ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ១៣:២៤–៣០, ៣៦–៤៣


ម៉ាថាយ ១៣:២៤–៣០, ៣៦–៤៣

ពាក្យប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែ

Wheat and the terrace, Israel

ព្រះអង្គសង្គ្រោះបានប្រើពាក្យប្រៀបប្រដូចអំពីវាលស្រែស្រូវសាលី និងស្រងែ ( ស្មៅមានជាតិពុល ) ដើម្បីបង្រៀនអំពីមនុស្សសុចរិត ដែលត្រូវបានប្រមូលផ្តុំ និងពួកទុច្ចរិត ដែលត្រូវបានដុត មុនពេលទ្រង់យាងត្រឡប់មកវិញ ។ មេរៀននេះមានបំណងដើម្បីបង្កើនបំណងប្រាថ្នារបស់អ្នកឲ្យចូលរួមក្នុងការប្រមូលផ្ដុំពួកសាសន៍អ៊ីស្រាអែល ។

ការលើកទឹកចិត្តឲ្យមានការអនុវត្ត ។ គោលបំណងនៃការបង្រៀនដំណឹងល្អគឺ ដើម្បីជួយសិស្សឲ្យអនុវត្តតាមគោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលមាននៅក្នុងព្រះគម្ពីរ ។ សំណួរ និងសកម្មភាពដែលលើកទឹកចិត្តឲ្យមានការអនុវត្ត អាចជួយសិស្សឲ្យឃើញពីរបៀបអនុវត្តគោលការណ៍ទាំងនេះនៅក្នុងកាលៈទេសៈផ្ទាល់ខ្លួនរបស់ពួកគេ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួន ដើម្បីពិភាក្សាអំពីសំណួរទាំងនេះ ៖ តើអ្នកណាជាមនុស្សដំបូងគេក្នុងគ្រួសាររបស់អ្នក ដែលបានចូលរួមក្នុងសាសនាចក្រ ? តើអ្នកបានដឹងអ្វីខ្លះអំពីដំណើររឿងរបស់ពួកគាត់ ? សិស្សអាចពិភាក្សាសំណួរទាំងនេះជាមួយសមាជិកគ្រួសារ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ពាក្យប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែ

សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីសំណួរខាងក្រោម ។ សូមពិចារណាចែកចាយនូវបទពិសោធន៍ផ្ទាល់ខ្លួន ។

  • តើអ្នកណាជាមនុស្សដំបូងគេក្នុងគ្រួសាររបស់អ្នក ដែលបានចូលរួមក្នុងសាសនាចក្រ ?

  • តើអ្នកណាបានជួយអញ្ជើញពួកគាត់ឲ្យមកព្រះវិហារ ?

  • តើសមាជិកភាពនៅក្នុងព្រះវិហាររបស់សមាជិកគ្រួសាររូបនេះ បានជះឥទ្ធិពលដល់ជីវិតរបស់អ្នកយ៉ាងដូចម្តេច ?

  • តើការសម្រេចចិត្តរបស់អ្នកដើម្បីរក្សាសេចក្តីសញ្ញារបស់អ្នកជាមួយព្រះ អាចមានឥទ្ធិពលលើអ្នកដទៃយ៉ាងដូចម្តេច ?

នៅក្នុង ម៉ាថាយ ១៣ ព្រះអម្ចាស់បានប្រើពាក្យប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែ ដើម្បីបង្រៀនអំពីការប្រមូលផ្ដុំមនុស្សឲ្យចូលមកក្នុងសាសនាចក្ររបស់ទ្រង់ ។ នៅពេលអ្នកសិក្សា សូមយកចិត្តទុកដាក់លើការបំផុសគំនិតពីព្រះវិញ្ញាណ ដើម្បីជួយអ្នកឲ្យយល់ពីមូលហេតុ ដែលព្រះអម្ចាស់ប្រមូលរាស្រ្តរបស់ទ្រង់ និងរបៀបដែលអ្នកអាចចូលរួមបាន ។

សិស្សអាចសិក្សាពាក្យប្រៀបប្រដូចនេះជាដៃគូ ឬជាក្រុមតូចៗ ។ សូមពិចារណាបង្ហាញដំណើរការសិក្សាទាំងបួនជំហាន និងសំណួរខាងក្រោមនេះ ។

សូមសិក្សាពាក្យប្រៀបប្រដូចនៅក្នុង ម៉ាថាយ ១៣:២៤–៣០ ។ វាអាចមានគុណប្រយោជន៍ក្នុងការដឹងថា ស្រងែគឺជា « ជាស្មៅ ឬល្បះពុល ដែលមានរូបរាងដូចជាស្រូវសាលី ។ គេមិនអាចស្គាល់ថាជាស្រងែ ឬជាស្រូវសាលីបានទេ ដរាបដល់ធំពេញលេញ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ស្រងែ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។

ដើម្បីជួយអ្នកឲ្យសិក្សា សូមប្រើលំនាំទាំងបួនជំហាននេះ ៖

  1. ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ ។

  2. ធ្វើការប្រៀបធៀបខាងវិញ្ញាណ ។

  3. ស្វែងយល់ពីមេរៀនដ៏មានតម្លៃ ។

  4. កំណត់ការអនុវត្តផ្ទាល់ខ្លួន ។

  • តើអ្នកបានរកឃើញព័ត៌មានលម្អិតអ្វីខ្លះ នៅក្នុងពាក្យប្រៀបប្រដូចនេះដែលមានសារៈសំខាន់ ?

  • តើអ្នកបានធ្វើការប្រៀបធៀបខាងវិញ្ញាណអ្វីខ្លះ ?

  • តើមេរៀនដ៏មានតម្លៃអ្វីខ្លះដែលអ្នកបានរកឃើញ ?

  • តើអ្នកអាចអនុវត្តមេរៀនចេញពីពាក្យប្រៀបប្រដូចនេះ ទៅក្នុងជីវិតរបស់អ្នកដោយរបៀបណា ?

សូមអាន ម៉ាថាយ ១៣:៣៦–៤៣ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពីពាក្យប្រៀបប្រដូចនេះ ។

  • តើការពន្យល់របស់ព្រះអង្គសង្គ្រោះបន្ថែមអ្វីខ្លះដល់ការយល់ដឹងរបស់អ្នកអំពីរឿងប្រៀបប្រដូចនេះ ?

នៅក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើង ព្រះអម្ចាស់បានចែកចាយរបៀបមួយ ដែលពាក្យប្រៀបប្រដូចនេះនឹងត្រូវបានបំពេញ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៦៤–៦៥ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានសន្យាថានឹងធ្វើមុនការយាងមកជាលើកទីពីរ ។ វាអាចមានគុណប្រយោជន៍ក្នុងការដឹងថា ជង្រុកគឺជាជង្រុកស្រូវ ឬឃ្លាំងដែលគ្រាប់ធញ្ញជាតិត្រូវបានរក្សាទុក ។

  • តើយើងរៀនអ្វីខ្លះអំពីព្រះអម្ចាស់មកពីខគម្ពីរទាំងនេះ ?

សេចក្តីពិតមួយដែលយើងអាចរៀនមកពីពាក្យប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែគឺថា នៅថ្ងៃចុងក្រោយ ព្រះអម្ចាស់នឹងប្រមូលផ្ដុំរាស្រ្តរបស់ទ្រង់ ដើម្បីរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។សូមពិចារណាកត់ត្រាសេចក្ដីពិតនេះនៅជិត ម៉ាថាយ ១៣:៣០

  • តើព្រះអម្ចាស់កំពុងតែប្រមូលរាស្រ្តរបស់ទ្រង់នៅថ្ងៃចុងក្រោយយ៉ាងដូចម្តេច ?

  • តើអ្នកមានតួនាទីអ្វីខ្លះនៅក្នុងកិច្ចការដ៏សំខាន់នេះ ?

ការប្រមូលផ្ដុំអ៊ីស្រាអែល

ដើម្បីជួយសិស្សឲ្យយល់ពីការប្រមូលផ្ដុំអ៊ីស្រាអែលឲ្យបានកាន់តែស៊ីជម្រៅ សូមពិចារណាបោះពុម្ពផ្នែកខ្លះនៃសេចក្តីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ណិលសុន រួមជាមួយសេចក្តីថ្លែងការណ៍នៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ។

សូមដាក់បង្ហាញសេចក្តីថ្លែងការណ៍នេះនៅពេញទាំងថ្នាក់រៀន ហើយអញ្ជើញសិស្សឲ្យដើរមើលជុំវិញថ្នាក់ ហើយសិក្សាវា ។ បន្ទាប់ពីសិក្សាសេចក្តីថ្លែងការណ៍នេះហើយ សិស្សអាចចែកចាយការយល់ដឹងរបស់ពួកគេជាមួយដៃគូម្នាក់បាន ។

ប្រធាន ណិលសុន បានបង្រៀនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះអម្ចាស់ ដើម្បីប្រមូលរាស្ត្ររបស់ទ្រង់នៅថ្ងៃចុងក្រោយ ។ សូមមើល « ទុកឲ្យព្រះឈ្នះ » ពីលេខកូដម៉ោង ៤:០៧ ដល់ ៥:៤៨ ឬអានអត្ថបទខាងក្រោមនេះ ។ អ្នកក៏អាចរកឃើញបទគម្ពីរ ឬសេចក្តីថ្លែងការណ៍ផ្សេងទៀតដោយខ្លួនឯង ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅអំពីការប្រមូលផ្ដុំអ៊ីស្រាអែលផងដែរ ។

18:51
Official portrait of President Russell M. Nelson taken January 2018

ព្រះអម្ចាស់កំពុងតែប្រមូលផ្តុំជនទាំងឡាយណាដែលស្ម័គ្រចិត្តទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់ពួកគេ ។ ព្រះអម្ចាស់កំពុងតែប្រមូលផ្តុំជនទាំងឡាយណាដែលនឹងជ្រើសរើសទុកឲ្យព្រះជាអង្គដែលមានឥទ្ធិពលសំខាន់បំផុតនៅក្នងជីវិតរបស់ពួកគេ ។

អស់រាប់សតវត្សរ៍ ព្យាការីទាំងឡាយបានព្យាករណ៍ពីការប្រមូលផ្តុំនេះ ហើយវាកំពុងតែកើតឡើងនៅពេលឥឡូវនេះ ! ជាព្រឹត្តិការណ៍ដ៏ចាំបាច់ដែលកើតឡើងពីមុនការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ វាគឺជា កិច្ចការ ដ៏សំខាន់បំផុត នៅក្នុងពិភពលោកនេះ !

ការប្រមូលផ្តុំមុនសហស្សវត្សរ៍នេះគឺជាដំណើររឿងនៃការពង្រីកសេចក្តីជំនឿ និងការលើកទឹកចិត្តខាងវិញ្ញាណសម្រាប់មនុស្សរាប់លាននាក់ ។ ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬ « អ៊ីស្រាអែលក្នុងសេចក្ដីសញ្ញានៅថ្ងៃចុងក្រោយ » យើងមានទំនួលខុសត្រូវដើម្បីជួយព្រះអម្ចាស់ជាមួយនឹងកិច្ចការដ៏សំខាន់នេះ ។

នៅពេលយើងនិយាយពីការប្រមូលផ្តុំអ៊ីស្រាអែលនៅទាំងសងខាងនៃវាំងនន ប្រាកដណាស់ យើងសំដៅលើកិច្ចការអ្នកផ្សព្វផ្សាយសាសនា កិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ។ យើងក៏សំដៅលើការស្ថាបនាសេចក្តីជំនឿ និង ទីបន្ទាល់នៅក្នុងដួងចិត្តនៃជនទាំងឡាយណាដែលយើងរស់នៅជាមួយ ធ្វើការជាមួយ និងបម្រើផងដែរ ។ រាល់ពេលដែលយើងធ្វើអ្វីមួយដើម្បីជួយនរណាម្នាក់—នៅខាងវាំងនន ណា មួយ ក៏ ដោយ—ការធ្វើ និងរក្សាសេចក្តីសញ្ញារបស់ពួកគេជាមួយនឹងព្រះ នោះយើងកំពុងជួយប្រមូលផ្ដុំអ៊ីស្រាអែលហើយ ។

( រ័សុល អិម ណិលសុន « ទុកឲ្យព្រះឈ្នះ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៣ )

  • តើអ្នកយល់យ៉ាងណាអំពីការប្រមូលផ្ដុំអ៊ីស្រាអែល ?

  • តើអ្នកមានសំណួរអ្វីខ្លះអំពីការប្រមូលផ្ដុំនេះ ?

  • តើពាក្យប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែជួយអ្នកឲ្យយល់អ្វីខ្លះ អំពីសារៈសំខាន់នៃការប្រមូលផ្ដុំអ៊ីស្រាអែល ?

តួនាទីរបស់អ្នកនៅក្នុងការប្រមូលផ្ដុំអ៊ីស្រាអែល

សូមមើលវីដេអូ « Gatherers in the Kingdom » ( ១:៥០ ) ឬអានសេចក្តីថ្លែងការណ៍ខាងក្រោមពីប្រធាន រ័សុល អិម ណិលសុន ដោយរកមើលថា តើការប្រមូលផ្ដុំអ៊ីស្រាអែលទាក់ទងនឹងអ្នកយ៉ាងដូចម្តេច ៖

2:3
Official portrait of President Russell M. Nelson taken January 2018

យុវវ័យដ៏អស្ចារ្យជាទីស្រឡាញ់របស់ខ្ញុំអើយ—ក្មួយៗត្រូវបានបញ្ជូនមកកាន់ផែនដីនៅគ្រាដ៏ជាក់លាក់នេះ ជាគ្រាដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រនៃពិភពលោក ដើម្បីជួយប្រមូលផ្ដុំអ៊ីស្រាអែល ! គ្មានអ្វី កើតឡើងនៅលើផែនដីនេះក្នុងពេលនេះ ដែលសំខាន់ជាងកិច្ចការនេះនោះទេ ។ គ្មានអ្វី ដែលមានសារៈសំខាន់ខ្លាំងជាងនេះនោះទេ ។ គ្មាន ទាល់តែសោះ ។

ការប្រមូលផ្ដុំនេះគួរតែមានអត្ថន័យ ទាំងស្រុង ចំពោះក្មួយៗ ។ នេះ គឺជា បេសកកម្មដែលក្មួយៗត្រូវបានបញ្ជូនមកផែនដី ។

ដូច្នេះ សំណួររបស់ខ្ញុំចំពោះក្មួយៗគឺថា « តើក្មួយៗយល់ព្រមចូលបម្រើក្នុងកងទ័ពយុវវ័យរបស់ព្រះអម្ចាស់ ដើម្បីជួយប្រមូលផ្ដុំអ៊ីស្រាអែលដែរឬទេ ? »

( ប្រធាន រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « ក្ដីសង្ឃឹមនៃអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានយុវវ័យទូទាំងពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែមទៅនឹង New Era និង Ensign ទំព័រ ១២ នៅលើគេហទំព័រ ChurchofJesusChrist.org )

សូមពិភាក្សាជាមួយសិស្សអំពីការយល់ដឹងរបស់ពួកគេ អំពីការប្រមូលផ្ដុំអ៊ីស្រាអែល និងរបៀបដែលពួកគេអាចជួយបាន ។ ខាងក្រោមនេះអាចជួយសិស្សឲ្យសញ្ជឹងគិតពីអ្វីដែលពួកគេបានរៀនសូត្រនៅថ្ងៃនេះ ។

សូមសរសេរកថាខណ្ឌមួយ ឬច្រើនអំពីគំនិត និងចំណាប់អារម្មណ៍របស់អ្នកអំពីការប្រមូលផ្ដុំអ៊ីស្រាអែល និងពាក្យប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែ ។ សូមអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបំផុសគំនិត និងអារម្មណ៍របស់អ្នក នៅពេលអ្នកសរសេរ ។ សំណួរខាងក្រោមនេះអាចជួយអ្នកឲ្យសម្រេចចិត្តថាត្រូវសរសេរអ្វី ប៉ុន្តែវាគ្រាន់តែជាការណែនាំប៉ុណ្ណោះ ។

  • តើអ្នកមានសំណួរអ្វីខ្លះអំពីការប្រមូលផ្ដុំអ៊ីស្រាអែល ដែលអ្នកអាចឆ្លើយបាននៅពេលនេះ ?

  • តើការប្រមូលផ្ដុំអ៊ីស្រាអែលបង្រៀនអ្នកអ្វីខ្លះ អំពីការទុកព្រះទ័យរបស់ព្រះអង្គសង្គ្រោះមកលើអ្នក និងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សគ្រប់រូប ?

  • តើអ្នកអាចជួយខ្លួនអ្នក និងអ្នកឯទៀតៗឲ្យជួបជុំជាមួយរាស្ដ្ររបស់ព្រះអម្ចាស់យ៉ាងដូចម្តេច ?

វិចារណកថា និង ព័ត៌មានសាច់រឿង

ហេតុអ្វីបានជាព្រះអម្ចាស់សព្វព្រះទ័យប្រមូលផ្ដុំរាស្ត្ររបស់ទ្រង់ ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

ព្រះអម្ចាស់ប្រមូលរាស្ត្រទ្រង់ នៅពេលពួកគេទទួលយកទ្រង់ ហើយរក្សាព្រះបញ្ញត្តិរបស់ទ្រង់ ។ …

… ព្រះអម្ចាស់ប្រមូលរាស្ត្ររបស់ទ្រង់ដើម្បីថ្វាយបង្គំ ស្ថាបនាសាសនាចក្រ ទុកជាការការពារមួយ ហើយទទួលការប្រឹក្សា និងការណែនាំ ។ …

ព្យាការី យ៉ូសែប ស្ម៊ីធ បានប្រកាសថា នៅគ្រប់ជំនាន់ទាំងអស់ ព្រះរាជបំណងនៃការប្រមូលផ្ដុំ គឺជាការសង់ព្រះវិហារបរិសុទ្ធ ដើម្បីឲ្យបុត្រាបុត្រីរបស់ព្រះអម្ចាស់អាចទទួលពិធីបរិសុទ្ធដ៏ខ្ពស់បំផុត ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។

( ដេវីឌ អេ បែដណា « The Spirit and Purposes of Gathering » [ ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យព្រិកហាំ យ៉ង់–អាយដាហូ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០០៦ ] នៅលើគេហទំព័រ byui.edu )

តើអ្វីជាជង្រុក ដែលមនុស្សសុចរិតនឹងត្រូវប្រមូលផ្តុំដើម្បីឲ្យមានសុវត្ថិភាព ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

ទំនាក់ទំនងដ៏សំខាន់ [ នេះ ] រវាងគោលការណ៍នៃការប្រមូលផ្ដុំ និងការសាងសង់ព្រះវិហារបរិសុទ្ធនេះត្រូវបានគូសបញ្ជាក់នៅក្នុងព្រះគម្ពីរមរមន ៖

« មើលចុះ ចម្ការទុំហើយ ហើយអ្នករាល់គ្នាមានពរហើយ ព្រោះអ្នករាល់គ្នាបានលូកកណ្ដៀវ ហើយបានច្រូតកាត់ដោយសមត្ថភាពរបស់ខ្លួន មែនហើយ គឺពេញមួយថ្ងៃ អ្នករាល់គ្នាបានធ្វើការ ហើយមើលចុះ កណ្ដាប់ស្រូវទាំងឡាយដែលអ្នកច្រូតបាន ! ហើយកណ្ដាប់ស្រូវទាំងនេះ នឹងត្រូវបានប្រមូលយកទៅទុកក្នុងជង្រុក ដើម្បីកុំឲ្យវាខាតបង់ » ( អាលម៉ា ២៦:៥ ) ។

កណ្ដាប់ស្រូវនៅក្នុងរឿងនេះ តំណាងឲ្យសមាជិកដែលទើបតែបានទទួលបុណ្យជ្រមុជទឹកក្នុងព្រះវិហារ ។ ជង្រុកគឺជាព្រះវិហារបរិសុទ្ធ ។

( ដេវីឌ អេ បែដណា « Honorably Hold a Name and Standing » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៧ )

តើព្រះគម្ពីរមរមនមានតួនាទីអ្វីខ្លះក្នុងការប្រមូលផ្ដុំអ៊ីស្រាអែល ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖

Official portrait of President Russell M. Nelson taken January 2018

ព្រះគម្ពីរមរមនគឺជាចំណុចសំខាន់នៃកិច្ចការនេះ ។ វាប្រកាសពីគោលលទ្ធិនៃការប្រមូលផ្ដុំ ។ វាធ្វើឲ្យមនុស្សរៀនពីព្រះយេស៊ូវគ្រីស្ទ ជឿលើដំណឹងល្អទ្រង់ ហើយចូលរួមនឹងព្រះវិហារទ្រង់ ។ តាមពិត បើគ្មានព្រះគម្ពីរមរមនទេ នោះការប្រមូលផ្ដុំអ៊ីស្រាអែលដែលបានសន្យាទុកក៏មិនកើតមានឡើងដែរ ។

( រ័សុល អិម ណិលសុន « The Gathering of Scattered Israel » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨០ )

សកម្មភាពរៀនសូត្របន្ថែម

ព្រះអម្ចាស់ប្រមូលផ្ដុំរាស្រ្តរបស់ទ្រង់

ខណៈពេលដែលព្រះអម្ចាស់អញ្ជើញយើងឲ្យចូលរួមជាមួយទ្រង់ កាលដែលទ្រង់ប្រមូលរាស្ដ្ររបស់ទ្រង់ នោះទីបំផុតគឺទ្រង់ទេ ដែលជាអ្នកធ្វើការប្រមូលផ្តុំ ។ សូមពិចារណាអញ្ជើញសិស្សឲ្យសិក្សាបទគម្ពីរខាងក្រោមនេះមួយចំនួន ឬទាំងអស់; ដោយរកមើលអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពីតួនាទីរបស់ទ្រង់ក្នុងការប្រមូលផ្ដុំរាស្រ្តរបស់ទ្រង់ ៖ ចោទិយកថា ៣០:៣ ; អេសាយ ២៧:១២ ; ៥៤:៧ ; អេសេគាល ៣៤:១២ ; នីហ្វៃទី១ ២២:២៥ ; យ៉ាកុប ៥:៧១–៧២ ; គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១–២ ; ៣៣:៦

ម៉្យាងទៀត សិស្សអាចត្រូវបានអញ្ជើញឲ្យសិក្សា « អ៊ីស្រាអែល » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដោយស្វែងរកវគ្គបទគម្ពីរដែលពិពណ៌នាអំពីតួនាទីរបស់ព្រះអម្ចាស់នៅក្នុងការប្រមូលផ្ដុំរាស្រ្តរបស់ទ្រង់ ។

មនុស្សសុចរិត និងមនុស្សទុច្ចរិតលូតលាស់ជាមួយគ្នា

សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការពិចារណាអំពីរបៀប ដែលព្រះអង្គសង្គ្រោះបានប្រើពាក្យប្រៀបប្រដូចរវាងស្រូវសាលី និងស្រងែ ( ស្មៅដែលមានជាតិពុល ) ដើម្បីបង្រៀនថា ព្រះអម្ចាស់នឹងប្រមូលពួកសុចរិតនៅថ្ងៃចុងក្រោយ ហើយបំផ្លាញពួកទុច្ចរិតនៅឯការយាងមកជាលើកទីពីររបស់ទ្រង់ ។ បន្ទាប់ពីសិស្សសិក្សាពាក្យប្រៀបប្រដូចនៅក្នុង ម៉ាថាយ ១៣:២៤–៣០ ហើយ នោះពួកគេក៏អាចសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៦:១–៧ បានផងដែរ ដោយស្វែងរកព័ត៌មានលម្អិតបន្ថែមទៀត ដែលវិវរណៈនេះផ្តល់ជូន ។ សិស្សអាចពិភាក្សាអំពីសំណួរដូចតទៅនេះ ៖ តើនិមិត្តសញ្ញានៅក្នុងពាក្យប្រៀបប្រដូចនេះតំណាងឲ្យអ្វី ? តើសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់បង្ហាញឡើងនៅក្នុងពាក្យប្រៀបប្រដូចនេះយ៉ាងដូចម្តេច ?