ថ្នាក់​សិក្ខាសាលា
លូកា ១១:១–១៣


លូកា ១១:១–១៣

« ព្រះអម្ចាស់អើយ សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋានផង »

Two girls, likely sisters, kneel next to each other at a bed, praying. There are blankets folded up at the head of the bed. Behind them is a wardrobe.

បន្ទាប់ពីបានឮព្រះយេស៊ូវអធិស្ឋានហើយ « នោះសិស្សម្នាក់ទូលថា ព្រះអម្ចាស់អើយ សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋានផង » ( លូកា ១១:១ ) ។ ព្រះយេស៊ូវបានឆ្លើយតបដោយការបង្រៀនដ៏ជ្រាលជ្រៅ ដែលអាចជួយពង្រឹងដល់ទំនាក់ទំនងរបស់យើងជាមួយព្រះវរបិតាសួគ៌តាមរយៈការអធិស្ឋានបាន ។ មេរៀននេះអាចជួយអ្នកឲ្យធ្វើឲ្យការអធិស្ឋានរបស់អ្នកកាន់តែមានអត្ថន័យ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីអ្វីដែលពួកគេបានធ្វើ ដើម្បីធ្វើឲ្យការអធិស្ឋានរបស់ពួកគេកាន់តែមានអត្ថន័យ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ព្រះអម្ចាស់បង្រៀនអំពីការអធិស្ឋាន

សូមពិចារណាគូរបន្ទាត់ផ្ដេកមួយនៅលើក្ដារខៀន ។ នៅក្ដារខៀនម្ខាង សូមសរសេរ ការអធិស្ឋានគឺងាយស្រួល ហើយនៅម្ខាងទៀត សូមសរសេរ ការអធិស្ឋានគឺពិបាក ។ សូមឲ្យសិស្សមកកាន់ក្ដារខៀន ហើយសរសេរពាក្យ ឬឃ្លានៅកន្លែងណាមួយ ដែលនៅជាប់គ្នាដែលពិពណ៌នាអំពីមូលហេតុ ដែលការអធិស្ឋានអាចត្រូវបានគិតថាងាយស្រួល ឬពិបាក ។ សូមយកចិត្តទុកដាក់ចំពោះការឆ្លើយតបរបស់សិស្ស និងអនុញ្ញាតឲ្យមានភាពបត់បែននៅក្នុងមេរៀន ដើម្បីឆ្លើយតបទៅនឹងកង្វល់ ព្រមទាំងសំណួររបស់ពួកគេ ។

សូមពិចារណាអំពីចម្លើយទាំងឡាយចំពោះសំណួរទាំងពីរនេះ ៖

  • ហេតុអ្វីបានជាការអធិស្ឋានងាយស្រួល ?

  • ហេតុអ្វីបានជាការអធិស្ឋានពិបាក ?

ការអធិស្ឋានអាចមានលក្ខណៈសាមញ្ញ និងត្រង់ៗ ប៉ុន្តែក៏ជ្រាលជ្រៅ និងមានអត្ថន័យបង្កប់ផងដែរ ។ នៅពេលអ្នករៀនពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីការអធិស្ឋាន សូមស្វែងរកវិវរណៈអំពីរបៀប ដែលអ្នកអាចធ្វើឲ្យការអធិស្ឋានរបស់អ្នកកាន់តែមានអត្ថន័យ ។សូមអាន លូកា ១១:១ ដោយរកមើលសំណើដែលសិស្សម្នាក់របស់ព្រះអង្គសង្គ្រោះបានទូលសួរទ្រង់ ។

ព្រះយេស៊ូវបានឆ្លើយតបជាមួយនឹងអ្វី ដែលត្រូវបានគេស្គាល់ថាជាការអធិស្ឋានរបស់ព្រះអម្ចាស់ ។ ទ្រង់ក៏បានប្រទានការអធិស្ឋាននេះអំឡុងពេលទេសនកថានៅលើភ្នំផងដែរ ( សូមមើល ម៉ាថាយ ៦:៩–១៣) ។ មនុស្សមួយចំនួនយល់ថា ព្រះយេស៊ូវមានបំណងឲ្យការអធិស្ឋាននេះត្រូវបានគេទន្ទេញចាំ ហើយនិយាយសារឡើងវិញ ។ ប៉ុន្តែដូចដែលប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ការអធិស្ឋានរបស់ព្រះអម្ចាស់គឺជាលំនាំមួយដើម្បីធ្វើតាម និងមិនមែនជាបំណែកដើម្បីទន្ទេញ និងសូត្រម្តងហើយម្តងទៀតនោះទេ » ( « Lessons from the Lord’s Prayers » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៤៦ ) ។ បន្ទាប់ពីព្រះយេស៊ូវបានប្រទានការអធិស្ឋានរបស់ព្រះអម្ចាស់ជាឧទាហរណ៍អំពីរបៀបអធិស្ឋានហើយ ទ្រង់បានផ្តល់នូវការបង្រៀនដ៏បំផុសគំនិតផ្សេងទៀតអំពីការអធិស្ឋាន ។

ការស្វែងយល់បន្ថែមទៀតអំពីការអធិស្ឋាន

ដើម្បីស្វែងយល់ពីសេចក្តីពិតដែលអាចជួយអ្នកបាន សូមអានសំណួរខាងក្រោមទាំងមូល ជ្រើសរើសជម្រើសមួយដែលអ្នកចង់ស្វែងយល់បន្ថែម ហើយអានវគ្គបទគម្ពីរដែលមានភ្ជាប់មកជាមួយ ។

  • តើខ្ញុំអាចរៀនអ្វីខ្លះ ចេញពីគំរូនៃការអធិស្ឋានរបស់ព្រះអង្គសង្គ្រោះ ? ( លូកា ១១:២–៤ ; ម៉ាថាយ ៦:៩–១៣ )

  • តើព្រះអង្គសង្គ្រោះបានសន្យាអ្វីខ្លះអំពីការអធិស្ឋាន ? ( លូកា ១១:៩–១៣ ; សូមមើលផងដែរ ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ លូកា ១១:១៤ [ នៅក្នុង លូកា ១១:១៣ ] )

  • តើព្រះអង្គសង្គ្រោះបានព្រមានយើងកុំឲ្យធ្វើអ្វីក្នុងការអធិស្ឋានរបស់យើង ? ( ម៉ាថាយ ៦:៧–៨ )

សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬពិភាក្សាពីចម្លើយទាំងនោះនៅក្នុងថ្នាក់រួមគ្នា ។

  • តើសេចក្តីពិតមួយដែលអ្នកបានរៀនអំពីការអធិស្ឋាន ចេញពីខគម្ពីរទាំងនេះគឺជាអ្វី ?

  • តើអ្នកមានបទពិសោធន៍អ្វីខ្លះជាមួយសេចក្ដីពិតនេះ ?

  • តើអ្នករៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ចេញពីខគម្ពីរទាំងនេះ ?

សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តពីរបីនាក់ ឲ្យឡើងចែកចាយចម្លើយរបស់ពួកគេ ។ សូមពិចារណាសរសេរសេចក្ដីពិត ដែលពួកគេបានលើកឡើងនៅលើក្ដារខៀន ។

សូមពិចារណាអំពីសកម្មភាពបីក្នុងចំណោមសកម្មភាពខាងក្រោមនេះ ដែលអាចបំពេញតម្រូវការរបស់សិស្សបានល្អបំផុត ។ ថ្នាក់ទាំងមូលអាចធ្វើការតាមរយៈសកម្មភាពតែមួយរួមគ្នា ឬសកម្មភាពទាំងនេះអាចត្រូវបានបង្ហាញឲ្យសិស្សម្នាក់ៗជ្រើសរើសសកម្មភាព ដែលពួកគេចង់ធ្វើ ។

ម៉្យាងទៀត សូមពិចារណាបង្កើតកន្លែងរៀនសូត្រនៅពេញបន្ទប់រៀន ដោយប្រើសកម្មភាពដូចខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យសិក្សានៅតាមកន្លែងនីមួយៗជាលក្ខណៈបុគ្គល ឬជាក្រុមតូចៗ ហើយបន្ទាប់មករាយការណ៍ទៅសិស្សក្នុងថ្នាក់នូវ អ្វីដែលពួកគេបានរៀន ។

ការធ្វើឲ្យចំណេះដឹងរបស់អ្នកកាន់តែស៊ីជម្រៅ

សកម្មភាព ក ៖ តើខ្ញុំអាចរៀនអ្វីខ្លះពីគំរូនៃការអធិស្ឋានរបស់ព្រះអង្គសង្គ្រោះ ? ( លូកា ១១:២–៤ )

សូមអានឃ្លាខាងក្រោមទាំងមូល ដែលព្រះអង្គសង្គ្រោះបានប្រើនៅក្នុងការអធិស្ឋានរបស់ទ្រង់ ហើយជ្រើសរើសឃ្លាពីរដែលអ្នកចង់សញ្ជឹងគិត ។

  • « ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ » ( លូកា ១១:២ ) ។

  • « សូមឲ្យរាជ្យទ្រង់បានមកដល់ » ( លូកា ១១:២ ) ។

  • « សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ » ( លូកា ១១:២ ) ។

  • « សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការ មកជារាល់ថ្ងៃ » ( លូកា ១១:៣ ) ។

  • « សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ » ( លូកា ១១:៤ ) ។

  • « ហើយសូមកុំឲ្យយើងត្រូវបាននាំទៅក្នុងសេចក្ដីល្បួងឡើយ ប៉ុន្តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្ដីអាក្រក់វិញ » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ លូកា ១១:៤ [ នៅក្នុង លូកា ១១:៤ ] ) ។

ដោយចាំឃ្លាទាំងពីរដែលអ្នកបានជ្រើសរើសក្នុងចិត្ត សូមគិតអំពីចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោម ៖

  • តើអ្នកនឹងសង្ខេបអត្ថន័យនៃឃ្លាទាំងនេះយ៉ាងដូចម្តេច ?

  • តើនៅពេលណាដែលអ្នកបានអធិស្ឋានទូលសូមអ្វីដែលស្រដៀងនឹងអ្វី ដែលព្រះអង្គសង្គ្រោះបានអធិស្ឋាន ? តើវាមានឥទ្ធិពលលើរូបអ្នកយ៉ាងដូចម្តេច ?

  • ហេតុអ្វីអ្នកគិតថា វាមានគុណប្រយោជន៍ដើម្បីអធិស្ឋានតាមលំនាំដែលព្រះអង្គសង្គ្រោះប្រទានដល់យើង ?

ប្រសិនបើអ្នកជ្រើសរើសសកម្មភាពនេះ សូមសរសេររបៀបមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ជារបៀបដែលអ្នកចង់ធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះនៅក្នុងការអធិស្ឋានរបស់អ្នក ។

សកម្មភាព ខ ៖ តើព្រះអង្គសង្គ្រោះបានសន្យាអ្វីខ្លះអំពីការអធិស្ឋាន ? ( លូកា ១១:៩–១៣ )

ដូចដែលបានកត់ត្រានៅក្នុង លូកា ១១:៩ ព្រះអម្ចាស់បានសន្យាថា « ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក » ។

សូមពិចារណាអញ្ជើញសិស្សបីនាក់ឲ្យធ្វើជាសម្ដែងថាតើវាមើលទៅដូចអ្វី នៅពេលសូម រក និងគោះ មុននឹងសួរសំណួរខាងក្រោម ។

  • តើសកម្មភាព « សូម » « រក » និង « គោះ » ស្រដៀងគ្នាយ៉ាងដូចម្តេច ? តើវាខុសគ្នាយ៉ាងដូចម្ដេច?

  • តើពាក្យទាំងនេះអាចជួយអ្នកឲ្យយល់ពីរបៀបអធិស្ឋានកាន់តែមានអត្ថន័យយ៉ាងដូចម្តេច ?

បន្ទាប់មក ព្រះយេស៊ូវបានប្រៀបធៀបបំណងប្រាថ្នារបស់ឪពុករមែងស្លាប់ដើម្បីផ្តល់អំណោយដល់កូនៗរបស់គាត់ ទៅនឹងព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ដើម្បីប្រទានអំណោយដល់យើង ។ ព្រះយេស៊ូវបានបង្រៀនថា ប្រសិនបើឪពុករមែងស្លាប់ដែលមិនល្អឥតខ្ចោះ « [ ចេះ ] ឲ្យរបស់ល្អទៅកូន [ របស់គាត់ ] យ៉ាងដូច្នេះ » ( លូកា ១១:១៣ ) « នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត ? » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ លូកា ១១:១៤ [ នៅក្នុង លូកា ១១:១៣ ] ) ។ វាជាការសំខាន់ដែលត្រូវចងចាំថា ព្រះវរបិតាសួគ៌ឆ្លើយតបការអធិស្ឋានតាមរបៀប និងពេលវេលារបស់ទ្រង់ផ្ទាល់ ។

  • តើអំណោយអ្វីដែលអ្នកគិតថា ព្រះវរបិតាសួគ៌សព្វព្រះទ័យប្រទានដល់អ្នកទាំងឡាយណាដែលសូម និងរកសម្រាប់ពួកគេ ? តើអ្នកគិតថា ទ្រង់សព្វព្រះទ័យប្រទានអ្វីដល់អ្នក ?

ប្រសិនបើអ្នកជ្រើសរើសសកម្មភាពនេះ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីពេលវេលា ដែលអ្នកមានអារម្មណ៍ថា អ្នកទទួលបានចម្លើយចំពោះការអធិស្ឋានរបស់អ្នក ឬពិពណ៌នាអំពីអ្វីដែលអ្នកនឹងធ្វើ ដើម្បីស្វែងរកចម្លើយចំពោះការអធិស្ឋាន ។

សូមរួមបញ្ចូលថា ការចងចាំថាព្រះឆ្លើយតបការអធិស្ឋាន អាចជួយធ្វើឲ្យការអធិស្ឋានបច្ចុប្បន្នរបស់អ្នកកាន់តែមានអត្ថន័យបាន ។

សកម្មភាព គ ៖ តើព្រះអង្គសង្រ្គោះបានព្រមានយើងកុំឲ្យធ្វើអ្វីខ្លះ ក្នុងការអធិស្ឋានរបស់យើង ? ( ម៉ាថាយ ៦:៧–៨ )

នៅក្នុងទេសនកថានៅលើភ្នំ ព្រះយេស៊ូវគ្រីស្ទបានបង្រៀនយើងថា « នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ » ( ម៉ាថាយ ៦:៧ ) ។ នៅក្នុងបរិបទនេះ ឥតប្រយោជន៍ មានន័យថា ទទេស្អាត ឬគ្មានន័យ ។ ការអធិស្ឋានដោយពោលពាក្យឥតប្រយោជន៍ផ្ទួនៗ គឺជាការនិយាយការអធិស្ឋានដដែលៗ ឬប្រើពាក្យដដែលៗនៅក្នុងការអធិស្ឋាន តាមរបៀបមួយដែលមិនបានគិតសោះ ។ ប្រសិនបើយើងស្មោះត្រង់ចំពោះសំណូមពររបស់យើង ទោះបីការអធិស្ឋានរបស់យើងដដែលៗក៏ដោយ ក៏វាមិនមែនជាពាក្យដដែលៗឥតប្រយោជន៍នោះដែរ ។

  • តើការចៀសវាងការនិយាយដដែលៗដោយឥតប្រយោជន៍ក្នុងការអធិស្ឋានរបស់យើង អាចជួយយើងឲ្យខិតទៅកាន់តែជិតព្រះអម្ចាស់យ៉ាងដូចម្តេច ?

  • តើអ្នកអាចធ្វើអ្វីបាន ដែលអាចជួយអ្នកឲ្យចៀសវាងការប្រើពាក្យដដែលៗឥតប្រយោជន៍ នៅពេលអ្នកអធិស្ឋាន ?

សូមគិតពីឧទាហរណ៍នៃការអធិស្ឋាន ដែលអ្នកបានថ្លែងដោយគិតបានដិតដល់ និងស្មោះត្រង់ ។

  • តើការអធិស្ឋានតាមវិធីនេះមានឥទ្ធិពលយ៉ាងណាចំពោះអ្នក ?

ប្រសិនបើអ្នកបានជ្រើសរើសសកម្មភាពនេះ សូមសរសេររបៀបមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ជារបៀបដែលអ្នកចង់ធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដើម្បីចៀសវាងពាក្យដដែលៗឥតប្រយោជន៍នៅក្នុងការអធិស្ឋានរបស់អ្នក ។

សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យឡើងចែកចាយនូវអ្វី ដែលពួកគេបានរៀននៅថ្ងៃនេះ ឬអ្វីដែលពួកគេមានគម្រោងធ្វើ ដើម្បីធ្វើឲ្យការអធិស្ឋានរបស់ពួកគេកាន់តែមានអត្ថន័យ ។ សូមពិចារណាថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការអធិស្ឋានដែលមានអត្ថន័យ ក្នុងការបង្កើតទំនាក់ទំនងដ៏រឹងមាំមួយជាមួយព្រះវរបិតាសួគ៌ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើមានឧទាហរណ៍អ្វីខ្លះអំពីការអធិស្ឋានដ៏មានអត្ថន័យ ?

នៅក្នុងវីដេអូ « How God Talks to Us Today » ( ១:៤៦ ) ស្ត្រីម្នាក់ពិពណ៌នាអំពីរបៀបដែលព្រះអម្ចាស់ឆ្លើយតបការអធិស្ឋានរបស់នាង ។

1:47

នៅក្នុងវីដេអូ « Principles of Peace: Prayer » ( ២:៤៩ ) ជាងចម្លាក់ឌីជីថលម្នាក់នៅក្នុងឧស្សាហកម្មប្រដាប់ក្មេងលេង បានរៀបរាប់ពីបទពិសោធន៍របស់គាត់ ដែលបានអធិស្ឋានអំពីកូនស្រីរបស់គាត់ ដែលកើតមកមានបញ្ហាសុខភាព ។

2:49

ចុះប្រសិនបើខ្ញុំមានអារម្មណ៍ថា ការអធិស្ឋានរបស់ខ្ញុំមិនត្រូវបានឆ្លើយតបនោះ ?

អែលឌើរ ជេ ដេវ ខននីស នៃពួកចិតសិបនាក់បានបង្រៀន ៖

Official Portrait of Elder J. Devn Cornish. Photographed August 2017.

ពេលខ្លះយើងហាក់ដូចជាមិនទទួលបានចម្លើយចំពោះការអធិស្ឋានដ៏ស្មោះសរ និងដ៏ឧស្សាហ៍របស់យើងឡើយ ។ វាត្រូវការសេចក្ដីជំនឿដើម្បីចងចាំថា ព្រះអម្ចាស់ឆ្លើយតបតាមពេលវេលារបស់ទ្រង់ និងតាមរបៀបរបស់ទ្រង់ ដើម្បីប្រទានពរដល់យើង ។ ឬបើយើងត្រិះរិះបន្ថែមទៀត យើងនឹងដឹងជាញឹកញាប់ថា យើងដឹងយ៉ាងច្បាស់អំពីអ្វីដែលយើងគួរធ្វើ ។

សូមកុំបាក់ទឹកចិត្ត បើការអធិស្ឋានរបស់អ្នកមិនទទួលបានចម្លើយទាំងអស់ក្នុងពេលតែមួយ ។ ដូចជាការរៀនភាសាបរទេសដែរ វាត្រូវការការអនុវត្ត និងការខិតខំប្រឹងប្រែង ។ ទោះយ៉ាងណា សូមដឹងថា អ្នកអាចរៀនភាសានៃព្រះវិញ្ញាណបាន ហើយនៅពេលអ្នករៀនចេះ វានឹងផ្តល់ឲ្យអ្នកនូវសេចក្ដីជំនឿ និងអំណាចដ៏ធំធេងនៅក្នុងសេចក្តីសុចរិត ។

( ជេ ដេវ ខននីស « The Privilege of Prayer » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១០៣ )

ចុះបើខ្ញុំមិនមានអារម្មណ៍ថាសមនឹងអធិស្ឋានវិញនោះ ?

អែលឌើរ ជេ ដេវ ខននីស នៃពួកចិតសិបនាក់បានបង្រៀន ៖

Official Portrait of Elder J. Devn Cornish. Photographed August 2017.

មានហានិភ័យមួយ ដែលមនុស្សម្នាក់ប្រហែលជាមិនមានអារម្មណ៍ល្អគ្រប់គ្រាន់ដើម្បីអធិស្ឋាន ។ គំនិតនេះចេញមកពីវិញ្ញាណអាក្រក់ ដែលជាអ្នកបង្រៀនយើងមិនឲ្យអធិស្ឋាន ( សូមមើល នីហ្វៃទី២ ៣២:៨ ) ។ វាជាសោកនាដកម្មខ្លាំងណាស់ដែលគិតថា យើងមានបាបខ្លាំងពេករហូតដល់មិនអាចអធិស្ឋានបាន ដូចដែលអ្នកឈឺធ្ងន់ម្នាក់ជឿថា គាត់ឈឺធ្ងន់ពេកមិនអាចទៅពេទ្យបាន !

( ជេ ដេវ ខននីស « The Privilege of Prayer » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១០៣ )

សកម្មភាពរៀនសូត្របន្ថែម

តើមានអ្វីផ្សេងទៀតដែលខ្ញុំអាចរៀនមកពីការអធិស្ឋានរបស់ព្រះអម្ចាស់នោះ ?

ការអធិស្ឋានរបស់ព្រះអម្ចាស់ផ្តល់នូវការយល់ដឹងជាច្រើន អំពីការអធិស្ឋានដែលមានអត្ថន័យ ។ សុន្ទរកថាទាំងពីរខាងក្រោមនេះផ្តល់នូវការបង្រៀន អំពីផ្នែកជាក់លាក់នៃការអធិស្ឋានរបស់ព្រះអម្ចាស់ ។ សូមពិចារណាប្រើផ្នែកណាមួយនៃសុន្ទរកថាទាំងនេះ ជំនួសឲ្យផ្នែកនៃមេរៀនដែលមានចំណងជើងថា « ការស្វែងយល់បន្ថែមទៀតអំពីការអធិស្ឋាន » ។

រ័សុល អិម ណិលសុន « Lessons from the Lord’s Prayers » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៤៦–៤៩

2:3

ជេ ដេវ ខននីស « The Privilege of Prayer » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១០១–៣

2:3