វាយតម្លៃការរៀនសូត្ររបស់អ្នក ៦
ម៉ាថាយ ២៦–២៨; ម៉ាកុស ១៤–១៦; លូកា ២២–២៤; យ៉ូហាន ១៣–២១
មេរៀននេះមានគោលបំណងជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនផ្ទាល់ខ្លួនដែលអ្នកបានដកពិសោធន៍ក្នុងអំឡុងពេលការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ត្រូវឲ្យស្រឡាញ់ព្រះឲ្យអស់ពីចិត្តនៃឯង
-
តើការរៀនបន្ថែមទៀតអំពីសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានចំពោះអ្នកបានជំរុញអ្នកឲ្យព្យាយាមស្រឡាញ់ទ្រង់ទាំងទ្វេបន្ថែមទៀតយ៉ាងដូចម្ដេច ?
-
តើការយល់ដឹងរបស់អ្នកអំពីសេចក្តីស្រឡាញ់របស់ទ្រង់ទាំងទ្វេចំពោះអ្នកបានជួយបង្កើនសេចក្តីស្រឡាញ់របស់អ្នកចំពោះអ្នកដទៃដោយរបៀបណា ?
សូមចាំថា ព្រះអង្គសង្គ្រោះបានបង្រៀនថា យើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះទ្រង់តាមរយៈការកាន់តាមបញ្ញត្តិទ្រង់ ( សូមមើល យ៉ូហាន ១៤:១៥ ) ។ ព្រះយេស៊ូវគ្រីស្ទបានផ្ដល់គំរូដ៏ល្អឥតខ្ចោះនៃការបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ ដោយការស្ដាប់បង្គាប់តាមបទបញ្ញត្តិទាំងអស់ ( សូមមើល យ៉ូហាន ១៤:៣១ ) ។
ពេលអ្នកសិក្សា យ៉ូហាន ១៤:១៥ អ្នកប្រហែលជាបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកអំពីបំណងប្រាថ្នារបស់អ្នកក្នុងការកាន់តាមបទបញ្ញត្តិ និងការជំរុញចិត្តរបស់អ្នក ឬហេតុផលរបស់អ្នកដើម្បីធ្វើដូច្នេះ ។ បើដូច្នេះ សូមពិនិត្យមើលអ្វីដែលអ្នកបានសរសេរឡើងវិញ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះបំណងប្រាថ្នា និងការជំរុញចិត្តបច្ចុប្បន្នរបស់អ្នកក្នុងការកាន់តាមបទបញ្ញត្តិ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? សូមប្រៀបធៀបបំណងប្រាថ្នា និងការជំរុញចិត្តរបស់អ្នកឥឡូវនេះជាមួយនឹងបំណងប្រាថ្នា និងការជំរុញចិត្តដែលអ្នកមាននៅដើមឆ្នាំនេះ ។
-
តើអ្នកបានកត់សម្គាល់ការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកបានសិក្សាព្រះគម្ពីរសញ្ញាថ្មី ? ប្រសិនបើអ្នកបានកត់សម្គាល់ការផ្លាស់ប្តូរណាមួយ តើអ្នកគិតថាអ្វីដែលបាននាំឲ្យមានការផ្លាស់ប្តូរទាំងនេះ ?
-
តើមានការផ្លាស់ប្ដូរបន្ថែមទៀតដែលអ្នកមានអារម្មណ៍ថាអ្នកត្រូវធ្វើដើម្បីបង្ហាញ ឬបង្កើនសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ៖ តើជីវិតរបស់អ្នកទៅជាយ៉ាងណា បើគ្មានដង្វាយធួន ?
សូមគិតពីអ្វីដែលអ្នកបានរៀនអំពីពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទចេញពីព្រះគម្ពីរសញ្ញាថ្មី ។ សូមសញ្ជឹងគិតមួយភ្លែតពីអ្វីដែលព្រះយេស៊ូវគ្រីស្ទ និងពលិកម្មដ៏ធួនរបស់ទ្រង់មានន័យចំពោះអ្នកផ្ទាល់ ។ សូមពិចារណាថាតើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណាបើគ្មានពលិកម្មដ៏ធួននោះទេ ។
ឥឡូវនេះ អ្នកបានចំណាយពេលសញ្ជឹងគិត សូមកត់ត្រាគំនិតមួយចំនួនរបស់អ្នកដោយឆ្លើយតបនឹងសំណួរខាងក្រោមនេះ ។ សូមរួមបញ្ចូលព័ត៌មានលម្អិតដ៏មានអត្ថន័យនៅក្នុងការឆ្លើយតបរបស់អ្នក ហើយរួមបញ្ចូលវគ្គបទគម្ពីរដែលមានឥទ្ធិពលលើអ្នកអំពីពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
តើជីវិតរបស់អ្នកនឹងខុសគ្នាយ៉ាងណា បើព្រះអង្គសង្គ្រោះមិនបានរងទុក្ខជំនួសអ្នកនៅក្នុងសួនច្បារគែតសេម៉ានី ហើយសុគតជំនួសអ្នកនៅលើឈើឆ្កាងនៅកាល់វ៉ារីនោះទេ ?
-
តើជីវិតរបស់អ្នកនឹងខុសគ្នាយ៉ាងណា ប្រសិនបើព្រះយេស៊ូវគ្រីស្ទមិនបានយកឈ្នះលើការសុគតតាមរយៈការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់ទេនោះ ?
-
តើនឹងមានអ្វីកើតឡើងចំពោះផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌បើគ្មានការពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទនោះទេ ?
ប្រធាន អិម រ័សុល បាឡឺដ ដែលជាប្រធានស្តីទីនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
សំណាងល្អព្រះយេស៊ូវគ្រីស្ទបានបំពេញពលិកម្មដោយភាពអង់អាចក្លាហាននៅក្នុងទីក្រុងយេរូសាឡិមកាលពីបុរាណ ។… ព្រះយេស៊ូវបានស្ម័គ្រព្រះទ័យរងទុក្ខដើម្បីឲ្យយើងទាំងអស់គ្នាអាចមានឱកាសលាងសម្អាត—តាមរយៈការមានសេចក្ដីជំនឿទៅលើទ្រង់ ការប្រែចិត្តពីអំពើបាបរបស់យើង ទទួលបុណ្យជ្រមុជទឹកដោយសិទ្ធិអំណាចបព្វជិតភាពដែលត្រឹមត្រូវការទទួលបានអំណោយទានធ្វើឲ្យបរិសុទ្ធនៃព្រះវិញ្ញាណបរិសុទ្ធដោយការបញ្ជាក់ និង ការទទួលយកពិធីបរិសុទ្ធដ៏ចាំបាច់ផ្សេងៗទៀត ។ បើគ្មានដង្វាយធួននៃព្រះអម្ចាស់ទេ នោះពរជ័យទាំងនេះក៏មិនមានសម្រាប់យើងដែរ ហើយយើងក៏មិនអាចអាចមានភាពស័ក្តិសម និងត្រៀមខ្លួនត្រឡប់ទៅរស់នៅក្នុងវត្តមាននៃព្រះវិញបានដែរ ។
( អិម រ័សុល បាឡឺដ « The Atonement and the Value of One Soul » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨៥ )
ការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
ឥឡូវនេះ អ្នកបានសញ្ជឹងគិតពីសារៈសំខាន់នៃពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ។
ពាក្យ ដំណឹងល្អ មានន័យថា « សេចក្ដីល្អដែលត្រូវដឹង » ។ ដំណឹងល្អនោះគឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសារលិខិតនៃសេចក្តីសង្គ្រោះរបស់ទ្រង់ ។ ព្រះយេស៊ូវបានប្រៀបធៀបដំណឹងល្អទៅនឹងបេសកកម្មរបស់ទ្រង់ និងការបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ។
( រ័សុល អិម ណិលសុន « Senior Missionaries and the Gospel » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៨១ )
តើដំណឹងល្អអ្វីខ្លះដែលអ្នកចង់ចែកចាយជាមួយអ្នកដទៃអំពីព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មដ៏ទេវភាពរបស់ទ្រង់ ? សូមស្រមៃថា សាសនាចក្រកំពុងចាប់ផ្តើមយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីព្រះជន្ម និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានកត់ត្រានៅក្នុងដំណឹងល្អទាំងបួននេះ ។ សាសនាចក្រកំពុងស្នើសុំការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីធ្វើយុទ្ធនាការនេះ ។
សូមសរសេរការចុះផ្សាយខ្លីមួយ ដែលពន្យល់ពីដំណឹងល្អរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមគិតអំពីអ្វីមួយដែលអ្នកបានរៀនពីដំណឹងល្អ ( ម៉ាថាយ ម៉ាកុស លូកា និង យ៉ូហាន ) ដែលជាពិសេសចំពោះអ្នក ហើយបានជួយអ្នកឲ្យមានអារម្មណ៍កាន់តែស្និទ្ធស្នាលជាមួយព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ អ្នកអាចជ្រើសរើសអ្វីមួយដែលព្រះយេស៊ូវបានបង្រៀន អព្ភូតហេតុដែលទ្រង់បានធ្វើ ពាក្យប្រៀបប្រដូច ដំណើររឿងអំពីរបៀបដែលទ្រង់ប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ បុគ្គលិកលក្ខណៈដែលទ្រង់បានធ្វើជាគំរូ ឬជាផ្នែកមួយនៃពលិកម្មដ៏ធួន ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ ប្រសិនបើអ្នកមានទំនុកចិត្តអ្នកអាចចុះផ្សាយដំណឹងល្អរបស់អ្នកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬចែកចាយជាមួយមនុស្សផ្សេងទៀត ។ សូមបញ្ចូលព័ត៌មានលម្អិតដូចខាងក្រោមនេះនៅក្នុងការចុះផ្សាយរបស់អ្នក ៖
-
សូមបង្កើតមាតិការឿង ឬចំណងជើងសម្រាប់ការចុះផ្សាយរបស់អ្នក ។
-
សូមពន្យល់ពីរបៀបដែលដំណឹងល្អរបស់ព្រះអង្គសង្គ្រោះមានអត្ថន័យចំពោះអ្នក ហើយជួយអ្នកឲ្យទទួលអារម្មណ៍កាន់តែជិតស្និទ្ធជាមួយទ្រង់ ។
-
សូមរួមបញ្ចូលវគ្គបទគម្ពីរជាក់លាក់មួយមកពីដំណឹងល្អ ( ម៉ាថាយ ម៉ាកុស លូកា ឬយ៉ូហាន ) ។
-
សូមបញ្ចូលទីបន្ទាល់របស់អ្នក និងរបៀបដែលដំណឹងល្អនេះអាចផ្តល់ប្រយោជន៍ដល់អ្នកដទៃ ។