ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១; លូកា ១


ម៉ាថាយ ១; លូកា ១

ទិដ្ឋភាពទូទៅ

ម៉ាថាយ ក៏ត្រូវបានគេស្គាល់ថាជា លេវី ផងដែរ គឺជាអ្នកនិពន្ធដំណឹងល្អដំបូងគេនៃព្រះគម្ពីរសញ្ញាថ្មី ។ គោលបំណងមួយរបស់លោកនៅក្នុងការនិពន្ធគឺដើម្បីបង្ហាញថា ព្រះយេស៊ូវបានបំពេញការព្យាករអំពីព្រះមែស៊ី ( សូមមើល ម៉ាថាយ ១:១–១៧ ) ។ ទេវតាកាព្រីយ៉ែលបានយាងមកជួប ម៉ារា ដើម្បីប្រកាសពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ជា « ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត » ( សូមមើល លូកា ១:១–៣៨ ) ។ អំឡុងពេលមានគភ៌ព្រះយេស៊ូវ ម៉ារា បានទៅជួបបងប្អូនជីដូនមួយរបស់នាង គឺអេលីសាបិត ហើយរីករាយជាមួយនាងនៅក្នុងសេចក្ដីល្អរបស់ព្រះ ( សូមមើល លូកា ១:៣៩–៧៩ ) ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមផ្តល់ជូនគ្រូបង្រៀននូវគំនិតនៃអ្វីដែលត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

ម៉ាថាយ ១:១–១៧

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែស៊ី ដែលបានសន្យា ហើយមានអារម្មណ៍កាន់តែមានការកោតសរសើរដ៏ធំធេងចំពោះទ្រង់ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយគិតអំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ចំពោះពួកគេ ។ ពួកគេក៏អាចសួរគ្រួសារ ឬមិត្តភក្ដិថាតើពួកគេមានអារម្មណ៍យ៉ាងណាអំពីព្រះអង្គសង្គ្រោះ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅដើមមេរៀននេះ នៅពេលសិស្សសរសេរព័ត៌មានលម្អិតសំខាន់ៗអំពីព្រះយេស៊ូវគ្រីស្ទនៅលើក្រដាសមួយសន្លឹក សូមពិចារណាអញ្ជើញសិស្សឲ្យវាយចម្លើយរបស់ពួកគេ ហើយចុះផ្សាយចម្លើយរបស់ពួកគេនៅលើមុខងារឈែត ។ សូមទុកពេលគ្រប់គ្រាន់ឲ្យសិស្សអានអ្វីដែលសិស្សដទៃទៀតបានសរសេរ ។

លូកា ១:១–៣៨

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យរៀនអំពីរបៀបឆ្លើយតបទៅនឹងព្រះឆន្ទៈរបស់ព្រះអម្ចាស់ ដោយមានការទុកចិត្តកាន់តែធំធេងលើទ្រង់ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណាសំណួរខាងក្រោមនេះ ៖ តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែលជួយឲ្យអ្នកដាក់ការទុកចិត្តរបស់អ្នកលើទ្រង់ទាំងទ្វេ ?

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ប្រសិនបើមានបន្ទប់សម្រាប់បំបែកថ្នាក់ វាអាចជាការល្អដើម្បីបំបែកសិស្សជាក្រុមឲ្យពិភាក្សាសំណួរទាំងពីរ ដែលធ្វើតាមសេចក្តីថ្លែងការណ៍របស់ប្រធាន ណិលសុននៅចុងបញ្ចប់នៃមេរៀននេះ ។ សូមចាត់តាំងសិស្សម្នាក់នៅក្នុងក្រុមនីមួយៗឲ្យដឹកនាំការពិភាក្សា ។ នៅពេលដែលសិស្សជួបជុំគ្នាវិញ សូមអញ្ជើញអ្នកសម្របសម្រួលឲ្យសង្ខេបនូវអ្វីដែលក្រុមរបស់ពួកគេបានពិភាក្សា ។

ការទទួលចំណេះដឹងខាងវិញ្ញាណ ផ្នែកទី ១

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់ ហើយអនុវត្តគោលការណ៍ជាក់លាក់នៃការធ្វើសកម្មភាពដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលមានបញ្ហាប្រឈមលំបាកៗ និងចម្ងល់កើតឡើង ។

  • ការរៀបចំរបស់សិស្ស ៖ សូមឲ្យសិស្សសញ្ជឹងគិតពីបទពិសោធន៍របស់ពួកគេ នៅពេលដែលប្រឈមនឹងបញ្ហាលំបាកៗ ឬសំណួរដែលមិនងាយដោះស្រាយ ( ទាំងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ឬពីជីវិតអ្នកដទៃ ) ។ ការណ៍ទាំងនេះអាចរួមមានដូចជាសំណួរខាងវិញ្ញាណដែលមិនទាន់បានឆ្លើយ ឬការសាកល្បងដ៏លំបាកមួយ ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីរបៀបដែលពួកគេបានឆ្លើយតប ឬនឹងឆ្លើយតបនៅក្នុងស្ថានភាពទាំងនេះ ។

  • ឯកសារចែក ៖ « តើការធ្វើសកម្មភាពដោយសេចក្ដីជំនឿមានន័យដូចម្តេច ? »

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណារៀបចំបទបង្ហាញជាស្លាយដោយមានព័ត៌មានពីឯកសារនេះ ឬផ្ញើឯកសារនេះទៅសិស្សតាមរយៈអ៊ីម៉ែល ឬប្រព័ន្ធគ្រប់គ្រងការរៀនសូត្រ ។ សូមអញ្ជើញសិស្សឲ្យចូលមើលឯកសារនេះ ដើម្បីពួកគេអាចយោងទៅឯកសារនេះនៅក្នុងថ្នាក់រៀន ។

ម៉ាថាយ ១:១៨–២៥; លូកា ១:២៦–៣៥

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់ពីបុគ្គលិកលក្ខណៈដែលព្រះយេស៊ូវបានទទួលពីមាតាដែលមានជីវិតរមែងស្លាប់ និងព្រះវរបិតាដែលមានព្រះជន្មអមតៈ ដែលធ្វើឲ្យទ្រង់មានសមត្ថភាពពិសេសក្នុងការជួយយើងឲ្យយកឈ្នះលើបញ្ហាប្រឈមទាំងអស់នៃជីវិតរមែងស្លាប់នេះ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីបញ្ហាប្រឈម ដែលមនុស្សមានអាយុស្របាលពួកគេទូទៅជួបប្រទះ ។

  • សម្ភារសម្រាប់សិស្ស ៖ ក្រដាស ខ្មៅដៃ ពណ៌ និងគូល័រទានជាដើម ។

លូកា ១:៣៩–៧៩

គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សស្គាល់សេចក្ដីល្អរបស់ព្រះ និងពោលសរសើរទ្រង់ចំពោះសេចក្ដីល្អរបស់ទ្រង់ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយត្រៀមខ្លួនដើម្បីចែករំលែកឃ្លាពីទំនុកតម្កើងមួយ ដែលគូសបញ្ជាក់ពីសេចក្ដីល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមរៀបចំបង្ហាញសំណួរដែលត្រូវពិចារណាដែលបានរាយនាមនៅចុងបញ្ចប់នៃមេរៀននេះ ដើម្បីឲ្យសិស្សអាចមើលសំណួរទាំងនោះបាន ។ បើអាចធ្វើបាន សូមពិចារណាអនុញ្ញាតឲ្យសិស្សមានសិទ្ធិប្រើប្រាស់អេក្រង់ ដើម្បីឲ្យពួកគេអាចសរសេរពីបុគ្គលិកលក្ខណៈ និងគុណលក្ខណៈរបស់ព្រះអង្គសង្រ្គោះដែលពួកគេឲ្យតម្លៃជាងគេបំផុត ។