សេចក្តីណែនាំស្ដីពីចំណេះចំណានខាងគោលលទ្ធិ
គោលបំណងនៃចំណេះចំណានខាងគោលលទ្ធិ
មេរៀននេះនឹងណែនាំអ្នកទៅកាន់ចំណេះចំណានខាងគោលលទ្ធិ និងអំពីរបៀបដែលមេរៀននេះអាចផ្តល់ពរជ័យដល់ជីវិតរបស់អ្នក និងជួយអ្នកឲ្យស្ថាបនាមូលដ្ឋានគ្រឹះខាងវិញ្ញាណរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពការរៀនសូត្រដែលអាចមាន
សង់គ្រឹះនៅលើព្រះយេស៊ូវគ្រីស្ទ
អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានព្រមានអំពីខ្យល់គួចខាងវិញ្ញាណ ៖
កង្វល់ដែលធំជាងការរញ្ជួយដី និងសង្គ្រាមដែលបានព្យាករណ៍ [ នៅថ្ងៃចុងក្រោយ ] ទៅទៀតនោះគឺ ខ្យល់គួចខាងវិញ្ញាណដែលអាចផ្ដាច់អ្នកចេញពីគ្រឹះខាងវិញ្ញាណរបស់អ្នក ហើយដាក់វិញ្ញាណអ្នកនៅទីដែលអ្នកនឹងនឹកស្មានមិនដល់ ពេលខ្លះអ្នកមិនបានទាំងដឹងខ្លួនថា អ្នកត្រូវបានផ្ដាច់ចេញផង ។
( នែល អិល អាន់ឌើរសិន « Spiritual Whirlwinds » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៨ )
-
តើខ្យល់គួចខាងវិញ្ញាណអ្វីខ្លះ ដែលព្យាយាមកាត់ផ្ដាច់អ្នកចេញពីគ្រឹះខាងវិញ្ញាណរបស់យើង ?
សូមគិតអំពីខ្យល់គួចខាងវិញ្ញាណមួយ ដែលអ្នកកំពុងជួបប្រទះ ។ សូមអាន ហេលេមិន ៥:១២ និងសូមរកមើលវិធីនានាដើម្បីទប់ទល់នឹងខ្យល់គួចនេះ ។
-
តើអ្នកបានកត់សម្គាល់ឃើញអ្វីខ្លះ ដែលអាចជួយអ្នកឲ្យទប់ទល់នឹងខ្យល់គួចខាងវិញ្ញាណបាន ?
-
តើអ្នកគិតថា វាមានន័យបែបណាដើម្បីសង់គ្រឹះនៅលើព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកអាចទទួលបានអត្ថប្រយោជន៍មកពីការសង់គ្រឹះដ៏រឹងមាំនៅលើព្រះយេស៊ូវគ្រីស្ទតាមរបៀបណាខ្លះ ?
ចំណេះចំណានខាងគោលលទ្ធិ
ថ្នាក់សិក្ខាសាលាអាចជួយអ្នកក្នុងការសង់គ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ កាលណាអ្នករៀនគោលលទ្ធិរបស់ទ្រង់ មករកទ្រង់ ហើយក្លាយជាសិស្សរបស់ទ្រង់ ( សូមមើល នីហ្វៃទី៣ ១១:៣៩ ) ។; សូមអានកថាខណ្ឌពីរដំបូងនៅក្នុងជំពូក « សេចក្តីណែនាំស្ដីពីចំណេះចំណានខាងគោលលទ្ធិ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ដោយរកមើលរបៀបដែលថ្នាក់សិក្ខាសាលាអាចជួយអ្នកឲ្យសង់គ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទបាន ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
មានលទ្ធផលសំខាន់ចំនួនពីរអំពីចំណេះចំណានខាងគោលលទ្ធិ ដែលអាចជួយអ្នកឲ្យសង់គ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទបាន ។ សូមអានលទ្ធផលទាំងពីរនេះអំពីចំណេះចំណានខាងគោលលទ្ធិនៅក្នុងជំពូក « សេចក្តីណែនាំស្តីពីចំណេះចំណានខាងគោលលទ្ធិ» នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
ជារៀងរាល់សប្តាហ៍នៅក្នុងថ្នាក់សិក្ខាសាលា អ្នកនឹងធ្វើកិច្ចការស្តីពីចំណេះចំណានខាងគោលលទ្ធិ ។ នៅក្នុងមេរៀនភាគច្រើន អ្នកនឹងសិក្សាវគ្គបទគម្ពីរមួយក្នុងចំណោមវគ្គបទគម្ពីរចំនួន ២៤ ចេញពីព្រះគម្ពីរសញ្ញាថ្មីដែលត្រូវបានហៅថា វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ ដ្យាក្រាមខាងក្រោមបង្ហាញអំពីអ្វី ដែលអ្នកនឹងធ្វើនៅក្នុងមេរៀនចំណេះចំណានខាងគោលលទ្ធិ ។
ស្គាល់ និងពន្យល់អំពីគោលលទ្ធិ
នៅដើមមេរៀននេះ អ្នកបានវាយតម្លៃខ្លួនឯងអំពីអារម្មណ៍ស្រណុកចិត្តដែលអ្នកមាននៅក្នុងការប្រើបទគម្ពីរ ដើម្បីពន្យល់អំពីគោលលទ្ធិនៃព្រះយេស៊ូវគ្រីស្ទ ។ មិនថាអ្នកវាយតម្លៃខ្លួនឯងរបៀបណាទេ ការសិក្សាចំណេះចំណានខាងគោលលទ្ធិនឹងបង្កើនចំណេះដឹងរបស់អ្នកអំពីព្រះអង្គសង្គ្រោះ និងគោលលទ្ធិរបស់ទ្រង់ ។ សមត្ថភាពរបស់អ្នកនៅក្នុងការពន្យល់អំពីគោលលទ្ធិរបស់ទ្រង់ដោយប្រើប្រាស់បទគម្ពីរនឹងកើនឡើង ។
សូមរកមើលបញ្ជីនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិក្នុងព្រះគម្ពីរសញ្ញាថ្មី និងឃ្លាបទគម្ពីរគន្លឹះរបស់វា ។ អ្នកអាចរកឃើញបញ្ជីនេះនៅជិតចុងបញ្ចប់នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ សូមជ្រើសរើសវគ្គមួយដែលអ្នកចាប់អារម្មណ៍ ដែលអាចជួយបំពេញតាមតម្រូវការផ្ទាល់ខ្លួន ឬដែលអាចជួយឆ្លើយចំពោះសំណួរដែលអ្នកមាន ។
-
តើវគ្គបទគម្ពីរមួយណាដែលអ្នកបានជ្រើសរើស ?
-
តើវគ្គបទគម្ពីរនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ឬគោលលទ្ធិរបស់ទ្រង់ ?
-
តើការដឹងពីរបៀបពន្យល់គោលលទ្ធិនៅក្នុងវគ្គបទគម្ពីរនេះផ្ដល់ពរជ័យដល់ជីវិតរបស់អ្នកតាមរបៀបណា ?
ការទទួលបានចំណេះដឹងខាងវិញ្ញាណ
នៅក្នុងមេរៀនចំណេះចំណានខាងគោលលទ្ធិ អ្នកនឹងមានឱកាសរៀន និងអនុវត្តបន្ថែមទៀត តាមរយៈការប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីជួយអ្នកឆ្លើយសំណួរផ្ទាល់ខ្លួន និងសំណួរសង្គម រួមទាំងសំណួរអំពីគោលលទ្ធិ ការអនុវត្ត ឬប្រវត្តិសាស្ត្រសាសនាចក្រផងដែរ ។ ការរៀនសូត្រ និងការប្រើប្រាស់គោលការណ៍ទាំងនេះនឹងជួយអ្នកឲ្យសង់គ្រឹះរបស់អ្នកនៅលើព្រះអង្គសង្គ្រោះ ហើយងាកទៅរកទ្រង់ នៅពេលអ្នកប្រឈមនឹងសំំណួរនានា ។ គោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដែលអ្នកនឹងអនុវត្តប្រើនៅក្នុងថ្នាក់សិក្ខាសាលាគឺ ៖
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដោយព្រះ ។
ប្រសិនបើអ្នកមិនដឹងច្បាស់អំពីគោលការណ៍ទាំងនេះ នោះអ្នកគួរតែអានកថាខណ្ឌទី ៥–១២ ក្នុងជំពូក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
-
តើអ្នកដឹងអ្វីខ្លះអំពីគោលការណ៍នេះ ?
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះជាមួយគោលការណ៍ទាំងនេះ ?
-
តើអ្នកគិតថា គោលការណ៍ទាំងនេះអាចជួយអ្នកឲ្យសង់គ្រឹះរបស់អ្នកនៅលើព្រះគ្រីស្ទ និងប្រឈមជាមួយនឹងខ្យល់គួចខាងវិញ្ញាណយ៉ាងដូចម្ដេច ?
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
ជារៀងរាល់ឆ្នាំនៅក្នុងថ្នាក់សិក្ខាសាលា អ្នកនឹងត្រូវបានលើកទឹកចិត្តឲ្យទន្ទេញចាំឃ្លាបទគម្ពីរគន្លឹះមួយសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ២៤ ។
អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីការទន្ទេញចាំបទគម្ពីរ ។
អំណាចដ៏មហិមាអាចកើតចេញមកពីការទន្ទេញចាំបទគម្ពីរ ។ ការទន្ទេញចាំបទគម្ពីរមួយគឺជាការបង្កើតមិត្តភាពមួយថ្មី ។ វាគឺដូចជាការរកឃើញបុគ្គលម្នាក់ថ្មីដែលអាចជួយក្នុងពេលត្រូវការ ផ្ដល់ការបំផុសគំនិត និងការលួងលោមចិត្ត ហើយជាប្រភពនៃការលើកទឹកចិត្តសម្រាប់ការផ្លាស់ប្ដូរដែលចាំបាច់ » ។
( អែលឌើរ រីឆាដ ជី ស្កត « អំណាចនៃបទគម្ពីរ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦ )
-
ហេតុអ្វីអ្នកគិតថា វាមានសារៈប្រយោជន៍នៅក្នុងការទន្ទេញចាំវគ្គបទគម្ពីរផ្សេងៗ ?
-
តើអ្នកគិតថា ការទន្ទេញចាំអាចជួយអ្នកឲ្យសង់គ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ និងប្រឈមជាមួយនឹងខ្យល់គួចខាងវិញ្ញាណយ៉ាងដូចម្ដេច ?
សូមចំណាយពេលពីរបីនាទីដើម្បីរំឭកឡើងវិញនូវវគ្គចំណេះចំណានខាងគោលលទ្ធិទាំង ២៤ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គសិក្សាព្រះគម្ពីរសញ្ញាថ្មី ។ អ្នកអាចប្រើកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ឬ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ អ្នកគួរចាប់ផ្ដើមទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គដែលអ្នកបានជ្រើសរើសកាលពីមុន ។
វិចារណកថា និង ព័ត៌មានសាច់រឿង
ហេតុអ្វីចំណេះចំណានខាងគោលលទ្ធិមានសារៈសំខាន់ ?
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
[ ចំណេះចំណានខាងគោលលទ្ធិ ] នឹងផ្ដោតទៅលើការស្ថាបនា និងការពង្រឹងសេចក្ដីជំនឿរបស់សិស្សយើងលើព្រះយេស៊ូវគ្រីស្ទ ហើយការពារពួកគេដោយសមត្ថភាពកាន់តែខ្លាំងនៅក្នុងការរស់នៅ និងការអនុវត្តដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេ ។ ពេលប្រើបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការី នោះពួកគេនឹងរៀនអំពីរបៀបធ្វើសកម្មភាពដោយសេចក្ដីជំនឿលើព្រះគ្រីស្ទ ដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ និងការយល់ដឹងអំពីដំណឹងល្អរបស់ទ្រង់ ។ ហើយពួកគេនឹងមានឱកាសដើម្បីរៀនអំពីរបៀបអនុវត្តគោលលទ្ធិនៃព្រះគ្រីស្ទ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អចំពោះសំណួរ និងឧបសគ្គនានាដែលពួកគេស្ដាប់ឮ និងមើលឃើញជារៀងរាល់ថ្ងៃនៅក្នុងចំណោមមិត្តភក្ដិ និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
( អិម រ័សុល បាឡឺដ « The Opportunities and Responsibilities of CES Teachers in the 21st Century » [ evening with a General Authority ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ] នៅលើគេហទំព័រ ChurchofJesusChrist.org )