ការសិក្សាព្រះគម្ពីរ
ការស្ដាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់តាមរយៈព្រះគម្ពីរ
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា បទគម្ពីរថ្លែងទីបន្ទាល់អំពីទ្រង់ ( សូមមើល យ៉ូហាន ៥:៣៩ ) ។ មេរៀននេះអាចជួយអ្នកឲ្យមករកព្រះគ្រីស្ទ ហើយស្គាល់ទ្រង់កាន់តែច្បាស់តាមរយៈការសិក្សាព្រះបន្ទូលនៃព្រះ តាមរយៈការជួយអ្នកឲ្យអភិវឌ្ឍជំនាញសិក្សាព្រះគម្ពីរ និងដាក់គោលដៅសិក្សាព្រះគម្ពីរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ហេតុអ្វីសិក្សាព្រះគម្ពីរ ?
សូមពិចារណាឲ្យសិស្សសម្ដែងសាច់រឿងនេះជាដៃគូ ឬជាថ្នាក់មួយដើម្បីបង្កើនការចូលរួម ។
សូមស្រមៃថា មិត្តភក្តិរបស់អ្នកម្នាក់និយាយថា « ខ្ញុំមិនមានពេលសិក្សាព្រះគម្ពីរទេ ដោយសារខ្ញុំត្រូវធ្វើអ្វីផ្សេងទៀតជាច្រើន ។ ខ្ញុំថែមទាំងមិនយល់អំពីបទគម្ពីរផងដែរ ! »
-
តើអ្នកនឹងនិយាយទៅកាន់មិត្តភក្តិរបស់អ្នកយ៉ាងដូចម្តេច ?
-
តើមូលហេតុផ្សេងទៀតណាខ្លះ ដែលមនុស្សមិនអាចសិក្សាបទគម្ពីរជារៀងរាល់ថ្ងៃបាន ?
សូមពិចារណាប្រើការវាយតម្លៃពីសកម្មភាពរៀបចំសិស្ស ដើម្បីជួយសិស្សឲ្យពិនិត្យអាកប្បកិរិយាផ្ទាល់របស់ពួកគេក្នុងការសិក្សាព្រះគម្ពីរឡើងវិញ ។
សូមធ្វើការវាយតម្លៃការសិក្សាព្រះគម្ពីរ ។ អ្នកនឹងយោងទៅលើចម្លើយរបស់អ្នកនាពេលក្រោយនៅក្នុងថ្នាក់ ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើមានអ្វីល្អប្រសើរខ្លះនៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នក ? តើអ្នកអាចធ្វើអ្វីឲ្យបានល្អជាងនេះ ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនេះ និងសំណួរបន្ទាប់ ។ សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការឆ្លើយសំណួរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ មុនពេលឆ្លើយនៅចំពោះមុខសិស្សផ្សេងទៀត ។ សូមសួរសំណួរតាមដានដល់សិស្សដែលចែករំលែកបទពិសោធន៍ ដើម្បីអញ្ជើញពួកគេឲ្យចែករំលែកបន្ថែមទៀត ។
សូមអានឃ្លាខាងក្រោមដោយ ប្រធាន រ័សុល អិម ណិលសុន ដោយរកមើលអ្វីដែលយើងអាចរៀនសូត្រពីមូលហេតុដែលការសិក្សាព្រះគម្ពីរជាទៀងទាត់មានតម្លៃស័ក្ដិសមចំពោះពេលវេលា និងការខិតខំ ។
នៅពេលយើងខិតខំធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ នោះកិច្ចខិតខំរបស់យើងដើម្បីស្ដាប់ទ្រង់ចាំបាច់ត្រូវមានដោយគោលបំណងកាន់តែខ្លាំង ។ វាតម្រូវឲ្យមានការខិតខំដោយមនសិការ និងខ្ជាប់ខ្ជួនដើម្បីបំពេញជីវិតប្រចាំថ្ងៃរបស់យើងដោយព្រះបន្ទូលរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងសេចក្ដីពិតរបស់ទ្រង់ ។ …
…តើយើងអាចទៅស្ដាប់ទ្រង់នៅទីណា ?
យើងអាចទៅរកបទគម្ពីរទាំងឡាយ ។ បទគម្ពីរបង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ វិសាលភាពនៃដង្វាយធួនរបស់ទ្រង់ និងផែនការនៃសុភមង្គល និងការប្រោសលោះដ៏មហិមារបស់ព្រះវរបិតាយើង ។ ការជ្រមុជទៅក្នុងព្រះបន្ទូលនៃព្រះជារៀងរាល់ថ្ងៃ គឺសំខាន់សម្រាប់ជីវិតខាងវិញ្ញាណ ជាពិសេសនៅក្នុងគ្រាដែលមានចលាចលកាន់តែខ្លាំងនេះ ។ នៅពេលយើងទទួលបានព្រះបន្ទូលនៃព្រះគ្រីស្ទប្រចាំថ្ងៃ នោះព្រះបន្ទូលនៃព្រះគ្រីស្ទនឹងប្រាប់យើងអំពីរបៀបដើម្បីឆ្លើយតបទៅនឹងការលំបាក ដែលយើងពុំធ្លាប់គិតថាយើងនឹងជួបនោះ ។ …
តើអ្វីនឹងកើតឡើង នៅពេលបងប្អូនកាន់តែស្ដាប់ដោយបំណងចិត្ត ប្រុងស្ដាប់ ហើយផ្ទៀងស្ដាប់អ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូល និងអ្វីដែលទ្រង់កំពុងមានបន្ទូលឥឡូវនេះតាមរយៈពួកព្យាការីរបស់ទ្រង់ ? ខ្ញុំសូមសន្យាថា ប្អូនៗនឹងមានពរជ័យនូវអំណាចបន្ថែមទៀតដើម្បីប្រឈមនឹងការល្បួង បញ្ហា និងភាពទន់ខ្សោយ ។ ខ្ញុំសន្យាថាមានអព្ភូតហេតុជាច្រើននៅក្នុងអាពាហ៍ពិពាហ៍ ទំនាក់ទំនងគ្រួសារ និងកិច្ចការប្រចាំថ្ងៃរបស់បងប្អូន ។ ហើយខ្ញុំសន្យាថា សមត្ថភាពរបស់បងប្អូនដើម្បីដឹងអំពីអំណរនឹងចម្រើនឡើង ទោះជាមានការវឹកវរខ្លាំងក្នុងជីវិតបងប្អូនក្ដី ។
រ័សុល អិម ណិលសុន « Hear Him » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩, ៩០ ។
-
តើអ្នកបានរៀនអ្វីខ្លះពីសេចក្តីថ្លែងការណ៍នេះ អំពីរបៀបដែលព្រះអង្គសង្គ្រោះអាចប្រទានពរដល់អ្នក នៅពេលអ្នកសិក្សាព្រះគម្ពីរ ?
-
តើពរជ័យអ្វីខ្លះដែលអ្នកបានទទួល នៅពេលអ្នកបានសិក្សាព្រះគម្ពីរជាទៀងទាត់ ?
-
តើមានអ្វីដែលបានជួយ ឬអាចជួយអ្នកឲ្យមានពេលវេលាសិក្សាព្រះគម្ពីរជាប្រចាំ ?
សូមពិចារណាធ្វើសកម្មភាពមួយជាមួយសិស្ស ដើម្បីជួយពួកគេឲ្យអភិវឌ្ឍជំនាញសិក្សាព្រះគម្ពីរ ។ សកម្មភាពខាងក្រោមជួយពួកគេឲ្យរៀនពីរបៀបប្រើលេខយោងឲ្យមានប្រសិទ្ធភាព ប៉ុន្តែប្រសិនបើពួកគេនឹងទទួលបានអត្ថប្រយោជន៍ពីជំនាញផ្សេងៗទៀត សូមពិចារណាពីសកម្មភាពមួយផ្សេងទៀតដែលនឹងជួយបង្កើនសមត្ថភាពក្នុងការសិក្សាព្រះគម្ពីររបស់ពួកគេ ។ អ្នកអាចរកបានគំនិតមួយចំនួននៅក្នុងឯកសារបន្ថែមនៃមេរៀននេះ ។
តើខ្ញុំអាចប្រើលេខយោងឲ្យមានប្រសិទ្ធភាពបានយ៉ាងដូចម្តេច ?
របៀបមួយដែលអ្នកអាចសិក្សាព្រះគម្ពីរឲ្យកាន់តែជក់ចិត្តដិតអារម្មណ៍គឺ តាមរយៈការប្រើប្រាស់លេខយោង ។ លេខយោងអាចរកបាននៅលើព្រះគម្ពីរដែលបានបោះពុម្ពជាសៀវភៅនៅខាងចុងទំព័រ និងនៅក្នុងព្រះគម្ពីរជាអេឡិចត្រូនិច តាមរយៈការចុចនៅលើអក្សរតូចៗនៅជិតនឹងពាក្យខ្លះក្នុងខគម្ពីរ ។ កំណត់ចំណាំទាំងនេះមានឯកសារយោងទាក់ទងនឹងខគម្ពីរផ្សេងៗទៀត ឬឧបករណ៍បន្ថែមដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់នូវអ្វីដែលត្រូវបានបង្រៀន ។
អ្នកនឹងឃើញកំណត់ចំណាំនៃការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ជាញឹកញាប់នៅក្នុងលេខយោងនៃព្រះគម្ពីរសញ្ញាថ្មី ។ ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ គឺជាការកែសម្រួល ឬការបកប្រែព្រះគម្ពីរប៊ីបដ៏បំផុសគំនិតដែលបានបញ្ចប់ដោយ យ៉ូសែប ស្ម៊ីធ ។ វាស្ដារឡើងវិញនូវសេចក្ដីពិតដែលបានបាត់បង់ពីព្រះគម្ពីរប៊ីប ហើយបន្ថែមភាពច្បាស់លាស់ដល់ការបង្រៀនរបស់ព្រះគម្ពីរប៊ីប ។ ក្រោមការបំផុសគំនិត ព្យាការីរូបនេះបានកែតម្រូវខគម្ពីរជាង ៣,៤០០ ខ នៅក្នុងព្រះគម្ពីរប៊ីប ដែលភាគច្រើនអាចរកឃើញនៅក្នុងលេខយោងនៃកំណែព្រះគម្ពីរប៊ីបរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ប៉ុន្តែវគ្គវែងៗខ្លះមាននៅក្នុងឧបសម្ព័ន្ធព្រះគម្ពីរប៊ីប ។
លូកា ២ ពិពណ៌នាអំពីរឿងរបស់យ៉ូសែប និងម៉ារា ដែលរកឃើញព្រះយេស៊ូវក្នុងព្រះជន្ម ១២ ព្រះវស្សានៅក្នុងព្រះវិហារបរិសុទ្ធ បន្ទាប់ពីបានដើររកទ្រង់អស់រយៈពេលបីថ្ងៃមក ( សូមមើល លូកា ២:៤០–៤៥ ) ។ លូកា ២:៤៦ គឺជាឧទាហរណ៍មួយដែលការបកប្រែដោយ យ៉ូសែប ស៊្មីធ បញ្ជាក់យ៉ាងច្បាស់នូវអ្វីដែលត្រូវបានបង្រៀននៅក្នុងវគ្គនោះ ។ វាក៏បានជួយឲ្យអត្ថន័យមានភាពស៊ីគ្នាជាមួយអ្វីដែលបានបង្រៀននៅក្នុង ខទី ៤៧ ផងដែរ ។
សូមសិក្សា លូកា ២:៤៦ ដោយគ្មានលេខយោងណាមួយ ហើយរកមើលអ្វីដែលអ្នករៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
សូមសិក្សាវគ្គនោះម្តងទៀត នៅពេលនេះដោយប្រើលេខយោង ដែលរួមមានលេខយោងមួយដែលចាប់ផ្ដើមដោយអក្សរ « GR » ។ « GR » មានន័យថា « ក្រិក » ជាភាសាដើមដែលព្រះគម្ពីរសញ្ញាថ្មីភាគច្រើនត្រូវបានសរសេរឡើង ។ លេខយោងនេះជួយឲ្យយើងយល់ពីអត្ថន័យមួយទៀតនៃអត្ថបទជាភាសាក្រិក ។
-
តើឧបករណ៍សិក្សាព្រះគម្ពីរទាំងនេះអាចជួយដល់អ្វីដែលខគម្ពីរនេះបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
គោលដៅដើម្បីប្រែក្លាយឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ
គោលដៅចម្បងមួយនៃថ្នាក់សិក្ខាសាលា គឺដើម្បីជួយអ្នកឲ្យដើរតាមព្រះយេស៊ូវគ្រីស្ទ និងក្លាយជាសិស្សរបស់ទ្រង់ ។ ការសិក្សាបទគម្ពីរដោយខ្ជាប់ខ្ជួនគឺជាវិធីដ៏ល្អបំផុតមួយ ដែលអ្នកអាចក្លាយជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទដែលមានភក្តីភាពកាន់តែខ្លាំង ។ វាក៏ជាតម្រូវការមួយសម្រាប់ការទទួលបានក្រេឌីតក្នុងថ្នាក់សិក្ខាសាលាផងដែរ ។ អ្នកអាចសួរគ្រូបង្រៀនរបស់អ្នកអំពីព័ត៌មាននៃតម្រូវការសម្រាប់ការសិក្សាបទគម្ពីរបាន ប្រសិនបើអ្នកមានសំណួរ ។
វាអាចជាការពិបាកដើម្បីស្វែងរកពេលវេលាសិក្សាព្រះគម្ពីរដោយខ្លួនឯង ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានឲ្យដំបូន្មានបែបនេះ ៖
ដោយសារភាពដ៏មមាញឹកនៃជីវិតរបស់យើង នោះបំណងល្អ និង « ការសង្ឃឹម » យ៉ាងសាមញ្ញថានឹងរកពេលវេលាសម្រាប់ការសិក្សាព្រះគម្ពីរដ៏មានអត្ថន័យគឺមិនគ្រប់គ្រាន់ទេ ។ បទពិសោធន៍របស់ខ្ញុំបានបង្ហាញថា ពេលវេលាជាក់លាក់ដែលបានកំណត់ទុកដោយឡែករាល់ថ្ងៃតាមដែលអាចធ្វើទៅបាន និងកន្លែងជាក់លាក់សម្រាប់ការសិក្សា បង្កើនប្រសិទ្ធភាពយ៉ាងខ្លាំងដល់ការស្រាវជ្រាវ និងការសិក្សាព្រះគម្ពីរ ។
( ដេវីឌ អេ បែដណា « Because We Have Them before Our Eyes » New Era ខែ មេសា ឆ្នាំ ២០០៦ ទំព័រ ៦ )
សូមគិតអំពីអ្វីដែលអ្នកបានរៀន និងអារម្មណ៍របស់អ្នកនៅថ្ងៃនេះ ហើយពិចារណាពិនិត្យចម្លើយរបស់អ្នកចំពោះការវាយតម្លៃការសិក្សាព្រះគម្ពីរឡើងវិញម្តងទៀត ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមដាក់គោលដៅសិក្សាព្រះគម្ពីរមួយ ។ អ្នកអាចដាក់គោលដៅនេះជាគោលដៅខាងវិញ្ញាណមួយសម្រាប់កម្មវិធីកុមារ និងយុវវ័យ ឬដាក់ជាគោលដៅដាច់ដោយឡែកមួយ ។ សូមគិតអំពីសំណួរខាងក្រោម នៅពេលអ្នកកំណត់គោលដៅរបស់អ្នក ៖
-
តើអ្នកដឹង ឬជឿអ្វីខ្លះអំពីបទគម្ពីរ ? តើអ្វីដែលអ្នកដឹង ឬជឿអំពីបទគម្ពីរបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីសិក្សាបទគម្ពីរទាំងនោះយ៉ាងដូចម្តេច ?
-
តើអ្នកបានប្រឈមនឹងឧបសគ្គអ្វីខ្លះនៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នក ? តើអ្នកយកឈ្នះវាយ៉ាងដូចម្ដេច ?
-
តើអ្នកនឹងសិក្សាច្រើនប៉ុណ្ណា ? តើអ្នកនឹងធ្វើវានៅទីណា និងនៅពេលណា ?
វិចារណកថា និង ព័ត៌មានសាច់រឿង
តើពរជ័យមួយចំនួនដែលអាចកើតមកពីការសិក្សាព្រះគម្ពីរមានអ្វីខ្លះ ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងទីបន្ទាល់អំពីពរជ័យដែលកើតមានមកពីការសិក្សាព្រះគម្ពីរ ។
តើខ្ញុំអាចសិក្សាបទគម្ពីរឲ្យមានប្រសិទ្ធភាពយ៉ាងដូចម្តេច ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែករំលែកការយល់ដឹងទាំងនេះ ៖
នៅពេលខ្ញុំនិយាយថា « សិក្សា » ខ្ញុំចង់សំដៅលើសពីការអានទៅទៀត ។ វាជារឿងល្អមួយ ដែលពេលខ្លះអានព្រះគម្ពីរនៅក្នុងពេលកំណត់ណាមួយ ដើម្បីដឹងន័យទូទៅនៃសារលិខិតនោះ ប៉ុន្ដែចំពោះការប្រែចិត្តជឿវិញ បងប្អូនគួរតែយកចិត្តទុកដាក់ទៅលើចំនួនពេលវេលាដែលបងប្អូនបានចំណាយលើព្រះគម្ពីរ ជាងគិតអំពីចំនួនពេលវេលាដែលបងប្អូនចំណាយដើម្បីអាននៅក្នុងពេលនោះ ។ ខ្ញុំឃើញថា ពេលខ្លះអ្នកអានពីរបីខគម្ពីរ ហើយឈប់ដើម្បីសញ្ជឹងគិតអំពីខគម្ពីរនោះ ដោយអានខគម្ពីរនេះម្តងទៀតយ៉ាងយកចិត្តទុកដាក់ ហើយនៅពេលអ្នកគិតអំពីអត្ថន័យរបស់អំពីខគម្ពីរនោះ សូមអធិស្ឋានដើម្បីទទួលបានការយល់ដឹង សួរសំណួរនៅក្នុងគំនិតរបស់អ្នក រង់ចាំការបំផុសគំនិតខាងវិញ្ញាណ រួចសរសេរទុកនូវការបំផុសគំនិត និងទស្សនវិស័យជ្រៅជ្រះដែលនឹងកើតមាន ដើម្បីឲ្យបងប្អូនអាចចងចាំ ហើយរៀនសូត្របានកាន់តែប្រសើរឡើង ។ ការសិក្សារបៀបនេះ បងប្អូនប្រហែលមិនអាចអានច្រើនជំពូក ឬច្រើនខគម្ពីរនោះទេនៅក្នុងរយៈពេលកន្លះម៉ោង ប៉ុន្ដែបងប្អូននឹងឲ្យកន្លែងមួយសម្រាប់ព្រះបន្ទូលនៃព្រះមាននៅក្នុងដួងចិត្តរបស់បងប្អូន ហើយទ្រង់នឹងមានព្រះបន្ទូលមកកាន់បងប្អូន ។
( ឌី ថត គ្រីស្តូហ្វឺសិន « When Thou Art Converted »Ensign ឬLiahonaខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១១ )
ឧបករណ៍ និងធនធានមួយចំនួនដែលជួយអ្នកឲ្យសិក្សាបទគម្ពីរកាន់តែមានប្រសិទ្ធភាពរួមមាន ៖
-
« វិធីសិក្សាព្រះគម្ពីរ » និងឯកសារណែនាំនៅក្នុង សៀវភៅចូរមកតាមខ្ញុំ —សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។
-
សៀវភៅសិក្សាថ្នាក់វិទ្យាស្ថាន ព្រះគម្ពីរសញ្ញាថ្មីសម្រាប់សិស្ស ដែលមានរូបភាព ការអត្ថាធិប្បាយ និងការពន្យល់ដ៏មានប្រយោជន៍ ។
ឧបករណ៍ខាងក្រោមនេះអាចរកបាននៅក្នុងផ្នែក « ជំនួយការសិក្សា » នៃកម្មវិធីបណ្ណាល័យដំណឹងល្អរបស់អ្នក ឬលិបិក្រមនៃបណ្ដុំព្រះគម្ពីរ ឬព្រះគម្ពីរប៊ីបរបស់អ្នក ។
-
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ Bible Dictionary និង Topical Guide អាចជួយអ្នកក្នុងការសិក្សាតាមប្រធានបទ ឬដោយការស្វែងរកសេចក្តីយោងឆ្លង និយមន័យ និងការពន្យល់បរិបទ ។
-
ផែនទីព្រះគម្ពីរប៊ីប អាចជួយអ្នកឲ្យយល់ដឹងកាន់តែច្បាស់អំពីបរិបទភូមិសាស្ត្រនៃដំណើររឿងក្នុងបទគម្ពីរ ។
-
ឧបករណ៍ រូបថតអំពីព្រះគម្ពីរប៊ីប មាន រូបភាពកន្លែងនៅក្នុងដែនដីបរិសុទ្ធ ដែលអាចជួយអ្នកឲ្យមើលឃើញពីដំណើររឿងក្នុងព្រះគម្ពីរប៊ីបបានប្រសើរជាងមុន ។
-
The Harmony of the Gospels ជាលិបិក្រមមួយដើម្បីស្វែងរកដំណើររឿងផ្សេងៗក្នុងដំណើររឿងនីមួយៗក្នុងដំណឹងល្អ ដោយជួយអ្នកឲ្យបង្កើនការយល់ដឹងរបស់អ្នកអំពីព្រឹត្តិការណ៍ទាំងនោះ ។
សកម្មភាពរៀនសូត្របន្ថែម
ដំណើររឿងដែលចុះសម្រុងគ្នាក្នុងដំណឹងល្អ
សូមពិចារណាប្រើការអនុវត្តនេះបន្ថែមលើ ឬជំនួសឲ្យសកម្មភាពលេខយោងនៃការបកប្រែដោយយ៉ូសែប ស្ម៊ីធ ។
សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការសិក្សាដំណើររឿងដូចគ្នានៅក្នុងព្រះគម្ពីរសញ្ញាថ្មីចេញពីទស្សនវិស័យនៃអ្នកនិពន្ធជាច្រើន ។ ការណ៍នេះអាចជួយសិស្សឲ្យទទួលបានការយល់ដឹងបន្ថែមអំពីព្រះអង្គសង្គ្រោះ ។ ដំណើររឿងមួយដែលអាចយកមកអនុវត្តបានប្រហែលជាអំពីព្រះអង្គសង្គ្រោះកំពុងរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានី ដែលមាននៅក្នុង ម៉ាថាយ ២៦:៣៦–៤៦ ; ម៉ាកុស ១៤:៣២–៤២ ; លូកា ២២:៤០–៤៦ ។ . បន្ទាប់ពីសិស្សសិក្សាដំណើររឿងទាំងនេះហើយ ពួកគេអាចចែកចាយការយល់ដឹងដែលពួកគេបានទទួល តាមរយៈការសិក្សាបទគម្ពីរតាមរបៀបនេះនេះ ។