ម៉ាថាយ ១៨:២១–៣៥
ពាក្យប្រៀបប្រដូចអំពីបាវបម្រើដែលឥតមានសេចក្តីមេត្តាករុណា
នៅក្នុងចម្លើយទៅនឹងសំណួរមួយ ដែលពេត្រុសសួរអំពីការអភ័យទោស នោះព្រះយេស៊ូវគ្រីស្ទបានបង្រៀនពាក្យប្រៀបប្រដូចអំពីបាវបម្រើដែលឥតមានសេចក្តីមេត្តាករុណា ។ មេរៀននេះអាចជួយអ្នកឲ្យកាន់តែក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅពេលអ្នកខិតខំអភ័យទោសឲ្យអ្នកដទៃ ។
សកម្មភាពរៀនសូត្រដែលអាចមាន
« តើអ្នកព្រមអភ័យទោសឲ្យខ្ញុំទេ ? »
ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ស្ត្រីម្នាក់ឈ្មោះ ខូរី ថិន ប៊ូម បានរងទុក្ខវេទនាអស់ជាច្រើនខែនៅក្នុងជំរំប្រល័យពូជសាសន៍របស់ពួកណាស៊ីនៅ រ៉ាវិនស៍ប្រ៊ុក ប្រទេសអាល្លឺម៉ង់ ។ បងស្រីរបស់នាងឈ្មោះ ប៊ែតស៊ី បានស្លាប់នៅទីនោះ ។ បន្ទាប់ពីសង្គ្រាម ខូរី បាននិយាយជាមួយមនុស្សមួយក្រុមអំពីការអភ័យទោសរបស់ព្រះ ។ ប៊ីស្សព ឃេត ប៊ី ម៉ាក់មូលីន ដែលជាអតីតគណៈប្រធានប៊ីស្សព បានពិពណ៌នាអំពីអ្វីដែលបានកើតឡើងបន្ទាប់ពីសុន្ទរកថារបស់នាង ។ នៅពេលអ្នកអាន សូមគិតពីវិធីដែល ខូរី គួរតែបានជ្រើសរើសដើម្បីមានប្រតិកម្មតប ។
បុរសម្នាក់បានមករកនាង ។ នាងបានស្គាល់បុរសនោះថាជា ឆ្មាំយាមម្នាក់ដ៏ឃោរឃៅបំផុតនៅក្នុងជំរំនោះ ។ គាត់បាននិយាយថា « អ្នកបានលើកឡើងពីរ៉ាវិនស៍ប្រ៊ុក នៅក្នុងការនិយាយរបស់អ្នក » ។ « ខ្ញុំគឺជាឆ្នាំយាមម្នាក់នៅទីនោះ ។ … ប៉ុន្តែ ចាប់តាំងពីពេលនោះមក … ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទ » ។ គាត់រៀបរាប់ថា គាត់បានស្វែងរកការអភ័យទោសពីព្រះចំពោះទង្វើដ៏ឃោរឃៅ ដែលគាត់បានប្រព្រឹត្តនោះ ។ គាត់បានលាតដៃរបស់គាត់មករកខ្ញុំ ហើយបានសុំថា « តើអ្នកព្រមអភ័យទោសឲ្យខ្ញុំទេ ? » [ Corrie ten Boomស Tramp for the Lord ( ឆ្នាំ ១៩៧៤ ) ទំព័រ ៥៦ ] ។
( ឃេត ប៊ី ម៉ាក់មូលីន « Our Path of Duty » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១៣ )
-
តើគំនិតអ្វីខ្លះដែលអាចឆ្លងកាត់ចិត្តរបស់ ខូរី នៅពេលនោះ ?
-
ហេតុអ្វីបានជាវាពិបាកអភ័យទោសឲ្យអ្នកដទៃម្ល៉េះ ?
សូមអាន ម៉ាថាយ ១៨:២១–២២ ដើម្បីមើលពីរបៀបដែលព្រះយេស៊ូវឆ្លើយសំណួរ ដែលពេត្រុសសួរអំពីការអភ័យទោស ។
-
តើអ្នកនឹងពន្យល់ពីអ្វីដែលព្រះយេស៊ូវបានបង្រៀនដល់ពេត្រុសយ៉ាងដូចម្តេច ?
-
តើអ្នកគិតថា ហេតុអ្វីបានជាព្រះអម្ចាស់តម្រូវឲ្យយើងអត់ទោសឲ្យមនុស្សដទៃនោះ ?
-
តើអ្នកមានសំណួរអ្វីខ្លះ អំពីព្រះបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះដើម្បីឲ្យយើងអភ័យទោសឲ្យអ្នកដទៃ ?
សូមគិតពិចារណាអំពីអារម្មណ៍របស់អ្នកអំពីការអភ័យទោស ។ តើមាននរណាម្នាក់ដែលអ្នកពិបាកអត់ទោសឲ្យទេ ? នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរថា តើជីវិតរបស់អ្នកនឹងទទួលបានពរជ័យយ៉ាងដូចម្តេច ប្រសិនបើអ្នកអាចអភ័យទោសដល់អ្នកដែលធ្វើឲ្យអ្នកអាក់អន់ចិត្តបាននោះ ។ សូមពិចារណាផងដែរអំពីរបៀបដែលជីវិតរបស់អ្នកនឹងខុសគ្នាបែបណា ប្រសិនបើអ្នកមិនព្យាយាមអភ័យទោសឲ្យអ្នកដទៃនោះ ។នៅពេលអ្នកសិក្សាពាក្យប្រៀបប្រដូចមួយ ដែលព្រះអម្ចាស់បានចែកចាយជាមួយពេត្រុស សូមរកមើលថា តើព្រះទ័យរបស់ព្រះអម្ចាស់ក្នុងការអភ័យទោសឲ្យយើង អាចពង្រឹងសមត្ថភាពរបស់អ្នកដើម្បីអភ័យទោសឲ្យអ្នកដទៃបានយ៉ាងដូចម្តេច ។
ពាក្យប្រៀបប្រដូចអំពីបាវបម្រើដែលគ្មានសេចក្តីមេត្តាករុណា
សូមអាន ម៉ាថាយ ១៨:២៣–២៧ ដោយរកមើលរបៀបដែលស្តេចក្នុងដំណើររឿងប្រៀបប្រដូច ប្រព្រឹត្តចំពោះកូនបំណុលរបស់ទ្រង់ ។ វាជាការសំខាន់ដែលត្រូវដឹងថា ចំនួនប្រាក់ ២ កោដិគឺជាបំណុលដែលមិនអាចសងបាន ។ វានឹងតម្រូវឲ្យអ្នកក្រម្នាក់នៅសម័យព្រះយេស៊ូវធ្វើការជាង ២៥០.០០០ ឆ្នាំដើម្បីរកប្រាក់បានច្រើនយ៉ាងដូច្នោះ ( សូមមើល ចេ អេ ភែរី និង ដូណល ដបុលយូ ភែរី Understanding the Parables of Jesus Christ [ ឆ្នាំ២០០៦ ] ទំព័រ ៩៥ ) ។
-
ហេតុអ្វីអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទនឹងប្រើបំណុលដែលមិនអាចសងបាន ដើម្បីបង្រៀនពីពាក្យប្រៀបប្រដូចនេះ ?
សូមអានពាក្យប្រៀបប្រដូចដែលនៅសល់នៅក្នុង ម៉ាថាយ ១៨:២៨–៣៥ ដោយរកមើលថា តើយើងគួរប្រព្រឹត្តចំពោះគ្នាយ៉ាងដូចម្ដេច និងហេតុអ្វី ? វាមានប្រយោជន៍ក្នុងការដឹងថា ប្រាក់ ២០ រៀលគឺមានតម្លៃប្រហែល « ប្រាក់ឈ្នួលបីខែរបស់មនុស្សក្រីក្រម្នាក់ » ( ខទី ២៨ ) ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីការអភ័យទោសចេញពីពាក្យប្រៀបប្រដូចនេះ ?
-
ហេតុអ្វីវាសំខាន់ដើម្បីយល់ថា តើព្រះអង្គសង្គ្រោះមានសេចក្តីមេត្តាករុណាធំប៉ុណ្ណាចំពោះយើង ?
សេចក្តីពិតមួយដែលយើងអាចរៀនពីពាក្យប្រៀបប្រដូចនេះគឺថា យើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការអត់ទោសឲ្យអ្នកដទៃ ដូចដែលទ្រង់អត់ទោសឲ្យយើងដែរ ។
ព្រះអម្ចាស់បានបញ្ជាក់ម្តងទៀតអំពីសារៈសំខាន់នៃការអត់ទោសឲ្យអ្នកដទៃនៅក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើង ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៩–១១ ដោយរកមើលការបង្រៀនរបស់ព្រះអម្ចាស់ស្ដីពីការអភ័យទោស ។
-
ដោយផ្អែកលើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់តម្រូវឲ្យយើងអភ័យទោសឲ្យមនុស្សទាំងអស់ ?
ព្រះយេស៊ូវគ្រីស្ទអាចជួយយើងឲ្យអភ័យទោសឲ្យអ្នកដទៃបាន
ពេលខ្លះ វាអាចពិបាកក្នុងការអភ័យទោសឲ្យអ្នកដទៃ ។ ប៉ុន្តែដោយមានជំនួយពីព្រះអង្គសង្គ្រោះ នោះអ្វីៗទាំងអស់អាចធ្វើទៅបាន ។
នៅពេលអ្នកអានសេចក្ដីបញ្ចប់នៃដំណើររឿងរបស់ប៊ីស្សព ម៉ាក់មូលីន អំពីការដែល ខូរី ប្រឈមមុខនឹងអតីតឆ្មាំគុករបស់នាង សូមរកមើលថា តើព្រះអង្គសង្គ្រោះបានប្រទានកម្លាំងដល់នាងក្នុងការអភ័យទោសយ៉ាងដូចម្តេច ។
អ្នកអាចចង់មើលវីដេអូ « Our Path of Duty » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ២:១៦ ដល់ ៣:២៦ ។
« ប្រហែលគាត់បានឈរនៅទីនោះ—លាតដៃចាំចាប់ដៃមិនយូរទេ—ប៉ុន្តែសម្រាប់ខ្ញុំវិញ វាហាក់ដូចជារាប់ម៉ោង កាលខ្ញុំត្រូវប្រយុទ្ធជាមួយនឹងរឿងដ៏ពិបាកបំផុត ដែលខ្ញុំមិនធ្លាប់បានធ្វើពីមុនមក ។
« … សារលិខិតដែលថា ព្រះទ្រង់អត់ទោសឲ្យយើងមាន … លក្ខខណ្ឌមួយ ៖ យើងត្រូវអត់ទោសឲ្យមនុស្សទាំងឡាយដែលបានព្យាបាទយើង ។ …
« … ខ្ញុំបានអធិស្ឋានដោយស្ងាត់ៗថា ‹ សូមជួយកូនផង ! › ‹ ខ្ញុំអាចលើកដៃឡើង ។ ខ្ញុំអាចធ្វើបានតែប៉ុណ្ណឹង ។ សូមទ្រង់ប្រទាននូវអារម្មណ៍នៃការអភ័យទោសឲ្យខ្ញុំផង › ។
« … ដោយសោះអង្គើយ ខ្ញុំបានដាក់ដៃរបស់ខ្ញុំលើដៃគាត់ ដែលបានលាតសន្ធឹងមករកខ្ញុំ ។ នៅពេលខ្ញុំបានធ្វើដូចនោះ រឿងមួយដ៏អស្ចារ្យបានកើតឡើង ។ ចរន្តមួយបានចាប់ផ្ដើមចេញពីស្មារបស់ខ្ញុំ រត់ទៅតាមដៃ ហើយចូលទៅក្នុងប្រអប់ដៃទាំងពីររបស់យើងដែលកំពុងចាប់នោះ ។ ហើយការព្យាបាលដ៏កក់ក្តៅនេះ ហាក់ដូចជានៅពេញខ្លួនខ្ញុំ ដែលធ្វើឲ្យខ្ញុំយំ ។
« ‹ ខ្ញុំអត់ទោសឲ្យបងហើយ បងប្រុស ! › ខ្ញុំបានយំ ។ ‹ ដោយអស់ពីដួងចិត្តខ្ញុំ › ។
« យើងបានចាប់ដៃគ្នាយ៉ាងយូរ អតីតឆ្មាំគុក និងអតីតអ្នកទោស ។ ខ្ញុំមិនធ្លាប់ស្គាល់សេចក្តីស្រឡាញ់របស់ព្រះអម្ចាស់យ៉ាងខ្លាំង ដូចដែលខ្ញុំបានមាននៅពេលនោះទេ » [ Corrie ten Boom Tramp for the Lord ( ឆ្នាំ ១៩៧៤ ) ទំព័រ ៥៤–៥៥ ] ។
( ឃេត ប៊ី ម៉ាក់មូលីន « Our Path of Duty » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១៣ )
-
តើអ្នកបានរៀនអ្វីខ្លះចេញពីបទពិសោធន៍របស់ ខូរី ដែលអាចជួយអ្នកឲ្យអភ័យទោសបាន នៅពេលវាពិបាកធ្វើ ?
-
តើអ្នកបានរៀនអ្វីខ្លះចេញពីជីវិតផ្ទាល់ខ្លួនរបស់អ្នក ជីវិតរបស់អ្នកដទៃ ឬព្រះគម្ពីរអំពីរបៀបអភ័យទោសឲ្យអ្នកដទៃ នៅពេលវាពិបាកធ្វើ ?
រឿងមួយដែលអាចជួយយើងបាន នៅពេលយើងសិក្សាព្រះគម្ពីរគឺ ការរៀនពីព្រះគម្ពីរ ហើយបន្ទាប់មកព្យាយាមអភិវឌ្ឍតាមគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។ ម៉ាថាយ ១៨:២១–៣៥ គឺជាវគ្គបទគម្ពីរមួយក្នុងចំណោមវគ្គបទគម្ពីរជាច្រើន ដែលបង្ហាញពីនិស្ស័យនៃការអភ័យទោសរបស់ព្រះអង្គសង្គ្រោះ និងយុត្តិធម៌របស់ព្រះ នៅពេលយើងជ្រើសរើសមិនអភ័យទោសឲ្យអ្នកដទៃនោះ ។ សូមគិតអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីក្លាយជាមនុស្សដែលពោរពេញដោយការអភ័យទោសម្នាក់ដូចជាព្រះយេស៊ូវគ្រីស្ទដែរ ។ តើអ្នកនឹងយាងព្រះអង្គសង្គ្រោះឲ្យមកជួយអ្នកដោយរបៀបណា ?
វិចារណកថា និង ព័ត៌មានសាច់រឿង
ម៉ាថាយ ១៨:២៤ ។ តើប្រាក់ ២ កោដិស្មើនឹងចំនួនប៉ុន្មាន ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមពួកសាវកដប់ពីរនាក់បានបង្រៀន ៖
មានគំនិតផ្សេងៗមួយចំនួននៅក្នុងចំណោមអ្នកប្រាជ្ញអំពីតម្លៃប្រាក់ដែលបានថ្លែងនៅទីនេះ—ហើយដោយលុបចោលឯកសារយោងអំពីតម្លៃនៃរូបិយប័ណ្ណរបស់សហរដ្ឋ—ដើម្បីគិតលេខឲ្យងាយស្រួល ប្រសិនបើពុំអាចលែងទារបំណុល ១០០ កាក់ ឬស្មើនឹង ១០០ ដុល្លារក្នុងជំនាន់របស់យើងដែលជាចំនួនតូចបានទេ នោះបំណុលចំនួន ១០០០០ កោដិដែលមានតម្លៃប្រហែលជា ១០០០ លានដុល្លារ —ឬច្រើនជាងនោះ រឹតតែជាចំនួនដែលត្រូវតែទារហើយ !
បើជាបំណុលផ្ទាល់ខ្លួនមួយ នោះគឺជាចំនួនខាងតារាសាស្ត្រមួយ—សរុបទៅវាហួសពីការយល់ដឹងរបស់យើង ។ ( គ្មាននរណាអាចទិញឥវ៉ាន់ជាមួយលុយដ៏ច្រើនបែបនោះទេ ! ) មែនហើយ គោលបំណងនៃរឿងប្រៀបប្រដូចនេះ វាគឺ ជារឿង ដែលពុំអាចយល់បាន វា ជារឿង ហួសពីសមត្ថភាពរបស់យើងដើម្បីចាប់យក គ្មានពាក្យថ្លែង ព្រោះវាហួសពីសមត្ថភាពយើងដើម្បីបង់សង ។ នោះគឺដោយសាររឿងនេះពុំមែនជារឿងអំពីអ្នកបម្រើពីរនាក់ឈ្លោះគ្នាក្នុងព្រះគម្ពីរសញ្ញាថ្មីទេ ។ វាគឺជារឿងអំពីយើង ជាគ្រួសារមនុស្សដែលធ្លាក់ចុះ—ជាអ្នកជំពាក់បំណុលខាងជីវិតរមែងស្លាប់ ជាអ្នកប្រព្រឹត្តអំពើរំលង ហើយជាអ្នកជាប់ទោសទាំងអស់គ្នា ។ យើងម្នាក់ៗគឺជាអ្នកជំពាក់បំណុល ហើយតាមសេចក្ដីសម្រេច គឺថាយើងម្នាក់ៗត្រូវចាប់ដាក់គុក ។ ហើយយើងទាំងអស់គ្នានឹងស្ថិតនៅទីនោះ បើពុំមានព្រះគុណរបស់ស្ដេចយើងដែលដោះយើងឲ្យរួច ដោយសារទ្រង់ស្រឡាញ់យើង ហើយ « ទ្រង់មានចិត្តក្ដួល ដោយសេចក្ដីមេត្តាករុណាដល់ទូលបង្គំទាំងឡាយផងចុះ » ទេនោះ [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤ ] ។
( ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤១ )
តើការមានអារម្មណ៍ឈឺចាប់ចំពោះអ្វីដែលកើតឡើងចំពោះខ្ញុំ មានន័យថា ខ្ញុំមិនទាន់អត់ទោសឲ្យនរណាម្នាក់ឬ ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ប៉ុន្តែ វាសំខាន់សម្រាប់អ្នកដែលរស់នៅក្នុងការថ្នាំងថ្នាក់ចិត្តឲ្យពិចារណាអំពីអ្វីដែល [ ព្រះយេស៊ូវគ្រីស្ទ ] ពុំបាន មានបន្ទូល ។ ទ្រង់ ពុំបាន មានបន្ទូលថា « អ្នកពុំត្រូវបានអនុញ្ញាតឲ្យមានអារម្មណ៍ឈឺចាប់ពិតប្រាកដ ឬកើតទុក្ខពិតប្រាកដ ដោយសារតែជួបនឹងការបំផ្លិច បំផ្លាញដោយស្នាដៃមនុស្សដទៃនោះទេ » ។
( ជែហ្វ្រី អ័រ ហូឡិន « The Ministry of Reconciliation » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៩ )
អែលឌើរ ដេវីឌ អ៊ី សូរ៉េនសិន នៃពួកចិតសិបនាក់បានបង្រៀនសេចក្ដីពិតដ៏សំខាន់មួយអំពីព្រះបញ្ញត្តិដែលត្រូវឲ្យអភ័យទោស ។
ខ្ញុំចង់ប្រាប់ឲ្យច្បាស់ថា ការអភ័យទោសពីអំពើបាប ពុំគួរត្រូវច្រឡំជាមួយនឹងការអត់ទ្រាំនឹងសេចក្ដីអាក្រក់នោះទេ ។ … ថ្វីបើយើងត្រូវអត់ទោសឲ្យអ្នកជិតខាងដែលធ្វើឲ្យយើងរងរបួសក៏ដោយ យើងក៏នៅតែត្រូវខិតខំធ្វើការស្ថាបនា ដើម្បីការពារកុំឲ្យរបួសនោះកើតឡើងម្តងទៀត ។
( ដេវីឌ អ៊ី សូរ៉េនសិន « Forgiveness Will Change Bitterness to Love » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១២ )
តើការអភ័យទោសឲ្យអ្នកដទៃអាចរំដោះយើងឲ្យមានសេរីភាពដោយរបៀបណា ?
សូមមើលវីដេអូ « Principles of Peace: Forgiveness » ( ១:៤៩ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីស្វែងយល់អំពីសេចក្ដីសុខសាន្តដែលស្ត្រីម្នាក់មាន បន្ទាប់ពីការអភ័យទោសឲ្យឪពុកនាង ជាច្រើនឆ្នាំបន្ទាប់ពីការលែងលះរបស់ឪពុកម្តាយនាង ។
តើព្រះអង្គសង្គ្រោះមានន័យយ៉ាងដូចម្តេច នៅពេលទ្រង់មានបន្ទូលប្រាប់ពេត្រុសឲ្យអភ័យសដល់អ្នកដទៃ « ដល់ ៧ ចិតសិបដងទៅទៀត » ? ( ម៉ាថាយ ១៨:២២ )
អែលឌើរ លីន ជី រ៉ូប៊ីន អតីតគណៈប្រធាននៃពួកចិតសិបនាក់ បានពន្យល់ ៖
ព្រះអង្គសង្គ្រោះបានប្រាប់ពេត្រុសកុំឲ្យរាប់—គឺកុំឲ្យបង្កើតដែនកំណត់ទៅលើការអភ័យទោសឡើយ ។ …
ប្រាកដណាស់ ព្រះអង្គសង្គ្រោះពុំបានបង្កើតដែនកំណត់ត្រឹម ៤៩០ ដងនោះឡើយ ។ នោះគឺជាការប្រៀបធៀបដើម្បីនិយាយថា ការទទួលទានសាក្រាម៉ង់មានដែនកំណត់ត្រឹមតែ ៤៩០ ដង ហើយនៅលើកទី ៤៩១ សវនករសួគ៌ាសុំ ហើយនិយាយថា « សូមទោស កាតនៃការប្រែចិត្តរបស់អ្នកអស់សុពលភាពហើយ—គឺចាប់ពីពេលនេះតទៅ អ្នកត្រូវដោះស្រាយវាដោយខ្លួនឯងទៅ » នោះឡើយ ។
ព្រះអម្ចាស់បានប្រើប្រាស់គណិតវិទ្យាអំពីប្រាំពីរចិតសិបដងក្នុងន័យប្រៀបធៀបអំពីដង្វាយធួនដ៏និរន្តរ៍របស់ទ្រង់ សេចក្តីស្រឡាញ់ឥតព្រំដែនរបស់ទ្រង់ និងព្រះគុណគ្មានដែនកំណត់របស់ទ្រង់ ។ « មែនហើយ ហើយ ដរាបណា រាស្ត្រយើងប្រែចិត្ត យើងនឹងអត់ទោសឲ្យគេចំពោះការរំលងច្បាប់ទាំងឡាយ ដែលគេបានប្រព្រឹត្តទាស់នឹងយើង » [ ម៉ូសាយ ២៦:៣០ ; បានបន្ថែមការបញ្ជាក់ ] ។
( លីន ជី រ៉ូប៊ីន « Until Seventy Times Seven » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៣ )