ម៉ាថាយ ១៨; លូកា ១០
ទិដ្ឋភាពទូទៅ
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា ទ្រង់ និងព្រះវរបិតាសួគ៌របស់យើងមានសេចក្ដីស្រឡាញ់ និងព្រះទ័យខ្វល់ខ្វាយចំពោះមនុស្សគ្រប់រូប ។ ទ្រង់បានបង្រៀនពាក្យប្រៀបប្រដូចពីរដែលអាចជួយយើងឲ្យយល់ពីសេចក្តីស្រឡាញ់របស់ទ្រង់ទាំងទ្វេ និងរៀនប្រព្រឹត្តចំពោះអ្នកដទៃដូចដែលទ្រង់ទាំងទ្វេនឹងធ្វើ ។ ពាក្យប្រៀបប្រដូចអំពីបាវបម្រើដែលឥតមានសេចក្ដីមេត្តាករុណារំឭកយើងឲ្យមានចិត្ដមេត្ដាករុណាចំពោះអ្នកដទៃ គឺដូចជាព្រះមានព្រះទ័យមេត្តាករុណាចំពោះយើងដែរ ។ ពាក្យប្រៀបប្រដូចអំពីសាសន៍សាម៉ារីចិត្តល្អ អាចជួយយើងឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះអំពីការស្រឡាញ់អ្នកជិតខាងរបស់ខ្លួន ។ ទ្រង់ក៏បានបង្រៀនទាំង ម៉ាថា និងម៉ារា អំពីសារៈសំខាន់នៃការផ្តោតជីវិតរបស់យើងទៅលើទ្រង់ផងដែរ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ម៉ាថាយ ១៨:១១–១៤
គោលបំណងមេរៀន ៖ មេរៀននេះមានបំណងជួយអ្នកឲ្យមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យអាណិតអាសូរ និងប្រាថ្នាចង់ជួយសង្គ្រោះព្រលឹងដែលវង្វេងទាំងអស់ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកថ្នាក់ដោយបានត្រៀមខ្លួន ដើម្បីចែកចាយដំណើររឿងព្រះគម្ពីរ ដែលបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះចំពោះអស់អ្នកដែលវង្វេងខាងវិញ្ញាណ ។
-
វីដេអូ ៖ « The Savior Wants to Forgive » ( ៥:៤៩ ) ឬ « Principles of Peace: Repentance » ( ២:៥៧ )
-
យោបល់សម្រាប់ការសម្របមាតិកាតាមអនឡាញ ៖ ដើម្បីចាប់ផ្តើមមេរៀន សូមពិចារណាប្រើកម្មវិធីស្ទង់មតិតាមអនឡាញ ដើម្បីអញ្ជើញសិស្សឲ្យឆ្លើយសំណួរអំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យចំពោះអ្នកដែលបានធ្វើអំពើបាប ។
ម៉ាថាយ ១៨:២១–៣៥
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេខិតខំលើកលែងទោសដល់អ្នកដទៃ ។
-
ការរៀបចំរបស់សិស្ស ៖ នៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ព្រះអម្ចាស់មានបន្ទូលថា « រីឯអ្នកវិញ គឺតម្រូវឲ្យអត់ទោសដល់មនុស្សទាំងអស់ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១០ ) ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីមូលហេតុ ដែលព្រះយេស៊ូវគ្រីស្ទបង្គាប់យើងឲ្យអត់ទោសឲ្យគ្នាទៅវិញទៅមក ។ វាក៏អាចមានអត្ថប្រយោជន៍ផងដែរក្នុងការអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៩–១១ ហើយពិចារណាអំពីសារលិខិតរបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរទាំងនោះ ។
-
វីដេអូ ៖ « Our Path of Duty » ( ១១:១០; សូមមើលពីលេខកូដម៉ោង ២:១៦ ដល់ ៣:២៥ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីចាប់ផ្តើមមេរៀន សូមពិចារណាបង្ហាញបទគម្ពីរដូចតទៅនេះឲ្យសិស្សសញ្ជឹងគិត ៖ « យើងជាព្រះអម្ចាស់នឹងអត់ទោសដល់អ្នកណា ដែលយើងនឹងអត់ទោស ប៉ុន្តែរីឯអ្នកវិញ គឺតម្រូវឲ្យអត់ទោសដល់មនុស្សទាំងអស់ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១០ ) ។ បន្ទាប់ពីសិស្សមានពេលសញ្ជឹងគិតហើយ សូមអញ្ជើញពួកគេឲ្យចែកចាយពីមូលហេតុដែលព្រះបញ្ញត្តិនេះគឺជាពរជ័យនៅក្នុងជីវិតរបស់យើង ។ សូមឲ្យពួកគេចែករំលែកផងដែរពីមូលហេតុដែលពេលខ្លះវាអាចពិបាកនឹងកាន់តាមព្រះបញ្ញត្តិនេះ ។
លូកា ១០:២៥–៣៧
គោលបំណងមេរៀន ៖ មេរៀននេះមានបំណងជួយសិស្សឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះអំពីការស្រឡាញ់អ្នកជិតខាងរបស់ខ្លួន ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សអាន លូកា ១០:៣០–៣៥ ដោយរកមើលថា តើពួកគេឃើញព្រះយេស៊ូវគ្រីស្ទនៅក្នុងរឿងប្រៀបប្រដូចនេះនៅត្រង់ណា ។ សូមឲ្យពួកគេរកមើលកន្លែងដែលពួកគេឃើញខ្លួនឯងនៅក្នុងពាក្យប្រៀបប្រដូចនេះផងដែរ ។
-
វីដេអូ ៖ « Parable of the Good Samaritan » ( ៥:១១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ក្នុងអំឡុងពេលមេរៀនផ្នែកនេះ ដែលសិស្សនឹងពិភាក្សាអំពីសំណួរទាក់ទងនឹងការស្រឡាញ់អ្នកជិតខាងរបស់យើងនៅក្នុងស្ថានភាពផ្សេងៗគ្នា សូមពិចារណាប្រើមុខងារបំបែកក្រុម ។ សូមចាត់តាំងក្រុមនីមួយៗឲ្យទទួលបានស្ថានភាពមួយដែលមាននៅក្នុងមេរៀននេះ ហើយទុកពេលឲ្យក្រុមពិភាក្សាអំពីសំណួរទាំងបី នៅពេលពួកគេគិតអំពីស្ថានភាពដែលពួកគេទទួលបាននោះ ។
លូកា ១០:៣៨–៤២
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យកំណត់ពីជម្រើស និងសកម្មភាពនានា ដែលជួយពួកគេធ្វើឲ្យព្រះយេស៊ូវគ្រីស្ទជាអាទិភាពដ៏ខ្ពស់បំផុតក្នុងជីវិតរបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីមួយរាយនាមអំពីសកម្មភាពដែលពួកគេបានធ្វើពីមុនមេរៀននេះមួយថ្ងៃ ហើយយកបញ្ជីរបស់ពួកគេមកកាន់ថ្នាក់រៀន ។
-
សមា្ភរសម្រាប់មេរៀនដែលមានប្រើវត្ថុ ៖ ធុងមួយ និងដុំថ្មជាច្រើនដុំដែលមានទំហំខុសៗគ្នាដែលអាចដាក់ចូលក្នុងធុងនោះបាន ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៦គោលបំណងមេរៀន ៖ សូមផ្តល់ឱកាសឲ្យសិស្សពង្រីកការយល់ដឹងរបស់ពួកគេ និងពន្យល់ពីសេចក្ដីពិតអំពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនចេញពីព្រះគម្ពីរសញ្ញាថ្មី ។
កណត់ចំណាំ ៖ មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាចចាំបាច់ត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះ ។ សូមមើលតារាងកាលវិភាគដែលនាយកតំបន់ ឬអ្នកសម្របសម្រួលប្រចាំភូមិភាគផ្តល់ឲ្យដើម្បីធានាឲ្យបានថាមេរៀនចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀននៅពេលដែលថ្នាក់សិក្ខាសាលាកំពុងសិក្សា ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យកំណត់នូវជំនាញ ឬយុទ្ធសាស្រ្តសិក្សាព្រះគម្ពីរដែលមានប្រសិទ្ធភាពសម្រាប់ពួកគេ ហើយសូមគិតអំពីមូលហេតុដែលជំនាញ ឬយុទ្ធសាស្ត្រនេះមានគុណប្រយោជន៍ចំពោះពួកគេ ។
-
សំណៅចែក ៖ សូមរៀបចំបង្ហាញបញ្ជីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះដែលទាក់ទង ឬផ្តល់ជាសំណៅចែកជូនទៅដល់សិស្ស ។
-
សម្ភារ ៖ សូមធានាឲ្យបានថា សិស្សមានប្រដាប់ប្រដាសម្រាប់សរសេរ សៀវភៅកំណត់ហេតុការសិក្សា ឬក្រដាសមួយសន្លឹកដើម្បីប្រើក្នុងសកម្មភាពមេរៀននេះ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សិស្សអាចមានជម្រើសដើម្បីបង្កើតទំព័រឌីជីថល « មួយបន្ទាត់ម្ដងៗ » ឬតំណាងចក្ខុវិញ្ញាណនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ បន្ទាប់មក សិស្សអាចចែកចាយអេក្រង់របស់ពួកគេដើម្បីបង្ហាញ និងពន្យល់ពីការបង្កើតរបស់ពួកគេដល់សិស្សក្នុងថ្នាក់ ។