ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១៣:៣–៨, ១៨–២៣


ម៉ាថាយ ១៣:៣–៨, ១៨–២៣

ពាក្យប្រៀបប្រដូចអំពីអ្នកសាបព្រោះពូជ

Tomato seedlings growing in the soil

ព្រះយេស៊ូវបានបង្រៀនពាក្យប្រៀបប្រដូចអំពីបុរសម្នាក់ដែលសាបព្រោះគ្រាប់ពូជ ។ គ្រាប់ពូជទាំងនេះបានធ្លាក់លើដីប្រភេទផ្សេងគ្នា ដែលចេញជាលទ្ធផលខុសគ្នា ។ ដូចគ្នាដែរ ព្រះបន្ទូលរបស់ព្រះត្រូវបានទទួលតាមរបៀបផ្សេងៗដោយអ្នកទាំងឡាយ ដែលឮព្រះបន្ទូលនោះ ។ មេរៀននេះនឹងជួយអ្នកឲ្យត្រៀមចិត្តរបស់អ្នកដើម្បីទទួល និងចិញ្ចឹមបីបាច់ព្រះបន្ទូលរបស់ព្រះ ។

ការប្រើវត្ថុ និងរូបភាពនានា ។ វត្ថុ និងរូបភាពទាំងឡាយអាចត្រូវបានប្រើ ដើម្បីជួយសិស្សឲ្យស្រមៃឃើញពីមនុស្ស ទីកន្លែង ព្រឹត្តិការណ៍ វត្ថុ និងនិមិត្តសញ្ញានៅក្នុងបទគម្ពីរ ។ ឧទាហរណ៍ ជំនួសឲ្យការគ្រាន់តែនិយាយអំពីវត្ថុនៅក្នុងព្រះគម្ពីរ សូមអញ្ជើញសិស្សឲ្យគូរវា ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសំណួរនេះចេញពីគម្រោងមេរៀនសប្តាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ៖ « ហេតុអ្វីបានជាពេលខ្លះចិត្តរបស់យើងទទួលយកសេចក្ដីពិត ខណៈពេលផ្សេងទៀតយើងត្រូវបានល្បួងឲ្យប្រឆាំងវា ? » ( « ថ្ងៃទី ២០–២៦ ខែ មីនា ។ ម៉ាថាយ ១៣; លូកា ៨; ១៣ ៖ ‹ អ្នកណាដែលមានត្រចៀកសម្រាប់ស្តាប់ ឲ្យស្តាប់ចុះ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មីឆ្នាំ ២០២៣ ) ។

សកម្មភាពរៀនសូត្រដែលអាចមាន

រៀបចំខ្លួនអ្នកដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះ

សូមពិចារណាចាប់ផ្តើមថ្នាក់រៀនដោយការអញ្ជើញសិស្សពីរបីនាក់ ឲ្យចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរ ដែលពួកគេត្រូវបានអញ្ជើញឲ្យសញ្ជឹងគិតក្នុងការរៀបចំខ្លួនដើម្បីរៀនសូត្រ ។

សូមចំណាយពេលខ្លះដើម្បីវាយតម្លៃថា តើអ្នកមានឆន្ទៈប៉ុណ្ណាក្នុងការទទួលយកព្រះបន្ទូលរបស់ព្រះ ។ សូមប្រើមាត្រដ្ឋាននេះជាមួយសេចក្តីថ្លែងការណ៍នីមួយៗខាងក្រោម ៖

ជាញឹកញាប់—ពេលខ្លះ—កម្រណាស់

សូមបង្ហាញសេចក្តីថ្លែងការណ៍ ឬអានវាមួយៗ ដើម្បីឲ្យសិស្សមានពេលគិតអំពីការទទួលយកព្រះបន្ទូលរបស់ព្រះដោយខ្លួនគេផ្ទាល់ ។ សិស្សត្រូវសញ្ជឹងគិតពីចម្លើយរបស់ពួកគេដោយស្ងៀមស្ងាត់ មិនត្រូវឆ្លើយឮៗនោះទេ ។

ខ្ញុំសិក្សាព្រះគម្ពីរដោយមានបំណងរៀនសូត្រ និងរីកចម្រើន ។

ខ្ញុំព្យាយាមកត់សម្គាល់ឥទ្ធិពលរបស់ព្រះវិញ្ញាណនៅក្នុងជីវិតខ្ញុំ ហើយធ្វើតាមការណែនាំដែលខ្ញុំទទួលបាន ។

ខ្ញុំស្តាប់ និងគោរពតាមដំបូន្មានដែលព្រះអម្ចាស់បានប្រទានតាមរយៈពួកព្យាការី និងសាវករបស់ទ្រង់ ។

ខ្ញុំព្យាយាមពង្រឹងទីបន្ទាល់ផ្ទាល់ខ្លួនរបស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។

ឥឡូវនេះ អ្នកបានពិនិត្យមើលអាកប្បកិរិយារបស់អ្នកចំពោះព្រះបន្ទូលរបស់ព្រះរួចហើយ ដូច្នេះអ្នកបានត្រៀមខ្លួនរួចជាស្រេចដើម្បីសិក្សាពាក្យប្រៀបប្រដូចអំពីអ្នកព្រោះពូជ ។ នៅក្នុងពាក្យប្រៀបប្រដូចនេះ ព្រះអម្ចាស់បានគូសបញ្ជាក់ពីបញ្ហាសក្តានុពលមួយចំនួន ដែលអាចរារាំងគ្រាប់ពូជមិនឲ្យដុះលូតលាស់ ចាក់ឫស និងបង្កើតផលបាន ។ ដូចនឹងពាក្យប្រៀបប្រដូចទាំងអស់របស់ទ្រង់ដែរ ព្រះអម្ចាស់បានប្រើធាតុដែលធ្លាប់ស្គាល់ ដើម្បីបង្រៀនមេរៀនខាងវិញ្ញាណ ។

សូមប្រើលំនាំបួនជំហានខាងក្រោម ដើម្បីសិក្សាពាក្យប្រៀបប្រដូចអំពីអ្នកព្រោះពូជ ។ ដោយមិនគិតពីរបៀបដែលអ្នកឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍ខាងលើនេះ មេរៀននេះត្រូវបានតាក់តែងឡើង ដើម្បីជួយអ្នកឲ្យរៀបចំចិត្តរបស់អ្នកដើម្បីទទួលពរជ័យ ដែលព្រះអម្ចាស់សព្វព្រះទ័យប្រទានដល់អ្នក ។ នៅពេលអ្នកសិក្សា សូមរកមើលវិធីដើម្បីទទួលបានបទពិសោធន៍ដ៏មានអត្ថន័យជាមួយព្រះបន្ទូលរបស់ព្រះ ។

ប្រសិនបើលំនាំនេះត្រូវបានណែនាំនៅក្នុងមេរៀនមុនរួចហើយ សូមពិចារណាសុំឲ្យសិស្សរំឭកជំហាននីមួយៗ ហើយបន្ទាប់មក សូមសរសេរវានៅលើក្ដារខៀន ។

  1. ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ ។

  2. ធ្វើការប្រៀបធៀបខាងវិញ្ញាណ ។

  3. ស្វែងយល់ពីមេរៀនដ៏មានតម្លៃ ។

  4. កំណត់ការអនុវត្តផ្ទាល់ខ្លួន ។

ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ

សម្រាប់សកម្មភាពដូចខាងក្រោម សិស្សអាចធ្វើការជាដៃគូបាន ។ សិស្សម្នាក់ក្នុងដៃគូនីមួយៗអាចអានខគម្ពីរដំបូង ខណៈសិស្សផ្សេងទៀតចង្អុលបង្ហាញពីព័ត៌មានលម្អិតសំខាន់ៗ ។ បន្ទាប់មក ពួកគេម្នាក់ៗអាចគូររូបនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ បន្ទាប់មក សិស្សអាចផ្លាស់ប្តូរតួនាទីគ្នា និងធ្វើដំណើរការនេះឡើងវិញសម្រាប់បណ្ដុំខគម្ពីរផ្សេងទៀត ។

វិធីមួយដើម្បីបង្ហាញពីព័ត៌មានលម្អិតសំខាន់គឺ ត្រូវគូរផ្នែកនីមួយៗនៃពាក្យប្រៀបប្រដូចនោះ ។ សូមពុះទំព័រមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកទៅជាបួនផ្នែក ។ សូមអានខគម្ពីរទាំងឡាយ ហើយគូរគំនូរសាមញ្ញអំពីអ្វីដែលបានពិពណ៌នា ។

  1. ម៉ាថាយ ១៣:៣–៤

  2. ម៉ាថាយ ១៣:៥–៦

  3. ម៉ាថាយ ១៣:៧

  4. ម៉ាថាយ ១៣:៨

ប្រសិនបើសិស្សត្រូវការជំនួយដើម្បីយល់ពីអ្វីដែលត្រូវគូរ សូមពិចារណាផ្តល់ឧទាហរណ៍ដូចខាងក្រោម ៖

Drawings of a bird with a seed, the sun shining on a plant, thorns growing around a plant, a wheat plant.

ធ្វើការប្រៀបធៀបខាងវិញ្ញាណ

សូមអានការពន្យល់របស់ព្រះយេស៊ូវ អំពីពាក្យប្រៀបប្រដូចនៅក្នុងខគម្ពីរទាំងប៉ុន្មានខាងក្រោមនេះ ។ សូមសរសេរការប្រៀបធៀបណាមួយដែលទ្រង់បានធ្វើ នៅជាប់នឹងរូបគំនូររបស់អ្នក ។

សិស្សអាចធ្វើការជាបុគ្គល ជាដៃគូ ឬជាក្រុមតូចៗ ។ ប្រសិនបើពួកគេធ្វើការជាក្រុម សូមបែងចែកខគម្ពីរក្នុងចំណោមសមាជិកក្រុម ហើយសុំឲ្យសិស្សរាយការណ៍ទៅក្រុមរបស់ពួកគេនូវអ្វីដែលពួកគេរកឃើញ ។

  1. ម៉ាថាយ ១៣:១៩

  2. ម៉ាថាយ ១៣:២០–២១

  3. ម៉ាថាយ ១៣:២២

  4. ម៉ាថាយ ១៣:២៣

ស្វែងយល់ពីមេរៀនដ៏មានតម្លៃ

ដើម្បីស្វែងយល់ពីមេរៀនដ៏មានតម្លៃ វាអាចមានគុណប្រយោជន៍ក្នុងការសួរសំណួរណា ដែលអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនអ្នកដោយផ្ទាល់ ។ បន្ថែមលើសំណួរខាងក្រោមនេះ សូមគិតអំពីសំណួរផ្សេងទៀតដែលអ្នកអាចសួរបាន ។

  • តើព្រះអម្ចាស់អាចសព្វព្រះទ័យឲ្យយើងរៀនអ្វីខ្លះ ចេញពីពាក្យប្រៀបប្រដូចនេះ ?

  • ហេតុអ្វីបានជាព្រះអង្គសង្រ្គោះសព្វព្រះទ័យឲ្យខ្ញុំដឹងថាចិត្តខ្ញុំយ៉ាងណា ?

អ្នកក៏អាចស្រមៃមើលថា តើពាក្យប្រៀបប្រដូចនេះអាចអនុវត្តបានក្នុងជីវិតពិតយ៉ាងណាផងដែរ ។ ឧទាហរណ៍ សូមព្យាយាមស្រមៃមើលថា តើសកម្មភាពរបស់មនុស្សដែលមានចិត្តដូចជាដុំថ្ម ឬចិត្តដូចជាដីដែលមានបន្លា អាចខុសពីសកម្មភាពរបស់មនុស្សដែលមានចិត្តដូចដីល្អដែរឬទេ ។ នៅពេលអ្នកគិតអំពីសកម្មភាពទាំងនេះ សូមពិចារណាសរសេរសកម្មភាពខ្លះ នៅជាប់នឹងគំនូរនីមួយៗរបស់អ្នក ។

សិស្សអាចត្រូវបានសុំឲ្យលើកឧទាហរណ៍ពីរបីអំពីសកម្មភាព ដែលពួកគេបានសរសេរ ។ ប្រសិនបើសិស្សពិបាកគិតពីឧទាហរណ៍ណាមួយ នោះសាច់រឿងនៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » អាចមានគុណប្រយោជន៍ ។

  • តើអ្នកអាចផ្តល់យោបល់អ្វីខ្លះដល់អ្នកដែលមានចិត្តរឹងទទឹង ចិត្តរឹងដូចដុំថ្ម ឬចិត្តដូចបន្លា ?

កំណត់ការអនុវត្តផ្ទាល់ខ្លួន

សូមគិតអំពីស្ថានភាពនៃចិត្តរបស់អ្នកផ្ទាល់ និងប្រភេទដីទាំងបួនដែលពិពណ៌នាអំពីអ្នកបានល្អជាងគេបំផុត ។ ប្រសិនបើស្ថានភាពខាងវិញ្ញាណនៃចិត្តអ្នកនៅពេលបច្ចុប្បន្ននេះ មិនមែនជាអ្វីដែលអ្នកចង់បានទេ សូមដឹងថាអ្នកអាចផ្លាស់ប្តូរបាន ។

ដោយផ្អែកលើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ សូមចំណាយពេលមួយនាទីដើម្បីសញ្ជឹងគិតពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីធ្វើឲ្យស្ថានភាពចិត្តអ្នកបានប្រសើរឡើង ។

  • តើអ្នកនឹងធ្វើអ្វីខ្លះ ដើម្បីយាងអញ្ជើញព្រះបន្ទូលនៃព្រះឲ្យចូលមកក្នុងចិត្តរបស់អ្នក ?

  • តើអ្នកនឹងធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យស្ថានភាពចិត្តអ្នកបានប្រសើរឡើង ?

  • តើអ្នកនឹងទូលសូមព្រះអម្ចាស់ឲ្យជួយអ្នកយកឈ្នះលើឧបសគ្គអ្វីខ្លះ ?

សូមផ្តល់ឱកាសឲ្យសិស្សចែកចាយនូវអ្វី ដែលពួកគេបានរៀននៅថ្ងៃនេះអំពីព្រះអម្ចាស់ និងព្រះហឫទ័យរបស់ទ្រង់ ដែលចង់ឲ្យព្រះបន្ទូលរបស់ទ្រង់រីកលូតលាស់នៅក្នុងដួងចិត្តរបស់យើង ។

វិចារណកថា និង ព័ត៌មានសាច់រឿង

ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ បានថ្លែងសុន្ទរកថានៅក្នុងសន្និសីទទូទៅអំពីពាក្យប្រៀបប្រដូចស្ដីពីអ្នកព្រោះពូជ ។ សំណួរខាងក្រោមនេះត្រូវបានឆ្លើយ ដោយប្រើការពន្យល់របស់លោក ។

តើគ្រាប់ពូជអ្វីដែល « ធ្លាក់ចុះតាមផ្លូវ » ? ( សូមមើល ម៉ាថាយ ១៣:៤, ១៩ )

Official Portrait of President Dallin H. Oaks taken March 2018.

គ្រាប់ពូជដែល « ធ្លាក់ចុះតាមផ្លូវ » ( ម៉ាកុស ៤:៤ ) ពុំបានធ្លាក់ទៅដល់ដីនៃជីវិតរមែងស្លាប់ទេ ជាកន្លែងដែលវាប្រហែលជាអាចដុះចេញមក ។ ពួកគេគឺដូចជាការបង្រៀននានា ដែលបានធ្លាក់ចំដួងចិត្ត ដែលរឹងរូស ឬមិនបានរៀបចំជាស្រេច ។

( ដាល្លិន អេក អូក « The Parable of the Sower » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣២ )

តើអ្វីទៅដែលអាចបណ្តាលឲ្យដួងចិត្តរបស់នរណាម្នាក់ស្ថិតនៅក្នុង « កន្លែងថ្ម » ? ( សូមមើល ម៉ាថាយ ១៣:៥, ២០–២១ )

Official Portrait of President Dallin H. Oaks taken March 2018.

យុវវ័យអើយ … នេះគឺជាឧទាហរណ៍ជាក់ស្តែង ។ បើនិមិត្តរូបនៃសាក្រាម៉ង់ ត្រូវបានចែក ហើយអ្នកកំពុងតែសរសេរសារក្នុងទូរសព្ទ ឬខ្សឹបគ្នា ឬកំពុងតែលេងវីឌេអូហ្គែម ឬធ្វើអ្វីមួយផ្សេងទៀតបដិសេធចំណីអាហារខាងវិញ្ញាណដ៏ចាំបាច់សម្រាប់ខ្លួនអ្នក នោះអ្នកកំពុងតែកាត់ផ្តាច់ឫសខាងវិញ្ញាណរបស់អ្នក ហើយធ្វើឲ្យខ្លួនអ្នកបែរទៅជាកន្លែងថ្មហើយ ។

( ដាល្លិន អេក អូក « The Parable of the Sower » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៣ )

តើយើងអាចស្គាល់ « បន្លា » នៃជីវិតបានយ៉ាងដូចម្តេច ? ( សូមមើល ម៉ាថាយ ១៣:៧, ២២ )

Official Portrait of President Dallin H. Oaks taken March 2018.

យើងចុះចាញ់ « សេចក្ដីស្រើបស្រាលនៃជីវិតនេះ » [ លូកា ៨:១៤ ] (១) នៅពេលយើងញៀន ដែល វាបន្ទាបអំណោយដ៏មានតម្លៃនៃសិទ្ធិជ្រើសរើសរបស់ព្រះ (២) នៅពេលយើងត្រូវបានទាក់ទាញចេញដោយការរំខាននានា ដែលទាញយើងចេញពីអ្វីៗដែលសំខាន់អស់កល្បជានិច្ច ហើយ (៣) កាលណាយើងមានអាកប្បកិរិយាលោភ ចង់បាន វារារាំងការលូតលាស់ចាំបាច់ផ្ទាល់ខ្លួន ដើម្បីនឹងផ្តល់ជាលទ្ធភាពដល់យើង សម្រាប់ជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង ។

យើងត្រូវបានគ្របដោយ « សេចក្តីខ្វល់ខ្វាយ … នៅជីវិតនេះ » [ លូកា ៨:១៤ ] នៅពេលយើងត្រូវបានបង្អាក់ដោយការភ័យខ្លាចចំពោះអនាគត ដែលនឹងរារាំងនូវការបោះជំហានទៅមុខ ក្នុងសេចក្តីជំនឿរបស់យើង ការទុកចិត្តលើ ព្រះ និងសេចក្តីសន្យារបស់ទ្រង់ ។

( ដាល្លិន អេក អូក « The Parable of the Sower » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៤–៣៥ )

តើវាត្រូវការអ្វីខ្លះដើម្បីបង្កើតផ្លែចេញ ពី « ដីល្អ » ? ( សូមមើល ម៉ាថាយ ១៣:៨, ២៣ )

Official Portrait of President Dallin H. Oaks taken March 2018.

យើងមានគ្រាប់ពូជនៃព្រះបន្ទូលដំណឹងល្អ ។ វាគឺអាស្រ័យលើយើងម្នាក់ៗ ដើម្បីដាក់អាទិភាព និងធ្វើអ្វីៗឲ្យដីយើងល្អ ហើយមានផលហូរហៀរ ។ យើងត្រូវតែព្យាយាមចាក់ឫសដ៏រឹងមាំ ហើយប្រែចិត្តជឿដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល កូល៉ុស ២:៦–៧ ) ។ យើងត្រូវសម្រេចឲ្យបាននូវការប្រែចិត្តជឿនេះ ដោយការអធិស្ឋាន ការអានព្រះគម្ពីរ ការបម្រើ និងដោយការទទួលទានសាក្រាម៉ង់ជាប្រចាំ ដើម្បីមានព្រះវិញ្ញាណរបស់ទ្រង់នៅជាមួយនឹងយើងជានិច្ច ។

( ដាល្លិន អេក អូក « The Parable of the Sower » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៥ )

សកម្មភាពរៀនសូត្របន្ថែម

ពិនិត្យដីមុនពេលដាំ

សូមបែងចែកសិស្សជាក្រុមតូចៗ ហើយឲ្យធុងតូចមួយទៅក្រុមនីមួយៗ ដែលពេញទៅដោយប្រភេទដី ដែលបានពិពណ៌នានៅក្នុងពាក្យប្រៀបប្រដូចអំពីអ្នកព្រោះពូជ។ សូមអញ្ជើញសិស្សឲ្យពិនិត្យមើលដី ហើយពិភាក្សាអំពីអ្វីដែលពួកគេនឹងធ្វើ ដើម្បីធ្វើឲ្យវាល្អឥតខ្ចោះសម្រាប់ការដាំគ្រាប់ពូជ ។ សិស្សអាចត្រូវបានសុំឲ្យសិក្សាពាក្យប្រៀបប្រដូច ដោយរកមើលថា តើដីប្រភេទណា ដែលអាចតំណាងឲ្យខាងវិញ្ញាណ និងពិភាក្សាជាមួយក្រុមរបស់ពួកគេអំពីអ្វីដែលពួកគេអាចរៀនចេញពីការណ៍នោះ ។

ឃើញ និងឮពាក្យប្រៀបប្រដូចអំពីអ្នកព្រោះពូជ

សូមពិចារណាបង្ហាញវីដេអូ « Parable of the Sower » ( ៤:៣៦ ) ពីលេខកូដម៉ោង ០:០០ ដល់ ០:៥៥ ហើយអញ្ជើញសិស្សឲ្យរៀបរាប់ពីព័ត៌មានលម្អិតសំខាន់ៗ ។ បន្ទាប់មក សិស្សអាចមើលវីដេអូនេះពីលេខកូដម៉ោង ៣:០០ ដល់ ៤:៣៦ ហើយបង្កើតទំនាក់ទំនងខាងវិញ្ញាណ ដោយផ្អែកលើការពន្យល់របស់ព្រះយេស៊ូវ ។ វាអាចមានគុណប្រយោជន៍ក្នុងការផ្អាកវីដេអូនេះ បន្ទាប់ពីព័ត៌មានលម្អិតនីមួយៗ ដើម្បីឲ្យសិស្សពិភាក្សាអំពីអ្វីដែលពួកគេកំពុងតែរៀន ។

Drawings of a bird with a seed, the sun shining on a plant, thorns growing around a plant, a wheat plant.

ពាក្យប្រៀបប្រដូចនេះនៅក្នុងជីវិតពិត

សូមពិចារណាប្រើសាច់រឿងខាងក្រោម ដើម្បីជួយសិស្សឲ្យកំណត់ពីប្រភេទដី ឬលក្ខខណ្ឌនៃចិត្ត ។ សិស្សអាចផ្តល់យោបល់នានា ដើម្បីជួយមនុស្សម្នាក់នៅក្នុងសាច់រឿងនីមួយៗ ឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ហើយអនុញ្ញាតឲ្យព្រះបន្ទូលរបស់ព្រះលូតលាស់នៅក្នុងចិត្តរបស់ពួកគេ ។

ស្កត់ ត្រូវបានមិត្តភក្តិរបស់គាត់ណែនាំឲ្យស្គាល់ដំណឹងល្អដែលបានស្តារឡើងវិញ ហើយបានទទួលបុណ្យជ្រមុជទឹកភ្លាមៗបន្ទាប់ពីនោះ ។ ទោះយ៉ាងណាក៏ដោយ ពីរបីខែបន្ទាប់ពីគាត់បានចូលរួមក្នុងព្រះវិហារ មនុស្សមួយចំនួនបានចាប់ផ្តើមចំអន់លេងឲ្យគាត់ចំពោះជំនឿថ្មីរបស់គាត់ ។ ស្កត់ មានអារម្មណ៍ថា គាត់មិនអាចដោះស្រាយការយកចិត្តទុកដាក់អវិជ្ជមានបែបនេះពីអ្នកដទៃបានទេ ។

ជាល ធ្វើបានយ៉ាងល្អនៅឯសាលារៀន នៅក្នុងការសម្តែងមួយ និងស្រលាញ់ការងាររបស់នាង ។ ដោយសារតែការទទួលខុសត្រូវនៅសាលារៀន និងក្នុងការងាររបស់នាង ជាល បានជ្រើសរើសរំលងសកម្មភាពព្រះវិហារ ហើយមិនបានចុះឈ្មោះចូលរៀនថ្នាក់សិក្ខាសាលានៅឆ្នាំនេះទេ ។ នាងពិតជាចង់ផ្តោតលើការអប់រំ និងអាជីពនាពេលអនាគតរបស់នាង ។

ធ្វើការប្រៀបធៀបដោយប្រើព្រះគម្ពីរមរមន

សូមអញ្ជើញសិស្សឲ្យអានការប្រៀបធៀបរបស់អាលម៉ា អំពីព្រះបន្ទូលរបស់ព្រះទៅនឹងគ្រាប់ពូជមួយ ( សូមមើល អាលម៉ា ៣២:២៦–៤៣ ) ។ ពួកគេក៏អាចសិក្សាពីសុបិនរបស់លីហៃអំពីដើមឈើជីវិត ហើយប្រៀបធៀបក្រុមនីមួយៗ ដែលបានពិពណ៌នានៅក្នុងការនិមិត្តនោះ ទៅនឹងប្រភេទដីដែលមាននៅក្នុងពាក្យប្រៀបប្រដូចអំពីអ្នកព្រោះពូជបានផងដែរ ( សូមមើល នីហ្វៃទី១ ៨:១៩–៣៤ ) ។ សិស្សអាចចែករំចាយពីរបៀបដែលសាច់រឿងក្នុងព្រះគម្ពីរមរមនបន្ថែមដល់ការយល់ដឹងរបស់ពួកគេ អំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុងពាក្យប្រៀបប្រដូចអំពីអ្នកព្រោះពូជ ។