ការរៀនសូត្រដោយព្រះវិញ្ញាណ
ការយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនអ្នក
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូគ្រីស្ទមានព្រះទ័យចង់បង្ហាញសេចក្តីពិតដល់យើងដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ មេរៀននេះនឹងជួយអ្នកឲ្យយល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធជួយអ្នកឲ្យរៀនសេចក្ដីពិត និងទទួលវិវរណៈផ្ទាល់ខ្លួន ។ អ្នកក៏នឹងរៀនពីរបៀបដើម្បីយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនអ្នក និងរបៀបដើម្បីស្គាល់ព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នករៀនដោយព្រះវិញ្ញាណផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សូមស្រមៃថា អ្នកបានអញ្ជើញមិត្តម្នាក់ឲ្យចូលរៀនថ្នាក់សិក្ខាសាលាជាលើកដំបូង ។ នៅក្នុងបទពិសោធន៍ថ្នាក់សិក្ខាសាលាលើកដំបូងរបស់មិត្តភក្តិរបស់អ្នក គ្រូបង្រៀនបានពន្យល់ពីសារៈសំខាន់នៃការយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ឲ្យធ្វើជាគ្រូបង្រៀនដ៏ពិតនៅអំឡុងថ្នាក់សិក្ខាសាលា និងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ។ គ្រូបង្រៀនបានថ្លែងទីបន្ទាល់ថា តាមរយៈព្រះវិញ្ញាណបរិសុទ្ធសិស្សអាចទទួលសារលិខិតផ្ទាល់ខ្លួនពីព្រះវរបិតាសួគ៌ ទោះជាគ្រូបង្រៀនមិនបាននិយាយឮៗនៅក្នុងថ្នាក់ក្តី ។ មិត្តភក្តិរបស់អ្នកបានសួរអ្នកពីអត្ថន័យនៃការរៀនសូត្រពីព្រះវិញ្ញាណបរិសុទ្ធ ។
នៅពេលអ្នកគិតពីរបៀបឆ្លើយតប សូមពិចារណាសំណួរខាងក្រោម ។ សូមយកចិត្តទុកដាក់នឹងគំនិត និងអារម្មណ៍ដែលទទួលបាន នៅពេលអ្នកសិក្សាមេរៀននេះ ។
-
តើអ្នកគិតថា បទពិសោធន៍របស់មិត្តភក្តិអ្នកនៅក្នុងថ្នាក់សិក្ខាសាលានឹងផ្លាស់ប្តូរយ៉ាងដូចម្តេច ប្រសិនបើនាងមានអារម្មណ៍ថា ព្រះកំពុងតែប្រាស្រ័យទាក់ទងជាមួយនាង នៅពេលនាងសិក្សាដំណឹងល្អនោះ ?
-
តើអ្នកមានទំនុកចិត្តយ៉ាងណាដែរ ក្នុងការស្គាល់ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់អ្នក ហើយយាងអញ្ជើញទ្រង់ឲ្យបង្រៀនអ្នក ?
តើព្រះវិញ្ញាណបរិសុទ្ធធ្វើការណ៍អ្វីខ្លះសម្រាប់ពួកយើង ?
នៅពេលអ្នកសិក្សាដំណឹងល្អ នោះព្រះវិញ្ញាណបរិសុទ្ធអាចប្រទានដល់អ្នកនូវវិវរណៈផ្ទាល់ខ្លួន ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
បងប្អូនពុំចាំបាច់ឆ្ងល់អំពីអ្វីជាការពិតនោះទេ [ សូមមើល មរ៉ូណៃ ១០:៥ ] ។; បងប្អូនពុំចាំបាច់ឆ្ងល់ថា បងប្អូនគួរទុកចិត្តនរណាទើបអាចមានសុវត្ថិភាពនោះទេ ។ តាមរយៈវិវរណៈផ្ទាល់ខ្លួន បងប្អូនអាចទទួលសាក្សីដោយផ្ទាល់ថា ព្រះគម្ពីរមរមនគឺជាបន្ទូលរបស់ព្រះ ថាយ៉ូសែប ស៊្មីធគឺជាព្យាការី ហើយថា នេះគឺជាសាសនាចក្ររបស់ព្រះអម្ចាស់ ។ មិនថាមនុស្សដទៃនិយាយ ឬធ្វើអ្វីនោះទេ គ្មាននរណាម្នាក់ដកយកសាក្សីមួយដែលកើតមាននៅក្នុងដួងចិត្ត និងគំនិតរបស់បងប្អូនអំពីការពិតបានឡើយ ។
ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យខិតខំបន្ថែមទៀត លើសពីលទ្ធភាពខាងវិញ្ញាណរបស់បងប្អូននៅពេលនេះ ដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួន ។ … មានរឿងជាច្រើនទៀតដែលព្រះវរបិតាសួគ៌សព្វព្រះទ័យចង់ឲ្យបងប្អូនដឹង ។ …
…សេចក្ដីពិតដ៏សំខាន់បំផុតដែលព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើបន្ទាល់ដល់បងប្អូនគឺថាព្រះយេស៊ូវ គឺជា ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។ ទ្រង់មានព្រះជន្មរស់ !
( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥–៩៦ )
-
តើសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន មួយណាដែលអ្នកចាប់អារម្មណ៍ ?
-
ហេតុអ្វីបានជាអ្នកគិតថា ការពិតដ៏សំខាន់បំផុតដែលព្រះវិញ្ញាណបរិសុទ្ធអាចធ្វើជាសាក្សីគឺថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ?
-
តើអ្នកអាចសង្ខេបប្រាប់មិត្តភក្តិរបស់អ្នកជាមួយប្រយោគទៅពីរប្រយោគ អំពីសារៈសំខាន់នៃវិវរណៈផ្ទាល់ខ្លួននៅក្នុងការសិក្សាដំណឹងល្អរបស់នាងយ៉ាងដូចម្ដេច ?
តើយើងអាចស្គាល់ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ?
សូមស្រមៃថា មិត្ដភក្តិរបស់អ្នកចាប់ផ្ដើមបង្ហាញចំណាប់អារម្មណ៍យ៉ាងស្មោះត្រង់ចំពោះការទទួលវិវរណៈពីព្រះ ។ ប៉ុន្តែនាងប្រាប់អ្នកថា « ខ្ញុំមិនប្រាកដទេថា តើខ្ញុំធ្លាប់បានទទួលវិវរណៈពីមុនមកឬអត់នោះ ។ តើខ្ញុំអាចស្គាល់ព្រះវិញ្ញាណបរិសុទ្ធបានដោយរបៀបណា ? »
ជាជំនួយដល់ការឆ្លើយតបរបស់អ្នក សូមអានវគ្គបទគម្ពីរខាងក្រោមនេះ ។ សូមកត់សម្គាល់ពីរបៀបដែលឥទ្ធិពលនៃព្រះវិញ្ញាណត្រូវបានពិពណ៌នា ។
-
តើការពិពណ៌នាមួយណាដែលអ្នកបានអានអំពីព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នកចង់ចែករំលែកជាមួយមិត្តភក្តិរបស់អ្នក ? ហេតុអ្វីទៅ ?
-
តើអ្នកនឹងពិពណ៌នាយ៉ាងដូចម្តេច អំពីរបៀបដែលអ្នកបានដកពិសោធន៍ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ពេលកំពុងសិក្សាដំណឹងល្អ ?
តើយើងយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនយើងយ៉ាងដូចម្តេច ?
ព្រះវរបិតាសួគ៌របស់យើងស្រឡាញ់យើង ហើយសព្វព្រះទ័យមានព្រះបន្ទូលមកកាន់យើង តាមរយៈព្រះសូរសៀងដ៏តូចរហៀងនៃព្រះវិញ្ញាណបរិសុទ្ធ ។ ប៉ុន្តែយើងម្នាក់ៗត្រូវតែសម្រេចចិត្តថា តើយើងចង់ស្វែងរកវិវរណៈពីទ្រង់ដោយស្មោះត្រង់ដែរឬទេ ។ លើសពីនេះទៀត នៅពេលយើងជួបជុំគ្នាជាគ្រួសារ ថ្នាក់ ឬវួដ នោះបំណងប្រាថ្នា ឥរិយាបថ និងសកម្មភាពរបស់យើងអាចជះឥទ្ធិពលដល់អ្នកដែលនៅជុំវិញយើង ។
អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនពីវិធីសំខាន់ៗមួយចំនួន ដែលយើងអាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យមកបង្រៀនយើងបាន ។
ការទទួលបានព្រះវិញ្ញាណបរិសុទ្ធចាប់ផ្តើមជាមួយបំណងប្រាថ្នាដ៏ស្មោះត្រង់ និងខ្ជាប់ខ្ជួនរបស់យើងដើម្បីទទួលទ្រង់ជាដៃគូក្នុងជីវិតរបស់យើង ។ …
ការយាងអញ្ជើញរបស់យើងដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធជាដៃគូកើតឡើងតាមរបៀបជាច្រើន ៖ តាមរយៈការធ្វើ និងការរក្សាសេចក្ដីសញ្ញា តាមរយៈការអធិស្ឋានដ៏ស្មោះត្រង់ជាបុគ្គល និងជាក្រុមគ្រួសារ តាមរយៈការខិតខំស្វែងយល់ពីបទគម្ពីរ តាមរយៈការពង្រឹងទំនាក់ទំនងល្អជាមួយសមាជិកគ្រួសារ និងមិត្តភក្តិ តាមរយៈការស្វែងរកគំនិតដែលមានគុណធម៌ សកម្មភាព និងភាសា និងតាមរយៈការថ្វាយបង្គំនៅក្នុងផ្ទះរបស់យើង នៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ និងនៅព្រះវិហារ ។
( ដេវីឌ អេ បែដណា « Receive the Holy Ghost » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៦ )
-
តើឥរិយាបថ ឬសកម្មភាពមួយណាដែលអែលឌើរ បែដណា បានលើកឡើងដែលបានជួយអ្នកឲ្យយាងអញ្ជើញព្រះវិញ្ញាណចូលក្នុងជីវិតរបស់អ្នក ?
-
តើអ្នកបានឃើញអាកប្បកិរិយា ឬជម្រើសរបស់នរណាម្នាក់ធ្វើឲ្យវាកាន់តែងាយស្រួល ( ឬពិបាក ) ដើម្បីឲ្យអ្នកដទៃនៅក្នុងគ្រួសារ ឬថ្នាក់មួយទទួលបានការបង្រៀនពីព្រះវិញ្ញាណយ៉ាងដូចម្តេច ?
-
តើបំណងប្រាថ្នា ឬសមត្ថភាពក្នុងការរៀនសូត្រដោយព្រះវិញ្ញាណមានឥទ្ធិពលលើអ្វីដែលអ្នកបានសិក្សានៅថ្ងៃនេះយ៉ាងដូចម្តេច ?
-
តើអ្នកចង់រៀនអ្វីបន្ថែមទៀតទាក់ទងនឹងវិវរណៈផ្ទាល់ខ្លួន និងការត្រូវបានបង្រៀនដោយព្រះវិញ្ញាណ ?
-
តើអ្នកនឹងធ្វើអ្វីខ្លះនៅផ្ទះ និងនៅថ្នាក់សិក្ខាសាលាដើម្បីយាងអញ្ជើញព្រះវិញ្ញាណឲ្យនៅជាមួយអ្នក ពេលអ្នកសិក្សាព្រះគម្ពីរសញ្ញាថ្មី ?
វិចារណកថា និង ព័ត៌មានសាច់រឿង
តើព្រះអម្ចាស់ពិតជាសព្វព្រះទ័យចង់បើកសម្តែងអ្វីៗទាំងនេះប្រាប់ខ្ញុំមែនឬ ?
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ ៖
រឿងមួយដែលព្រះវិញ្ញាណបានបំផុសគំនិតខ្ញុំម្ដងហើយម្ដងទៀត … គឺថាព្រះអម្ចាស់ស្ម័គ្រព្រះទ័យដើម្បីបើកសម្ដែងព្រះទ័យ និងព្រះឆន្ទៈរបស់ទ្រង់ ។ ឯកសិទ្ធិនៃការទទួលបានវិវរណៈគឺជាអំណោយទានមួយក្នុងចំណោមអំណោយទានដ៏ធំបំផុត ដែលព្រះប្រទានឲ្យបុត្រាបុត្រីរបស់ទ្រង់ ។
( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៤ )
តើខ្ញុំអាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនខ្ញុំយ៉ាងដូចម្តេច ?
អែលឌើរ អូលីសេស សូរ៉េស នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានជួយឆ្លើយសំណួរនេះ ។
វាតម្រូវឲ្យមានការទូលសូមព្រះ និងការរៀនពីរបៀបនាំដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទមកក្នុងជីវិតរបស់យើង ។ ប្រសិនបើយើងធ្វើដូច្នោះ ខ្ញុំសន្យាថាឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ នឹងនាំសេចក្ដីពិតមកកាន់ដួងចិត្ត និងគំនិតយើង ហើយនឹងថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដោយបង្រៀនរឿងគ្រប់យ៉ាង ។
( អូលីសេស សូរ៉េស « How Can I Understand? » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧ )
តើមានអ្វីខ្លះ ដែលអាចបំបែរអារម្មណ៍ខ្ញុំពីការទទួលវិវរណៈដែលព្រះអម្ចាស់សព្វព្រះហឫទ័យប្រទានមកដល់ខ្ញុំ ?
អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយការយល់ដឹងនេះ ៖
ប្រសិនបើយើងគិត មើល ស្ដាប់ ឬធ្វើឲ្យខ្លួនយើងមានគម្លាតពីព្រះវិញ្ញាណបរិសុទ្ធ នោះយើងគួរបញ្ឈប់ការគិត ការមើល ការស្ដាប់ ឬការធ្វើរឿងនោះទៅ ។ ឧទាហរណ៍ ប្រសិនបើអ្វីដែលមានបំណងសម្រាប់ការកម្សាន្តធ្វើឲ្យយើងលែងជិតសិ្នទ្ធនឹងព្រះវិញ្ញាណបរិសុទ្ធ នោះវាប្រាកដណាស់ថា ការកម្សាន្តបែបនោះគឺមិនមែនសម្រាប់យើងនោះទេ ។ ដោយសារព្រះវិញ្ញាណមិនអាចគង់នៅជាមួយនឹងអ្វីដែលគ្រោតគ្រាត អាសអាភាស ឬមិនសមរម្យនោះទេ នោះវាច្បាស់ណាស់ថារឿងបែបនោះគឺមិនមែនសម្រាប់យើងនោះទេ ។
( ដេវីឌ អេ បែដណា « That We May Always Have His Spirit to Be with Us » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៣០ )
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
មានមនុស្សជាច្រើនបណ្ដោយឱ្យខ្លួនពួកគេចំណាយពេលយ៉ាងច្រើនលើអ៊ីនធឺណិតជាមួយឧបករណ៍ចល័តរបស់ពួកគេ—ជាអេក្រង់ដែលបំភ្លឺមុខពួកគេទាំងយប់ទាំងថ្ងៃ និងការដាក់កាសស្ដាប់នៅក្នុងត្រចៀកដែលរារាំងពួកគេមិនឲ្យឮសំឡេងដ៏តូចរហៀងរបស់ព្រះវិញ្ញាណ ។ បើយើងគ្មានពេលចេញឆ្ងាយពីឧបករណ៍ទាំងនោះទេ នោះយើងអាចនឹងខកខាននូវឱកាសស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ដែលមានបន្ទូលថា « ចូរបង្អង់សិន ហើយដឹងថាយើងជាព្រះ » [ ទំនុកដំកើង ៤៦:១០ ] ។
( អិម រ័សុល បាឡឺដ « Precious Gifts from God » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០ )
តើខ្ញុំអាចដឹងថា ខ្ញុំទទួលវិវរណៈយ៉ាងដូចម្តេច ?
ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀន ៖
មនុស្សម្នាក់អាចទទួលបានប្រយោជន៍តាមរយៈការកត់សម្គាល់នូវការប្រាប់ពីដំបូងរបស់វិញ្ញាណនៃវិវរណៈ ។ ឧទាហរណ៍ នៅពេលអ្នកទទួលអារម្មណ៍បញ្ញាដ៏បរិសុទ្ធនៅក្នុងគំនិតរបស់អ្នក នោះវិញ្ញាណនៃវិវរណៈអាចបណ្តាលឲ្យអ្នកមានគំនិតភ្លាមៗ ។
( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៣២ )
អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ចំណាប់អារម្មណ៍ចំពោះ គំនិត គឺជាក់លាក់ណាស់ ។ ពាក្យលម្អិតអាចនឹងត្រូវបានស្ដាប់ឮ ឬទទួលអារម្មណ៍ ហើយសរសេរទុក ដូចជាការណែនាំដែលត្រូវបានហៅឲ្យសរសេរតាមដូច្នោះដែរ ។
( រីឆាដ ជី ស្កត « Helping Others to Be Spiritually Led » [ សុន្ទរកថាថ្លែងទៅកាន់ពួកអ្នកអប់រំខាងសាសនានៅឯសន្នីសិទស្តីពីគោលលទ្ធិ និងសេចក្តីសញ្ញា និងប្រវត្តិសាស្រ្តរបស់សាសនាចក្រ នៅឯសាកលវិទ្យាល័យព្រិកហាំ យ៉ង់ នាថ្ងៃទី ១១ ខែ សីហា ឆ្នាំ ១៩៨៨ ]; សូមមើលផងដែរ ការបង្រៀនថ្នាក់សិក្ខាសាលា ៖ ការអភិរក្សអំណាន [ ឆ្នាំ ២០០៤ ] ទំព័រ ៥៥ )
តើខ្ញុំអាចប្រាប់ពីភាពខុសគ្នារវាងការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ និងគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំបានយ៉ាងដូចម្តេច ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងភរិយារបស់លោក ស៊ីស្ទើរ ស៊ូសាន បែដណា បានជួយឆ្លើយសំណួរនេះនៅក្នុងវីដេអូ « Elder and Sister Bednar—Recognizing the Spirit » ( លេខកូដម៉ោង ០:០០ ដល់ ៥:១៣ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។