ២១ កត់ត្រាដំណើររឿងរបស់ពេត្រុស និងសិស្សប្រាំមួយនាក់ទៀត ដែលបានទៅនេសាទនៅសមុទ្រទីបេរាស ( សមុទ្រកាលីឡេ ) បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមអាន យ៉ូហាន ២១:១–១៣ ហើយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានបម្រើដល់ពួកសិស្សរបស់ទ្រង់ ។
-
តើព្រះយេស៊ូវបានធ្វើអ្វីខ្លះដើម្បីបង្ហាញសេចក្តីស្រឡាញ់ និងព្រះទ័យខ្វល់ខ្វាយរបស់ទ្រង់ចំពោះសិស្សទាំងនេះ ?
សូមអាន យ៉ូហាន ២១:១៥–១៧ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានសួរពេត្រុស ។
-
នៅពេលព្រះយេស៊ូវបានសួរពេត្រុសថា « តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី ? » តើអ្នកគិតថាពាក្យ ទាំងនេះ សំដៅទៅលើអ្វី ?
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនមកពីសំណូមពររបស់ព្រះអង្គសង្គ្រោះនៅក្នុង យ៉ូហាន ២១:១៥–១៧ ?
-
តើអ្នកគិតថាព្រះអម្ចាស់ចង់មានន័យយ៉ាងណា ពេលទ្រង់បានបង្គាប់ពេត្រុសឲ្យចំណីដល់កូនចៀម និងចៀមរបស់ទ្រង់ផងនោះ ?
សូមអាន យ៉ូហាន ២១:១៥–១៧ ម្ដងទៀត ហើយជំនួសឈ្មោះស៊ីម៉ូន ពេត្រុស ដោយឈ្មោះរបស់អ្នក ។
-
ប្រសិនបើព្រះយេស៊ូវបានសួរសំណួរដូចគ្នាដែលទ្រង់បានសួរពេត្រុសនេះដល់អ្នក តើអ្នកគិតថា ទ្រង់ចង់មានព្រះបន្ទូលអំពីអ្វីទៅនៅក្នុងជីវិតរបស់អ្នកចំពោះពាក្យថា « ទាំងនេះ » ?
-
តើហេតុផលអ្វីខ្លះដែលអ្នកត្រូវស្រឡាញ់ព្រះយេស៊ូវគ្រីស្ទច្រើនជាងអ្វីៗទាំងនេះ ?
ការឲ្យចំណីដល់ហ្វូងចៀមរបស់ព្រះអម្ចាស់
-
តើមានវិធីខុសគ្នាអ្វីខ្លះដើម្បីឲ្យចំណីដល់ហ្វូងចៀមរបស់ព្រះអម្ចាស់ និងបម្រើដល់អ្នកដទៃ ?
នៅពេលអ្នកបន្តការសិក្សា សូមគិតអំពីនរណាម្នាក់ដែលព្រះអង្គសង្គ្រោះចង់ឲ្យអ្នកធ្វើការបម្រើ ។ សូមមើលវីដេអូ « Feed My Sheep » ដោយអែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ចាប់ពីលេខកូដម៉ោង ១:៥៥ ដល់ ២:២៦ ( មាននៅលើគេហទំព័រ ChurchofJesusChrist.org ) ឬអានសេចក្ដីថ្លែងការណ៍របស់លោកនៅខាងក្រោមនេះ ។
ព្រះយេស៊ូវបានបង្ហាញការអត់ធ្មត់ និងសេចក្តីស្រឡាញ់ចំពោះអស់អ្នកដែលមករកទ្រង់ដើម្បីស្វែងរកការធូរស្រាលចំពោះជំងឺខាងរូបកាយខាងអារម្មណ៍ ឬខាងវិញ្ញាណ ហើយចំពោះអស់អ្នកណាដែលមានអារម្មណ៍បាក់ទឹកចិត្ត និងជាន់ឈ្លី ។
ដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ យើងម្នាក់ៗត្រូវតែក្រឡេកមើលជុំវិញ ហើយឈោងទៅរកចៀមដែលកំពុងប្រឈមមុខនឹងមានកាលៈទេសៈដូចយើង និងលើកពួកគេឡើង ហើយលើកទឹកចិត្តពួកគេឲ្យបន្តដំណើរឆ្ពោះទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។
សព្វថ្ងៃនេះ តម្រូវការនេះនៅតែអស្ចារ្យដូច ឬប្រហែលកាន់តែអស្ចារ្យជាងនៅសម័យដែលព្រះអង្គសង្រ្គោះបានយាងនៅលើផែនដីនេះទៅទៀត ។
( អូលីសេស សូរ៉េស « Feed My Sheep » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៩៨ )
សូមគិតអំពីពេលមួយដែលមាននរណាម្នាក់ឈោងទៅជួយអ្នកដូចព្រះអង្គសង្គ្រោះ ឬពេលដែលអ្នកព្យាយាមបម្រើនរណាម្នាក់ដូចទ្រង់ដែរ ។
-
តើបទពិសោធន៍នេះបានជះឥទ្ធិពលដល់អ្នកយ៉ាងដូចម្ដេចដែរ ?
ព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញបានប្រទានការណែនាំបន្ថែមដល់ពួកសាវករបស់ទ្រង់ ។ សូមអាន ម៉ាថាយ ២៨:១៩–២០ និង ម៉ាកុស ១៦:១៥ ដោយរកមើលវិធីផ្សេងទៀតដែលព្រះអង្គសង្គ្រោះបានបង្គាប់ពួកគេឲ្យបម្រើដល់អ្នកដទៃ ។
-
ហេតុអ្វីបានជាអ្នកគិតថា ការចែកចាយដំណឹងល្អគឺជាវិធីដ៏សំខាន់មួយដើម្បីឲ្យចំណីដល់ហ្វូងចៀមរបស់ព្រះអង្គសង្គ្រោះ ?
-
តើអ្នកមានអារម្មណ៍យ៉ាងណា ចំពោះការចែកចាយដំណឹងល្អដល់មនុស្សដទៃ ?
សូមអានសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
ខ្ញុំមិនបានសុំឲ្យបងប្អូនទៅឈរនៅតាមដងផ្លូវ ហើយមានមេក្រូហ្វូនហើយប្រកាសអំពីខគម្ពីរទាំងឡាយក្នុងព្រះគម្ពីរមរមននោះទេ ។ អ្វីដែលខ្ញុំសុំពីបងប្អូនគឺថា បងប្អូនគួរតែស្វែងរកឱកាសដើម្បីបង្ហាញពីសេចក្ដីជំនឿរបស់បងប្អូនតាមវិធីធម្មតា និងវិធីសាមញ្ញជាមួយមនុស្សទូទៅជានិច្ច—ទាំងដោយផ្ទាល់ និងតាមអនឡាញ ។ …
មានរបៀបធម្មតា និងសាមញ្ញជាច្រើនដើម្បីធ្វើរឿងនេះ ចាប់តាំងពីទង្វើល្អៗប្រចាំថ្ងៃដើម្បីធ្វើទីបន្ទាល់ផ្ទាល់ខ្លួននៅលើ YouTube, Facebook, Instagram ឬ Twitter ដើម្បីជាការសន្ទនាសាមញ្ញៗជាមួយមនុស្សដែលបងប្អូនជួប ។ …
តាមវិធីណាក៏ដោយដែលវាងាយស្រួលសម្រាប់បងប្អូន សូមចែកចាយជាមួយនឹងមនុស្សអំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់សំខាន់ចំពោះបងប្អូន ។
( ឌៀថើរ អេហ្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៧ )
-
តើវិធីធម្មតាអ្វីខ្លះដែលអ្នកអាចចែកចាយដំណឹងល្អបាន ?
សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកសញ្ជឹងគិតថាតើចៀមរបស់ព្រះអង្គសង្គ្រោះមួយណា ដែលអ្នកអាចធ្វើការងារបម្រើបាននោះ ។ អ្នកប្រហែលជាគិតដល់អ្នកជិតខាង មិត្តភក្តិ មនុស្សដែលអ្នកត្រូវបានចាត់ឲ្យបម្រើ មិត្តរួមថ្នាក់ អ្នកស្គាល់នៅកន្លែងធ្វើការ ឬសមាជិកគ្រួសារ ។ សូមពិចារណាផងដែរអំពីមនុស្សដែលអ្នកអាចនឹងជួបដែលអង្គុយតែម្នាក់ឯង ឬត្រូវការជំនួយ ។
-
តើបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ណា ដែលត្រូវការអ្នកឥឡូវនេះ?
-
តើព្រះអង្គសង្គ្រោះអាចប្រើអ្នកដើម្បីជួយបំពេញតម្រូវការរបស់ពួកគេដោយរបៀបណា ?
-
តើវាបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច នៅពេលអ្នកជ្រើសរើសបម្រើដល់អ្នកដទៃ ?
-
តើការឲ្យចំណីដល់ហ្វូងចៀមរបស់ទ្រង់ទាំងទ្វេជួយអ្នកឲ្យកាន់តែដូចទ្រង់ទាំងទ្វេយ៉ាងដូចម្ដេច ?
វិចារណកថា និង ព័ត៌មានសាច់រឿង
តើយើងអាចបង្ហាញព្រះអម្ចាស់យ៉ាងពិតប្រាកដថា យើងស្រឡាញ់ទ្រង់យ៉ាងដូចម្ដេច ?
ស្តេចបេនយ៉ាមីន ដែលជាព្យាការីនៃព្រះគម្ពីរមរមន បានបង្រៀនថា នៅពេលយើងបម្រើគ្នាទៅវិញទៅមក នោះយើងកំពុងបម្រើព្រះយ៉ាងពិតប្រាកដ ( សូមមើល ម៉ូសាយ ២:១៧ ) ។ ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានប្រកាស ៖
ប្រាកដណាស់ បងប្អូនពុំអាចស្រឡាញ់ព្រះអម្ចាស់បានឡើយ លុះត្រាតែបងប្អូនបម្រើទ្រង់ តាមរយៈការបម្រើដល់រាស្ត្រទ្រង់សិន ។
( ថូម៉ាស អេស ម៉នសុន « Great Expectations » [ ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០០៩ ] ទំព័រ ៦ នៅលើគេហទំព័រ speeches.byu.edu )
យ៉ូហាន ២១:១៥–១៧ ។ តើការណែនាំម្តងហើយម្តងទៀតរបស់ព្រះអង្គសង្គ្រោះឲ្យផ្ដល់ចំណីដល់កូនចៀម និងចៀមរបស់ទ្រង់មានសារៈសំខាន់អ្វីខ្លះ ?
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយការយល់ដឹងទាំងនេះមកពីអត្ថបទក្រិកពីបុរាណអំពី យ៉ូហាន ២១ ៖
នៅក្នុង [ យ៉ូហាន ២១:១៥ ] ពាក្យថា ឲ្យចំណី កើតចេញមកពីពាក្យក្រិក bosko ដែលមានន័យថា « បីបាច់ ឬឃ្វាលឲ្យស៊ីស្មៅ » ។ ពាក្យ ចៀម ចេញមកពីពាក្យភ្ជាប់ arnion ដែលមានន័យថា « កូនចៀម » ។ …
នៅក្នុង [ យ៉ូហាន ២១:១៦ ] ពាក្យថា ឃ្វាល បានមកពីពាក្យផ្សេងទៀតគឺពាក្យ poimaino ដែលមានន័យថា « ឃ្វាល បីបាច់ ឬ មើលថែ » ។ ពាក្យ ចៀម បានមកពីពាក្យ probaton ដែលមានន័យថា « ចៀមធំ » ។ …
នៅក្នុង [ យ៉ូហាន ២១:១៧ ] ពាក្យថា ឲ្យចំណី ម្តងទៀតបានមកពីពាក្យក្រិក bosko ដែលសំដៅទៅលើការចិញ្ចឹមបីបាច់ ។ ពាក្យ ចៀម ជាថ្មីម្ដងទៀតបកប្រែមកពីពាក្យក្រិក probaton ដែលសំដៅទៅលើចៀមធំ ។
ខគម្ពីរទាំងបីនេះ ដែលហាក់ដូចជាស្រដៀងគ្នាបេះបិទនៅក្នុងភាសាអង់គ្លេស តាមពិតមាននូវសារលិខិតចំនួនបីជាក់លាក់នៅក្នុងភាសាក្រិក ៖
កូនចៀមត្រូវការនូវការចិញ្ចឹមបីបាច់ដើម្បីធំលូតលាស់
ចៀមត្រូវការការថែទាំ
ចៀមត្រូវការការចិញ្ចឹមបីបាច់ ។
( រ័សុល អិម ណិលសុន « Shepherds, Lambs, and Home Teachers » Ensign ខែ សីហា ឆ្នាំ ១៩៩៤ ទំព័រ ១៦ )
តើខ្ញុំអាចឲ្យចំណីដល់ចៀមរបស់ទ្រង់ដោយរបៀបណា ?
មានវិធីរាប់មិនអស់ដើម្បីឈោងទៅជួយ និងធ្វើការងារបម្រើដល់អ្នកដទៃដោយសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរស ។ ឧទាហរណ៍ ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ ទីប្រឹក្សាទីមួយក្នុងគណៈប្រធានយុវនារីទូទៅ បានអធិស្ឋានដើម្បីដឹងថាមានអ្វីខ្លះទៀតទៅ ដែលគាត់អាចធ្វើដើម្បីជួយដល់បុត្រាបុត្រីរបស់ព្រះ ។ មុននេះគាត់បានទទួលការបំផុសគំនិតថាកុំឲ្យមើលទូរសព្ទរបស់គាត់ពេលកំពុងតម្រង់ជួររង់ចាំ ។ សូមមើល « Pray for Eyes to See as He Sees » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ឬអានដំណើររឿងខាងក្រោម ។
នៅព្រឹកបន្ទាប់ពេលកំពុងតម្រង់ជួរយ៉ាងវែងនៅឯហាងមួយ ។ ខ្ញុំបានទាញទូរសព្ទចេញមក រំពេចនោះក៏នឹកឃើញដល់អារម្មណ៍ដែលខ្ញុំបានទទួល ។ ខ្ញុំដាក់ទូរសព្ទចុះ ហើយមើលជុំវិញ ។ ខ្ញុំបានឃើញសុភាពបុរសវ័យចំណាស់ម្នាក់ឈរខាងមុខខ្ញុំ ។ រទេះរបស់គាត់ទទេ មានតែអាហារឆ្មាពីរបីកំប៉ុងប៉ុណ្ណោះ ។ ខ្ញុំមានអារម្មណ៍ថាឆ្គងបន្តិច ប៉ុន្តែបាននឹករកនិយាយអ្វីមួយ ដែល ទំនងដូចជា « ខ្ញុំអាចដឹងថាលោកចិញ្ចឹមឆ្មា » ។ គាត់បាននិយាយថា ព្យុះកំពុងតែមកដល់ហើយ គាត់មិនចង់ឲ្យសត្វឆ្មាគ្មានអាហារទេ ។ យើងបានជជែកគ្នាបន្ដិច បន្ទាប់មកគាត់បានបែរមករកខ្ញុំ ហើយនិយាយថា « អ្នកដឹងទេ ខ្ញុំមិនបានប្រាប់នរណាម្នាក់អំពីរឿងនេះទេ ប៉ុន្តែថ្ងៃនេះគឺជាថ្ងៃកំណើតរបស់ខ្ញុំ » ។ ដួងចិត្តរបស់ខ្ញុំក្តុកក្តួល ។ ខ្ញុំបានជូនពររីករាយថ្ងៃកំណើតដល់គាត់ ហើយបានអធិស្ឋានក្នុងចិត្តអរគុណដែលខ្ញុំមិនបានមើលទូរសព្ទ ហើយធ្វើឲ្យបាត់ឱកាសដើម្បីមើលឃើញ និងភ្ជាប់ទំនាក់ទំនងពិតប្រាកដជាមួយមនុស្សម្នាក់ទៀតដែលត្រូវការ ។
( មីឈែល ឌី ក្រេហ្គ « Eyes to See » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៦ )