ម៉ាថាយ ១១:២៧; យ៉ូហាន ៥:១៩; ៣០; យ៉ូហាន ៨:១៨–២៨
« ព្រះរាជបុត្រាសព្វព្រះហឫទ័យបើកឲ្យស្គាល់ទ្រង់ »
ព្រះអង្គសង្គ្រោះបានថ្លែងទីបន្ទាល់ថា យើងអាចស្គាល់ព្រះវរបិតាសួគ៌បានកាន់តែច្បាស់តាមរយៈការសិក្សាពីគំរូនៃព្រះរាជបុត្រារបស់ទ្រង់ ។ អ្វីៗទាំងអស់ដែលព្រះយេស៊ូវគ្រីស្ទបានមានព្រះបន្ទូល និងធ្វើ គឺធ្វើតាមគំរូរបស់ព្រះវរបិតាទ្រង់ ហើយមានព្រះរាជបំណងនាំយើងឲ្យមករកព្រះវរបិតាយ៉ាងប្រាកដ ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីព្រះវរបិតាសួគ៌ និងរបៀបដែលទ្រង់ព្រះតម្រិះអំពីអ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការដឹងអំពីព្រះវរបិតាសួគ៌
សូមពិចារណាអំពីសាច់រឿងខាងក្រោម ៖
នៅក្នុងសុន្ទរកថាការប្រជុំសាក្រាម៉ង់នាពេលថ្មីៗនេះ ក្លូឌីអូ បានឮសមាជិកម្នាក់នៅក្នុងវួដរបស់គាត់ប្រកាសថា « ខ្ញុំដឹងថាព្រះវរបិតាសួគ៌ស្គាល់ ហើយស្រឡាញ់ខ្ញុំ ។ ទ្រង់ដឹងពីតម្រូវការរបស់ខ្ញុំ ហើយមានព្រះរាជបំណងចង់ជួយខ្ញុំ » ។ ក្លូឌីអូ មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ពីរបៀបដែលនាងដឹងរឿងទាំងអស់នេះអំពីព្រះវរបិតាសួគ៌ ។ នៅពេលគាត់សញ្ជឹងគិតអំពីអ្វីដែលគាត់ដឹងអំពីព្រះវរបិតាសួគ៌ នោះគាត់មានអារម្មណ៍ថា គាត់ពុំសូវដឹងច្រើននោះទេ ។ គាត់ថែមទាំងព្យាយាមរកមើលក្នុងព្រះគម្ពីរ ហើយក៏មិនទទួលបានជោគជ័យអ្វីច្រើនដែរ ។
-
តើយើងអាចមានអារម្មណ៍ដូច ក្លូឌីអូ តាមរបៀបណាខ្លះ ?
-
តើអារម្មណ៍ដូចដែលយើងមិនស្គាល់ព្រះវរបិតាសួគ៌ ឬសូម្បីតែដឹងអំពីទ្រង់គឺជាការលំបាកសម្រាប់យើងយ៉ាងដូចម្តេច ?
សូមពិចារណានូវអ្វីដែលអ្នកបានរៀនអំពីព្រះវរបិតាសួគ៌ និងរបៀបដែលចំណេះដឹងនោះមានឥទ្ធិពលលើរូបអ្នក ។ នៅលើក្រដាសមួយសន្លឹក ឬនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរពាក្យ « ព្រះវរបិតាសួគ៌ » នៅចំកណ្តាល ។ នៅជុំវិញពាក្យទាំងនេះ សូមសរសេរនូវអ្វីដែលអ្នកដឹងអំពីព្រះវរបិតាសួគ៌ ។
-
តើការដឹងកាន់តែច្បាស់អំពីព្រះវរបិតាសួគ៌ មានឥទ្ធិពលយ៉ាងណាលើជីវិតរបស់នរណាម្នាក់ ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលសេចក្តីពិតអំពីព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ ដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ថា តើទ្រង់ទាំងទ្វេមានលក្ខណៈបែបណា ហើយថាតើទ្រង់ទាំងទ្វេមានព្រះទ័យបែបណាចំពោះអ្នក ។ សូមពិចារណាបន្ថែមនូវអ្វីដែលអ្នកបានរៀនអំពីព្រះវរបិតាសួគ៌នៅលើក្រដាស ។ព្រះយេស៊ូវគ្រីស្ទបានមានព្រះបន្ទូលជាប្រចាំពីព្រះវរបិតារបស់ទ្រង់ និងបានធ្វើដូច្នោះដោយមានគោលបំណងសំខាន់មួយ ។ សូមអានវគ្គបទគម្ពីរខាងក្រោម ដោយរកមើលអ្វីដែលព្រះយេស៊ូវមានព្រះទ័យចង់ឲ្យអ្នកដើរតាមទ្រង់បានដឹងអំពីព្រះអង្គទ្រង់ និងព្រះវរបិតាសួគ៌ ៖
ម៉ាថាយ ១១:២៧ ( រួមទាំងការផ្លាស់ប្តូរនៅក្នុងការបកប្រែដោយ យ៉ូសែប ស្ម៊ីធផងដែរថា ពួកអ្នកដែលព្រះរាជបុត្រានឹងបង្ហាញព្រះកាយព្រះអង្គទ្រង់នឹងបានឃើញព្រះវរបិតាផងដែរ) ។
-
តើអ្នកនឹងសង្ខេបអំពីអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនពីអ្វីដែលអ្នកធ្លាប់បានអានយ៉ាងដូចម្តេច ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីវិធីសំខាន់មួយ ដែលយើងអាចស្គាល់ព្រះវរបិតាសួគ៌ ។អ្នកប្រហែលចង់មើលវីដេអូ « The Grandeur of God » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ០:០០ ដល់ម៉ោង ១:០៧ ឬអានអត្ថបទខាងក្រោមនេះ ។
ក្នុងចំំណោមគោលបំណងសំខាន់ជាច្រើនដែលមាននៅក្នុងព្រះជន្ម និងការងារបម្រើរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ នោះជារឿយៗ កត្តាដ៏ធំនៃបេសកកម្មនោះពុំត្រូវបានគេយកចិត្តទុកដាក់ប៉ុន្មាននោះទេ ។ ពួកអ្នកដើរតាមរបស់ទ្រង់ពុំយល់រឿងនោះទាំងស្រុងទេនៅគ្រានោះ ហើយមនុស្សជាច្រើននៅក្នុងសម័យពួកអ្នកកាន់សាសនាគ្រិស្តនៅសម័យទំនើបនេះក៏ពុំទាន់យល់ដែរ ប៉ុន្តែព្រះអង្គសង្គ្រោះទ្រង់ផ្ទាល់បានមានព្រះបន្ទូលអំពីរឿងនោះម្តងហើយម្តងទៀត និងយ៉ាងដាច់អហង្ការ ។ វាគឺជាការពិតណាស់ថា នៅគ្រប់អ្វីៗទាំងអស់ដែលព្រះយេស៊ូវបានមានព្រះបន្ទូល និងធ្វើ រួមទាំង និងជាពិសេស នៅក្នុងការរងទុក្ខដ៏ធួន និងការពលិកម្មរបស់ទ្រង់ នោះទ្រង់កំពុងបង្ហាញដល់យើងថា ព្រះជាវរបិតាសួគ៌ដ៏នៅអស់កល្បជានិច្ចរបស់យើងមានលក្ខណៈបែបណា ថាតើទ្រង់មានព្រះទ័យពលិកម្មចំពោះបុត្រាបុត្រីរបស់ទ្រង់នៅគ្រប់វ័យ និងពូជសាសន៍យ៉ាងណា ។ ទាំងជាព្រះបន្ទូល និងទង្វើរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានព្យាយាមបើកសម្ដែង ហើយធ្វើឲ្យយើងដឹងដោយផ្ទាល់អំពីលក្ខណៈពិតរបស់ព្រះបិតារបស់ទ្រង់ ថាជាព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើង ។
( ជែហ្វ្រី អ័រ ហូឡិន « The Grandeur of God » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧០ )
-
តើអ្នកបានរៀនអ្វីខ្លះពីសេចក្ដីថ្លែងការណ៍របស់ អែលឌើរ ហូឡិន ?
គោលការណ៍មួយដែលយើងអាចរៀនគឺថា ព្រះបន្ទូល និងសកម្មភាពរបស់ព្រះយេស៊ូវគ្រីស្ទបង្ហាញយើងពីបុគ្គលិកលក្ខណៈរបស់ព្រះវរបិតាសួគ៌ ។
-
តើអ្នកឃើញសេចក្តីពិតនេះត្រូវបានបង្រៀនយ៉ាងដូចម្តេចនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះដែលអ្នកទើបតែបានអាននេះ ?
អែលឌើរ ហូឡិន បានពន្យល់បន្ថែមអំពីការពិតនេះ ។ អ្នកប្រហែលចង់មើល « The Grandeur of God » ចាប់ពីលេខកូដម៉ោង ១១:២៥ ដល់ម៉ោង ១២:៤៩ ឬអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ។
ដូច្នេះ ការឲ្យអាហារដល់អ្នកស្រេកឃ្លាន ការព្យាបាលអ្នកឈឺ ការវាយផ្ចាលដល់មនុស្សលាក់ពុត ការទូលអង្វរសុំសេចក្ដីជំនឿ—គឺជារបៀបដែលព្រះគ្រីស្ទបានបង្ហាញយើងពីមាគ៌ានៃព្រះបិតាទ្រង់គឺ « ប្រកបដោយក្ដីមេត្តាករុណា និងព្រះគុណ កម្រនឹងព្រះពិរោធ អត់ធ្មត់ និងពោរពេញដោយសេចក្ដីល្អ » ។ នៅក្នុងជីវិតរបស់ទ្រង់ និងជាពិសេសនៅក្នុងការសុគតរបស់ទ្រង់ នោះព្រះគ្រីស្ទកំពុងប្រកាសថា « នេះគឺជាសេចក្តីមេត្តាករុណា របស់ព្រះ ដែលយើងកំពុងបង្ហាញដល់អ្នក ព្រមទាំងវាក៏ជាសេចក្តីមេត្តាករុណារបស់យើងផ្ទាល់ផងដែរ » ។ នៅក្នុងការបង្ហាញដ៏ល្អឥតខ្ចោះរបស់ព្រះរាជបុត្រាអំពីការខ្វល់ខ្វាយដ៏ខ្លាំងក្លារបស់ព្រះវរបិតា នៅក្នុងការរងទុក្ខ និងទុក្ខព្រួយរួមគ្នារបស់ទ្រង់ទ្វេចំពោះអំពើបាប និងការខូចចិត្តរបស់ពួកយើងទាំងអស់គ្នា នោះយើងឃើញពីអត្ថន័យដ៏ធំធេងបំផុតនៅក្នុងការប្រកាសដូចនេះ ៖ « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ចវិញ ។ ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកក្នុងលោកិយដើម្បីនឹងជំនុំជម្រះលោកិយនោះទេ គឺឲ្យលោកិយបានសង្គ្រោះដោយសារទ្រង់វិញ » [ យ៉ូហាន ៣:១៦–១៧ ] ។
( ជែហ្វ្រី អ័រ ហូឡិន « The Grandeur of God » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧២ )
សូមជ្រើសរើសដំណើររឿងដែលអ្នកចូលចិត្តអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរ ។ សូមសរសេរសេចក្តីយោងបទគម្ពីរ ហើយសង្ខេបវគ្គបទគម្ពីរនោះ ។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមទាំងនេះ ៖
-
តើអ្នករៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ហើយតើទ្រង់មានព្រះទ័យយ៉ាងណាចំពោះអ្នក ចេញពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានមានព្រះបន្ទូល ឬធ្វើនៅក្នុងដំណើររឿងនេះ ?
-
តើការដឹងរឿងនេះអំពីព្រះវរបិតាសួគ៌មានឥទ្ធិពលយ៉ាងណាចំពោះទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ?
-
តើការមានទំនាក់ទំនងល្អប្រសើរជាមួយព្រះវរបិតាសួគ៌ជួយអ្នកយ៉ាងដូចម្តេច ?
សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកបង្កើតផែនការសង្ខេបអំពីរបៀបដែលអ្នកអាចពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ ហើយសរសេរវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើការស្គាល់ព្រះវរបិតាសួគ៌មានឥទ្ធិពលមកលើខ្ញុំយ៉ាងដូចម្តេច ?
ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥–៤៤ ) បានបង្រៀន ៖
« ប្រសិនបើ [ មនុស្ស ] ម្នាក់មិនចេះអ្វីក្រៅតែពីបរិភោគ ផឹក និងដេក ហើយមិនយល់ពីការបង្កើតឡើងណាមួយរបស់ព្រះ នោះគឺប្រៀបបាននឹងសត្វដូច្នោះដែរ ។ សត្វវាស៊ី ផឹក ដេក ហើយមិនដឹងពីអ្វីទាំងអស់អំពីព្រះ តែវាដឹងច្រើនដូចយើងដែរ លើកលែងតែយើងអាចយល់តាមរយៈការបំផុសគំនិតពីព្រះដ៏មានព្រះចេស្ដាប៉ុណ្ណោះ ។ ប្រសិនបើ [ មនុស្ស ] មិនយល់ពីបុគ្គលិកលក្ខណៈរបស់ព្រះទេ នោះពួកគេក៏មិនយល់ពីខ្លួនឯងដែរ ។
( Teachings of Presidents of the Church: Joseph Smith [ឆ្នាំ ២០០៧ ] ទំព័រ ៤០ )
សូមពិចារណាមើល « Relationship with God—Patrick » ( ០:៥៩ ) និង « Relationship with God—Anipha » ( ០:៥៥ ) ដើម្បីមើលឧទាហរណ៍អំពីរបៀបដែលការស្គាល់ព្រះវរបិតាសួគ៌អាចមានឥទ្ធិពលលើជីវិតរបស់នរណាម្នាក់យ៉ាងដូចម្ដេច ។